គេ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ ឬ ជន​ក្បត់​ជាតិ


នៅ​ថ្ងៃ​មួយ​នោះ មិន​ដឹង​ជា​ថ្ងៃ​ណា​មួយ​ឡើយ ខ្ញុំ​រក​នឹក​មិន​យល់​…ខ្ញុំ​ឃើញ​ព្រះ​រាជអជ្ញា​ឬ​ស្នង​ការ​ព្រះ​រាជរដ្ឋាភិបាល ចោទ​ប្រកាន់​ថា​ខ្ញុំ​ជា​មនុស្ស​ក្បត់​ជាតិ…គឺ​ក្បត់​ក្នុង​កាលៈទេសៈ​មួយ​ដ៏​ចម្លែក សូម្បី​តែ​រូប​ខ្ញុំ​ក៏​នឹក​មិន​យល់… មិន​យល់​ថា តើ​ខ្ញុំ​ក្បត់​ជាតិ​នៅ​ក្នុង​កាលៈទេសៈ​យ៉ាង​ដូច​ម្តេច…​តើ​ក្បត់​អ្វី?។ គេ​បាន​ចាប់​ខ្ញុំ​យក​ទៅ​ឃុំឃាំង​ក្នុង​គុក។ ស្នង​ការ​ព្រះ​រាជរដ្ឋាភិបាល​ បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ សុំ​ឲ្យ​តុលាការ​កាត់​ទោស​ខ្ញុំ​យក​ទៅ​បាញ់​ចោល។

នៅ​ថ្ងៃ​កាត់​សេចក្តី​ចុង​ក្រោយ អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ សុទ្ធ​តែ​គ្មាន​ន័យ​ទាំងអស់។ អារម្មណ៍​ខ្ញុំ​អណ្តែត​ត្រសែត​ទៅ​សែន​ឆ្ងាយ។ ភ្នែក​ខ្ញុំ​បើក​មែន​ទែន ក៏​ប៉ុន្តែ​មើល​អ្វី​មិន​ឃើញឡើយ។ អនុស្សាវរីយ៍​មួយ​ម៉ឺន​ចំពូក​បាន​រសាត់​មក​រក​ខ្ញុំ បន្ត​បន្ទាប់​គ្នា​ម្តង​មួយៗ​ ធ្វើ​ឲ្យ​ខ្ញុំ​លង់​ក្នុង​ពិភព​រវើរវាយ​គ្មាន​ទី​បំផុត។ សំឡេង​កូន​ក្មេង​តូច​ម្នាក់ យំ​រោទិ៍​លាន់​ឮ​សូរ​គ្រលួច ចេញ​ពី​ក្នុង​ចំណោម​ទស្សនិកជន ប្រហែល​ជា​កូន​ខ្ញុំ​យំ​ទេ​ដឹង ព្រោះ​នៅ​ពេល​នោះ​ ប្រពន្ធ​ខ្ញុំ​ក៏​បាន​នាំ​កូន​ឲ្យ​មក​ស្តាប់​គេ​កាត់​ទោស​ឪពុក​វា​ដែរ។ សំឡេង​ក្មេង​យំ​បាន​មក​អង្រួន​ស្មារតី​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ពី​ការ​យល់​សប្តិ​ទាំង​ភ្នែក​បើក ឲ្យ​ភ្ញាក់ពី​សភាព​គ្មាន​ព្រលឹង​ទាំង​ភ្នែក​ស្រស់។ ក៏​ប៉ុន្តែ… សំឡេង​ក្មេង​យំ​គ្រាន់​តែ ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​សមុទ្រ​អនុស្សាវរីយ៍​មួយ​ដែល​គ្មាន​ន័យ ដើម្បី​នាំ​ខ្ញុំ​ឲ្យ​លង់លក់​ចូល​ទៅ​ក្នុង​ពិភព​អនុស្សាវរីយ៍​មួយ​ទៀត​ដែល​ធំ​ធេង គ្មាន​កោះ​គ្មាន​ត្រើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​អណ្តែត​ត្រសែត​មួយ​កម្រិត​ថែម​ទៀត​យ៉ាង​រន្ធត់។ អ្វីៗ​ដែលជា​ទី​សប្បាយ​កាល​ពី​ក្មេង អ្វីៗ​ដែល​លួង​ចិត្ត​ខ្ញុំ អ្វីៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដំបៅ​ដើម​ទ្រូង​រហូត​មក​ដល់​ពេល​នេះ អ្វីៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​មិន​ចេះ​ល្ហើយ អ្វីៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​រក​ទី​បំផុត​គ្មាន អ្វីៗ​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុកចាប់​ក្រៃ​លែង​ អ្វីៗ…អ្វីៗ… ទាំងអស់​នេះ រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ភ្លាំង… ថា​តើ​រូប​ខ្ញុំ​នេះ​ជា​រូប​ខ្ញុំ​ឬ​មិន​មែន​ រូបខ្ញុំ… ថាថាថា…។ ស្នូរ​អ្វី​ក៏​ដោយ ដែល​លាន់​ឮនៅ​ជុំវិញ​ខ្ញុំ គឺ​គ្មាន​ន័យ​អ្វី​សោះ​ចំពោះ​រូប​ខ្ញុំ សូម្បី​តែ​សម្តី​អាវ៉ូកា ដែល​កំពុង​​និយាយ​ការពារ​ខ្ញុំ ដើម្បី​ស្នើ​សុំ​កុំ​ឲ្យ​តុលាការ​កាត់​ទោសសម្លាប់​​ខ្ញុំ​ សុំ​ឲ្យ​តុលាការ​សម្រាល​ទោស​ខ្ញុំ ក៏​ខ្ញុំ​មិន​បាន​ឮ​ដែរ មិន​ដឹង​ជា​គាត់​បាន​និយាយ​ថា​អ្វី​ខ្លះ​ឡើយ។ ត្រចៀក​ខ្ញុំ នៅ​ពេល​នោះ​ហាក់​ដូច​ជា​មិន​ចង់​ឮ មិន​ចង់​ដឹង មិន​ចង់​ប្រឡាក់ គឺ​ខ្ពើម ខ្ពើម​មិន​ចង់​ដឹង​មិន​ចង់​ឮ​គេ​កាត់​ទោស​ខ្ញុំ​ទាល់​តែ​សោះ។

ក្នុង​ពេល​មួយ​នោះ ខ្ញុំ​ហាក់​ដូច​ជា​ឮ​គេ​និយាយ​ល្វើយៗថា កុំ​ធ្វើ​ទោស​មនុស្ស​ស្លូត​ត្រង់​ គ្នា​ស្លូត​ត្រង់​ទេ ធ្វើ​ម៉េច​បើ​រឿង​យ៉ាង​ហ្នឹង…

ខ្ញុំ​បាន​ដឹង​ខ្លួន​វិញ ពេល​កង​តម្រួត​ប្រដាប់​អាវុធ​មក​ដឹក​ដៃ​ខ្ញុំ នាំ​ខ្ញុំ​ទៅ​សម្រាក​នៅ​ក្នុង​បន្ទប់​ពិសេស​មួយ ដើម្បី​ឲ្យ​តុលាការ​យក​រឿង​ខ្ញុំ​ទៅ​កាត់​សេចក្តី​សម្រេច​ជា​សម្ងាត់ នៅ​ក្នុង​បន្ទប់​ក្នុង។ ខ្ញុំ​បាន​រង់​ចាំ​អស់​ពេល​ជិត​ដប់​ប្រាំ​នាទី ដប់​ប្រាំ​នាទី​ដែល​ហាក់​ដូច​ជា​ដប់​ប្រាំ​រយ​ឆ្នាំ ព្រោះ​ចំពោះ​រូប​ខ្ញុំ ដប់​ប្រាំ​នាទី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់​អស្ចារ្យ ធ្វើ​ឲ្យ​ថប់​ដង្ហើម​ក្រៃ​លែង។ រាល់​តែ​ដង្ហើម​ចេញ​ចូល ខ្ញុំ​បន់​ហើយ​បន់​ទៀត បន់​ឲ្យ​តែ​គេ​នាំ​ខ្ញុំ​ទៅ​គុក​វិញ បន់​ឲ្យ​តែ​គេ​នាំ​ខ្ញុំ​ទៅ​ទុក​កន្លែង​ស្ងាត់ ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត ព្រោះ​ខ្ញុំ​មិន​ចង់​ដឹង​ ចង់​ឮ មិន​ចង់​ឃើញ​អ្វីៗ​នៅ​ទី​នោះ​យូរ​ទេ!។ ខ្ញុំ​ចង់​តែ​នៅ​ទី​ស្ងាត់​តែ​ម្នាក់​ឯង។ ខ្ញុំ​ចង់​តែ​ឲ្យ​គេ​សម្រេច​រឿង​ខ្ញុំ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ឲ្យ​ខ្ញុំ​បាន​សុខ សុខ​នៅក្នុង​គុក​ក៏​ដោយ សុខ​នៅ​ស្ថាន​ខ្មោច​ក៏​ដោយ យ៉ាង​ណា​ក៏​បាន​ដែរ ធ្វើ​ម៉េច​កុំ​ឲ្យ​តែ​ឃើញ​កន្លែង​កាត់​សេចក្តី​ស្អី​គេ​នោះតទៅ​ទៀត!។

នៅ​ទី​បំផុត គេ​ក៏​នាំ​ខ្ញុំ​ទៅ​ស្តាប់​សេចក្តី​សម្រេច​ចុង​ក្រោយ​បំផុត​របស់​តុលាការ។ នៅ​ពេល​គេ​អាច​សេចក្តី​សម្រេច ខ្ញុំ​គ្មាន​ឮ​អ្វី​ទាំងអស់ អ្វីៗ​ក៏​គ្មាន​ឮ​ដែរ ត្រចៀក​ខ្ញុំ​ហ៊ឹង ភ្នែក​ខ្ញុំ​ស្រវាំងបែក​ផ្សែង ហើយ​មួយ​រំពេច​នោះ ស្រាប់​តែ​មាន​ពាក្យ​មួយ​ឃ្លា មិន​ដឹង​ជា​រសាត់​មក​ពី​ទីណា ដោយ​ចៃដន្យ​ក៏​មិន​ដឹង ចូល​មក​ក្នុង​ត្រចៀក​ខ្ញុំ ឭសូរ​ល្វើយៗ​សឹង​តែ​មិន​ដឹង​ជា​និយាយ​យ៉ាង​ម៉េច​ផង។ ឃ្លា​នោះ​ហាក់​ដូច​ជា​បាន​និយាយ​ថា គេ​ត្រូវ​យក​ខ្ញុំ​ទៅ​បាញ់​សម្លាប់​ចោល​នៅ​កណ្តាល​ផ្សារ ដើម្បី​ឲ្យ​សាធារណជន​មើល!។ បន្ទាប់​មក ខ្ញុំ​ហាក់​ដូច​ជា​ឮ​លោក​ចាងហ្វាង​សួរ​ខ្ញុំ ថា​ខ្ញុំ​មាន​ចង់​និយាយ​ស្អីទេ?។

នៅ​ពេល​នោះ​ ខ្ញុំ​​ហាក់ដូច​ជា​ធុញ​ទ្រាន់​ក្នុង​ចិត្ត​ណាស់ ខ្ញុំ​ខ្ជិល​ណាស់ សូម្បី​តែ​បើក​ភ្នែក​មើល​គេ ឬ បើក​ត្រចៀក​ស្តាប់គេ ក៏​ខ្ញុំ​ខ្ជិល​ដែរ។ ក៏​ប៉ុន្តែ​នៅ​ទី​បំផុត មិន​ដឹង​ជា​មាន​កម្លាំង​អ្វី​មួយ​ដ៏​ចម្លែក មក​បង្ខំ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ហា​មាត់​និយាយ​ដោយ​មិន​ដឹង​ខ្លួន និយាយ​តប​ទៅ​វិញ​ថា “​ខ្ញុំ​គ្មាន​អ្វី​និយាយទេ!”។ នៅ​ពេល​នោះ​គេ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ មិន​ដឹង​ជា​ទៅ​ទី​ណា សំឡេង​ក្មេង​យំ​ចេះ​តែ​រសាត់​មក​រក​ខ្ញុំ ខ្ញុំ​រវើរវាយ​ក្រៃ​លែង…៕

ខាំពូនគិមនី, ភ្នំពេញ ១៩៦៩

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

9 Responses to គេ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ ឬ ជន​ក្បត់​ជាតិ

  1. វែង​ណាស់​តើ​បង!?​មិន​ទាន់​បាន​អាន​អោយ​ច្រើន​ណាស់​ណា​ទេ​ព្រោះ​រវល់​ទើប​មិន​បាន​អាន​ច្រើន​តែ​បាន​អាន​ចំនង​ជើង​និង​ឃ្លា​ខាង​លើ​បន្តិច​ដែរ។​តើ​រឿង​របស់​បង​រឺ​មិន​មែន​ទេ​បង?​ថ្ងៃ​ក្រោយ​ពេល​ប្រលង​ចប់​ប្អូន​នឹង​ចូល​មក​អាន​អោយ​ចប់​តែ ម្តង​ណា​បង!
    សុខ​សប្បាយ​ណា​បង​ប្រុស!

  2. monida ថា:

    ពិតជាគួរអោយចាប់អារម្មណ៍មែន!! ខ្ញុំចូលចិត្តអានរឿងប្រភេទនេះណាស់!

  3. វិចិត្រ ថា:

    ស្រីភា៖ រឿង​របស់​គេ​ទេ ដូច​បញ្ជាក់​នៅ​ផ្នែក​ខាងក្រោម​នៃ​អត្ថបទ​ស្រាប់។
    Monida: ខ្ញុំ​ចូល​ចិត្ត​ដែរ។

    រឿង​នេះ​ធ្វើ​អោយ​ខ្ញុំ​គិតថា ប្រហែល​ជាមាន​មនុស្ស​ខ្លះ​ដែល​ប្រវត្តិសាស្ត្រ​ជេរ​ថា ជា​ជនក្បត់​ជាតិ ពួក​ពាល ។ល។ មនុស្ស​ខ្លះ​ដែល​យើង​ជឿតាម​ថា​ជា​ជនក្បត់​ជាតិ ពួក​ពាល ។ល។ ប្រហែល​ជា​មិន​ដូច​ការ​ដែល​យើង​គិត​ផង​ក៏​មិន​ដឹង។
    អ្នក​ឈ្នះ​ជា​ស្តេច​ អ្នក​ចាញ់​ជាចោរ។

    • LoveTruth007 ថា:

      ខ្ញុំយល់ស្រប​ ។

      ខាំពូនគិមនី ។ អ្នកនិពន្ធនេះ ប្រហែលខ្ញុំមិនទាន់បានជួបប្រទះសៀវភៅរបស់គាត់ នៅឡើយទេ ។ កន្លងមកខ្ញុំចូលចិត្តអានអត្ថបទរបស់អ្នកនិពន្ធលំនៅចុងក្រោយ ណាស់ ប៉ុន្តែខ្ញុំមិនបានដឹងថា គាត់ស្លាប់ឬរស់ទេ ក្រោយសម័យខ្មែរក្រហម ។

  4. LoveTruth007 ថា:

    មែនហើយ អ្នក​និពន្ធ​អត្ថបទ​លំនៅ​ចុងក្រោយ ឈ្មោះ​ឃុន ​ស្រ៊ុន ។ គួរឲ្យស្តាយបើសិនជាគាត់ស្លាប់ ព្រោះគាត់ជាទស្សនវិទូមួយរូបរបស់ខ្មែរយើង ដែលកំរមាន !!!

  5. LoveTruth007 ថា:

    My memory just recalled, I used to read a book by អ្នកនិពន្ធ ខាំពូនគិមនី ដែលមានទំហំស្តើងជាងសៀវភៅរបស់លោក ឃុន​ ស្រ៊ុន 🙂

  6. kompol ថា:

    មើលរួចអត់យល់និយាយពីអ្វី????

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s