យេនឌ័រ : ហេតុ​អ្វី​ក៏​មិនបក​ប្រែ​​ជា​ខ្មែរ?


អ្វី​ជា​យេនឌ័រ?

យេនឌ័រ និយាយ​សំដៅ​ទៅ​លើ​តួនាទី​និង​ឱកាស​​ផ្សាភ្ជាប់​នឹង​ភាព​ជា​ប្រុស​រឺ​ជា​ស្រី និង​ទំនាក់ទំនង​រវាង​ស្ត្រី​និង​បុរស​​ ​កុមារី​និង​កុមារា ក៏​ដូច​ជា​ទំនាក់​រវាង​ស្ត្រី​នឹង​ស្ត្រី​និង​បុរស​នឹង​បុរស។ តួនាទី ឱកាស​ និង​ទំនាក់ទំនង​ទាំង​នេះ ត្រូវ​បាន​កសាង​ឡើង​តាម​រយៈ​សង្គម និង​រៀបរយ​ឡើង​តាម​រយៈ​បែប​ផែន​នៃ​ការ​ចុះ​ចូល​ក្នុង​សង្គម។ ពួក​វា​អាស្រ័យនឹង​កាល​វេលា និង​អាច​ប្រែ​ប្រួល​បាន។

យេនឌ័រ កំនត់​ពី​អ្វី​ដែល​គេ​រំពឹង​ទុក​ អនុញ្ញាត​ឱយ និង​តំលៃ​​នៅ​ក្នុង​ស្ត្រី​រឺ​បុរស​ នៅ​ក្នុង​បរិបទ​មួយ។ នៅ​ក្នុង​សង្គម​ភាគ​ច្រើន​ ច្រើន​តែមាន​​ភាព​ខុស​គ្នា​និង​វិសមភាព​រវាង​ស្ត្រី​និង​បុរស​ នៅ​ក្នុង​តួនាទី ការ​ទទួល​ខុស​ត្រូវ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ និង​ការ​សំរេច​ចិត្ត​នានា។

ការ​បក​ប្រែ​ពាក្យ​យេនឌ័រ​ជា​ភាសា​ខ្មែរ

ពាក្យ​យេនឌ័រ​របស់​អង់គ្លេស​នេះ កើត​មក​ពី​ពាក្យ​បារាំង gendre/genre ដែល​កើត​មក​ពី​ពាក្យ​ឡាតាំង genus  មាន​ន័យ​ថា​ “ប្រភេទ”។ Gender មាន​ន័យ​ច្រើន​យ៉ាង

១) លិង្គ សំរាប់​ប្រើ​ក្នុង​វេយ្យាករណ៍។ ២) អត្តសញ្ញាណ​ផ្នែក​ភេទ ទាក់ទង​នឹង​សង្គម រឺ​វប្បធម៌ ។ ៣)​ ភាព​​ជា​​ស្ត្រីរឺ​ភាព​​ជា​​បុរស ភេទ​(ជីវ) ស្ត្រី​រឺ​បុរស​ដោយ​គិត​ជា​ក្រុម។

បើ​យើង​និយាយ​អំពី​ពាក្យ​Gender ធ្វើ​ឱយ​យើង​នឹក​ឃើញដល់​​ពាក្យ Sex។ ពាក្យ Sex សំដៅ​ទៅ​លើ​ភេទ​ផ្នែក​ជីវ​ប៉ុណ្ណោះ គឺ​មានភេទ​ញី​ ភេទ​ឈ្មោល ភេទ​ប្រុ​ស​ភេទ​ស្រី។ ក្នុងវចនានុក្រម​​ខ្មែរ ពាក្យ”ភេទ” មានន័យ​ថា

“(១) ដំណើរ​ធ្លាយ, ការ​ទម្លាយ; ដំណើរ​បែក, ការ​បំបែក; ការ​ចែក; ប្រភេទ, សេចក្ដី​ផ្សេង​ៗ។ (២) ភាព, បែប​ភាព, ភាព​ផ្សេង​គ្នា។”

ឧទាហរណ៍​ ភេទ​ប្រុស​ ភេទ​ស្រី ភេទ​បព្វជិត ភេទ​គ្រហស្ថ។ ដូច្នេះ​ពាក្យ​ថា​ភេទ ក្នុង​ភាសា​ខ្មែរ ​មិន​មែន​សំរាប់​ប្រើ​សំដៅ​តែ​ទៅ​លើ​ភេទ​ផ្នែក​ជីវសាស្ត្រ​មួយ​មុខ​នោះ​ឡើយ។ភេទ បែង​ចែកសង្គម​​ដោយ​មិន​យោង​តាម​ភាព​ជា​ស្រី​រឺ​ប្រុស​ឡើយ។មាន​ពាក្យ​មួយ​ទៀត​សំរាប់​សំគាល់​ភេទ​ដែរ​នោះ គឺ “លិង្គ”។ វចនានុក្រម​​ខ្មែរ លិង្គ​មានន័យ​ថា “ភេទ; គ្រឿង​សម្គាល់; លក្ខណៈ; អង្គជាត​របស់​បុរស ។” ដូច្នេះ​ពាក្យ gender ដែល​គេ​សរសេរ​ជា​ខ្មែរ​ថា​យេនឌ័រ​បែប​នេះ មាន​អត្ថន័យ​ដូច​រៀបរាប់​ក្នុង​សេចក្តី​ផ្តើម​ខាង​លើ ជា​ការ​កែ​សំរួល​និយម​ន័យ​ទី​២) នៃ​ពាក្យ​Gender នេះ​ឯង។ ឆ្លង​តាម​ការ​វិភាគ​ខាង​លើ​ យើង​ឃើញ​ថា ពាក្យ​Gender មិន​ដូច​​គ្នា​នឹង​ពាក្យ​ខ្មែរ ថា ភេទ ដែល​ជា​ពាក្យ​មួយ​ខ្មែរ​ហៅ​តាម​ភាសា​សំស្ក្រឹត​របស់​ឥណ្ឌា​​នោះ​ទេ។ ទាក់​ទង​នឹង​ការ​បក​ប្រែពាក្យ​យេនឌ័រ​នេះ​ជា​ភាសាខ្មែរ ខ្ញុំ​សូម​លើក​យក​ទស្សនៈ​របស់​លោក​ឈៀង​ វិបុល ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ប្រជា​ប្រិយ​ក្នុង​លេខ៣១០​ ដូច​ខាង​ក្រោម។ maga_20038

ទស្សនៈ​របស់​គាត់​មាន​បញ្ហា​ចោទ​មួយ​ចំនួន។

  • ទី​មួយ​ : ពាក្យ​Gender បក​ជា​ខ្មែរ​ថា លិង្គ រឺ ភេទ​ដូច​លោក​វិបុល​បញ្ជាក់​មែន តែសំរាប់​ប្រើ​ក្នុង​វេយ្យាករណ៍​ប៉ុណ្ណោះ ត្រូវ​នឹង​ន័យ​ទី​មួយ​របស់​ពាក្យ​gender។
  • ទី​ពីរ លោក​វិបុល យល់​ថា​ពាក្យ​នេះ​តាម​ភាសា​ច្បាប់​មាន​ន័យ​ថា “សិទ្ធិ​សេរីភាព .. ស្មើ​គ្នារវាង​បុរស​និង​ស្ត្រី” តែ​តាម​ពិត​វា​មិន​មែន​មានន័យ​ដូច​នេះ​ទេ។ តែ​គេ​និយាយ​ថា “សមភាព​យេនឌ័រ​” មាន​ន័យ​ថា សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ទទួល​នូវ​ឱកាស ការងារ ក្នុង​ការ​សំរេច​ចិត្ត ។ល។
  • ទី​បី : ខ្ញុំ​ឆ្ងល់​ថា ភាសា​បាលី និង​សំស្ក្រឹត​ មិន​មែន​ជា​ភាសា​បរទេស​ទេ​រឺ​អ្វី?។ តើ​វា​ខុស​គ្នា​ត្រង់​ណា ដែល​មួយ​សរសេរ​ខ្មែរ​ត្រាប់​តាម​សំលេង​អង់គ្លេស​ ជា​យេនឌ័រ និង​មួយ​ទៀត​សរសេរ​ជា​​ខ្មែរ​ត្រាប់​តាម​សំលេង​បាលី​រឺ​សំស្ក្រឹត សៈ ម៉ៈ ភេ-ទៈ ជា​សមភេទ​នោះ?។ ហេតុ​អ្វី​ក៏​សរសេរ​ជា​ខ្មែរ​ត្រាប់​តាម​សំលេង បាលី​រឺ​សំស្ក្រឹត មិន​អន់ ដូច​សរសេរ​ត្រាប់​តាម អង់គ្លេស?។ ហើយ​ពាក្យ​ថា​ សមភេទ​នេះ​ទៀត​ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​មានន័យ​ថា “សិទ្ធិ​…ស្មើ​គ្នា​រវាង​ភេទ”នោះ​ទៅ​ទៀត (មានន័យ​ថា ភេទ​ស្មើ​គ្នា​ទេ​ដឹង? តែ​ក្នុង​ឃ្លា សិទ្ធិ​…ស្មើ​គ្នា​រវាង​ភេទ មិន​មែន​ភេទ​ទេ​ដែល​ស្មើ​គ្នា គឺ​ភេទ​ខុស​គ្នា តែ​មាន​សិទ្ធិ​ស្មើ​គ្នា)។

ចំនុច​មួយ​ទៀត​ដែល​លោក​វិបុល​លើក​ឡើង​នោះ គឺ អ្នក​ខ្លះ​សរសេរ​យេនឌ័រ ខ្លះ​សរសេរ យ៉េនឌ័រ ។ល។ នេះ​គឺ​មក​ពី​ពាក្យ​នេះ​មិន​ទាន់​មាន​ស្ដង់ដា​ មានន័យ​ថា​មិន​ទាន់​បញ្ចូល​ក្នុង​វចនានុក្រម មិន​មែន​មក​ពី​សរសេរ​តាម​អង់គ្លេស​នោះ​ទេ។

ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា បាន​នាំ​មក​នូវ​ជំនឿ​និង​សាសនា។ ក្នុង​នោះ​មាន​ទាំង​ភាសា​មក​ជា​មួយ​ផង។ មាន​ពាក្យសំដី​ជាច្រើន​របស់​ឥណ្ឌា​ដែល​ខ្មែរ​យើង​យកមក​ប្រើ​ដោយ​មិន​បាន​ប្រែ​សំរួល​អ្វី​ទាំង​អស់​ដោយ​រក្សាសំនេរតាម​គេ​ទាំង​ស្រុង រឺ​កែ​កុន​បន្តិច​បន្តួច ដែល​ការ​កែកុន​ត្រូវ​បាន​បញ្ញាវ័ន្តសម័យ​នេះ​ខ្លះ​រិះគន់​ថា​ធ្វើ​ទាំង​រវើរវាយ​ទៅ​វិញ។ ពាក្យ​ទាំង​នោះ​មាន​អ្វី​ខ្លះ? មាន​ច្រើន​ណាស់ ដូច​ជាមិត្រ-មិត្ត អាទិត្យ-សុរិយា ធម៌ ធម្ម ចតុប្បច្ច័យ វិជ្ជា កម្ម បុណ្យ។ល។ មាន​បានទៅ​បក​ប្រែ​ជា​ខ្មែរ​ឯណា?។ ហេតុ​ដូចម្តេច​ក៏​គ្មាន​នរណា​នឹក​នា​ទាម​ទារ​បក​ប្រែ​ពាក្យ​អស់​នេះ​ជា​ភាសា​ខ្មែរ​អញ្ចឹង?

សម័យ​នេះ ជា​យុគសម័យ​ថ្មី។ វប្បធម៌​អង់គ្លេស​រះ​ចិញ្ចែង​ចិញ្ចាច​តែ​ម្តង ប្រៀប​ដូច​វប្បធម៌​ឥណ្ឌា​សម័យ​បុរាណ​ដែរ។ តើ​ហេតុ​អ្វី​ក៏​ការ​ទទួល​យក​ភាសា​អង់គ្លេស​ បែរ​ជា​អន់​ទៅ​វិញ?។ សូម​បញ្ជាក់​ថាបារាំង​ដែល​យើង​ច្រើន​តែ​គិត​ថា​ជា​ជាតិ​​មួយ​ដែល​មាន​អំនួត​អំពី​ភាសា​ខ្លួននោះ ក៏​ហៅ gender studies អង់គ្លេស​ជា gender studies ដែរ ដូច​ជា les gender studies ont profondément renouvelé l’étude…

បើ​យើង​គិត​ទៅ​ឃើញ​ថា​បុព្វ​បុរស​ខ្មែរ​ គ្មាន​គំនិត​ចង្អៀត​ចង្អល់​ដូច​ខ្មែរ​សម័យ​នេះ​ខ្លះ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ភាសា​បរទេស​នោះ​ទេ។ សូម្បី​តែ​សម្តេច​ជួន​ ណាត​ក៏​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឱយ​យើង​ប្រើ​ប្រាស់​ពាក្យបារាំង​អង់គ្លេស​ខ្លះ ដោយ​មិន​បាច់​បក​ប្រែ នាំ​តែ​ពិបាក​យល់​ពិបាក​រៀន​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្តី យើង​ក៏​នៅ​តែ​អាច​មាន មធ្យោបាយ​ប្រើ​ប្រាស់​ពាក្យ​ដែល​មាន​ស្រាប់ នៅ​វចនានុក្រម​ខ្មែរ រឺ​បន្សំ​នៃ​ពាក្យ​ដែល​មាន​ស្រាប់ ដែរ។ យើង​អាច​កំនត់​យក​ពាក្យ ភេទ រឺ​សមមភេទ នេះ​ថា​ស្មើ​នឹង​ពាក្យ​gender ដោយ​បន្ថែម​និយមន័យទៅ​លើ​​ពាក្យ​ភេទ នៅ​ក្នុង​វចនានុក្រមខ្មែរ បើ​ទោះ​ជា​តាម​ប្រភព​ដើម​ពាក្យ​នេះ​មិន​មានន័យ​ស្មើ​គ្នា​ក៏​ដោយ។

យើង​ធ្លាប់​ធ្វើ​បែប​នេះ​ខ្លះ​ហើយ ដូច​ជា​ពាក្យ​តិចនិច យើង​បក​ថា បច្ចេក​ទេស តែ​តាម​ពិត ពាក្យ​បច្ចេក​ទេស​នេះ តាម​ន័យ​ដើម​មិន​មានន័យ​អ្វី​ដូច​ពាក្យ​តិចនិច​ឡើយ។ បច្ចេកៈ មានន័យ​ថា “ដែល​ផ្សេង, ទីទៃ, ដោយ​ខ្លួន “។ ទេស ជា​នាម​ មាន​ន័យ​ថា “ប្រទេស; ភូមិ”។ ដល់​ទៅ​បច្ចេកទេស​ មានន័យ​ថា “១) ចំណែក​មួយ​ផ្សេង​ដោយ​ឡែក ។ ២)ចំណេះ​ពិសេស​ជា​ចំណែក​មួយ​ដាច់​មុខ​ផ្សេង​ដោយ​ឡែក​ខាង​សិល្បៈ ឬ​ខាង​វិទ្យាសាស្ត្រ​នីមួយ​ៗ : បច្ចេក​ទេស​ខាង​អគ្គិសនី, បច្ចេក​ទេស​ខាង​តម្បាញ ។ល។…”។

ពាក្យ​Informatic យើង​បក​ថា ព័ត៌មាន​វិទ្យា។ តែ​ព័ត៌មាន មានន័យ​ថា ដំនឹង​ផ្សេង​ៗក្នុង​បច្ចុប្បន្នកាល​។ Informatic នោះ​និយាយ​សំដៅ​ទៅ​លើការ​វិភាគ សិក្សា ធ្វើ​ប្រមាណ​វិធី​លើ​​ទិន្នន័យ ដំនឹង​ផ្សេង​ៗ​មិនចាំ​បាច់តែ​ពេល​បច្ចុប្បន្ន​នោះ​ទេ។ ទោះ​បី​ជា​ពាក្យ​ទាំង​ពីរ​មាន​ន័យ​ខុស​គ្នា​ក្តី ក៏​យើង​នៅ​តែ​អាច សន្មត ប្រើ​ថា​ដូច​គ្នា​ដដែល ដោយ​គ្រាន់​តែ​បន្ថែម​និយមន័យ​ថ្មី​របស់​ព័ត៌មានវិទ្យា ​អោយ​ស្មើ​នឹង informatic របស់​អង់គ្លេស។

ក្នុង​ដំនើរ​​នៃ​សកល​ភាវូបនីយកម្ម ចំពោះ​ពាក្យ​ថ្មី គេ​មាន​ទំនោរ​ហៅ​តាម​គ្នា​។ ដូច​ជា​គោ​ព្រៃ ជា​ភាសា​ខ្មែរ អង់គ្លេស​ក៏​គេ​សរសេរ​ថា kouprey បារាំង​ក៏​ថា​អញ្ចឹង ដោយ​គេ​មិន​ហៅ​ថា wild ox រឺ bœuf sauvage ឡើយ។ ភាសា​វិទ្យាសាស្រ្ត​ហៅ​ថា Bos sauveli។

ពាក្យ​ថា​ខ្មែរ​ក្រហម សម្តេច​សីហនុ​បង្កើត​មក​ដោយ​ហៅ​ជា​បារាំងថា khmer rouge ។​ ខាង​អង់គ្លេស​គេ​យក​ពាក្យ​នេះ​ទៅ​ប្រើ​ក៏​ហៅ​ថា khmer rouge ដែរ ដោយ​មិន​ហៅ​ថា red khmer ឡើយ។

ពាក្យ​មួយ​ក្នុង​ភាសា​មួយ​ធ្វើ​គេ​នឹក​ឃើញ​ដល់​លក្ខណៈ​នៃ​ស្រុក​ទេស​នោះ ដូច​ជា​គោ​ព្រៃ/kouprey ធ្វើ​អោយ​គេ​នឹក​ឃើញ​ពី​គោ​ព្រៃ​ស្រុក​ខ្មែរ តែបើ​​និយាយ​ថា wild ox នោះ​គឺ​សំដៅ​ទៅ​គោ​ព្រៃ​ទូទៅ ជួន​កាល​គោ​ព្រៃ​ខ្មែរ ជួន​កាល​អាព្រិច។

ដោយ​សារ​តែ​មាន​ភាព​ស្មុគ​ស្មាញ​បែប​នេះ​ហើយ បាន​ជា​នៅ​ក្នុង​កាលៈទេសៈ​ខ្លះ គេ​ប្រើ​ពាក្យ​ដើម​តែ​ម្តង​ ដោយ​គ្រាន់​តែ​សរសេរ​ជា​អក្សរ​ជាតិ​គេ​ដោយ​កែ​សំរួល​សំនេរ​បន្តិច​បន្តួច។ ជាក់ស្តែង មាន​ពាក្យ​បាលី​រាប់​រយ​ដែល​ខ្មែរ​យើង​យក​មក​ប្រើ​ដោយ​មិន​មាន​បក​ប្រែ​ជា​ខ្មែរ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s