វចនានុក្រម​ខ្មែរ​សរសេរ​ខុស​រឺ? ការ​សន្មតិ​ vs ការ​សន្មត


សូម​ពិនិត្យ​ពាក្យ​២​ខាង​ក្រោម

សន្មត [សន់-ន៉្មត់]   សំ. បា.  ( កិ. )  (សម្មត) ប្តេជ្ញា; សន្យា; អនុម័ត; យល់​ព្រម​ជា​មួយ, ព្រម​តាម; តាំង, តាំង​ឲ្យ​ជា…; កំណត់, កំណត់​ជា…; ទុក​ដាក់​ជា …, ទុក​ដាក់​ឲ្យ​ជា …; បញ្ញត្ត​ឲ្យ​ដឹង : សន្មត​គ្នា ប្តេជ្ញា​គ្នា, សន្យា​គ្នា ។ សន្មត​គត់​ដា​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ។ សន្មត​នាម តាំង​ឈ្មោះ, ឲ្យ​ឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់​ឲ្យ​ជា​យក្ស ទុក​ដាក់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​យក្ស ។ល។ ប្រើ​ជា គុ. ក៏​បាន : ពាក្យ​សន្មត។   សម្មត

សន្មតិ [សន់-ន៉្មត់]   សំ. បា.  ( ន. )  (សម្មតិ) ការ​ប្តេជ្ញា, ការ​សន្យា; អនុម័តិ; ការ​យល់​ព្រម​ជា​មួយ, ដំណើរ​ព្រម​តាម; ការ​តាំង; ការ​កំណត់; ការ​ទុក​ដាក់​ជា… ; បញ្ញត្តិ : ដោយ​សន្មតិ, តាម សន្មតិ, មាន សន្មតិ ។    សម្មតិ

កតិកា [កៈ-តិកា]   បា.  ( ន. )  សេចក្ដី​ប្ដេជ្ញា, ការ​សន្មតិ គ្នា, ការ​មត់​គ្នា, ខ​សន្យា ។ កតិកា​សញ្ញា សញ្ញា​គឺ​ការ​សន្មតិ គ្នា, ការ​មត់​គ្នា​ទុក​ជា​គ្រឿង​សំគាល់ : យើង​ត្រូវ​ធ្វើ​កតិកា​សញ្ញា​មួយ ។

សន្មតិ​ ជានាម ដូច្នេះ​ពេល​ប្រើមិន​ចាំបាច់​ដាក់​ ការ ពីមុខទេ? ដូចជាពាក្យ​ផ្សេង​ទៀត៖

អនុវត្ត (កិ)->(ន) ការអនុវត្ត រឺ អនុវត្តន៍ មិន​ប្រើ ការអនុវត្តន៍ ទេ

ពិសោធ (កិ)->(ន) ការពិសោធ រឺ ពិសោធន៍ មិន​ប្រើ ការពិសោធន៍ ទេ

បញ្ញត្ត (កិ)->(ន) ការ​បញ្ញត្ត រឺ បញ្ញត្តិ មិន​ប្រើ ការបញ្ញត្តិ ទេ

អភិវឌ្ឍ(កិ)->(ន) ការ​អភិវឌ្ឍ រឺ អភិវឌ្ឍន៍ មិន​ប្រើ ការអភិវឌ្ឍន៍ ទេ។ល។

ដូច្នេះ “ការសន្មតិ” ត្រូវ​រឺខុស?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to វចនានុក្រម​ខ្មែរ​សរសេរ​ខុស​រឺ? ការ​សន្មតិ​ vs ការ​សន្មត

  1. ចន្នា ថា:

    ការសន្មតិ​ គួរតែសរសេរជា ការសន្មត​ ។
    ខ្ញុំគិតថា​នេះជាកំហុសអក្ខរាវិរុទ្ធ​ រឺ កំហុសដោយអចេតនារបស់អ្នក​និពន្ធ​ ដែលជារឿងធម្មតាទៅហើយនៅ​សៀវភៅសម័យ​មុន។
    ណាមួយវចនានុក្រម​នេះ​ បោះពុម្ពជិត ៤០ឆ្នាំហើយ​មិនដែលត្រូវបាន យកមកពិនិត្យចងក្រងជាថ្មីផង។

  2. វិចិត្រ ថា:

    ខ្ញុំ​គិត​ថា​អញ្ចឹង​ដែរ។
    ដំបូង​ឃើញ​ក្នុង​វចនានុក្រម​អេឡិចត្រូនិច​របស់​ពុទ្ធសាសនបណ្ឌិត។ ខ្ញុំ​គិត​ថា អ្នក​បញ្ចូល​អក្សរ​ គេបញ្ចូល​ខុស ដល់​មើល​ក្នុង​សំនៅ​ដើម ឃើញ​អញ្ចឹង​មែន។
    ខ្ញុំ​សង្ស័យ​ថាខុស តែ​អ្នក​វាយ​បញ្ចូល​ថ្មី គេ​មិន​ហ៊ាន​កែ។

  3. 4cambodia ថា:

    អត់ខុសទេ ត្រូវទាំងពីរ មួយជានាម មួយទៀតជាកិរិយា មើលវចនានុក្រមទំព័រ ៧៨៦​បន្ទាត់ទី៦ ពីលើមក។ កិរិយា អាចជា សម្មតិ សន្មតិ សម្មត សន្មត បានអត់ខុសទេ 😀

  4. វិចិត្រ ថា:

    4cambodia: នៅ​ក្នុង​មេពាក្យ​មួយ​ណា? ព្រោះ​រក​តាម​ទំព័រ ខ្ញុំ​រក​អត់​ឃើញ​ទេ ព្រោះ​ប្រើវចនានុក្រមអេឡ.

  5. និមល ថា:

    ការ​ពិត​មាន​តែ​មួយ​ទេ។

    សន្មតិ = ការ​សន្មត (អត់​មាន​ស្រៈ​ិ)។

    សូម​ជម្រាប​ថា ការ​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​គ្រា​ទី​៥ នា​ឆ្នាំ​១៩៦៧ មាន​កំហុស​អក្ខរាវិរុទ្ធ​ដល់​ទៅ​ជាង ៣០០ កន្លែង​ឯណោះ។ នេះ​មិន​មែន​ដោយ​សារ​ការ​មាន​ចេតនា​នោះ​ទេ គឺ​ជា​កំហុស​របស់​អ្នក​ចាប់​ពុម្ព​អក្សរ (typographie) និង ការ​មិន​បាន​ត្រួត​ពិនិត្យ​ឲ្យ​បាន​សព្វ​គ្រប់​ជ្រុង​ជ្រោយ។ ដោយ​សារ​ស្រុក​កើត​សង្គ្រាម និង គ្មាន​អ្នក​យក​ចិត្ត​ទុក​ដាក់ ទើប​វចនានុក្រម​ខ្មែរ​នេះ នៅ​ទ្រឹង​ត្រឹម​ការ​បោះ​ពុម្ព​គ្រាទី៥​នេះ ដោយ​គ្មាន​ការ​កែប្រែ​កំហុស​។

    កំហុស​ត្រូវ​តែ​មាន​ជៀស​មិន​រួច។ បើ​យើង​មើល​វចនានុក្រម​ខ្មែរ​អេឡិកត្រូនិក​ដែល​ចេញ​ផ្សាយ​ដោយ ពុទ្ធ​សាសនបណ្ឌិត្យ សម្រាប់​ប្រើ​លើ​កុំព្យូទ័រ​នេះ ក៏​មាន​កំហុស​ចាប់​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ​ ព្រោះ​ដោយ​សារ​ការ​មិន​បាន​ត្រួតពិនិត្យ ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ។

    ឧទាហរណ៍៖ ត្រង់​កន្លែង​ដែល​និយាយ​ពី​ប្រវត្តិ​វចនានុក្រម​ខ្មែរ​នោះ មាន​ការ​សរសេរ​ពាក្យ «វចនានុក្រម​» ខុស ដោយ​គ្មានព្យញ្ជនៈ «វ», «អភិវឌ្ឍន៍» គ្មាន ៍, «ជំហាន» សរសេរ មាន ៊ ,​ «ស្នើ» បែរ​ជា​មាន «រ», «លម្អ» បែរ​ជាមាន «រ» …. ដែល​កំហុស​ទាំង​នេះ​មិន​គួរ​មាន​ទាល់​តែ​សោះ ព្រោះ​វា​ស្ដិត​នៅ​ក្នុង​មាតិកា និយាយ​ពីប្រវត្ថិ​ (ទំព័រ​ទី​មួយ)។

    សរុប​សេចក្ដី​មក វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រាទី៥ នោះ មាន​កំហុស ជាង 300​ កន្លែង​ ព្រោះ​ការ​ចាប់​ពុម្អ​អក្សរ។ រី​ឯ​ការ​ធ្វើ​វចនានុក្រម អេឡិកត្រូនិក នោះ គឺ​ជា​ការ​ចម្លង​ទាំង​ស្រុង​ពី​វចនានុក្រម គ្រាទី៥​នោះ ដោយ​មិន​បាន​កែប្រែ​កំហុស​ឡើយ (មាន​តែ​បង្កើត​កំហុស​ខ្លះៗ​ថែម​ទៀត)។

    បើបង​ប្អូន​​ចង់​ជ្រាប​ច្បាស់​​ សូម​ទាក់​ទង លោក រី ស្រ៊ាង តាម​ទូរស័ព្ទ​លេខ 012 62 70 70។

  6. វិចិត្រ ថា:

    ខ្ញុំ​ខ្លាច​តែ​ បញ្ហា​លុយ​តិច ខ្ជិល​គិត​ច្រើន​នាំ​បញ្ហា ចំលង​ដាក់​ទាំង​ដុល​ទៅ​ស្រួល​ខ្លួន​ជាង។ ព្រោះ​បើ​កែ​ស្អី​មួយ នឹង​មាន​អ្នក​មក​ដេញ​ដោល​ចោទសួរ ជួន​កាល​ជាប់​ចោទពី​បទ​កែ​វចនានុក្រម សាច់​មិន​បាន​ស៊ី​យក​ឆ្អឹង​មក​ព្យួរ​ក។

  7. 4cambodia ថា:

    ក្នុងវចនានុក្រម មេពាក្យ កិរិយា ដាក់​មិនអស់ទេ ព្រោះកិរិយាក្នុងបាលី មានវិភត្តិច្រើន លោកបានឃើញ កិរិយាតែពីរមែនឬ? គឺ សម្មតនិង សន្មត > នាម គួរតែ ការសម្មត និង ការសន្មត ហើយហេតុម៉េច ក្នុងវចនានុក្រមដាក់ នាម​ ថាៈ សម្មតិ និង សម្មតិ ដូចនេះទៅវិញ ….
    លោកអាចទៅមើល បទានុក្រមបាលី ភាគ៣ ទំពរ័៤៦២ បន្ថែមទៀត កិ. សម្មតិ និងសន្មតិ ភ្ជាប់នឹងពាក្យ «~សច្ច» គេប្រែថា សេចក្តីពិតនៃ ការសន្មតិ ។ វេយ្យាករណ៍បាលីថ្នាក់ដំបូង ពុទ្ធសាសនបណ្ឌិត្យ ព.ស. ២៥៤៤ ទំព័រ ១២២ អំពីកិរិយា ។
    វចនានុក្រមលោកបោះពុម្ពគ្រាទីប៉ុន្មាន? របស់ខ្ញុំបោះពុម្ពគ្រាទី៥ តែគេចម្លងថ្មី បច្ចេកទេសកុំព្យូទ័រ លោក K Sopheap ។ (នៅក្នុងទំព័រមេពាក្យ សន្និសីទ)

  8. 4cambodia ថា:

    អូភ្លេចមើលលោកប្រីវចនានុក្រម អេឡិច…ទេ !

  9. 4cambodia ថា:

    ត្រូវមែននិមល! អ៊ីចឹងបានជាកន្លែងខ្លះខ្ញុំឃើញខុស តែខ្ញុំដឹងហើយថា ប្រាកដជាមកពី បច្ចេកទេសកុំព្យូទ័រមែន ។

  10. វិចិត្រ ថា:

    4cambodia ខ្ញុំ​រក​ពាក្យ​ សន្មតិ ជា​កិរិយាសព្ទ​អត់​ទាន់​ឃើញ​នៅ​ក្នុង​វចនា​នុក្រម​ខ្មែរ ទេ។ ជួយ​ប្រាប់​ផង។

  11. 4cambodia ថា:

    អត់មានដាក់ឲ្យទេ ក្នុងវចនានុក្រម តែជាកិរិយាបាន ​ក្នុងបាលីៈ សម្មតិ (កិ). ម្ម ) សម្មតិ នេះ ប្រែថា រម្ងាប់ ឬ​ស្ងប់ ។ (នាម ឥត្ថីលិង្គ) សម្មតិ < សំ​ ឬ សម្មា +មន +តិ ជាកិរិយា អាចជា សន្មតិ ឬ សម្មតិ ប្រែថា ដឹងព្រម , ដឹងដោយប្រពៃ , សន្មតិ , ព្រមតាម… ។ ភ្ជាប់​នឹង សច្ច ជា​ សន្មតិសច្ច បុំ. សេចក្តីពិត ដោយ ឬ នៃ ការសម្មតិ ។

  12. វិចិត្រ ថា:

    ស្មាន​តែ​មាន​ក្នុង​វចនានុក្រម​ខ្មែរ។ និយាយ​អញ្ចឹង​លោក4cambodia មាន​e-versionរបស់​ បទានុក្រមបាលី ​ទេ?

  13. 4cambodia ថា:

    ជាភាសអង់គ្លេសអត់មានទេ! មានតែខ្មែរ ហើយខ្មែរនឹង តិចតួចណាស់ បើលោកចង់បានឲ្យគេទិញបាន នៅស្រុកយើងមានសព្វថ្ងៃនឹង។
    សម្មន៑ = ញាណ,​សម្មន្នតិ,សម្មន្នេយ្យ សម្មន្និត្វា សម្មតោ​ សម្មតិ « យល់ព្រម,​យល់ស្រប, ជឿ, ចាត់ឬទុក,នឹក, គិត,គោរព,សរសើរ,អនុញ្ញាត,​សន្មត» កុំច្រឡំ អគ្គិ សម្មតិ ប្រែថា «ភ្លើងរលត់ » អានេះ សម៑ ធាតុ តែសម្រេចរូប ចេញជាពាក្យមកវាខុសគ្នា សម៑ = ខេទេ និរោធេ ច សម្មតិ សន្តោ « លំបាក, នឿយហត់,រលត់» នេះធាតុសង្គ្រោះ ។

  14. 4cambodia ថា:

    កែផងបាត់ពាក្យ! ……..តែសម្រេចរូប ចេញជាពាក្យមកដូចគ្នា វាខុសន័យគ្នា….

  15. វិចិត្រ ថា:

    ត្រង់​ចំនុច​មួយ​ទៀត​ដែល​ខ្ញុំ​សំគាល់​ឃើញថា​ខុស​ គឺ​ត្រង់​មេពាក្យ កក្អិច កក្អិល កក្អៀច ប្រើ​ពាក្យ ចំរើន មិន​ត្រូវ​តាមក្បួន​របស់​​វចនានុក្រម​ខ្លួន​ឯង។ ក្នុង​version នោះ គឺ​ត្រូវ​ប្រើ ចម្រើន មិន​មែន ចំរើន ទេ។

  16. 4cambodia ថា:

    ក្អិច>កក្អិច ក្អិល>កក្អិល ក្អៀក>កក្អៀច នេះខ្មែរ យើងមានពាក្យរបៀបនេះច្រើន គេហៅថាអព្ភាស គឺបន្ថែមតួអក្សរមួយឲ្យដូចនៅពីមុខពាក្យនោះ! តែពាក្យអស់ទាំងនឹងច្រើនតែប្រើជាបរិវាពាក្យដទៃ ក្នុងភាសាយើង នេះតាមខ្ញុំសង្កត! (ចំរើន) នេះមិនត្រូវទេ ត្រូវនោះ គឺ ចម្រើន នេះជាកម្លាយពាក្យទេ ខុសគ្នាពីពាក្យបីខាងលើ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s