លោក​គ្រូ​ខ្ញុំ ដែល​ឈ្មោះ​ រិទ្ធិ


.

លោក​គ្រូ​ខ្ញុំ ដែល​ឈ្មោះ​ រិទ្ធិ

នៅ​ថ្ងៃ​មួយ​នោះ នា​ឆ្នាំ ១៩៨៦ ​ឪពុកម្តាយ​ខ្ញុំ​ផ្លាស់​ទី​លំនៅ​ពី​អូរឫស្សី​មក​នៅ​ឯផ្សារ​ក្រចេះ​វិញ។​ ខ្ញុំ​ត្រូវ​ផ្លាស់​ពី​សាលា​បឋមសិក្សា​ដ៏​តូច​មួយ មាន​តែ​បី​បួន​ថ្នាក់ ​ស្ថិត​នៅ​ក្នុង​វត្ត​អូរឫស្សី មក​សិក្សា​នៅ​សាលាបឋមសិក្សា​ក្រចេះ​ក្រុងវិញ។ សាលាថ្មី​ធំ​ជាង​សាលាមុនរបស់​ខ្ញុំ តែ​ក៏​មិន​ធំ​ដូច​សាលា​អីលូវ​ដែរ។ សាលា​នេះ​មាន​សិស្ស​ច្រើន ហើយ អ៊ូរអរ។ ថ្ងៃ​ដំបូង ពេល​ដែល​ខ្ញុំ​ត្រូវ​ទៅ​ចុះ​​ឈ្មោះ​ចូល​រៀន ពេល​ដែល​ចូល​ដល់​ទី​ធ្លា​សាលា​នេះ ខ្ញុំ​ឃើញ​តាម​បង្អួច គ្រូ​ម្នាក់​កំពុង​វាយ​សិស្ស​ស្រី​ម្នាក់ បែក​ធូលី​សំពោង ហាក់​ដូច​ជា​បែក​ផ្សែង។ ទិដ្ឋភាព​នេះ ធ្វើ​អោយ​ខ្ញុំ​ព្រឺ​សំបុរ​រហូត​មក​ដល់​សព្វ​ថ្ងៃ ។

ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ដំបូង នៅ​ក្នុង​ថ្នាក់​រៀន​ថ្មី​របស់​ខ្ញុំ គឺ​ថ្នាក់​ទី​២ខ។ គ្រូ​ទទួល​បន្ទុក​ថ្នាក់​ឈ្មោះ​គ្រូ​រិទ្ធិ គឺ​ជា​គ្រូ​ដែល​វាយ​សិស្ស​ម្នាក់​បែក​ធូលី​សំពោងពី​ថ្ងៃ​មុន​​នោះ​ឯង។ សិស្ស​ម្នាក់​នោះ​ក្រោយ​មក​ទៀត​ ខ្ញុំ​ស្គាល់​ថា​អ្នក​នៅ​ផ្ទះ​ជាប់​ជញ្ជាំងគ្នា​តែ​ម្តង។

អ្វី​ដែល​ខ្ញុំ​ចាំបាន រឺ អនុស្សាវរីយ៍​ពី​គ្រូ​ថ្នាក់​ទី​២​របស់​ខ្ញុំ​គឺ​ភាព​ម៉ឺងម៉ាត់​ ភាព​ស្វាហាប់ ក្នុង​ការ​បង្រៀន ប្រកប​ដោយ​​ថាមពល​របស់​គាត់ រួម​ទាំង​ក្តី​​ភ័យ​រន្ធត់​ពេល​សរសេរ​តាម​អាន​លើ​ក្តារ​ឈ្នួន​ម្តងៗ។ ខ្ញុំ​នៅ​ចាំ​បាន​ថា មាន​មិត្រ​ខ្ញុំ​ម្នាក់​ វា​តែង​តែ​លួច​ចំលង​ខ្ញុំជា​ញឹក​ញយ។ មាន​ពេល​មួយ​នោះ គ្រូ​រិទ្ធិ​បាន​ហៅ​ពួក​យើង​អោយ​សរសេរ​ពាក្យ​មួយ មិត្រ​ខ្ញុំ​ វា​បាន​លួច​ចំលង​ខ្ញុំ​ទៀត។ យើង​ផ្កាប់​ក្តារ​ចុះ បន្ទាប់​ពីសរសេរ​រួច​។ ខ្ញុំ​សង្ស័យ​ថា​អ្វី​ដែល​ខ្ញុំ​សរសេរ​នោះ​មិន​ត្រឹម​ត្រូវ។ ខ្ញុំ​ក៏​ត្រលប់​ក្តារ​មក​កែវិញ។ ពេល​គ្រូ​ប្រាប់​អោយ​លើក​ក្តារ​ឡើង គាត់​ចាប់​ផ្តើម​ដើរ​ពិនិត្យ​ម្តង​ម្នាក់ៗ។ បន្តិច​មក​ទៀត ស្នូរ​រំពាត់​បាន​លាន់​លឺ​ឆ្វាប់​ៗ ចេញ​ពី​ខ្នង​មិត្រ​របស់​ខ្ញុំ។ សំលេង​នេះ​មាន​ធ្វើ​អោយ​ខ្ញុំ​ស្រៀវខ្នង​មិន​តិច​ទេ។

រយៈពេល​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ខ្ញុំ​មិន​ចាំ​បាន​ថា​ជា​ពេល​ណាមួយ​សោះ។ មិន​ដឹង​ជា​ពេល​ដែល​ខ្ញុំ​ប្រលង​ឌីប្លូម​នៅ​ឆ្នាំ​៩៤​រួចហើយ រឺ​មិន​ដឹង​ជា​ពេល​ដែល​ខ្ញុំ​កំពុង​តែ​រៀន​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​[1]នៅ​ភ្នំពេញ រឺ​មួយ​ក៏​ពេល​ដែល​ខ្ញុំ​ដូរ​មក​រៀន​នៅ​តិចណូ​វិញផង​ក៏​មិន​ដឹង។ ខ្ញុំ​ចាំ​បាន​ថា​ពេល​នោះ​ខ្ញុំ​ទៅ​ដើរ​លេង​នៅ​វត្ត​អូរ​ឫស្សីជា​មួយ​មិត្រ​ភក្តិ ចៃដន្យ​ដើរ​កាត់​មុខ​ថ្នាក់​រៀន​មួយ​ស្ថិត​នៅ​ក្រោម​សាលា​ឆាន់វត្ត​អូរឫស្សី។ ខ្ញុំ​ជួប​គ្រូ​រិទ្ធិ​របស់​ខ្ញុំ​ម្តង​ទៀត។ គាត់​កំពុង​តែ​បង្រៀន។ ខ្ញុំ​ចាំ​មុខគាត់​ច្បាស់​ណាស់។ ខ្ញុំ​ឈរ​មើល​គាត់ពី​ក្រៅ​ថ្នាក់​…មើល…មើលហើយ​មើល​ទៀត…។ ខ្ញុំ​ចាំបាន​ថា គាត់​ពេល​នេះ​មិន​ដូច​មុន​ទេ។ មែន​ហើយ​គាត់​មិន​មែន​បង្រៀន​នៅ​សាលាបឋមសិក្សា​ក្រចេះ​ក្រុង​ទៀត​ទេ។ សាលាបឋមសិក្សា​ក្រចេះ​ពីមុន​នោះ ក៏​រលាយ​បាត់​ទៅ​ហើយដែរ។ តែ​មិន​មែន​ហេតុផល​ដែល​សាលា​បឋមសិក្សា​ក្រចេះ​ក្រុង​រលាយ​បាត់ បាន​ជា​គាត់​មក​បង្រៀន​នៅ​ទៅ​នេះ​ដែរ។ គាត់​ពេល​នេះ​ មិនស្វាហាប់ ​ប្រកប​ដោយ​ថាមពល​ដូច​ពេល​ខ្ញុំ​រៀន​ជា​មួយ​គាត់​នោះ​ទេ។ ខ្ញុំ​មិន​ឃើញ​គាត់​​វាយសិស្ស​ ដូច​គ្រា​ដំបូង​ដែល​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​នៅ​សាលាបឋមសិក្សា​ក្រចេះ​ទេ។ គាត់​បង្រៀន​ធម្មតាៗ ​មើល​ទៅ​ដូច​ជា​គ្មាន​ទឹក​ចិត្ត​នឹង​បង្រៀន​ទៀត​ផង។

ខ្ញុំ​ឈរ​មើល​គាត់​បង្រៀន​ រហូត​ទាល់​តែ​សំលេង​ជួង​បន្លឺ​ឡើង។ គាត់​ចេញ​មក​ក្រៅ​និយាយ​លេង​ជា​មួយ​ខ្ញុំ។ ខ្ញុំ​និយាយ​ទៅ​គាត់​ជាមុន​ថា “លោក​គ្រូ…”។ ជា​ទំលាប់​របស់​ខ្ញុំ ដែល​គ្មាន​ពាក្យ​ពេចន៍​អ្វី​នឹង​និយាយ​បូរបាច់​ច្រើនតាំង​ពី​ដើម​មក បែក​គ្នា​យូរ​ហើយមាន​ពាក្យ​ពីរ​ម៉ាត់​នេះ​ប៉ុណ្ណោះ។ មើល​ទៅ​គាត់​ហាក់​ដូច​ជា​ចាំ​ខ្ញុំ​ច្បាស់​ណាស់។ គាត់​បាន​សួរ​ខ្ញុំ”អីលូវ​ … រៀន​នៅ​ឯណា?”។ ខ្ញុំ​ប្រាប់​គាត់​ពី​សាលា​ថ្មី​របស់​ខ្ញុំ។ គាត់សរសើរ​ខ្ញុំ​ដែល​មាន​សំនាង​ បាន​រៀន​នៅ​សាលា​នោះ។ គាត់​ឈរ​សំលឹង​ទៅ​ឆ្ងាយ បន្តិច​ក្រោយ​មក​គាត់​ក៏​ពោល​ថា “…គ្រូ​ចាស់​ដែល​គ្មាន​លុយ​សូក​ នឹងត្រូវ​គេ​បញ្ជូន​អោយ​ទៅ​បង្រៀន​នៅ​​ឆ្ងាយៗ.. “។ គាត់​និយាយ​ហាក់​ដូច​ជា​មនុស្សអស់​​សង្ឃឹម​…។


[1] អីលូវ​ប្រែ​ជា​ សកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to លោក​គ្រូ​ខ្ញុំ ដែល​ឈ្មោះ​ រិទ្ធិ

  1. មង្គល ថា:

    ពិតជារៀបរាប់បានក្បោះក្បាយល្អមែន។ មិនពូកែនិយាយតែពូកែសរសេរ។

    និយាយទៅខ្ញុំចូលចិត្តស្តាប់រឿងរ៉ាវពិតៗបែបនេះណាស់។នេះធ្វើអោយ​ខ្ញុំស្រម័យឃើញកាលខ្ញុំរៀនថ្នាក់ទី២ដែរ។​គិតទៅ២០ឆ្នាំបានកន្លងផុតទៅយ៉ាងរហ័ស។

  2. វិចិត្រ ថា:

    កាល​មុនមង្គល​​ថ្នាក់​ទី​ពីរ អីលូវ​ថ្នាក់​ទី​ប៉ុន្មាន​ហើយ? ទី​ពីរ​ដដែល​រឺ​ទី​បី​ហើយ?

  3. មង្គល ថា:

    សួរបានល្អណាស់ ២០ឆ្នាំមុនខ្ញុំរៀនថ្នាក់ទី២ ២០ឆ្នាំក្រោយខ្ញុំរៀនថ្នាក់ទី២ម្តងទៀត។នេះបានគេហៅថាវាលវដ្តសង្សារ។

  4. វិចិត្រ ថា:

    តែ​ថ្នាក់​ទី​២​លើក​នេះ ដូច​ជា​ចាស់​​ជាង​មុន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s