មួយ​ពាន់​មួយ​យប់​(១០៣)


លេខ១០២ មួយពាន់មួយយប់ លេខ១០៤

នៅ​ពេល​ដែល​គាត់​និយាយ​ចប់ ខ្ញុំ​យំម្តង​ហើយ​ម្តង​ទៀត ហើយ​អង្វរ​ក​ដល់​គាត់ សុំ​ឲ្យ​គាត់​លើក​លែង​ទោស​ និយាយ​រក​គាត់​ដោយ​ពាក្យ​សម្តី​ទន់​ភ្លន់ ហើយ​គិត​ក្នុង​ចិត្ត​ថា “ខ្ញុំ​នឹង​និយាយ​អង្វរ​គាត់ ហើយ​បើ​គាត់​ចង់​អ្វី​ក៏​យក​ទៅ​ សុំ​ឲ្យ​តែ​គាត់​កុំ​សម្លាប់​ខ្ញុំ”។ ដូច្នេះ​ខ្ញុំ​ក៏​ពោល​អង្វរ បន្ត​ថា

“បង​ត្រូវ​ការ​​​យុត្តិធម៌​ បង​មិន​សម​ដល់​ថ្នាក់​សម្លាប់​អូន​ទេ

ព្រះ​អាឡាហ៍​អើយ​តើ​នរណា​អាច​កាប់សម្លាប់​មនុស្ស​ស្រេច​នឹង​ចិត្ត​​បាន

បង​​ឲ្យ​អូន​ទូល​នូវ​ទម្ងន់​ដ៏​ធ្ងន់​នៃ​តណ្ហា​និង​ក្តី​ត្រេក​ត្រអាល

តែ​អូន​វិញ​សូម្បី​តែ​សម្លៀកបំពាក់​ដ៏​ស្រាលក៏​សឹង​តែ​ទូល​មិន​រួច ​ដោយ​សារ​តែ​ភាព​ទន់ខ្សោយ​និង​ឈឺ​ចាប់

អូនមិនភ្ញាក់ផ្អើលទេ​ដែល​​ឃើញ​កាយ​និង​ចិត្ត​អូននឹង​​រលាយ​ជាក់

តែ​អូន​ភ្ញាក់ផ្អើល​ណាស់​ដោយ​ឃើញ​កាយ​ចិត្ត​អូន​រង​គ្រោះ​ឈឺ​ចាប់​បែប​នេះ។”

នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ចប់ ទឹក​ភ្នែក​ខ្ញុំ​ក៏​ហូរ​ គាត់​មើល​មក​ខ្ញុំ ហើយ​និយាយ​ថា

“គឺ​ដោយ​សារ​តែ​នាង​ស្មោះ​ស្ម័គ្រ​នឹង​ប្រុស​ដទៃ​មិន​មែន​ខ្ញុំ​ឯណា

គឺ​នាង​ទេ​ជា​អ្នក​បង្ហាញ​មុខ​ឃោរឃៅ​ដាក់​ខ្ញុំ ខ្ញុំ​គ្រាន់​តែ​ជា​មើល​ប៉ុណ្ណោះ

ខ្ញុំ​បោះ​បង់​នាង​ចោល​ព្រោះ​នាង​បោះបង់​ខ្ញុំ​ចោលហើយ​​ដើរ​តាម​ផ្លូវ​របស់​នាង

ហើយ​ខ្ញុំ​នឹង​ស៊ូ​រស់​នៅ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​នាង។

ដោយ​សារ​តែ​នាង​សាង​​ស្នេហ៍​ថ្មី ខ្ញុំ​នឹង​បំភ្លេច​ស្នេហ៍ជាមួយ​នាង

នេះ​គឺ​ដោយសារ​តែ​នាង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បំផ្លាញ​ស្នេហា​យើង នាង​មិន​អាច​បន្ទោស​ខ្ញុំ​បាន​ទេ។”

នៅ​ពេល​គាត់និយាយ​ចប់​ភ្លាម​​ គាត់​ក៏​ស្រែក​បញ្ជា​បម្រើ​ថា “ពួក​ឯង​កាត់​នាង​ជា​ពីរ​កង់​ភ្លាម ហើយ​ឆាប់​យក​ទៅ​បោះ​ចោល ឲ្យ​បាត់​ពីមុខ​ពី​មាត់​អញ នាង​គ្មាន​ប្រយោជន៍​អ្វី​ដល់​អញ​ទៀត​ទេ”។

បម្រើ​ក៏​មក​ជិត​ខ្ញុំ ខ្ញុំ​ក៏​ខិត​ខំ​និយាយ​អង្វរ​ក​គាត់​សព្វ​បែប​យ៉ាង តែ​គ្មាន​អ្វី​អាច​ឃាត់​ឃាំង​ចិត្ត​គាត់​បាន​ឡើយ ខ្ញុំ​ក៏​ធ្លាក់​ចូល​ក្នុង​ក្តី​អស់​សង្ឃឹម។ ខ្ញុំ​បួង​សួង​ដល់​ព្រះ​អាឡាហ៍ទៅ​ហើយ ស្រាប់​តែ​ពេល​នោះ យាយ​ចាស់​នោះ​ក៏ស្ទុះ​ចូល​មក ហើយ​រត់​មក​ឱប​ជើង​ប្តី​របស់​ខ្ញុំ  យំ​អង្វរ​គាត់​ថា “ឱកូន​ប្រុស​អើយ ចូរ​កូន​យល់​ដល់​ម្តាយ​ដែល​បាន​​ចិញ្ចឹម​បីបាច់ បម្រើ​​កូន​អស់​កាល​ដ៏​យូរ សូម​កូន​លើក​លែង​ទោស​ដល់​ស្ត្រី​នេះ​ម្តង​ទៅ។ សូម​កូន​មេត្តា​អភ័យ​ទោស​ដល់​នាង​ផង​ទៅ នាង​មិន​សម​នឹង​ទទួល​ទោស​ដល់​ថ្នាក់​នេះ​ទេ។ កូន​នៅ​ក្មេង​ណាស់ នាង​ខ្ញុំ​ខ្លាច​មរណភាព​របស់​នាង​​ផ្តល់​រឿង​អាក្រក់​ដល់​កូន ព្រោះ​ថា អ្នក​សម្លាប់​គេ​ ត្រូវ​តែ​គេ​សម្លាប់​វិញ។ សូម​កូន​បំភ្លេច​នាង​ចោល​ទៅ​”។

យាយ​នោះ​និយាយ​អង្វរ​បណ្តើរ​យំ​បណ្តើរ​ រហូត​ដល់​ប្តី​របស់​ខ្ញុំ​ទន់​ចិត្ត ហើយ​និយាយ​ថា “ខ្ញុំ​នឹង​អត់ឱន​ឲ្យ​នាង​ តែ​ខ្ញុំ​ត្រូវ​តែ​ផ្តល់​មេរៀន​ខ្លះ​ឲ្យ​នាង​ចាំ​មួយ​ជីវិត”។

បន្ទាប់​មក​ គាត់​ក៏​បញ្ជា​ឲ្យ​បម្រើ​អូស​ខ្ញុំ​ផ្ទាល់​នឹង​ដី ​រួចដោះ​សម្លៀកបំពាក់​ខ្ញុំ​ចេញ ពួក​បម្រើ​ចាប់​ក្រៀក​ខ្ញុំ​ជាប់ រួច​យក​ផ្តៅ​មក​វាយ​ខ្លួន​ប្រាណ​ខ្ញុំ រហូត​ដល់​ខ្ញុំ​សន្លប់​បាត់​ស្មារតី ដោយ​សារ​តែ​ក្តី​ឈឺចាប់​ហួស​និស្ស័យ និង​អស់​សង្ឃឹម។ បន្ទាប់​មក​គាត់​ក៏​បញ្ជា​ឲ្យ​បម្រើ​អូស​ខ្ញុំ​ចេញ​ឲ្យ​បាត់​ពី​មុខ​មាត់​គាត់ ទាន់​មេឃ​នៅ​យប់​ងងឹត ដោយ​មាន​ស្ត្រី​ចំណាស់​ម្នាក់​នោះ​ជា​អ្នក​បង្ហាញ​ផ្លូវ​ផង។ ពួក​បាន​យក​ខ្ញុំ​មក​ប្លុង​ចោល​នៅ​កម្រាល​ផ្ទះ​​របស់​ខ្ញុំ​ មុន​រៀប​ការ។ រួច​ពួក​គេ​ក៏​ត្រលប់​ទៅ​វិញ​បាត់​ទៅ។ នៅ​ពេល​នោះ​ខ្ញុំ​សន្លប់​បាត់​ស្មារតី រហូត​ទាល់​ព្រឹក​ទើប​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ។ ខ្ញុំ​ក៏​រៀប​ចំ​ព្យាបាល​របួស​ដោយ​ខ្លួន​ឯង តែ​ស្នាម​របួស​មិន​អាច​រលុប​បាត់​ឡើយ ដូច​ព្រះ​ទ្រង់​ជ្រាប​ស្រាប់។ ខ្ញុំ​ដេក​ឈឺ​លើ​គ្រែ​អស់​រយៈ​ពេល​បួន​ខែ​គត់​ ទើប​អាច​ក្រោក​ដើរ​ដូច​ធម្មតា​វិញ​បាន។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​ត្រលប់​ទៅ​មើល​ផ្ទះ​ដែល​កើត​ហេតុ​អាក្រក់​នេះ ក៏​ឃើញ​ថា​ផ្ទះ​នោះ​បែក​បាក់​ខ្ទេចខ្ទី​អស់ រី​ឯ​ផ្លូវ​វិញ​ ក្លាយ​ជា​ផ្លូវ​ដែល​មាន​គ្រលុកពាស​ពេញ ស្ទើរ​តែ​មិន​អាច​ធ្វើ​ដំណើរ​បាន។

លេខ១០២ មួយពាន់មួយយប់ លេខ១០៤
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s