មួយ​ពាន់​មួយ​យប់​(៩៥)


លេខ៩៤ មួយពាន់មួយយប់ លេខ៩៦

.

បន្ទាប់​មក​គាត់​ឲ្យ​ខ្ញុំ​ទៅ​អង្គុយ​នៅ​ជិត​គាត់។ ខ្ញុំ​ក្រឡេក​មើល​មុខ​គាត់ ឱព្រះ​អើយ​បុរស​មាន​សម្រស់​ដូច​ជា​ព្រះ​ចន្ទពេញ​បរមី មាន​មុខ​មាត់​ស្អាត​បាត មាន​ទាំង​រាង​ស្រស់​សង្ហារ មាន​ថ្ពាល់​រលោង ដូច​ជា​កំណាព្យ​មួយ​គេ​និយាយ​ថា៖

រាត្រីមួយ តារាវិទូ                                     ​គន់​មើលគន់​គូរ​​ជោគជតា
មនុស្សសត្វ​ក្នុង​លោក ​ស្រាប់​យល់​ថា          យុវសង្ហា​កើត​មកហើយ។
សក់​បាន​ដល់​​ពណ៌​ផ្កាយ​ព្រះសៅរ៍              ភក្ត្រ​អប់​និត្យ​នៅ​ទឹក​សួគ៌ា
ថ្ពាល់​ក្រហមផ្កាយ​ព្រះអង្គារ                      កែវ​ភ្នែក​មុតថ្លា​កប់​ធ្នូ​​ស្នេហ៍។
ផ្កាយ​​ព្រះ​ពុធផ្តល់​នូវ​ពន្លឺ                           ចិញ្ចាច​សែន​​ភ្លឺ​ដល់រូបា
រី​ផ្កាយ​ខ្លាឃ្មុំអ្នក​​ការពារ​                 ​            ពីខ្សែ​​ភ្នែកឈ្នានីស​នៃ​​មនុស្ស។
អស់​ជន​​ទាំងឡាយ​ចាំ​ទស្សនា                   ​កំណើតអស្ចារ្យ​​របស់​គាត់
រី​ចន្ទពេញ​វង់តាម​កំណត់                          លំទោន​ប្រាកដ​​ដល់​យុវ័ន។

ហើយ​តាម​ពិត​ទៅ​ព្រះ​អាឡាហ៍​ជា​ម្ចាស់​បានបិទបាំង​គាត់​ដោយ​សម្លៀក​បំពាក់​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​តែង​លម្អ​ដោយ​ថ្ពាល់​ដែល​ភ្លឺ​រលោង ដូចពួក​កវី​តែង​​ដំណាល​ថា៖

ខ្សែ​ភ្នែក​​ហាក់​អប់​គ្រឿង​ក្រអូប       ​ចង្កេះ​រាវ​រូបអូន​ពោល​ពិត
ធ្នូ​ស្នេហ៍​បាញ់​មក​សណ្តំ​ចិត្ត           ឲ្យ​អូន​មូល​មិត្ត​ចិត្ត​បេតី។
រូបរាង​មាំ​​ទាំហើយ​ទន់ភ្លន់             កែង​ភ្នែក​ស្រទន់​ភ្លឺ​ចែង​ចាំង
ថ្ងាស​សល្អ​ស្អាត​សក់​ខ្មៅ​ខ្លាំង        ខ្មៅ​​រាត្រីពាំង​​យប់​ស្ងាត់​សូន្យ។
ចិញ្ចើម​មូល​ខ្វង់​ដូច​ជា​ធ្នូ                ល្អ​ដូច​ឥន្ទ​ធនូ​គួរ​ទស្សនា
​ដោយ​បាទ​និង​ទេនៃ​ពួក​វា​             ឲ្យ​អូន​ឈឺ​ផ្សានិង​ត្រេក​អរ។​
​ថ្ពាល់​ក្រហម​ដូច​ផ្កាកុលាប​            ល្អដូចសំណាប​ពុកចង្កា
បបូរមាត់​ក្រហម​ដូចជា​                 ​ត្បូង​ទទឹមថ្លា​យង់​ល្អ​ក្រៃ។
ធ្មេញ​ស​ល្អ​ដូចកែវមុក្តា                 ក​សម​កាយា​ស្មា​ទូលាយ
ដើមទ្រូង​ស្វាហាប់​មិន​ទន់​ជ្រាយ     សមនឹង​រាង​កាយ​មហា​បុរស​។
ចង្កេះ​​រាងរាវត្រគាកសាយ             ស្បែក​សដូច​បាយគួរ​នែបនិត្យ
ដៃ​ជើង​ខ្លួន​ប្រាណ​ល្អពេក​ពិត        ​សមយ៉ាង​សុក្រឹត​ពេល​ផ្សំ​គ្នា។
ដៃ​ដែល​ចូល​ចិត្ត​សាង​តែ​បុណ្យ      មាន​សម្តីធ្ងន់​ពូជ​អ្នក​ថ្លៃ
ជា​ទី​ពេញ​ចិត្ត​មនុស្ស​គ្រប់​វ័យ        ​ពេញ​ចិត្តពេក​ក្រៃដោយ​​មន្ត​ស្នេហ៍។
ក្លិនខ្លួន​ក្រអូបលើស​អស់​ផ្កា           ក្រអូប​សព្វសារពើ​កន្លែង
រី​ឯរស្មី​ព្រះសូរ្យ​សែង                    គង់​ចាញ់​មិន​លែង​សម្រស់​គាត់។

 

ខ្ញុំ​លួ​ច​សម្លឹង​មើល​មុខ​គាត់ រហូត​ដល់​ចាប់​ចិត្ត​លួ​ច​ស្រឡាញ់​គាត់។

ខ្ញុំ​ក៏​សួរ​គាត់​ថា

“លោក​ម្ចាស់​អើយ សូម​លោក​មេត្តា​ប្រាប់ពី​មូលហេតុ​នោះ​មក”។

គាត់​ក៏​តប​ថា

“បាន ខ្ញុំ​នឹង​ប្រាប់​នាង។ នាង​ដឹង​ទេ​នគរ​នេះ​ជា​នគរ​របស់​បិតា​របស់​ខ្ញុំ​ដែល​ជា​ស្តេច​ ដែល​នាង​បាន​ឃើញ​កំពុង​តែ​គង់​នៅ​លើ​បល្លង្ក​នោះ​ឯង ហើយ​ម្ចាស់​ក្សត្រី​ដែល​កំពុង​តែ​សម្រាក​នៅ​លើ​គ្រែ​នោះ​ជា​ម្តាយ​របស់​ខ្ញុំ។

ពួក​យើង​ទាំង​អស់​គ្នា​ រួម​ទាំង​រាស្ត្រ​នគរ​នេះ​ផង​ជា​អ្នក​កាន់​សាសនា​ម៉ាសៀន ពួក​យើង​គោរព​បូជា​ភ្លើង។ បិតា​របស់​ខ្ញុំ គ្មាន​កូន​ទេ រហូត​ទាល់​តែ​បាន​ខ្ញុំ​មក គាត់​ចាស់​ណាស់​ទៅ​ហើយ។ គាត់​បាន​ចិញ្ចឹម​បី​បាច់​ អប់រំ​ខ្ញុំ​រហូត​ដល់​ធំ។

 នៅ​ពេល​នោះ​ មាន​ស្ត្រី​ចំណាស់​ម្នាក់​ដែល​រស់​នៅ​ជា​មួយ​ពួក​យើង ក្នុង​ចិត្ត​របស់​គាត់​ គាត់​ជឿ​លើ​ព្រះ​អាឡាហ៍ តែ​ពី​ខាង​ក្រៅ​ គាត់​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី​របស់​អ្នក​ស្រុក​យើង។ បិតា​របស់​ខ្ញុំ​ជឿជាក់​លើ​គាត់​ខ្លាំង​ណាស់ គាត់​ជឿ​ថា​ស្ត្រី​ម្នាក់​នោះ​ជា​មនុស្ស​ដែល​កាន់​សច្ចធម៌។ ឪពុក​របស់​ខ្ញុំ​ធ្វើ​ល្អ​ដាក់​គាត់​ជា​ខ្លាំង ហើយ​ជឿជាក់​លើ​គាត់​ដូច​ជឿជាក់​ខ្លួន​ឯង។

ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ធំ​បន្តិច ឪពុក​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ឲ្យ​គាត់​ជួយ​អប់រំ។ ដូច្នេះ​ស្ត្រី​នោះ ក៏​បង្រៀន​ខ្ញុំ​អំពី​គម្ពីរ​កូរ៉ាន់ អំពី​ការ​ប្រតិ​បត្ត​ក្នុង​សាសនា​អ៊ីស្លាម។ នៅ​ពេល​ដែល​ខ្ញុំ​រៀន​ចេះ​គម្ពីរ​ធម៌​នេះ​ហើយ គាត់​និយាយ​នឹង​ខ្ញុំ​ថា

– កូន​ប្រុស ចូរ​កូន​កុំ​ប្រាប់​រឿង​នេះ​ដល់​ឪពុក​របស់​កូនឲ្យ​ទាល់​តែ​សោះ។

ដូច្នេះ​ខ្ញុំ​ក៏​លាក់​គាត់​ ហើយ​ចេះ​តែ​ប្រតិបត្ត​តាម​គម្ពីរ​ធម៌​នេះ​ជារៀង​រហូត​មក។ ថ្ងៃ​មួយ​លោក​យាយ​ម្នាក់​នោះ​ក៏​ស្លាប់​បាត់ទៅ។ នៅ​ថ្ងៃ​មួយ​ប្រជារាស្ត្រ​បាន​ឮ​សំឡេង​ចម្លែក​មួយគួរ​ឲ្យ​ខ្លាច​ស្រែក​យ៉ាង​ខ្លាំងៗ​ថា

– អ្នកស្រុក​នគរ​នេះ​សូម​ស្តាប់​ឲ្យ​ច្បាស់ ចូរ​ពួក​ឯង​បោះ​បង់​ចោល​ទំនៀមទម្លាប់​បូជា​ភ្លើង​របស់​ពួក​ឯង ហើយ​បែរ​មក​ជឿ​លើ​ព្រះ​អាឡាហ៍​វិញ។

លេខ៩៤ មួយពាន់មួយយប់ លេខ៩៦
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s