ច្រមុះ


ដក​ស្រង់​ចេញ​ពី​រឿង សាឌិច រឺ ព្រហ្មលិខិត
ដោយ ហ្វ្រង់ស្វ័រ ម៉ារី អារូអេត៍ ដឺ វ៉ុលទែរ

ថ្ងៃមួយ អាសូរ៉ា ត្រលប់​មក​ពី​ដើរ​លេង​វិញ ទាំង​កំហឹង ស្រែក​ជំទាលលឺៗ។ សាឌិច​សួរ​ថា

“អូន​កើត​អី​ហ្នឹង? ហេតុ​ម៉េច​បាន​ជា​អូន​ខឹង​ខ្លាំង​បែប​នេះ?”

នាង​ក៏​តប​ថា

“បង​អើយ បើ​បង​ឯង​វិញ ក៏​ខឹង​ដូច​តែ​អូន​ដែរ បើ​បង​បាន​ឃើញ​រឿង​នេះ​ផ្ទាល់​ភ្នែក​ដូច​អូន។ អូន​បាន​ទៅ​ចូល​រួម​រំលែក​ទុក្ខ​នាង​ម៉េម៉ាយ​ក្មេង​ខ្ចី កូស្រ៊ូ ដែល​ទើប​នឹង​បញ្ចុះ​សព​ប្តី​នៅ​មាត់​ស្ទឹង​ជិតនោះ កាល​ពី​​​ពីរ​ថ្ងៃ​មុន។ នាង​បាន​សន្យា​នឹង​ព្រះ​ជា​ម្ចាស់​ថា នឹង​នៅ​ជាមួយ​ផ្នូរ​នេះ​រហូត​​បើ​ស្ទឹង​នេះ​នៅ​តែ​ហូរ។

សាឌិច​ក៏​និយាយ​កាត់​ថា

“អេ! ល្អ​តើ! អាហ្នឹង​ហើយ​ស្រី​គេ​ស្មោះ​នឹង​ប្តី!”

នាង​អាសូរ៉ា​ក៏​និយាយ​ថែម​ទៀត​ថា

“មិន​មែន​ដូច​បង​គិត​ទេ! បង​ដឹង​ថា​នាង​កំពុង​ធ្វើ​អី​ទេ ពេល​ដែល​ខ្ញុំ​ទៅ​មើល​នាង?”

សាឌិច​សួរ​ថា

“អ៊ីចឹង​នាង​កំពុង​ធ្វើ​អី​ទៅ​ អូន?

តាម​ពិត​នាង​ឃើញ នាងម៉េម៉ាយ​នោះ​​កំពុងតែ​​ជីក​ដី ដូរ​ទីតាំង​ស្ទឹង​នោះ​។

នាង​អាសូរ៉ា​ឆេះ​ដុំ បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ក្លា​ដាក់​នាង​ម៉េម៉ាយ​នោះ ជា​អាកប្បកិរិយា​មួយ​ដែល​សាឌិច​មិន​ចូល​ចិត្តទាល់​តែ​សោះ​។

សាឌិច​មាន​មិត្ត​ម្នាក់​ឈ្មោះ​ថា កាដូរ ដែល​ប្រពន្ធ​របស់​សាឌិច​ជឿ​ថា​ជា​មនុស្ស​សុច្ចរិត ត្រឹម​ត្រូវ​ជាង​មនុស្ស​ឯ​ទៀត។ សាឌិច​បាន​ផ្តល់​ការ​ទុក​ចិត្ត​លើ​កាដូរទាំង​ស្រុងក្នុង​ការងារ​មួយ​។ នាង​អាសូរ៉ា​បាន​ទៅ​លេង​ផ្ទះ​របស់​មិត្ត​នាង​នៅ​ឯ​ស្រុក​ចំនួន​ពីរ​ថ្ងៃ ហើយ​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​បី។ អ្នក​បំរើក្នុង​ផ្ទះ​រៀប​រាប់​ប្រាប់​នាង​ទាំងទឹក​ភ្នែក​ថា សាឌិច​​បានស្លាប់​បាត់​ទៅ​ហើយ​ ហើយ​ពួក​គេ​មិន​ហ៊ាន​បញ្ជូន​ដំនឹង​មរណទុក្ខ​នេះ​ទៅ​នាង ពួក​គេ​ក៏​បញ្ចុះ​សព​របស់​គាត់​នៅ​ក្នុង​ផ្នូរ​ជា​មួយ​ឪពុក​របស់​សាឌិច នៅ​ខាង​ចុង​សួន​ច្បារ។

នាង​អាសូរ៉ា​យំ​ស្រែក​ជា​ខ្លាំង នាង​បោច​សក់​ក្បាល​ខ្លួនឯង ស្បថ​ថា​នឹង​ស្លាប់​តាម​សាឌិច​ទៀត​ផង។

នៅ​ល្ងាច​នោះ កាដូរ សុំ​ជួប​និយាយជា​មួយ​នាង ហើយ​ពួក​គេ​ក៏​យំ​ទាំង​ពីរ​នាក់។ នៅ​ស្អែក​ឡើង​ពួក​គេ​យំ​សោក​តិច​ជា​មុន​ រួច​ហើយ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​គ្នា។​ កាដូរ​និយាយ​អះអាង​ប្រាប់​នាង​ថា សាឌិច​មិត្ត​របស់​គាត់ បាន​ទុក​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់​នៅ​នឹង​គាត់ ហើយ​កាដូរ​និយាយ​ប្រាប់​នាង​ថា គាត់​នឹង​ចែក​ទ្រព្យ​សម្បត្តិ​នេះ​ជា​មួយ​នាង។ នាង​អាសូរ៉ា ក៏​យំ ហើយ​ហាក់​ដូច​ជា​ខឹង រួច​ក៏​ស្ងាត់​វិញ។​អាហារ​ពេល​យប់​ក៏​អូស​បន្លាយ​​យូរ​ជាង​អាហារ​ពេល​ល្ងាច​ទៅ​ទៀត។ ពួក​គេ​និយាយ​គ្នា​ ដោយ​ផ្តល់​ក្តី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក។ នាង​អាសូរ៉ា​ សូត្រ​ធម៌​ឱយខ្មោច​ប្តី​នាង  តែ​បន្តិច​ក្រោយមក​នាង​និយាយ​បន្ទោស​ប្តី​ខ្លួន​ឯង តែ​មិន​បន្ទោស​ កាដូរ​ទេ។

នៅ​ពេល​ដែល​កំពុង​តែ​ទទួល​ទាន​អាហារ​ពេល​យប់​នោះ កាដូរ​ ត្អូញ​ថា​គាត់​ឈឺ​ចុក​ចាប់​មួយ​ចំហៀង​​ខ្លួន។ នាង​អាសូរ៉ា​ភ័យ​ព្រួយ​ជា​ខ្លាំង ប្រញាប់​ប្រញាល់ រត់​រក​ថ្នាំ​​ជា​ច្រើន​មុខ​មក​លាប​ឱយគាត់​ក្រែង​ធូរ​ស្បើយ។ នាង​ត្អូញ​ត្អែរ​ថា ស្តាយ​ដែល​តា​ឥសី​មិន​នៅ​ក្រុង​បាប៊ីឡូន​ទៀត។ នាង​ក៏​យក​ដៃ​ស្ទាប​កន្លែង​​ដែល​កាដូរ​និយាយ​ថា​ឈឺ​នោះ។

នាង​សួរ​គាត់​ដោយ​សំលេង​អាណិត​អាសូរ​ថា

“ជំងឺ​នេះ​វា​ធ្វើ​ទុក្ខ​លោកយ៉ាង​ម៉េច​ខ្លះ​ទៅ?”

កាដូរ​តប​ថា

“ពេល​ខ្លះ​ខ្ញុំ​ឈឺ​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ។ ខ្ញុំ​អាច​ជា​ពី​ជំងឺ​នេះ​បាន ទាល់យក​ច្រមុះ​​ខ្មោចមនុស្ស​​ទើប​នឹង​ស្លាប់​ពី​ម្សិល​ម៉ិញមក​ដាក់​ចំហៀង​ខ្លួន​ទើប​ជា។”

នាង​អាសូរ៉ា​សួរថា

“របៀប​ព្យាបាល​អី​ក៏​ចំលែក​​ម្ល៉េះ!”

image125
កាដូរ​តប​ថា

“មិន​ចំលែក​​ដល់​កញ្ចប់​របស់​ អារនូល[1] ដែល​ព្យាបាល​ជំងឺ​ខ្យល់​គរ​នោះទេ”

ដោយ​ហេតុផល​នេះនា​ង អាសូរ៉ា​ក៏​ជឿ។ បន្ទាប់​មក​នាងក៏ និយាយ​ថា

“នៅ​ពេល​ដែល​ប្តី​របស់​ខ្ញុំ ចេញ​ពី​លោក​នេះ​ទៅ​លោក​ខាង​មុខ មិន​ដែល​​ទេវតា​យាម​ទ្វារនោះ មិន​ឱយ​គាត់​ទៅ​ព្រោះ​តែ​មាន​ច្រមុះ​ខ្លី​ជាង​មុន​ទេ​!”

ដូច្នេះ​នាង​ក៏​ទៅ​យក​ឡាម​មួយ​មក រួច​ទៅ​ផ្នូរ​របស់​ប្តី​នាង កាយ​ផ្នូរ​នោះ​ចេញ បំរុង​ទៅ​កាត់​ច្រមុះ​របស់​សាឌិច ដែល​កំពុង​តែ​ដេក​សន្ធឹង​ក្នុង​ផ្នូរ​នោះ។ សាឌិច​ក្រោក​ឡើង យក​ដៃ​ម្ខាង​ខ្ទប់​ច្រមុះ ដៃ​ម្ខាង​ទៀត​ចាប់​ដៃ​នាង​អាសូរ៉ា​ដែល​កាន់​ឡាម​។ សាឌិច​ក៏​និយាយ​ថា

“អូន​​ឈប់​ស្រែក​ជេរ​នាង​ម៉េម៉ាយ កូស្រ៊ូ​នោះ​ទៀតទៅ​​។ គំរោង​​ការ​កាត់ច្រមុះបងរបស់​អូន​​ សាហាវ​ជាង​ ដូរ​ទិស​ស្ទឹង​របស់​នាង​ម៉េម៉ាយ​ទៅ​ទៀត​​។”


[1] នៅ​សម័យ​នោះ​ មាន​អ្នកស្រុក​បាប៊ីឡូន ឈ្មោះ​អារនូល ព្យាបាល និង​បង្ការ​ជំងឺ​ខ្យល់​គរ ដោយ​ប្រើ​កញ្ចប់​មួយ​ព្យួរ​នៅ​នឹង​ក។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in រឿង​និទាន​ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s