មួយ​ពាន់​មួយ​យប់​(៩៣)


លេខ៩២ មួយពាន់មួយយប់ លេខ៩៤

.

រឿង​របស់​នាង​បង​គេ

រឿង​ដែល​ចម្លែក​ជាង​គេ​បង្អស់​នោះ​គឺ​ជា​រឿង​របស់​នាង​ខ្ញុំ។ ព្រះ​អង្គ​ដឹង​ទេ ឆ្កែ​ខ្មៅ​២ក្បាល​នេះ ជា​បង​ស្រី​របស់​នាង​ខ្ញុំ​ ម្តាយនិង​ឪពុក​​រួម​គ្នា ហើយ​នាង​២​នាក់​ទៀត​នេះ ជា​ប្អូន​ស្រី​របស់​នាង​ខ្ញុំ ឪពុក​តែ​មួយ​ តែ​ម្តាយ​ទី​ទៃ។

នៅ​ពេល​ដែល​ឪពុក​របស់​នាង​ខ្ញុំ​បាន​ស្លាប់​ទៅ​ ពួក​យើង​ក៏​ទទួល​ចំណែក​មរតក​រៀង​ៗ​ខ្លួន។ ក្រោយ​មក​ម្តាយ​របស់​នាង​ខ្ញុំ​ក៏​បាន​ស្លាប់ទៀត គាត់​បាន​បន្សល់ឲ្យ​នាង​ខ្ញុំ​និង​បង​ស្រី​នាង​ខ្ញុំ​​នូវ​មាស​ចំនួន​៣​ពាន់​តម្លឹង ដូច្នេះ​ពួក​យើង​ក៏​ចែក​គ្នា​ម្នាក់​មួយ​ពាន់​តម្លឹង។

នៅ​ពេល​ក្រោយ​មក​ទៀត បង​ស្រី​របស់​នាង​ខ្ញុំ​ទាំង​២​នាក់​ក៏​បាន​រៀប​ការ​ ហើយ​ទៅ​រស់​ជា​មួយ​ប្តី​របស់​គាត់​រៀង​ៗ​ខ្លួន។ ប្តី​របស់​នាង​បាន​យក​មាស​ប្រាក់​ដែល​ជា​ចំណែក​របស់​នាង​នោះ​ទៅ​ទិញ​ទំនិញ ហើយ​ចេញ​ជួញ​ដូរ​ស្រុក​ក្រៅ​ជា​មួយ​គ្នា​បាត់​ទៅ។ ពួក​គេ​ទុក​ខ្ញុំ​ចោល។

បង​ថ្លៃ​របស់​ខ្ញុំ​បាន​ទៅ​បាត់​ជា​មួយ​ភរិយា​របស់​គាត់​អស់​រយៈ​ពេល​៥​ឆ្នាំ នៅ​ក្នុង​រយៈ​ពេល​នោះ​ពួក​គេ​បាន​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​រហូត​ទាល់​តែ​រលាយ​ហិន​ហោច​អស់។ ពួក​គេ​ក៏​បោះ​បង់​បង​ស្រី​ខ្ញុំ​ចោល​នៅ​ឯ​ស្រុក​គេ​។

ប្រាំ​ឆ្នាំ​ក្រោយ​មក បង​ស្រីច្បង​​របស់​ខ្ញុំ​ក៏​ត្រឡប់​មក​រក​ខ្ញុំ​ ក្នុង​សម្លៀក​បំពាក់​ជា​អ្នក​សុំ​ទាន។ ខ្ញុំមើល​គាត់​ស្ទើរ​តែ​​មិន​ស្គាល់​ តែ​ពេល​នោះ​ខ្ញុំ​ក៏​និយាយ​ថា

“តើ​ហេតុ​អ្វី​ក៏​បង​ស្រី​ក្លាយ​ជា​បែប​នេះ​ទៅ​វិញ?”។

គាត់​ក៏​តប​ថា

“ប្អូន​ស្រី​អើយ ពាក្យ​សម្តី​មិន​អាច​កែ​អ្វី​ៗ​ឲ្យ​ត្រឡប់​ក្រោយ​វិញ​បាន​ទេ ព្រហ្មលិខិត​របស់​បង​ ព្រះ​បាន​កំណត់​រួច​ហើយ”។

 បន្ទាប់​មក​ខ្ញុំ​ក៏​ឲ្យ​គាត់​ទៅ​ងូត​ទឹក​ជម្រះ​កាយ​ចេញ រួច​ហើយ​ឲ្យ​គាត់​ស្លៀក​ពាក់​សម្លៀក​បំពាក់​របស់​ខ្ញុំ។ ខ្ញុំ​ក៏​រៀប​ចំ​ទឹក​ក្តៅ​សម្រាប់​គាត់ ព្រម​ទាំង​រៀប​ចំ​ស្រា​ល្អៗ​ជា​មួយ​ផង។

ខ្ញុំ​និយាយ​ប្រាប់​គាត់​ថា

“បងស្រី​អើយ បង​ជា​បង​គេ បង​តំណាង​ឲ្យ​ឪពុក​ម្តាយ​របស់​យើង​ មរតក​ដែល​ជា​ចំណែក​របស់​ខ្ញុំ​នោះ ព្រះ​ជា​ម្ចាស់​បាន​ជួយ​ឲ្យ​ចម្រើន​ឡើង ខ្ញុំ​ជួប​តែ​សំណាង​ល្អ ដូច្នេះ​ហើយ​ខ្ញុំ​រក​បាន​ប្រាក់​ជា​ច្រើន​ដោយ​គ្រាន់​តែ​ត្បាញ​សូត្រ​​លក់ ហើយ​ដូច្នេះ​ហើយ ខ្ញុំ​នឹង​ចែក​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ជា​មួយ​បង”។

ខ្ញុំ​បានធ្វើ​ល្អ​ដាក់​​​គាត់​ដោយ​អស់​ពី​ចិត្ត អស់​រយៈ​កាល​មួយ​ឆ្នាំ​ពេញ​ ដែល​នៅ​ពេល​នោះ​ពួក​យើង​បាន​នឹក​នា​ជា​ខ្លាំង​ដល់​បង​ស្រី​ទី​២។

តែ​បន្តិច​ក្រោយ​មក​ បងស្រី​ទី​២​របស់​ខ្ញុំ​ក៏​មក​ដល់​ផ្ទះ​របស់​ខ្ញុំ​ដែរ ហើយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​យ៉ាប់​យ៉ឺន​ជាង​បងស្រី​ច្បង​របស់​ខ្ញុំ​ទៅ​ទៀត។ ខ្ញុំ​ក៏​ខំ​ធ្វើ​ល្អ​ដាក់​គាត់​ បាន​ល្អ​ជាង​បងស្រី​ច្បង​របស់​ខ្ញុំ​ទៅ​ទៀត។ មួយ​រយៈ​ក្រោយ​មក​ពួក​គាត់​និយាយ​នឹង​ខ្ញុំ​ថា

“ប្អូន​ស្រី ពួក​បង​ចង់​រៀប​ការ​ម្តង​ទៀត ព្រោះ​ពួក​បង​មិន​អាច​រស់​នៅ​បាន​ដោយ​គ្មាន​ប្តី​ទេ ពួក​បង​ត្រូវ​ការ​ឲ្យ​ជីវិត​ម៉េម៉ាយ​របស់​បងមាន​ភាព​​​ត្រេក​ត្រអាល​ឡើង​វិញ​”។

ខ្ញុំ​ក៏​តប​ថា

“ឱ​បង​ស្រី​អើយ! រៀប​ការ​នោះ​មាន​អី​ល្អ​ទៅ​ សព្វ​ថ្ងៃ​នេះ​មិន​ងាយ​រក​ប្រុស​ល្អ​បាន​ទេ ហើយ​ខ្ញុំ​គ្មាន​ឃើញ​បាន​ប្រយោជន៍​អី​សោះ​ ដែល​ពួក​បង​​រៀប​ការ​ម្តង​ទៀត​នោះ ពួក​បង​ឃើញ​ហើយ ក្តី​វិនាស​ដែល​ពួក​បង​ធ្លាប់​ជួប​”។

តែ​ពួក​គាត់​មិន​ស្តាប់​តាម​យោបល់​របស់​ខ្ញុំ​ឡើយ ហើយ​ទៅ​រៀប​ការ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ខ្ញុំ​ឡើយ តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ក៏​ចែក​ទ្រព្យ​សម្បត្តិ​ខ្លះ​ឲ្យ​គាត់។ ពួក​គាត់​បន្ទាប់​ពី​រៀប​ការ​ហើយ​ក៏​ចាក​ចេញ​ទៅ​នៅ​ជា​មួយ​ប្តី​បាត់ទៅ។ មួយ​រយៈកាល​ក្រោយ​មក​ ប្តី​របស់​ពួក​គាត់​បាន​បោក​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់​អស់ រួច​រត់​ចោល​ពួក​គាត់​ទៅ។ ពួក​គាត់​ក៏​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ដូច​លើក​មុន។ ពួក​គាត់​និយាយ​សុំ​ទោស​ខ្ញុំ រួច​សុំ​ស្នាក់​នៅ​ជាមួយ​ខ្ញុំ។

ខ្ញុំ​ក៏​និយាយ​នឹង​គាត់​ថា

“សូមស្វាគមន៍​បងស្រី គ្មាន​អ្វី​ដែល​មាន​សារសំខាន់ដល់​ខ្ញុំ​ដូច​បង​ស្រី​ទេ”។

ពួក​យើង​បាន​រស់​ជា​មួយ​គ្នា​ដោយ​មាន​សេចក្តី​សុខ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ។ នៅ​ពេល​នោះ ខ្ញុំ​ត្រូវ​ចេញ​ទៅ​ជួញ​នៅ​ក្រុង​បាសូរ៉ា ខ្ញុំ​ក៏​រៀប​ចំ​ផ្ទុក​ទំនិញ​របស់​ខ្ញុំ​ក្នុង​សំពៅ​ដ៏​ធំ​មួយ។

ខ្ញុំ​និយាយនឹង​បងស្រី​របស់​ខ្ញុំ​ថា

“តើ​បង​ស្រី​អាច​នៅ​យាម​ផ្ទះ​ពេល​ខ្ញុំ​មិន​នៅ​បាន​ទេ ឬ​មួយ​ក៏​បង​ស្រី​ចង់​ទៅ​ជា​មួយ​ខ្ញុំ​ដែរ?”។

ពួក​គាត់​ក៏​តប​ថា

“បង​ចង់​ធ្វើ​ដំណើរ​ជាមួយ​ប្អូន”។

ដូច្នេះ​ខ្ញុំ​ក៏​ចែក​ទ្រព្យ​របស់​ខ្ញុំ​ជា​២​ចំណែក មួយ​ចំណែក​សម្រាប់​យក​តាម​ខ្លួន និង​ មួយ​ចំណែក​ទៀត​ផ្ញើ​ទុក​នឹង​អ្នក​ដែល​គួរ​ទុក​ចិត្ត ព្រោះ​ខ្ញុំ​យល់​ថា “បើ​មាន​ឧប្បត្តិហេតុ​អ្វី​មួយ​កើត​មាន​ដល់​សំពៅ​របស់​ខ្ញុំ ហើយ​បើ​ខ្ញុំ​នៅ​រស់ ក៏​គង់​សល់​ទ្រព្យ​នេះ​ខ្លះ​ដែរ”​។ ខ្ញុំ​ក៏​យក​បងស្រី​របស់​ខ្ញុំ​ទៅ​ជា​មួយ រួច​យើង​ចេញ​ដំណើរ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុន្មាន​យប់ តែ​ពេល​នោះ​នាយ​សំពៅ មិន​ប្រុង​ប្រយត្ន​ ក៏​បើក​សំពៅ​ខុស​ទិស​ដៅ។

ខ្យល់​បាន​ជួយ​បក់​រុញ​សំពៅ​របស់​យើង​ដែល​ធ្វើ​ដំណើរ​វង្វេងមិន​ដឹង​ទិស​តំបន់​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ បន្ទាប់​មក​នាយ​សំពៅ​ក៏​ស្រែក​ថា

“ដំណឹង​ល្អ! ពួក​យើង​ប្រាកដ​ជាមក​ដល់​ទីក្រុង​ហើយ ព្រោះ​មាន​ឃើញ​ព្រាប​ហើរ”។

ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​មក ពួក​យើង​ក៏​មើល​ឃើញ​ទីក្រុង​មួយ ខ្ញុំ​ក៏​សួរ​ទៅ​នាយ​សំពៅ​ថា

“តើ​លោក​ស្គាល់​ទី​ក្រុង​នេះ​ទេ?”។

គាត់​ក៏​តប​ថា

“ព្រះ​ជា​ម្ចាស់​អើយ តាំង​ពី​កើត​មក​ខ្ញុំ​មិន​ដែល​ឃើញ​ទីក្រុង​នេះ​ទេ ហើយ​ខ្ញុំ​មិន​ដែល​បើក​សំពៅ​តាម​សមុទ្រ​នេះ​ដែរ។ តែ​​បាន​ជា​មក​ដល់​ទី​នេះ​ហើយ នាង​គួរ​តែ​យក​ទំនិញ​ទៅ​លក់​ទី​ក្រុង​នេះ​សាក​មើល​ទៅ។ បើ​បាន​ចំណេញ នាងយក​ទី​នេះ​ធ្វើ​ជា​ផ្សារ​របស់​នាង​ទៅ។ តែ​បើ​លក់​មិន​ចំណេញ​ទេ ក៏​យើង​គួរ​សម្រាក​នៅ​ទី​នេះ​ឲ្យ​២​ថ្ងៃ​សិន​ដែរ មុន​នឹង​បន្ត​ដំណើរ​ទៅមុខ​ទៀត”។

 ពួក​យើង​ក៏​ចូល​សំចត​នៅ​ផែ​នោះ។ នាយ​សំពៅ​ក៏​ចូល​ទៅ​ទីក្រុង​នោះ ហើយ​បាត់​មុខ​ក្នុង​ក្រុង​នោះ​មួយ​រយៈ ក្រោយ​មក​គាត់​ត្រឡប់​មក​វិញ រួច​និយាយទាំង​ត្រហេប​ត្រហប​​ថា

“ពួក​អ្នក​ទាំង​អស់​គ្នា​​ចុះ​ពី​សំពៅ​មក ទៅ​មើល​ទីក្រុង​នេះ​បន្តិច មាន​ស្អី​គេ​ចម្លែក​ៗ​ណាស់!”។

ដូច្នេះ​ពួក​យើង​ក៏​ចុះ​ពី​សំពៅ​ចូល​ទៅ​ទី​ក្រុង​នោះ យើង​ឃើញ​អ្នក​យាម​ទ្វារ​កាន់​ដំបងនៅ​នឹង​ដៃ តែ​ពេល​ដែល​យើង​ដើរ​ទៅ​ជិត ស្រាប់​តែ​អ្នក​យាម​នោះ​ជា​ថ្ម​សោះ។ បន្ទាប់​មក​ពួក​យើង​ក៏​បាន​ចូល​ទៅ​ដល់​ក្នុង​ទី​ក្រុង​នោះ ក៏​ឃើញ​មនុស្ស​​នៅ​ក្នុង​ក្រុង​នេះ​សុទ្ធ​តែក្លាយ​​ជា​ថ្មខ្មៅ​ទាំងអស់។ ទីក្រុង​ទាំង​មូល​ស្ងាត់​ជ្រងំ។ ពួក​យើង​ងឿង​ឆ្ងល់​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ទំនិញ​ និង​មាស​ ប្រាក់ នៅ​តាម​​កន្លែងរបស់​វា ​ចោលគ្មាន​ម្ចាស់។​

លេខ៩២ មួយពាន់មួយយប់ លេខ៩៤
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s