មនុស្សច្រណែន


ដក​ស្រង់​ចេញ​ពី​រឿង សាឌិច រឺ ព្រហ្មលិខិត
ដោយ ហ្វ្រង់ស្វ័រ ម៉ារី អារូអេត៍ ដឺ វ៉ុលទែរ

ត​ពី​វគ្គ​មុន : វគ្គ​បី​ : ឆ្កែ និង សេះ

 

សាឌិច​ចង់​លួង​លោម​ខ្លួន​ឯង​ ពី​គ្រោះ​​អាក្រក់​ដែល​ព្រហ្ម​លិខិត​ដែល​បានកំនត់​ចំពោះគាត់​ តាម​រយៈ​ការសិក្សា​ទស្សនវិជ្ជា និង ការ​រាប់​អាន​មិត្ត​។ គាត់​មាន​ផ្ទះ​ស្អាត​មួយ​នៅ​ជាយ​ក្រុង​បាប៊ីឡូន។ គាត់​បាន​ប្រមូល​ស្នាដៃ​សិល្បៈ​និង​គ្រឿង​កំសាន្ត​​នៃមនុស្ស​ល្បី​ៗមក​ទុក​ក្នុង​ផ្ទះ​នេះ។ នៅ​រៀងរាល់​ព្រឹក​បណ្ណាល័យ​របស់​គាត់​ បើក​ចំហ​ទទួល​អ្នក​ប្រាជ្ញគ្រប់​រូប។ នៅ​ពេល​ល្ងាចនៅលើ​តុរបស់​គាត់​ មាន​ភ្ញៀវ​ពេញៗ។ តែ​បន្តិច​ក្រោយ​មក ទើប​គាត់​​ដឹង​ថា អ្នក​ប្រាជ្ញ​គ្រោះថ្នាក់​ប៉ុណ្ណា។ ការ​ឈ្លោះ​ប្រកែក​គ្នា​មួយ​បាន​កើត​ឡើង​លើ​ច្បាប់​របស់​សូរ៉ូ​អាស្ត្រ ដែល​ហាម​មិន​ឱយ​​ស៊ី​សត្វ​គ្រីហ្វុង[1]។ ម្ខាង​និយាយ​ថា

“ចាំបាច់​ការពារ​គ្រីហ្វុង​ធ្វើ​អ្វី បើ​សត្វ​នេះ​គ្មាន​ផង?”

ម្ខាង​ទៀត​និយាយ​ថា

“សត្វ​នេះ​ប្រាកដ​ជា​មាន ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​សូរ៉ូអាស្ត្រ​ហាម​មិន​ឱយយើង​ស៊ី​។”

សាឌិច​ចង់​សំរួល​ពួក​គេ​ក៏​និយាយ​ថា

“បើ​មាន​សត្វ​គ្រីហ្វុង​មែន យើង​កុំ​ស៊ី​វា​។ បើ​គ្មាន​សត្វ​នេះទេ យើងមាន​ឱកាស​ឯ​ណា​នឹង​ស៊ី​វា​កើត​?។ ដូច្នេះ​យើង​គោរព​តាម​សូរ៉ូ​អាស្ត្រ​ទាំងអស់​គ្នា។”

 

អ្នក​ប្រាជ្ញ​ម្នាក់ ដែល​បាន​សរសេរ​សៀវភៅ​ដប់​បី​ភាគ​ស្តី​អំពី​លក្ខណៈ​របស់​សត្វ​គ្រីហ្វុង​នេះ ហើយ​ជាង​នេះ​ទៅ​ទៀត​គាត់​ជា​សង្ឃ​ដ៏​ល្បី​ល្បាញ​ម្នាក់​ទៀតនោះ ក៏​បាន​ប្រញាប់​ប្រញាល់​ទៅ​ប្តឹង​សង្ឃរាជ​យេបូរ ដើម្បី​ចោទ​ប្រកាន់​សាឌិច​។  សង្ឃរាជ​រូប​នេះ​ជា​មនុស្ស​ដែល​ជឿស៊ប់​យ៉ាង​ខ្លាំង​លើ​ទ្រឹស្តី​កាល់​ដេអ៊ាង ដូច្នេះ​គាត់​ជា​អ្នក​ប្រតិបត្តិ​យ៉ាង​មុត​ម៉ាំ​ចំពោះ​ទ្រឹស្តី​នេះ។ បុរស​ម្នាក់​នេះ​គិត​ថា​ត្រូវ​តែ​​ព្យួរ​ក​សាឌិច​ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស​ដល់​ព្រះ​អាទិត្យ​ បន្ទាប់​គាត់​នឹង​សូត្រ​ធម៌​សូរ៉ូអាស្ត្រ​​យ៉ាង​ពេញ​ចិត្ត​បំផុត។ មិត្រ​របស់​សាឌិច កាដូរ (មិត្រ​ម្នាក់​មាន​តម្លៃ​ជាង​សង្ឃ​មួយរយ​អង្គ​ទៅ​ទៀត) បាន​មក​ជួប​នឹង​យេបូរ ហើយ​និយាយ​ថា

“ចូរ​ចំរើន​ព្រះសុរិយា! ចូរ​ចំរើន​គ្រីហ្វុង! សូម​លោក​កាត់​សេចក្តី​​សាឌិច​ឱយបាន​ត្រឹម​ត្រូវ​បន្តិច​។ សាឌិច​ជា​មនុស្ស​ល្អ ទោះ​បី​វា​មាន​គ្រីហ្វុង​នៅ​ផ្ទះ​របស់​វាក៏​​វា​នៅ​តែ​មិន​ស៊ី​គ្រីហ្វុង​នោះដែរ​។ អ្នក​ដែល​ចោទ​ប្រកាន់​វា​នោះ ជា​មនុស្ស​ក្បត់​នឹង​សាសនា ដែល​ហ៊ាន​និយាយ​ថា ទន្សាយ​មាន​ជើង​ព្រែក​ពី​គ្នា ហើយ​​​ថា ជា​សត្វ​​ស្មោគ​គ្រោក​។”

យេបូរ​ដោយ​យក​ដៃ​អង្អែល​ក្បាល​ឆក​របស់​គាត់ ក៏​និយាយ​ថា

“អេ​អញ្ចឹង​ យើង​ត្រូវ​ព្យួរ​ក​សាឌិច ព្រោះ​វាមាន​ទស្សនៈ​មិន​​ល្អ​ពី​គ្រីហ្វុង ហើយ​ព្យួរ​ក​អា​ម្នាក់​ទៀត​នោះ ព្រោះ​វា​មើល​ងាយ​ទន្សាយ”

កាដូរ​ក៏​ទៅ​ទាក់​ទង​សុំ​ជំនួយ​ពី​ស្ត្រី​ម្នាក់ ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​វា។ ស្ត្រី​ម្នាក់​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សង្ឃរាជ​នោះ។

គ្មាន​នរណា​ម្នាក់​ត្រូវគេ​យក​ទៅ​ព្យួរ​ក​ទេ ពួក​បណ្ឌិត​ទាំងឡាយ​ក៏​ខ្សិប​ខ្សៀវ​គ្នា​ ហើយ​សន្និដ្ឋាន​ថា​ក្រុង​បាប៊ីឡូន​នេះ​ច្បាស់​ជា​នឹង​រលាយ​ឆាប់ៗ​នេះ​មិន​ខាន។

 

សាឌិច​ស្រែក​ថា ៖

“តើ​ស្អី​ដែល​អាច​រក្សា​សុភមង្គល​បានទៅ​? បើ​របស់​គ្រប់​យ៉ាង​លើ​លោក​នេះ​តាម​ព្យាបាទ​ខ្ញុំ​ទាំងអស់ សូម្បី​តែ​ភាវៈ​ដែល​មិន​មាន​ផង​នោះ។”

 

សាឌិច​រិះគន់​ពួក​បណ្ឌិត ហើយ​ក៏​ឈប់​ប្រាស្រ័យ​ទាក់​ទង​នឹង​ពួក​នោះ​ទៀត។

 

សាឌិច​ក៏​ប្រមូល​បណ្តា​មនុស្ស​ដែល​មាន​កិត្តិយសខ្ពង់​ខ្ពស់​បំផុត ​នៅ​ក្រុង​បាប៊ីឡូន ហើយ​និង​ស្ត្រី​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត គាត់​ទទួល​ពួក​អ្នក​ទាំង​នេះ​ដោយ​ម្ហូប​អាហារឈ្ងុយ​ឆ្ងាញ់​ពិសារ ផ្តើម​ដោយ​តន្ត្រីកំដរ​អារម្មណ៍ និង​ ចាត់​ចែង​ដោយ​ការ​សន្ទនា​ដ៏​ជក់​ចិត្ត។ កិច្ច​ការ​អស់​នេះ​ បង្រៀន​​សាឌិច​ពី​អ្វី​ដែល​អាច​ធ្វើ​ឱយ​គេ​ស្អប់និង​ បំផ្លាញ​សេចក្តី​រីក​រាយ​របស់​សង្គម​ដ៏​រុង​រឿង​។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​ជៀស​វាង​ចំនុច​អវិជ្ជមាន​អស់​នេះ។ សាឌិច​មិន​រើស​អើង​មិត្រ​ភក្តិ រឺ​ម្ហូប​អាហារ​នោះ​ទេ ព្រោះ​វា​ធ្វើ​ដើម្បី​តែ​ចង់​ចេញ​មុខ​តែ​ប៉ុណ្ណោះ ហើយ​តាម​រយៈ​វិធី​នេះ​គាត់​ទទួល​បាននូវ​ការ​គោរព​ជា​ខ្លាំង បើ​ទោះ​បី​ជា​សាឌិច​មិន​ចង់​បាន​ក៏​ដោយ។

 

នៅ​ទល់​មុខ​ផ្ទះ​គាត់ ជា​ផ្ទះ​របស់​ អារីម៉ាស់ ជា​បុគ្គលម្នាក់ ដែល​​ជា​ទាសករ​នៃ​ទង្វើ​​​អាក្រក់។ ក្នុង​ចិត្ត​របស់​គាត់​ពោរ​ពេញ​ទៅ​ដោយ​ពុតត្បុត អំនួត និង​សេចក្តី​ច្រណែន។ ដោយ​មិន​ដែល​ទទួល​បាន​ជោគជ័យ​នា​គ្រប់​កិច្ច​ការ​ទាំង​អស់ គាត់​តែង​តែ​ដាក់​បណ្តាសារ​ដល់​មនុស្ស​ទាំង​ពួង​នៅ​ជុំ​វិញ​ខ្លួន​គាត់។ បើ​ទោះ​បី​ជា​គាត់​មាន​បែប​ណា​ក៏​ដោយ គាត់​នៅ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ប្រមូល​ផ្តុំ​មនុស្ស​មក​ប្រចុម​ប្រចែង​ខ្លួន។ សំលេង​រទេះ ដែល​មក​ឈប់​រាល់​ល្ងាច​នៅ​ផ្ទះ​របស់​សាឌិច ធ្វើ​ឱយ​គាត់​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​សំលេង​ពោល​សរសើរ​សាឌិច​កាន់​តែ​ធ្វើ​ឱយ​គាត់​ក្តៅ​ក្រហាយ​ជាង​នេះ​ទៅ​ទៀត។ ជួន​កាល​ គាត់​ក៏​បាន​ទៅ​អើត​មុខ​នៅ​ផ្ទះ​របស់​សាឌិច​ដែរ ហើយ​ចូល​ទៅ​រួម​តុ​នឹង​គេ​ ទាំង​គ្មាន​នរណា​ចង់​ឱយ​អង្គុយ​ជា​មួយ។ នេះ​ក៏​ព្រោះ​តែ​គាត់​បំផ្លាញ​សេចក្តី​រីករាយ​របស់​អ្នក​ឯទៀត ដូច​ពាក្យ​គេ​និយាយ​ថា សត្វ​ត្មាត​ធ្វើ​ឱយ​​ស្អុយសាច់ដែល​វា​ប៉ះ​។ មាន​ថ្ងៃ​មួយ​នោះ គាត់​ចង់​ជប់​លៀង​ឱយ​ស្ត្រី​ម្នាក់។ នាង​មិន​បាន​យល់​ព្រម​តាម​សេចក្តី​អញ្ជើញ​របស់​គាត់​ឡើយ ដោយ​នាង​ត្រូវ​ទៅ​ចូល​រួម​ពិធី​នៅ​ឯ​ផ្ទះ​របស់​សាឌិច​។ មាន​ថ្ងៃ​មួយ​ផ្សេង​ទៀត​នោះ នៅ​ពេល​ដែល​គាត់​កំពុង​តែ​ពិភាក្សា​ជា​មួយ​សាឌិច​នៅ​ក្នុង​វាំង លោក​មន្ត្រី​ម្នាក់​បាន​មក​អញ្ជើញ​សាឌិច​ឱយ​ទៅ​បាយ​ល្ងាច​នៅ​ផ្ទះ​របស់​គាត់ ហើយ​គាត់​មិន​បាន​អញ្ជើញ​អារីម៉ាស់​ទេ។ កំហឹង​ដែល​ឆាប​ឆេះ​បាន​យូរ​បំផុត​នោះ មិន​ចាំ​បាច់​ទាល់​តែ​មាន​មូលហេតុ​ស៊ី​ជំរៅខ្លាំង​​នោះ​ទេ។ បុរស​ម្នាក់​នេះ​រហ័សនាម​ហៅ​ថា មនុស្ស​ច្រណែន​ប្រចាំ​ក្រុង​បាប៊ីឡូន ចង់​កំចាត់​សាឌិច​ ព្រោះ​គេ​ហៅ​សាឌិចថា​មនុស្ស​រីករាយ។ ឱកាស​សាង​អំពើ​អាក្រក់​មាន​មួយ​រយ​ដង​ក្នុង​មួយ​ថ្ងៃ តែ​ឱកាសសាង​អំពើ​ល្អ​វិញ​ មាន​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ នេះ​បើ​តាម​ទ្រឹស្តី​របស់​សូរ៉ូ​អាស្ត្រ។

 

មនុស្ស​​ច្រណែន​បាន​ទៅ​ផ្ទះ​សាឌិច ដែល​កំពុង​តែ​ដើរ​លេង​ក្នុង​សួន​ច្បារ​ផ្ទះ​គាត់​ជា​មួយនឹង​មិត្ត​ពីរ​នាក់​ និង​ស្រ្តី​ម្នាក់ ដែល​សាឌិច​ចូល​ចិត្ត​និយាយ​តែ​ពាក្យគួរ​សម​ផ្អែម​ល្ហែម ដោយ​គ្មាន​គំនិត​អ្វី​ផ្សេងពី​ពាក្យ​សំដី​របស់​វា​​ឡើយ។​​​ ពួក​គេ​និយាយ​គ្នា​អំពី​សង្គ្រាម​មួយ​ដែល​ស្តេច​ទើប​តែ​បញ្ចប់​ដោយ​រីក​រាយ​ ប្រឆាំង​នឹង​ព្រះ​រាជបុត្រ​បុរី អៀរ្កាន់ ដែល​ជាបុរី​ស្ថិត​ក្រោម​ចំនុះ។​ សាឌិច​ដែល​បាន​និយាយ​លើក​សរសើរ​ពី​សេចក្តី​ក្លាហាន​របស់​ព្រះ​រាជា​នៅ​ក្នុង​សង្គ្រាម​ខ្លី​នេះ បាន​សំដែង​សេចក្តី​ពេញ​ចិត្ត​ចំពោះ​ព្រះ​រាជា​ជា​ខ្លាំង តែ​នៅ​តែ​មិន​ដល់​សេចក្តី​ពេញ​ចិត្ត​របស់​គាត់​ចំពោះ​ស្ត្រី​ដែល​គាត់​កំពុង​តែ​និយាយ​ជា​មួយ​នេះទេ។ សាឌិច​យកកូន​​សៀវភៅចេញ​មក រួច​សរសេរ​កំនាព្យ​ពីរ​ល្បះ ហើយ​បាន​ឱយ​ទៅ​ស្រី​ស្អាត​ជា​អ្នក​អាន។ មិត្ត​របស់​គាត់ បានទាម​ទារ​ចែក​គ្នា​ជា​ពីរ ​ដោយ​សារ​តែ​មាន​លក្ខណៈ​ជា​សុភាព​បុរស​​រឺ​ប្រហែល​ជាមាន​​មោទនភាព​លើ​ខ្លួន​ឯង​ច្រើន​ជាង​ សាឌិច​​ក៏​ព្រម​តាម។ វា​ដឹង​ថា កំនាព្យ​ដោយ​គ្មាន​ព្រាង​ទុក​បែប​នេះ មិន​ដែល​ល្អ​ប្រសើរ​អី​ណាស់​ណា​នោះ​ទេ នេះក៏​ព្រោះ​តែ​ពួក​គេ​ចង់​ផ្តល់​កិត្តិយស​ឱយ​តែ​ប៉ុណ្ណោះ។ វា​ក៏​ហែក​កំនាព្យ​ជា​ពីរ​ចំនែក​ រួច​ហើយ​បោះ​ចូល​ក្នុង​គុម្ព​ផ្កា​កុលាប បន្ទាប់​មក​ពួក​គេ​ដើរ​រក តែ​រក​មិន​ឃើញ។ ពេល​នោះ​ភ្លៀង​ក៏​បង្អុរ​ឡើង ពួក​គេ​ក៏​រត់​ចូល​ផ្ទះ។ មនុស្ស​ច្រណែន​នៅ​ក្នុង​សួន​ច្បារ បាន​ខំ​ស្វែង​រក រហូត​រក​ឃើញ​​ក្រដាស​មួយ​ចំនែក។ វា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ដោយ​ពាក្យ​កាព្យ​មួយ​ភាគ​នោះ​មាន​ឃ្លាឃ្លោង​ត្រឹម​ត្រូវ ទោះបី​ជា​កំនាព្យ​មួយ​ឃ្លា​តូច​ក្តី តែ​ដោយ​ចៃ​ដន្យ​វា​ចំលែក​ណាស់។ កំនាព្យ​មួយ​ឃ្លា​តូច​នោះ​មាន​ន័យ​ជេរ​ប្រមាថ​គួរ​ឱយ​ខ្លាច​ប្រឆាំង​នឹង​ស្តេច។ វា​មាន​ន័យ​សេចក្តី​ថា :

           

អំពើ​​ឆក់​ប្លន់​​ឧក្រិដ្ឋកម្ម

គង់ជា​ប្រចាំ​​លើ​បល្លង្ក

ស្រុក​​សន្តិភាពគ្មាន​ចម្បាំង

ជាសត្រូវ​​ខ្មាំង​របស់​អញ

 

មនុស្ស​ច្រណែន​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង ជា​លើក​ទី​មួយ​ក្នុង​ជីវិតរបស់​គាត់។ គាត់​មាន​របស់​មួយនៅ​ក្នុង​ដៃ ​ដែល​អាច​បំផ្លាញ​ឧត្តមភាព​​និងប្រជា​ប្រិយភាព​របស់​សាឌិច​បាន ។ ពោរពេញ​ទៅ​ដោយ​សេចក្តី​រីករាយ​ដ៏​អាក្រក់​ គាត់​បាន​នាំ​យក​សំនេរ​ជួរ​ជាតិ​របស់​សាឌិច​នេះ​ទៅ​ដល់​ព្រះ​រាជា​ភ្លាម។ គេ​បាន​ឃុំ​ខ្លួន​សាឌិច មិត្ត​ទាំង​ពីរ​និង​ស្រី​ស្អាត។

ការ​កាត់​ក្តី​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឆាប់​រហ័ស​ណាស់ រហូត​ដល់​សាឌិច​គ្មាន​ទាំង​ឱកាស​និយាយ​ការពារ​ខ្លួន​ផង។ នៅ​ពេល​ដែល​គាត់ ត្រូវ​ស្តាប់​សាលក្រម មនុស្ស​ច្រណែន​បាន​ចេញ​មក​ ហើយ​បាន​និយាយ​ខ្លាំង​ៗ​ដាក់​សាឌិច​ថា​កំនាព្យ​របស់​សាឌិច​គ្មាន​បាន​ការ​អ្វី​ទាំង​អស់។ សាឌិច​ គាត់​មិន​បាន​ឱយ​តំលៃ​ខ្លួន​ឯង​លើ​ការ​តែង​កំនាព្យ​អី​នោះ​ទេ តែ​គាត់​អាក់​អន់​ចិត្ត​ព្រោះ​តែ​គេ​ថ្កោល​ទោស​ពី​បទ​ឧក្រិដ្ឋ​​ប្រមាថ​មើល​ងាយ​ចេស្តា​ព្រះ​រាជា​ ហើយ​ស្រី​ស្អាត​និង​មិត្រ​របស់​គេ​ទាំង​ពីរ​នាក់​ត្រូវ​ជាប់​ទោស​ដូច​គ្នា​ដោយ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​សោះ។ គេ​មិន​អនុញ្ញាត​ឱយ​គាត់​និយាយ​ទេ ព្រោះ​កំនាព្យ​របស់​គាត់​បាន​និយាយ​រួច​ហើយ។ នេះ​ហើយ​ជា​ច្បាប់​នៅ​ក្រុង​បាប៊ីឡូន។ គេ​បាន​បណ្តើរ​គាត់​ទៅ​កន្លែង​ប្រហារ​ជីវិត កាត់​ហ្វូង​មនុស្ស​ដែល​ពោរ​ពេញ​ដោយ​សេចក្តី​ងឿង​ឆ្ងល់ តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា​អ្វី​នោះ​ទេ ហើយ​បាន​នាំ​គ្នា​មក​ចោម​រោម​មើល ដើម្បី​គ្រាន់​តែ​ចង់​ដឹង​ពី​ទឹក​មុខ​របស់​សាឌិច​​និង​ចង់​ដឹង​ថា​តើ​សាឌិច​នឹង​ស្លាប់​ទាំង​ស្រស់​សង្ហារ​បែប​នេះ​តែ​ប៉ុណ្ណោះ ។ មាន​តែ​សាច់​ញាតិ​របស់​គាត់​តែ​ប៉ុណ្ណោះ​ដែល​ពិបាក​ចិត្ត​ខ្លាំង ព្រោះ​ពួក​គេ​មិន​អាច​ទទួល​បាន​មរតក​អ្វី​បន្តិច​ទាល់​តែ​សោះ​ពី​សាឌិច។ ទ្រព្យ​សម្បត្តិ​បី​ចំនែក​របស់​សាឌិច​ត្រូវ​គេ​រឹប​អូស​ជា​សម្បត្តិ​របស់​ព្រះ​រាជា មួយ​ចំនែក​ទៀត​ត្រូវ​ប្រគល់​ទៅ​ឱយ​មនុស្ស​ច្រណែន។

 

នៅ​ក្នុង​ថ្ងៃ​ដែល​សាឌិច​ត្រៀម​ខ្លួន​នឹង​ស្លាប់​ទៅ​ហើយ​នោះ សេក​របស់​ព្រះរាជា​បាន​ហើរ​ចេញ​ពី​បាល់កុង​របស់​វា រួច​ទៅ​ទុំ​នៅ​សួន​ច្បារ​របស់​សាឌិច​ នៅ​លើ​ផ្កា​កុលាប។ ផ្លែ​ឈើ​នៅ​ជិត​នោះ​បាន​ធ្លាក់​មក​លើ​កំនាព្យ​មួយ​ចំហៀង​ទៀត។ សេក​នោះ​បាន​ពាំ​យក​ផ្លែ​នោះ​និង​កំនាព្យ​មួយ​ចំហៀង​របស់​សាឌិច​ ហើយ​យក​មមក​ទំលាក់​នៅ​នឹង​ជើង​របស់​ព្រះរាជា។ ព្រះ​អង្គ​មើល​កំនាព្យ​នោះ​មិន​ដាច់​ តែ​មើល​ទៅ​ហាក់​ដូច​ជា​ចុង​បញ្ចប់​នៃ​កំនាព្យ​មួយ។ ព្រះ​អង្គ​ទ្រង់​ពេញ​ចិត្ត​កំនាព្យ ហើយ​ចំពោះ​ព្រះ​រាជា​បែប​នេះ គេ​តែង​តែ​សង្ឃឹម​ថា​ទ្រង់​នឹង​មាន​មេត្តា​ធម៌​ខ្លះ​ជា​មិន​ខាន។ ការ​ផ្សង​ព្រេង​របស់​សេក​របស់​ទ្រង់​បាន​ធ្វើ​’យ​ទ្រង់​រវើ​រវាយ។ ម្ចាស់​ក្សត្រី​ដែល​បាន​ចង​ចាំ​ពី​កំនាព្យ​មួយ​ចំហៀង​ទៀត​របស់​សាឌិច​ ក៏​បាន​នាំ​យក​កំនាព្យ​មួយ​ចំហៀង​នោះ​មក​។ គេ​ក៏​យក​ចុង​សន្លឹក​ទាំង​ពីរ​ដាក់​ផ្គុំ​គ្នា​វិញ នៅ​ពេល​នោះ​គេ​អាច​អាន​កំនាព្យ​របស់​សាឌិច​បាន​ថា៖

 

អំពើ​​ឆក់​ប្លន់​​ឧក្រិដ្ឋកម្ម                  កើត​ក្តី​កើត​ក្តាំ​ឈ្លោះ​តតាំង​

គង់ជា​ប្រចាំ​​លើ​បល្លង្ក                  ព្រះអង្គដ៏​​ខ្លាំងបង្ក្រាប​​បាន។

ស្រុក​​សន្តិភាពគ្មាន​ចំបាំង             ​ស្នេហាអ្នក​ច្បាំង​​កាប់​ចាក់​បាញ់

ជាសត្រូវ​​ខ្មាំង​របស់​អញ                ដូច​ភ្លើ​​ងខ្មួល​ខ្មាញ់​គួរឱយ​​ខ្លាច។​

 

ព្រះ​រាជា​ក៏​ចេញ​រាជ​បញ្ជា​ឱយ​គេ​នាំ​យក​សាឌិច​មក​គាល់ ហើយ​ឱយ​គេ​ដោះ​លែង​មិត្ត​ទាំង​ពីរ​នាក់​និង​ស្រី​ស្អាត​ចេញ​ពី​គុក។ សាឌិច​ក្រាប​បង្គំ​ស្តេច និង​ម្ចាស់​ក្សត្រី។ គាត់​បាន​សុំ​ទោស​ព្រះ​រាជា​ដោយ​បាន​សរសេរ​កំនាព្យ​មិន​ពិរោះ គាត់​និយាយ​ពោរពេញ​ទៅ​ដោយ​ភាព​សមរម្យ ឧត្តមគតិ និង​ហេតុផល រហូត​ធ្វើ​ឱយ​ព្រះ​រាជា​និង​ម្ចាស់​ក្សត្រី​ចង់​ជួប​សាឌិច​ម្តង​ទៀត។ សាឌិច​បាន​មក​គាល់​ព្រះ​រាជា​ម្តង​ទៀត ហើយ​ថែម​ទាំង​ទទួល​បាន​លាភសក្ការៈ​ថែម​ទៀត​ផង។ គេ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​មនុស្ស​ច្រណែន​​ទៅ​ឱយ​សាឌិច ព្រោះ​តែ​មនុស្ស​ច្រណែន​បាន​ចោទ​ប្រកាន់​សាឌិច​ដោយ​មួល​បង្កាច់ ប៉ុន្តែ​សាឌិច​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​ទៅ​ឱយ​មនុស្ស​ច្រណែន​វិញ​ទាំង​អស់។ មនុស្ស​ច្រណែន​មាន​សេចក្តី​រីក​រាយ​ឥត​ឧប​មា​ដោយ​​​មិន​បាន​បាត់​បង់​ទ្រព្យសម្បតិ្ត​របស់​គាត់។

​ទំនុក​ចិត្ត​របស់​ព្រះ​រាជា​លើ​សាឌិច​កាន់​តែ​មាន​ភាព​ខ្លាំង​ឡើងៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ព្រះ​រាជា​សេចក្តី​រីក​រាយ​ជា​មួយ​នឹង​សាឌិច និង ពិភាក្សា​ជា​មួយ​​សាឌិច​ពី​គ្រប់​កិច្ច​ការ​ទាំង​អស់។​ ម្ចាស់​ក្សត្រី​ចាប់​មាន​ក្រសែ​ភ្នែក​មួយ​ចំពោះ​សាឌិច ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​ព្រះ​នាង ដល់​ព្រះ​រាជា​ដែល​ជាព្រះ​​ស្វាមី ដល់​សាឌិច និង​ដល់​ព្រះ​រាជា​ណាចក្រ​ទាំង​មូល។ សាឌិច​ចាប់​ផ្តើម​ជឿ​ថា​ គ្រាន់​តែ​ដើម្បី​ស្វែង​រក​ការ​សប្បាយ​គ្មាន​អ្វី​ពិបាក​នោះ​ទេ។[…]


[1] ជា​សត្វ​ក្នុងជំនឿ​បុរាណ ដែល​មានខ្លួន​ជា​តោ ​ក្បាលនិង​ស្លាប​ជា​ឥន្ទ្រី មាន​ត្រចៀក​សេះ ក្បាល​មាន​សិរដូច​ព្រុយ​ត្រី។​

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in រឿង​និទាន​ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s