មួយ​ពាន់​មួយ​យប់​(១០២)


លេខ១០១ មួយពាន់មួយយប់ លេខ១០៣

ខ្ញុំ​និយាយ​រដិប​រដុប ទៅ​គាត់​ថា “នេះ​គ្រាន់​តែ​ជា​គ្រោះថ្នាក់​មួយ​ដែល​វាសនា​កំណត់​មក​ស្រាប់​តែ​ប៉ុណ្ណោះ..”។

បន្ទាប់​មក​គាត់​ក៏​កើត​មាន​ការ​សង្ស័យ ហើយ​និយាយ​ថា “នាង​ច្បាស់​ជា​ក្បត់​ពាក្យ​សម្បថ​ខ្លួន​ឯង​ហើយ!”។

គាត់​ក៏​ស្រែក​ឡូឡា​ឡើង នៅ​ពេល​នោះ​ទ្វារ​ក៏​របើក ហើយ​មាន​បម្រើ​ប្រាំពីរ​នាក់​ចេញ​មក។ គាត់​ក៏​បញ្ជា​ឲ្យ​បម្រើ​ទាំង​នោះអូស​ខ្ញុំ​ទម្លាក់​ពី​លើ​គ្រែ ទៅ​ដាក់​នៅ​កណ្តាល​បន្ទប់។បន្ទាប់​មក​គាត់​បញ្ជា​ឲ្យ​បម្រើ​ម្នាក់​ចង​ស្លាប​សេក​ខ្ញុំ ដាក់​ខ្ញុំ​ឲ្យ​ដេក​ផ្កាប់​មុខ​ទល់​នឹង​កម្រាល​ អា​ម្នាក់​ទៀត​អង្គុយ​លើ​ជើង​របស់​ខ្ញុំ ហើយ​ចាប់​ជើង​ខ្ញុំ​យ៉ាង​ជាប់។ គាត់​ក៏​ដក​ដាវ​មក​ រួច​ហុច​ឲ្យ​ទៅ​បម្រើ​ទី​បី ហើយ​និយាយ​បញ្ជា​ថា “សម្លាប់​ស្រី​នេះ​ចោល​ទៅ ចូរ​ឯង​កាប់​នាង​ឲ្យ​ដាច់​ជា​ពីរ​កង់ រួច​យក​ទៅ​បោះ​ចោល​នៅ​ទន្លេ​ទិគ្រិស​[1]ទៅ ឲ្យ​ត្រី​វា​ស៊ី​ជា​ចំណី ទុក​ជា​មេរៀន​ដល់​អ្នក​ឯ​ទៀត​ឲ្យ​ចេះ​គោរព​សន្យា​របស់​ខ្លួន ឲ្យ​ចេះ​ស្មោះ​ត្រង់​នឹង​ស្នេហា​របស់​ខ្លួន”។ ហើយ​គាត់​និយាយ​បន្ថែម​ទៀត​ថា

“មាន​តែ​ស្រី​ម្នាក់​គត់​ដែល​ខ្ញុំ​ស្រលាញ់

តែ​ខ្ញុំ​អាច​សម្លាប់​នាង​ចោល​បាន

ដោយ​យក​ក្តី​ស្លាប់​ជា​ជម្រើស​ដ៏​ពិសិដ្ឋ​បំផុត

បើ​សិន​ជា​នាង​ហ៊ាន​ក្បត់​ខ្ញុំ​មាន​ស្នេហ៍​ពីរបី”

គាត់​ក៏​និយាយ​បញ្ជា​បម្រើ​នោះ​ម្តង​ទៀត​ថា “សម្លាប់​នាង​ភ្លាម​ទៅ!”។

បម្រើ​នោះ​ឱន​ក្បាល​ដាក់​ខ្ញុំ ហើយ​និយាយ​ថា​ “ឱ​អ្នក​ស្រី​ម្ចាស់​អើយ សូម​អ្នក​ស្រី​និយាយ​ប្រាប់​ពួក​យើង​មក​ បើ​អ្នក​ស្រី​មាន​អ្វី​ត្រូវ​ផ្តែផ្តាំ​ ព្រោះ​នេះ​ជា​ឱកាស​ចុង​ក្រោយ​ហើយ”។

“បម្រើ​ដ៏​ល្អ​អើយ” ខ្ញុំ​តប “សូម​ឯង​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិច​ទៅ ទុក​ឱកាស​ឲ្យ​ខ្ញុំ​ប្រើ​ពួក​ឯង​ជា​ចុង​ក្រោយ​ផង”។

ខ្ញុំ​ក៏​ងើប​ក្បាល​ឡើង ក៏​ឃើញ​ខ្លួន​ឯង​ធ្លាក់​ដុនដាប​ដល់​កម្រិតមួយ ដែល​អន់​បំផុត ដូច​ជា​ស្លាប់​រួច​ហើយ ខ្ញុំ​នឹក​ឃើញ​មូលហេតុ​ដែល​នាំ​ខ្លួន​ឲ្យ​មក​ទទួល​ទោស​បែប​នេះ ដោយ​សារ​តែ​បាបកម្ម​របស់​ខ្លួន​ឯង ខ្ញុំ​ក៏​យំ​យ៉ាង​ខ្លាំង។ តែ​ប្តី​របស់​ខ្ញុំ​ មើល​មក​ខ្ញុំ​ដោយ​កែវ​ភ្នែក​ពោរពេញ​ដោយ​កំហឹង ហើយ​និយាយ​ថា

“​ប្រាប់​នាង​ទៅ តើ​នរណា​ជា​អ្នក​ធ្វើ​ឲ្យ​ស្នេហា​យើង​ទៅ​ជា​ភ្លើង​បែប​នេះ

រក​ស្នេហា​ថ្មី​មួយដ៏​ប្រសើរ​​ឲ្យនាង​ទៅ ព្រោះ​នាង​បាន​បោះបង់​ស្នេហ៍​ចាស់​ចោល​ទៅ​ហើយ

ខ្ញុំ​ទាត់​នាង​ចោល មុន​នាង​ទាត់​ខ្ញុំ​ចោល

អ្វី​ដែល​នាង​បាន​ធ្វើ​ដាក់​ខ្ញុំ​ ខ្ញុំ​​ឆ្អែត​ឆ្អន់​ហើយ។”

នៅ​ពេល​ដែល​បាន​លឺ​គាត់​និយាយ​បែប​នេះ ឱ​ព្រះ​ករុណា​ជា​អម្ចាស់ ខ្ញុំ​យំ ហើយ​មើល​ទៅ​គាត់ ​រួច​និយាយ​ថា

” ទោះ​បី​បងផ្តល់​ក្តី​​ឈឺចាប់​ដល់​​ស្នេហា​អូនយ៉ាង​ណា​ក៏​ដោយ ​អ្វី​ៗ​ទាំង​អស់​នៅ​ដដែល

បង​បិទភ្នែកធ្វើ​មិន​ដឹង​មិន​លឺ​មិន​រវល់​ដល់​ពាក្យ​ត្អូញ​ត្អែរ​របស់​អូន

ទោះ​បង​ដាច់​ខាត​មិន​រវីរវល់​យ៉ាង​ណា​ក៏​ដោយ

នៅ​តែ​បេះដូង​អូន​មិនអាច​បំភ្លេច​បង​បាន នៅ​តែ​ទឹក​ភ្នែក​អូន​មិន​អាច​ឈប់​ហូរ​បាន។

បង​បាន​ស្បថ​សច្ចា​ថា​នឹង​ថែរក្សា​អូន​លុះ​គ្រា​ចុង​ក្រោយ

តែ​ពេល​ដែល​បង​បាន​បេះដូង​អូន​ហើយ បង​ប្រែក្បត់​សម្តី

អូន​ស្រលាញ់​បង​ដូច​ក្មេង​មិន​ទាន់​ដឹង​ក្តី មិន​ដឹង​ថា​អ្វី​ជា​ស្នេហា

តែ​សូម​បង​ទុក​ជីវិត​ឲ្យ​កូនសិស្សម្នាក់​នេះ​ សូម​កុំ​ឲ្យ​នាង​ស្លាប់​ដោយ​គ្រូ​របស់​នាង​អី។
ឱ​ព្រះ​ជា​ម្ចាស់​អើយ ខ្ញុំ​សូម​អង្វរ នៅ​ពេល​ដែល​ខ្ញុំ​ស្លាប់​ទៅ

សូម​ចារ​លើ​ផ្នូរ​ខ្ញុំ​ផង​ថា​អ្នក​នេះ​ស្លាប់​ដោយ​សារ​តែ​ស្នេហា

គ្រាន់​នឹង​មាន​អ្នក​ដើរ​កាត់​ ដឹង​រឿង​ស្នេហា​នាង

ដឹង​រឿង​ស្នេហា​ឈឺ​ចាប់​របស់​នាង​ ហើយ​មាន​ក្តី​អាណិតអាសូរ​​ដល់​នាង។”

នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ចប់ ទឹក​ភ្នែក​ខ្ញុំ​ក៏​ហូរ​ជា​បន្ត​មក​ទៀត តែ​កំណាព្យ​អស់​នេះ ទឹក​ភ្នែក​របស់​ខ្ញុំ មិន​អាច​រំលត់​ភ្លើង​កំហឹង​របស់​គាត់​បាន​ទេ តែ​បែ​រ​ជា​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ក្តៅ​ក្រហាយ​ឡើង។ គាត់​ក៏​និយាយ​ថា

“មិន​មែន​ក្តី​ជិនណាយ​ទេ ដែល​នាំ​ឲ្យ​ខ្ញុំ​បោះបង់​នាង​ចោល

តែ​ដោយ​សារ​កំហុស​របស់​នាង​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ហើយ

នាង​នាំ​អ្នក​ទី​បី​មក​លូកលាន់​ក្នុង​រឿង​ស្នេហា​យើង​ទាំង​ពីរ

តែ​បេះ​ដូង​របស់​ខ្ញុំ​មិន​អាច​ទទួល​យក​ស្នេហា​បែប​នេះ​បាន​ឡើយ”។


[1] Tigris (ភាសាក្រិច Τίγρις)មានន័យ​ថា​ខ្លា។

លេខ១០១ មួយពាន់មួយយប់ លេខ១០៣
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s