ការ​យល់​ច្រឡំ ៖ អ + ៊ + ី


ការយល់ច្រឡំថា អ + ៊ +ិ ី ឹ ឺ ត្រូវតែសរសេរជា អ៊‍ិ អ៊‍ី អ៊‍ឹ អ៊‍ឺ ហាមមិនឲ្យបុកជើងជា អ៊ិ អ៊ី អ៊ឹ អ៊ឺ បានកើតមានយ៉ាងទូលំទូលាយ សូម្បី តែក្នុងចំណោមអ្នកដែលបានសិក្សាភាសាខ្មែរបានជ្រៅជ្រះក្ដី។

ខ្ញុំរៀនតាំងពីថ្នាក់ក្រោមមក ឃើញតែគ្រូសរសេរ បុកជើងបែបនេះ ដូចជា អ៊ីដ្រូសែន អ៊ីសូតូប អ៊ីតាលី ។ល។ សៀវភៅក្រសួងអប់រំ សៀវភៅខេមរយានកម្ម ក៏គេសរសេរបុកជើងតែបែបហ្នឹង។ ខ្ញុំធ្លាប់រៀនចេះមកថា សញ្ញា ៊ បើប្រកបនឹង ិ ី ឹ ឺ អាចសរសេរបុកជើងបាន លើកលែងជាមួយអក្សរ ប ។ អក្សរ ប៉ បើបូកនឹង ិ ី ឹ ឺ គេបុកជើងដែរ ដូច្នេះ កុំឲ្យច្រឡំគ្នា គេលើកលែងអក្សរ ប + ៊ មួយនេះចេញ។ ខ្ញុំមិនដែលដឹងថា មានករណីលើកលែងចំពោះអក្សរ អ សោះតាំងពីមុនមក។

ទើបតែថ្មីៗ ខ្ញុំបានដឹង ការយល់ថា អ + ៊ +ិ ី ឹ ឺ ត្រូវតែសរសេរជា អ៊‍ិ អ៊‍ី អ៊‍ឹ អ៊‍ឺ ហាមមិនឲ្យបុកជើង បានកើតមានយ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកប្រើប្រាស់ភាសាខ្មែរ។ ដូចជា ក្នុងអត្ថបទវេយ្យាករណ៍ខ្មែរ រៀបរៀងដោយលោក មៀច ប៉ុណ្ណ បានសរសេរថា

កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិច, អ៊‍ីចុះអ៊‍ីចឹង… ។

ក្នុងន័យខាងលើនេះ មានន័យថា អ៊‍ីចុះ អ៊‍ីចឹង ត្រូវតែសរសេរដោយប្រើ ៊ ហាមមិនឲ្យប្រើ បុក ជើង ។

ការយល់ច្រឡំនេះ ប្រហែលកើតមកពីការអានវចនានុក្រមច្រឡំទេដឹង? មនុស្សជាច្រើនយល់ថា អ្វីដែលគ្មានក្នុងវចនានុក្រមគឺខុស !!! ឬអាក្រក់បំផុតគឺ អ្វីដែលអ្នកអាននោះ មិនបានឃើញក្នុងវចនានុក្រម គឺខុស។ គេមិនបានយល់ថា អ្វីដែលគេមិនបានឃើញក្នុងវចនានុក្រម តាមពិតគឺមកពីគេមើលរំលង នោះទេ។

ការប្រើប្រាស់សញ្ញា ៊  មិនមានការពន្យល់ដាច់ដោយឡែក នៅក្នុងវចនានុក្រមខ្មែរទេ តែបែរជាមាននៅក្នុងអក្សរ ប៊ ទៅវិញ។ ក្នុងនោះ អ្នកនិពន្ធបានពន្យល់យ៉ាងច្បាស់ថា ស ហ អ បូកនឹង ៊ បូកនឹង ិ ី ឹ ឺ អាចសរសេរ បុកជើងក៏បាន។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

29 Responses to ការ​យល់​ច្រឡំ ៖ អ + ៊ + ី

  1. van khea និយាយថា៖

    ពិតជាពិសេសមែន

  2. ស្រុកស្រែ និយាយថា៖

    តាម​ខ្ញុំចាំ ដូចការ​រៀប​រាប់​ខាង​លើ​នេះ​ដែរ…​ អក្សរ ប ដែល​ប្រើ​ជា​មួយ​ស្រះ​និស្ស័យ​ គឺត្រីស័ព្ទ ” ៊ ” បាន​មានតែ​មួយពាក្យគត់​ ដែល​ជា​​ករណី​​លើក​លែង គឺ​ពាក្យ ” ប៊ីចេង ” ។ ក្រៅ​ពី​នោះ គឺ​តួ​អក្សរ ប ត្រូវ​ប្រើ​តែ​​ជា​មួយធ្មេញកណ្តុរ​ ” ទាំងអស់​ ដូចជាង ផ្កាចំប៉ី ប៉ិនប្រសព្វ ផ្លុំប៉ី… ជា​ដើម​។ល។

    ដោយ​ឡែក ពាក្យ អ ដាក់​ត្រីស័ព្ទ ហើយ​ដាក់​ត្រួត​ស្រះ ី ពីលើថែមទៀត ហើយ​អាន​ដូចពាក្យ​ថា អ៊ីចឹង បែប​នេះ​ខ្ញុំ​មិន​ដែល​ឃើញ​ទេ… ខ្ញុំ​ធ្លាប់​តែ​សរសេរថា អីចឹង ឬ​ អញ្ចឹង ពី​មុនៗ​មក…

    • lavorn (ឡាវ័ន​) និយាយថា៖

      ម៉េច​ក៏​ថា​តែ​មួយ​? មាន​ច្រើន​ណាស់​ ប៊ីចេង​ ប៊ិច​ សាប៊ូ ។ល។
      តាម​ខ្ញុំ​យល់​ បង​កំពុង​ច្រឡំ​ ត្រីស័ព្ទ​ “៊” និង​សន្លាប់​ពីរ​ “៉” ហើយ​។ កាលណា​​ ប​ ប្រើ​ត្រីស័ព្ទ​​ផង​ស្រៈ​ផង​ គឺ​ត្រូវ​សរសេរ​តម្រួត​គ្នា​ ដូច​ ប៊ិច​ ប៊ីចេង​ សាប៊ូ​ (សម្លេង​ ប៊)
      កាល​ណា​ ប​ ប្រើ​សន្លាប់​ពីរ​ផង​ និង​ស្រៈ​ផង​ ទើប​សន្លាប់​ពីរ​នោះ​ត្រូវ​ប្តូរ​ជា​បុក​ជើង​ “ុ”វិញ​ ដូច​ជា​ ចា​ប៉ី​ ប៉ិន​ប្រសព្វ​ ប៉ូង​ប៉ាំង​ (សម្លេង​ ប៉) ។ល។

      • lavorn (ឡាវ័ន​) និយាយថា៖

        ខ្ញុំ​យល់​ថា​ វា​គ្មាន​អ្វីពិបាក​យល់​សម្រាប់​ករណី​ ប​ ទេ​ ព្រោះ​ធម្មតា​ព្យញ្ជនៈ​​ខ្មែរ​មាន​ចែក​ចេញ​ជា​ពីរ​ពួក​ គឺ​ពួក​ អ​ និង​ពួក​ អ៊​។ កាល​ណា​ចង់​ប្តូរ​ពួក​អ​ទៅ​ពួក​អ៊ គេ​ប្រើ​ ៊ កាល​ណា​គេ​ចង់​ប្តូរ​ពួក​អ៊​ទៅ​ពួក​អ​ គេ​ប្រើ​ ៉​។
        ព្យញ្ជនៈ​ដែល​មាន​គូ​ៗ​ស្រាប់​ដូច​ជា​ ក​ គ​ ខ​ ឃ​ ច​ ជ​ ​ឆ ឈ​ ល​ ឡ​ ។ល។ មិន​ចាំ​បាច់​ប្រើ​ ៊ ឬ​ ៉​ ទេ​
        តែ​ព្យញ្ជនៈ​ដែល​អត់​គូ​ ដូច​ជា​ ង ញ ប ព ម យ វ ហ ស​ ។ល។ ត្រូវ​ប្រើ​ ៊​ ឬ​ ៉ ជា​ចាំ​បាច់​។
        ដោយ​ឡែក​ ប​ ជា​ករណី​ពិសេស​​ ព្រោះ​អី​? ព្រោះ​ ប​ អាច​ជា​ បី​សម្លេង​ គឺ​ ប​ ប៊​​ ប៉​ ដែល​ ប៊ ជា​គូ​នឹង​ ប​ ឯ ប៉ ជា​គូ​ នឹង​ ព​។ ដូច​នេះ​ ប​អាច​ប្រើ​ ត្រីស័ព្ទ ៊ ផង​ និង​សន្លាប់​ពីរ​ ៉​ ផង​ ដែល​ធម្មតា​ព្យញ្ជនៈ​ផ្សេង​ ធម្មតា​ ប្រើ​បាន​តែ​មួយ​ទេ​ គឺ​ ៊ ឬ​ ៉​។
        ហេតុ​ដូច្នេះ​ហើយ​ ទើប​ ប​ ពេល​ជួប​ជា​មួយ​ត្រីស័ព្ទ​​ផង​ស្រៈ​ផង មិន​ប្តូរ​ទៅ​ជា​បុក​ជើង​
        រី​ឯ​ ប ពេល​ជួប​ជា​មួយ​៉ ផង​ ស្រៈ​ផង​ ត្រូវ​ប្តូរ​ជា​បុក​ជើង​។
        តែ​ អ​ ទេ​ ដែល​ខ្ញុំ​រក​មូលហេតុ​មិន​ទាន់​ឃើញ​ ថា​ហេតុ​អ្វីបាន​មិន​ប្តូរ​ទៅ​បុក​ជើង​ ព្រោះ​​ធម្មតា​គេ​តែង​សរសសេរ អ៊‍ំស្រី​​ មិន​ដែល​ឃើញ​អ្នក​ណា​សរសេរ​ អុំ​ស្រី​ទេ​។
        តើ​មក​ពី​ហេតុ​អ្វីទៅ​ណ៎?

      • Lovepeehs05 និយាយថា៖

        សូមសាកមើលៈ អ៊ំស្រី = ស្រីធំ, ហើយអុំស្រី = ស្រីក្រមុំ ស្រីក្មេង ឬស្រីអុំទូក ?
        អ៊ំ និង អុំ សម្លេងខុសគ្នា ធ្ងន់ និង ស្រាល ?

      • lavorn (ឡាវ័ន​) និយាយថា៖

        ខ្ញុំ​មិន​យល់​ថា​អុំ​ស្រី​គឺ​ស្រី​ក្រមុំ​ទេ​។ ហើយ​ត្រង់​នេះ​ដែរ​ ខ្ញុំ​មិន​មែន​ចង់​និយាយ​ពី​ន័យ​ទេ​ គឺ​ចង់​និយាយ​ពី​ អ៊‍ំ​ គឺ​ អ៊ + ំ ហើយ​ អុំ​ គឺ​ អ​ + ុំ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​។
        ក្នុង​ខណៈ​ដែល​ព្យញ្ជនៈ​ពួក​អ​ផ្សេង​ដូច​ជា​ ស​ ហ​ ពុំ​ដូច​ករណី​ អ​ នោះ​ទេ​ គឺ​ ស៊ + ី => ស៊ី
        ស៊ + ាំ គឺ​ ស៊ាំ​
        ហ៊ + ី គឺ​ ហ៊ី​
        ប៉ុន្តែ​!!​ ហ៊ំ និង​ ស៊ំ ក៏​​សរសេរ​បែប​នេះ​ដែរ​ ព្រោះ​កុំ​ឲ្យ​ច្រឡំ​នឹង​ ហុំ​ និង​ សុំ​។ ដូច​នេះ​បាន​ន័យ​ថា​ អ៊‍ី អ៊‍ិ អ៊‍ឹ អ៊‍ឺ ទេ​ ទើប​ជា​ករណី​ពិសេស​!^^ ត្រូវ​ទេ​?

      • Lovepeehs05 និយាយថា៖

        ត្រឹមត្រូវ ! តែមិនទាន់ច្បាស់ ឈ្មោះឡាវ័ន (ឡាវន ឡាវ៉ន ឡាវណ្ណ ?) (LaWon, LaOne, LaVann?)

      • lavorn (ឡាវ័ន​) និយាយថា៖

        បើ​សរសេរ​ថា​ ឡា​វ័ន្ត​ ប្រហែល​ជា​អាន​ត្រូវ​គ្រប់​គ្នា​ តែ​មក​ពី​ជ្រុល​ជា​សរសេរ​ឡា​វ័ន​តាំង​ពី​ដើម​មក​ហើយ​។ ឈ្មោះ​ខ្ញុំ​គឺ​ ឡា​វ័ន​ របៀប​​អាន​ គឺ​ ឡា​វ័ន្ត​

      • វិចិត្រ និយាយថា៖

        វ័ន រឺ វ័ន្ត អាន​ចេញ វាន់ ដូច​តែ​គ្នា​ហ្នឹង

  3. ផ្កាយ NoVeLs និយាយថា៖

    អរគុណ​ដែល​បានចែករម្លែក។

  4. ខ្ញុំ​ក៏​មិន​បដិសេធ​ដែរ អ្វី​ដែល​មាន​ក្នុង​វចនានុក្រម​នោះ​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់​ទេ ព្រោះ​ការ​បោះពុម្ព​អាច​មាន​ច្រឡំ​ហើយ​ក៏​អាច​ខ្វះ​ពុម្ព​ទើប​គេ​មិនអាច​ប្រើ​ទាំងអស់​បាន ។ សម្ដេច​សង្ឃ ជួន ណាត ក៏​មាន​ពោល​ដែរ​ថា​វចនានុក្រម​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម ដូចជា​ផ្លូវ​លំ​ចាក់​ដី​ក្រហម​អ៊ីចឹង ត្រូវ​ឲ្យ​យើង​ជំនាន់​ក្រោយ​កសាង​បន្ថែម​ទៀត។ មូលហេតុ​ដែល​វិចិត្រ​និយាយ​ប្រហែល​មក​ពី​អ្នក​សរសេរ​ទាំងនោះ​គាត់​ឃើញ​ក្នុង​វចនានុក្រម​ប្រើពាក្យ​ថា «ក៏បាន» ទើប​បណ្ដាល​ឲ្យ​គាត់​ប្រកាន់​យ៉ាង​ហ្នឹង។ ពិបាក​បន្ទោស​ណាស់​ព្រោះ​គេ​សរសេរ​ពឹង​វចនានុក្រម បើ​មាន​ក្នុង​នោះ​យ៉ាង​ម៉េច គេ​សរសេរ​យ៉ាង​ហ្នឹង​ហើយ ។ រាជបណ្ឌិត្យសភា​​ផ្នែកគណៈកម្មការ​ភាសា​ជាតិ​កំពុង​តែ​ដោះស្រាយ​បញ្ហា «ក៏បាន» នេះ​ឯង​បច្ចុប្បន្ន។ ប្រសិនជា​វិចិត្រ​ចេះ​ច្រើន គួរ​ទៅ​ជួយ​ផ្នែក​នេះ​ខ្លះ​ទៅ ព្រោះ​ពួកគេ​ទទួល​យក​រាល់​គំនិត​របស់​អ្នក​ចេះ​ទាំងអស់​ទៅ​ពិចារណា​ជានិច្ច (ខ្ញុំ​ក៏​ធ្លាប់​បាន​ផ្ញើលិខិត​ទៅ​ឲ្យ​គេ​ជួយ​កែសម្រួល​និង​បញ្ចូល​ពាក្យ​ថ្មី​ក្នុង​វចនានុក្រម​ដែល​គេ​កំពុង​ធ្វើ​ថ្មី​នោះ​ដែរ) និយាយ​នៅ​ទីនេះ​មិន​សូវ​ជា​បាន​ការ​អី​ប៉ុន្មាន​ទេ ក្រៅពី​ជជែក​គ្នា​មិនចេះចប់​។

    • វិចិត្រ និយាយថា៖

      ខ្ញុំ​ធ្លាប់​ផ្ញើ​ទៅ​ដែរ តែ​កំណែ​ក្រោយៗ (វចនានុក្រម​អេឡិចត្រូនិច)នៅ​តែ​ខុស​ត្រង់​កន្លែង​ខ្ញុំ​ប្រាប់​ដដែល ដូច​ជា​កន្លែង​អក្សរ​ ប៊ សរសេរ​រំលង​ប៉ុន្មាន​ឃ្លា ខុស​ពី​សៀវភៅ​ដើម។ ខ្ញុំ​ប្រាប់​គេ​តាំង​ពី​ចេញ​លេខ​ទី១… ដល់​ស៊េរី​ក្រោយ​បំផុត​នេះ​ហើយ នៅ​តែ​ខុស​ត្រង់​ហ្នឹង​ដដែល។

      ខ្ញុំ​ឃើញ​ចំលង​ខុស​ច្រើន​ចំនុច​ទៀត តែ​ខ្ជិល​ប្រាប់​ទៀត​ ព្រោះ​គង់​តែ​មិន​កែ​ដដែល។

      • ប្រាប់​លោក សរ សុខនី ប្រហែល​បាន​ការ​ច្រើន​ជាង កុំ​ប្រាប់​អ្នក​ផ្សេង​ព្រោះ​គេ​ខ្ជិល​ណាស់ ខ្ញុំ​បាន​ប្រាប់​គេ​ពី​ការ​ប្រើ​ជើង “ដ” និង “ត” ដែល​គេ​នាំ​គ្នា​ប្រើ​ជើង​ “ត” ដល់​ពេល​យើង​បញ្ចូល​ពាក្យ វា​មិន​ចេញ​ឲ្យ​ទេ ទាល់តែ​ប្ដូរ​ទៅ​ជើង “ត” ទើប​បាន​រក​ពាក្យ​ឃើញ ។ លោក​ព្រហ្ម ម៉ុល បាន​តប​លិខិត​ខ្ញុំ​មួយ​ច្បាប់​ស្ដី​ពី​ការ​យល់​ព្រម​ពិនិត្យ​មើល​មេពាក្យ​និង​និយមន័យ​ឡើង​វិញ និង​បញ្ចូល​ពាក្យ​ថ្មី​បន្ថែម​ទៀត តែ​ចំពោះ​វចនានុក្រម​កុំព្យូទ័រ ត្រូវ​ទាក់ទង​ទៅ​លោក សរ សុខនី ព្រោះ​ខាង​ពុទ្ធសាសនបណ្ឌិត្យ ជា​អ្នក​ធ្វើ ។

  5. monyrinataro និយាយថា៖

    ប៊ីចេង(៊) ចាប៉ី (៉) ស៊ី (៊) អ៊ុំ (៊) អ៊ី( ៊)
    ង ញ ន ប ម យ រ ល វ
    ប ស ហ អ

    ប ជាករណីពិសេសក្នុងភាសាខ្មែរ

  6. ស្រុកស្រែ និយាយថា៖

    អរគុណឡាវ័ន… ខ្ញុំ​ទើបតែ​នឹក​ឃើញ​ដែរ… តាម​ពិត​ពាក្យ​ទាំងនេះ​ ខ្ញុំ​ខ្លួនឯង​ក៍​ឧស្សាហ៍​ប្រើ​ញឹក​ញាប់​ដែរ…

  7. វិចិត្រ និយាយថា៖

    អុំ គឺ អ +ុំ ដូច​ជា​អុំ​ទូក អុំ​ស្រូវ
    អ៊ំ គឺ អ៊ + ំ ដូច​ជា អ៊ំ​ស្រី …
    ការ​ផ្លាស់ប្ដូរ ៊ ទៅ ុ មិន​មាន​ចំពោះស្រៈ ំ ទេ ព្រោះ​ច្រឡំនឹងស្រៈ ុំ នេះ​ឯង។

    តាម​ពិត អ៊ំ អាន​ចេញ​សូរ​ខុស​ពី អុំ ។

    • thomasatra និយាយថា៖

      »»ឱវាទ (ន.) (បា.) (វ៉ាត) (អរ>ឱ, សំ. អរវាទ)
      »»ឱសានវាទ (ន.) (បា.) (…ន៉ៈវាត) (< ឱសាន + វាទ)

      ‍‍‍»»សូមលោកគ្រូជួយអោយយោបល់ផងថាតើ ខាងចុងពាក្យ ទាំងពីរនេះ អានដូចគ្នា រឺក៍ មួយអាន ខ្យល់ «អ» មួយអាន ខ្យល់ «អ៑»។

      • វិចិត្រ និយាយថា៖

        តាម​របៀប​ខ្មែរ​យើង​ប្រើ​ជា​ទូទៅ​មក គឺ ឱវាទ អានថា អោ​វ៉ាត និង ឱសានវាទ អាន​ថា​ អោ សានៈ វាត គឺ​ វាត មិន​មែន ​វ៉ាត​ ទេ។
        ម៉េច​ក៏​ដូច​គ្នា​ តែ​ម្ដង​អាន​បែប​ វ៉ាត ម្ដង​អាន វាត អ៊ីចឹង? មូលហេតុ​ខ្ញុំ​មិន​ដឹង​ប្រាកដ​ទេ ។

      • ហង់ ជា និយាយថា៖

        @វិចិត្រ៖ អានថា វ៉ាត ឬ វៀទ គឺការទាញសូរស័ព្ទនៃព្យាង្គដើមហ្នឹងឯង។ឱវាទ គឺ ឱ យកសំលេងពួក អ ឱវាទ អានថា អោវ៉ាត។ ហើយ ឱសានវាទ គឺយកសំលេងពួក អ៊ ព្រោះ អោ សានៈ បានផ្តាច់សូរត្រឹមហ្នឹង ហើយនៅសល់ វាទ ចុងក្រោយអានថា វឿទ គឺយកសំលេងពូក អ៊ ដូចធម្មតា។

      • ហង់ ជា និយាយថា៖

        សូមកែរ វឿទ ទៅ វៀទ

      • វិចិត្រ និយាយថា៖

        @ ហង់ ជា :
        មិន​មែន វៀទ ទេ គឺ វាទ ។ ពីរ​ហ្នឹង​ខុស​គ្នា😀

  8. គីមស៊្រុន និយាយថា៖

    ខ្ញុំគាំទ្រទស្សនៈ «មនុស្ស​ជា​ច្រើន​យល់​ថា អ្វី​ដែល​គ្មាន​ក្នុង​វចនានុក្រម​គឺ​ខុស !!! ឬអាក្រក់​បំផុតគឺ អ្វី​ដែល​អ្នក​អាន​នោះ មិន​បាន​ឃើញក្នុង​វចនានុក្រម​ គឺ​ខុស។ គេមិន​បាន​យល់​ថា ​អ្វី​ដែល​គេ​មិន​បាន​ឃើញ​ក្នុង​វចនានុក្រម តាម​ពិត​គឺ​មក​ពី​គេ​មើល​រំលង នោះទេ។»

  9. Chanra និយាយថា៖

    ខ្ញុំគិតថាការគាំទ្របានច្រើន តើអាចស្នើកែសម្រួលវចនានុក្រមបានដែរអត់?
    បើទោះគិតត្រូវ ត្រូវគិតដល់ច្បាប់ នៅពេលមិនទាន់ជាច្បាប់ ត្រូវធ្វើវាឲ្យទៅជាច្បាប់។

  10. chourktip និយាយថា៖

    ខ្ញុំគិតថា ទម្លាប់នៃការសរសេរ ភាគច្រើនតាមតែក្រុមនិយមតាមបែបបរទេសសរសេរខ្មែរ។ សំខាន់គឺគួនាំគ្នាសរសេរតាមខ្លួនគិតថាត្រូវចុះ។ ខ្មែរយើងមានសម្លេងនិយាយខុសគ្នា អ្នក នៅប៉ែកខាងកើត ហៅ អ៊ំ ធំ ឯអ្នកនៅប៉ែកខាងលិច ហៅអុំ ម្តាយធំជាដើម។ ខ្ញុំសម្គាល់ មនុស្សបាន តាមរបៀបហ្នឹងហើយ ……។ ស៊ីបាយមើលហ៊ី ពួកនៅខាវអុីដាង អត់ដែលបាន ស្គាល់ជាតិនំ ( អ៊ី )ផង។

  11. chourktip និយាយថា៖

    សូមបន្លែមបន្តិចទៀត មានតែអ្នកនៅបាត់ដំបងសុទ្ធ(អ្នកកើតនៅទីនោះ) មានសំនៀងត្រឹម ត្រូវតាមអក្ខវិរុទ្ធ។ បើយកសំនៀងតាម វៀតណាមនិយាយខ្មែរ យើងទាំងអស់គ្នាត្រូវបំភ្លេច ចោលវចនានុក្រមទាំងស្រុង🙂 ។

  12. ថុនា និយាយថា៖

    បើតាមខ្ញុំចាំបានលោកគ្រូអ្នកគ្រូបង្រៀនខ្ញុំកាលតាំងពីថ្នាក់ក្រោម គឹយើងមានសូសំលេងពីរ គឺពពួកថា្នក់ អ៊ជាសម្លេងធំ និងថ្នាក់ អ ជាសម្លេងតូច នៅក្នុងនោះមានពីរគឺ( ៉) សម្រាប់ប្តូពពួកថ្នាក់(អ៊) មកពពួកថ្នាក់(អ)វិញ ហើយ( ៊) សម្រាប់ប្តូពពួកថ្នាក់(អ)មកពពួកថ្នាក់(អ៊)វិញ ដូចនេះ អ គឺជាសម្លេងតូច ហើយបើប្រើជាសម្លេងធំ គឺត្រូវប្រើ (៊) ហើយបើប្រើជាមួយ ិីឹឺ គឺលុប (៊) យកស្រះ(ុ)មកជំនួស ដោយហេតុថាមិនចង់ឱ្យអក្សរឡើងត្រួតខ្ពស់ ចំណែកឯអក្សរ ប យើងអាចប្រើ ៉ឬ ៊ ព្រោះតែហេតុប្រើបានទាំងពីរនេះហើយទើបធ្វើឱ្យយល់ច្រឡំ ហេតុដូចនេះបើប្រើបានទាំងពីរ ដោយប្រើ ៉ ជាមួយនឹង ិីឹឺ គឺយើងលុប( ៉) ប្រើស្រះ ុ ជំនួសវិញ ហើយ (៊) រក្សាទុកដដែរមិនឱ្យច្រលំជាមួយ( ៉) ដែលសម្លេងតូច ដោយគិតថា( ៉) ត្រួតខ្ពស់ជាង (៊) ទើបប្តូរមកស្រះ ុ ។ ការសរសេរអក្សរខ្មែរនីមួយសុទ្ធតែកំណត់បង្ហាញ់ច្បាស់លាស់របស់វា គ្រាន់តែអ្នកប្រាជ្ញដែលបង្កើតឡើងមកមិនបានបង្ហាញបានសព្វគ្រប់ ទុកឱ្យអ្នកជំនាន់ក្រោយបង្កើតបន្ថែម ចំណែកឯការសរសេរមិនតាមបែបបទអ្នកចាស់នោះក៏គេមានកំណត់បង្ហាញត្រឹមត្រូវរបស់គាត់ដែរ គ្រាន់តែយើងមិនដឹងអំពីហេតុ នឹងផល តែប៉ុណ្ណោះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s