អាបហោះកាត់មុខផ្ទះខ្ញុំ


៙រាត្រី​មួយ​នោះ ខ្ញុំ​រវល់​សរសេរ​បញ្ចប់​សៀវភៅ​​មួយ​ក្បាល​រហូតដល់​យប់​ជ្រៅ​ខុស​ពី​រាល់​ដង។ ម៉ោង​ជិត​មួយ​​ភ្លឺ​ទៅ​ហើយ សំលេង​ឡាន​ក្រុង​បាន​មក​ឈប់​សំចត​ដាក់​អ្នក​ដំនើរ​នា​ចំនត​មួយ​នៅ​ទល់​មុខ​ផ្ទះ​របស់​ខ្ញុំ។ អ្នក​ដំនើរ​អ៊ូរអរ​ ជជែក​គ្នា​វ៉ូក​វ៉ាកតាម​របៀប​ជា​អ្នក​ដើរ​លេង​យប់​ផង និង​របៀប​ជា​មនុស្ស​ញៀននឹង​​គ្រឿង​ស្រវឹង​ផង។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ។ ស្រាប់​តែ​ពេល​នោះ​មាន​សំលេង​មួយ​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង ដូច​ជា​សំលេង​មាន់​ដែល​គេ​គប់​ត្រូវ​មួយ​ដុំថ្ម រឺ​មិន​អញ្ចឹង​ទេដូច​ជា​មនុស្ស​ស្រែក​មមើ​នៅ​ពេល​យប់។ ខ្ញុំ​ក៏​ដើរ​ចេញ​ពី​តុទៅ​អើត​មើល​តាម​បង្អួច​កញ្ចក់​។ គ្មាន​ឃើញ​អ្វី​សោះ​ក្រៅ​ពី​ដើម​ឈើ​មួយដើម​​នៅ​ទល់​មុខ​ផ្ទះ​ខ្ញុំ។ ជា​ដើម​ឈើ​ដ៏​ចំលែក​មួយ​ដើម ជា​ដើម​ឈើ​ចាស់​មាន​មែក​សាខា មាន​វល្លិ៍​ដុះ​ព័ទ្ធ​គល់ ទ្រុបទ្រុល។ នា​រដូវ​ផ្ការីក រុក្ខជាតិ​ដទៃ​ចេញ​ផ្កា​យ៉ាង​ស្រស់​បំព្រង ដោយ​ឡែក​តែ​ដើម​ឈើ​ដ៏​ធំ​នៅ​ទល់​មុខផ្ទះ​ខ្ញុំ​នេះ គ្មាន​ផ្លែ​គ្មាន​ផ្កា​អ្វី​ដ៏​គួរ​អោយ​គយ​គន់​នឹង​គេ។ពេល​ល្ងាចខ្លះ​​ក្នុង​រដូវ​រងារ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ដើម​ឈើ​នេះ​ជា​ខ្លាំង។ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ចំលែក​ជា​មួយ​ដើម​ឈើ​នេះ​ណាស់។ ពេល​ខ្លះ​ខ្ញុំ​ស្រមៃ​ថា​មាន​ខ្មោច​រស់​នៅ​ ពេល​ខ្លះ​ខ្ញុំ​ស្រមៃ​ថា​មានមនុស្ស​ចង​ក​នៅ​លើ​ដើម​ឈើ​នេះ។ ក្រៅ​ពី​ដើម​ឈើ​មួយ​ដើម​នេះ នៅ​មាន​សួន​ស្មៅ​ និង​ផ្កា​ដែល​គេ​ដាំ​ជា​របង​កំពស់​ប្រហែល​ជា​មួយម៉ែត្រ​កន្លះ។

DSC_2646small

ខ្ញុំ​ក៏​បិទ​កុំព្យុទ័រ រៀប​ចំ​ចូល​ទៅ​ដេក។តែ​ពេល​នោះ​មិន​ដឹង​ជា​ហេតុអ្វី​បាន​បណ្តាល​ចិត្ត​ខ្ញុំ​អោយ​អើត​មើលទៅ​ក្រៅ​​ម្តង​ទៀត​តាម​មាត់​បង្អួច​ក្នុង​បន្ទប់​ដេក​របស់​ខ្ញុំ។ រាត្រី​ដ៏​ស្ងាត់​សូន្យ ក្រោម​ពន្លឺ​ដួង​ខែ​១២​កើតពណ៌សដូច​ប្រាក់ និង​អំពូល​ភ្លើង​ដែល​គេ​ដាក់​បំភ្លឺ​តាម​ផ្លូវ។ ខ្ញុំ​សំលឹង​ទៅ​ដើម​ឈើ​មួយ​ដើម​នោះ​ទៀត។ រស្មី​ព្រះ​ចន្ទ​មិន​អាច​យក​ឈ្នះ​មែក​ដ៏​សាខា​ត្រឈឹង​ត្រឈៃ​របស់​វា​ឡើយ។ ក្រោម​ដើម​ឈើ​នោះ​ងងិត​ស្ល៊ុប។ ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​មាន​អ្វី​អើត​ឡឺមៗ​នៅ​ក្បែរ​គល់​ឈើ​នោះ។ ខ្ញុំ​ចាំ​មើល​។ មួយ​សន្ទុះ​ក្រោយ​មក …ហ្អា!!…ក្បាល​មនុស្ស​ហោះ!!.. ក្បាល​ដែល​កំពុង​តែ​ហោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ!!…នេះ​ជា​អាប​ ដែល​គេ​និយាយ​នោះ​ទេ​ដឹង?!។

គេ​តែង​និយាយ​ថា​អាប​ចូល​ចិត្ត​ទៅ​​កន្លែង​ណាដែល​មាន​ភក់​ច្រំ។ នៅ​ទី​នេះ​ខ្ញុំ​មិន​ដែល​ឃើញ​មាន​កន្លែង​គគ្រិច​បែប​នេះ​សោះ។ ខ្ញុំ​គិត​មួយ​សន្ទុះ។ ខ្ញុំ​នឹក​ឃើញ​ហើយ កាល​ពី​ថ្ងៃ​មុន ខ្ញុំ​បាន​ទៅ​លេង​នៅ​ក្នុងប៉ាក់​ហ្កៃយើលដែល​មានដើម​ឈើ​ធំ​ៗ។ ប៉ាក់​នោះនៅ​ចំងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ខ្ញុំ។ អាប​នេះ​កំពុង​តែ​ហោះសំដៅ​ទៅ​ប៉ាក់​នោះ​ទៀត។ នៅ​ក្នុង​ប៉ាក់​នោះ អជ្ញាធររបស់​ក្រុង​នេះ​បាន​បែង​ចែក​ដី​ខ្លះ​សំរាប់​ចាស់​ៗ​ដាំ​បន្លែ​បង្កា។ ខ្ញុំ​បាន​ឃើញ​ថ្លុក​មួយ​ដែល​មាន​ទឹក​ខ្មៅ​ល្អក់ ស្ថិត​នៅ​ពី​ក្រោយខ្ទម​​យាយ​ចាស់​ដ៏​អាថ៌កំបាំងម្នាក់។ ចៃដន់នៅ​ពេល​​ខ្ញុំប្រទះ​ភ្នែក​ចំ​យាយ​ចាស់​ម្ចាស់​ខ្ទម​នេះ គាត់​សំលក់​មក​ខ្ញុំ​ហាក់​ដូច​ជា​ចង់​ស៊ី​សាច់​ហុត​ឈាម។ យាយ​នោះ​ជា​អាប​ទេ​ដឹង?។ ទេ អាប​កំពុង​តែ​ហោះ​នេះ មើល​ទំនង​ទៅ​ មុខរបស់​វា​ដូច​ជា​ក្មេង​ណាស់។

ខ្ញុំ​កំពុង​តែ​តាម​មើល ស្រាប់​តែ​លឺសំលេង​ក្មេង​ស្រែក​យំ។ អូ!..ជា​សំលេង​កូនស្រី​ខ្ញុំដែល​កំពុង​តែ​ដេក​លក់​យ៉ាង​ស្កប់​ស្កល់ វា​យំតាម​រេផ្លិច​របស់​វា នៅ​ពេល​ដែល​ដប​ទឹក​របូត​ចេញ​ពី​មាត់​វា។ ខ្ញុំ​ងាក​មក​មើលវា វា​រើ​បំរះ​រាវ​រក​ដប​ទឹក​ដោយ​ខ្លួន​ឯង​រួច​ក៏​ស្ងាត់​ទៅ​វិញ។ ខ្ញុំ​ក៏​ងាក​ទៅ​តាម​មើល​ក្បាល​អាប​នោះ​ទៀត…ហ្អា!!! ខ្ញុំ​ភ្ញាក់​ស្ទើរ​លោះព្រលឹង..​មនុស្ស​ម្នាក់កំពុង​តែ​ឈរ​នៅ​ទល់​មុខ​ខ្ញុំនៅ​ខាង​ក្រៅ.. មុខ​គួរ​អោយ​ខ្លាច​..!!។

ខ្ញុំ​ប្រមូល​ស្មារតី។ តាម​ពិត​ជា​រូប​របស់​ខ្លួន​ឯង​ដែល​ចាំង​នឹង​កញ្ចក់​បង្អូច​សោះ។​ នៅ​ពេល​អាប​នោះ​វា​សំលឹង​មក​ខ្ញុំ ខ្ញុំ​សំលឹង​ទៅ​វា​វិញ។ ហេតុ​តែ​សង្ស័យ ខ្ញុំ​ខំ​តាម​មើល​អាប​នោះ។ ខ្ញុំ​តែង​លឺ​គេ​និយាយ​ថា អាប​ដក​តែ​ក្បាលពោះ​វៀនបេះ​ដូង​ក្រពះ​ថ្លើម ទុក​ដង​ខ្លួន​នៅ​ផ្ទះ​របស់​វា រួច​ហោះ​ចេញ​មក​ក្រៅ។ ខ្ញុំ​ឆ្ងល់​ណាស់​ថា វា​ធ្វើ​អញ្ចឹង​យ៉ាង​ម៉េច​កើត​បើ​គ្រឿង​ក្នុង​មនុស្ស​ជាប់​គ្នា​ទាំង​អស់​យ៉ាង​នេះ។ ដូច​ជាបន្ត​ពី​មាត់​គឺ​បំពង់​អាហារ បន្ត​មក​ទៀត​គឺ​ក្រពះ​រួច​ពោះ​វៀន​តូច ពោះវៀន​ធំ ចុង​បញ្ចប់​គឺ​ទ្វារ​បញ្ចេញ​ចោល​ជាប់​នឹង​ស្បែក​ខាង​ក្រៅ។ ប្រហែល​ជា​អាប​ចេះ​ផ្តាច់​គ្រឿង​អស់​នោះ​ចេញ​ដូច​វា​ផ្តាច់​ក្បាល​ពី​ដង​ខ្លួន​ដែរ​ទេ​ដឹង?។ តែ​វា​ផ្តាច់​សរសៃ​ឈាម​ពី​គ្នា​បាន​យ៉ាង​ម៉េចទៅ​?។ ប្រសិនបើ​យើង​ដឹង​អាថ៌កំបាំង​នេះ ប្រហែល​ជា​រក​ឃើញ​ដ៏​ធំ​បំផុត​មួយ​ប្រចាំ​សតវត្សរ៍​នេះ​ផង​ក៏​មិន​ដឹង។ ខ្ញុំ​ចាំ​មើលផ្នែក​ខាង​ក្រោម​របស់​វា តើ​ជា​ពោះវៀនពោះ​តាំង​ដូច​ជា​គេ​និយាយ​មែន​រឺ​អត់។ ពេល​នេះ​ខ្ញុំ​មើល​មិន​ទាន់​ឃើញ​ទេ ព្រោះ​បាំង​ដើមផ្កា​កំពស់​ប្រហែល​ជា​មួយម៉ែត្រ​កន្លះ​ជា​របង​នោះ។ ខ្ញុំ​ចាំ​មើលពេលក្បាល​នោះ​វា​ហោះដល់​កន្លែង​ដែល​ដើម​ផ្កា​អស់​នោះត្រូវ​បាក់​អស់​​ដល់​ដី​ដី​ដោយ​សារ​តែ​មនុស្ស​ដើរ​ឆ្លង​ទៅ​ឆ្លង​មក។ ក្បាល​នោះ​ហោះ​មក​ដល់​កន្លែង​នេះ​ហើយ… ខ្ញុំខំ​សំលឹង…។ ពោះវៀន​ពោះ​តាំង? មិន​មែន​ទេ​ដៃ​ជើង​ធម្មតា​ទេតើ? អាបមិន​មែនហោះ​ជា​មួយ​គ្រឿង​ក្នុង​វា​ដូច​គេ​និយាយ​ទេ វា​ហោះ​​ជា​មួយ​ខ្លួន​វា​ទេ​តើ។ ទេ..ជា​មនុស្ស​ធម្មតា​ទេ​ដឹង?។៚

———————-
មិន​មែន​ជា​រឿងពិត​ទេ​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​, រឿង​និទាន​ខ្លីៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

23 Responses to អាបហោះកាត់មុខផ្ទះខ្ញុំ

  1. លោកគ្រូរៀបរាប់ដូចជាអ្នកជំនាញខាងអក្សរសាស្រ្តចឹង! រៀបរាប់ជក់ចិត្តគួរអោយចង់អាន!

  2. jupiter ថា:

    wow, probably you should publish a khmer novel. I really like and into you description. 😉

  3. សុវុឌ្ឍី ថា:

    ហេហេ ខ្ញុំ ស្មានតែមានពិត ខំតែអានយ៉ាងជក់ចិត្តហើយដូចនៅក្នុងស្ថានភាពនោះចឹង 🙂

  4. រចនា ថា:

    ខ្ញុំ​ឡើង​ស្លុង! ខំ​អាន​អត់​ហ៊ាន​ដក​ដង្ហើម​ទេ! 😀

  5. សុភា ថា:

    ហាហា ខំ​តែ​អាន ស្មាន​តែ​លោក​គ្រូ​ឃើញ​អាប​នៅ​បារាំង 😀 ។

  6. Ramana ថា:

    មែន​ហ្នឹង បើ​ក​មើល​ពី​ល្ងាច​ម្សិល​មិញ​អត់​ហ៊ាន​អាន​ទេ​ ខ្លាច​ទៅ​ដល់​ផ្ទះ​គេង​មិន​លក់ ដល់​ពេល​អាន​ចប់​មិន​មែន​ជា​រឿង​ពិត​ទៅ​វិញ ។ ខ្ញុំ​ក៏​ចង់​ដឹង​ថា​អាប​ដក​ក​យ៉ាង​ម៉េច​ដែរ តែ​ខ្ញុំ​មិន​ចង់​ពិសោធន៍​នោះ​ទេ ចាំ​បង​វិចិត្រ​ពិសោធន៍​ដឹង​រួច​ប្រាប់​ពួក​ខ្ញុំ​ផង 🙂

  7. kooms ថា:

    ខ្ញុំ​ឃើញ​អត្ថបទលោក​គ្រួដែរ​ពេល​ល្ងាច​មិច តែមិន​ហាន​អាន​ទុក​ចាំព្រឹក​ស្អែក ព្រោះ​នៅ​កន្លែង​ធ្វើការ​តែម្នាក់​ឯង​ ហើយ​ដូច​ជា​ងងឹត​ដែរ​។ ឥឡូវ​ពិត​ជា​មាន​សរសេរ​ប្រដិត​រឿង​ឡើង​ច្រើន​ណាស់ មាន​ទាំង​បង្ហោះ​ផ្កាយ​រណប មហាសេដ្ឋី​ពិភព​លោក​ ដាក់​ Internet អោយ​ប្រើ​មិន​គិត​ថ្លៃ ដល់​ឥឡូវ​មាន​រឿង​អាប់​ទៀត។
    សូម​សើ​ដោយ​ស្មោះ​ចំពោះ​អ្នក​និពន្ធ ទាំង​អស់​គ្នា​ឡើង​វា​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​សម្រាប់​អត្ថបទ​ទាំងនោះ​ ថ្វីបើ​ជា​រឿង​ប្រឌិត​ក៏ដោយ​ តែ​គុណ​ភាព​នៃ​ការ​ពិពណ៌នា​គួរ​រ​អោយ​ជក់​ចិត្ត​ខ្លាំង​ណាស់​​​។

  8. កញ្ញា ថា:

    សូមឲលោគ្រូវិចិត្រនឹងបានឃើញអាបឬខ្មោចដូចក្តីបំណងនៅថ្ងៃណាមួយ!
    😀

  9. ម៉ន ថា:

    ខ្ញុំគ្រាន់តែឃើញចំណងជើងក៏មិនជឿដែរ គិតថាវិចិត្រមិនជឿងរឿងបែបហ្នឹងផង 😀

  10. សេរីបណ្ឌិត ថា:

    ខំ​តាម​ដាន​សឹង​អី ស្រាប់​តែ​ចុង​ក្រោយ​ថាមិនមែន​ជា​រឿង​ពិត ។ ចុកចាប់​ជាង​គេ​ត្រង់​ថា​ «ជា​មនុស្ស​ធម្មតា​ទេ​ដឹង?» ។ លេង​ឈឺៗ​ដែរ​តែ​លោក​គ្រូ ។

  11. សេរីបណ្ឌិត ថា:

    ភ្លេច​សួរ​មួយ​ទៀត, អាប​ហ្នឹង​ស្អាត​ឬ​អត់ ? សិចស៊ិ​ឬ​អត់ ? មាន​លេខ​ទូរស័ព្ទ​ឬ​អត់ ? បើ​ស្អាត​ខ្ញុំ​ចង់​សុំ​លេខ​ទូរស័ព្ទ​អាប​ហ្នឹង​ពី​លោក​គ្រូ….!!!!!!!!!

  12. សេរីបណ្ឌិត ថា:

    អីយ៉ូយ មាន​អា​ស្អាត​បែប​ខ្មោច​ទៀត, ចុះ​មាន​អា​សិចស៊ី​បែប​ខ្មោច​អត់ ?
    បើ​អត់​ទូរស័ព្ទ​ក៏​មិន​អី​ដែរ រក​មនុស្ស​ដូច​គ្នាវិញ​ក៏​បាន
    ហេតុ​តែ​អត់​ធ្លាប់​មាន​សង្សារ ចង់​ទាក់ទង​ដល់​អាប​ទៀត, ខ្មោច​ល្មោភ​ស្រី​ចូល​ខ្លួន​ហើយ….

  13. ងាប់ហើយ រឿងអាប់នេះមួយឃើញតែក្នុងធីវី ទេមិនប្រាថ្នាចង់ជាប់ផ្ទាល់ទេ អ្នកចង់បានលេខ ណេះលេខអាប 010 000009

  14. សួស្តី!!! តើសុខសប្បាយជាទេហ្នឹង?
    បងពូកែសរសេរ នឹងនិយាយពីនេះពីនោះច្រើន ខ្មុំមកអាននេះ(អាបហោះកាត់មុខផ្ទះខ្ញុំ) ខ្មុំនឹកចង់ខ្លាច!!!ហេហេហេ
    ខ្មុំចូលចិត្តទីនេះ មានអីអានច្រើន នឹងផ្តល់ចំណេះដឹងទៀត!!! ខ្មុំបានមកញឹកញយដែរ តែមិនបានចេញវិចារអីទេ !!!គ្រាន់អាននេះអាននោះ!!!
    សូមឲ្យមានសំណាងល្អ!!!

  15. Victor ថា:

    យ៉ាងហោចណាស់គ្រាន់លំហែអារម្មណ៏ដែរ

  16. ហេង ច័ន្ទកុសល ថា:

    មើលឡើងជក់ ស្រាប់តែចុងក្រោយ បែជាប្រាប់ថាជារឿងមិនពិតវិញ………….ចប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s