ពាក្យ​ថា បណ្ឌិត


បើ​តាម​វចនានុក្រម​ខ្មែរ៖

បណ្ឌិត៖
១) ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា,
២) ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ, ឬ​ដោយ​ពិស្ដារ, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​​ជានិច្ច;
៣) អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌ ។
៤) អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ, អ្នក​ឈ្លាសវៃ, អ្នក​ប្រាជ្ញ ។
៥) ពាក្យ​សន្មត​ហៅ​អ្នក​មាន​វិជ្ជា​ថ្នាក់​ខ្ពស់​ដែល​មាន​សញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាម​ឈ្មោះ​នៃ​វិទ្យា​សាស្ត្រ​នោះ​ៗ ដូច​ជា វេជ្ជ​បណ្ឌិត, បណ្ឌិត​ខាង​ច្បាប់, បណ្ឌិត​ខាង​វិទ្យា​សាស្ត្រ…, បណ្ឌិត​ខាង​អក្សរ​សាស្ត្រ ជាដើម…។

តែ​អ្នក​ខ្លះ​ឈ្មោះ​ បណ្ឌិត ដល់​ទៅ​សរសេរ​ជា​ឡាតាំង សរសេរថា bandit ឬ bandith ។ រីឯក្នុង​វចនានុក្រម​អង់គ្លេស​វិញ ពាក្យ​ bandit នេះ​មានន័យ​ថា

bandit ៖ ចោរ​ប្លន់

ដូច្នេះឈ្មោះ​បណ្ឌិត​នេះ បើ​ពួក​អាគាំង​ឃើញ ច្បាស់​ជា​ញាក់​សាច់​មិន​ខាន។

ពាក្យ​ បណ្ឌិត បើ​សរសេរ​ជា​ឡាតាំង​ឱ្យ​ត្រូវតាម​ក្បួន​របស់ សមាគម​បណ្ណល័យ​អាមេរិកនិង​បណ្ណាល័យ​ខុនគ្រេស​របស់​អាមេរិក ដែល​គេ​ហៅ​ថា ALA-LC code នោះ ត្រូវ​សរសេរថា

បណ្ឌិត៖ paṇḍita

ក្បួន​នេះ​ពិត​មែន​តែ​ច្បាស់​លាស់​ប្រាកដប្រជា តែពិបាក​ប្រើ​បន្តិច ព្រោះ​ដូចជា អក្សរ ណ ត្រូវ​ប្រើ n មាន​ចុច​ពី​ក្រោម បែប​នេះ​ពិបាក​សរសេរ​ណាស់។ ដូច្នេះ​ខាង​ភូមិសាស្ត្រ​ខ្មែរ​គេ​បាន​បង្កើត​ក្បួន​មួយ​ទៀត ដែល​អង្គការ​សហប្រជាជាតិ​បាន​យក​ទៅ​ប្រើ គេ​អាច​សរសេរ​ពាក្យ​នេះ​ជា

បណ្ឌិត៖ bandît

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

13 Responses to ពាក្យ​ថា បណ្ឌិត

  1. LoveTruth007 និយាយថា៖

    សូមមើលពាក្យ Pundit ព្រមទាំងការបញ្ចេញសំលេង និងប្រភពរបស់វាក្យស័ព្ទនេះ ។ ពាក្យនេះ គ្រួខ្ញុំធ្លាប់បកប្រែថា “បណ្ឌិត” ។

    http://dictionary.reference.com/browse/bandit
    http://dictionary.reference.com/browse/pundit
    http://en.wikipedia.org/wiki/Pundit
    http://en.wikipedia.org/wiki/Pundit_(expert)

  2. ទឹម បឿន និយាយថា៖

    ពាក្យ bandît មាន​អី​ខុស​ពី bandit? សរសេរ​ធម្មតា នរណា​រវល់​ទៅ​រក î មក​សរសេរ ដាក់​តែ i ជំនួស​ទៅ ។ ក្បួន​ខាង​ក្រោម​ក៏​នៅ​តែ​ពិបាក​អាន​ ប្រើ ត្រង់ស្ល៊ីតេរ៉ាស្យុង ងាយ​អាន​ជាង តែ​ត្រង់ស្ល៊ីត គេ​ប្រើ​សម្រាប់​អាន​ប៉ុណ្ណោះ គេ​មិន​យក​មក​សរសេរ​ជា​ឈ្មោះ​ទេ ។

    មួយ​ទៀត ត្រង់​ថា បើ​ពួក​អាមេរិក​វា​ឃើញ​ឈ្មោះ bandit វា​ភ័យ​នោះ ខ្ញុំ​យល់​ថា​មិន​អាច​ទេ ព្រោះ​វា​ជា​ឈ្មោះ​ ។

    • វិចិត្រ និយាយថា៖

      Transliteration ប្រើ​សំរាប់​សរសេរ មិនមែន​សំរាប់​អាន​ទេ (ខុស​ពី​ transcription, phonetic transcription,..) ដូចជា បញ្ញាសាស្ត្រ គេ​ប្រើ​របៀប​នេះ​ដែរគឺ
      ប=p, ស= s, ត=t,
      ស្រៈ អ, ស្រៈ អៈ = a
      ញ=ñ
      ស្រៈ អា = ā
      ដូច្នេះ

      បញ្ញាសាស្ត្រ=បញ្ញាសាស្ត្រៈ=paññāsāstra
      នេះ​គេ​ហៅ​ថា transliteration ។ របៀប​ transliteration មួយ​នេះ គេហៅ​ថា គោរព​តាម​ស្តង់​ដា ALA-LC code ។
      ក្នុង​របៀប​ទី​២ ដែល​ខាង​ភូមិសាស្ត្រ​គេ​ប្រើ គេ​ប្រើ៖
      – ស្រៈ អ៊ិ = î (តាមពិត​គេ​សរសេរ ^ ផ្កាប់​ផ្ទុយ​ពី​ខ្ញុំ​សរសេរ)
      – ស្រៈ អ៊ី = i
      វា​ក៏​នៅ​តែ​ពិបាក​សរសេរដែរ តែ​បាន​កាត់​បន្ថយ​ការ​ពិបាក​ក្នុង​ក្បួន​ ALA-LC បាន​យ៉ាង​ច្រើន។

      ត្រង់​ឈ្មោះ​ហ្នឹង បឿន​ឯង​ថា​មិន​អាច​ តែមាន​អ្នក​ខ្លះ គេ​គិត​ក្នុង​ចិត្ត​តែ​គេ​មិន​ហ៊ាន​ថាអី​ទេ ព្រោះ​ជា​សុជីវធម៌។ ខ្ញុំមាន​មិត្តភក្តិម្នាក់ ឈ្មោះ សាលីន។ អ្នក​គ្រូ​បារាំង ម្នាក់​គាត់​ឆ្ងល់​ណាស់ ថា​ពាក្យ​សាលីន ហ្នឹង​ភាសា​ខ្មែរ​មាន​ន័យ​យ៉ាង​ម៉េច​ បាន​ដាក់​ឈ្មោះ​អ៊ីចឹង? សាលីន នាំ​អោយ​គេ​នឹក​ឃើញ​ពាក្យ សាល។ សាលជា​ភាសា​បារាំងមាន​ន័យ​ថា ស្មោកគ្រោក ។

      ធម្មតា​គ្មាន​នរណា​ទៅ​ដឹងថា​ភាសា​នេះ​ពិរោះ ពាក្យ​ដដែល​ភាសា​មួយ​នោះ​មិន​ពិរោះ​ទេ។ តែពាក្យ bandit នេះ វា​ចៃដន់ យើង​សរសេរ​ចំពាក្យ​ អាក្រក់​របស់​គេ​តែម្ដង។ តែ ធម្មតា​គេ​យល់​បាន​ហើយ​ ឈ្មោះ​នេះ​ឈ្មោះ​ភាសា​ខ្មែរ។ល។

      ប៉ុន្តែ​ឧបមាថា ក្រុមហ៊ុន​មួយ​ដាក់​ឈ្មោះ​ថា បណ្ឌិត ដល់​សរសេរ​ឈ្មោះ​ក្រុម​ហ៊ុន​នេះ​ជា​ឡាតាំង ថា bandit រួច​ទៅ​រក​ស៊ី​នៅ​ក្រៅ​ប្រទេស​៖ Bandit import export co ltd. ស្រមៃ​ទៅ​មើល?

      • ទឹម បឿន និយាយថា៖

        បើ​ថា គ្រាន់តែ​ចង់​ដឹង​ថា​ឈ្មោះ​ហ្នឹង ខ្មែរ​មានន័យ​យ៉ាងម៉េច​នោះ ខ្ញុំជឿ ប៉ុន្តែ​បើ​ថា គ្រាន់តែ​ឃើញ​ឈ្មោះ ក៏​គិត​ថា​ដាក់​ឈ្មោះ​អី​អាក្រក់​យ៉ាង​ហ្នឹង​នោះ មិន​អាច​ទេ លុះ​ណា​តែ​អ្នក​នោះ មិន​យល់​​អំពី​ភាព​ផ្សេង​គ្នា​នៃ​ភាសា​និមួយៗ ។ ខ្វះ​អី​ឈ្មោះ​ជនជាតិ​ចាម ជ្វា​អី ឈ្មោះ​ស្ដាប់​ទៅ​ស្រដៀង​ពាក្យ​អក្រក់ៗ​របស់​ខ្មែរ ដូច​ស្រដៀង​ពាក្យ រយះ អី​ហ្នឹង គេ​មាន​​ទៅ​​ថា ប្រហែល​ជា​ម្នាក់​ហ្នឹង​រហែក​ឬ​ក៏​អី​ហើយ បាន​ដាក់​ឈ្មោះ​អ៊‍ីចឹង​ទេ គឺ​គេ​យល់​ហើយ ថា​ភាសា​របស់​គេ​អ៊‍ីចឹង ។ ដូច​ភាសា​ថៃ​ថា ឌួយ ខ្មែរ​មាន​ទៅ​ប្រកាន់​ថា​អាក្រក់​មិន​ហ៊ាន​និយាយ​អី ខ្មែរ​ដែល​រៀន​ភាសា​ថៃ ទាំង​ស្រី​ទាំង​ប្រុស និយាយ​ទាំងអស់​គ្នា​ហ្នឹង ។

        បើ​ថា​រឿង​សរសេរ​ខុស​ហ្នឹង ខ្ញុំ​យល់​ស្រប តែ​គ្រាន់តែ​សរសេរ​ខុស ធ្វើ​ឱ្យ​បរទេស​យល់​ទៅ​រឿង​ផ្សេង​ដូច​និយាយ​ហ្នឹង ខ្ញុំ​មិន​សូវ​ស្រប​ទេ ។ ទោះ​ជា​ឈ្មោះ ចក់ ចយ កុយ អី ឱ្យ​តែ​ឈ្មោះ គេ​ហៅ​តាម​ហើយ ទោះ​ន័យ​ទៅ កុយ​សត្វ កុយ​មនុស្ស​ក៏​ដោយ ។

      • វិចិត្រ និយាយថា៖

        តាម​ពិតខ្ញុំ​មិន​ចង់​និយាយ​ថាសរសេរខុស​ត្រូវ​អី​ទេ ព្រោះ​ឈ្មោះ​គេ​សរសេរ​យ៉ាងម៉េច​ស្រេច​តែ​គេ។

        ហើយ​បរទេស​ធម្មតា​គេ​ច្បាស់​ជា​យល់​ហើយ​ថា មិនដែល​នរណា​ទៅ​ដាក់​ឈ្មោះ​ជា​ចោរ​ទេ តែគ្រាន់​តែ​គេ​សើច​ក្នុង​ពោះ​តែប៉ុណ្ណោះ ឬ​ជួន​កាល​គេ​បង្អាប់​លេង​។

        ឈ្មោះចាម ព្នង អី​ក៏​ចឹងដែរ ពេល​ខ្លះខ្ញុំ​ស្ដាប់​ទៅ​ចង់​តែ​សើច​។
        ពាក្យសៀម អីដូចជា ដួយៗ អីនេះ បើ​ឈ្មោះ​ដួយ ទៀត មិន​បាច់ថ្លែង​តែម្ដង😀

  3. achharia និយាយថា៖

    ឈ្មោះ បណ្ឌិត អានថា បន់ឌិត សោះម៉េចបានសរសេរជាឡាតាំងទៅជា Bandit ទៅវិញ ?
    ម៉េចបានមិនសរសេរជា Borndit ឬ Bornnditt ?

    Bandit បើអានតាមខ្យល់ភាសាបារាំងថា បង់ឌីត ។ តាមខ្យល់អង់គ្លេសថា ប៊ែនឌឹត
    តាមអាឡឺម៉ង់ដា បាន់ឌិត ។​ វាអត់ចេញសម្លេងថា បន់ឌិត អីសោះ ។
    Bandit Road ; Bandit Camp ; Bandit website ; Bandit import export co ltd.
    ស្ដាប់ទៅគួរឧិ្យបះសក់តិចៗដែរហ្នឹង:mrgreen:

    ម្យ៉ាងទៀត ខ្ញុំគ្រាន់តែដឹងថាអ្នកដែលសឹកពីបួសក៏គេហៅ បណ្ឌិត ដែរដែល
    តាមភាសានិយាយសមញ្ញហៅថា អន្ទិត ៗ នោះ ។
    បណ្ឌិតមែន តែបើធ្វើឧិ្យគេខឹងខ្លាំង គេនឹងហៅអាអន្ទិតគោលោត
    បើខឹងល្មមៗគេហៅត្រឹមតែ អាអន្ទិតសក់ខ្លី អីតែប៉ុណ្ណឹងឯង ។

    .

    • វិចិត្រ និយាយថា៖

      ប្រហែល​របៀប​សរសេរ​នេះ​ជា​របៀប​ខ្មែរ​ហើយមើល​ទៅ​ ព្រោះ​ដូច​ពាក្យ​ខេត្ត​កណ្ដាល យើង​សរសេរ kandal, បន្ទាយ​មាន​ជ័យ =Banteay Meanchey។ ហើយ​របៀប​សរសេរ​នេះ ប្រហែល​កើត​ចេញ​ពី​ការ​ប្រើ​ a តំនាងស្រៈ អ ។

  4. posoky និយាយថា៖

    បណ្ឌិត៖
    ១) ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា,
    ២) ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ, ឬ​ដោយ​ពិស្ដារ, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​​ជានិច្ច;
    ៣) អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌ ។
    ៤) អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ, អ្នក​ឈ្លាសវៃ, អ្នក​ប្រាជ្ញ

    នាហ្មឺនស្រុកខ្ញុំអាចសមនឹងទទួលបាន នាម អីចឹងដែរអត់?
    បើខ្ញុំមិនដឹងថា សុចរិត ១០ប្រការ រឺ៤០ប្រការ

  5. ធម្មលិខិត្តោ និយាយថា៖

    អាត្មាពិនិត្យមើលទៅ លោកទាំងអស់គ្នា ប្រហែលជាច្រឡំហើយ ក្នុងការសរសេរពាក្យ “បណ្ឌិត” ជាភាសាអង្គ្លេស “bandit” អត់ត្រូវទេ ពាក្យដែលគេត្រូវ សរសេរគឺ “pundit” ទើបត្រូវ អាត្មាក៏ធ្លាប់បានច្រឡំដូចគ្នាដែរ ហើយពឺតតែឆ្ងល់ មើលទៅគួរខ្លាច យើងថាបណ្ឌិត តែភាសាគេ ទៅជាចោរប្លន់ទៅវិញ ប៉ុន្តែឥឡូវនេះច្បាស់ ហើយ គឺមើលតាមវច្ចនានុក្រម អង្គ្លេស-ខ្មែរ របស់លោក អ៊ិម-ព្រុំ ។ ពាក្យហ្នឹងរកឃើញ ដោយចៃដន្យ ដោយបើករកមើលពាក្យចុះឡើងៗ ក៏បានឃើញពាក្យហ្នឹង ទើឈប់ឆ្ងល់។

    បើមើលតាមវច្ចនានុក្រម ខ្មែរ-អង្គ្លេស របស់ លឹម ហាក់ ឃាង ក៏សរសេរខុសដែរ bandit តែនៅខាងចុង គេសេសេរ pandita អញ្ចឹងអ្នកសរសេរភាគច្រើន មិនបានពិនិត្យមើល ឱ្យបានច្បាស់លាស់ទេដឹង? ដូចវច្ចនានុក្រម ខ្មែរអង់គ្លេស នេះជាដើម!

  6. Bandith និយាយថា៖

    អីយ៉ាស់មានអ្នកបកស្រាយឈ្មោះខ្ញុំនៅទីនេះ ទៀតតឹមឃើញ…. នៅមានអ្នកខ្លះទៀត បណ្ឌិត ដែរគេសរសេរ Bandeth បើមិនចឹងទេ Bandidh…. នៅតែខុសអាដែលមែនទេ??? ប៉ាខ្ញុំគាត់ថា សរសេរ Bandith ហ្នឹងយកខ្យល់អានតាម បារាំង តែមកជាញ៉ាក់សាច់ខាង អង់គ្លេសនេះទៅវិញ។ ខ្ញុំឃើញមិនមែនតែខ្មែរទេ ដែលឈ្មោះបណ្ឌិត គេសរសេរ Bandith ចឹងនៅ មានតួកុនសៀមមួយនោះ និងអ្នកមួយចំនួនក៍គេសរសេរចឹងដែរ ដូចជា Bandith Saokaeo(http://www.channelvthailand.com/vj_profile/vjm02.htm) Vanessa Bandith(http://www.formspring.me/VBooskee, http://vbaaby.tumblr.com) Bandith Sithanyalath(Lao footballer, http://en.wikipedia.org/wiki/2000_Tiger_Cup_squads) …. and Many Bandith on Facebook….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s