ឱ្យ ឲ្យ និង ឱយ នៅ​លើ​សិលា​ចារឹក


ជំលោះ​អក្សរ​សាស្ត្រ​បាន​កើត​ឡើងកាល​ពី​ប៉ុន្មាន​ទសវត្ស​រ៍មុននេះ​ ​រវាង​ខ្មែរ​នឹង​ខ្មែរ ទៅ​លើ​​ការ​ប្រើ​ប្រាស់​ពាក្យ អោយឱយឱ្យឲ្យ នេះ។ ខ្ញុំ​សូម​ដក​ស្រង់​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ តាម​សិលាចារឹក​នានា នៅ​ក្នុង​សម័យ​កាល​និមួយៗ មក​បង្ហាញ។ គួររំលឹក​ផង​ដែរ​ថា​អក្សរសាស្ត្រ​ខ្មែរសម័យ​បុរាណ ​ត្រូវ​បាន​អ្នក​ប្រាជ្ញ​ខ្មែរ​សម័យ​ថ្មី​បែង​ចែក​ជា​សម័យ​កាល : សម័យ​សរសេរ​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ និង សម័យ​សរសេរ​រប៉ាត់​រប៉ាយ។

គួរ​រំលឹក​ថា ក្រុម​អ្នក​និពន្ធ​វចនានុក្រម​ខ្មែរ បាន​តំរូវ​អោយ​សរសេរ​ថា “ឱ្យ” រឺ “ឲ្យ” តែ​មិនអោយ​សរសេរ​ថា អោយ រឺ “ឱយ”ទេ ដោយ​យល់​ថា ពាក្យ​នេះ គេ​សរសេរ​ថា “ឱ្យ” រឺ “ឲ្យ” តាំង​ពី​បុរាណកាល​មក។

តែ​តាម​ទស្សនៈ​ម្ខាង​ទៀត​វិញ គឺ​ក្រុម​ខេមរយានកម្ម បាន​អោយ​ដឹង​ថា នៅ​លើ​សិលា​ចារឹក​ក៏​មាន​សរសេរ​ថា “ឱយ” បែប​នេះ​ដែរ។ ហើយ​ដោយ​យល់​ថា ក្រុម​អ្នក​និពន្ធ​វចនានុក្រម​ខ្មែរ បាន​កែ​ពាក្យ​ជា​ច្រើន​ផ្សេង​​ទៀត ដូច​ជា​ ហើ្យ មក ជា​ ហើយ ដូច្នេះក្រុម​នេះ​ក៏​ស្នើ​អោយ​ប្រើ ថា ឱយ បែប​នេះ​វិញ រឺ​ក្រោយ​មក​ទៀត ប្រែជា “​អោយ” (ខ្ញុំ​មិន​ដឹង​មូល​ហេតុ ប្រហែល​ជា​តំរូវ​នឹង​ពាក្យ អោយ > អំនោយ, កប់​> កំនប់,…. រឺ​ប្រហែល​មក​ពី​ទំនោរ​បោះ​បង់​ស្រះ​ពេញ​តួ​ផង​ក៏​មិន​ដឹង )។

សិលាចារឹកប្រាសាទ​​បន្ទាយ​ឆ្មារ

chhmar
សរសេរ​ជា​អក្សរ​ទំនើប​ជា

នាភារតរាហុ​សំវិទ្ធិ​ទ្រោ​ហត​វ្រះ​បាទ​ឝ្រី​យឝោ​វម៌្ម ទេវ​បិ​ថ្លេង៑​វ្រះមន្ទីរ​ឥសវន​នគរ​ផោង៑​បង្បិត​តយ​កន្តាល៑ មត្ត​វារ​រតឥស្ស​ស្តច៑​ថ្លេង៑​ឆ្បង៑អ្នក្សញ្ជក៑​អជ៌ុន​អ្នក្ស​ញ្ជក៑​ឝ្រីធរទេវ​បុរ​ឆ្បង៑ករ៑​សំតេច៑ ស្យង្ត​ត្វល៑តោយ៑ វ្នេក ស្តច៑​ផ្ជល៑​មុះ​ផ្ត្វល៑​ភារ​តរាហុ​ចំន្យរ​ផ្ត្យន្និ​ប្រេ​ឱយ៑ នាម​វ្រះ​កំម្រ​តេង​អញ៑​ឝ្រី​ន្ឫប​សិង្ហ​វម៌្មត​អ្នក្សញ្ជក៑​ទេវបុរត​ជា​បុត្រ​អ្នក្សញ្ជក៑​ឝ្រីធរទេវ​បុរ​ឱយ៑​នាម​អំតេងត​អ្នក្សញ្ជក្តវ្យរ​ស្ថាបនា​រូប​ឥសកុលបក្សផោង៑​ស្តច៑​ប្រកោប្សំ​បត៑នុក្រម
សំគាល់ : ក្នុង​សិលាចារឹក​នេះ

-អោយ គេ​សរសេរ​ថា ឱយ៑។

-កណ្តាល គេ​សរសេរ​ថា កន្តាល៑

-សម្តេច គេ​សរសេរ​ថា សំតេច៑

-ដោយ សរសេរ​ថា តោយ

ដួល សរសេរ​ថា ត្វល

ភ្នែក គេ​សរសេរ​ថា វ្នេក

ព្រះ​បាទ​ស្រី​យសោវរ្ម័ន គេ​សរសេរ​ថា វ្រះ បាទ ឝ្រី យ​ឝោ វម៌្ម

ប្រភព :​ ភក្តីភាព​និង​ការ​តប​គុណ

សិលាចារឹក​នៅ​រួត​ព្រះពាន់​ប្រាសាទ​អង្គរ​វត្ត សវទី​១៧

001
ឱយ សត្វ​ទាំង​ហ្លាយ រសាយ​លែង​ទុក្ខ​ពិបាក​នោះ​ឱយ​លតោះ លែង​កង្វល​ តល ពិមាន​ស្ឋាន​ភិរំម​សម្បាត​ពី​ភព្វ​សបសរល​ហោ្ង ភាគ្យ​មួយ​យេង​ជូន​ទោវ​ត​ព្រះញាត​​មាន​អាទិ​គឺ​ជ្និជ្នុក​អំម្បាល​ឥសជនពិធិ​អំម្វិយ​កាល​មុះ​ហ្និ​បិវង្វេង​ក្រេង​ទោវ​ចតុរាចាយ​ធូរុ​រសាយ​លែង​ទុក្ខ​នោះ​ឱយ​ស្មោះ​ទោវ​សោយ​សុក្ខ សព្វ​សរិល​ហោ្ង

សំគាល់ : ក្នុង​សិលាចារឹក​នេះ

អោយ គេ​សរសេរ​ថា ឱយ

ហោង គេ​សរសេរ​ថា ហោ្ង

ទាំង​ឡាយ គេ​សរសេរ​ថា ទាំង​ហ្លាយ

ដោះ គេ​សរសេរ​ថា តោះ

ដល់ គេ​សរសេរ​ថា តល

– សុខ គេ​សរសេរ​ថា សុក្ខ

….

ប្រភព : ក្រែង​លោ

សិលាចារឹក​នៅ​រួត​ព្រះពាន់​ប្រាសាទ​អង្គរ​វត្ត សវទី​១៧

005_big

…លុះ​នា ១៥៥៤ សក្គវោក អ្នក​ខ្សត្រអាសាទ្ធបុណ្ណមី ព្រះ​ស្សមតិព៌ារ សាន៌ា ជុំនុំ​សឃ៍ អ្នក​ព្រះ​រាជ​សិលាចារ មហា សឃ៌រាជ​បុពិត្រ​អ្នក​សំម្តេច​ព្រះ​ម្ហា មង្គល បូពិត្រ​អ្នក​មហា​សុមុះ​អ្នក​សំម្តេចប្រញានន អ្នក​សំម្តេច​ព្រះ​មោគ្កលាន អ្នក​សំម្តេច​សូមេត​ អ្នក​សំម្តេច ព្រះ​បវរ​មណិ អ្នក​ម្ហាថេរ ឱ​ទៃ្យ​បញា​ជុំនុំឯគ្រហាស​សោត​មាន​ចោវ​សគន្ធ​រាជ​ចោវ បញា​ទេព្វ​រាជ អ្នក​ធម្ម​អ្នក​ចោភិក្ខ ឥន្ទ្រ អ្នក​ចោភិក្ខ​សមនចោវ​យោស ចោវ សមន​នាង​សូស​ រិ ញាត ទាង​អម្បាល​នេះ ជួយ​អនុមោទនា និចោវ​ជេត​នូ នាង សូស​មាន​ចិត្ត្រ សាទ៌្ធា​ឱយ អា​សូស​នេះ​នេះ​រ្វច​ជា​ព្រៃ​ស្រលះ ឥត​កំតីង​លេវ​ចោវ​​ជេត​នា្ង សូស​សមានចិត្ត្រ​សាទ៌្ធា​នាំ​អាសូសនេះ​មោក​នា​ព្រះ ពិស្នុ លោក ត​ជា​ស្ឋាន​ជុំនុំ​នៃ​ទេព្វតា​ម្ហា​​ខ្សត្រ ម្ហា​ព្រំហ្មរ​សីហ​សក្ក​តិនូទេព្វ​រាគ​បិតរ​គន្ធ​ផោង​ស្យិងមោក​ជុំនុំ​សមុគ្គតា​គាប្បិ​យេង​ខ្ញុំម បំបួស​អ្នក​សូស​នេះ​វ្វច​ជា​ពានា​ស្រំ​សូរេច​ថ្វាយ​ជា​កុល​បុត្ត​ព្រះ​សិសាក្យ​មុណិ​ព្រះ​ស្រិ​រត្នត្រៃ​មរំម្ម​បូពិត្រ​…

សំគាល់ : ក្នុង​សិលាចារឹក​នេះ

អោយ គេ​សរសេរ​ថា ឱយ

សម្តេច គេ​សរសេរ​ថា សំម្តេច

-ក្សត្រ គេ​សរសេរ​ថា ខ្សត្រ

– ពិស្ណុ គេ​សរសេរ​ថា ពិស្នុ

ប្រភព : ប្រោស​សត្វ​លោក

សិលាចារឹក​ដែល​ខ្ញុំ​បាន​លើក​ឡើង​ខាង​លើ​នេះ​ ដែល​ខ្ញុំ​រក​បានពី​​វ៉ិប​សាយ​ខ្មែរ​ដូច​បញ្ជាក់​អោយ​ដឹង​ស្រាប់ មាន​ចំនួន​ត្រឹម​តែ​បីផ្ទាំង​ប៉ុណ្ណោះ ។ ចំនួន​ដ៏​តិច​តួច​នេះ មិន​អាច​យក​មក​ធ្វើ​ជា​សេចក្តី​សន្និដ្ឋាន​អ្វី​អោយ​បាន​ប្រាកដ​នោះ​ទេ (ព្រោះ​នៅ​ខ្វះ​ភស្តុតាង​ការ​ពារ​​សំនេរ ឱ្យ)។ សង្ឃឹម​ថា​មិត្ត​អ្នក​អាន​នឹង​អាច​ចង្អុល​បង្ហាញ​តំរុយ​ខ្លះ​បន្ថែម​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា វា​ក៏​បាន​បង្ហាញ​យើង​អោយ​បាន​ដឹង​ខ្លះ​ៗ​អំពី​ការ​ប្រើ​ប្រាស់​ ឱយ-ឱ្យ ដ-ត និង ន-ណ​ ដែរ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ, វប្បធម៌​ទូទៅ and tagged , . Bookmark the permalink.

21 Responses to ឱ្យ ឲ្យ និង ឱយ នៅ​លើ​សិលា​ចារឹក

  1. ខ្ញុំ​សុំទោស​ប្រសិន​បើ​ខ្ញុំ​យល់​ខុស​ពី​ទស្សនៈ​ដែល​លោក​ចង់​និយាយ ឬ​ចង់​ការពារ។ តាម​ការ​អាន និង​ការ​ផ្ដល់​សិលា​ចារិក​មក​អះអាង​នេះ បាន​ន័យ​ថា​លោក​ចង់​ឲ្យ​ប្រើ ឱយ, អោយ ជំនួស​ ឲ្យ, ឱ្យ ដែល​បាន​កំណត់​នៅ​ក្នុង​វចនានុក្រម​របស់​ខ្មែរ​ឬ? បើ​លោក​គិត​យ៉ាង​នោះ​មែន មាន​តែ​ប្រើ វ្រះ ប្រើ ឝ ឞ អី​ទៀត​ផង​ចុះ។ តាម​ខ្ញុំ​យល់​អក្សរ​ខ្មែរ​សម័យ​ថ្មី​យើង​នេះ​កំណត់​ប្រើ​ក្រោយ​សម័យ​អង្គរ​មក​អះអាង ជៀសជាង​សម័យ​មុន ឬ​សម័យ​អង្គរ។ ខ្ញុំ​ឆ្ងល់​ដែរ បើ​គេ​កំណត់​ឲ្យ​ប្រើ​តាម​វចនានុក្រម​ជា​គោល​សំដៅ​ឲ្យ​មាន​ឯកភាព​អក្សរ​សាស្ត្រ​រវាង​គ្នា​នឹង​គ្នា​ហើយ​នោះ ហេតុ​ម្ដេច​បាន​ជា​យើង​គិត​តែ​ពី​រវល់​ដើរ​រក​ភ័ស្តុតាង​មក​យក​ឈ្នះ​នេះ យក​ឈ្នះ​នោះ​ទៅ​កើត។ បើ​លោក​ដើរ​រក​ភ័ស្តុតាង​មក​នេះ មាន​ច្រើន​រាប់​មិន​អស់​ទេ មក​ចោទ​ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​នោះ។ បើ​រវល់​តែ​យ៉ាង​នេះ គ្មាន​ទេ​ឯកភាព​អក្សរសាស្ត្រ​នោះ! សូម​អរគុណ៕

  2. វិចិត្រ ថា:

    តាម​ពិត​ខ្ញុំ​គ្មាន​គំនិត​ដូច​លោក​សុភ័ក្ត្រ​លើក​ឡើង​នោះ​ទេ។ ដូច​ខ្ញុំ​បញ្ជាក់​ក្នុង​អត្ថបទ​នេះ​អញ្ចឹង ហេតុ​ដែល​ខ្ញុំ​មិន​លើក​យក​សិលា​ចារឹក​ដែល​បញ្ជាក់​ពី​ការ​ប្រើ ពាក្យ ឱ្យ និង ឲ្យ​ មក​ពី​ខ្ញុំ​រក​មិន​បាន​តែ​ប៉ុណ្ណោះ។ ខ្ញុំ​គ្មាន​លទ្ធភាព​អ្វី​ក្រៅ រក​តាម​Google នោះ​ទេ។
    ការលើក​ឡើង​អំពី​ពាក្យ​ឱ្យ រឺ​ឱយ​នេះ​មក​និយាយ មិន​មែន​ស្ថិត​ក្នង​បំនង​ទាម​ទារអោយ​គេ​សរសេរ​បែប​នេះ​រឺ​បែប​នោះ​ទេ តែ​ខ្ញុំ​លើក​ឡើង​មក​នេះ ដើម្បី​បង្ហាញ​ក្មេង​​ខ្មែរ​ខ្លះ ​ដែល​ប្រហែល​ជា​គិត​ថា​មាន​តែ​ខ្លួ​នឯង​ម្នាក់​ប៉ុណ្ណោះ​​ជា​អ្នក​ស្រលាញ់​អក្សរ​សាស្ត្រ​ខ្មែរ ហើយ​ស្រែក​ជេរអ្នក​ដែល​គិត​ខុស​ពី​ខ្លួន​​ថា​កែ​អក្សរ​សាស្ត្រ​ខ្មែរបែប​នេះ​រឺ​បែប​នោះ អោយ​បាន​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ តែ​ប៉ុណ្ណោះ។
    រី​ឯរឿង​​ឯកភាព​អក្សរ​សាស្ត្រ​នោះ ពេល​ខ្លះ​ខ្ញុំសូវ​ជា​​យល់​ប៉ុន្មាន​ទេ។ ព្រោះ​ថា បើ​ថា សរសេរ ឱយ ក៏បាន ឱ្យ​ក៏​បាន ​ថា​រញ៉េ​រញ៉ៃ តែ​ សរសេរ​មិត្រ​ក៏បាន មិត្ត​ក៏​បាន បែរ​ជា​មិន​ថា​រញ៉េរញ៉ៃ​ទៅ​វិញ។

  3. ចង់​ឬ​មិន​ចង់ ក៏​ជា​ចេតនា​ដែល​លោក​វិចិត្រ​ខំ​រក​ភស្តុតាង​ការពារ​ពាក្យ​ “អោយ” នេះ​ហើយ។ ពី​មុន​ក៏​ធ្លាប់​ជជែក​គ្នា​រាប់​ដង​មិន​អស់ ចាំ​បាច់​ទៅ​រអៀស​ខ្លួន​ធ្វើ​អី។ សុភ័ក្ដ្រ​និយាយ​ហ្នឹង​ម្យ៉ាង​ហើយ តាមៗ​គេ​ខ្លះ​ទៅ លោក​គ្រូ​​ចិត្រ​អើយ។

    • វិចិត្រ ថា:

      ដូច​ដែល​ខ្ញុំ​បញ្ជាក់​អញ្ចឹង ដែល​លើក​មក​នេះ គ្រាន់​តែ​ដើម្បី​បង្ហាញ​ថា​តាម​ពិត​ នោះ​តាំង​ពី​ដើម​មក​មាន​គេ​សរសេរ​ ឱយ និង ឱ្យ បែប​នេះ​មែន​ដួច​ការ​លើក​ឡើង​របស់​ពួក​ខេមរយានកម្ម​អញ្ចឹង។
      ខ្ញុំ​និយាយ​ម្តង​ទៀត​ទៅ​ចុះ ឱ្យ សរសេរ​ឱយ​មិន​បាន ថា​មិន​ឯក​ភាព​ជាតិ ចុះពាក្យ​ មិត្រ នេះ សរសេរ មិត្ត​ បាន​ដែរ ម៉េច​មិន​ថា​សរសេរ​គ្មាន​ឯក​ភាព​ផង? ចង់​បាន​ឯកភាព​អក្សរសាស្ត្រ តែ​ចង់អោយ​គេ​តាម​ខ្លួន១០០ភាគ​រយ។
      ខ្ញុំ​គ្មាន​រអៀស​ខ្លួន​អី​ទេ ធ្វើ​ម៉េច​បើ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ហៃ​អើៗ។
      ខ្លាច​​តែលោក​បឿន​ឯងទេ ដែល​រអៀស​ចិត្តខ្លួន​ឯង ដោយ​គ្រាន់​តែ​​ខ្ញុំ​លើក​ភស្តុតាង​ប្រវត្តិសាស្ត្រ​នេះ​មក​និយាយ។
      សម័យ​នេះ​មាន​អ្នក​បោក​ច្រើន​ណាស់​ (ខ្ញុំ​មិន​សំដៅ​លើ​លោក​បឿន​ឯង​ទេ)។​

  4. លោក​គ្រូ​​វិចិត្រ​អើយ ពាក្យ​ណា​គេ​ឲ្យ​សរសេរ​ពីរ​បី​បាន សរសេរ​ទៅ ដូច​ពាក្យ វិជ្ជា វិទ្យា, សម្ភាស សម្ភាសន៍, សម្ពន្ធ សម្ព័ន្ធ, ភក្ដិ ភ័ក្ដិ, ភក្ត្រ ភ័ក្ត្រ, មរតក មត៌ក, ពិធី វិធី, ពេលា វេលា, បក្ខ បក្ស, បុរាណ បូរាណ, ព្រលិត ព្រលឹត, ចាស ចា៎ះ… ពាក្យ​ឡើង​សន្ធឹក​ហ្នឹង​លោក​គ្រូ។ ខ្ញុំ​គ្មាន​ទៅ​រអៀស​ចិត្ត​អី​ទេ។

    • វិចិត្រ ថា:

      ហាក់​ដូច​ជា​ចាក​ប្រធាន​បន្តិច។
      – ចំនុច​ទី​១ ខ្ញុំ​ចង់​លើក​ឡើងរឺ​ចោទ​ជា​សំនួរ​ថា ហេតុ​អ្វី​ក៏​គេ​មិន​អាច​អនុញ្ញាត​អោយ​សរសេរថា ឱ្យ ឱយ និង​អោយ​ បាន​ទាំង​បី​បែប? (មិន​មែន​ទាម​ទារ​អោយ​កែ​មក​សរសេរ​ថា ឱយ រឺ​អោយ​តែ​មួយ​បែបដូច​លោក​បឿន និង​សុភ័ក្ត្រ​ចោទ​ខ្ញុំ​នោះ​ទេ) ព្រោះ​ថា​មាន​ពាក្យ​ខ្មែរ​ខ្លះ​ក៏​សរសេរ​បាន​ច្រើន​បែប​ដែរ ដូច​ជា​មិត្រ​និង​មិត្ត។ ក្រោយ​មក​លោក​ក៏​យល់​ស្រប​ចំនុច​នេះ ថា​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។
      – ចំនុច​ទី​២ : ទាក់​ទង​នឹង​ចំនុច​ទី​១ នេះ មាន​អ្នក​ខ្លះ​គេ​ថា​មិន​បាន​ទេ សរសេរ​ឱយ និង អោយ ខុស​ការ​ពិត គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ឱ្យ បែប​នេះ​បាន​ច្បាស់​លាស់ ។ ខ្ញុំមិន​ដែល​លឺ​គេ​ពន្យល់​ថា ហេតុ​អ្វី​ក៏​ឱ្យ​បែប​នេះ​ច្បាស់​លាស់​អី​នោះ​ទេ បែប​ដូច​ជា​និយាយ​ប៉ាត​ណា​ប៉ាត​ណី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​លើក​យក​រឿង​នេះ​មក​ពិភាក្សា ដោយ​ភ្ជាប់​ភស្តុតាង​មក​ជា​មួយ​ផង។ តែ​ភស្តុតាង​នេះ​វា​នៅ​តិច​តួច​ស្តួច​ស្តើង​ពេក។
      – ចំនុច​ទី​៣ : អ្វី​ដែល​លោក​បឿន​ឯង​និយាយ​គ្មាន​អ្វី​ក្រៅ​ពី​ថា​សរសេរ​តាម​តែ​គេ​ប្រាប់​អោយ​សរសេរ​ទៅ​ តែ​ប៉ុណ្ណោះ។ ដូច្នេះ​មិន​ចូល​ក្នុង​សាច់​រឿង​នេះ​ទេ។
      អញ្ចឹង​ខ្ញុំ​សួរ​លោក​បឿន​ទៅ​វិញ​ថា តើ​ចំនុច​ទី​២​ហ្នឹង​ពិត​ទេ? រឺ បើ​មាន​គេ​និយាយ​បែប​នេះ​មែន តើ​លោក​បឿន​ឯង​ហ៊ាន​ពន្យល់​ប្រាប់​គេ​ ដូច​ជា​សម័យ​មុន គេ​សរសេរ​ឱ្យ សម័យ​ក្រោយ​មក​ទៀត​​មាន​ខ្លះ​គេ​សរសេរ​ថា​ឱយ​។ល។​ ប៉ុន្តែ​ដោយ​សារ​វចនានុក្រម​កំនត់​អោយ​សរសេរ​ថា ឱ្យ យើង​ត្រូវ​តែ​សរសេរ​តាម ទេ?

  5. ម៉ន ថា:

    ខ្ញុំមិនចេះអក្សរខ្មែរប៉ុន្មានទេ រៀនមិនដល់ថ្នាក់ទីបីផង តែខ្ញុំក៏ធ្លាប់ឃើញ
    អ្នកដែលប្រកាន់យកត្រូវហូសហេតុដែរ ។ កាលខ្ញុំនៅរៀន គេសរសេរ
    ស្រឡាញ់ តែឥឡូវឃើញតែគេសរសេរ ស្រលាញ់ ចឹងខ្ញុំក៏សរសេរស្រ
    លាញ់ តាមគេទៅ ។ ដោយសារមិនបានរៀន មិនហ៊ានតវ៉ានឹងគេទេ ។

    • វិចិត្រ ថា:

      បើ​តាម​តែ​ខ្ញុំ​ដឹង​ៗ​មក ពី​ដើម​មក​គេ​សរសេរ​ថា​ស្រលាញ់ (ដូច​ជា​សម្លាញ់ ជើង​ល មិន​មែន ឡ​ ទេ)។ ក្រោយ​មក​ទៀត គេមាន​ទំនោរ​​កែ​ខ្យល់ ល៉ ជា​ឡ ដូច​ជា សរសេរ​ជា​ ស្រឡាញ់​វិញ ។ ក្រោយ​មក​ទៀត គេ​កែ​ជា​ ស្រលាញ់​វិញ​។ ក្រោយ​មក​ទៀត​គេ​សរសេរ​ជា​ស្រឡាញ់​(ជា​ស្រលាញ់ក៏​បាន)វិញ មក​ទល់​ឥលូវ។
      សរុប​ទៅ​ពាក្យ​នេះ​សរសេរ​បាន​ទាំង​ពីរ​បែប ស្រលាញ់​ក៏បាន ស្រឡាញ់​ក៏​បាន។

  6. Chanroeun Pa ថា:

    លាក់បាំងអីខ្ញុំមិនមែនជាអ្នកជំនាញខាងអក្សរសាស្រ្តទេ។ តែបើតាមវចនា​​ នុ​ក្រមខ្មែរ (សមេ្តច ជួន​​ ណាត) ពាក្យនេះអាចសរសេរជា “ឱ្យ” និង “ឲ្យ”។

    ខ្ញុំគិតថាអ្នកទាំងអស់គ្នាសុទ្ធតែមានគំនិតស្រលាញ់អក្សរសាស្រ្តជាតិយើង។ ការពិតយើងមិនគួរជជែកគ្នាដោយតឹងសសៃកបែបនេះឡើយព្រោះថា​ពាក្យ “អោយ”​ ​ “ឱ្យ” និង “ឲ្យ” សុទ្ធតែជាពាក្យខ្មែរដែលត្រូវបានប្រើកន្លងមក​ទៅតាម​ សម័យកាល និងតាមការនិយមរបស់ខ្មែរយើងដោយសារខ្មែរ​យើង​ពី​មុនមិន​មាន​ការ​ឯកភាពគ្នា និងឯកសារជាស្នូល ឬជាក្បួនខ្នាតជាក់លាក់​ពីមុន។ ប៉ុន្តែដោយសារបច្ចុប្បន្នយើងមានវចនានុក្រមខ្មែរជាគោលនោះ ខ្ញុំគិតថាយើង គួរយកការសរសេរតាមវចនានុក្រមជាគោល ឬជាការ​សរសេរ​បែបផ្លូវការ (ឬក្រសួងអប់រំជាអ្នកចេញសេចក្តីណែនាំក្នុង​ការសរសេរ​​ពាក្យនេះ)​ប៉ុន្តែយើង​ក៏ត្រូវតែបញ្ជាក់ថាពាក្យនេះអាចសរសេរ​បានជាច្រើនទម្រង់ទៀតដូចជា “អោយ”​ និង “ឱយ”។ ការធ្វើបែបនេះទើប យើងអាចរក្សាបាននូវឯកភាព និងភាពសំបូរបែបនៃភាសាជាតិយើង។

    សូមអរគុណវិចិត្រដែលបានលើកយកសិលាចរឹកមកបង្ហាញ ក៏ដូចជាការ​បញ្ចេញ​មតិរបស់អ្នកទាំងអស់គ្នាខាងលើ។​

  7. ខ្ញុំ​ពន្យល់​តាម​វចនានុក្រម​បាន ហេហេ, តែ​បើ​លោក​គ្រូ​ចង់​ដឹង​ច្បាស់​ទាល់តែ​សួរ​​គណៈកម្មការ​រៀបរៀង​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​ហ្មង​ទៅ 😉

    ចម្លង​ពី​វចនានុក្រម

    ឱ្យ ( កិ. ) ជា​អញ្ញត្រ​សព្ទ ដោយ​អនុវត្ត​តាម​ការ​ពិភាក្សា​ហើយ​សម្រេច​នៃ​គណៈ​កម្ម​ការ​រៀប​រៀង​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​បំផុត​ក្នុង​កាល ព. ស. ២៤៥៩ គ. ស. ១៩១៥ ថា​ត្រូវ​ប្រើ​ជា​ ឱ្យ យ៉ាង​នេះ មិន​យល់​ព្រម​ឲ្យ​ប្រើ​ជា ឱយ ឬ អោយ ឡើយ; មើល​ក្នុង និទាន Introduction ផង) ធ្វើ​អំណោយ គឺ​លះ​អ្វី​ៗ​ដល់​អ្នក​ដទៃ : ឲ្យ​ប្រាក់, ឲ្យ​ស្បៀង, ឲ្យ​ទ្រព្យ​របស់, ឲ្យ​គ្រឿង​ស្លៀក​ពាក់ ។ ប្រើ, បង្គាប់, ញ៉ាំង : ឲ្យ​ធ្វើ, ឲ្យ​រៀន, ឲ្យ​ទៅ, ឲ្យ​មក ។ ឲ្យ​កាន់​ការ ឲ្យ​ទទួល​កាន់​មុខ​ការ ។ ឲ្យ​ការណ៍ ប្រាប់​ដំណើរ​ការណ៍, ប្រាប់​រឿង​ហេតុ : សាក្សី​ឆ្លើយ​ឲ្យ​ការណ៍​តាម​ពិត ។ ឲ្យ​ជើង ហុច​ជើង​ម្ខាង​ឲ្យ​ចាប់ : អ្នក​ចំបាប់​ឲ្យ​ជើង​គ្នា​ម្តង​ម្នាក់ ។ លើក​ជើង​ហុច​បញ្ជោះ​ឬ​បញ្ឈឺ​ចិត្ត​ចំពោះ​មុខ​ដោយ​សេចក្ដី​ព្រហើន​មើល​ងាយ : វា​ហ៊ាន​ឲ្យ​ជើង​ខ្ញុំ ។ ឲ្យ​ដៃ បើក​ដៃ​ឲ្យ​ហ៊ាន​ធ្វើ ។ ហុច​ដៃ​បញ្ជោះ​ឬ​បញ្ឈឺ​ចិត្ត​ដោយ​សេចក្ដី​មើល​ងាយ ឬ​ក៏​ហុច​ដៃ​ចំអក​ឡក​ឲ្យ​គ្នា : វា​ហ៊ាន​ឲ្យ​ដៃ​ខ្ញុំ; អ្នក​ច្រៀង​ត​ឲ្យ​ដៃ​គ្នា (និយាយ​ថា ហុច​ដៃ​ឲ្យ​គ្នា ក៏​បាន) ។ ឲ្យ​ដំណឹង ប្រាប់​ដំណឹង ។ ឲ្យ​តម្រួយ ប្រាប់​តម្រួយ ។ ឲ្យ​ន័យ ពន្យល់ ។ ឲ្យ​នាម ឬ ឈ្មោះ សន្មត​នាម ឬ តាំង​ឈ្មោះ ។ ឲ្យ​ឧបាយ ប្រាប់​ឧបាយ ។ ឲ្យ​អំណាច​ បើក​អំណាច, ប្រគល់​អំណាច ។ល។ (ម. ព. ឧក និង ឪ ទៀត​ផង) ។ ព. កា. បញ្ជាក់ អញ្ញត្រ​សព្ទ ថា: អញ, អ្នក, នេះ, នោះ, ឲ្យ, ហោង កុំ​ឲ្យ​សរសេរ​តាម​សូរ​ថា អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង ថា : រី​ពាក្យ​អញ​អ្នក នេះ​នោះ​បញ្ជាក់ ដល់​ឲ្យ​និង​ហោង ពោល​ជា​ពាក្យ​កាព្យ ឲ្យ​ងាយ​ចាំ​ចង សរសេរ​ម្តង​ៗ កុំ​ភ្លាត់​តាម​សូរ ។ ប៉ុណ្ណេះ​ជា​អាទិ៍ ប្រើ​កុំ​ឲ្យ​ឃ្លាត យក​ផ្សេង​ជា​ថ្នូរ អញ្ញត្រ​សព្ទ មិន​ត្រូវ​ផ្លាស់​ប្តូរ ​ទោះ​បី​មាន​សូរ ឮ​ផ្សេង​ក៏​ដោយ ។

    • វិចិត្រ ថា:

      តែ​បើ​តាម​ខ្ញុំ​ដឹង ក៏​មាន​គេ​ជំទាស់​តាំង​ពី​ពេល​ហ្នុង​មក​ដែរ។
      និយាយ​ទៅ​ហេតុ​ផល​គ្មាន​អ្វី​ក្រៅ​ពី​ថា​ចេះ​តែ​ធ្វើ​តាម​គេ​ទៅ ហើយ​នៅ​តែ​ចាក​ប្រធាន​ដដែល។
      បញ្ហា​នោះ គឺ​មាន​អ្នក​ខ្លះ​និយាយ​ថា សរសេរ​ថា ឱយ រឺ អោយ គ្មាន​ការ​ពិត គ្មាន​មូល​ដ្ឋាន ។ល។ តើ​លោក​បឿន​ឯង​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​ចំពោះ​មតិ​នេះ?។

  8. monyrinataro ថា:

    កំពុងតែរកអត្ថបទហ្នឹងផង មកជួបដោយចៃដន្យ thank you.

  9. យើងត្រូវគិតថាអ្វីដែលមានហើយ ដែលសមរម្យហើយ អ្វីដែលអាចប្រើការបានហើយ យើងនាំគ្នាប្រើទៅ វាមិនបានខុសអីទេ។ បើយើងគ្រាន់តែពាក្យ ២​ ឬ៣ ម៉ាត់ហ្នឹងប្រកែកគ្នា ទាស់ទែងគ្នា មិនយល់ស្របគ្នា រហូតទាល់តែបែកបាក់សាមគ្គីគ្នាទៀត ទីបំផុតអត់ចំណេញទេ ទៅចំណេញ យួន និងសៀម ដែលប្រមូលពីខ្មែរយើងទៅ ដោយសាខ្មែរយើងរវល់ឈ្លោះគ្នាដោយពាក្យ២ ឬ៣ម៉ាត់នេះ។ ហើយសូមបញ្ញាក់ថា វចនានុក្រមដែលមានសម្តេច ជួន ណាត ជាព្រះប្រធាននេះ មិនមែនសម្រេចដោយ សម្តេច១អង្គឯងទេ គឺអ្នកទាំងអស់គ្នានោះព្រមទទួលហើយ។ ហើយអ្វីដែលយើងអាចលះបង់បានខ្លះក៏លះបង់ទៅចុះ ដើម្បីឲ្យមានភាពសាមគ្គីគ្នា ស្រលាញ់ប្រទេសជាតិ អក្សរសាស្ត្ររបស់យើងទាំងអស់គ្នា។ ខ្មែរយើងច្រើនជំនាន់ហើយ ដោយការឈ្លោះទាស់ទែងទាំងនេះហើយ ទើបបាត់បង់អ្វីៗជាច្រើនដូចជា ប្រាសាទបុរណា ផែនដី សិល្បៈ វប្បធម៌ ដែលចោរឈ្លានពានលួចយក ដូចជាពួកសៀម យួន បានលួចយកពីខ្មែរយើងដោយពួកខ្មែរយើងបែកបាក់សាមគ្គីគ្នា។ ត្រូវចាំពាក្យមួយឃ្លាថា ចង្កឹះមួយបាច់កាច់មិនបាក់ ហើយធ្វើតាមចុះវាមិនខុសទេ ពិតជាបានប្រយោជន៍ច្រើនក្រៃលែងជាមិនខាន។

    • វា​ពិតណាស់​ទំនាស់​គ្នា គួរ​តែ​កើត​មាន​ក្នុង​រង្វង់​អ្នក​តាក់តែង​វចនានុក្រម​តែ​ប៉ុណ្ណោះ អ្នក​ប្រើប្រាស់ ស្រប​រឺ​មិន​ស្រប គួរ​តែ​សរសេរ​តាម​វចនានុក្រម។ តែ​អត្ថបទ​នេះ​គឺ​ដើម្បី​បង្ហាញ​ថា ១) តាម​ពិត​ពី​បុរាណ​មក ការ​សរសេរ​អក្សរ អោយ ឲ្យ ឱយ មាន​ការ​ប្រែប្រួល​ជា​រហួត​មក។ ២) មាន​ទស្សនៈ​ខ្លះ​ជេរ​គេ​ទាំងងងើល ថា​ សរសេរ​បែប​នេះ​បែប​នោះ ជា​ការ​កែ​អក្សរសាស្ត្រ​ខ្មែរ ។
      បើ​បាន​អាន​អត្ថបទ​នេះហើយ ខ្ញុំ​ជឿ​ថា អ្នក​អាន​នឹង​មាន​ពន្លឺ​បន្ថែម ធូរ​ស្បើយ​ចិត្ត​ពី​ការ​ជេរ​ ជេរ​តិចៗ​ជាង​មុន រឺ ជេរ​បែប​ចេះ​ដឹង​ជាង​មុន ជា​មិន​ខាន ។

  10. សូមប្រាប់មួយចំនុចទៀតថា គេធ្វើបែបនេះ គឺឲ្យសរសេរ ពាក្យថា ឲ្យ មួយពាក្យនេះដូចគ្នាគឺចង់ឲ្យខ្មែរយើងងាយស្រួលក្នុងការសរសេរ និងមានភាពសាមគ្គីគ្នាផង មិនចាំបាច់ទៅកង្វល់ជាមួយពាកយថា អោយ ឳ្យ ។ ហើយពាក្យទាំងអស់នោះយើងមានសិទ្ធិក្នុងការដឹងបាន ដោយមិនមាននរណាហាមឃាត់យើងទេ។ វចនានុក្រមគេធ្វើ គេសម្របសម្រួលគ្នារួចទៅហើយ បើយើងមិនប្រើ ទៅប្រើអីវិញទៅ​ ។ ដូច្នេះសូមឲ្យយល់ថា ពាក្យថា ឳ្យ និង អោយ គេមិនប្រើទេ នៅក្នុងវចនានុក្រម យើងកុំប្រើទៅវាចប់រឿងបាត់ មិនចាំបាច់ប្រកែកឈ្លោះទាស់ទែងគ្នា រហូតឈានដល់បែកបាក់សាមគ្គីគ្នាទៀត ដោយពាក្យទាំងនេះនាំឲ្យខ្មាសដល់ជាតិសាសន៍ដ៍ទៃ គមើលងាយ និងខំលួចយកពីខ្មែរយើងអស់ស្ទើតែគ្មានសល់។

    • វា​អ៊ីចឹង​ហើយ វចនានុក្រម​គេ​រៀប​ចំ​មក​បែប​ណា គួរ​តែ​សរសេរ​តាម​គេ​បែប​ហ្នឹង​ហើយ។ តែ​ថា ទស្សនៈ​អ្នក​រៀប​ចំ​​ក្បួន​ខ្នាត​ហ្នឹង​ដូរ​ពី​សម័យ​មួយ​ទៅ​សម័យ​មួយ នេះ​ក៏​យើង​គួរ​ដឹង​ដែរ។ មួយ​ទៀត ប្រហែល​ ព្រះ​អង្គ​ប្រហែល ច្រលំ ឳ ជា​មួយ ឱ ទេ​ដឹង ? ក្នុង​វចនានុក្រម គេ​សរសេរ ឱ្យ ក៏​បាន ឲ្យ ក៏​បាន ។

  11. chau ថា:

    សូម​ជំរាប​សួរ​អស់​លោក​អ្នក​ស្នេហា​អក្សរ​សាស្រ្ត​ខ្មែរ​ទាំង​ឡាយ​ ខ្ញុំ​មាន​ចំងល់​ទៅ​លើ​ពាក្យ​ថា​ អំបុក​ និង​ អរុណ ថា​តើ​តួ​ អ ក្នុង​ពាក្យ​ អំបុក​ និង​តួ​ អ ក្នុង​ពាក្យ​ អរុណ នោះ​ខុស​គ្នា​ឬ​ត្រូវ​គ្នា​? សូម​អស់​លោក​មេត្តា​ជូយ​ពន្យល់​ផង​ សូម​អរ​គុណ​!

  12. chau ថា:

    សូម​ជំរាប​សួរ​អស់​លោក​អ្នក​ស្នេហា​អក្សរ​សាស្រ្ត​ខ្មែរ​ទាំង​ឡាយ​ ខ្ញុំ​មាន​ចំងល់​ទៅ​លើ​ពាក្យ​ថា​ អំបុក​ និង​ អរុណ ថា​តើ​តួ​ អ ក្នុង​ពាក្យ​ អំបុក​ និង​តួ​ អ ក្នុង​ពាក្យ​ អរុណ នោះ​ខុស​គ្នា​ឬ​ត្រូវ​គ្នា​? ព្រោះ​បើ​តាម​មតិ​ខ្ញុំ​ តួ​ អ ក្នុង​ពាក្យ​ អំបុក វា​ជា​តូ​ព្យញ្ជនៈ​ទី​៣៣ ហើយ​ផ្សំ​ជា​មួយ​នឹង​ស្រៈ​និស្ស័យ ំ។ រី​ឯ​តួ​ អ ក្នុង​ពាក្យ​ អរុណ វិញ​វា​ជា​តួ​ស្រៈ​ពេញ​តួ​ក្នុង​ភាសា​បាលី​ ឬ​សំស្ក្រឹត។ តើ​អស់​លោក​មាន​យោបល់​យ៉ាង​ណា​សូម​មេត្តា​ជួយ​បង្ហាញ​ខ្ញុំ​ផង។ ពី​ខ្ញុំ​ កូន​កំព្រា!

    • និត ពិនិត្យ ថា:

      ជម្រាបសួរលោក កូនកំព្រា!
      ខ្ញុំក៏ធ្លាប់ឆ្ងល់ដូច្នេះដែរ។ ឯលោកសួរខាងលើនេះ ហាក់ដូចជាមានចម្លើយស្រាប់ភ្ជាប់មកជាមួយផង។ ចម្លើយនោះសោត ក៏សមរម្យណាស់ដែរ។ ពេលនេះ ខ្ញុំសូមតែបន្ថែមខ្លះៗប៉ុណ្ណោះ គឺខ្ញុំមិនកែចម្លើយលោកថាជាខុសទេ។
      បន្ទាប់ពីបានស្រាវជ្រាវបន្តិចបន្តួចពីសិលាចារឹកខ្មែរ ភាសាបាលី និងភាសាសំស្ក្រឹត ព្រមទាំងបានអានចប់វចនានុក្រមខ្មែរ(បោះពុម្ពគ្រាទី៥) ខ្ញុំក៏រកចម្លើយឃើញ។ ខ្ញុំសូមឆ្លើយថា៖
      ខ្មែរប្រើអក្សរដោយអនុលោមតាមអក្ខរវិធីបែបសំស្ក្រឹតដោយច្រើនណាស់ គ្រាន់តែយើងចេះតែកែសម្រួលជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃ។ ត្រង់អក្សរ អ នេះ ខ្មែរប្រើជាស្រៈផង ជាព្យញ្ជនៈផង (សូមកុំច្រឡំអក្សរ និងព្យញ្ជនៈ ព្រោះអក្សរជាឈ្មោះរួមសម្គាល់ស្រៈ និងព្យញ្ជនៈ)។
      ១. ដែលថា អ ជាស្រៈនោះ បើនិយាយឱ្យចំទៅគឺ អ ស្រៈពេញតួនោះឯង ហើយដែលខ្មែរប្រើសម្រាប់សរសេរពាក្យកម្ចីពីបាលី-សំស្ក្រឹត តួយ៉ាង ក្នុងពាក្យថា អរុណ (តាមលោកបង្ហាញខាងលើ) អ ជាស្រៈពេញតួ តែយើងអានដោយអនុលោមតាមសូរសព្ទដើមថា អ (គឺ អរុណ អានថា អៈរុន មិនអានថា អរុន ទេ)។ គួរបញ្ជាក់ថា បើយើងថា អៈ មានន័យថា អ ជាស្រៈពេញតួហើយ គ្រាន់តែយើងទម្លាប់ហៅថា អ ស្រៈពេញតួទៅវិញ ហើយបើថា អ មានន័យថា អ ជាព្យញ្ជនៈមួយ (មានស្រៈមួយគឺ ស្រៈ អ ដែលយើងហៅថា ស្រៈកប់តួ នោះ គ្មានរូបទេ មានតែសំឡេងប៉ុណ្ណោះ មិនត្រូវច្រឡំគ្នាទេ)។
      ២. ដែលថា អ ជាព្យញ្ជនៈនោះ គឺសម្គាល់បានដោយឃើញថាវាមានផ្សំជាមួយស្រៈ តួយ៉ាង ក្នុងពាក្យថា អួត នេះ អ ជាព្យញ្ជនៈ (មិនមែនជាស្រៈពេញតួទេ)។ គួរចាប់អារម្មណ៍ថា ក្នុងពាក្យ បាយអ (អានថា បាយ-អ) អ ជាព្យញ្ជនៈដែរ ព្រោះវាអានថា អ គឺផ្សំនឹងស្រៈកប់តួ អ ដែលគ្មានរូបនោះ។ ដោយឡែក ចំពោះពាក្យថា អំបុក (ពាក្យនេះ បើនឹងសរសេរជា អម្បុក ក៏បាន ព្រោះមានសូរអានដូចគ្នា) យើងដឹងថា អ ជាព្យញ្ជនៈយ៉ាងជាក់ តែត្រូវពន្យល់វែងបន្តិច។ គួរដឹងថា ំ ជាព្យញ្ជនៈមួយ (អានថា អ័ង) ក្នុងភាសាបាលី មិនមែនជាស្រៈទេ តែប្រើតែជាព្យញ្ជនៈខ្យល់ប៉ុណ្ណោះ (លំនាំដូច ង ខ្មែរ)។ ចំពោះភាសាខ្មែរវិញ ំ នេះជាវណ្ណយុត្តមួយ ហៅថា ដំលើ (អានថា ដំ-លើ) ឬហៅតាមបាលីថា និគ្គហិត (អានថា និក-គៈហិត) ។ របៀបប្រើវណ្ណយុត្តនេះ មានលំនាំដូចបាលីដែរ ប្លែកតែយើងអានបាន២យ៉ាងគឺ បើជាពាក្យបាលី យើងអានថា អ័ង ដូចយ៉ាង សំស្ក្រឹត យើងថា ស័ង-សៈក្រឹត ជាដើម ឯបើជាពាក្យខ្មែរ យើងអានថា អម់ ដូចយ៉ាង អំបុក យើងថា អម់បុក (មិនមែនថា អ័ងបុក ទេ)។ សូមបែរមកពិនិត្យពាក្យថា អំបុក នេះតាមសំណួរ (ឬចម្លើយ) របស់លោកវិញ។ ព្យាង្គ អំ គឺ អម់ (មានសូរដូចគ្នា) ហើយក៏គឺបានមកពី អ ផ្សំនឹងស្រ អ (ស្រៈកប់តួ) ហើយមាន ម ជាខ្យល់ ហើយសង្កត់ផង (សម្គាល់ដូចមូសិកទន្ត)។ ដូច្នេះ អ ក្នុងពាក្យថា អំបុក គឺជាព្យញ្ជនៈ។ គួរដឹងថា សញ្ញា ំ ខ្មែរសព្វថ្ងៃរាប់បញ្ចូលជាស្រៈតែម្ដង គឺជាស្រៈនិស្ស័យ ដែលគ្មានមកពីអ្វីក្រៅពីសម្រួលឱ្យងាយចាំទេ (ចាំទាំងមិនយល់) គឺមិនខុសពីសម័យក្រោយមកនេះ គេរាប់ ុះ េះ ោះ ជាស្រៈនិស្ស័យដែរនេះទេ (បញ្ហាទាក់ទងនឹងស្រៈក្នុងភាសាខ្មែរ ខ្ញុំបានសរសេរជាអត្ថបទមួយយយ៉ាងវែង មានភ្ជាប់ដោយឈ្មោះឯកសារយើងជាច្រើនផង គឺខ្ញុំអាចពន្យល់លោកឱ្យល្អិតល្អន់បាន តែមិនមែនក្នុងទីនេះ និងពេលនេះទេ សូមទោសផងចុះ)។
      ខ្ញុំសូមអរគុណដែលបានឃើញលោក និងអ្នកមួយចំនួនទៀត ចេះស្រឡាញ់យកចិត្តទុកដាក់ចំពោះភាសាជាតិខ្មែរ។ មួយសោត ខ្ញុំក៏សូមបញ្ជាក់ថា ខ្ញុំនេះបានត្រឹមជាស្រឡាញ់ភាសាជាតិប៉ុណ្ណោះ មិនមែនជាអ្នកប្រាជ្ញអក្សរសាស្ត្រអ្វីទេ គ្រាន់តែខ្ញុំធ្លាប់បានស្រាវជ្រាវសិក្សាស្វែងយល់មកខ្លះៗល្មមតែឱ្យខ្លួនខ្ញុំលែងងងឹតល្ងង់តែប៉ុណ្ណឹងឯង។
      បើខ្ញុំមានយោបល់ខុសឆ្គងត្រង់ណា ក៏សូមអធ្យាស្រ័យ និងកែតម្រូវផងចុះ។
      សូមអរគុណ!
      ជយោភាសាខ្មែរ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s