មូលហេតុ​ខ្មោច​សង្កត់ ពន្យល់​តាម​បែប​វិទ្យា​សាស្ត្រ


យ៉ាងម៉េច​ទៅ​ដែល​ហៅ​ថា​ខ្មោច​សង្កត់​នោះ?

ឧទាហរណ៍ ​មនុស្សម្នាក់​កំពុង​តែ​ដេក​ៗ ស្រាប់​តែ​ឃើញ​ខ្មោច​ព្រាយ​បិសាច​មួយ​ហោះ​ស្ទុង​មក​គ្រប​ពី​លើ។ មនុស្សម្នាក់​នោះ​ប្រឹង​កម្រើក​ដៃ​ជើង​យ៉ាង​ណា​ក៏​កម្រើក​មិន​រួច​ដែរ ស្រែក​ក៏​ស្រែក​មិន​ចេញ។ នេះ​ហើយ​ហៅ​ថា​ខ្មោច​សង្កត់​នោះ។

ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ស្រដៀង​គ្នា​នេះដែរ។ មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ស្គាល់​ក៏​គេ​ធ្លាប់ឆ្លង​កាត់​បញ្ហា​នេះ​ ដែរ។ តើ​នេះ​មក​ពី​ខ្មោច​មែន​ទែនឬ​យ៉ាង​ណា?

អ្នកវិទ្យាសាស្ត្រ​បាន​ចែក​ដំណេក​របស់​មនុស្ស​ជា​​ពីរ​ប្រភេទ៖ ដំណេក​វគ្គ​ ចលនា​ភ្នែក​លឿន (REM: Rapid Eye Movement) និង​ដំណេក​វគ្គ​ចលនាភ្នែកយឺត(NREM: Non Rapid Eye Movement)។ ដំណេក NREM ត្រូវ​បាន​គេ​ចែក​ចេញ​ជា​បី​ដំណាក់​កាល​ទៀត​គឺ N1, N2 និង N3 ។ ក្នុង​ពេល​យើង​​ដេក​ពេញ​មួយយប់​​ ​ដំណាក់​កាល​ដំណេក​ប្រព្រឹត្ត​ទៅ​តាម​វដ្តមួយ ក្នុង​លំដាប់ N1-> N2->N3->N2->REM  ចុះ​ឡើង​​។

ក្នុង​ដំណាក់កាល N1 : គេ​ហៅ​ថា​ដំណាក់​កាល​ងងុយ​ដេក; ក្នុង​ដំណាក់​កាល​នេះ យើង​អាច​ជួប​ប្រទះ​នូវ​បាតុភូទយល់សប្តិ​ដឹង​ខ្លួន (ក្នុង​យល់​សប្តិ​ដឹង​ថា​ខ្លួន​ឯងកំពុង​យល់​សប្តិ), មមាល, មាន​អារម្មណ៍​ថា​ព្រលឹង​ហោះ​ចេញ​ពី​ខ្លួន​ប្រាណ និង​កម្រើក​ដៃ​ជើង​មិន​រួច។ ក្នុង​ដំណាក់​កាល​នេះ មនុស្ស​យើង​ចាប់​ផ្ដើម​បាត់​បង់​ការ​បញ្ជា​ទៅ​លើ​សាច់​ដុំ និង​បាត់​បង់​ការ​ទាក់ទង​ជាមួយ​ពិភព​នៅ​ជុំ​វិញ។

ដំណាក់កាល N2 : ដំណាក់កាល​មាន​ប្រមាណ​ជា 45 ទៅ 55% នៃ​រយៈ​ពេល​ដេក​សរុប; សាច់ដុំ​កាន់​តែ​ចុះ​ខ្សោយទៅ ហើយ​យើង​បាត់​បង់​ស្មារតី​ទាំង​ស្រុង។

ដំណាក់កាល​ N3 : ដំណាក់​កាល​យល់​សប្តិ​អាក្រក់ មមើនិយាយ​ មមើដើរ និង​ដេក​នោម​ដាក់​ខោបាន​កើត​ឡើង។

ដំណាក់​កាល REM : មាន​ប្រមាណជា 20%–25% នៃ​ដំណេក។ ក្នុង​ដំណាក់​កាល​នេះ​ ភ្នែក​ របស់​មនុស្ស​មាន​ចលនា​ចុះ​ឡើង​ៗ លឿន​ខុស​ពី​ធម្មតា ហើយ​ក្នុង​ដំណាក់​កាល​នេះ​ហើយ​ដែល​យើង​ចងចាំ​បាន​ភាគ​ច្រើន​នៃ​សុបិន​របស់​ យើង។ ក្នុង​ដំណាក់​កាល​នេះ សាច់​ដុំ​បាន​បាត់​បង់​កម្លាំង​ឬ​ខ្វិន​ទាំង​ស្រុង។ ភាព​ខ្វិន​នេះ ប្រហែល​ជា​ការ​ចាំ​បាច់​មួយ​ដើម្បី​ការពារ​រាង​កាយ​កុំ​ឱ្យមាន​​របួស ​ព្រោះ​បើ​មិន​អ៊ីចឹង​ទេ​អវៈយវៈ​របស់​យើង​​អាច​រើ​បម្រះក្នុង​ពេល​យល់​សប្តិ ​ច្បាស់​ៗបែប​នោះ​ ដែល​កើត​ឡើង​ក្នុង​ដំណាក់​កាល​នេះ។

ដំណាក់​កាល​ REM នេះ​ ​កើត​ឡើង​នៅ​មុន​ពេល​យើង​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​បន្តិច។

ដោយក្នុងដំណេក​វគ្គ REM

-មនុស្សយើងមិនអាច​កម្រើក​ដៃ​ជើង​បាន​ទាំង​ស្រុង

– ដំណាក់​កាល​នេះ​កើត​ឡើង​មុន​យើង​ភ្ញាក់​ពី​ដេក​បន្តិច

– យើង​ចាំ​សុបិន​ក្នុង​ដំណាក់​កាល​នេះ​បាន (ឧបមាថា​យើង​សុបិន​ឃើញ​ខ្មោច​មក​សង្កត់នៅ​ពេល​នេះ)

ដូច្នេះ ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា បាតុភូទ​​ខ្មោច​​សង្កត់ ​គឺ​ជា​បាតុភូទ​ធម្មតា​ ដែល​កើត​ឡើង​ពី​ដំណេក+សុបិន​ តែ​ប៉ុណ្ណោះ៕


Ref:

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

18 Responses to មូលហេតុ​ខ្មោច​សង្កត់ ពន្យល់​តាម​បែប​វិទ្យា​សាស្ត្រ

  1. វុទ្ធី និយាយថា៖

    អាចអីចឹងដែរ ហើយខ្ញុំផ្ទាល់ក៏ធ្លាប់ជួបបញ្ហានេះញឹកញាប់ដែរ។
    …………..យប់ដ៏ស្ងាត់……..ខ្ញុំគេងក្នុងបន្ទប់តែម្នាក់ឯង……ខ្ញុំបានឃើញស្រីម្នាក់ស្លៀកពាក់ស ទាំងអស់​ ទាញទ្វាបន្ទប់ខ្ញុំបើកហើយដើរចូលមក……………….. ខ្លួនគេគ្របដណ្តប់ដោយស្បៃសជាច្រើនជាន់………..គេដើរឆ្វែលជុំវិញខ្ញុំ,,,,,,,,, ហើយស្រាប់តែ………………… គ្រឹប…………….. ជួយផងៗៗៗៗៗៗៗៗៗៗៗៗ
    អាចជាជំងឺទេ? ព្រោះខ្ញុំឧស្សាហ៍ជួបប្រទះរឿងនេះណាស់……..
    អាចជាជំងឺតពូជទេ?ព្រោះជីតាខ្ញុំ ហើយនិងប៉ាខ្ញុំក៏ឧស្សាហ៏ត្រូវខ្មោចសង្កត់ដែរ………

  2. sambatt និយាយថា៖

    ខ្ញុំវិញចំាបានថាខ្មោចសង្កត់់ពីរដងហើយ ..ម្ដងចុងក្រោយគឺកាលពីឆ្នាំមុន៖
    ក្នុងសុបិន ខ្ញុំកំពុងអង្គុយដុសធ្មេញក្បែរមាត់់ទ្វារខាងក្រោយផ្ទះ ពេលយប់់ងងឹត
    តែខាងក្រៅមើលអីមិនយលបន្តិចសោះ គឺខ្មៅ ងងឹត ឯក្នុងផ្ទះក៏មិនមានពន្លឺភ្លឺប៉ុន្មាន
    ដែរ គ្រាន់់តែដឹងថាមានពន្លឹភ្លើងព្រឹមៗ ដូចភ្លើងចង្កៀងប្រេងកាត។ ខ្ញុំកំពុងដុសធ្មេញ
    បែរមុខទៅមាត់់ទ្វារ ,មើលទៅក្រៅ ..ភ្លាមនោះស្រាប់់តែមានដៃពីរមើលមិនឃើញ ឈោងពីក្រៅចូលមកចាប់់កខ្ញុំ ខ្ញុំក៏ស្រេកអត់់រួចបន្តិចសោះ…ហើយខំប្រឹងរើបំរះ តែក៏អត់់
    ប្រយោជន៏ដែរ ប៉ុន្តែខ្ញុំនៅតែប្រឹងបំរះ ទីបំផុតក៏រើខ្លួនរួច ហើយដឹងខ្លួនល្មម ហើយភ័យក៏គេងទៅវិញ លែងលក់់ ងើបមកសរសេរកត់់សុបិនអាក្រក់់នេះទុកក្នុងប្លក
    រហូតដល់់ម៉ោងេជិតភ្លឺទើបចូលទៅគេងវិញ ទំាងអារម្មណ៏មិនសូវស្រួល ។
    សុបិនអាក្រក់់នេះខុសពីសុបិនអាក្រក់់ទីមួយដែលអោយខ្ញុំមើលឃើញខ្មោច តែមិនឃើញមុខទេ ឃើញតែខ្លួននិងជើង។អំពីសុបិនអាក្រក់់ ខ្ញុំមិនមែនជួបតែពីរដងនេះទេ
    តាមពិតតំាងពីកើតមក ច្រើនដងណាស់់ មិនដឹងប៉ុន្មានទេ ភ្លេចអស់់ហើយ។
    មនុស្សយើងម្នាក់់ៗសុបិនក្នុងមួយយប់់ៗបួនទៅប្រាំដង ប៉ុន្តែត្រូវភ្លេចសឹងតែទំាងអស់់ ។
    ជួនកាលចំាបាន ក្នុងមួយឆ្នាំបួនឫ ប្រាំតែប៉ុណ្ណោះ ។អ្នកខ្លះសឹងតែគ្មានចំាសុបិនណាមួយសោះ!!ក្នុងមួយឆ្នាំៗ។ខ្ញុំដឹងថាសុបិនខ្ញុំមានច្រើន ទោះមិនអាចចំាបានអស់់ទេ ហើយបើចំាក៏មិនអាចចំាបានរយៈពេលយូរដែរ ..អញ្ចឹងទើប
    កត់់ទុកសុបិនណាចំាបានច្បាស់់ក្នុងកូនសៀវភៅមួយ…ស្រួលថ្ងៃណាចង់់ដឹង សើរើអាន
    មើល ក្រែងជួនត្រូវនឹងព្រឹតត្តិការណ៏មួយ ឫ ជួនកាល ទុកគ្រាន់់ត្រូវការចង់់ដឹងអ្វីដែលធ្លាប់់សុបិនពីមុនមក មិនដូចអ្នកសុបិនខ្លះគិតតែរឿងកាត់់លេខឆ្នោតទេ ខ្ញុំអត់់គិតរឿងហ្នឹងសោះ។

  3. Samady KS និយាយថា៖

    ខ្ញុំ​វិញ​បើ​បាន​ខ្មោច​សង្កត់​ក៏​ត្រូវ​តែ​ទ្រាំ​​ដែរ ឲ្យ​តែ​ខ្មោច​ស្រី​ស្អាត

  4. posoky និយាយថា៖

    កាលឆ្នាំ១៩៩៤ ខ្ញុំចាំថាខ្ញុំគេង ក្រោម (ឈើរខ្វែង) ជំនាងផ្ទះ ភ្នែកសំឡឹងមើលទូទស្សន៍មិនបាន១០នាទីផង និយាយមិនចេញ លើកដៃជើងមិនរួច វេទនាខ្លាំងណាស់ ងាកជំវិញខ្លួនឃើញ ប៉ាម៉ាក់ ប្អូនបង តែហៅគេជួយមិនបាន​រហូតដល់តែ ១០នាទី បានចាប់ផ្តើមកំរើកបាន រាងកាយគឺថាបែកញើសដូចងូតទឹក បេះដូងញាប់ ត្រជាក់ចុងដៃជើង ។ ខ្ញុំលឺចាស់ៗបានប្រាបើមិនអោយគេងក្រោមអាខ្វែងកណ្តាលផ្ទះនឹងទេព្រោះខ្មោច រឺជំនាញផ្ទះសង្កត់ នេះប្រហែលជាអីចឹងហើយមើលទៅ។

    ចំណែករឿងយល់សប្តិមិនដឹងអ្នកទាំងអស់គ្នាដូចខ្ញុំអត់? បើយល់សប្តិខ្មោចដេញលងត្រូវតែខ្មោចចាប់បាន ទោះខំពួនយ៉ាងណាក៍មិនបាត់ រឺថារត់់ក៍មិនរួចដែរ ដូចជាស្ពឹកជើងយ៉ាងមិច។

    តែឥលូវខ្ញុំមានចំណុចពិសេសគឺថាបើមានខ្មោចលង ខ្ញុំធ្វើដូចអោយភ្ញាក់ខ្លួនបានភ្លាម ។ តែពេលខ្លះមានភ្ញាក់ក្នុងយល់សប្តិ ហើយខ្មោចបន្តរលងចូលយល់សប្តិទី២ទៀត។

  5. សុផល និយាយថា៖

    ខ្ញុំធ្លាប់ខ្មោចសង្កត់ដែរ បែកញើសជោគខ្លួនព្រោះខំប្រឹងត្រដរចេញ ដល់ទីបំផុតអស់កំលាំងស្ទើរ ស្លាប់។

  6. សុខហេង និយាយថា៖

    ខ្ញុំ​ក៏​ធ្លាប់​ពីរ​បី​ដង​ដែរ ពេល​នោះ​ខ្ញុំ​ឃើញ​ស្រមោល​ខ្មៅ​ស្ទុង​មក​សន្ធប់​ពី​លើ​ ខ្ញុំខំ​ប្រឹង​រើ​ តែ​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​ចង់​ដៃ​ជើង​ខ្ញុំ​ជាប់​ចឹង បើ​ទោះ​ជា​ខំ​ស្រែក​ក៏​ស្រែក​មិន​ចេញ​ដែរ ។

  7. ញឹក បុរិន្ទ និយាយថា៖

    ខ្ញុំមិនដែលស្គាល់ខ្មោចលង ឬខ្មោចសង្កត់ឡើយ។ តើខ្មោសង្កត់វាយ៉ាងមិចទៅ?
    បើតាមស្តាប់គេនិយាយ គឺជាអារម្មណ៍ដែលខ្ញុំធ្លាប់ជួបប្រទះដែរ។ គឺជាអារម្មណ៍ដេកលក់ពាក់កណ្តាល ដឹងខ្លួនពាក់កណ្តាល។​ បើសិនជាវាកើតឡើង មិនបាន៣វិនាទីផងខ្ញុំនឹងខំប្រឹងភ្ញាក់បានភ្លាម។ ខ្ញុំចង់និយាយ ដូចសំឡាញ់ សូគីអញ្ចឹង បើសិនជាខ្ញុំយល់សប្តមិនល្អខ្ញុំនឹងប្រឹងភ្ញាក់ភ្លាម មានន័យថាបើគេចង់វាយខ្ញុំ ខ្ញុំភ្ញាក់ភ្លាមមិនអោយគេវាយទាន់ឡើយ។

    លក្ខណពិសេសនេះដោយសារខ្ញុំមិនមែនជាមនុស្សដេកទ្រមក។ អោយតែឮសំលេង ឬប៉ះខ្ញុំបន្តិ ខ្ញុំភ្ញាក់ភ្លាម។​

  8. achharia និយាយថា៖

    ខ្ញុំក៏ជាអ្នកមិនជឿខ្មោចលងដែរ តែធ្លាប់ខ្មោចសង្កត់ប៉ុន្មានដងដែរ ។
    ចាស់ៗនិងអ្នកមានពិសោធក្នុងរឿងនេះបានប្រាប់ថា ការដេកដាក់ជើង
    គងលើគ្នាឬថ្ពាន់គ្នា ឬដាក់ដៃខុសទំនងដែលនាំអោយស្លាក់សរសៃឈាម
    ឬរោយស្រពន់ អាចបណ្តាលឧិ្យខ្មោចសង្កត់បាន ។ ខ្ញុំសាកមើល …មែន !
    កំពុងលក់ ស្រាប់តែមានរូបមនុស្សចាស់ម្នាក់មានសក់ស្កូវសវែងគ្របស្មា
    ក្នុងសម្លៀកបំពាកដូចស្បៃ់សវែងដូចគ្រូគុណក្នុងរឿងចិនកាប់ដាវលាយនឹង
    សម្លេងគួរឧិ្យភ័យរន្ធត់លើកដៃទាំងពីរមកសង្គប់ដៃខ្ញុំជាប់ តែមិនបានធ្វើអ្វី
    ឈឺចាប់ទេ ។ កាលលើកទីមួយ ខ្ញុំភ័យ…ប្រឹងស្រែកតែមិនអាចចេញសម្លេងបាន ប្រឹងរើបម្រាសតែកំរើកដៃជើងមិនរួច …ប្រឹងបន្តមួយសន្ទុះទើបរំដោះខ្លួន
    បានពីជនវ័យចំណាស់នោះ ។ ខ្ញុំភ្ញាក់ដឹងខ្លួន កំរើកដៃជើងសាកមើលក៏បាន
    និយាយក៏លឺវិញ តែនៅភ័យនិងហត់ ហើយក៏នឹកថា អូ៎!នេះមែនហើយ
    គឹបែបនេះហើយដែលគេនិយាយប្រាប់គ្នាថាមានខ្មោចសង្កត់នោះ ។
    លើកក្រោយៗមក ខ្ញុំជួបប្រទះស្ថានការណ៍បែបនេះទៀត គ្រាន់តែអ្នកដែលមកគ្រប
    សង្កត់មានរូបរាងខុសៗគ្នាគឺច្រើនតែជារូបមនុស្សចំណាស់ តែខ្ញុំតាំងស្មារតីរឹងមាំបាន
    មិនភ័យទៀតទេ ខ្ញុំដឹងខ្លួនថាបែបហ្នឹងគឺគ្រាន់តែជាខ្មោចសង្កត់ស្អីនោះឯង ។
    ខ្ញុំប្រឹងរើបណ្តើរ វាយតប់ជាមួយគាត់ផងដោយរំពឹងថា មិនយូរទេម្រាមដៃឬជើង
    របស់ខ្ញុំណាមួយនឹងកំរើកបាន ហើយរូបដែលមកសង្កត់នោះនឹងរលាយខ្លួនបាត់។
    ខ្ញុំតែងតែរើរួចនឹងដឹងខ្លូនវិញជាដរាប ខ្ញុំមិនខ្លាចខ្មោចសង្កត់ទៀតទេ តែពេលដេក
    ក៏ប្រយ័ត្នពីការដាក់ដៃជើងឧិ្យបានស្រួលដែរដោយមិនចង់ប្រយុទ្ធជាមួយពួកចាស់ៗ
    អស់នោះទៀត ទោះមកជានារីវ័យក្មេងស្រស់ស្អាតក៏មិនចង់ដែរព្រោះកំរើកខ្លួន
    ដៃជើកក៏អត់បាន😛 mrgreen ។
    តាមការសង្កេតរបស់ខ្ញុំតមក អាចមានខ្មោចសង្កត់បាន ពេលណាអស់កម្លាំងហើយ
    ដេកសង្កត់ដៃ ផ្ពាន់ជើង ឬអិរិយាបទខុសទំនងណាដែលនាំអោយចលនាឈាមរត់
    មិនបានស្រួល ហើយនៅតាមទីកន្លែងខ្លះៗដែលអ្នកវិទ្យាសាស្ត្រមិនទាន់បកស្រាយបាន
    ដូចជា ដេកក្រោមឈើខ្វែងគ្នាឬមេកន្លោងផ្ទះ ក្រោមដើមឈើដែលមានម្លប់ដែលខណៈ
    មួយអាចមានពន្លឺថ្ងៃចាំងចំខ្លួនប្រាណបាន …។ល។

    នៅក្នុងលំហមានអ៊ីយ៉ុងអគ្គិសនី ដែលមានអិទ្ធីពលលើវត្ថុនានានៅជិតនោះ ។
    ឧ. ពេលអ្នកស៊ុតបាល់បាស្កិតចូល បោះប៊ូលឬចោលដុំថ្មទៅត្រូវចំទីដៅ អ្នកហាក់ដូច
    ជាមានអារម្មណ៍ឬកំសួលថាចូលប្លុកឬចំម៉កនាប៉ុន្មានវិនាទីមុនប៊ូលទៅចំប៊ូលមួយទៀត។
    .

  9. វិចិត្រ និយាយថា៖

    ខ្ញុំ​វិញ មិនដែល​ឃើញ​ខ្មោច​ទេ បើ​ឃើញ​មិន​ដឹង​ភ័យ​យ៉ាង​ណា​ទេ។ ខ្ញុំ​ធ្លាប់​ឃើញ​តែ​ចោរ​ចូល​ផ្ទះ។ ខំ​ស្រែក​ថា​ចោរ​ៗ ស្រែក​អត់​លឺ។

  10. sambatt និយាយថា៖

    អ្នកយល់់សប្ដិឃើញខ្មោចសង្កត់់ ច្រើនតែរើខ្លួនរួច។
    បើមិនចឹងទេ មានតែភ្ញាក់់ដឹងខ្លួន ហើយភ័យហើយជួនកាលបែកញើស។
    មិនសូវមានមនុស្សដែលមានសុបិនអាក្រក់់អញ្ចឹងទេ ហើយក្នុងមួយ
    ជីវិត មនុស្សណាក៏មិនសូវមានសុបិនអាក្រក់់ដូច្នេះដែរ ។បើសិនជាវិទ្យាសាស្រ្ត
    ពន្យល់់បកស្រាយបាន សុបិនអាក្រក់គឺមានលក្ខណៈដូចតែគ្នាទំាងអស់់ ហើយ
    នរណាក៏ប្រហែលជាធ្លាប់់ខ្មោចសង្កត់់ដែរ ព្រោះមនុស្សពេលគេងមិនដឹងខ្លួនដូចតែគ្នា
    គឺមិនដឹងថាខ្លួនគេងផ្អៀងផ្អង ឫដៃជើងដាក់់បត់់យ៉ាងម៉េចៗ។មនុស្សភាគច្រើន
    មិនដែលមានសុបិនខ្មោចសង្កត់់ទេ ក្នុងមួយជីវិត។បើសិនជាគេរកឃើញថាគេងយ៉ាង
    ម៉េច ទើបអាចយល់់សប្ដិឃើញខ្មោចសង្កត់់ គេនឹងអាចយកអ្នកណាម្នាក់់ទៅធ្វើពិសោធន៏បាន
    ក្នុងបន្ទប់ពិសោធរួចបង្ហញាហេតុផលថា វាមកពីយ៉ាងនេះយ៉ាងនេះ ទើបនំាអោយមនុស្សគេងទៅយល់់សប្ដិឃើញខ្មោចសង្កត់់។អ្នកវិទ្យាសាស្រ្តយល់់យ៉ាង
    ម៉េចវិញ ចំពោះទីកន្លែង ?អ្នកខ្លះមួយជីវិតគេងមិនដែលយល់់សប្ដិខ្មោចសង្កត់់ទេ តែដល់់ទៅ
    គេងកន្លែងផ្សេងឫនៅផ្ទះណាមួយផ្សេង ស្រាប់់តែខ្មោចលងក្នុងសុបិន ហើយក៏មិនដែលនឹក
    ពីរឿងខ្មោចលងបន្តិចសោះក្នុងពេលគេង។។

    • វិចិត្រ និយាយថា៖

      តាម​ទៅ​ដំណេក​មនុស្ស​ពិត​ជា​អាស្រ័យ​នឹង​ទីកន្លែង។ កន្លែងខ្លះ​យើង​ដេកស្រួល កន្លែង​ខ្លះ​ដេក​មិន​លក់ កន្លែង​ខ្លះ​ដេក​ភ្ញាក់​ៗ កន្លែង​ខ្លះ​ដេក​ទៅ​ក្ដៅស្អុះ កន្លែង​ខ្លះ​ដេក​ទៅ​ហប់ៗ កន្លែង​ខ្លះ​​យើង​ខ្លាច​នឹង​ទៅ​ដេក​នៅ​ទី​នោះ។ល។
      ទី​កន្លែង​អាច​បណ្ដាល​អោយ​យើង​គិត​យ៉ាង​នេះ​យ៉ាង​នោះអាស្រ័យ​ទៅ​តាម​មនុស្ស​ម្នាក់​ៗ។ តើ​ការ​គិត​នេះ​មាន​ឥទ្ធិពល​ដល់​សុបិន​មនុស្ស​ដែរ​ទេ?
      ឧទាហរណ៍ ខ្ញុំ​ដេក​ក្បាល​បែរទៅ​មាត់​បង្អួច ខ្ញុំ​ត្រូវ​ខ្មោច​សង្កត់ដោយ​សុបិន​​ឃើញ​ចោរ​ឈរ​នៅ​មាត់​បង្អួច។ ​

      • sambatt និយាយថា៖

        ខ្ញុំភ្លេចឈឹងពីសុបិនអាក្រក់់មួយទៀត ពេលដែលខ្ញុំទើបរើផ្ទះ
        កាលពី៥ឆ្នាំមុន ។តាមពិតខ្ញុំមានសុបិនអាក្រក់់៎ដល់់ទៅបីដែលខ្ញុំចំា។
        ចូលនៅផ្ទះផ្មីទើបបានប៉ុន្មានថ្ងៃស្រាប់់តែយល់់សប្ដិឃើញខ្មោចដ៏ធំមួយ
        នៅខាងក្រៅបង្អួច ឆ្លងចូលមកសង្កត់់ទ្រូងខ្ញុំ ។កាលនោះខ្ញុំដេកនៅក្បែរបង្អួច ។ខ្ញុំថប់់ដង្ហើមមែន ក្រោយពេលភ្ញាក់់ពីដំណេក សឹងតែកណ្ដាស់់។

  11. ក្មេងស្រែ និយាយថា៖

    ខ្ញុំ​តែង​តែពន្យល់​ទៅ​អ្នក​ដែល​និយាយ​ថា​ខ្មោច​សង្កត់ ថា​វា​ជា​បាតុភូតិ​វិទ្យាសាស្រ្ត, តែ​មិន​ដែល​ត្រូវ​បាន​អ្នក​ដទៃ​យល់​ស្រប​សោះ ដោយ​សារ​ខ្ញុំ​គ្មាន​អំណះ​អំណាង​ច្រើន​ដូច​លោក​គ្រូ​មើល​ទៅ! អរគុណ, ខ្ញុំ​នឹង​មើល​អា​នេះ​អោយ​ចាំ ហើយ​ចាំ​សាក​ពន្យល់​គេ​លើក​ក្រោយៗ​ទៀត តែ​ខ្លាច​តែ​គេ​ថា​ខ្ញុំ​ឆ្កួត​តា​ឯង​ទៀត​ហ្នឹង​ណា៎! ហេសហេសហេស

    • វិចិត្រ និយាយថា៖

      មិន​បាច់​ទៅ​ប្រឹង​ពន្យល់​ទេ គេ​ជឿ​យ៉ាង​ណា​អោយ​គេ​ជឿ​យ៉ាង​នោះ​ទៅ
      ទោះ​បី​យើង​មាន​ហេតុផល​ត្រឹម​ត្រូវ​យ៉ាងណា បក​ស្រាយ​ទាល់​តែ​បែក​ពពុះ​មាត់ ​ក៏​គេ​នៅ​តែ​មិន​ជឿ​យើង​ដែរ។
      បើ​គេ​ជឿ​អ្វី​មួយ​ហើយ ទោះ​បី​គ្មាន​ហេតុផលសមរម្យ​​អ្វី​មក​ពន្យល់​ក៏​គេ​នៅ​តែ​ជឿ​ដែរ។

    • sambatt និយាយថា៖

      និយាយចឹងខ្ញុំបានអានអត្ថបទមួយកាលពីជាងដប់់ឆ្នាំមកហើយ។
      គេនិយាយពីការយល់់សប្ដិ ហើយថាអ្នកវិទ្យាសាស្រ្តក៏គ្រវីក្បាលដែរ!!
      ព្រោះមានការយល់់សប្ដិខ្លះ ទាក់ទិននឹងព្រឹត្តិការណ៏ពិតៗ។
      បើអ្នកយល់់ថាមនុស្សមានព្រលឹង ហញើយថាព្រលឹងមិនចេះស្លាប់់ទេនោះ
      គង់់តែគ្រវីក្បាលដូចអ្នកវិទ្យាសាស្រ្តដែរមិនខាន ព្រោះគ្មានប្រដាប់់ពិសោធន៏
      ព្រលឹងទេ ។អ្នកវិទ្យាសាស្រ្តអាងលើប្រដាប់់ប្រដាពិសោធន៏ និងការសង្កេតមើលហេតុផល។

  12. Piseth និយាយថា៖

    ខ្ញុំក៏ធ្លាប់ខ្មោចសង្កត់ដែរ ជាពិសេសនៅពេលដែលខានលេងកីឡាយូរ ហើយពេលចូលដេកយឺត។ ពេលខ្មោច​សង្កត់លើកដំបូងខ្ញុំគិតថាដូចជាមែនទែន តែពេលនោះដោយសារចង់ដឹងពេកខំបើកភ្នែកមើល ពេលនោះក៏ហាក់ដូចជាមានអ្វីខ្មៅៗពីលើមែន។ តែដល់ពិនិត្យយូរៗទៅវាគឺជាស្រមោលចាំងភ្លើងសោះ។ ចាប់ពីពេលនោះមកខ្ញុំលែងខ្លាចទៀតហើយ (តែទោះជាដឹងក៏ដោយពេលខ្មោចសង្កត់ម្តងៗ នៅតែមានអារម្មណ៍ភ័យខ្លះៗ)។​ ពេលខ្មោចសង្កត់កុំភ្លេចព្យាយាមកម្រើកម្រាមជើង ព្រោះថាសាច់ដុំផ្សេងៗត្រូវជាប់គាំងអស់ហើយ គឺដូចហេតុផលក្នុងអត្ថបទបងវិចិត្រ នោះចឹង។ ហើយបើនិយាយពីយល់សប្តិវិញរាប់មិនភ្លេចទេ តែភាគច្រើនខ្ញុំតែងតែឈ្នះគេជានិច្ចពេលយល់សប្តិម្តងៗ ថ្វីត្បិតតែពិបាកបន្តិច។ រហូតមកដល់ឥឡូវនេះ នៅតែពុំទាន់មានអ្នកវិទ្យាសាស្ត្រណាអាចបកស្រាយឲ្យអាចទទួលយកបាននោះឡើយ។

  13. sam kok និយាយថា៖

    បើជួបករណីនេះញឹកញាប់ គួររៀបចំដូចតទៅៈ
    ១.រានទេព្វតាថែរក្សារភូមិដែលនៅក្រៅផ្ទះត្រូវដាក់ទីតាំងអោយត្រូវ
    ២.ជំនាងផ្ទះ ត្រូវយកចិត្តទុកដាក់ និងរៀបចំអោយបានត្រឹមត្រូវ
    ៣.ដាក់យ័ន្តការពារផ្ទះផងបើចាំបាច់
    ខ្ញុំបាទក៏មានការយល់ដឹងពីរឿងហុងស៊ុយខ្លះៗដែរអាចជួយបាន មិនគិតលុយទេ
    សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s