ជិះ​ឡាន​ក្រុង​ទៅ​លេង​ក្រចេះ


សំបុត្រ​ឡាន​ក្រុង​ពី​បេន​សុរិយា​ភ្នំពេញ​ទៅ​ក្រចេះ​ថ្ងៃ​នេះ​តំលៃ​២៤០០០​រៀល។

គ្រាន់​តែ​ចាប់​ចេញ​ដំនើរ​ភ្លាម​ មាន​បញ្ហា​ភ្លាម។ បញ្ហា​ដដែលៗ គឺ​បញ្ហា​ជាន់​លេខ​កៅ​អី​។


បេន[ចំនត​]ឡាន​សុរិយា

ខ្ញុំ​អង្គុយ​លេខ​១​និង​លេខ​២ជា​មួយ​ប្រពន្ធ​កូន​ខ្ញុំ រី​ឯមីង​ម្នាក់​​គាត់​អង្គុយ​កៅ​អី​លេខ​៣លេខ​៤ ខ្ញុំ​មិន​ដឹង​លេខ​មួយ​ណាទេ។ គាត់​ទិញ​នំ​ប៉ាំង (នំ​ប៉ុ័ង)មួយ​ថង់​ធំ​មក​ហែក​ស៊ី ធ្វើ​អោយ​កូន​ខ្ញុំ​ស្រក់​ទឹក​មាត់​ជា​ខ្លាំង។ បន្តិច​ក្រោយ​មក​មានអ្នក​ដំនើរ​ពីរ​នាក់​ទៀត​ ព្រម​ទាំង​ក្មេង​ពីរ​បី​នាក់​មក​ដណ្តើម​កៅ​អី​របស់​គាត់។ មីង​ៗ​ដែល​ទើប​នឹង​មក​ដល់​នេះ គាត់​ថា​កៅ​អី​នេះ​ជា​កៅអី​របស់​គាត់ រី​ឯង​មីង​ដែល​មក​ដល់​មុន ក៏​ថា​កៅអី​នេះ​ជា​កៅ​អី​របស់​គាត់​ដែរ។ បន្ទាប់​មក​គាត់​ក៏​ស្រែក​ក្តែង​ៗ​ហៅ​អ្នក​ឆែក​សំបុត្រ។

អ្នក​ឆែក​សំបុត្រ​មក​ដល់ សួរ​មីង​មក​អង្គុយ​មុន​រក​សំបុត្រ គាត់​ក៏តបញ៉ែត​ៗ​ថា

– យី! សំបុត្រ ខ្ញុំ​អោយ​ពូ​ឯង​ហើយ​តើ?

អ្នក​ឆែក​សំបុត្រ​ក៏​តប​ថា

– ខ្ញុំ​យក​តែ​កន្ទុយ​សំបុត្រ​ទេ មីង​រក​មើល​ម្តង​ទៀត​មើល៍?

មីង​នោះ​គាត់​រក​ចុះ​រក​ឡើង​ ក៏​ឃើញ​សំបុត្រ​គាត់​មែន។ អ្នក​ឆែក​ពិនិត្យ​សំបុត្រ​គាត់។ តាម​ពិត​សំបុត្រ​គាត់​មាន​លេខ​៣៤​សោះ។ មីង​នោះ​ក៏​តបយ៉ាង​ធូរ​ល្ហុយ[រហុយ]ថា

– កៅអី​[នេះ] លេខ​៣ លេខ៤ (3-4)សោះ​ ស្មាន​តែ​លេខ​៣៤…។

យី​មីង​នេះ ថា​គាត់​ឆោត​ ក៏​ដូច​ជា​ឆ្លាត ទិញ​សំបុត្រ​តែ​មួយ​កៅអី​សោះ គាត់​ធ្វើ​ល្ងង់​អង្គុយដល់​ទៅ​ពីរ​កៅអី។


អាពីង [រពីង]ស្រុក​ស្គន់

រឿង​ធ្ងន់​មួយ​ទៀត​នោះ​គឺ​បន្ទាប់​ពី​ឡានចេញផុត​ពី​ស្នួល​បន្តិច កូន​របស់​មីង​ថ្មី​ដែល​មក​​អង្គុយ​កៅអី​លេខ​៣​លេខ​៤​នេះ វា​ជុះ​អាច់[គឺ​អាចម៍ហ្នឹង​ហើយ]។ ដំបូង​ខ្ញុំ​ស្មាន​តែ​ស្អុយ​ឈើ​គេ​ទើប​តែលើក​ចេញ​ពី​ទឹក មាន​អី​យូរ​ទៅ​ស្អុយ​ទៅ​ៗ។ ស្អុយ​ចង់​ងាប់ ទ្រាំ​ទំរាំ​តែ​ដល់​ក្រចេះ។ តៃ​កុង​វិញ​បើក​ឡាន​ដៃ​តែ​ម្ខាង​ទេ ព្រោះ​គាត់​ស្អុយ​អាច់​ពេក​ទ្រាំ​មិន​បាន។


សណ្ឋាគារ​៣០​ធ្នូ ក្រុង​ក្រចេះ

ដើម្បី​កុំ​អោយ​អត្ថបទ​នេះ​អត់​ប្រយោជន៍ ខ្ញុំ​សូម​ជូន​ជា​ដំនឹង​ខ្លះ​។

របស់​ឆ្ងាញ់​នៅ​ឯ​ណា?

នៅ​ក្រចេះ បើ​អ្ន​ក​ចង់​សាក​បាញ់ឆែវ សូម​ទៅ​រក​នៅ ក្រគរ ទៅ​ហួស​វត្ត​ក្រគរ​បន្តិច។ ហាង​នោះ​គ្មាន​ផ្លាក​យីហោ​អីទេ តែសួរ​នរណា​ក៏​គេ​ស្គាល់​ដែរ ព្រោះ​នៅ​ម្តុំ​ហ្នឹង​មាន​តែ​មួយ​កន្លែង​ហ្នឹង។ ធានា​ថា​ពេញ​ចិត្ត​តែ​ម្តង។

បើ​ចង់​សាក​ក្រឡាន គេ​ល្បី​ក្រឡាន​អ្នក​ថ្មគ្រែ ប៉ុន្តែ​អ្នក​អាច​រក​ទិញ​បាន​នៅ​មាត់​ទន្លេ​ជិត​កន្លែង​ឡាន​ក្រុង​ឈប់​បាន។

រី​ឯក្រូចថ្លុង គេ​ល្បី​ក្រូច​អ្នក​កោះ​ទ្រង់។ តែ​ឥលូវ​ថ្លៃ​បន្តិច បន្ទាប់​ពី​ត្រូវប៉ាន់​ខ្លាំង​មក។ ក្រូច​មួយ​ថ្លៃ​៤០០០​រៀល។

នំបញ្ចុក​មុខ​ផ្ទះ​ខ្ញុំ​ ក៏​ឆ្ងាញ់គួរសម​ដែរ គឺ​នៅ​ផ្លូវ​ចេញ​ពី​ផ្សារ​ក្រចេះ​មក​មាត់​ទន្លេ នៅ​ក្រោយ​មន្ទីរ​ព័ត៌មាន​ និង​ស្ថានីយវិទ្យុទូរទស្សន៍​ជាតិបន្តិច។ គាត់​លក់​នំបញ្ចុក​តាំង​ពី​ខ្ញុំ​នៅក្មេង​ម្ល៉េះ។


ចេតិយ​ព្រះ​អង្គ​ក្រពុំ​ឈូក នៅ​វត្ត​ក្រចេះ​[វត្តសិរី​សុន្ធរវង្ស]

ប្រកាស​អាសន្ន​ទឹក​ជំនន់

ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ ទឹក​មិន​ជន់​អី​ខ្លាំង​នោះ​ទេ។ កាល​ពី​យូរ​មក​ហើយ​នោះ យូរ​ពេក ខ្ញុំ​ភ្លេច​បាត់​ទៅ​ហើយ ​ទឹក​បាន​ជន់​យ៉ាង​ខ្លាំង ដោយ​ទឹក​ទន្លេ​បាន​ហូរ​ពី​ច្រាំង​មក​ផ្សារ។ ប៉ុន្តែ​ទឹក​ជំនន់​នៅ​ក្រចេះ មិន​មាន​អ្វី​គួរ​អោយ​ភ័យ​នោះ​ទេ។ វា​ជា​អន្តរាយ​សំរាប់​អ្នក​ចំការ គឺ​ធ្វើ​អោយ​ខូច​ដំនាំ តែ​ចំពោះ​អ្នក​ក្រុង គ្រាន់​តែ​បង្ក​ការ​លំបាក​ក្នុង​ការ​រស់​នៅ និង ការ​ធ្វើ​ដំនើរ​តែ​ប៉ុណ្ណោះ។ (សូម​កុំ​ស្រមៃ​ថា​ដូច​នៅ​ស្រុក​គេ​ខ្លះ ដែល​ទឹក​ហូរ​កួច​ខ្មួល​ខ្មាញ់ បាញ់​បោក បាក់​ដើម​ឈើ​ផ្ទះ​សំបែង​នោះ)។


កំពង់ផែ​ក្រចេះ ស្ងាត់​ដូច​ចោរ​លួច​សេះ បន្ទាប់​ពី​គេ​ធ្វើ​ផ្លូវស្អាត​មក​។
ទឹក​ឡើង​ពៀប​មាត់​ជ្រាំង​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

24 Responses to ជិះ​ឡាន​ក្រុង​ទៅ​លេង​ក្រចេះ

  1. Samady KS ថា:

    សាបាយ អស់​ទាស់

  2. ពូកែ រៀបរាប់មែនលោកគ្រូ! ជាពិសេសរឿងមីងទិញសំបុត្រឡាន!ហាហា

  3. សុវុឌ្ឍី ថា:

    កាលខ្ញុំ ជិះពីកោះកុងមកភ្នំពេញ មានគេច្រឡំកៅអីជ័រនិង និងកៅអីមែនទែន ហាហា កាលនឹង ឆ្ងល់ដែរទើបតែមកពីថៃជីះតាមឡានដំបូង ដោយមិនដឹងថាឡានក្រុងស្រុកខ្មែរអាឡូវមានកៅអីជ័រដាក់កណ្តាលទៀត ហេហេ ចេះតែមានហ្មង ព្រះរាជាណាចក្រអច្ឆរិយៈ។ ហើយជិះបានពាក់កណ្តាលផ្លូវ មានគេស្រែកថា តៃកុងក្មេងចុះជុះអាច់មួយ ដល់ចឹង ចាស់ៗចុះជឹតអស់កន្លះឡានដែរ ហាហាហ ខ្ញុំសើចចុកពោះមែនទែន

  4. ហា ហា ពិតជាកៅងីជ័រ មានឫទ្ធិមែន, ក្មេងឈឺជុះ ក៏មានបារមីទៀត! ហា ហា

  5. Posoky ថា:

    និយាយអីចឹងប៉ែក ខាងជាប់ឡាវ ខ្ញុំមិនទាន់ស្គាល់ទេ?

  6. ជួយហូបក្រឡាន និងណែមក្រចេះអោយខ្ញុំផង! ឆ្ងាញ់ណាស់!

  7. យ៉ា ថា:

    និយាយពីក្រចេះវិញខ្ញុំនឹកផ្ទះណាស់ព្រោះម្ចាស់វាម៉ោចោលជិត១០ឆ្នាំហើយ ជួលឲគេ គេមិនសូវជាថែសោះ។

  8. នឹកឃើញកាលជិះឡានពីបាត់ដំបងមកអំពេញ កាលឆ្នាំមុន ធ្លាប់ច្រលំកៅអីដែរ ហ្នឹង ។តែក្រោយមកសុំទោសគេញាប់ឆ្មេរ​ហាសហាសហាស

  9. jupiter ថា:

    Miss Hometown too!…… Thank bong for posting it. ^ ^

  10. tumnei ថា:

    ឮ​គេ​ល្បីថា​នៅ​​ក្រចេះ​ហ្នឹង​សម្បូរ​ស្រី​ស្អាតទៀតផង មែនទេ។ ធ្លាប់​បាន​ជួប​ច្រើននាក់​ដែរ​ កាល​ពី​ទៅ​លើក​ទី​មួយ​៧​ឆ្នាំ​មុន។ ថ្ងៃលិចនៅកាំពីក៏ស្អាតដែរ៕

    • ខ្ញុំ​លឺ​តែ​គេ​ថា​អញ្ចឹងដែរ ប៉ុន្តែ​នៅ​តែ​រក​ប្រពន្ធ​បាន​នៅ​ភ្នំ​ពេញ​ដដែល។
      សង្ស័យ​តែ​អ្នក​ថា​នោះ​បា​ន​ជួប​ស្រី​ណា​ដែល​ខ្លួន​ពេញ​ចិត្ត​នៅ​ទី​នោះ​មិន​ដឹង​ 😀

  11. Myhouse ថា:

    អីយ៉ា​ លោកគ្រូ​នៅក្រចេះដែរតើ! អញ្ចឹង​ជាអ្នក​ភូមិ​កំណើត​ជាមួយ​គ្នា​ដែរ​ 🙂

  12. ម៉ន ថា:

    😀
    តើហេតុអីបានជាគេហៅថា ក្រចេះ ? បើយើងជាអ្នកនៅក្រចេះ ចឹងគេហៅយើងថា អ្នកក្រចេះ មែនទេ ? តើ ក្រចេះ មានន័យយ៉ាងណាដែរ ?

    សាកគិតបន្តិចសិន ៖ បើខ្ញុំនិយាយថា ខ្ញុំគឺជាអ្នកក្រចេះ ។ តើខ្ញុំចង់ប្រាប់គេថា ខ្ញុំជាអ្នកក្រ តែជាអ្នកចេះ ឬមួយខ្ញុំចង់ប្រាប់គេថា ខ្ញុំជាអ្នកមិនឆ្លាត (រៀនក្រចេះ)?

    ខ្ញុំនិយាយលេងទេ តែខ្ញុំពិតជាមិនដឹងថាហេតុអីបានជាគេហៅក្រចេះមែន ។ បើអ្នកណាដឹង សូមជួយប្រាប់ផង ។ សូមអរគុណ ។

    • ខ្ញុំ​ធ្លាប់​បាន​ស្តាប់​ទស្សនៈ​ផ្សេង​ៗ​គ្នា​អំពី​រឿង​នេះ។
      ក្រចេះ​អាច​ជា​ឈ្មោះ​ម្សៅ​ក្រអូប​ម្យ៉ាង។ រឺ​មិន​អញ្ចឹង​ទេ​ជា​ឈ្មោះ​ខេត្ត​ក្រចេះ។ អ្នក​ខ្លះ​ថា ក្រចេះ ក្លាយ​មក​ពី​ពាក្យ​ក្រចេ ។ ដែល​មាន​ន័យ​តាម​ភាសា​ស្ទៀង​ថា ក្របី(វចនានុក្រម​ខ្មែរ១៩៦៧ ទំព័រ​៩៣០ )។ គេ​តំនាល​ថា​ពី​ដើម​កន្លែង​នេះ​ ពួក​ជនជាតិ​ភាគ​តិច ​នាំ​ក្របី​មក​លក់​នៅ​ទី​នេះ។
      អ្នក​ខ្លះទៀតថា មក​ពី​គេ​ដាក់​តាម​ឈ្មោះ​បន្ទាយ​បារាំង​កាល​ពី​សម័យ​អណានិគម (បន្ទាយGatille) ដែល​ក្លាយ​ជា​Kratie.។

      ងារ​ចៅហ្វាយ​ខេត្ត​ក្រចេះ៖
      ឧកញ៉ា​មហាជនបទរដ្ឋរុក្ខាមហាបុរន្ត​គ្រាមរាមសេនាធិបតីសិរីអនុរក្ស​ឧត្ដមក្រមពាហុ

  13. ស៊ីវ អ៊ឺ ថា:

    ពិតជាគួរអោយអស់សំណើចមែន!!!!!!!!!!!

  14. ផល ថា:

    ខុំ្ញ ក៏​អ្នកក្រចេះដែរ៕៕តែអត់មានអ្នកណាស្កាល់ ហាស​ហាស

    ឥលូវសុ្រកយើងយាងមេចដែរ ?​ចេញពីផ្ទះយូរហើយមករៀន ឥលូវនឹកផ្ទះតែគេអត់ទាន់វាកងផង

    ពីណានៅក្រចេះជួយ​ប្រាប់ខុំ្ញផងហ្នា!​អីមែល ឈ្មោះផល​saophal@yahoo.com​រឹ​raid_pp@hotmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s