អប្សរាជា​អ្វី? រាហូ​គូរ​អប្សរាស្រាត ​​ខុសមែន​​រឺ?


កាលពី​ពេល​កន្លង​ទៅ​នេះ (ក្រុម)​វិចិត្រករ​ខ្មែរ​មួយ(​ក្រុម) បាន​គូរ​រូប​អប្សរា​លែង​ដង​ខ្លួន​ទទេ។ គំនូរ​នេះ​បាន​ទទួល​ ទាំង​​ការ​សរសើរ​និង​ការ​ជេរ​ប្រទេច​។ខ្មែរ​ស្ទើរ​គ្រប់​ស្រទាប់​បាន​ចាប់​អារម្មណ៍ រួម​ទាំង​រដ្ឋមន្ត្រី បណ្ឌិតប្រវត្តិវិទ្យា បញ្ញាវន្ត…។
សូម​អាន​ នៅ​លើ​វែប​សាយ​ខាង​ក្រោម​អំពី​គំនិត​និង​ទស្សនៈ​នានា​ជុំ​វិញ​បញ្ហា​នេះ។

http://khmerbird.com/featured/painting-a-naked-apsara-is-not-a-crime/
ទស្សនៈ​ចំពោះ​គំនូរ​អប្សរា​ស៊ិចស៊ី (4khmer.wordpress.com)
Controversial artist [Reahu] fights back
The sexy Apsaras and the negative reactions from cultural officials
Apsara Ruos Loeung Vinh – “Apsara alive again”: A Poem in Khmer by Sam Vichea
Cambodian minister wants to shut down US website for showing too realistic Apsara image: Ing Kanthaphavy’s censorship stupidity?

ទាំង​​អ្នក​ដែល​រិះគន់​ និង​សរសើរដល់​ក្រុម​វិចិត្រករ​នោះ បាន​យល់​ដឹងអំពី​អប្សរា​ហើយ​រឺ​នៅ? អប្សរា​មាន​លក្ខណៈ​យ៉ាង​ណា? ស្អី​គេ​ជា​អប្សរា?

ហេតុ​អ្វី​ក៏​គូរ​អប្សរា​ស្រាត​ប៉ះ​ពាល់​ដល់​វប្បធម៌​ខ្មែរ ទៅ​វិញ? រូប​ចំលាក់​មួយ​ណា​នៅ​លើ​ប្រសាទ ដែល​មាន​អប្សរា​​ពាក់​អាវ? បើ​ដូច្នេះ​គួរ​យក​អ្វី​ទៅ​បិទ​បាំង​រឺ​ កុំ​អោយ​ក្មេង​ឃើញ កុំ​អោយ​ប៉ះ​ពាល់​ដល់​វប្បធម៌​ខ្មែរ​សម័យថ្មី​​នេះ?។

ពិត​មែន​ហើយ ការ​ដែល​យក​អ្វី​មួយ​ដែល​គេ​គោរព​បូជា​ទៅ​ជាន់​ឈ្លី ជា​ការ​ប្រមាថមើល​ងាយ​ដ៏​ធ្ងន់​។

តែ​ថា

អប្សរា​មាន​តែ​ខ្មែរ​ទេ?

អ្នក​ខ្លះ​ថា អប្សរា​តំនាង​អោយ​ស្ត្រី​ខ្មែរ មែន​រឺ? មាន​អ្វី​អះ​អាង?

អញ្ចឹង​តើ​ត្រូវ​គូរ​យ៉ាង​ម៉េច​វិញ?ស្លៀក​ពាក់​ដូច​ខ្មែរ​សម័យ​នេះ​រឺ?

បើត្រូវ​គូរ​ជីវភាព​ស្រី​រាំ​អប្សរា​សំរាប់​ព្រះ​រាជា​នៅ​សម័យ​នោះ​វិញ គួរ​គូរ​បែប​ណា​វិញ? (រឺ​ក៏​របាំ​នេះ​ទើប​តែ​មាន​ទេ?..)

ខ្ញុំ​បាន​អាន​ទស្សនៈ​របស់​អ្នក​រិះ​គន់​ជា​ច្រើន ខ្ញុំ​មិន​ឃើញ​ពួក​គេ​និយាយ​ថា រាហូ​គួរ​គូរ​បែប​នេះវិញ​បាន​ល្អ នោះ​ទេ!! …

ខាង​លើ​នេះ​គ្រាន់​តែ​ជា​ចំងល់​របស់​ខ្ញុំ ចំងល់​រហូត​ដល់​ធ្វើ​អោយ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​ម៉េច។​ខ្ញុំ​មិន​ហ៊ាន​វាយ​តំលៃ​ថា គំនូររបស់​រាហ៊ូ​នេះ​ប៉ះ​ពាល់​រឺ​មិន​ពាល់នោះ​ទេ។

តែ​ខ្ញុំ​មាន​អត្ថបទ​មួយ​អំពី​អប្សរា​។ សូម​អាន​ហើយ​ពិចារណា។

សិក្សា​អោយ​បាន​ស៊ី​ជំរៅ​សិន មុន​នឹង​ជេរ ជៀស​វាង​ជេរ​ទាំង​ងងិត​ងងល់!!

អប្សរា

អប្សរាម្នាក់ (សំស្ក្រឹត:  អប្សៈរាះ, ពហុវចនៈ អប្សៈរៈសះ, បាលី អច្ឆៈរា) ជា​ព្រលឹង​ ដួង​វិញ្ញាណ​ស្ត្រី នៃ​ពពក និង​ទឹក ក្នុង​ជំនឿ​ហិណ្ឌូ និង ពុទ្ធសាសនា។

អប្សរា​ជា​ភាវៈ​អរូបី ពួក​គេ​លេច​ចេញ​មក​ជា​ស្ត្រី​ក្មេង​ មាន​រូបសំរស់​ស្អាត ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​របាំ។ ពួក​គេ​ជា​ភរិយា​របស់ពួក គន្ធរ្វ័ស  ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះ​ឥន្ទ្រ។ ពួក​អប្សរារាំ​តាម​ភ្លេង​ដែល​លេង​ដោយ​ប្តី​របស់​ពួក​គេ ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​រាជវាំង​របស់​ព្រះ​អាទិទេព ដើម្បី​បន្ធូរ​អារម្មណ៍​របស់​ព្រះ​អាទិទេព​និង​ពួក​វីរបុរស​ដែលបាត់​បង់​កេរ្តិ៍​ឈ្មោះ។ អប្សរា​ត្រូវ​បាន​គេ​និយាយ​ថា អាច​ប្រែកាយ​បាន ហើយ​ជា​អ្នក​កំនត់​សំនាង​នៅ​ក្នុង​ល្បែង​ស៊ីសង។ ឧរ្វៈសី, មេនៈកៈ, រម្ភៈ និង តិលោត្តៈមៈ ជា​អ្នក​ល្បី​ល្បាញ​បំផុត ​ក្នុង​ចំនោម​ពួក​គេ។ អប្សរា​ម្នាក់​ៗ​នៃ​អប្សរា​ទាំង​២៦​នាក់​ ក្នុង​រាជវាំង​របស់​ព្រះ​ឥន្ទ្រ តំនាង​អោយ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ការ​សំដែង​សិល្បៈ។ អប្សរា​ជាប់​ទាក់​ទង​នឹង​ទឹក និង​នឹង​ពិធី​បួង​សួង​សុំ​កូន​រឺ​សមត្ថភាព​ផ្លូវ​ភេទ។ ក្នុង​ជំនឿ​ហិណ្ឌូ អប្សរា​ថ្នាក់​ទាប​បំផុត​ជួន​កាល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រលឹង​ ដែល​អាច​អន្ទង​មនុស្ស​ប្រុស​អោយ​ទៅ​រក​ក្តី​ស្លាប់​បាន។

អប្សរា​ក្នុង​អក្សរសាស្ត្រ​បុរាណ

ឫគ​វេទ

គម្ពីរ​ឫគវេទ​បាន​និយាយ​អំពី​ អប្សរា​ម្នាក់ ដែល​ជា​ភរិយា​របស់​គន្ធៈរ្វៈ ប៉ុន្តែ​គម្ពីរ​ឫគវេទ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អាច​មាន​អប្សរា​ច្រើន​ជាង​ម្នាក់។ អប្សរា​ដែល​មាន​ឈ្មោះ​ជា​ពិសេស​ដែល​គេ​ស្គាល់​គឺ ឧរ្វៈសិ។ អប្សរា​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​សំដី​សាសង​គ្នា​រវាង ឧរ្វៈសិ និង​គូស្នេហ៍​របស់​នាង បុរុរៈវ័ស។ ក្នុង​សាស្ត្រា​ហិណ្ឌូ​ផ្សេង​ទៀត បាន​និយាយ​អំពី​អប្សរា​ជា​ច្រើន ដែល​ដើរ​តួ​នាទី​ជា​ស្រី​បំរើ​របស់​ព្រះឥន្ទ្រ រឺ​ក៏​ជា​ស្រី​របាំ​នៅ​ក្នុង​រាជវាំង​របស់​គាត់។

មហាភារៈតៈ

ក្នុង​រឿង​​ជា​ច្រើន​ទាក់​ទង​គ្នា​ក្នុង​មហាភារៈតៈ អប្សរា​មាន​នៅ​ក្នុង​តួ​នាទី​ជំនួយ​ការសំខាន់​ៗ​ជា​ច្រើន។ វីរកថា​បាន​និយាយ​អំពី​តារាងផ្សេងៗ​នៃ​​ឈ្មោះ​អប្សរា​សំខាន់​ តារាង​និមួយៗ​មិន​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ។ ហើយ​នេះ​ជា​តារាង​មួយ ដែល​បាន​អធិប្បាយ​អំពី​ការ​លេច​ឡើង​នៃ​​អប្សរា​នៅ​ចំពោះ​មុខ​ម្ចាស់​ផ្ទះ​និង​ភ្ញៀវ នៅ​ក្នុង​រាជវាំង​របស់​អាទិទេព៖

“ឃ្ឫតៈឆី និង មេនៈកៈ និង រម្ភៈ និង បុរ្វៈ​ឆិត្តី និង ស្វ័យំប្រៈភៈ និង ឧរ្វៈសី និង មិស្រៈកេសី និង ទន្ទៈគោរី និង វៈរុថិនី និង គោបៈលី និង សហៈជៈន្យា និង កុម្ភៈយោនី និង ប្រៈជៈគៈរៈ និង ឆិត្រៈសេនា និង ឆិត្រៈលេខា និង សហៈ និង មធុរៈស្វៈនៈ ពួក​នេះ​និង​បរិវារ​រាប់​ពាន់​នាក់ មាន​ភ្នែក​ដូច​ជា​ស្លឹក​ឈូក ដែល​ប្រើ​សំរាប់​សណ្តំ​បេះ​ដូង​អ្នក​ប្រត្តិបត្តតបៈ រេ​រាំ​នៅ​ទី​នោះ។ ហើយ​មាន​ចង្កេះ​រាវ និង​ត្រគាក​ធំ​ ពួក​គេ​ចាប់​ផ្តើម​ចលនា​ផ្សេងៗ រំញ័រ​ដើម​ទ្រូង​មូល​ក្តំ​របស់​ពួក​នាង ហើយ​ចោល​កន្ទុយ​ភ្នែក​មើល​ទស្សនិកជន​គ្រប់​គ្នា​នៅ​ជុំ​វិញ ហើយ​កាច់​ឫក​កាច់​រាង​ដើម្បី​ល្បួង​យក​បេះ​ដូង​ និង​សេចក្តី​អង់​អាច​និង​ទឹក​ចិត្ត​របស់​ទស្សនិកជន”។

លក្ខណៈ​របស់​អប្សរា​ម្នាក់ៗ

ឯកសារ​មហាភារៈតៈ​ បាន​និយាយ​ប្រាប់​អំពីអប្សរា​ម្នាក់​ៗ ដូច​ជា តិលោត្តៈមៈ (តិល =គ្រាប់ល្ង + ឧត្តៈមៈ= ឧត្តម) ដែល​បាន​ជួយ​ពិភពលោក​ពី​កំហឹង​របស់​បង​ប្អូន​អសុរា សុន្ទៈ និង ឧបៈសុន្ទៈ ហើយ ឧរ្វៈសី ដែល​ព្យាយាម​តាម​ចែចង់​មហាបុរស អរ្ជុនៈ។

អត្ថបទ​ខ្លីអំពី​អប្សរា​និង​ពួក​ឥសី

រឿង​ខ្លី​ៗ​នៅ​ក្នុង​មហាភារៈតៈ បាន​និយាយ​អំពី​អប្សរា​ត្រូវ​បាន​បញ្ជូន​មក​បំបែក​កម្មដ្ឋាន​របស់​ឥសី​ មិន​អោយ​ធ្វើ​តបៈ​បាន​សំរេច។ រឿង​មួយ​ដែល​និយាយ​អំពី​ឆាក​ឈុត​នេះ​គឺ​ការ​រៀប​រាប់​របស់​វីរនារី​​នៃ​វីរកថា សៈកុន្តៈលា ដែល​និយាយ​រៀប​រាប់​អំពី​ឪពុក​ម្តាយ​របស់​នាង

“មាន​កាល​មួយ​នោះ ឥសី វិស្វៈ​មិត្រៈ បាន​បង្កើត​ថាមពល​ដ៏​ខ្លាំង​ក្លា​មួយ ដោយ​ប្រើ​វិធី​តបៈ​របស់​គាត់ រហូត​ដល់​ព្រះ​ឥន្ទ្រ​មាន​ការ​ភ័យ​ខ្លាច។ ដោយ​សំរេច​ចិត្ត​ថា ឥសី​រូប​នេះ​គួរ​តែ​បោះ​បង់​ចោល​តបៈ​ចោល ព្រះ​ឥន្ទ្រ​ក៏​បញ្ជូន​ អប្សរា មេនៈកៈ ទៅ​ដាក់​ស្នេហ៍​តាបស​រូប​នេះ។ មេនៈកៈ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កំហឹង​របស់​តាបស​ដ៏​ពូកែ​រូប​នេះ ប៉ុន្តែ​នាង​ត្រូវ​តែ​ស្តាប់​តាម​បញ្ជា​របស់​ព្រះឥន្ទ្រ។ នៅ​ពេល​ដែល​នាង​ទៅ​ជិត​វិស្វៈមិត្រៈ ខ្យល់​របស់​ព្រះ​វាយុ បាន​បក់​បំប៉ើង​សំលៀកបំពាក់​របស់​នាង​​ចេញ​ពី​ខ្លួន។ ដោយ​ឃើញ​នាង​គ្មាន​សំលៀក​បំពាក់​បែប​នេះ ឥសី​ក៏​លង់​​ក្នុង​សំនាញ់​តណ្ហា។ អប្សរា​និង​ឥសី រស់​នៅ​សប្បាយ​ជា​មួយ​គ្នា​មួយ​រយៈកាល ដែល​ក្នុង​អំលុង​ពេល​នោះ តបៈ​របស់វិស្វៈ​មិត្រ​ត្រូវ​បាន​ ខក​ខាន។ ជា​លទ្ធផល​ មេនៈកៈ បាន​ផ្តល់​កំនើត​បុត្រី​ម្នាក់ ដែល​នាង​បាន​បោះបង់​ចោល​នៅ​មាត់​ទន្លេ។ បុត្រី​នោះ​គឺ​នាង សៈកុន្តៈលា អ្នក​និយាយ​រឿង​នេះ​​នេះ​ឯង”។

អប្សរា​នៅ​ក្នុង​សិល្បៈ

អប្សរា​នៅ​ក្នុង​សិល្បៈ​របស់​ជ្វា​និង ពលី(បា-លី) បុរាណ ប្រទេស​ឥណ្ឌូនេស៊ី

រូប​ភាព​អប្សរា​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​នានា​ របស់​ជ្វា​បុរាណ សង់​កាល​ពី​សម័យ​អធិរាជ សៃលេន្ទ្រៈ ដល់​ចក្រភព​ មៈជៈបៈហិត។ ជា​ទូទៅ​អប្សរា​ មិន​ត្រូវ​បាន​គេរក​​ឃើញថា​​ឆ្លាក់​ក្នុង​គោល​បំនង​តែង​លំអ​ប្រាសាទនោះ​ទេ តែ​ច្រើន​តែ​ជា​ផ្នែក​មួយ​នៃ​វីរកថា ដូច​ជា​នៅ​ បូរ៉ូបុដួរ មេនដុត ប្រាំ​បាណាន់ ប្លៅ​សាន់ និង ប៉េនាតារាន់។ នៅ​ បូរ៉ូបុដួរ អប្សរា ត្រូវ​បាន​ចាត់​ទុក​ជា​ស្រី​សួគ៌​ដ៏​ស្អាត ត្រូវ​បាន​គេ​ឆ្លាក់​​ជា​រូប​ឈរ រឺ ហោះ ជា​ទូទៅ​ដៃ​កាន់​ផ្កា​ឈូក បាច​ផ្កា រឺ​បក់​បោយ​កន្សែង ហាក់​ដូច​​ជា​ប្រើ​ដើម្បី​ជួយ​អោយ​ហោះ​អញ្ចឹង។ នៅ​លើ​ប្រសាទ​មេនដុត ជិត​ បូរ៉ូបុដួរ មាន​ឆ្លាក់​ទេវតា​មួយ​ក្រុម កំពុង​ហោះ​ហើរ​លើ​ស្ថានសួគ៌ ដោយ​ក្នុង​នោះ​មាន​រូប​អប្សរា​ដែរ។

ជា​ទូទៅ អប្សរា ត្រូវ​បាន​គេ​ចាត់​ថា​ជា​ស្រី​សួគ៌ រស់​នៅ​ជា​មួយ​ព្រះឥន្ទ្រ។ ពួក​គេ​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​ភារកិច្ច​ពិសេស៖ បញ្ជូន​ទៅ​ផែន​ដី​ដោយ​ព្រះ​ឥន្ទ្រ ដើម្បី​ចែចង់​ពួក​ឥសី ដែល​អាច​បង្ក​គ្រោះ​ថ្នាក់ រឺ​អាច​នឹង​មាន​អំនាច​ខ្លាំង​ជាង​ព្រះឥន្ទ្រ។ ឆាក​ឈុត​នេះ មាន​ជា​ញញៗ​ក្នុង​ប្រពៃណី​ជ្វា ដូច​ជាក្នុង​រឿង “កុកាវិន អរជុនៈ​វិវាហៈ” និពន្ធ​ដោយ កន្វៈ នា​ឆ្នាំ ១០៣០ ក្នុង​រាជ​ស្តេច ឰលៈន្គគៈ។ រឿង​នោះ​បាន​និយាយ​ថា អរជុនៈ ដើម្បី​ឈ្នះ​យក្ស​ និវៈតៈកៈវៈចៈ បាន​តាំង​ចិត្ត​ធ្វើ​តបៈ នៅ​ពេល​នោះ​ព្រះ​ឥន្ទ្រ​បាន​បញ្ជូន​អប្សរា​មក​ចែចង់​បំបែក​កម្មដ្ឋាន​គាត់។ អរជុនៈ​បាន​ឈ្នះកាមតណ្ហា​របស់​ខ្លួន​ឯង ក៏​ទទួល​បាន​ពរ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​ធ្វើ​សង្គ្រាម​ឈ្នះ​យក្ស​នោះ​ទៅ។

អប្សរា​នៅ​ក្នុង​សិល្បៈ​និង​ស្ថាបត្យកម្ម​ខ្មែរ

អប្សរា​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ចំលាក់​នានា​លើ​ប្រសាទ​បុរាណខ្មែរ។ ចំលាក់​នៅ​លើ​ប្រាសាទ​ខ្មែរ​មាន​រូប​ស្ត្រី​សួគ៌ពីរ​ប្រភេទ៖រូប​មួយ​បង្ហាញ​ពី​លក្ខណៈ​កំពុង​តែ​រាំ រឺ​រៀប​ចំ​នឹង​រាំ មាន​ឈ្មោះ​ថា​អប្សរា និង​មួយ​ទៀត​មាន​រូប​ភាព​ឈរ​នៅ​នឹង​ថ្កល់ មុខ​មើល​ទៅ​មុខ មាន​លក្ខណៈ​ជា​អ្នក​ការ​ពារ​ប្រាសាទ ​មាន​ឈ្មោះ​ថា​ទេវតា។

រូប​ចំលាក់​អប្សរា​មាន​ច្រើន​នៅ​លើ​ប្រសាទ​អង្គរវត្ត។ អ្នក​ប្រាជ្ញ​បាន​រាប់​ឃើញ​ថា មាន​រូប​អប្សរា​ចំនួន​ច្រើន​ជាង ១ ៨៦០ នៅ​លើ​ប្រសាទ​សវ.​ទី​១២​នេះ ខ្លះ​ឆ្លាក់​លើ​សសរ ខ្លះ​លើ​ជញ្ជាំង ខ្លះ​លើ​កំពូល​ប្រសាទ។

ការ​សិក្សា​មួយ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩២៧ ដោយ​លោក​ Sappho Marchal បាន​រៀប​រាប់​អំពី​ម៉ូត​សក់ ការតុប​តែងលើ​​ក្បាល សំលៀក​បំពាក់ ជំហរ គ្រឿង​អល្លង្ការ និង​ផ្កា​លំអ ដែល​លោក​ Marchal បាន​សន្និដ្ឋាន​ថា ចំលាក់​អស់​នេះ​ផ្អែក​លើ​ជីវភាព​ពិតៗ​របស់​មនុស្ស​សម័យ​អង្គរ។ អប្សរា​ខ្លះ​​យក​ដៃ​អោប​អប្សរា​ផ្សេង​ទៀត ហើយ​ហាក់​ដូច​ជា​កំពុង​ស្វាគមន៍​អ្នក​ទស្សនា។

Ref:

http://en.wikipedia.org/wiki/Apsaras

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

21 Responses to អប្សរាជា​អ្វី? រាហូ​គូរ​អប្សរាស្រាត ​​ខុសមែន​​រឺ?

  1. 4cambodia ថា:

    សុំសរសើរលោកហើយ! ចំណាយពេលស្រាវជ្រាវ ប៉ុន្តែពាក្យសំស្ក្រឹតលោក សរសេរពិបាកអានបន្តិច ខ្ញុំធ្លាប់បានអាននៅក្នុង វចនានុក្រមខ្មែរ (ជ ណាត ភគ១ ២) វេយ្យាករណ៍សំស្ក្រឹត(ហួត​តាត) ធាតុសង្ក្រោះ(អ៊ុមគយ) ដូចជាស្រួលជាង ។ អប្សរា ជាអប្សរា ។ មិនមែនស្រីស្រាតទេ! ខុស ឬមិនខុស អាស្រ័យ លើយើងអ្នកមើលជាអ្នកវិនិច្ឆ័យ បើយើងមិនមើល ហើយមិនគិត វាគ្មានអ្វីកើតឡើងចំពោះយើងទេ។ សូមសួរលោកលេងមួយសំនួរលមើល៍ ! តើយើងគួរឲ្យអ្នករាំរបាំអប្សរាបច្ចុប្បន្ន ស្រាតសម្តែងលើឆាក​ ឬក៏ មានសំលៀកបំពាក់ដូចគេសម្តែងសព្វមួយដង? អតីត គឺ​ អតីត បច្ចុប្បន្នគឺបច្ចុប្បន្ន ។ វិជ្ជា​មានពីរ គឺ សុវិជ្ជា និង​ ទុវិជ្ជា(តិរច្ឆានឬ តិរគ្ចីន)។​
    អប្សរ​ (ន) (សំ. អប្សរស៑ អប្សរា) (បា. អច្ឆរា)​ (ខ្មែរ ស្រីមានសម្បុរថ្លាស្រស់ ផូរផង់ ឬ​ស្រីមានមុខថ្លាស្រស់បំព្រង ) ។វិគ្គហបាលីថា៖​ អច្ឆរោ និម្មល វណ្ណោ ឯតិសាត្ថីតិ ជា អច្ឆរា (ប្រែថា ធម្មជាតិណា ដែលមានពណ៌សម្បុរ ប្រាសចាកមន្ទិល ធម្មជាតិនោះ ឈ្មោះថា​ អច្ឆរា ឬក៏អាចថា អប្សរា​នឹងឯង (អត់មែនស្រីស្រាតទេ!) នេះធាតុពាក្យដែលខ្ញុំធ្លាប់ចេះមក ។ តាមដំណាលក្នុងគម្ពីរព្រាហ្មណ៍ នឹង ចម្លាក់នៅជញ្ជាំងអង្គរខ្ញុំធ្លាប់ទៅពិនិត្យ ដូចជាស៊ីសេចក្តីថា ស្រីសួគ៌ពួកមួយដែលផុសឡើងអំពីទឹក ក្នុងកាលកូរទឹកអម្រឹត​ បន្ទាប់ពី អាទិទេពមួយអង្គនាម ស្រី ឬ លក្ម្សី ជាង ហើយក៏នៅតែមិនដូច គំនូរលោករាហូ។ ដូចនេះមានតែអ្នកគូរគឺ រាហូទេ ទើបស្រាយបញ្ហានឹងឲ្យច្បាស់បាន! ។”មនុស្សដែលខ្ញុំតែងកោតសរសើរ គឹអ្នកណាចេះទទួលស្គាល់កំហុសខ្លួន” ប៉ុន្តែគួរឲ្យសោកស្តាយ ខ្ញុំតែងជួបអ្នកណា ដែលលាក់បាំងទង្វើនិង កំហុសខ្លួនច្រើនជាង ឥឡូវខ្ញុំក៏ទៅជាយ៉ាងដួច្នោះដែរ។​

  2. 4cambodia ថា:

    វិនិច្ឆ័យ កែឲ្យខ្ញុំផង បាត់អក្សរ

  3. វិចិត្រ ថា:

    ខ្ញុំក៏ដឹងដែរថា សរសេរបែបខ្ញុំនេះ អ្នកអានពិបាកយល់ ព្រោះមិនធ្លាប់ឃើញគេសរសេរបែបនេះ។
    តែនេះក៏ដោយសារតែខ្ញុំមិនទាន់មានឯកសារណាមួយដែលបង្រៀនពីរបៀបTransliterate ពាក្យសំស្ក្រឹតជាខ្មែរ។ តែបើលោកមាន សូមជួយចែករំលែកផង។
    ដូច្នេះខ្ញុំក៏សន្មតTransliteration តាមបែបខ្ញុំ។
    ពាក្យអប្សរា នេះ សរសេរជា ទេវនាគិរី គឺ अप्सरा: ជាឡាតាំង apsarāḥ ។ ដោយសារខ្ញុំមិនអានទេវនាគិរីមិនដាច់ ដូច្នេះខ្ញុំយកឡាតាំងជាគោល។
    ត្រង់ស្រះ ៈ ខ្មែរយើងមានច្រើនរបៀប ជួនកាលប្រើ អក្សរ អ ជួនកាល ប្រើ ៈ ជួនកាលមិនប្រើអ្វីទាំងអស់តែម្តងដូចជា ៖
    អប្សរានេះឯង =អប្សៈ + រ៉ា មានបង្កប់ស្រះ ៈ នៅកណ្តាល ស្រះ ៈ នៅខាងដើម សរសេរជា អ។
    កាលៈទេសៈ មានប្រើស្រះៈនៅកណ្តាល។
    ក្រុមព្រះ = ក្រុមៈ + ព្រះ ស្រះៈនៅកណ្តាលត្រូវលុបចោល។
    តែសំនេរដោយលុបចោលស្រះៈ នៅតែត្រូវការអានដោយរក្សាខ្យល់ៈ ដដែល។ ដូចជាក្រុមព្រះ ត្រូវអានថា ក្រុមៈ ព្រះ។ ចលនា ត្រូវអានថា ចៈ ល៉ៈ ន៉ា។ល។
    ដូច្នេះដោយមិនយល់ច្បាស់ពីរបៀបសរសេរទេវនាគិរីជាខ្មែរតាមបែបខ្មែរបុរាណផង ខ្ញុំក៏រក្សាស្រះៈនេះនៅដដែល ដូចឡាតាំងគេធ្វើ ដោយប្រើ អក្សរ a នេះឯង។

  4. វិចិត្រ ថា:

    ការ​ដែល​លោក​បក​ស្រាយ​ថា អប្សរ​អត់​ស្រាត អញ្ចឹង​ម៉េចក៏​​អប្សរ​នៅ​លើ​ប្រាសាទ​អត់​ពាក់​អាវ? ការ​បក​ស្រាយ​របស់​លោក​បាន​ត្រឹម​តែ​ពន្យល់​ពី​និយម​ន័យ​នៃ​ពាក្យ​អប្សរ​ប៉ុណ្ណោះ តែ​មិន​បាន​និយាយ​អំពី​ចរឹក​លក្ខណៈ​នៃ​អប្សរ​នោះ​ទេ។ តាម​គម្ពីរ​វេទ អ្នក​ដែល​បង្កើត​អប្សរា​មក​គេ​បាន​ពន្យល់ ពី​លក្ខណៈ​របស់​អប្សរ​ច្បាស់​ណាស់។ តែ​ថា បើ​លក្ខណៈ​អស់​នេះ​សំរាប់​តែ​អប្សរ​ឥណ្ឌា​ ខ្មែរ​ផ្សេង ខ្ញុំ​ក៏​មិន​ហ៊ាន​ថា​ម៉េច​ដែរ។

    ទាក់​ទង​នឹង​ចំនុច​ទី​ពីរ​របស់​លោក ខ្ញុំ​គាំ​ទ្រ​ការ​រាំ​ដូច​សព្វ​ថ្ងៃ​ដោយមាន​សំលៀក​បំពាក់។
    តែ​ក៏​ខ្ញុំ​មិន​រិះ​គន់​រាហូ​គូរ​អប្សរា​គ្មានអាវ​ដែរ។ ព្រោះ​នៅ​លើ​ប្រាសាទ​អប្សរា​អត់​ពាក់​អាវ​​មែន ។ រឺ​មួយ​ក៏​ទាល់​តែ​គូរ​រូប​អោយ​ដូច​បេះ​បិទ​តែ​ម្តង​ទើប​ អត់​រិះ​គន់?
    តែ​បើ​ថា​អប្សរា​នៅ​លើ​ប្រាសាទ​អត់​ពាក់​អាវ​បាន តែ​គំនូរ​ថ្មី​ត្រូវ​តែ​ពាក់​អាវ អញ្ចឹង​មាន​ចំលាក់​គំនូរ​ថ្មីៗ​ច្រើន​ណាស់​ដែល​ត្រូវ​រិះ​គន់។
    លោក​មាន​ដែល​ចាប់​អារម្មណ៍​នឹង​ចំលាក់​នៅ​វត្ត​ភ្នំ នៅ​ជិត​ស្តេច​មួយ​អង្គ មាន​ឃើញ​អប្សរា​អត់​ពាក់​អាវ​ទេ។ នេះ​ក៏​ជា​ចំលាក់​សម័យ​នេះ​ដែរ ម៉េច​ក៏​គ្មាន​នរណា​រិះ​គន់​អញ្ចឹង? សូម​មើល​រូបនេះ http://img406.imageshack.us/img406/7492/phnompenhcambodia5nr9.jpg

  5. រដ្ឋា ថា:

    អរគុណណាស់ចំពោះម្ចាស់ប្លកដែលខិតខំស្វែងរកស្រាវជ្រាវទាក់ទងនឹង តើអប្សារាជាអ្វី?
    ខ្ញុំយល់ឃើញថាអប្សារាមិនមែនមានតែនៅក្នុងវប្បធម៌ខ្មែរទេ ប៉ុន្តែការយល់ឃើញនិងការឲ្យតម្លែមានការខុសៗគ្នា។ ការឆ្លាក់រូបអប្សារា នៅលើប្រាង្គប្រាសាទអង្គរវត្ត គឺជាគោលបំណងដ៏អាថ៍កំបាំងដែលវិចិត្រករ និងព្រះមហាក្សត្រនាសម័យនោះបានបង្កើតឡើង។ អប្សារាប្រហែល​តំណាងឲ្យភាពស្រស់ស្អាតនៃស្រីដែលរស់នៅស្ថានសួគ៌។​ ហើយរបាំ​តំណាងឲ្យភាពអបអរ និងនាំមកនូវសេចក្តីរំភើបរីករាយ។ ជាទូទៅក្នុងទស្សនៈ អប្សារា និងរបាំ គឺជាគូរណែបណិតនឹងគ្នា។
    តាមទស្សនៈខ្ញុំផ្ទាល់ អ្វីដែលកើតមាននៅលើលោកយើងនេះគឺសុទ្ឋតែបាន បង្កើតឡើងដោយគោលបំណង ប៉ុន្តែការខុស រឺត្រូវគឺជាការវែកញែករបស់ បុគ្គលម្នាក់ៗ។ បើសិនជាយើងមើលរូបអប្សារាក្នុងទស្សនៈសិល្បៈ យើងយល់ថាអប្សារាគឺជានារីរបាំសួគាចុះមកផ្តល់នូវសេចក្តីរីករាយដល់ ភពផែនដី តែបើមើលរូបអប្សារាក្នុងទស្សនៈភ្លើតភ្លើន យើងយល់ថាអប្សារា តំណាងឲ្យតណ្ណហា និងការលោភលន់ ហើយគឺ​ជានារីដែលអាចនាំបុរស​ទៅភព​ងងឹតបាន។

    • វិចិត្រ ថា:

      ដក​ស្រង់​ចេញ​ពី http://en.wikipedia.org/wiki/Rambha_(apsara)
      នៅពេលដែលកូរសមុទ្រទឹកដោះនោះ មានលេចចេញនូវអប្សរាជាច្រើន ក្នុងនោះមាន រម្ភៈ មេនៈកា និង បុន្ជិកស្ថា។ល។
      រម្ភៈ ជាម្ចាស់ក្សត្រីនៃពួកអប្សរា ជាភាវៈញីដែលមានរូបស្រស់ស្អាតបំផុត នៅក្នុងទេវលោក។
      នាងគ្មានគូប្រៀប ដោយពូកែខាងរបាំ តន្ត្រី និង love-making (អ្នកអានបកប្រែខ្លួនឯងចុះ)។ នាងត្រូវបានស្តេចទេវៈ គឺព្រះឥន្ទ្រ បញ្ជាអោយទៅរំខានពិធីតបៈរបស់ឥសីជាច្រើននាក់ ដើម្បីជាការសាកល្បងដល់សេចក្តីជ្រះថ្លារបស់ពួកឥសីនោះផង និងពេលខ្លះដើម្បីរំខានមិនឲ្យឥសីនោះបានសំរេចមហិទ្ធិរិទ្ធិខ្លាំងពូកែដែលអាចធ្វើអោយចលាចលដល់ភពទាំងបីផង។ នៅពេលដែលនាងព្យាយាមរំខានសេចក្តីអធិដ្ឋានរបស់ឥសី វិស្វៈមិត្រ តែនាងត្រូវឥសីដាក់បណ្តាសាអោយក្លាយជាថ្ម១០ ០០០ឆ្នាំ រហូតដល់មានព្រាហ្មណ៍ម្នាក់បានជួយសង្គ្រោះនាងពីបណ្តាសានេះ។
      នៅក្នុងវីរកថា រាមាយៈណៈ រម្ភៈត្រូវបានរាវៈណៈ (ក្រុងរាពណ៍) ស្តេចលង្កា រំលោភ។ រាវៈណៈ ត្រូវព្រះព្រហ្មដាក់បណ្តាសារថា បើគាត់ហ៊ានរំលោភនារីណាម្នាក់ទៀត ក្បាលគាត់នឹងផ្ទុះ។ បណ្តាសានេះបានការពារ ភាពបរិសុទ្ធិរបស់នាង សីតា ប្រពន្ធរបស់ព្រះរាម នៅពេលដែលនាងត្រូវរាវៈណៈចាប់ជំរិត។

  6. 4cambodia ថា:

    លោកវិចិត្រ អប្សរាខ្មែរ មិនមែនស្រីស្រាតទេ សូមកុំច្រឡំឲ្យសោះណា៎! ខ្ញុំបានបញ្ជាក់ហើយថា (អប្សរា គឺជាអប្សរា) សូមលោកទៅពិនិត្យរូបភាពនៅប្លកខ្ញុំ “មិនមែនខ្ញុំចង់ឈ្នះចាញ់អីទេ” ។ ចម្លាក់ថ្មរូបអប្សរាខ្មែរបង្ហាញនូវរូបសម្បត្តិ និងចរិយាសម្បត្តិរបស់នារីខ្មែរ ក្នុងសម័យបុព្វកាល មានការកត់សំគាល់ពីរលើរូបនាង នៅជាប់នឹងជញ្ជាំងប្រាសាទបុរាណនានា៖ ក្រោមផ្ចិតបន្តិចចុះមកក្រោម បិទបាំងជិត សម្តែងឲ្យឃើញពីភាពរីកចំរើនខាងផ្នែកសីលធម៌រស់នៅ និង វិចារណញ្ញាណ ចេះបិទបាំងកេរខ្មាស… ក្រោមផ្ចិតបន្តិចឡើងទៅលើគឺផ្នែកដងខ្លួន លែងខ្លួនននល គ្មានសំលៀកបំពាក់ទេ សម្តែងឲ្យឃើញថាសម័យនោះ ទាំងស្រីទាំងប្រុស គឺខ្លួនទទេដូចគ្នា (សូមមើលកំណត់ហេតុជីវតាក្វាន់ ទំព័រ ១៨ និង​១៩ ) … រូប​អប្សរា​លែង​ខ្លួន​ននល​ វា​ជា​ប្រពៃណី​របស់រូបអប្សរា ជាកេរតំណែលមានមកពីបុព្វបុរសយើង
    ហើយវាមិនមែនជារូបអាក្រាតកាយ ចាយរាង បង្កើតតណ្ហា អូសទាញអារម្មណ៍អ្នកទស្សនា ឲ្យច្រួលច្របល់ចិត្តដូចគំនូរ លោករាហូ នោះទេ ។ ដូចលោកថានឹងត្រូវហើយ គាត់អាចគូរឲ្យដូចបេះបិទបាន ត្រង់នេះក៏ខ្ញុំបញ្ជាក់ដែរថា(អតីតគឺអតីត បច្ចុប្បន្នគឺបច្ចុប្បន) វាមិនច្រឡូកច្រឡំគ្នាទេ តែមានទំនាក់ទំនងគ្នា ព្រោះសង្គមវិលតាមពេលវេលា បើចង់បង្ហាញរូបអប្សរា ដែលទាន់សម័យគូរតែដាក់អាវឧិយនាងផង ឲ្យដូចអ្នករាំរបាំអប្សរារបស់ខ្មែរយើង ដូចនេះសូមអ្នកគូរបែងចែកគំនូរ របស់ខ្លួនឲ្យបានច្បាស់លាស់ សម័យនេះអប្សរាមិនមែនគ្មានអាវទេ​​ ប្រយត្នគ្មានតួសម្តែងជាអប្សរា ណា៎ ។ ​មនុស្សម្នាក់ៗតែងមានកំហុស គ្មានត្រូវគ្រប់ដប់ទាំងអស់នោះទេ!

  7. engsamnang ថា:

    ការបកប្រែពី​វីគី​គឺពិបាកមែន​ខ្ងុំកធា្លប់ដែរ។តែវិចិត្រ​បាន​បកប្រែដែលអាចទទួល​យកបាន​គឺ​មានន័យថាល្អគ្រាន់បើ។

  8. វិចិត្រ ថា:

    4cambodia: សូម​លោក​កុំ​យល់​ច្រលំ​ថា​ខ្ញុំ​និយាយ​នេះ​ដើម្បី​ចង់​ឈ្នះ​ចង់​ចាញ់​ជា​មួយ​លោក។ ខ្ញុំ​គ្រាន់​តែ​ស្នើ​ជា​គំនិត​អោយ​កូន​ខ្មែរ​ចេះ​បក​ស្រាយ​អោយ​បាន​ត្រឹម​ត្រូវ​សម​ហេតុ​ផល។
    តាម​ទស្សនៈ​របស់​លោក​ លោក​គាំ​ទ្រ​គូរ​អប្សរា​ថ្មី​មាន​អាវ​រឺ​អត់? (ខ្ញុំ​មិន​និយាយ​អំពី​សំ​ពត់​ទេ) តែ​លោក​បាន​និយាយថា បើ​គូរ​អោយ​ដូច​បេះ​បិទ គាំ​ទ្រ​គូរ​អត់​អាវ តែ​បើ​គូរ​បែប​ថ្មី​គួរ​គូរ​មាន​អាវ​ អញ្ចឹង​រឺ?

  9. រដ្ឋា ថា:

    ខ្ញុំកោតសរសើរចំពោះប្រិយមិត្តវិចិត្រចំពោះការបកស្រាយចំពោះពាក្យថា​ អប្សារា។ អប្សារាជាទស្សនៈតំណាងឲ្យភាពរំភើបសប្បាយរីករាយ។ បើសិន​ជារូបគំនូដែលគូសប៉ះពាល់ដល់រូបតំណាងផ្សេងៗ គឺគួរតែព្រួយបារម្ភ ជារូបគំនូរដែលគូរដោយវិចិត្រកររាហ៊ូ។

  10. 4cambodia ថា:

    អគុណ! បានមើលរូបក្នុងប្លកខ្ញុំ លោកឃើញទេ អប្សរាគឺអប្សរាមែន គំនូរលោករាហូមិនគួរហៅថា អប្សរាទេ ព្រោះមិនគ្រប់លក្ខណជាអប្សរា ដែលដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរ រាប់រយឆ្នាំមកហើយនោះ។ អប្សរាខ្មែរ មិនមែន បង្ហាញនូវកាមារម្មណ៍ទេ គឺបង្ហាញនូវ មេត្រីភាព ស្វាគមន៍ ទន់ភ្លន់រម្យទម សុភាពស្លូតបូត មានរបៀបរៀបរយ ទាំងក្នុងអតីតៈ និង​បច្ចុបបន្ន ។​ និយាយនេះមិនមែន ហាមវិចិត្រករមិនឲ្យគូរនោះទេ! ដួចប្លករបស់លោកលើកឡើងអ៊ីចឹងថា “បាន​យល់​ដឹងអំពី​អប្សរា​ហើយ​រឺ​នៅ?” យល់សម្បកក្រៅហើយ យល់តម្លៃនាងផង ។ ឆ្លើយសំនួរលោកសួរខ្ញុំៈ
    ដែលថាគូរបែបទំនើប ឬថ្មី មានន័យថា វិចិត្រករ គូជារូបមនុស្សពិតៗ មើលឃើញមានសាច់មានឈាម បើគ្មានអ្វីបិទបាំងនោះ​ មិនល្អប៉ុន្មានទេ ហើយក៏មិនដូចអ្នករាំរបាំអប្សរាសព្វថ្ងៃដែរ “ដូច្នេះគូរបែបថ្មីដាក់អាវឲ្យនាងផង​​” ។ ឯគូរឲ្យដូចបេះបិទ គឺ គូរឲ្យដូចតែម្តង មើលទៅឃើញថា ជា រូបចម្លាក់អប្សរាជាប់នឹងថ្មពិតៗតែម្តង “គូរឲ្យដួចបេះបិទនេះ គូរតាមប្រពៃណីអប្សរាចុះ” គ្មានអ្នកណាហ៊ានថាអីឲ្យទេ គេដាក់លក់​ជាសាធារណ៍​ ហើយដោយសេរីទៀតផង ដូចរូបលើគេក្នុងប្លកខ្ញុំ ចង់ទិញបានតើ ក្បែររៃយំ ខ្វះអី ។ មិនមែនខ្ញុំបង្គាប់បញ្ជាវិចិត្រករអីនោះទេ! តែលោកសាកពិចារណាមើល ហេតុផលរបស់ខ្ញុំយ៉ាងណាដែរ !

  11. វិចិត្រ ថា:

    ដោយ​សំអាង​លើ​រូប​អប្សរា​រាប់​ពាន់​ផ្ទាំង​នៅ​លើ​ប្រសាទ​ខ្មែរ​នាំ​អោយ​ខ្មែរ​យើង​គិត​ថា អប្សរា​ល្អ​ទាំង​ចិត្ត​ទាំង​គំនិត។ ប៉ុន្តែ​តើ​រូប​ចំលាក់​អស់​នេះ​គ្រប់​គ្រាន់​នឹង​និយាយ​បែប​នេះ​បាន​ហើយ​រឺ​នៅ? អ្នក​ប្រាជ្ញ​ជា​ច្រើន​គិត​ថា ខ្មែរ​សម័យ​អង្គរ​រុង​រឿង​ដល់​ម្ល៉េះ​មិន​សមមាន​តែ​អត្ថបទ​អក្សរ​សិល្ប​តែ​ប៉ុន្មាន​ នៅ​លើ​ជញ្ជាំង​ប្រាសាទ​នោះ​ទេ។ អត្ថបទ​ខ្លះ​ត្រូវ​គេសរសេរ​លើ​ស្បែក​សត្វ​ តែ​អត្ថបទ​ទាំង​នេះ​ប្រហែល​ជា​ត្រូវ​រលាយ​បាត់​ ជា​មួយ​នឹង​ពេល​វេលា​ដ៏​យូរ​អង្វែង។
    តើ​នៅ​ក្នុង​ចំនោម​អត្ថបទ​ដែល​រលាយ​អស់​ អាច​មាន​អ្វី​មួយ​ដែល​គេ​និយាយ​ពី​អប្សរា​ក្នុង​ទស្សនៈ​ខ្មែរ​ដែរ​រឺ​ទេ?
    ចំនែក​ឯ​នៅ​ក្នុង​ទស្សនៈ​ឥណ្ឌា​វិញ គឺ​ទស្សនៈ​ដែល​ជា​គ្រូ​របស់​ខ្មែរ ជា​គំនិត​ដើម​ដែល​ខ្មែរ​យក​មក​កែ​ច្ឆៃ គេ​មាន​ទស្សនៈ​ផ្សេង​ពី​យើង​គិត​សព្វ​ថ្ងៃ​នេះ​អំពី​អប្សរា។

  12. វិចិត្រ ថា:

    នៅ​ក្នុង​គម្ពីរ​វេទ អប្សរា​ប្រៀប​បាន​ជា​ស្រី​ស្អាត​ក្នុង​សង្គម​ខ្មែរស​ព្វ​ថ្ងៃ។
    ស្រី​ស្អាត ដែល​អាច​ធ្វើ​អោយ​សិស្ស​ខ្លះ​បែក​អារម្មណ៍​រៀន​មិន​ចូល។ ស្រី​ស្អាត​ដែល​អាច​ធ្វើ​បណ្ឌិត​ខ្លះ​ក្លាយ​ជា​ពុករលួយ ភ្លេច​ប្រពន្ធ​កូន។ល។
    ស្រី​អប្សរា​ជំនាន់​ព្រះឥន្ទ្រ ត្រូវ​ព្រះ​ឥន្ទ្រ​ប្រើ់​ដើម្បី​មក​បំបែក​កម្មដ្ឋាន​ រឺ​មិន​អញ្ចឹង​មក​សាក​ល្បង​សមាធិ របស់​អ្នក​តាំង​សីល គឺ​ពួក​ឥសី។ អ្នក​គួរ​យល់​ហើយ​ថា ការ​រំខាន​នោះ អប្សរា​ធ្វើ​ចរឹក​រឹក​ពារ​បែប​ណា។
    តែ​អស់​នេះ​ជា​ទស្សនៈ​របស់​ឥណ្ឌា​ចំពោះ​អប្សរា​ប៉ុណ្ណោះ មិនឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់​ខ្មែរ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា ខ្មែរ​យើង​ទទួល​វប្បធម៌​ពី​ឥណ្ឌា។

  13. វិចិត្រ ថា:

    បើ​សិន​ជា​ខ្ញុំ​ជា​វិចិត្រ​ករ បើ​សិន​ជា​ខ្ញុំ​ត្រូវ​គូរ​រូប​មនុស្ស​បុរាណ​ មុន​​សម័យ​យុគថ្ម​បំបែក ក៏​ខ្ញុំ​គូរ​អត់ស្លៀក​ពាក់​បែប​មនុស្ស​សព្វ​ថ្ងៃ​ដែរ​គឺ​គូររូប​…តែ​ម្តង។
    ដូច្នេះ​បើ​សិន​ជា​គេ​ត្រូវ​គូរ​អប្សរា​សម័យ​អង្គរ ក្នុង​កាយ​វិការ​ផ្សេងៗ (ប្រាកដ​ណាស់​អប្សរា​មិន​មែន​នៅ​នឹង​ថ្កល់​រហូត​ គ្មាន​ដើរ​គ្មាន​អង្គុយ​នោះ​ទេ) ក៏​គេ​គួរ​គូរ​តាម​សំលៀក​បំពាក់​អប្សរា​សម័យ​នោះ​ដែរ (តាម​រឿង​ព្រេង​អប្សរា​មាន​មុន​សម័យ​អង្គរ រាប់​លាន​ឆ្នាំ)​។ បើ​សិន​ជា​យើង​គូរ​មាន​សំលៀក​បំពាក់ នោះ​អប្សរា​ដែល​ចេញ​មក​មិន​មែន​អប្សរា​អង្គរ​ទេ តែ​ជា​អប្សរា​ឆ្នាំ៦០​(?)ទៅ​វិញ។
    បើ​សិន​ជា​យើង​គូរ​បែប​នេះ ហាក់​ចាត់​ទុក​ថា អាទិទេព​ចេះ​ទាន់​សម័យ​ដែរ?
    (លក្ខណៈ​របស់​អាទិទេព​គឺ​រស់​ក្នុង​លំហ​មួយ​ដែល​អាច​ទៅ​អតីត​និង​អនាគត មានន័យ​ថា​អាទិទេព​ដឹង​អនាគត​បែប​ណា​អស់​ហើយ។)

  14. វិចិត្រ ថា:

    រូប​របស់​រាហូ មាន​លក្ខណៈ​មិន​ល្អភ្នែក​មនុស្ស​ទូទៅ​ ប្រាកដ​ណាស់។
    តែ​រូប​ចំលាក់​ប៉ុន្មាន​ពាន់​ផ្ទាំង​លើ​ប្រាសាទ​បុរាណ ធ្វើ​ម៉េច​ទើប​អាច​រៀប​រាប់​ប្រាប់​យើង​អស់​ពី​តួនាទីរបស់​នាងទៅ។
    យើង​ច្រើន​គិត​ថា អប្សរា​តំនាង​អោយ​ស្រី​ខ្មែរ​សម័យ​នោះ។ មែន​រឺ​? មាន​អ្វី​សំអាង?

  15. engsamnang ថា:

    ខ្ងុំគ្រាំទ្រយោបល់របស់លោកចិត្រសមស្របណាស់ដែល​អប្សារាត្រូវ​គា្មនអាវ​បើចង់និយាយពីអង្គរ​ព្រោះថាបើ​យើង​កែច្នៃ​ទំរង់ដើម​ដូចជាបនែ្ងម​បន្ខយ​ខំា្លងពេលនោះវានឹងជាយ៉ាងណា។ឥឡូវនេះខ្ងុំចង់ប្រាប់​មួយទាក់ទង​ពីមដុរបស់ទេពអប្សារានិង​ព្រះនាង​ខែ្មរពីដើមគឺ​មដុដែល​យើងឃើញក្នុង​លោ្ខន​កុងនេះគឺខុសពីទំរង់ដើមមែន​អ្នកអាចបៀ្របធៀប​នឹង​អប្សារា​លើឆាក​និង​អប្សារានៅលើប្រាសាទរួមទាំងរូបព្រះនាងរបស់ខែ្មរក្នុង​ប្រាសាទនានាជាដើម។តែឥឡូវដូច​ជាគេ​យកទំរង់​ដើម​មកវិញ​ហើយ​បន្តិចម្តងហើយ(ឧទាហ​កម្នវីធីនៅ​អង្គរ​រាត្រី​មដុអប្សារារាងដូចមុនបន្តិចដែរ)។ហេតុផលប្រហែលជាដោយសារការកែខុសពីលំនាំដើមជាដឹង????

  16. សូភាព ថា:

    ខ្ងុំដូចជាមិនចាប់អារម្មណ៏លើរូបអប្សរារបស់​រាហូប៉ុន្មានទេ។

    អ្វីដែលខ្ងុំចាប់អារម្មណ៏គីសេរីភាពក្នុងការបញ្ចេញមតិនិងកំរិតនៃការបើកចំហរទទួលយកគំនិតថ្មីក្នុងសង្គមខ្មែរ។

    យើងអាចចូលចិត្ត រី មិនចូលចិត្តរូបអប្សរារបស់​រាហូ វាគីជាសេរីភាពរបស់យើង។

    គូររូបជាសេរីភាពបញ្ចេញមតិរបស់រាហូ។ ច្បាប់រដ្ឋមិនបានហាមការគូររូបសិល្បះបែបនឹងទេ។

    សុភាព

  17. វិចិត្រ ថា:

    អាហ្នឹង រាហូគូ​ប៉ុណ្ណឹង​ប្រតិកម្ម​ប៉ុណ្ណឹង​ហើយ ចុះ​ទំរាំ​បើ​រាហូ​គូរ​រូប លិង្គ​ព្រះ​ឥសូរ​តំកល់​លើ​យោនី​នាង​ឧមា​ទៀត មិន​ដឹង​ជា​ប្រតិកម្ម​ប៉ុណ្ណា​ទៅ​ណ​​៎?

  18. Khmer Borann ថា:

    អ្នកដឹកនាំខ្មែរ មួយម៉ាត់ណាក៏ដោយក៏យកពាក្យប្រពៃណី វប្បធម៌មកធ្វើជាខែល ដើម្បីបិទបាំងដល់ទង្វើផ្តាច់ការ​របស់ខ្លួន។​​​ ពួកគេនាំគ្នារិះគន់រាហ៊ូពីរឿងគូររូបអប្សរាស្រាត ដោយនិយាយថាធ្វើបែបហ្នឹងវាខុសប្រពៃណី ។​​​​ ប៉ុន្តែ​សួរថានៅពេលដែលពួកគេមានប្រពន្ធចុង​ មានស្រីស្នេហ៍ម្នាក់ពីរបី តើពួកគេមានដែលគិតថាខុសប្រពៃណីដែរ​ប្ញទេ? ចុះអស់លោកជំទាវៗដែលបណ្តោយអោយប្តីពុករលួយ តើមានដែលគិតថាធ្វើខុសប្រពៃណីវប្បធម៌ខ្មែរ ដែរប្ញទេ?

  19. និស្សិតផ្ដាច់សង្ខារ ថា:

    ហេតុអ្វីក៏ថាគេបំផ្លាញប្រពៃណីវប្បធម៌ នេះគ្រាន់តែជាសិល្បៈ ដែលចម្លងពីធាតុពិតនៃទេវកថាហិណ្ឌូ យើងសាកវិភាគមើលគេក៏មិនគូរពន្លើសអ្វីដែរ ???? រូបរាងអប្សរាមិនមែនតំណាងអោយស្រីខ្មែរទេ ប៉ុន្តែចរិយាសម្បត្តិនៃក្បាច់រាំទេដែលតំណាងអោយចរិយា ចរិកលក្ខណៈរបស់ស្រីខ្មែរ តែចំណុចនេះយើងគួរគិតថាយើងកុំបុរាណជ្រុលនិយមពេក យើងត្រូវស្ថិតនៅកណ្ដាល ដូចសម័យមុនគេមិនអោយកូនស្រីទៅរៀន រហូតដល់សម័យនេះ បែរជាអោយកូនស្រីទៅរៀនទើបគោរពសិទ្ធិនារីវិញ ខ្ញុំយល់ថាវាជាការគូរនូវទិដ្ឋិភាពពិត វាដូចជាការនិយាយពីស្រោមអនាម័យអញ្ជឹង ស្រីខ្មែរមិនហ៊ាននិយាយទេពីរឿងនឹង ចុះដល់តែពេលឆ្លងមេរោគអេដស៍ជំងឺផ្សេង ថាតើអ្នកអៀនខ្មាសដោយសារការប្រកាន់របស់សង្គមនិងប្រពៃណីតើពួកគាត់ជួយជនរងគ្រោះដោយសារជំងឺនោះយ៉ាងណា ការគូរអប្សរារបស់វិចិត្រករនេះវាមិនហួសហេតុពេក គ្រាន់តែគូរតាមអ្វីជាធាតុពិត គេក៏មិនប្រឌិតរឺពន្លើសអ្វីដែរ នេះដោយសម័យនេះខ្មែរភាគច្រើនស៊ាំនឹងរូបអប្សរារាំដែលមានពាក់អាវតែមិនដឹងធាតុពិតអប្សរាតាំងពីដើមគ្មានអាវទេ ដូចជាការសិក្សាពីអ្វីៗក៏ដោយយើងត្រូវរកធាតុពិតមកធ្វើមេរៀន គេមិនអាចយកការប្រកាន់មកធ្វើមេរៀនវានាំអោយអ្វីទាំងនោះនឹងមិនរីកចម្រើន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s