រឿង បក្សី សត្វសាហាវ និងជាងឈើ


(ដកស្រង់​ចេញ​ពី​រឿង​ព្រេង​មួយពាន់​មួយ​យប់​ របស់​អារ៉ាប់)

កាល​ពី​ព្រេង​នាយ មាន​ក្ងោក​មួយ​ក្បាល​រស់​នៅ​ជាមួយប្រពន្ធ​របស់​វា​នា​តំបន់​មាត់​សមុទ្រ។  ក្រោយមក​ទៀត កន្លែង​នោះ​មាន​តោ​​និង​សត្វសាហាវផ្សេង​ទៀតមក​រស់​នៅ​។ ដូច្នេះក្ងោក​ញី​ឈ្មោល​ដោយ​សារភ័យ​ខ្លាច​នឹង​សត្វ​សាហាវ​ទាំង​នោះ នៅ​ពេល​យប់​ ពូក​វា​ឡើង​ទៅ​ដេក​នៅ​​លើ​ចុង​ឈើ ហើយ​ចេញ​រក​ស៊ី​នៅ​ដី​ នៅ​​ពេល​ថ្ងៃ។ ដោយ​សារ​តែ​ប្រឈម​នឹង​សេចក្ដី​ភ័យ​ខ្លាច​ជា​រៀងរាល់​ថ្ងៃ ក្ងោក​ញី​ឈ្មោល​ក៏​ស្វែង​រក​កន្លែង​ថ្មី។ ពួក​វា​បាន​មក​ដល់​កោះ​មួយ ដែល​សម្បូរ​ទឹក និង​ដើម​ឈើ។ ដូច្នេះ​ពួក​វា​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​លើ​កោះ​នោះ រស់​នៅ​ដោយ​ទទួល​ទាន​ផ្លែ​ឈើ និង​ទឹក​នៅ​ទីនោះ​យ៉ាង​មាន​សេចក្ដី​សុខ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែមាន​ទា​មួយ​ក្បាល ដែល​ពោរពេញ​ដោយ​ក្ដី​ភ័យ​ខ្លាច បាន​ហើរ​មក​ដល់​កន្លែង​ដែល​ក្ងោក​ទាំង​ពីរ​ក្បាល​រស់​នៅ។ ក្ងោក​ទាំង​ពីរ​ងឿង​ឆ្ងល់​ ក៏​ចូល​ទៅ​សួរ​ទា​នោះ​។ ទា​តប​ថា « ខ្ញុំ​ធុញ​ទ្រាន់​នឹង​ការ​ភ័យ​ខ្លាច ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​គឺមនុស្ស​។ ប្រយ័ត​ណា! ប្រយ័ត​នឹង​មនុស្ស! » ។

ក្ងោក​ក៏​និយាយ​កាត់​ថា « ឥលូវ​នេះ ឯង​កុំខ្លាច​អី ឯង​មាន​ពួក​យើង​ការពារ​ហើយ » ។ ទា​ក៏និយាយ​​ថា « ទេវតា​ជួយ! ឥលូវ​នេះ​បាន​អ្នក​ទាំងពីរ​នៅ​ជិត​ខ្ញុំ​កក់​ក្ដៅ​ខ្លះ »  

ក្ងោក​ញី​ក៏​និយាយថា « សូម​ស្វាគមន៍​ឯង​ដែល​បាន​មក​ដល់​ទីនេះ! នៅ​ទីនេះ ឯង​នឹង​​គ្មាន​​ទុក្ខ​ព្រួយ​ទៀតទេ​។ តើ​មនុស្ស​មក​ដល់​ទីនេះម៉េច​នឹង​កើត? ឯង​មើល​មើល៍។ យើង​នៅ​លើ​កោះ​កណ្ដាល​សមុទ្រ។ ពួក​គេ​មក​តាម​គោក​ក៏​មក​មិន​ដល់ មក​តាម​ទឹក​ក៏​មក​មិន​ដល់។ ដូច្នេះ​ចូរ​ឯងកុំ​ភ័យ​ទៀត​អី បាន​មក​ដល់​ទីនេះ​ហើយ។ ឥលូវ​ឯង​ប្រាប់​ពួក​យើងមើល៍ ម៉េច​បាន​ឯង​ខ្លាច​មនុស្ស​ម្ល៉េះ?​

ទា​តប​ថា « អ្នក​ដឹង​ទេ! មយូរា ថាការ​ពិត​នោះ​គឺ​ថា កាល​ពី​ដើម​ឡើយខ្ញុំ​​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​និង​សន្តិសុខ មិន​ដែល​ជួប​ប្រទះ​រឿង​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ័យ​ខ្លាច​ ព្រួយ​បារម្ភ​ឡើយ។ រហូត​មក​ដល់​យប់​មួយ នៅ​ពេល​ខ្ញុំ​កំពុង​តែ​ដេក​លក់​ ខ្ញុំ​យល់​សប្តិ​ឃើញ មនុស្ស​ ដែល​មក​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​ខ្ញុំ។ ​ខ្ញុំំឮសំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា -នែ​អាទា ចូរ​ឯងប្រយ័ត​នឹង​មនុស្ស កុំ​ជឿពាក្យ​មនុស្ស​ កុំ​ធ្វើ​អ្វី​ដែល​​មនុស្ស​ប្រើ​ឱ្យ​ឯង​ធ្វើ ព្រោះ​មនុស្ស​ប្រកប​ដោយ​ល្បិច​ពិសពុល។ ដូច្នេះ​ចូរ​ឯង​ជៀស​វាង​ឱ្យ​ឆ្ងាយ​ពីមនុស្ស​ ដូច​ពាក្យ​ចាស់​គេ​ថា ​សំដី​ផ្អែមល្ហែម តែពោរពេញ​ដោយ​កល​ល្បិច។ ឯង​ដឹង​ទេ មនុស្ស​ចេះ​ប្រើ​ល្បិច​ស្ទូច​ត្រី ចាប់​ត្រី​ពី​ក្នុងសមុទ្រ។ បាញ់​សម្លាប់​បក្សី​ដែល​ហើរលើមេឃដោយ​គ្រាប់​ចម្ពាម​កៅ​ស៊ូ​ធ្វើ​ពីដី។ ពួក​គេ​ចាប់​ដំរីដោយ​ប្រើ​អន្ទាក់។ គ្មាន​សត្វ​ណា​​មាន​សុវត្ថិភាព​ពី​កល​ល្បិច​មនុស្ស​បាន​ទេ បក្សី សត្វសាហាវ​ សុទ្ធ​តែ​គេច​មិន​ផុត​ពី​ល្បិច​របស់​មនុស្ស។ អ្វី​ដែល​អញ​និយាយ​ប្រាប់​ឯងនេះ ជាអ្វី​ដែល​អញ​បាន​ដឹង​បានឮ​ពីមនុស្ស។- ដូច្នេះ​ហើយ​ពេល​ខ្ញុំ​ភ្ញាក់​ឡើង ខ្ញុំ​ភ័យ​ញ័រ​ពេញ​ខ្លួន​ប្រាណ។ ចាប់​តាំង​ពី​ពេល​នោះ​មក​រហូត​មក​ដល់​ម៉ោងនេះ ខ្ញុំ​មិន​ដែល​ស្គាល​សេចក្ដី​សប្បាយ​រីក​រាយ​ម្ដង​ណា​ឡើយ។ នេះ​ក៏​ព្រោះ​តែ​ខ្លាច​មនុស្ស​នោះ​ឯង ខ្លាច​តែ​ជួប​នឹង​មនុស្ស​ដោយ​ប្រការ​ណា​មួយ ខ្លាច​ជាប់​នឹង​អន្ទាក់​របស់​មនុស្ស។ នៅ​ល្ងាច​នោះ​ខ្ញុំ​អស់​កម្លាំង​ជា​ខ្លាំង ខ្ញុំ​លែង​នឹក​នារឿង​ស៊ី​ផឹក គិត​តែ​ពី​ដើរ​ទៅមុខ ក្នុង​ចិត្ត​ពោរ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ​នៅ​ពេល​ខ្ញុំ​ដើរ​ដល់​ភ្នំ​មួយ ខ្ញុំ​ឃើញ​​តោជំទង់​សម្បុរ​ត្នោត​មួយ​ក្បាល​​កំពុងដេក​​នៅ​មាត់​រូង។ នៅ​ពេល​វា​ឃើញ​ខ្ញុំ​ វា​អរណាស់​ ព្រោះ​វា​ចូល​ចិត្ត​សម្បុរ​និង​រូបរាង​របស់​ខ្ញុំ។

ដូច្នេះ​តោ​នោះ​ក៏​ស្រែក​ហៅ​ខ្ញុំ​ថា « ឯង​មក​នេះ​បន្តិច​មើល៍ »។

ខ្ញុំ​ក៏​ទៅ​ជិត​វា ហើយ​វា​សួរ​ខ្ញុំ​ថា « ឯង​ឈ្មោះ​អី ហើយ​ជា​សត្វ​អ្វី? »។

ខ្ញុំ​ក៏​ឆ្លើយ​ថា « ខ្ញុំ​ឈ្មោះ​ ទា។ ខ្ញុំ​ជា​បក្សី »

ខ្ញុំ​ក៏​សួរ​ទៅ​វាថា « ហេតុ​អ្វី​ក៏ថ្មើ​នេះ​ហើយ ​ឯងនៅ​តែ​នៅ​កន្លែង​នេះ​​ទៀត? »។

កូន​តោ​នោះ​ក៏​ឆ្លើយ​ថា «  ឳ​ពុក​របស់​ខ្ញុំ​ ប្រាប់​ខ្ញុំ​ច្រើន​ដង​មក​ហើយ​ឱ្យ​ប្រយ័ត​មនុស្ស ហើយ​ម៉ិញ​នេះ ខ្ញុំ​ដេក​យល់​សប្តិ​ឃើញមនុស្ស​តែ​ម្ដង »។

ហើយ​វា​ក៏​និយាយ​ប្រាប់​ខ្ញុំ​ពី​រូប​រាងមនុស្ស​ក្នុង​យល់​សប្តិ​របស់​វា ដែល​ដូច​គ្នា​នឹង​រូបមនុស្ស​ក្នុង​យល់​សប្តិ​របស់​ខ្ញុំ​ដែរ។ នៅ​ពេល​ខ្ញុំ​លឺ​វា​និយាយ​ដូចនេះ ខ្ញុំ​ក៏​និយាយ​ទៅ​វា​ថា « លោក​តោ អ្នក​គួរ​តែ​សម្លាប់​មនុស្ស​ចោល ។  ខ្ញុំ​ពេល​នេះ​កំពុង​តែ​ភ័យ​ខ្លាច​នឹង​មនុស្ស​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ហើយ​កាន់​តែ​ភ័យ​ថែម​មួយ​កម្រិត​ទៀត​ពេល​បាន​លឺ​ឯងជា​កំពូល​សត្វ​សាហាវ ​និយាយ​ថា​ខ្លាច​មនុស្ស​ដែរ​»។

ខ្ញុំ​ក៏​និយាយ​ប្រាប់​ឱ្យ​កូនតោ​ប្រុង​ប្រយ័ត​នឹងមនុស្ស​  និង​និយាយ​រំអុក​ជំរុញ​ឱ្យ​វា​ទៅ​សម្លាប់​មនុស្ស​ រហូត​ទាល់​តែ​តោ​នោះ​ក្រោក​ឡើង ហើយ​ធ្វើដំណើរ​ជាមួយ​ខ្ញុំ។ ខ្ញុំ​ក៏​ដើរ​តាម​ក្រោយ ។ យើង​ដើរ​រហូត​មក​ដល់​កន្លែង​​មួយ ដែល​មាន​ដី​ហុយ​ទ្រលោម។ នៅ​ពេល​ធូលី​រលាយ​បាត់​អស់​ យើង​ឃើញ​លា​មួយ​ក្បាល ដែល​កំពុង​តែ​ផាយ។ នៅ​ពេល​តោ​ឃើញ​សត្វ​លា វា​ក៏​ស្រែក​ហៅ​លា ហើយ​លា​ក៏​មក​ជិត​តោ​ដោយ​ការ​គោរព។

តោ​ក៏​និយាយ​ឡើង​ថា « នែ​វើយ អាសត្វ​ឥត​បញ្ញា! ឯង​ជា​អ្វី ហេតុ​អ្វី​ក៏​ឯង​មក​ទីនេះ? »។

លា​នោះ​ក៏​តប​ថា « បាទ​លោក​ម្ចាស់​! ខ្ញុំ​ជាលា។ ខ្ញុំ​មក​ទីនេះ ក៏​ព្រោះ​តែ​ខ្ញុំ​ខ្លាច​មនុស្ស​ » ។

តោ​ក៏​សួរ​ថា « ឯង​ខ្លាច​មនុស្ស​សម្លាប់​ឯង​ឬ? »។

លា​តប​ថា « ទេ​លោក​ម្ចាស់! គឺ​ខ្ញុំ​ខ្លាច​អ្វី​ដែល​មនុស្ស​បាន​ប្រើ​ឱ្យ​ខ្ញុំ​ធ្វើ។ មនុស្ស​បាន​យក​ស្អី​គេ​នោះ​ដែល​គេ​ហៅ​ថា បង្វិច មក​ដាក់​លើ​ខ្នងខ្ញុំ​ ហើយ​គេ​យក​ស្អី​គេ​នោះ​ហៅ​ថា ខ្សែក្រវាត់មក​រិត​ជុំ​វិញ​ពោះ​របស់​ខ្ញុំ​។ ហើយ​យក​ស្អី​គេ​នោះ​ហៅ​ថា បង្ហៀរ មក​ដាក់​នឹង​មាត់​របស់​ខ្ញុំ។ មនុស្សយក​រំពាត់​មក​វាយ​ខ្ញុំ ឱ្យ​ខ្ញុំ​រត់​ទៅ​មុខ រត់​ហួស​កម្លាំង​ខ្ញុំ​ធ្វើ​ទៅ​រួច។ បើ​ខ្ញុំ​ហ៊ានដើរ​ជំពប់​ជើង វា​ជេ​រខ្ញុំ។ បើ​ខ្ញុំ​កញ្ជៀវ វាជេរ​ខ្ញុំ។ ជា​ចុង​ក្រោយ​ពេល​ខ្ញុំ​កាន់​តែ​ចាស់ ហើយ​រត់​លែង​រួច វា​ប្រើ​ខ្ញុំ​ទុក​ដឹក​ទឹក​ពី​ទន្លេ។ ខ្ញុំ​ព្រួយ​បារម្ភ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាច​ក្រែង ខ្ញុំ​លំបាក​បែប​នោះ​រហូត​ដល់​ស្លាប់។ ហើយ​​នៅ​ពេល​នោះ គេ​ប្រហែល​ជា​ព្រលះ​សាច់​ខ្ញុំ​ដាក់​ឱ្យ​ឆ្កែ​ស៊ី​ផង​ក៏​មិន​ដឹង។ តើ​មាន​ទុក្ខ​លំបាក​ណា​ដែល​លើស​ពីទុក្ខលំបាក​ដែល​ខ្ញុំ​បាន​ជួប​នេះ​ទៀត​នុះ? »។

នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​លា​និយាយ​បែបនោះ មយូរា​អឺយ ខ្ញុំ​ព្រឺ​សម្បុរ​ខ្ញាក​ ខ្លាច​មនុស្ស​​កាន់​តែ​ខ្លាំង​ឡើង។ ខ្ញុំ​ក៏​និយាយ​ទៅ​តោ​ថា « លោក​ម្ចាស់ ពាក្យ​សំដី​សត្វ​លា បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​ខ្លាច​មនុស្ស​ខ្លាំង​ឡើង​ៗ » ។

នៅ​ពេល​នោះ​តោ​និយាយ​ទៅ​លា​ថា « ឥលូវនេះ​ ឯង​ទៅ​ណា​វិញ? » ។

លា​តប​ថា « យប់​ម៉ិញ​ខ្ញុំ​បាន​លួច​រត់​គេច​​ពីមនុស្ស ពេល​នេះខ្ញុំ​ខំប្រឹង​រត់​ឱ្យ​បាន​កាន់​តែ​ឆ្ងាយ រក​ជម្រក​គេច​ឱ្យ​ផុត​ពី​មនុស្ស »។

និយាយ​គ្នា​ចប់​សព្វ​គ្រប់​ លា​នោះ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​មិន​បង្អែរ​បង្អង់។ ស្រាប់​តែបន្តិច​ក្រោយមក យើងឃើញ​ដី​ហុយ​ទ្រលោម​ម្ដង​ទៀត ខិត​មក​ជិត​យើង។ តាម​ពិត​នោះ​ជា​សេះ​មួយ​ក្បាល​ដែល​កំពុង​តែ​បោល។ វា​គិត​តែ​ពីបោល​រហូត​មក​ទច់​នឹង​សត្វ​តោ​។

តោ​ក៏​សួរ​វាថា « ឯង​ជា​សត្វ​អ្វី? ហេតុ​អ្វី​ក៏​ឯង​រត់​មករក​ព្រៃ​ស្មសាន​បែបនេះ?»។

សេះ​នោះ​ក៏​តប​ថា «បាទ​លោក​ម្ចាស់ ខ្ញុំ​ជា​សេះ។ មូលហេតុ​ដែល​ខ្ញុំ​រត់​នោះ​គឺ រត់​គេច​ពីមនុស្ស»។

 តោ​ឆ្ងល់​នឹង​សេះ ក៏​សួរ​ថា « ឯង​កុំ​និយាយ​ដូច្នេះ ឯង​និយាយ​ដូច​ជា​បង្អាប់​ខ្លួន​ឯង​ពេក! ឯង​មាឌ​ធំ ខ្ពស់ ហើយ​ខ្លាំង។ ​ហើយ​ឯង​និយាយថា​ខ្លាច​មនុស្ស​យ៉ាងម៉េច! ឯង​មាន​សាច់​ដុំ​ធំៗ រត់​គេច​ពីមនុស្ស​ តែខ្ញុំ​វិញ​មាន​មាឌ​តូច កំពុង​តែ​ចង់​ជួប​មនុស្ស អាល​នឹង​ខាំ​ហែកមនុស្ស​ស៊ី ដើម្បី​ឱ្យ​ខ្ញុំ​ជួយ​ទាកំសត់​នេះ​ឱ្យ​បាត់​ភ័យ​ រស់​នៅ​ដោយ​សន្តិភាព​។ តែ​ឥលូវ​នេះ​ឯង​និយាយ​យ៉ាងនេះ ដូច​ជា​និយាយ​ឱ្យ​ខ្ញុំ​ដូរ​ចិត្ត​លែង​ចង់​ធ្វើ​អ្វី​ដែលខ្ញុំ​បាន​តាំង​ចិត្ត​ថា​ធ្វើ។ ឯង​សាច់​ដុំ​ធំៗ តែមនុស្ស​នៅ​តែ​បំបាក់​ឯង​បាន ដោយ​មិន​ខ្លាច​កម្ពស់​ឯង ជើង​ឯង មិន​ខ្លាច​ឯង​ទាត់​បាក់​ក​ទេ​អី? » ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s