ទាន​របស់​ព្រះ​វេស្សន្តរ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ?


ការ​ធ្វើ​ទាន​របស់​ព្រះ​ពោធិសាត់ ក្នុង​រឿង​ព្រះ​វេស្សន្តរ ត្រង់​វគ្គដាក់​ទានកូន​(ជាលី និង ក្រឹស្នា)ដល់​តា​ជូជក និង ដាក់​ទាន​ប្រពន្ធដល់​ព្រាហ្មណ៍​ចាស់​ ហៅ​ថា​មហាទាន(?)។

តើ​ការ​ធ្វើ​ទាន​នេះ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ?

ទាន​មហាប្រសើរ

បើ​តាម​ដំនើរ​រឿង​ព្រះ​ពោធិសាត់​ត្រូវ​តែ​ធ្វើ​ទាន​បែប​នេះ ដើម្បី​បាន​ត្រាស់​ដឹង ហើយ​សង្គ្រោះ​សត្វ​លោក​ពី​ទុក្ខ។ ការលះ​បង់​នេះ​ ជា​ការ​លះ​បង់​ដ៏​កំរ​មាន​មួយ ប្រៀប​បាន​នឹង​អ្នក​ក្លាហាន​ម្នាក់​ដែល​ទុក/លះ​បង់ប្រពន្ធ​កូន​អោយ​នៅ​ផ្ទះ​ ហើយ​ចេញ​ទៅ​ច្បាំង​ដូច្នោះ​ដែរ។

ព្រះ​វេស្សន្តរ វីរបុរស
ដាក់​ទាន​ប្រពន្ធ​កូន ទុក​ប្រពន្ធ​កូន​ចោល
សំរេច​បារមី ចេញ​ទៅ​ច្បាំង
សង្គ្រោះ​លោក សង្គ្រោះ​ប្រទេស

ការ​ដាក់​ទាន​ប្រពន្ធ​កូន​នេះ ក៏​ប្រៀប​ដូច​នឹង​ការ​បោះ​បង់​ប្រពន្ធ​កូន​ចោលដើម្បី​ស្វែង​រក​ធម៌ ក្នុង​ជាតិ​ជា​ព្រះ​ពុទ្ធ​ដែរ។

វិភាគ៖

១) ខ្ញុំ​ធ្លាប់​លឺ​គេ​និយាយ​ពី​រឿង​ស្នេហា​ក្នុង​ការ​សិក្សា។ គេ​ថា​មាន​ស្នេហា​អូន​បង ការសិក្សា​ក៏៏​បរាជ័យ​ទៅ​តាម​នោះ​ដែរ។ ដូច្នេះការ​ស្វែង​រក​ធម៌​ក៏​ប្រហែល​ជា​បែប​នោះដែរ។

២) ព្រះ​ពុទ្ធ​សាសនា​តែង​អប់​រំ​យើង​អោយ​លះ​បង់​អោយ​អស់​នូវក្តី​សៅហ្មង ក្តី​លោភ​លន់ ចង់​មាន​ចង់​បាន។ មនុស្ស​កើត​មក​មាន​ម៉ែ​មាន​ឪ មាន​ប្រពន្ធ​មាន​កូន ហៅ​ថា​មាន​ចំនង។ ចំនងនេះ​ចង​យើង​អោយ​ជាប់​នឹង​ក្តី​សៅហ្មង ដែល​ត្រូវ​ដោះ​ស្រាយ។ ការ​លះ​បង់​ប្រពន្ធ​កូន ជា​ការ​ដក​ខ្លួន​ចេញ​ពី​ចំនង​នេះ​ទេ​ដឹង?

ការ​រិះគន់

ចំនុច​មួយ​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ភ្លាម​ទៅ​លើ​ការ​ធ្វើ​ទាន​របស់​ព្រះ​វេស្សន្តរ​គឺ

១) ហេតុ​អ្វី​ក៏​ការ​អោយ​កូន​ខ្លួន​ទៅ​មនុស្ស​អាក្រក់ ជា​កុសល​មួយ?

២) ហេតុ​អ្វី​ក៏ការ​​អោយ​ប្រពន្ធ​ខ្លួន​ទៅ​មនុស្ស​ដែល​នាង​គ្មាន​ចិត្ត​ស្រលាញ់​អ្វី​សូម្បី​តែ​បន្តិច​ ជា​កុសល​មួយ​ដែរ?។

៣) នរណា​ជាអ្នក​កំនត់​ ជា​អ្នក​កាត់​សេចក្តី ជា​អជ្ញាកណ្តាល ក្នុង​ការ​កាត់​សេចក្តី​ថា អ្នក​នេះ​នឹង​បាន​ត្រាស់​ដឹង​ហើយ ដោយ​បំពេញ​លក្ខខណ្ឌ​បែប​នេះ បែប​នោះ?

៤) នរណា​ជា​អ្នក​បង្កើត​លក្ខខណ្ឌ​ថា ទាល់​តែ​ដាក់​ទាន​កូន​អោយ​គេ​ ទើប​អាច​ត្រាស់​ដឹង​បាន?

ដូច្នេះ​យើង​ឃើញ​ថា អ្នក​ដែល​មានចិត្ត​អាក្រក់​នោះ គឺ​អ្នក​ដែល​កំនត់​លក្ខខណ្ឌ​នេះ​ហើយ។

៥) បើ​ខ្ញុំ​អោយ​អ្វី​មួយ​ទៅ​គេ ទាល់​តែ​របស់​នោះ​ជា​របស់​ខ្ញុំ។ កូន​ខ្ញុំ​ ខ្ញុំ​មិន​អាច​អោយ​ទៅ​គេ​បាន​ទេ ព្រោះ​ទោះ​បី​វា​ជា​កូន​របស់​ខ្ញុំ តែ​ជីវិត​និង​វាសនា​វា​មិន​មែន​ជា​របស់​ខ្ញុំ​ទេ

៦) បើ​យើង​ចាត់​ទុក​ថា​កូន​អាច​ធ្វើ​ជា​ទាន ជា​កាដូ​បាន មាន​ន័យ​ថា​យើង​ក៏​អាច​លក់​កូន​បាន​ដែរ

៧) អោយ​ប្រពន្ធ​ទៅ​គេ តើ​មិន​មែន​មាន​ន័យ​ថា​មើល​ងាយ​នាង​ទេរឺ? នាង​មិន​មែន​ជា​សត្វ​ឯណា? ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ន័យ​ថា​រស់​នៅ​ជា​មួយ​គ្នា​ដោយ​ក្តី​ស្រលាញ់ មិន​មែន​រស់នៅ​ក្នុង​នាម​ជា​បំរើ​ឯណា។ សំរាប់​ខ្ញុំ អោយ​ប្រពន្ធ​ជា​កាដូ​ទៅ​គេ ជា​ការ​មើល​ងាយ​ស្ត្រី​ភេទ​ទាំង​មូល

សរុប​សេចក្តី​ទៅ ការ​អោយ​កូន​ទៅ​គេ​ ការ​អោយ​ប្រពន្ធ​ទៅ​គេ ជា​ទង្វើ​ប្រមាថ​មើល​ងាយ​មនុស្ស​ជាតិ និង​អមនុស្ស​ធម៌​បំផុត មិន​អាច​ចាត់​ទុក​ថា​​ជា​កុសល​បាន​ទេ
រឺ​មួយ​ក៏​នេះ​ជា​ការ​បន្លាច​ដល់​អ្នក​ចង់​រក​ធម៌ កុំ​អោយ​យក​ប្រពន្ធ​ទេ​ដឹង​?

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

46 Responses to ទាន​របស់​ព្រះ​វេស្សន្តរ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ?

  1. Samady KS និយាយថា៖

    ខ្ញុំ​កប់​យោបល់​ដែរ ហ្នឹង​ណា? អត់​ហ៊ាន​បក​ស្រាយ​ទេ….​តែ​ចាំ​មើល​សិន​ទៅ​មើល ក្រែង​ល មាន​អ្នក​ណា​ដែល​យល់​ដឹង​ច្បាស់​អាច​បក​ស្រាយ​បាន….
    សូម​អគុណ

  2. Samady KS និយាយថា៖

    នៅ​ក្នុង​អត្ថន័យ​ អត្ថបទ​នេះ​ប្រ​ហែល​ជា​មាន​ចំ​ណុច​ណា​មួយ ដែល​យើង​មិន​អាច​ដឹង​បាន​ទេ មាន​ន័យ​ជ្រៅ… បើ​មិន​គិត​មិន​យល់ បើ​យល់​គឺ យល់​ដល់​គិត…. ហ្នឹង​បាន​គេ​ហៅ​យល់
    ហិ​ហិ

    • វិចិត្រ និយាយថា៖

      សង្ឃឹម​ថា​​យើង​មាន​អ្នក​ពូកែ​ខាងទ្រឹស្តី បក​ស្រាយ​​ការពារសាសនា​របស់​យើង​។
      ពួក​កាតូលិច គេ​ពូកែ​បក​​ស្រាយ​ណាស់ សូម្បី​តែ​ផែន​ដី​សំប៉ែត​ក៏​គេ​បក​ស្រាយ​ឡើង​ទៅ​ជា​មូល​អស់​ហើយ។ គម្ពីរ​ថា​ព្រះ​អាទិត្យវិល​ជុំ​វិញ​ផែន​ដី​ក៏​គេ​បក​ស្រាយ​មក​ជា​ផែន​ដី​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​ដែរ។
      សំលាប់​មនុស្ស​ហើយ​សុំ​ទោស​ព្រះ​ រួច​បាប ក៏​គេ​បក​ស្រាយ​បាន​យ៉ាង​ល្អ។

      • Samady KS និយាយថា៖

        សយស្រី វិចិត្ត និយាយ​ដល់​ចំ​ណុច ដែល​វិចិត្ត​បាន​និយាយ​ថា​ពយក​កាតូលិក បាន​​បក​ស្រាយ​បាន​នូវ​ចំ​ណុច ដែល​សម្លាបើ​មនុស្ស រួច​សុំ​ទោស ព្រះ​ក៏​អាចរួច​ពី​អំពើ​បាប​បាន នោះ​ខ្ញុំ​សូម​បញ្ចាក់​បន្តិច​ចុះ​ដើម្បី​កុំ​អោយ​មាន​ការ​យល់​ខុស ចំពោះ​សាសនា​របស់​គេ។
        ខ្ញុំ​មិន​មែន​ជា​អ្នក​សាសនា កាតូលិក​ទេ ប៉ុន្តែ​ខ្ញុំ​ធ្លាបើ​បាន​យល់​ខ្លះ​ដែរ​អំពី រឿង​ហ្នឹង…​នៅ​ក្នុង​ច្បាប់​របស់​សាសនា កាតូលិក លើ​ករណី​ដែល​ថា​ បន្ទាប់​ពី​គេ​បាន​សម្លាប់​មនុស្ស​រួច នោះ​ប្រសិន​បើ​គេ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​រួច​ លន់​តួ​ចំពោះ​ព្រះ របស់​គេ ដោយ​សេចក្តី ស្មោះ​ត្រង់ នេះ​មាន​ន័យ​ថា​គេ​អាច​រួច​ផុត​ពី បាប​បាន ប៉ុន្តែ​បាន​តែ​ផ្នែក​ព្រលឹង​វិញ្ញាណ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ក៏​ត្រូវ​តែទទួល ខិស​ត្រូវ​ចមពោះ​ច្បាប់​រប់ស​រដ្ឋ​ផងដែរ…. និយាយ​អោយ​ចំទៅ​គឺ​មាន​ពី ផ្នែកៈ
        ទី១ ព្រលឹង​វិញ្ញាណ
        ទី២ ផ្នែក​ខាង​សាច់ឈាម (ការរស់នៅលើ​លោកិយ) នេះ​បាន​ន័យ​ថា​គេ អាច​ទទួល​ការ​អត់​ទោស​ពី​ព្រះ ប៉ុន្តែ​គេ​ក៏​ត្រូវ​តែ​ទទួ​ទោស​ចំពោះ​តុលាការ ផង​ដែរ។

      • វិចិត្រ និយាយថា៖

        ខ្ញុំ​យល់​អញ្ចឹង​ដែរ​តើ :D។

  3. សាយ័ន្ត និយាយថា៖

    តាមព្រះពុទ្ធសាសនាមាន ពាក្យមួយឃ្លា គឺ បើព្រះអង្គមិនចុះនរក តើអោយអ្នកណាចុះនរក?!
    ទ្រង់លះបង់ប្រយោជន៏ផ្ទាល់ខ្លួនដើម្បីប្រយោជន៏មនុស្សរាប់លាន!
    ការរិះគុណទាំនោះក៏មិនខុសដែរតែ ប្រពន្ធដែលទ្រង់បានដាក់ទានអោយអ្នកដទៃក៏បាន
    យល់ច្បាស់នូវអ្វីដែលទ្រង់ចង់បាន(សំនាបយោងដី ស្រីយោងប្រុស) ហើយជាតិ្រក្រោយៗ
    របស់ព្រះអង្គ ក៏នៅតែទទួលស្វាមីភក្តិពីភរិយាដែរ!!​ 
    ទោះជាយ៉ាងណា ពុទ្ធចក្រ និងអាណាចក្រ គឺមានភាពខុសគ្នា មិនអាចយកទង្វើរបស់ទ្រង់មក
    អនុវត្តក្នុងសម័យនេះបានទេ!! តែព្រះធម៍របស់ទ្រង់នៅតែមានតំលៃជាសាកលអាច អោយ
    មនុស្សក្នុងលោកទទួលយកបាន។
    ព្រះពុទ្ធសាសនាគឺប្រើមនោរម្មណ៏មកលួងលោម មនុស្សអោយដើរតាម តែសាសនាដទៃខ្លះគឺ
    ប្រើមនោគមន៏វិជ្ជាបញ្ចុះបញ្ចូលមនុស្សអោយធ្វើតាម។
    និយាយរួមព្រះពុទ្ធសាសនាមានចំនុចស្របនិងអាណាចក្រជាង សាសនាដទៃ។
    ឩទាហរណ៏៖អ្នកណាធ្វើ អ្នកនោះទទួល។ ក្នុងច្បាប់ អ្នកណាសំលាប់គេអ្នកនោះជាប់គុក។
    តែសាសនាដទៃព្រះគេរ៉ាប់រងអស់ហើយ មានសាសនាខ្លះតឹងតែងជ្រុល សូមបីតែឃើញមុខគ្នា
    ក៏មិនបាន(ខុសពីច្បាប់សិទ្ធមនុស្ស) សាសនាខ្លះស្លាប់បាន៧ថ្ងៃរស់វិញ(ខុសពីវិទ្យាសាស្រ្ត) 
    ….សរុបមកសាសនាព្រះពុទ្ធគឺបានសំរបជាមួយសង្គមមនុស្សបានល្អណាស់។

  4. វិចិត្រ និយាយថា៖

    ក្នុង​រឿង​នេះ​ខ្ញុំ​យល់​ថា​ យើង​ហាក់​ដូច​ជា​មាន​ការ​ភាន់​ភ្នែក​បន្តិច៖ យើង​ចែក​មិន​ដាច់​រវាង​(១) ការ​លះ​បង់​របស់​ព្រះ​វេស្សន្តរ ដើម្បី​​ក្លាយ​ជា​​ព្រះ​ពុទ្ធ និង (២) ការ​ធ្វើ​ទាន​បែប​េនះ​ជា​កុសល​មួយ​ដែល​ជួយ​ព្រះ​ពោធិសាត់​សំរេច​គោលដៅ​(ព្រះ​ពោធិញាណ?)។
    ចំនុច​ដែល​ខ្ញុំ​លើក​ឡើង​មិន​មែន​ចំនុច​ទី១ទេ តែ ជា​ចំនុច​ទី​២ គឺ ទង្វើ​បែប​នេះ​ហៅ​ថា​កុសល​បាន​ដែរ​រឺ​ទេ?

    • ម៉ុង ឫទ្ធី និយាយថា៖

      ខ្ញុំយល់ឃើញថា អ្វីដែលខ្លួនយើងមិនអាចធ្វើបាននោះ ហេតុអ្វីចំាបាច់រិះគន់អ្នដទៃ ។ តើអ្វីដែលយើងបានធ្វើសព្វថ្ងៃបានជូនជាសេចក្តីសុខដល់មនុស្សជាតិ លើពិភពលោកខ្លះ? មនុស្សយើងសព្វថ្ងៃម្នាក់ៗ និយាយអ្វីគឺភាគច្រើនគិតតែប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង គិតដល់ផលរបស់អ្នកដទៃយ៉ាងណានោះ ។ ព្រះវេស្សន្តរ ទ្រង់ហ៊ានលះបង់គ្រប់​យ៉ាងនូវអ្វី​ដែល មនុស្សធម្មតាមិនអាចធ្វើបានដូច ។ មិនមែនទ្រង់ចង់បានប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គទេ គឺ អ្វីៗដើម្បីតែប្រយោជន៍ជួយដោះស្រាយទុក្ខវិបត្តិសត្វលោកតែប៉ុណ្ណោះ ។ បើព្រះអង្គមិន​បានលះបង់អ្វីជាទានឱ្យខ្ពង់ខ្ពស់នោះ តើពិភពលោកសព្វថ្ងៃអាច​មានព្រះ​ពុទ្ធសាសនា គង់នៅក្នុងដួងព្រលឹង មនុស្សជាតិរាប់ម៉ឺនសែនលាននាក់ដូចម្តេចកើត ។ រឿងសាសនាទាស់តែយើង យល់ហើយស្គាល់ពីរឿងលោកិយ៍ច្បាស់ទើបវិភាគបាន ។ ពិភពលោកអាចរស់បានក៏អាស្រ័យការលះបង់ និង យោគយល់គា្នដែរ ។ ជាការពិតណាស់ យើងមិនអាចយក រឿងព្រះវេស្សន្តរ មកបកស្រាយតាមតែនឹកឃើញ ឬ មិនទាន់បានយល់​ច្បាស់ ពីចរិតសាសនាបានទេ ។ ជាងនេះទៅទៀត ប្រពន្ធ និង កូនព្រះអង្គក៏មានចិត្តយល់​ច្បាស់ នូវអំពើទ្រង់ច្បាស់ដែរ ។ មានអ្នកដែលមិនទាន់ស្គាល់អំពីព្រះអង្គថាជាអ្វី ? មានអ្នកមិនដឹងថា ព្រះអង្គជាមនុស្សប្រភេទណា ? មានអ្នកមិនស្គាល់ថាអ្វីជាសាសនាច្បាស់ ? ក៏យករឿងនេះមកគិតលេង គឺគង់តែមិនអាចយល់នូវទង្វើរបស់ព្រះអង្គថាដើម្បីអ្វីនោះឡើយ។ ខ្ញុំសូមលើកជាឧទាហរណ៍ របៀបកូនក្មេងមួយមកសាកល្បងពិចារណាមើល ” ខ្លួនយើងមានបងម្នាក់ និងប្អូនម្នាក់ គ្មានឪពុកម្តាយថែរក្សាដោយពឹងពាក់គ្នាឱ្យ​បានរស់​នៅ​ជាសុខ ។​ស្រាប់តែមានអ្នកក្រលំបាកមកសុំយកបង​ប្អូនយើងអំពីយើងទៅដើម្បីសេចក្តីសុខ​គេផង​ តើខ្លួនអ្នកគិតយ៉ាងណា ? អ្នកពិតជាមិងឱ្យបងប្អូនអ្នកទៅគេទេ មែនទេ។​តែយើងក៏មិនចងឱ្យអ្នកមកនោះអាក់អន់ចិត្ត និង ចំាសម្លឹងមើលទុក្ខលំបាកគេនឹងភ្នែកដែរ ។ ប្រាកដណាស់ សកម្មភាពដែលមិនលះឱ្យនេះហើយដែលខ្លួនយើងមិនទាន់ស្គាល់ខ្លួន ឯងច្បាស់ ។ យើងខ្លាចអស់បង អស់ប្អូនទៅ យើងមិនដឹងពឹងនរណាបាន មែនទេ ។ នេះមកពីយើងគ្មានពាក្យ ” ខ្លួនទីពឹងខ្លួន ” ជាប់ក្នុងឧត្តមគតិ ទើបចង់ពឹងអាស្រ័យលើបង​ប្អូន។ ជាងនេះទៅទៀតសកម្មភាពនេះកំពុងបង្ហាញថា យើងចង់សុខតែខ្លួនយើង គឺឃើញប្រយោជន៍​ខ្លួនជាធំនេះឯង ។ទុកឱ្យអ្នកបានសុំយើងនោះនៅសោយទុក្ខសោកចុះ ឱ្យតែខ្លួនបានសុខ តែ យើងគួរពិចារណាថាមិនមែនឱ្យបង ឱ្យប្អូនយើងទៅស្លាប់ឯណា ។ ក្នុងព្រះធម៌ព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យដឹងថា បុគ្គល ឬ ជនណាសាងអំពើបែបណា បណ្តុះពូជបែបណា និងបានផលមកវិញយ៉ាងនោះវិញ ។ សូមយកគំនិតបន្តិចបន្តួចនេះពិចារណាសាកលបង​មើលចុះ ។

      • វិចិត្រ និយាយថា៖

        ខ្ញុំ​គិត​ថា​លោក​ចំនាយ​ពេល​សរសេរ​មតិ​ដ៏​វែង​ឆ្ងាយ​មួយ​ តែ​មិន​យល់​ប្រធានបទ។ យើង​សរសើរ​ការ​លះ​បង់​របស់​ព្រះពោធិសត្វ តែ​ថាសំនួរ​នោះ​គឺ ហេតុអ្វី​ក៏​ការ​លះ​បង់​កូន​អោយ​មនុស្ស​អាក្រក់​ក៏​ជា​លក្ខខណ្ឌ​មួយ​ដែរក្នុង​ការ​បំពេញ​កុសល​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​លោក? យើង​គួរ​ដឹង​ថា​មនុស្ស​មិន​មែន​ជា​វត្ថុ​ឡើយ កូន​មិន​អាចធ្វើ​​កាដូ​ឡើយ។ តែ​បើ​លោក​ចាត់ទុក​មនុស្ស​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​លោក​ថា​ស្មើ​នឹង​វត្ថុ​​ ខ្ញុំ​ក៏​គ្មាន​យោបល់​ដែរ។ រីឯឧទាហរណ៍​របស់​លោក​ពី​ការ​លះ​បង់ប្អូន​ប្រុស​ទៅ​អោយ​គេ​នោះ​គឺ​នៅ​តែ​មិន​ត្រឹមត្រូវទៀត លោក​ខ្លាចគេ​អាក់​អន់​ចិត្ត ចុះ​ប្អូន​ប្រុស​យើង​នោះ មិន​មែន​ជា​មនុស្ស​ចេះ​អាក់​អន់​ចិត្ត​ទេ? ឧបមា​ថា​បើ​អ្នក​ដែល​សុំ​នោះ​ជា​មនុស្ស​អាក្រក់(តាជូជក់) សុំ​យក​ទៅ​ដើរ​ប្លន់​គេ​ជា​មួយ ​លោក​អោយ​ទេ? សុំ​យក​ទៅ​លក់​ លោក​អោយ​ទេ?

  5. 4cambodai និយាយថា៖

    ក្នុងរឿងវេស្សន្តរ ជារឿងមួយបង្ហាញពី ការឲ្យទានដ៏ខ្លាំងខ្លា ដែលអ្នកប្រាថ្នាពុទ្ធភូមិត្រូវតែឆ្លងកាត់ ដែលខ្លួននៅជាពោធិសត្ត គឺក្នុងជាតិដែលបំពេញបារមីធម៌ដើម្បីឲ្យបានជាព្រះពុទ្ធ ។ ការធ្វើដូចរឿងវេស្សន្តរនេះគ្មានអ្នកណាអាចធ្វើបានងាយៗទេ ជារឿងដែលលំបាកធ្វើ របស់ជាទីស្រឡាញ់មានតែ កូននិងប្រន្ធនេះហើយ ឯទ្រព្យសម្បត្តិអាចឲ្យគេជាទានងាយៗបាន តែរឿងរ៉ាវវេស្សន្តរ គាត់ធ្វើមិនមែនដោយចេតនាគាត់ផ្ទាល់តែឯងទេ គឺប្រពន្ធគាត់ក៏យល់ព្រមតាមបំណងប្តីដែរ ធម្មតាការធ្វើដូចនេះពិតណាស់ គេរិះគន់ថាជា អំពើឡប់ ថោកទាប មិនល្អក្នុងទស្សនប្រាកដនិយម តែទីបំផុតនៃរឿងគាត់បានជួបប្រពន្ធកូនគាតវិញដែរ។

  6. kienforcefidele និយាយថា៖

    ខ្ញុំ​នៅ​តែ​យល់​ថា​ទាន​របស់​ព្រះ​វេស្សន្ដរ​មិន​ត្រឹម​ត្រូវ​ឡើយ។ ទោះ​ជា​ចង់​ធ្វើ​ល្អ ក៏​ត្រូវ​មើល​ដែរ តើ​អ្នក​ដែល​យើង​ធ្វើ​ទាន​ឲ្យ​នោះ​ជា​មនុស្ស​យ៉ាង​ណា។ នេះ​សំណាង​ល្អ​ហើយ​ដែល​តា​ជូជក​សុំ​តែ​កូន​ ចុះ​ប្រសិន​បើ​តា​ជូជក​សុំ​ឲ្យ​ព្រះ​អង្គ​ទៅ​សម្លាប់​មនុស្ស រឺ​សម្លាប់​គ្រួសារ​ព្រះ​អង្គ​អញ្ចឹង ព្រះ​អង្គ​មិន​ក្លាយ​ជា​ឃាតករ​ទៅ​ហើយ។ ធ្វើ​ល្អ​ក៏​ត្រូវ​មើល​ដែរ បើ​យើង​មិន​ចេះ​គិត​ ច្បាស់​ជា​មនុស្ស​ល្ងង់​ហើយ គេ​មិន​ថា​មនុស្ស​ល្អ​ទេ។:mrgreen: (Just An Idea)

    • ម៉ុង ឫទ្ធី និយាយថា៖

      កុំយល់ដូចច្នេះ ព្រះអង្គដោយសារតែមិនចង់មានការបៀតបៀនគ្នាទើបទ្រង់ចេញទៅសាងផ្នួស តើយើង ហ៊ានលះបង់ និង មានការព្យាយាម អត់ធ្មត់ដូចព្រះអង្គបានទេ ? ទ្រង់ធ្វើគ្រប់យ៉ាងដើម្បីជីវិត មនុស្សគ្រប់រូបរួចចាកអំពីក្តីទុក្ខ មិនមែនបំផ្លាញមនុស្សទេ ។ តើអ្នកអាចធ្វើខ្លួនឱ្យក្លាយជាសាស្តាលើលោកដូចព្រះអង្គបានទេ ។ កុំមានគំនិតគិតលេងសើច​ដូចក្មេងអ៊ី ពាក្យយើងនិយាយ គឺជាបណ្តុំនិទស្សន៍ ។ គួរគិតឱ្យបានវែងឆ្ងាយ ដែលអ្វីៗគឺជាប្រយោជន៍ សុខរួមគ្នាណា​ មិត្ត​។

  7. Vatey និយាយថា៖

    I think it’s good to offer a poor person with our own priceless things, but it’s not with our family! We can’t offer a person to a person that’s too bad especially our family. And that’s the reason why he didn’t success at the end! (sorry if it’s bad but it just my opinion)

  8. kooms និយាយថា៖

    ទាំង​នេះជាចំនុច​ ដែល​មនុស្ស​យើង​គ្រប់​គ្នា​មិន​អាច​ធ្វើបាន​ដូច​ព្រះពោធិសត្វ​​ ទាន​ទាំង​នោះ​ជាមហា​ទាន​ដែល​មនុស្ស​គ្រប់​គ្នា​មិន​អាច​ធ្វើបាន មាន​ទាំង​ការលះបង់​ជីវិត(កាល​ព្រះ​ពោ​ធិសត្វចាប់​ជាតិ​ជា​សត្វទន្សាយ​ព្រះអង្គ​លះបង់​ជីវិត​ ដើម្បី​ជា​ចំនីចំអែត​របស់​អ្នក​សំទាន​កាន់​សីល​ម្នាក់) លះបង់​ប្រពន្ធ​កួន ហើយ​ទាន​លះបង់​ប្រពន្ធកូន​ជា​មហា​ទាន​ជាតិ​ចុង​ក្រោយ​របស់​ព្រះពោធិសត្វ​ និង​បាន​សំរេច​ជា​ព្រពុទ្ធ​នៅ​ជាតិ​ខាង​មុខ​ហើយ​ជាតិបញ្ចប់ការកើត​ស្លាប់​របស់​ព្រះ(បរិនិពាន្ត?)។

    មិន​ថាតែ​លោក​គ្រួទេ ខ្ញុំ​ក៏មិន​អាចលះបង់ប្រពន្តកួន និង​ជីវិត​របស់​ខ្ញុំ​អោយ​អ្នក​ណា​បាន​ដែរ។

    • kienforcefidele និយាយថា៖

      តើ​ធ្វើ​អញ្ចឹង​មិន​បាប​ទៅ​វិញ​ទេ​ហ្អី?😕 ពេល​គាត់​បម្រុង​នឹង​ឲ្យ​ទាន​គេ តើ​គាត់​មាន​បាន​សួរ​ចិត្ត​អ្នក​ដែល​ត្រូវ​ឲ្យ​ទាន​ទៅ​គេ​នោះ​ដែរ​រឺ​ទេ? នេះ​មិន​មែន​ហៅ​ថា អត្តនោម័ត​ ទេ​រឺ?

  9. 4cambodia និយាយថា៖

    រឿងវេស្សន្តរជារឿងដែលទាក់ទងទៅនិងទស្សនខ្មែរពុទ្ធនិយម រឿងនេះទាមទារឲ្យអ្នកបកស្រាយយល់ច្បាស់អំពីដំណើររឿង បើមិនដូច្នេះទេ ពិតជាយល់ច្រឡំ។
    ការឲ្យទានដូច្នេះជាការឲ្យទានដើម្បីប្រយោជន៏ផ្ទាល់ខ្លួនក៏ពិតមែន តែដើម្បីជួយអ្នកដ៏ទៃតែម្យ៉ាង វេស្សន្តរពោធិសត្តបរិច្ចាកគ្រប់បែបយ៉ាង ដើម្បីក៏សាងខ្លួនឲ្យទៅជាមនុស្សដែលអាចជួយគេបាន ក្នុងដំណើរនៃរឿង សូម្បីតែព្រះឥន្ទក៏មកធ្វើអន្តរាគមន៏ដែរ សឲ្យឃើញថា ប្រយោជន៏ច្រើនណាស់បើមានព្រះពុទ្ធ ។​

    • វិចិត្រ និយាយថា៖

      ឥលូវ​យើង​សាក​ល្បង​ពិចារ​ណាអញ្ចេះ​វិញ។ យើង​កុំ​បាច់​និយាយ​ថា​ព្រះ​វេស្សន្តរ​ធ្វើ​ហ្នឹង​ល្អ​មិន​ល្អ តែ​យើង​គិត​ពី​ទង្វើ​នេះ​វិញ​។ មាន​ន័យ​ថា យើង​សាក​ល្បង​ពិចារណា​រក​ហេតុ​ផល ថា​ហេតុ​អី​ក៏​ការ​អោយ​ទាន​ជា​កូន​ជា​ប្រពន្ធ បាន​បុណ្យ?

  10. រចនា និយាយថា៖

    បង​វិចិត្រ​ប្រហែល​ជា​យល់​ខុស​ទេ​ដឹង​ដែល​ថា ការ​ឱ្យ​ទាន​កូន ប្រពន្ធ​បាន​បុណ្យ? ការ​ឱ្យ​ទាន​កូន ប្រពន្ធ​របស់​ព្រះ​វេស្សន្ដរ គឺ​ទ្រង់​មិន​បាន​ប្រាថ្នា​បុណ្យ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ទ្រង់​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​ពុំ​បាន​ប្រសិន​បើ​ទ្រង់​ចង់​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ។ ការ​ត្រាស់​ដឹង​ពុំ​មែន​ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​ធ្វើ​ហើយធ្វើ​បាន​នោះ​ទេ​ព្រោះ​ទាមទារ​នូវ​ការ​បំពេញ​បារមី​ទាំង​ដប់​គឺ៖ ១. នេក្ខមបារមី ២. វីរិយបារមី ៣. មេត្តា​បារមី ៤. អធិដ្ឋានបារមី ៥. បញ្ញា​បារមី ៦. សីល​បារមី ៧. ខន្តី​បារមី ៨. ឧបេក្ខា​បារមី ៩. សច្ច​បារមី និង ១០. ទាន​បារមី ដែល​ជា​បារមី​ចុង​ក្រោយ​ស្ដែង​ចេញ​តាម​រយៈ​ខ្សែ​ជីវិត​ព្រះ​វេស្សន្ដរ​នេះ​ឯង។

    ក្នុង​ការ​ប្រព្រឹត្ត​ទាន​បារមី​រួម​មាន ពាហរិទាន (ធន​បរិច្ចាគ, បុត្រ​បរិច្ចាគ និង​ភរិយា​បរិច្ចាគ) ជាមួយ​គ្នា​និង អជ្ឍតិកទាន (អង្គ​បរិច្ចាគ និង​ជីវិត​បរិច្ចាគ) ប៉ុន្តែ​ក្នុង​រឿង​ព្រះ​វេស្សន្ដរ ទ្រង់​បាន​បំពេញ​តែ​ពាហរិទាន​ប៉ុណ្ណោះ​គឺ ការ​ធ្វើ​សតសតក្ក​មហាទាន, ប្រទាន​បុត្រ និង​ភរិយា​របស់​ទ្រង់​ទៅ​ឱ្យ​ព្រាហ្ម។

    ចុះ​យើង​សួរ​ថា ទ្រង់​ធ្វើ​ទាន​ដល់​ប៉ុណ្ណឹង​ហើយ ហេតុ​អ្វី​នៅ​ពុំ​បាន​ត្រាស់​ក្នុង​ជាតិ​នោះ? តើ​ដោយ​សារ​តែ​ទ្រង់​ពុំ​បាន​បំពេញ​អជ្ឍតិកទាន​ឬ ទើប​ធ្វើ​ឱ្យ​ទ្រង់​ពុំ​បាន​ត្រាស់​ដឹង? ចម្លើយ​នោះ​គឺ​ពុំ​មែន​ទេ។ ការ​ដែល​ទ្រង់​ពុំ​បាន​ត្រាស់​ដឹង​គឺ​មក​ពី​ទ្រង់​នៅ​ពុំ​ទាន់​កាត់​ផ្ដាច់​ខ្លួន​ពី​កិលេស​អស់។ ចុះ​សួរ​ទៀត​ថា លះ​មិន​អស់​យ៉ាង​ម៉េច​បើ​ទ្រង់​ប្រទាន​ប្រពន្ធ កូន​ទៅ​ឱ្យ​អ្នកដទៃ​ទៅ​ហើយ​នោះ? អ៊ីចឹង​យើង​ត្រឡប់​ទៅ​មើល​សាច់​រឿង​ព្រះ​វេស្សន្ដរ​វិញ! ក្នុង​រឿង​បាន​បញ្ជាក់​ថា ពេល​ដែល​ទ្រង់​ប្រទាន​បុត្រ​ទាំង​ពីរ​ឱ្យ​ទៅ​ព្រាហ្ម​រួច ព្រាហ្ម​ចាស់​បាន​បណ្ដើរ​បុត្រ​របស់​ទ្រង់​ទៅ​ដោយ​មាន​ទាំង​ការ​ចង​វាយ​ផង។ ព្រោះ​តែ​ទ្រង់​នៅ​មាន​ភាព​ជា​បិតា​ដែល​ស្រឡាញ់​បុត្រ ទើប​ទ្រង់​កើត​មាន​អាការ​ក្ដៅ​ក្រហាយ​នឹង​ព្រាហ្ម លើក​ធ្នូ​មក​ប្រុង​ប្រហារ​ព្រាហ្ម​ដែល​ធ្វើ​បាប​បុត្រ​ខ្លួន។ ទោះ​ជា​ទ្រង់​ពុំ​បាន​បាញ់​ព្រាហ្ម​ក៏​ដោយ ក៏​ការ​ដែល​ទ្រង់​ខឹង​ក្រោធ​នឹង​ព្រាហ្ម​វា​ល្មម​ពិសោធ​ឱ្យ​ដឹង​ថា ទ្រង់​នៅ​កាត់​ចិត្ត​មិន​ទាន់​ដាច់​ស្រឡះ​នៅ​ឡើយ ទ្រង់​នៅ​មាន​មនោសញ្ចេតនា​នៅ​ឡើយ។ នេះ​ហើយ​ជា​ហេតុ!

    ព្រះ​វេស្សន្ដរ​ពិត​ជា​បាន​បរិច្ចាគ​ប្រពន្ធ​ខ្លួន​ឱ្យ​ទៅ​ព្រះឥន្ទ​ក្លែង​ខ្លួន​មែន! ដោយ​សារ​តែ​ទ្រង់​ចង់​ត្រាស់​ដឹង​ទើប​ឱ្យ​ប្រពន្ធ​ទៅ​មែន​ទេ? ធាតុ​ពិត​ក្នុង​រឿង​ក៏​បាន​បញ្ជាក់​រួច​ហើយ​ដែរ​ថា ព្រះ​វេស្សន្ដរ​បាន​សួរ​នាង​មេទ្រី។ ឯ​នាង​មេទ្រី​ក៏​យល់​ព្រម​ប្រគល់​ខ្លួន​ទៅ​ឱ្យ​ព្រាហ្ម​ព្រោះ​តែ​មាន​ភក្ដី​ភាព​នឹង​ស្វាមី ព្រោះ​តែ​ចង់​ឱ្យ​ស្វាមី​សម្រេច​នូវ​គោល​បំណង​របស់​ទ្រង់​ដែល​ចង់​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ។

    តើ​វា​ខុស​ពិត​ទេ ដែល​មនុស្ស​សាមញ្ញ​ម្នាក់​ដូច​ព្រះ​វេស្សន្ដរ​លះ​បង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដែល​ខ្លួន​មាន លះ​បង់​សូម្បី​តែ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ លះ​បង់​សូម្បី​តែ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ដើម្បី​ឱ្យ​មនុស្ស​ឯ​ទៀត​បាន​សុខ?

  11. រចនា និយាយថា៖

    ពាក្យ​ថា “ទាន” គឺ​ជា​គុណធម៌​មហា​ប្រសើរ​កម្រ​នឹង​មាន​បុគ្គល​ធ្វើ​បាន។ បើ​យើង​គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​បាន​ដូច​ទ្រង់ យើង​ប្រាកដ​ជា​បាន​ត្រាស់​ទាំង​អស់​គ្នា​ហើយ, ពិត​ទេ? …ខ្ញុំ​សូម​ឱ្យ​គ្រប់​គ្នា​ទៅ​រក​សៀវភៅ​វេស្សន្ដរ​ជាតក រៀបរៀង​ដោយ លោក ញ៉ុក ថែម ឬ​សៀវភៅ​ទសជាតក រៀបរៀង​ដោយ បណ្ឌិត ឈឹម សុមន៍ មក​អាន​ក៏​បាន។ ខ្ញុំ​ជឿ​ថា គ្រប់​គ្នា​នឹង​បាន​យល់​ច្បាស់​ពី​រឿង​ព្រះ​វេស្សន្ដរ​ជាង​នេះ!

  12. រចនា និយាយថា៖

    សុំ​ឆ្លើយ​នូវ​សំណួរ​ដែល​បាន​ដាក់​ក្នុង​ប្រកាស “តើ​នរណា​ជា​អ្នក​ដាក់​លក្ខខណ្ឌ​ថា​ធ្វើ​បែប​នេះ បែប​នោះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ?”

    អត់​មាន​នរណា​ដាក់​លក្ខខណ្ឌ​ទេ។ គេ​ថា ចង់​ត្រាស់​ជា​ព្រះពុទ្ធ ទាល់​តែ​បំពេញ​បារមី​១០។ នេះ​មក​ពី​បុគ្គល​ដែល​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មុន​ព្រះ​សាមណគោតម បាន​បំពេញ​បារមី​ទាំង ១០ នោះ​ហើយ​ទើប​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។

    ខ្ញុំ​សូម​បញ្ជាក់​ថា មុន​ព្រះ​សាមណគោតម យើង​មាន​ព្រះ​ពុទ្ធ ៣​អង្គ​ទៀត​ដែល​បាន​ត្រាស់​រួច​ហើយ៖

    ១. ព្រះ​កកុសន្ធោ (ត្រាស់​រួច)
    ២. ព្រះនាគមនោ (ត្រាស់​រួច)
    ៣. ព្រះកស្សបោ (ត្រាស់​រួច)
    ៤. ព្រះពុទ្ធសមណគោតម (ត្រាស់​រួច)
    ៥. ព្រះសិអារ្យមេត្រីស្រីពោធិញ្ញាណ (មិន​ទាន់​ត្រាស់)

    ក្នុង​ការ ៥០០០ ឆ្នាំ​ម្ដង នឹង​មាន​ព្រះ​ពុទ្ធ​ត្រាស់​មួយ​ព្រះ​អង្គ។ ដូច្នេះ ២៤៤៧ ឆ្នាំ​ទៀត ព្រះ​សិអារ្យមេត្រីស្រីពោធិញ្ញាណ នឹង​ត្រាស់។

    • វិចិត្រ និយាយថា៖

      ដូច្នេះ​សរុប​សេចក្តី​ទៅ​គឺ​ការ​លះ​បង់​កិលេស​តែ​ប៉ុណ្ណោះ ដូច​ក្នុង​ចំនុច​វិភាគ​​ទី​២ ដែល​ក្នុង​នោះ​ខ្ញុំ​ដាក់​ថា​ចំនង​នោះ​។

      តែ​ខ្ញុំ​សួរ​ទៅ​រចនា​មួយ​ទៅមើល បើ​ម៉ែ​ឪសម័យ​នេះ​លះ​បង់​កិលេស​បែបៗ​នេះ យល់​យ៉ាង​ណា​ដែរ?

      • រចនា និយាយថា៖

        ខ្ញុំ​សូម​សួរ​ទៅ​វិញ​ថា ក្នុង​មូល​ហេតុ​ណា​ដែរ?

      • វិចិត្រ និយាយថា៖

        ក្នុង​មូល​ហេតុ​ស្វែង​រក​ធម៌​ដូច​ព្រះ​ពុទ្ធ​ដែរហ្នឹង​ហើយ។

        *ចំនុច​មួយ​ទៀត​នោះ​ដែល​ខ្ញុំ​ថា​មិន​សូវ​លោ​ស៊ិច​គឺ​រឿង​លះ​បង់​ប្រពន្ធ​កូន​អោយ​គេ​ដើម្បី​លះ​បង់​កិលេស។ ហេតុអ្វី​ក៏​ថា​បែប​នេះ ព្រោះថា​ទី​បំផុត​នៃ​រឿង​គេទៅ​រស់​នៅ​ជា​មួយ​គ្នា​ដដែល។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​មិន​មែន​ដើម្បី​លះ​បង់​កិលេស​ដូច​រចនា​ថា​ទេ តែ​ធ្វើ​ទាន ដើម្បី​អោយ​គ្រប់បារមី​តែ​​ប៉ុណ្ណោះ (តែ​ទោះ​ជា​យ៉ាង​ ដែល​ហៅ​ថា​លះ​បង់​កិលេស គឺដូច​តែ​អោយ​គេ​អោយ​អស់​ពី​ខ្លួន​ ដដែល​ហ្នឹង​!!!)។ នរណា​សុំ​អី​ក៏​ព្រះ​វេស្សន្តរ​អោយ​ដែរ សូម្បី​តែ​កូន​រឺ​ប្រពន្ធ នេះ​បើ​តាម​ខ្ញុំ​ចាំ​ពី​សាច់​រឿង​មក។

        វិធី​លះ​បង់​កិលេស​ដោយ​រត់​ចោល​ប្រពន្ធ​កូន ខ្ញុំ​ថា​ប្រហែល​ជា​មាន​វិធី​ល្អ​ជាង​នេះ​ផងមើល​ទៅ​។ រចនា​គិត​មិន​ឃើញ​ទេ​រឺ​?។

      • រចនា និយាយថា៖

        អ្វី​ៗ​ទាំង​អស់​វា​អាស្រ័យ​លើ​ពេល​វេលា។ សម័យ​មុន និង​សម័យ​នេះ​មិន​ដូច​គ្នា​ទេ ពិត​ទេ​បង? នៅ​ក្នុង​សម័យ​នេះ តើ​មាន​នរណា​ល្ងង់​លះ​បង់​គ្រប់​បែប​យ៉ាង​ដូច​ព្រះ​វេស្សន្ដរ​ទៅ? ក្រៅ​ពី​ការ​ឱ្យ​ទាន វិធី​ជួយ​មនុស្ស​នៅ​មាន​ច្រើន​ទៀត!

      • denith និយាយថា៖

        ប្អូនចង់ថា អោយព្រះអង្គក្រៀវឬ? ចុះប្អូនហ៊ានទេ, បើមនុស្សដែលចង់លះបង់កិលេសមិនទាំង ហ៊ាន​ផង ចុះទំរាំតែពួកអ្នកដែលមិនទាន់ស្គាល់?

        ពាក្យថាដាក់ទាន និងលះបង់ គឺខុសគ្នាណាប្អូន ។

        ថ្វីត្បិតតែវានឹងក្លាយជារបស់ក្រៅខ្លួនក៏ដោយ តែបើគិតតាមផ្លូវច្បាប់ ឬផ្លូវដទៃ ដាក់ទានគឺការ ផ្ទេរកម្មសិទ្ធិ ។ លះបង់ គឺផ្តាច់ទំនាក់ទំនងចោលទាំងស្រុង ហើយមិនប្រាកដថា វានឹងទៅទីណាទេ ។ រចនា មានគំនិតជ្រៅណាស់ វាជាការពិតដែលថា គ្មាននរណាអាចលះបង់បានដូចព្រះ អញ្ចឹងហើយទើបវាមិនមានសាសនាថ្មីកើតទៀត ។ ម្យ៉ាង សម័យឥលូវ គេទទួលឥទ្ធិពលពីកំពូលមនោគមវិជ្ជាក្នុងលោក ដូចជា Capitalism និង Socialism ដែលជាការបង្រៀនអោយយើងបង្កបង្កើនទ្រព្យសម្បត្តិ វាផ្ទុយស្រលះពីគំនិត ព្រះពុទ្ធ និងសាសនាតៅ ។

        តាមយោបល់ខ្មុំ សំរាប់ព្រះពុទ្ធ ការដែលគាត់យល់ថាព្រមដាក់ទាននូវអ្វីដែលគេសុំ គឺមិនមែន តាមលទ្ធិប្រជាធិបតេយ្យទេ គឺតាមការគិតមួយដែលថា គាត់បានខំសន្សំសីលបានមក ៩ ជាតិហើយ, នៅសល់តែមួយនេះ ដូចនេះត្រូវតែទ្រាំ ។ មូលបញ្ហាសំខាន់របស់រឿង​ព្រះវេស្សន្តរ គឺការអត់ធ្មត់មួយ ។ ដូចសង្ឃដីកាដែលព្រះសង្ឃសួរមកមនុស្សធម្មតាថា “រវាង ការលីអុសឡើងភ្នំរាប់ពាន់យោជន៍ និងការតាំងសីល មួយណាពិបាកជាង?” បើសិនជាគិតដល់ ថាវាបាន ៩ ជាតិហើយ ជិតដល់គោលដៅមួយដែលអាចសង្គ្រោះមនុស្ស លោកបាននោះ គាត់ត្រូវតែទ្រាំធ្វើតាមលក្ខខ័ណ្ឌនៃច្បាប់គម្ពីរសីលដែលបានកំនត់ទុក នេះគឺ ជាការស្តែងចេញអំពីភាពអស្ចារ្យនៃសីល ដែលមិនអាចមានមនុស្សណាអាចធ្វើបាន ។ ព្រះពុទ្ធ មិនមែនជាអច្ឆរិយជនទេ តែគាត់ជាអរិយជន ។

        មើលទៅត្រឹមនេះបានហើយ អេវំ ។

      • រចនា និយាយថា៖

        មូល​បញ្ហា​សំខាន់​របស់​រឿង​ព្រះវេស្សន្ដរ​មិន​មែន​ការ​អត់​ធ្មត់​ទេ! គឺ​ការ​ឱ្យ​ទាន! ហើយ​ទ្រង់​ក៏​មិន​បាន​ទ្រាំ​ធ្វើ ឬ​ធ្វើ​ដោយ​បង្ខំ​ដែរ, រឿង​បាន​បង្ហាញ​ថា ទ្រង់​កើត​មក​អ៊ីចឹង! ទ្រង់​មាន​គំនិត​អ៊ីចឹង​កើត​មក​ជា​មួយ​ទ្រង់! ពេល​ដែល​ទ្រង់​ប្រសូត្រ​មក​ភ្លាម ទ្រង់​ទូល​សួរ​ព្រះ​មាតា​ថា “មាតា​មាន​ទ្រព្យ​ទេ? ទូល​បង្គំ​ចង់​ឱ្យ​ទាន!”

        ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ប្រាប់​តែ​ថា រក​សៀវភៅ​មក​អាន​ទៅ! ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទៀត​ទេ​ព្រោះ​ខ្ញុំ​ធ្លាប់​វិភាគ​រឿង​ហ្នឹង​ឆ្អែត​ហើយ​តាំង​ពី​ខ្ញុំ​រៀន​ថ្នាក់​ទី​១២​ម្ល៉េះ!

      • វិចិត្រ និយាយថា៖

        អញ្ចឹង​មាន​ន័យ​ថា​អ្វី​ដែល​មាន​ក្នុង​រឿង​ព្រះ​វេស្សន្តរ​មិន​មែន​ជា​ពុទ្ធិ​ទេ មិន​មែន​ជា​ការ​អប់​រំ​ទេ តែផ្ទុយ​ទៅ​វិញ​ជា​រឿង​សំរាប់​អួត​ពី​ព្រះ​វេស្សន្តរ​ទៅ​វិញ??

        មនុស្ស​សម័យ​នេះ​​ចេះ​ស្រលាញ់​ចេះ​ឈឺ​ចាប់​យ៉ាង​ណា មនុស្ស​សម័យ​ព្រះ​វេស្សន្តរ​ក៏​ចេះស្រលាញ់ ចេះ​​ឈឺ​ចាប់​ប៉ុន​នោះដែរ (ចាត់​ទុក​ថា​សម័យ​ព្រះ​វេស្សន្តរ​ មិន​មែន​ជា​សម័យ​មនុស្ស​នៅ​ជា​សត្វ​នៅ​ឡើយ​​ទៅ​ចុះ)។ បើ​យើង​និយាយ​ថា មនុស្ស​សម័យ​ព្រះ​វេស្សន្តរ​​ ការ​លះ​បង់​កូន​ចៅ​ទៅ​អោយ​គេ​ជា​រឿង​មិន​អាក្រក់ តែ​សម័យ​នេះ​អាក្រក់ ថា​បែប​នេះ​ដូច​ជា​មើល​ងាយ​មនុស្សស​ម័យ​នោះ​ពេក​។

        រចនា​ថា “ក្រៅ​ពី​ការ​ឱ្យ​ទាន វិធី​ជួយ​មនុស្ស​នៅ​មាន​ច្រើន​ទៀត!” ខ្ញុំ​ថា​ត្រឹម​ត្រូវ​ហើយ។ ខ្ញុំ​ដឹង​ទៀត​ថា​ព្រះ​ពោធិសត្វ​ឆ្លាត​ណាស់ ខ្ញុំ​មិន​ជឿ​ថា​ព្រះ​អង្គ​គ្មាន​ជំរើស​ក្រៅ​ពី​ដាក់​ទាន​កូន​អោយ​គេ​នោះ​ទេ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ថា មាន​អ្វី​បង្ខំ មាន​អ្វី​មួយ​មក​ដាក់​លក្ខខណ្ឌ ។
        ក្នុង​សាសនា​គេ​ថា​អ្វី​ដែល​ដាក់​លក្ខខណ្ឌ​នោះ​ជា​សច្ចៈ (ជា​ធម្ម?) ឧទាហរណ៍ លង់​ទឹក​អាច​ស្លាប់​បាន នេះ​ជា​សច្ចៈ។ សច្ចៈ​នេះ​គ្មាន​ព្រះ​ណា​កំនត់​ទេ គឺ​វា​អញ្ចឹង​ឯង។

      • រចនា និយាយថា៖

        សូម​បង​អាន​ចម្លើយ​តប​ទៅ​បង denith! ខ្ញុំ​សុំ​មិន​​និយាយ​ច្រើន​ទៀត​ទេ ព្រោះ​ចម្លើយ​ខ្ញុំ​មុន​ៗ បង​អាច​យល់​បាន​ហើយ! អរគុណ​ដែល​លើក​ប្រធាន​បទ​នេះ​មក​និយាយ! បង​អាច​អាន​បាន​ពី​ការ​ពិភាក្សា​លើ​រឿង​ព្រះវេស្សន្ដរ​នៅ​ប្លក់​ខ្ញុំ… http://rainnamail.wordpress.com/2008/01/12/%E1%9E%91%E1%9E%B8%E2%80%8B%E1%9E%94%E1%9F%86%E1%9E%95%E1%9E%BB%E1%9E%8F%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%A1%E1%9E%84%E2%80%8B%E1%9E%9A%E1%9E%BD%E1%9E%85%E2%80%8B%E1%9E%A0%E1%9E%BE%E1%9E%99/

      • denith និយាយថា៖

        នៅទីនេះ គ្មាននរណាមុន នរណាក្រោយទេណា ។

        ហេ! បើគិតទៅម្តេចក៏ព្យាយាមទាញបញ្ហាថា កូន ឬប្រពន្ធជាទ្រព្យសម្បត្តិ ហើយមិនអាចប្រទាន អញ្ចឹង ។ សាកល្បងគិតអញ្ចេះវិញ ។​ ខ្ញុំសូមសួរថា ក្នុងទសជាតក ម្តេចបានជាជាតិទីដប់របស់ ព្រះពោធិសត្វជាជាតិរបស់ព្រះវេស្សន្តរ ? ហើយហេតុអ្វីបានជាទានចុងក្រោយជាទានបារមី?

        សូមសាកល្បងឆ្លើយសិនទៅ !

      • វិចិត្រ និយាយថា៖

        អត់​ដឹង​ទេ ប្រាប់​មក​អញ្ចឹង…

      • denith និយាយថា៖

        អើ!​ តាមការគិតរបស់ខ្ញុំ គឺខ្ញុំធ្វើដេរីវេទៅលើពុទ្ធដីការបស់ព្រះពុទ្ធមួយដែលថា
        “ជីវិតគឺជាការឈឺចាប់”​ ឬ “មានរូបមានទុក្ខ” ។ ១០​ ជាតិនៃការសាងបារមីមិនមែនជាការងាយទេ, តែវានៅតែមិន ពិបាកដល់ការត្រាស់ដឹងដែរ ។ សាសនាព្រះពុទ្ធគឺបង្រៀនមនុស្សអោយស្វែងរកសុខៈមួយ ដែលរលត់អស់នូវទុកទាំងឡាយ ។ សូមសាកគិតទៅមើល ទសជាតក, បើព្រះពុទ្ធចង់យកជាតកព្រះវេស្សន្តរ មកធ្វើជាជាតិទីមួយក៏ បាន, ព្រោះបារមីនិមួយៗ មិនងអាស្រ័យគ្នាទេ ។

        ខ្ញុំយល់ថា បានជាបារមីទី១០ ជាទានបារមី គឺដោយសារតែជាតិនេះ ជាជាតិចុងក្រោយដែល នឹងត្រូវចូលដល់ជាតិដែលព្រះពុទ្ធត្រាស់ដឹង ។ ដូចនេះ​ វាអាចមានពីរករណី (ឬច្រើនដែលខ្ញុំគិតមិនដល់)៖
        ១. ការដាក់ទានជាការធ្វើបុណ្យដ៏មានថាមភាពបំផុត ។ បើគិតចំពោះមនុស្សទូទៅ ដែលគ្មាន ពេលសូត្រធម៌ ឬទៅវត្តអោយបានខ្ជាប់ខ្ជួននោះ ការដាក់ទានគឺជាវិធីដែលពួកយើងប្រើដើម្បី សន្សំបុណ្យ ។ គំនិតក្នុងរឿងព្រះវេស្សន្តរប្រហែលជាចង់បង្ហាញថា ក្នុងជាតិនេះ ព្រះពោធិសត្វ ខិតខំសន្សំយកសីលអោយបានច្រើនដើម្បីអោយបានសំរេចការត្រាស់ដឹង នៅជាតិក្រោយ ។
        ២. ម្យ៉ាងទៀត ទ្រង់យកជាតិនេះ មកជំរុះចោលអោយអស់នូវ “ប្រភពទុក្ខ” ទាំងពួង ។ មានរូបមានទុក្ខ ។ បើយើងមានទ្រព្យសម្បត្តិ នោះយើងមានទុក្ខព្រោះយើងកើតចិត្តចង់បាន កាន់តែច្រើន, ព្រះអង្គយកដាក់ទានដើម្បីកុំអោយសៅហ្មង ។ បើយើងមានសំភារៈ យើងមាន ទុក្ខព្រោះវាអាចសឹករិចរិល ឬបង្កបញ្ហាផ្សេងៗ, ព្រះអង្គយកដាក់ទានដើម្បីកុំអោយសៅហ្មង ។ មានវត្ថុមានជីវិត គឺទុក្ខមួយដ៏ធំ ព្រោះនេះជាបន្ទុកដ៏ធំមួយ ។ នេះអាចថាព្រះអង្គក៏ព្យាយាម ផ្តាច់ចោលកាមកិលេស និងមនោសញ្ចេតនា ដើម្បីស្វែងរកសច្ចធម៌មួយ ដែលអាចនាំសត្វ លោកដទៃផុតទុក្ខដែរ ។

        ដូចនេះហើយទើបជាតិចុងក្រោយជាជាតិព្រះវេស្សន្តរ ព្រោះនេះជាស្ពានដ៏សំខាន់ទៅកាន់ ជាតិត្រាស់ដឹង ។ នេះជាគំនិតរបស់ខ្ញុំ ។

      • វិចិត្រ និយាយថា៖

        បើ​គ្រាន់​តែដើម្បី​​លះ​បង់​ចោល​នូវ​កិលេស​ ហេតុអី​ក៏​ចាំ​បាច់​យក​ទៅ​​អោយ​គេ​?។
        ម្យ៉ាង​វិញ​ទៀត​ថា​លះ​បង់​យ៉ាង​ម៉េច បើ​ចុង​បញ្ចប់​វិល​ទៅ​ជួប​គ្នា​ដដែល។
        ហើយ​សាច់​រឿង​ទៅ​ទៀត​ហាក់​បង្ហាញ​ពី​សុភមង្គល​រស់​នៅ​ជុំ​គ្នា​ជា​ជាង​បែក​គ្នា​ទៅ​ទៀត។

  13. ទឹម បឿន និយាយថា៖

    អត់​ហ៊ាន​ឆ្លើយ​អី ព្រោះ​មិន​បាន​អាន​សៀវភៅ វេស្សន្ដរ​ជាតក តែ​ឃើញ​ក្មេង​រចនា​ឆ្លើយ​ហ្នឹង ធ្វើ​ឲ្យ​ចាស់​នេះ​សុំ​ខ្មាស lolz

  14. denith និយាយថា៖

    Greater good bro… greater good:

    There is a saying:

    “No sacrifice, no victory.”

  15. វិចិត្រ និយាយថា៖

    Denith : ការ​ដាក់​ទាន​ជា​ការ​ផ្ទេរ​កម្ម​សិទ្ធិ!!
    ខ្ញុំ​ក៏​ថា​អញ្ចឹង​ដែរ តែ​ប្រាកដ​ហើយ​រឺ​ថា​ កូន​របស់​យើង​ជា​កម្មសិទ្ធិ​របស់​យើង? ប្រពន្ធ​យើង​ជា​កម្មសិទ្ធិ​របស់​យើង?​
    បើ​Denith យល់​បែប​នេះ​មែន Denith ខុស​ធ្ងន់​ហើយ!!!

    យើង​មាន​សិទ្ធិ​លែង​ប្រពន្ធ តែ​គ្មាន​សិទ្ធិអោយ​នាង​ទៅ​អ្នក​នេះ​អ្នក​នោះ​ទេ!!!
    ព្រះ​វេស្សន្តរ​សុំ​ការ​យល់​ព្រម​ពី​នាងមទ្រី​​ក៏​ដោយ តែ​ការ​យល់​ព្រម​នោះ​គ្មាន​អ្វី​ខុស​ពី​បង្ខំ​ទេ ព្រោះ​នាង​បង្ខំ​ចិត្តខ្លួន​ឯង។ នាង​​មទ្រី​មិន​មែន​ជា​ស្រី​អាស់​ឯ​ណា!!!។

  16. kooms និយាយថា៖

    បើនិយាយ​ទៅ​ការបក​ស្រាយ​របស់​រចនា​ ឃើញថា​សម​ហេតុ​ផល​ច្រើន​ ហើយ​អាច​ទទួល​យក​បាន​។​ តែបើ​ចង់​អោយ​ច្បាស់ជាង​នេះ​ប្រត្រូវ​ទៅ​សួរ​មណ្ឌិត​ផ្នែក​ខាង​ព្រះ​ពុទ្ធសាសនាហើយ​មើល​ទៅ​ទើប​អាច​ច្បាស់​ជាង។

    • វិចិត្រ និយាយថា៖

      បើ​ល្អ​ជាង​នេះ​ទៀត Kooms គួរ​បង្ហាញ​ពី​ចំនុច​សម​ស្រប​ជាង​និង​មិន​សម​ស្រប​នៃ​ទស្សនៈ​ម្ខាង​ៗ​​ផង។ ដូច​អ្នក​ដាក់​ពិន្ទុ​គេ​តែង​ពន្យល់​ថា​ហេតុ​អី​បាន​គេ​អោយ​ប៉ុន​នេះ​ប៉ុន​នោះ។

  17. LoveTruth និយាយថា៖

    ការលះបង់ប្រពន្ធកូន​ជាទានរបស់ព្រះវេស្សន្តរ មិនត្រឹមត្រូវទេ ! ហេតុដូច្នេះហើយបានជាព្រះវេស្សន្តរ មិនអាចសំរចបានការត្រាស់ដឹងក្នុងជាតិនោះ ហើយត្រូវរង់ចាំយកកំណើតជាព្រះសមណគោតម្ត ដោយត្រូវលះបង់តែខ្លួនរបស់ទ្រង់​ ដើម្បីសំរេចបាននូវពោធិញាណ ។

    ព្រះវេស្សន្តរគិតខុស មកពីទ្រង់មិនទាន់បានរកឃើញមគ្គទាំង៨ ដែលជាផ្លូវសំរាប់ចេញអោយ ផុតពីទុក្ខ ។

    ហេតុដូច្នេះហើយក្នុងជាតិជាព្រះសមណគោតម្ត ក្រោយពេលត្រាស់ដឹងជាព្រះពុទ្ធទ្រង់បាន ទេសនាថា មគ្គ៨ជាផ្លូវរំលត់ទុក្ខទាំង៨យ៉ាង (នាមធម៍៨) បូករួមនឹងរូបធម៍៤ទៀត (គឺកើត ចាស់ ឈឺ និងស្លាប់) ត្រូវជាកងទុក្ខទាំង១២ ហើយមគ្គ៨បានក្លាយជានិម្មិតសញ្ញានៃព្រះពុទ្ធ សាសនារហូតមក ។

    (ការលះបង់ប្រពន្ធកូនជាទានរបស់ព្រះវេស្សន្តរ ជាការរំលឹកដាស់តឿនដល់អ្នកចង់ធ្វើធម៍ថា ច្រកចេញនៃការសំរេចធម៍ គឺការលះបង់ខ្លួនឯងជាគោល ដោយមិនត្រូវយកសេចក្តីលំបាក
    របស់អ្នកដ៍ទៃមករួមចំណែកឡើយ !)

  18. lymeng និយាយថា៖

    រឿងព្រះវេស្សន្តរមានប៉ុន្មានកណ្ឌ?ហើយឆ្នាំណា?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s