មួយ​ពាន់​មួយ​យប់​(៩១)


លេខ៩០ មួយពាន់មួយយប់ លេខ៩២

.

នៅ​ស្អែក​ឡើង​ ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទី​២។ បន្ទប់​នោះ​ធំ​ល្វឹង​ល្វើយ មាន​ដើម​ត្នោត​ធំ​ៗ មាន​ទឹក​ហូរ​ធ្លាក់ មាន​ដើម​ផ្កា​ម្លិះ នារតី ​រំយោល កុលាប លីលី រំចង់ មាន​ក្លិន​ក្រអូប​សព្វ​សាយ។ បន្ទាប់​ពី​សម្រាក​នៅ​ទី​នោះ​មួយ​ស្របក់​ខ្ញុំ​ក៏​ចេញ​ពី​បន្ទប់​នោះ ហើយ​ចាក់​សោរ​វា​ដូច​ដើម។

ខ្ញុំ​បើក​ទ្វារ​បន្ទប់​ទី​៣។ បន្ទប់​នេះ​ធំ​ល្វឹង​ល្វើយ តុប​តែង​លម្អ​ដោយ​ថ្ម​ម៉ាប និង​ថ្ម​មាន​តម្លៃ​ផ្សេង​ទៀត មាន​តាំង​ទ្រុង​សត្វ​បក្សី​ មាន​ទាំង​ឥន្ទ្រី និង​បក្សី​គ្រប់​ប្រភេទ ដែល​ស្រែក​ច្រៀង​អឺង​កង​។ ខ្ញុំ​សប្បាយ​រីករាយ​ជា​ខ្លាំង។ ខ្ញុំ​ក៏​ដេក​នៅ​ទី​នោះ​ទាល់​តែ​ព្រលប់។

បន្ទាប់​មក​ខ្ញុំ​បើក​បន្ទប់​ទី​៤។ នៅ​ទី​នោះ​​ជា​បន្ទប់​ធំ​មួយ មាន​កូន​បន្ទប់​តូច​ៗ​ចំនួន​៤០​ទៀត​នៅ​ក្នុង​នោះ។ ទ្វារ​បន្ទប់​អស់​នោះ​សុទ្ធ​តែ​ចំហ​ទាំងអស់ ដូច្នេះ​ខ្ញុំ​ក៏​ចូល​ទៅ​មើល​បន្ទប់​និមួយៗ ឃើញ​សុទ្ធ​តែ​ គ្រាប់​ត្បូង គ្រាប់​ពេជ្រ គ្រាប់​គុជ និង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត ដែល​មិន​អាច​នឹង​រៀង​រាប់​អស់។

ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា

“វត្ថុ​អស់​នេះ មាន​តែ​ស្តេច​ដែល​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​ប៉ុណ្ណោះ​ដែល​អាច​ប្រមូល​មក​ដាក់​គរ​គ្នា​យ៉ាង​ច្រើន​បែប​នេះ!”។

 ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា

“អញ​ឥលូវ​ជា​ស្តេច​ដែល​មាន​បំផុត​នៅ​សម័យ​នេះ ព្រោះ​ទ្រព្យ​សម្បត្តិ​អស់​នេះ​ជា​របស់​អញ ហើយ​អញ​មាន​ស្រី​៤០​នាក់​ក្នុង​ដៃ​អញ​ទៀត គ្មាន​នរណា​ជា​ម្ចាស់​វត្ថុ​អស់​នេះ​ទេ​ក្រៅ​ពី​អញ​ម្នាក់”។

បន្ទាប់​មក​ខ្ញុំ​ចូល​បន្ទប់​មួយ​ហើយ​បន្ទប់​មួយ​ទៀត​ រហូត​អស់​កាល​កន្លង​ទៅ​បាន​៣៩​ថ្ងៃ។ ខ្ញុំ​បាន​ចូល​គ្រប់​បន្ទប់​ទាំងអស់ លើក​លែង​តែ​បន្ទប់​ទី​៤០ ដែល​ពួក​នាង​ហាម​ឃាត់​ខ្ញុំ​មិន​ឲ្យ​ចូល។ ប៉ុន្តែ​អ្នក​ស្រី​អើយ ចិត្ត​របស់​ខ្ញុំ​​នៅ​តែ​នឹង​អ្វី​ដែល​គេ​ហាម​ឃាត់នោះ ហើយ​គំនិត​អាក្រក់​បាន​មក​បង្ខំ​ខ្ញុំ​ឲ្យ​​រំលោភ​បំពាន​ពាក្យ​សន្យា។

ខ្ញុំ​ក៏​ដើរ​សំដៅ​ទៅ​បន្ទប់​ទី​៤០ នោះ ឈរ​មុខ​នោះ​មួយ​ស្របក់ ទើប​ដាច់​ចិត្ត​បើក​ទ្វារ​ចូល​បន្ទប់​នោះ។ នៅ​ទី​នោះ​ខ្ញុំ​ធំ​ក្លិន​អ្វី​ម្យ៉ាង​ដែល​មិន​ធ្លាប់​ស្រង់​ពី​មុន​មក មាន​ក្លិន​មុត រហូត​ធ្វើ​ឲ្យ​ខ្ញុំមាន​អារម្មណ៍​ដូច​ជា​ស្រវឹង​ស្រា​ហើយ​​ដួល​សន្លប់​នៅ​ទី​នោះ។

 នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ខ្លួន​វិញ ខ្ញុំ​ដើរ​ទៅ​មុខ​ទៀត​ក៏​ចូល​ដល់​បន្ទប់​មួយ ដែល​បំភ្លឺ​ដោយ​ចង្កៀង​មាស​ អម​ដោយ​គ្រឿង​ក្រអូប​ដុត​លាយ​ជា​មួយ​ផង។ នៅ​ទី​នោះ​ខ្ញុំ​ឃើញ​ជើង​ពាន​សម្រាប់​ដុត​ធូប​ធំ​២ មាន​ជើង​ធូប​ពេញ។ នៅ​ពេល​នោះ អ្នក​ស្រី​អើយ ខ្ញុំ​ក្រឡេក​ឃើញ​​សេះ​ខ្មៅ​មួយ កំពុង​តែ​ឈរ​ មាន​ដាក់​កែប​លើ​ខ្នង​វា​ស្រាប់​ហើយ​មាន​ មាន​បង្ហៀរ​មាស​ រួច​ចង​ទុក​នៅ​នឹង​​ស្នូក​ដាក់​ចំណី​២​ មួយ​ធ្វើ​អំពី​ថ្មកែវ​ថ្លា​យង់ មានគ្រាប់​សណ្តែក​ពេញ និង​មួយ​ទៀត​ក៏​ធ្វើ​អំពី​ថ្ម​កែវ​ដែរ តែ​មាន​ទឹក​ពេញ។ ពេល​ខ្ញុំ​ឃើញ​សេះ​នោះ ខ្ញុំ​ឆ្ងល់​ណាស់​ក៏​គិត​ថា

“គួរ​ឲ្យ​ឆ្ងល់​ណាស់​ សេះនេះ​ច្បាស់​ជា​មាន​អ្វី​មួយ​ប្លែក​អស្ចារ្យ​ហើយ”។

ដូច្នេះ​ខ្ញុំ​ក៏​ដឹក​វា​ចេញ​ក្រៅ ដើម្បី​​ឡើង​ជិះ​លើ​វា តែ​មិនព្រម​កម្រើក​សោះ។​ ខ្ញុំ​ក៏​យក​កែង​ជើង​របស់​ខ្ញុំ​គោះ​ចំហៀង​ខ្លួន​វា​ តែ​វា​នៅ​តែ​មិន​កម្រើក។ ខ្ញុំ​ក៏​យក​រំពាត់​មក​វាយ​វា។ នៅ​ពេល​នោះ​វា​ក៏​ស្រែក​កញ្ជៀវ​លាន់​ឮ​ដូច​ផ្គរ ហើយ​ក៏​បើក​ស្លាប​២​សង្ខាង ហោះ​ឡើង​ជា​មួយ​ខ្ញុំ​ឡើង​លើ​ ខ្ពស់​កប់​ពពក។ បន្ទាប់​ពី​ហោះ​បាន​ប្រហែល​ជា​មួយ​ម៉ោង​មក វា​ក៏​បន្ទាប​ខ្លួន​ចុះ​មក​ដី​វិញ រួច​តម្រង់​មក​លើ​ដំបូល​ផ្ទះ​មួយ រួច​វា​កម្រើក​ខ្នង​របស់​វា​ដើម្បី​ទម្លាក់​ខ្ញុំ​ចុះ​មក​ដី វា​វាត់​កន្ទុយ​របស់​វា​ចំ​មុខ​របស់​ខ្ញុំ ត្រូវ​ភ្នែក​ខ្ញុំ​ខ្វាក់​ម្ខាង​នៅ​ពេល​នោះ​ទៅ។ រួច​វា​ក៏​ហោះ​បាត់​ទៅ។ ខ្ញុំ​ក៏​ធ្លាក់​មក​លើ​ដំបូល​ផ្ទះ​នោះ។ 

ពេល​ខ្ញុំ​ចុះ​មក​ដី​ ក៏​ជួប​នឹង​បុរស​​ខ្វាក់​ភ្នែក​ទាំង​១០​នាក់​នោះ កំពុង​តែ​អង្គុយ​លើ​គ្រែ​កម្រាល​ខៀវ​របស់​ពួក​គេ។ ពួក​គេ​ក៏​ស្រែក​ឡើង​ពេល​ឃើញ​ខ្ញុំ

“យើង​មិន​ស្វាគមន៍​ឯង​ទេ! ឯង​គ្មាន​អ្វី​ពិសេស​គួរ​ឲ្យ​ពួក​យើង​ស្វាគមន៍​ទេ! ពួក​យើង​សុទ្ធ​តែ​ធ្លាប់​បាន​រស់​ដោយ​ជីវិត​ដ៏​រីករាយ យើង​បាន​ស៊ី​ដេក​យ៉ាង​សប្បាយ​ ជា​មួយ​ស្រី​ស្អាត តែ​យើង​នៅ​តែ​មិន​អាច​រង់​ចាំ​​សូម្បី​តែ​មួយ​ថ្ងៃ​ ​ដើម្បី​នឹង​សប្បាយ​ម្តង​ទៀត​ពេញ​មួយ​ឆ្នាំ”​។

នៅ​ពេល​នោះ​ខ្ញុំ​តប​ថា

“ពេល​នេះ​ខ្ញុំ​ដូច​អ្នក​ទាំង​អស់​គ្នា​ហើយ ហើយឥលូវ​នេះ​សូម​អ្នក​ឲ្យ​ផេះ​ខ្ញុំ​មួយ​ចាន​មក​ អាល​នឹង​យក​មក​លាប​មុខមាត់​ដ៏​អាក្រក់​នេះ សូម​អ្នក​ទទួល​ខ្ញុំ​ឲ្យ​ចូល​ជា​មួយ​អ្នក​ផង​ទៅ​​”។

ពួក​គេ​ក៏​តប​ថា

“ទេ ឯង​មិន​អាច​ចូល​រួម​ជា​មួយ​យើង​បាន​ទេ ឥលូវ​ឯង​ចេញ​ទៅ!”។

ដូច្នេះ​ពួក​គេ​ក៏​ដេញ​ខ្ញុំ​ចេញ។ ដូច្នេះ​ខ្ញុំ​ក៏​ចេញ​ពី​ពួក​គេ ទាំង​ទុក្ខ​ក្រៀម​ក្រំ​និង​ទឹក​​ភ្នែក ហើយ​ទន្ទេញ​ពាក្យ​ដដែល​ៗ​ថា

“ខ្ញុំ​កំពុង​តែ​អង្គុយ​នៅស្ងៀម​សុខៗ តែ​ការ​ចចេស​ចង់​ដឹង​របស់​ខ្ញុំ​ ធ្វើ​​ឲ្យខ្ញុំ​មិន​បាន​សុខ”។

ដូច្នេះ​ខ្ញុំ​ក៏​កោរ​សក់​កោរ​ពុក​មាត់ ចិញ្ចើម ហើយ​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​រហូត​ដល់​ក្រុង​បាកដាត ដែល​ត្រូវ​ជា​ល្ងាច​នៃ​យប់​នេះ​តែ​ម្តង។ នៅ​ទី​នេះ ខ្ញុំ​បាន​ជួប​នឹង​អ្នក​បួស​២នាក់​នេះ ខ្ញុំ​ជម្រាប​សួរ​ពួក​គេ ដោយ​និយាយ​ថា

“ខ្ញុំ​ជា​អ្នក​ស្រុក​ក្រៅ!”

ហើយ​ពួក​គេ​ក៏​តប​ថា

“ពួក​យើង​ក៏​ជា​អ្នក​ស្រុក​ក្រៅ​ដូច​អ្នក​ដែរ!”។

ដោយ​ចៃ​ដន្យ​ពួក​យើង​សុទ្ធ​តែ​ខ្វាក់​ភ្នែក​ម្ខាង​ដូច​គ្នា។ នេះ​ហើយ​ជា​រឿង​រ៉ាវ​របស់​ខ្ញុំ​ ជា​មូល​ហេតុ​ដែល​ខ្ញុំ​កោរ​សក់ ពុកមាត់ ចិញ្ចើម និង​មូលហេតុ​ដែល​ខ្វាក់​ភ្នែក​បែប​នេះ។

ស្រី​ម្ចាស់​ផ្ទះ​ក៏​និយាយ​ថា

“អូស​ក្បាល​វា​ចេញ​ទៅ​!”

តែ​គាត់​តប​ថា

“អ្នក​ស្រី​អើយ​ សួម​អ្នក​ស្រី​ទុក​ឲ្យ​ខ្ញុំ​បាន​ស្តាប់​រឿង​របស់​ពួក​គេ​អស់​នេះ​សិន”។​

បន្ទាប់​មក​នាង​ម្ចាស់​ផ្ទះ​ក៏​បែរ​មុខ​ទៅ​រក ព្រះ​ចៅ​អធិរាជ និង ចាផារ និង ម៉ាស្រួរ ហើយ​និយាយ​នឹង​ពួក​គេ​ថា

“ពួក​ឯង​ក៏​ត្រូវ​ប្រាប់​ពី​រឿង​រ៉ាវ​របស់​ពួក​ឯង​ដែរ!”។

លេខ៩០ មួយពាន់មួយយប់ លេខ៩២
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s