កំពស់ – កម្ពស់ មួយ​ណាជា​ពាក្យត្រូវ?


កាល​ពី​បួន​ដប់​ឆ្នាំ​មុន ខ្ញុំ​អាច​ឆ្លើយ​សំនួរ​នេះ​បាន​យ៉ាង​ងាយ។ ពាក្យ​ណា​ដែល​សរសេរ​ខុស​ពី​វចនានុក្រម ជា​ពាក្យ​ដែល​សរសេរ​ខុស​ហើយ។

បួន​ដប់​ឆ្នាំ​ក្រោយ វា​ក្លាយ​ជា​សំនួរ​ពិបាក​សំរាប់​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​គិត​ថា

តើ​ពាក្យ​ដែល​គ្មាន​ក្នុង​វចនានុក្រម​ សុទ្ធ​តែ​ជា​ពាក្យ​ខុស​រឺ?(១)

ចំលើយ​គឺ​មិន​មែន​ទេ។

បើ​អ្នក​ពិនិត្យ​មើល​វចនានុក្រម​អង់គ្លេស​ បារាំង អ្នក​គង់​ឃើញ​ថា មានច្រើន​ប្រភេទ​ណាស់។ វចនានុក្រមខ្លះ​គេ​បង្កើត​ឡើង​សំរាប់​ការ​ប្រើ​ប្រាស់​ជា​ពិសេស​ណា​មួយ។ ដូច្នេះ​ពាក្យ​ទូទៅ​មិន​មាន​ក្នុង​វចនានុក្រម​អស់​នេះ​ទេ។ ដូច​ជា​ប្រភេទ​វចនានុក្រម​តូចសំរាប់​ដាក់​តាម​ខ្លួន​ មាន​ពាក្យ​តិច​ជាង​វចនានុក្រម​ធំ។ ពាក្យ​ដែល​គ្មាន​ក្នុង​វចនានុក្រម​តូច​នេះ មិន​មែន​ជា​ពាក្យ​ខុស​ទេ។

តើ​អ្នក​ដែល​លឺ​អ្នក​និពន្ធ​វចនានុក្រម​ណា​ប្រកាស​ថា ពាក្យ​ដែល​គ្មាន​ក្នុង​វចនានុក្រម​របស់​គាត់ ជា​ពាក្យ​ខុស​ដែរ​រឺ​ទេ? (២)

តើ​វចនានុក្រម​ជា​អ្វី? គេ​បង្កើត​ឡើង​យ៉ាង​ដូច​ម្តេច?

វចនានុក្រម ជា​សៀវភៅ​ពន្យល់​ពាក្យ​ ដែល​មាន​មេ​ពាក្យ​រៀប​តាម​លំដាប់​អក្សរ។ នេះ​ជា​និយម​ន័យ។ តែ​ថា វចនានុក្រម

– ជា​ច្បាប់​ ជា​ក្បួន ដែល​គេ​ត្រូវ​ធ្វើ​តាម រឺ ជា​ការ​បង្កើត​ភាសា​ ពាក្យ​សំដី សំនេរ សំរាប់​អ្នក​ផ្សេង​ធ្វើ​តាម

– រឺ​ក៏​ជា​កំនត់​ត្រា​មួយ ដែល​កត់​ត្រាពាក្យ​សំដី សំនេរ​របស់​អ្នក​ស្រុក​​នា​ពេល​បច្ចុប្បន្ន?

ដូច្នេះ​យើង​ត្រូវ​មើល​ថា​តើ​វចនានុក្រម​គេ​បង្កើត​ឡើង​យ៉ាង​ដូចម្តេច?

វចនានុក្រម​បង្កើត​ឡើង​ដោយ​អ្នកចេះ​ដឹង​ជ្រៅ​ជ្រះ​ខាង​អក្សរសាស្ត្រ​មួយ​ក្រុម។ ដើម្បី​នឹង​បង្កើត​វចនានុក្រម​មួយ​បាន​ ក្រុមអ្នក​ទាំង​​នេះ​ ប្រមូល​ កត់​ត្រា​ ពាក្យ​ក្នុង​ភាសា​និយាយ ភាសា​សរសេរ ដែល​គេ​ប្រើ​ប្រាស់ ក្នុង​កាសែត ប្រលោម​លោក រឿង​និទាន សាស្ត្រា ទូរទស្សន៍ ភាពយន្ត សម្ភាស…។

ចំពោះ​ពាក្យ​និមួយៗ ដែល​គេ​ប្រមូល​បាន​មក គេ​សិក្សា​ពី​ប្រវត្តិ​របស់​វា ពី​អំនាន ពី​បំរែ​បំរួល​សំនេរ ពី​បំរែ​បំរួល​និយមន័យ ពី​របៀប​ប្រើ ផ្គូផ្គង​គ្នា​ជា​មួយ​ការ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ។

ពាក្យ​ វេស្សន្តរ យើង​តែង​និយាយ​ស្ទើរ​តែ​គ្រប់​គ្នា​ថា វេស-សន់-ដ។ ទោះ​បី​ជា​ពាក្យ​នេះ​ក្នុង​ភាសា​បាលី គេ​ថា វេស-សន់-តៈ-រ៉ៈ ក៏​ដោយ​ក៏​យើង​គួរ​តែ​ដាក់​ថា​ពាក្យ​នេះ​អាន​ថា វេស-សន់-ដ ដែរ ព្រោះ​ជា​ទូទៅ​យើង​អាន​បែប​នេះ។

ពាក្យ​ខ្លះ​កាល​ពីមុន​មាន​ន័យ​ផ្សេង ពី​ការ​ប្រើ​ប្រាស់​បច្ចុប្បន្ន គេ​នឹង​បញ្ចូល​និយម​ន័យ​ថ្មី​ដែរ។ ឧទាហរណ៍ ពាក្យ​សោភិនី ក្នុង​វចនានុក្រម មាន​ន័យ​ថា ស្រីស្អាត ស្រី​ល្អ។ តែ​សម័យ​នេះ ពាក្យ​នេះ​មាន​ន័យ​ថា​ស្រី​ខូច ទៅ​វិញ។  ដូច្នេះ​វចនានុក្រម​ថ្មី គួរ​តែ​ដាក់​និយម​ន័យពាក្យ​សោភិនី​នេះ​​ថា ១) ស្រី​ល្អ ២) ​ស្រី​ខូច។

ពាក្យ​វិប្បដិសារី មាន​ន័យ​ថាជន​ស្តាយ​ក្រោយ ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ថា​ជា​សេចក្តី​ស្តាយ​ក្រោយ ទៅ​វិញ។

នៅ​ក្នុង​ភាសា​អង់គ្លេស​ពាក្យ​ដែល​ប្តូរ​និយម​ន័យ​របស់​ខ្លួន ក៏​មាន​ដែរ។ដូច​ជា​ពាក្យ​ burn កាល​ពីមុនគេ​នឹក​ឃើញ​តែ​ ន័យ​ថា​ ដុត។ ពេល​នេះ អាច​មាន​ន័យ​ ចំលង​ដាតា​ចូល​CD ក៏​បាន។

វចនានុក្រម​បរទេស ​បច្ចុប្បន្ន​នេះ “មិន​មែន​ជា​ក្បួន​ដែល​បង្គាប់​អ្នក​អាន​ថា​គួរ​តែ​រឺ​ត្រូវ​តែ​សរសេរ​យ៉ាង​នេះ​រឺ​យ៉ាង​នុះ​ឡើយ” តែ​ជា​សៀវភៅ​ដែល​ប្រាប់​ថា​ “ជាក់​ស្តែង​គឺ​គេ​និយាយ​ សរសេរ​បែប​នេះ(៤)”។

បើ​ សិន​ជា​ពាក្យ​គ្មាន​ក្នុង​វចនានុក្រម​ ជា​ពាក្យ​ខុស​នោះ នោះ​​ពាក្យ​ថ្មី​ក៏​មិន​អាច​កើត​ឡើង​ដែរ ព្រោះ​ពាក្យ​ថ្មី​នេះ​មិន​មាន​ក្នុង​វចនានុក្រម​ចាស់។ (៣)

និយាយ​បែប​នេះ ក៏​មិន​មែន​មាន​ន័យ​ថា គេ​ត្រូវ​តែ​ទាត់​ចោល​”គំនិត​ចាត់​ទុក​ថា​វចនានុក្រម​ជា​ក្បូន​ដែល​គេ​ត្រូវ​តែ​សរសេរ​តាម (៥)” ដែរ។

ចំនុច​នេះ​ហើយ​ដែល​ជា​ការ​លំបាក។

សាក​ល្បង​ពិចារណា : តើ​មាន​ចំនុច​ណានៃ​វចនានុក្រម​ខ្មែរ​សម្តេច​ជួន ណាត ដែល​បញ្ជាក់​ថា ពាក្យ​ កំពស់ ជា​ពាក្យ​ខុស ដែរ​រឺ​ទេ?(ពាក្យ កម្ពស់ ជា​ពាក្យត្រូវ ប្រាកដ​ណាស់​ព្រោះ​មាន​នៅ​ក្នុង​ហ្នុង​ស្រាប់)។

អាន​បន្ថែម : តើ​វចនានុក្រម​គេ​បង្កើត​ឡើង​យ៉ាង​ម៉េច?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s