(ផ្សាយ​ឡើង​វិញ)៖ សុំ​ទោស…​កូននិយាយ​​កុហក


.

 

សុំទោស…កូននិយាយកុហក

ជែន្នី ទើបដូរមកនៅផ្ទះថ្មី ក្នុងក្រុង។ នេះជាលើកទីមួយហើយក្នុងជីវិតរបស់នាង ដែលបានមករស់នៅក្រុងមួយដែលនាងពេញចិត្ត។ នាងរៀបចំសម្លៀកបំពាក់របស់នាងចេញពីវ៉ាលីស។ នាងសំលឹងមើលវាំងននបង្អួចរបស់នាងបក់ចុះឡើងៗ អារម្មណ៍របស់នាងបានអណ្តែតត្រសែតគ្មានគោលដៅ។ នាងពេញចិត្តនឹងបន្ទប់ផ្ទាល់ខ្លួនរបស់នាងជាខ្លាំង។ សាលាថ្មីរបស់នាងនឹងចាប់ចូលរៀនបន្តិចទៀតនេះ។ នាងនឹងមានមិត្រថ្មី។ បន្តិចទៀតនេះ នាងនឹងបានដើរលេង ចូលរួមពិធីជប់លៀង ហើយដើរលេងមិនចូលផ្ទះ ដេកផ្ទះពួកម៉ាក។ល។ នាងរីករាយក្នុងចិត្តជាខ្លាំង។ នេះជាអ្វីដែលនាងចង់បានក្នុងជីវិតរបស់នាង។

នៅថ្ងៃចូលរៀនដំបូង អ្វីៗដែលនាងបានជួបនៅថ្ងៃនោះពិតជាអស្ចារ្យជាខ្លាំង។ នាងបានជួបមិត្រថ្មី នាងរកបានសង្សារម្នាក់ថែមទៀតផង។ នាងគិតថា

“ខ្ញុំចង់ធ្វើជាមនុស្សល្បី ហើយខ្ញុំនឹងល្បី ព្រោះខ្ញុំជាសង្សាររបស់កំពូលបុរសម្នាក់នៅសាលានេះ។”

មែនហើយ នាងបានទាក់ទងគ្នាជាមួយ ជែហ្វ ជាបុរសដ៏មានប្រជាប្រិយម្នាក់នៅសាលានេះ។

នាងមានតែបញ្ហាមួយគត់ គឺឪពុកម្តាយនាងមិនចង់ឲ្យនាងមានសង្សារ។ ពួកគាត់គិតថា នាងនៅក្មេងពេក មិនសមនឹងមានសង្សារឡើយ។ នាងគិតថា

“មិនអីទេ ខ្ញុំនឹងមិនប្រាប់ពួកគាត់គ្រប់រឿងនោះទេ។ តើធ្វើម៉េចពួកគាត់ដឹង?។ តើមានខាតបង់អីទៅ?”

នាងបានសុំឪពុកម្តាយនាង ដេកផ្ទះពួកម៉ាកមួយយប់។ ឪពុកម្តាយនាងរារែកក្នុងចិត្ត តែទីបំផុតនិយាយថា

“មិនអីទេ។”

នាងសប្បាយចិត្តជាខ្លាំង។ នាងក៏ប្រញាប់ប្រញាល់ទៅចូលរួមពិធីនោះយ៉ាងតក់ក្រហល់។ តែនាងមានអារម្មណ៍ក្នុងចិត្តថាដូចជាមិនសមរម្យ ដោយនិយាយកុហកឪពុកម្តាយនាងបែបនេះ។ តែថា ចូលញ៉ាំភីសា ជប់លៀងរាំរែក ហើយដើរលេងសារសងគ្នាក្រោមពន្លឺព្រះចន្ទ សប្បាយណាស់! នាងក៏ភ្លេចកង្វល់នេះអស់។ មែនហើយភីសាពិតជាឆ្ងាញ់ កម្មវិធីជប់លៀងរាំរែកពិតជាសប្បាយ ហើយនៅសល់តែការដើរលេងក្រោមពន្លឺចន្ទជាមួយនឹងជែហ្វមួយទៀតប៉ុណ្ណោះ។ នៅពេលនោះ ជែហ្វស្រវឹងយ៉ាងខ្លាំង។

តែ ជែហ្វបានថើបនាង ហើយនិយាយប្រាប់នាងថាវាមិនអីទេ អាចបន្តទៀតបាន។ បន្ទប់ជប់លៀងនោះពោរពេញដោយផ្សែងបារី ហើយ ជែហ្វបានយកបារីមកជក់ដែរ។ នាងមិននឹកស្មានថា ជែហ្វចេះជក់បារីសោះ។ ជែហ្វជក់អស់មួយដើមហើយ បន្តមួយដើមទៀត។

ពួកគេទាំងពីរបានចូលក្នុងឡានដើម្បីចេញទៅសាសងគ្នានៅកន្លែងស្ងាត់ ជែហ្វ មិនបានខ្វល់ថាវាស្រវឹងស្រានោះទេ។ ពួកគេបានមកដល់កន្លែងស្ងាត់មួយ ជែហ្វក៏ចាប់ផ្តើមលួងលោមដើម្បីយកខ្លួនប្រាណនាង។ ជែន្នី នាងមិនបានគិតដល់ថ្នាក់នេះទេ។ នាងចង់ត្រឹមតែសាសងគ្នាធម្មតាប៉ុណ្ណោះ។ នាងគិតក្នុងចិត្តថា

“ប៉ាម៉ាក់ខ្ញុំគាត់ប្រហែលជានិយាយត្រូវ។ ខ្ញុំក្មេងពេកហើយ។ លោកអើយ ហេតុម៉េចបានជាខ្ញុំល្ងង់ដល់ថ្នាក់នេះ?។”

នាងក៏រុញ ជែហ្វ ចេញមួយទំហឹង។ នាងនិយាយថា

“នាំខ្ញុំទៅផ្ទះវិញ! ខ្ញុំមិនចង់នៅទីនេះទៀតទេ”

ជែហ្វខឹង ក៏បញ្ឆេះម៉ាស៊ីនឡាន ជាន់ហ្គាសយ៉ាងខ្លាំង។ ជែហ្វបានបើកឡានយ៉ាងលឿន ទាំងកំហឹង។ ជែន្នីគិតក្នុងចិត្តថាជីវិតរបស់នាងស្ថិតនៅក្នុងគ្រោះថ្នាក់ជាប្រាកដ។ នាងបានអង្វរ ជែហ្វឲ្យបន្ថយល្បឿន តែ ជែហ្វកាន់តែបង្កើនល្បឿនលឿនឡើងៗ។

នៅខណៈនោះនាងឃើញភ្លើងមកពីមុខ ចាំងភ្នែកនាង នាងស្រែកថា

“ជួយផង!…”

នាងមិនចាំថាកម្លាំងបុករវាងឡានទាំងពីរខ្លាំងប៉ុណ្ណាទេ។ គ្រាន់តែដឹងថា ភ្លាមៗនោះពិភពលោកនេះត្រឡប់ទៅជាខ្មៅងងឹត។ នាងមានអារម្មណ៍ថា ដូចជាមាននរណាម្នាក់អូសនាងចេញពីឡានដែលខ្ទេចខ្ទីរនោះ ហើយឮគេនិយាយថា

“ឆាប់ហៅឡានពេទ្យមក! ក្មេងពីរនាក់នេះមានគ្រោះថ្នាក់ហើយ។”

នាងឮតែប៉ុន្មានម៉ាត់នេះតែប៉ុណ្ណោះ។ តែនាងចាំបានថា មានឡានពីរបុកគ្នា។

នាងចង់ដឹងថាតើ ជែហ្វយ៉ាងម៉េចហើយ តើអ្នកក្នុងឡានមួយទៀតនោះយ៉ាងម៉េចដែរ។ នាងដឹងខ្លួនវិញ ឃើញដំបូងគឺទឹកមុខក្រៀមក្រំ។ គេនិយាយប្រាប់នាងថា

“នាងបានរងគ្រោះថ្នាក់ចរាចរណ៍”

គេប្រាប់នាងថា ជែហ្វបានស្លាប់បាត់ទៅហើយ។ គេនិយាយប្រាប់នាងទៀតថា

“ជែន្នី ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកយើង ដើម្បីសង្គ្រោះនាង។ តែមើលទៅគ្មានសង្ឃឹមទេ។”

នាងជែន្នីក៏សួរថា

“ចុះអ្នកក្នុងឡានមួយទៀតនោះ ពួកគេយ៉ាងម៉េចទៅហើយ?”

ពួកគ្រូពេទ្យតបថា

“សុំទោស ពួកគេស្លាប់ទាំងអស់”

នាងជែន្នីក៏បន់ដល់ព្រះថា

“ព្រះជាម្ចាស់អើយ សូមអភ័យទោសដល់កូនចៅផង។ ខ្ញុំគ្រាន់តែចង់សប្បាយតែមួយយប់ប៉ុណ្ណោះ។ សូមលោកមេត្តាជួយនិយាយប្រាប់ក្រុមគ្រួសាររបស់ពួកគេផង ថាខ្ញុំសុំទោសដែលធ្វើឲ្យពួកគេជួបរឿងអាប់អួរបែបនេះ…”

“សូមអ្នកគ្រូពេទ្យមេត្តាជួយប្រាប់ប៉ាម៉ាក់ខ្ញុំផង ថាខ្ញុំសុំទោសដែលនិយាយកុហកគាត់ នេះជាកំហុសរបស់ខ្ញុំដែលធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ អ្នកគ្រូពេទ្យ…អ្នកគ្រូអាចប្រាប់គាត់ផងបានទេ?..”

អ្នកគ្រូពេទ្យឈរនៅនឹងថ្កល់មិនចេញស្តី ហាក់ដូចជាចង់ប្រាប់ថាគាត់មិនអាចជួយនាងបានទេ។ តែអ្នកគ្រូពេទ្យនោះ កាន់ដៃរបស់នាងយ៉ាងជាប់ ហើយស្រក់ទឹកភ្នែក។ មួយស្របក់ក្រោយមក ជែន្នីក៏ស្លាប់។ គ្រូពេទ្យម្នាក់សួរអ្នកគ្រូពេទ្យថា

“ហេតុដូចម្តេចបានជាអ្នកគ្រូមិនយល់ព្រមនឹងសំណូមពររបស់នាងផងទៅ?”

អ្នកគ្រូពេទ្យមើលទៅមុខគ្រូពេទ្យយ៉ាងកម្សត់ ហើយនិយាយថា

“ពីព្រោះអ្នកដែលនៅក្នុងឡានមួយទៀតនោះ ជាប៉ាម៉ាក់របស់នាង..”

ដកស្រង់ចេញពី

http://www.lovefatedestiny.com

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to (ផ្សាយ​ឡើង​វិញ)៖ សុំ​ទោស…​កូននិយាយ​​កុហក

  1. រ៉ាមណា និយាយថា៖

    កំសត់ណាស់ !

  2. វិចិត្រ និយាយថា៖

    នេះ​ហើយ ដែល​គេ​ហៅ​ថា​ ឥទ្ធិពល​របស់​​ស្រា!

  3. ហ្សារីន និយាយថា៖

    ពិតជាក្រៀមក្រំណាស់!

  4. Pa Chaileng និយាយថា៖

    គួរអោយកំសត់ណាស់

  5. រដ្ឋ និយាយថា៖

    ពិត​ជា​កម្ម​ពៀរ​មែន!

  6. chenda និយាយថា៖

    ជារឿងអប់រំដ៏សែនកំសត់:(

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s