ពាក្យខ្មែរ​​ដែល​យើង​ច្រើន​តែប្រើ​​ខុស


អ្វី​ដែល​ហៅ​ថា​ខុស​​ និង​ត្រូវ​នោះ​ខ្ញុំ​មិន​ហ៊ាន​អារកាត់​អោយ​ដាច់​ខាត​យ៉ាង​ណា​ទេ។ ព្រោះ​ត្រូវ​នឹង​ខុស​នេះ​ ទាល់​តែ​ធៀប​នឹង​អ្វី​មួយ រឺ​យក​អ្វី​មួយ​ជា​គោល​សិន។ ឧទាហរណ៍ 1+1 =2 ត្រូវ​ បើ​សិន​ជា​យើង​សរសេរ​លេខ​នៅ​ក្នុង​គោល​ធំ​ជាង​រឺ​ស្មើ​បី ឧទាហរណ៍​នៅ​ក្នុង​គោល​ដប់។ តែ​បើ​នៅ​ក្នុង​គោល​ពីរ​វិញ 1+1=10 =1 \times 2^1+0 ទើប​ត្រឹម​ត្រូវ។

ដូច្នេះ​ដើម្បី​និយាយ​ថា​ត្រូវ​និង​ខុស​នៅ​ក្នុង​ទស្សនៈ​ខាង​ក្រោម​នេះ ខ្ញុំ​សូម​យក​វចនានុក្រម​ខ្មែរ​បោះ​ពុម្ព​ឆ្នាំ​១៩៦៧​ជា​គោល ដោយ​មិន​ពន្យល់​រឺ​បក​ស្រាយ​ថា វចនានុក្រម​ខ្មែរ​ នេះ​ត្រូវ​រឺ​ខុស​នោះ​ទេ។ បើ​អ្នក​បាន​តាមដាន​ពី​រឿង​រ៉ាវ​នៃ​ការ​បង្កើត​វចនានុក្រម​តាំង​ពី​ដើម​ទី​មក​ អ្នក​នឹង​ដឹង​ថា មាន​ការ​ប្រឆាំង ការ​យល់​ស្រប​ជា​ហូរ​ហែរ ។ វា​រឿង​ធម្មតាទេ ប្រៀប​ដូច​ជា​ធ្វើ​អ្វី​មួយ​តំរូវ​ចិត្ត​មនុស្ស​មួយ​នគរ ធ្វើ​ទាល់​តែ​ស្លាប់​ក៏​ផ្គាប់​មិន​ត្រូវ​ដែរ។

ក្នុង​អត្ថបទ​នេះ ខ្ញុំ​នឹង​ប្រើ​ពាក្យថា វចនានុក្រម​ខ្មែរ សំគាល់ វចនានុក្រម​ខ្មែរ​បោះពុម្ព​ឆ្នាំ​១៩៦៧ និង​អ្នក​និពន្ធ​សំគាល់​ អ្នក​និពន្ធ​វចនានុក្រម​ខ្មែរ​សម័យ​នោះ។ ខ្ញុំ​មិន​ដាក់​​ថា សម្តេច​ជួន ណាត ជំនួស​អោយ​ពាក្យ​អ្នក​និពន្ធ ព្រោះ ខ្ញុំ​មិន​ច្បាស់​ថា ទស្សនៈ​ណា​មួយ​នៅ​ក្នុង​វចនានុក្រម​នេះ ជា​ទស្សនៈ​របស់​សម្តេច រឺ​ក៏​ជា​ទស្សនៈ​របស់​អ្នក​និពន្ធ​ជាន់​មុន (កាល​បោះ​ពុម្ព​គ្រា​ដំបូង មាន​គណកម្មការ​មួយ​ក្រុម ដែល​កាល​នោះ សម្តេច​ជួន ណាត​មាន​ងារ​គ្រាន់​តែ​ជា​អ្នក​កត់​ត្រា​ ក្រោយ​ៗមក​ទៀត សម្តេច​ជួន ណាត​ជា​អ្នក​ទទួល​បន្ទុក​ធ្វើ​តែ​ម្នាក់​ឯង​វិញ​)។

អភិវឌ្ឍ  អភិវឌ្ឍន៍ ការអភិវឌ្ឍ និង​ការអភិវឌ្ឍន៍

អភិវឌ្ឍ ជា​កិរិ.
អភិវឌ្ឍន៍ ជា​នាម មានន័យ​ថា ការ​អភិវឌ្ឍ។
ដូច្នេះ​បើ​ថា ការ​អភិវឌ្ឍន៍ ដូច​ជា​ប្រើ​ការ បូក​នឹង​នាម មានន័យ​ថា ការ​ការ​អភិវឌ្ឍ។ មិន​គួរ​ទេ។ ខ្មែរ​យើង​មិន​ប្រើ ការ ពី​មុខ​នាម​ទេ ដូច​ជា ការ​ដើរ រឺ ការ​ធ្វើ​ដំណើរ មិន​មែន​ ការ​ដំណើរ ទេ ។ល។

ប៉ុន្តែ​បើ​តាម​កំនត់​សំគាល់​ក្នុង​វចនានុក្រម​ខ្មែរ និង​ទស្សនៈ​លោក​កេង​វ៉ាន់​សាក់ ពាក្យ ការ​អភិវឌ្ឍន៍ នេះ​មាន​ប្រើ​តាំង​ពី​យូរ​យារ​ក្លាយ​ជា​ទំលាប់ ទៅ​ហើយ​មុន​ការ​បង្កើត​វចនានុក្រម។ តែ​ទាំង​អ្នក​និពន្ធ​វចនានុក្រម​ខ្មែរ និងលោក​កេង​វ៉ាន់​សាក់ ​បាន ស្នើ​អោយ​ឈប់​ប្រើ​ពាក្យ​បែប​នេះ​តទៅ​ទៀត។

ពាក្យ​ស្រដៀង​គ្នា​ផ្សេង​ទៀត​មាន​ដូច​ជា

កិរិយាសព្ទ នាម<ការ+កិរិ នាម
ពិសោធ ការ​ពិសោធ ពិសោធន៍
អនុវត្ត ការអនុវត្ត អនុវត្តន៍

សន្មត សន្មតិ ការ​សន្មត

ដូច​គ្នា​ដែរ

សន្មត​ជា​កិរិ.

សន្មតិ ជា​នាម មាន​ន័យ​ថា ការ​សន្មត។

ដូច្នេះ​ចង់​ប្រើ​ក្នុង​ន័យ​ថា ការ​សន្មត មិន​សរសេរ​ថា ការ​សន្មតិ ទេ។

ពាក្យ​ស្រដៀង​គ្នា​ផ្សេង​ទៀត​មាន​ដូច​ជា

កិរិយាសព្ទ នាម<ការ+កិរិ នាម
បញ្ញត្ត ការ​បញ្ញត្ត បញ្ញត្តិ
ប្រព្រឹត្ត ការប្រព្រឹត្ត ប្រព្រឹត្តិ

រី​ឯពាក្យ​បញ្ញត្តិ​នេះ​ទៀត បើ​បួក​នឹង​នាម​ដទៃ តាម​ភាសា​ខ្មែរ គេសរសេរ​ផ្សេង​ពី​តាម​បែប​ភាសា​បាលី។

បែប​ខ្មែរ បែប​បាលី
ពុទ្ធបញ្ញត្តិ ពុទ្ធ​ប្បញ្ញត្តិ
រាជបញ្ញត្តិ រាជប្បញ្ញត្តិ
បទបញ្ញត្តិ បទប្បញ្ញត្តិ

ពាក្យ​បទប្បញ្ញត្តិ​តាម​បែប​បាលី​នេះ ខ្ញុំ​ឃើញ​មាន​ប្រើ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ខ្មែរ។

ទាក់​ទង ទំនាក់​ទំនង ការ​ទាក់​ទង និង​ការ​ទំនាក់​ទំនង

ខ្ញុំ​តែង​លឺ​គ្រូ​ទាយ​និយាយ​ពាក្យ ការ​ទំនាក់​ទំនង នេះ ជា​ញឹក​ញយ នៅ​ក្នុង​ប៉ុស្តិ៍​អប្សរា។

ទាក់​ទង​ជា​កិរិ. ទំនាក់​ទំនង​ជា​នាម។ បើ​ចង់​ប្រើ​ការ គួរ​តែ​ប្រើ ការ ទាក់ទង មិន​មែន​ការ​ទំនាក់​ទំនង ទេ។

អរគុណ អំណរ​គុណ សេចក្តី​អរគុណ និង សេចក្តី​អំណរ​គុណ

អរគុណ​ ជា​កិរិ.
អំណរ​គុណ​ ជា​នាម មានន័យ​ថា សេចក្តី​អរគុណ។
ដូច្នេះ​ មិន​ថា សេចក្តី​អំណរ​គុណ ទេ។

ខ្ញុំ​សូម​ថ្លែង​សេចក្តីអរគុណ ដ៏​ជ្រាល​ជ្រៅ …

រឺ ខ្ញុំ​សូម​ថ្លែង អំណរគុណ ដ៏​ជ្រាល​ជ្រៅ …

ឃាតកៈ ​ ឃាតក  ឃាត​ករ

ឃាត​កៈ ប្រែ​ថា​អ្នក​សម្លាប់ អាន​ថា ឃាតៈកៈ។

ភាសា​បាលី​ថា ឃាតក  មិន​ដាក់​ចុច​ពីរ ៈ ត្បិដ​អី ក្នុង​ភាសាបាលី​សរសេរ​ជា​ខ្មែរ កាល​ណា​ព្យញ្ជនៈ​មួយ​គ្មាន​ស្រៈ​នៅ​ពី​ក្រោយ ត្រូវ​ប្រកប​នឹង ស្រះ ៈ​នេះ ជា​ដរាប ឧទាហរណ៍ ឃាតក អាន​ថា ឃាតៈ កៈ។

ចលនា អាន​ថា ចៈ​ល៉ៈ​ន៉ា(ខ្ញុំ​អាន​តែ​ ចល់ ល្ន៉ា)។

អន្តរ អាន​ថា អន្តៈ រ៉ៈ (ខ្មែរ​ពី​ដើម​ថា អន្ត ដូច​ជា អន្តរធាន អាន​ថា អន់ដ-ធាន; វេស្សន្តរ អាន​ថា វេស-សន់​ដ តែ​ឥលូវ​នាំ​គ្នា​កែ​មក​អាន​អោយ​ត្រូវ​តាម​បាលីវិញ)។

ជល អានថា ជៈ​លៈ  (ខ្ញុំ​អាន​តែ​ ជល់  ដូច​ជា​ ជលសារ ថា ជល់ ល្សា)។ល។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ​មាន​តែ ពាក្យ ឃាតកៈ​ អាន​ថា ឃាតៈកៈ គ្មាន​ពាក្យ​ឃាតក អាន​ថា​ ឃាតៈ​ក ទេ។ ដូច្នេះ ពាក្យ ឃាតក នេះមិន​មែន​ជា​ពាក្យ​ខ្មែរ​ផ្លូវ​ការតាម​វចនានុក្រម​ខ្មែរ​ទេ ហើយ​មិន​មែន​អាន​ថា ឃាតៈ​ក ថែម​ទៀតផង។ ដូច្នេះ​ការ​ប្រើ​ពាក្យ​ ឃាត​ក នេះ​កើត​មក​ពី​ការ​ប្រើ​ភាសា​បាលី​ឡូក​ឡំ​ជា​មួយ​ភាសា​ខ្មែរ​នេះ​ឯង។

ក្រុមខេមរយានកម្ម​បាន​បង្កើត​ពាក្យ ឃាត​ករ = ឃាត + ករ​ មានន័យ​ដូច​គ្នា ហើយអាន​ថា ឃាតៈ ក។ ដូច្នេះ​បើ​អ្នក​អាន​ថា​ និយាយ​ថា ឃាតៈក អ្នកគួរ​តែ​សរសេរ​ថា ឃាតករ​ បែប​នេះ​វិញ។

ជា​សរុប​ក្នុង​វចនានុក្រម​ខ្មែរ មាន​តែ​ពាក្យ ឃាតកៈ អាន​ថា ឃាតៈ​កៈ​ ប៉ុណ្ណោះ គ្មាន​ពាក្យ ឃាតក អាន​ថា ឃាត​ៈ​ក ទេ។

វិប្បដិសារៈ វិប្បសារី

វិប្បដិសារៈ =​ (នាម) សេចក្ដី​នឹក​ស្តាយ​ក្រោយ។

វិប្បដិសារី  វិប្បដិសារិនី = (នាម) អ្នក​ដែល​មាន​វិប្បដិសារៈ ។

យើង​ឃើញ​ខ្មែរ​យើង​ច្រើន​ប្រើ​ពាក្យ វិប្បដិសារី សំរាប់​សំគាល់ នូវ​សេចក្តី​ស្តាយ​ក្រោយ នេះ​ជា​ញឹក​ញយ។ ដូច្នេះ​បើ​ធៀប​នឹង​វចនានុក្រម​ខ្មែរ ការ​ប្រើ​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ (គួរ​តែ​កែ​វចនានុក្រម​ តំរូវ​នឹង​ការ​ប្រើ​ប្រាស់​វិញ​ដឹង?)


ចតុកោណ និង ចតុក្កោណ

តាម​ក្បួន​វចនានុក្រម​ខ្មែរ ចតុ​-នេះ​ បើ​រួម​ចូល​នឹង​នាមនាម​ជា​បទ​សមាស ត្រូវ​តម្រួត​តួ​អក្សរ​បន្ទាប់​ជា ២ តួ តាម​ទំនង​ដែល​គួរ​តម្រួត​បាន ។ សូម​បញ្ជាក់​ថា ក្បួន​នេះ​ជា​ក្បួនបាលីទេ (មិន​ដឹង​ជា​មាន​តាំង​ពី​យូរ​យារ​មុន​កំនើត​វចនានុក្រម​ខ្មែរ​ដែរ​រឺ​អត់​ទេ)។

ឧទាហរណ៍

ចតុ + មុខ > ចតុម្មុខ

ចតុ + កោណ > ចតុក្កោណ

ចតុ + កុលវគ្គ > ចតុក្កុលវគ្គ

ចតុ + ទិស >ចតុទ្ទិស

ចតុ + ភាគី >ចតុព្ភាគី

ចតុ + បាទ >ចតុប្បាទ

ចតុ + បច្ច័យ >ចតុប្បច្ច័យ

ប៉ុន្តែ​ក៏​មាន​ពាក្យ​ខ្លះ​មិន​គោរព​តាម​ក្បួន​នេះ ព្រោះ​ថា​ពាក្យ​អស់​នោះ​គេ​សរសេរ​រៀង​មក​បែប​នោះ​ដោយ​មិន​គោរព​តាម​ក្បួន​បាលីសំស្ក្រឹត​ មាន​ដួច​ជា

ចតុរង្គ, ចតុលោក​បាល។ល។

ប៉ុន្តែ តាម​ទស្សនៈ លោក​កេង​វ៉ាន់​សាក់ បាន​អោយ​ដឹង​ថា គេ​គួរ​តែ​សរសេរ​ជា​ បែប ចតុ + នាម​ ដោយ​គ្មាន​តំរួតវិញ ទើប​មាន​លក្ខណៈ​ជា​ខ្មែរ​ជាង​។ ដូច​ជា​ ចតុមុខ មិន​ថា​ចតុម្មុខ​ទេ ចតុកោណ មិន​ថា ចតុក្កោណ​ទេ។ អំនះអំនាង​ដែល​អាច​ការពារ​គំនិត​លោក​បាន ​មាននៅ​​សល់​ស្លាក​ស្នាម​ខ្លះ​ៗ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ ដូច​ជា​មាន​បញ្ជាក់​ត្រង់​មេ​ពាក្យ បួន ជា​ដើម គឺ​ថា ដែល​សរសេរ​ថា ចតុម្មុខ នោះ គឺ​សរសេរ​តាម​បាលី​ទេ ខ្មែរ​រៀង​មក​សរសេរ​ថា ចតុមុខ។

ដូច្នេះ​បើ​អ្នក​តាំងចិត្ក​ថា សរសេរ​គោរព​តាម​ក្បួន​វចនានុក្រម​ខ្មែរ អ្នកគួរ​តែ​សរសេរ​បែប​នេះ​វិញ ចតុក្កោណ។ (តែ​ខ្ញុំ​សុំ​សរសេរ​តាម​ក្បួន​ធម្មតា​ៗ​របស់ខ្មែរ នាម​+នាម​=នាមនាម, នាម​x1000=នាម គ្មាន​ថែម s ថែម​អី​ដូច​ភាសា​ដទៃ​ទេ គឺ​ចតុ+កោណ = ចតុកោណ​)


បដិមា បដិមាករ រូប​បដិមា និង រូប​បដិមាករ

បដិមា (នាម) រូប​តំណាង
បដិមាករ (នាម) អ្នក​សាង​បដិមា
រូបបដិមា =រូប រូប​តំណាង (រូប​គំនូរ​ បដិមា រឺ​រូប​ថត​បដិមា… តែ​បើ​និយាយ​សំដៅ​ទៅ​បដិមា​ដោយ​ផ្ទាល់ នោះ​មិន​ចាំបាច់​ដាក់​រូប ទេ)

រូប​បដិមាករ =រូប​អ្នក​សាង​បដិមា


ជាមួយ​នឹង

ពិធី​ករ​ខ្លះ​តែ​ង​និយាយ​ថា

“សូម​ថ្លែង​អំណរ​គុណ​ជា​មួយ​នឹង ក្រុមហ៊ុន…..”

“សូម​ទស្សនា​ជា​មួយ​នឹង កម្មវិធី….

តើ​ពាក្យ​ជា​មួយ​នឹង គួរ​តែ​យក​មក​ប្រើ​បែប​នេះ​រឺ​អត់?

Ref:

  1. វចនានុក្រម​ខ្មែរ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៧
  2. កេង​វ៉ាន់សាក់, ការ​បង្កើត​ពាក្យ​ថ្មី, ភ្នំពេញ, ១៩៦៤
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ, វប្បធម៌​ទូទៅ and tagged , , , . Bookmark the permalink.

8 Responses to ពាក្យខ្មែរ​​ដែល​យើង​ច្រើន​តែប្រើ​​ខុស

  1. កាក​អំពៅ ថា:

    បើ​ខ្ញុំ​ចង់​រក​ឯកសារ​ដែល​ជា​ស្នា​ដៃ​របស់​លោក​កេង វ៉ាន់​សាក់​ តើ​គាត់​បាន​សរសេរ​សៀវ​ភៅ​អ្វី​ខ្លះ? នៅ​ឯ​ណា​មាន?

    • វិចិត្រ ថា:

      ខ្ញុំ​មិន​សូវ​ដឹង​ដែរ។ សៀវភៅ​គាត់​ដែល​ខ្ញុំ​មាន មាន​តែ របៀប​បង្កើត​ពាក្យ​ថ្មី មាន​ប្រហែល៦០០​ទំព័រ (មាន​លក់​នៅ​បណ្ណា​គារ​សន្តិភាព) និង​សៀវភៅ​កំនាព្យ គុកកាម​កិលេស។ ​សៀវភៅ​ខ្លះ​ៗ​ដែល​និយាយ​អំពី​គាត់​ បាន​អោយ​ដឹង​ថា គាត់​បាន​សរសេរ​រឿង​ខ្លី រឿង​ល្ខោន ជា​ច្រើន​ តែ​ខ្ញុំ​មិន​ដឹង​ថា​នៅ​ទី​ណា​មាន​ទេ។

  2. កូនខ្មែរ-បារាំង ថា:

    ជាធម្មតា ការនិយាយ, ការអាន, ការប្រើ ឬការសរសេរខុសនូវពាក្យទាំអម្បាលមាណដែលលោក​បានអត្ថាធិប្បាយខាងលើនេះ នោះគឺមកពីអ្នកអាន និយាយ សរសេរ ឬប្រើទាំងនោះមិនដឹង មិនស្គាល់ ឬមិនយល់នូវអត្ថន័យនៃពាក្យ ឬមួយក៏ករណីនេះ ជាការប្រើតាមគ្នា។ តាមពិតទៅ ពាក្យ​ជាច្រើន ដែលមនុស្សខ្មែរសម័យនេះប្រើដោយខុស ឬក៏បានបង្កើតពាក្យ ហើយជួនកាលបានកម្លាយ​ពាក្យទៅទំនើងចិត្តរបស់ខ្លួន ដោយគ្មានគិតពីក្បួនវេយ្យាករណ៍ឡើយ។ មានពាក្យជាច្រើនទៀតដែល​ខាងអ្នកសារព័ត៌មាន, ទូរទស្សន៍, អ្នកនយោបាយ ព្រមទាំងលោកគ្រូអ្នកគ្រូខ្លះៗ បានធ្លាប់និងកំពុងប្រើសព្វថ្ងៃដោយមិន​ខ្វាយខ្វល់អ្វីទាំងអស់។ គួរឲ្យសោកស្ដាយនឹងបារម្ភទៀតផង !
    ម៉្យាងវិញទៀត សៀវភៅដែលបោះពុម្ពផ្សាយជំំនាន់ក្រោយៗនេះ មានសរសេរខុសច្រើនណាស់​ដែរ។ ជាពិសេស គឺចាប់តាំងពីទសវត្សរ៍ ១៩៨០ ហើយតើសៀវភៅអស់ទាំងនោះ មានការឆ្លង​កាត់ការពិនិត្យពីសំណាក់ក្រសួងណាមួយទេ។ បើតាមការប៉ាន់ស្មានរបស់ខ្ញុំ ប្រហែលជាគ្មានទេ​មើល៍ទៅ ! ពួកអាជីវករ គេមិនគិតពីការខុសត្រូវទេ ល្គឹកណាអាជីវកម្មរបស់ពួកមានអំណោយ​ផល​ ! ពុំនោះទៀតសោត មានពាក្យច្រើនដែលខ្ញុំបានប្រទះ ហើយដែលពាក្យទាំងនោះ ដែលសព្វ​ថ្ងៃសរសរខុសពីទសវត្សរ៍ ១៩៧០៕

  3. កូនខ្មែរ-បារាំង ថា:

    យ៉ាងហោចណាស់, នៅស្រុកបារាំង, មុននឹងបោះពុម្ពនូវឯកសារ ឬក៏កូនសៀវភៅអ្វីមួយ ក៏ត្រូវបាន​គេពិនិត្យឲ្យបានត្រឹមត្រូវជាមុនសិនដែរ !!!

    • វិចិត្រ ថា:

      ប៉ុន្តែ​ខាង​រោង​ពុម្ព​ជា​អ្នក​ពិនិត្យទេ​ដឹង?
      ព្រោះ​ដូច​ស្រុក​ខ្មែរ​យើង បើ​សិន​ជា​មាន​ក្រសួង​រឺ​មន្ទីរ​ពិនិត្យ​សៀវ​ភៅ​មុន​នឹង​បោះ​ពុម្ព​ផ្សាយ​ នោះ​សៀវភៅ​និមួយៗ​ច្បាស់​ជា​ត្រូវ​សូក​លុយ​សិន​ទើប​អាច​ផ្សាយ​បាន។ រឺ​មិន​អញ្ចឹង​ទេ បើ​សិន​ជា​សៀវភៅ​រិះគន់​ស្អី​ទៀត កាន់​តែ​ចប់​បណ្តោយ។

      • កូនខ្មែរ-បារាំង ថា:

        តែរបៀបនេះឯង លទ្ធិប្រជាធិបតេយ្យរបៀបខ្មែរ ហើយ​សិទ្ធិសេរីភាពបញ្ចេញមតិ !
        មែន នៅស្រុកខ្មែរយើងគឹវាដូចលោក វិចិត្រ សរសេរអញ្ចឹង។​ បើមានបុគ្គលណាមួយសរសេរជា​​សៀវភៅរិះគន់នូវអ្វីមួយ អ្នកដែលសរសេរនោះគឺច្បាស់ជាបានទៅឋានសួគ៌ ឬ នរក ឆាប់ៗហើយ!
        C’est ça la démocratie à la Cambodgienne !

  4. ចក្រី ថា:

    ការមិនយល់អំពីរបៀបផ្តល់តម្លៃដល់ភាសាខ្លួន ជនជាតិខ្មែរតែងតែប្រើភាសាខ្លួនដោយភាពងងឹតងងុល។ ជាក់ស្តែងជនជាតិខ្មែរទូទៅមិនដឹងថាខ្លួនសរសេរពាក្យត្រូវឬខុសទេ ពោលគឺពួកគេចេះមិនច្បាស់(ដោយសារការគ្រប់គ្រងប្រព័ន្ធអប់រំមិនល្អ)និងមិនបានស្គាល់វចនានុក្រម។ បើនិយាយទៅក្រសួងចេះមិនដល់ មិនចេះខ្វល់អំពីភាសាជាតិ ដែលជាហេតុនាំឱ្យការអប់រំខ្វះគុណភាព។ នោះទើបបានជាក្នុងរដ្ឋនីមួយៗ គេត្រូវបង្កើតទីប្រជុំអ្នកប្រាជ្ញខាងអក្សរសាស្ត្រ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s