មួយ​ពាន់​មួយ​យប់​(៩០)


លេខ៨៩ មួយពាន់មួយយប់ លេខ៩១

.

ខ្ញុំ​ឆ្ងល់ ហើយ​និយាយ​ថា

“តើ​មាន​រឿង​អី? ពួក​អ្នក​ធ្វើ​នេះ​ធ្វើ​ឲ្យ​បេះ​ដូង​ខ្ញុំគ្រាំ​គ្រា​ហើយ!”។

ពួក​នាង​ក៏​តប​ថា

“ពួក​យើង​មិន​គួរ​មក​ស្គាល់​អ្នក​សោះ ទោះ​បី​ជា​ពួក​យើង​ធ្លាប់​ធ្វើ​បែប​នេះ​ជា​មួយ​ប្រុស​ជា​ច្រើននាក់​ហើយ​ក៏​ដោយ គ្មាន​អ្នក​ណា​ដែល​អាច​ធ្វើ​ឲ្យ​ពួក​យើង​សប្បាយ​ចិត្ត​ដូច​លោក​ម្ចាស់​ទេ គ្មាន​អ្នក​ណា​ដែល​មាន​មន្ត​ស្នេហ៍​ដូច​លោក​ម្ចាស់​ទេ”។

ហើយ​ពួក​គេ​ក៏​យំ​បន្ត​ទៀត។ ខ្ញុំ​ក៏​សួរ​ថា

“ប៉ុន្តែ​ប្រាប់​ខ្ញុំ​មក​ ហេតុ​អី​បាន​ជា​ពួក​នាង​យំ?”។

ពួក​គេ​ក៏​តប​ថា

“លោក​ម្ចាស់​អើយ គឺ​ក្តី​ឈឺ​ចាប់​ដែល​ធ្វើ​ឲ្យ​ពួក​យើង​យំ ហើយ​គឺ​ លោក​ម្ចាស់​នេះ​ហើយ​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ពួក​យើង​ស្រក់​ទឹក​ភ្នែក។ បើ​លោក​ម្ចាស់​ ស្តាប់​តាម​​ពួក​យើង យើង​មិន​ចាំ​បាច់​ចាក​ចេញ​ទេ តែ​បើ​លោក​ម្ចាស់​មិន​ស្តាប់​តាម​ពួក​យើង​ទេ យើង​នឹង​ចាក​ចេញ​ទៅ​ជា​រៀង​រហូត។ ប៉ុន្តែ​បេះ​ដូង​របស់​យើង​បាន​ប្រាប់​ថា លោក​ម្ចាស់​នឹង​មិន​ស្តាប់​តាម​ពាក្យ​សម្តី​របស់​ពួក​យើង​ទេ ហើយ​នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​យើង​យំ”។

ខ្ញុំ​ក៏​សួរ​នាង​ថា

“ពួក​នាង​ប្រាប់​មក​មើល ស្តាប់​​ឬមិន​ស្តាប់​នោះ​រឿង​អី?”។

ពួក​នាង​ក៏​និយាយ​ថា

“លោក​ម្ចាស់​អើយ ដឹង​ទេ​ពួក​យើង​ជា​កូន​ស្រី​របស់​​ស្តេច​មួយ​អង្គ​ដែល​ធ្លាប់​រស់​នៅ​ទី​នេះអស់​កាល​ជា​ច្រើន​ឆ្នាំ។ ជា​រៀងរាល់​ឆ្នាំ ពួក​យើង​តែ​ង​តែ​ចេញ​ពី​ទី​នេះ​ចំនួន​៤០​ថ្ងៃ ហើយ​បន្ទាប់​មក​យើង​ត្រឡប់​មក​ទី​នេះ​វិញ ហើយ​ស្នាក់​នៅ​ទី​នេះក្នុង​កាល​នៅ​សល់​នៃ​ខែ​ទាំង​១២ ហើយ​យើង​កម្សាន្ត​នៅ​ទី​នេះ​ជា​រៀងរាល់​ថ្ងៃ​។ ឥលូវ​នេះ​ដល់​ពេល​ដែល​យើង​ត្រូវ​ចាក​ចេញ​​ទៅ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​យើង​ហើយ។ ពួក​យើង​ខ្លាច​ថា​ បន្ទាប់​ពី​ពួក​យើង​ចេញ​ទៅ​ លោក​ម្ចាស់​មិន​ស្តាប់​តាម​ពាក្យ​បណ្តាំ​របស់​ពួក​យើង។ នេះ​ជា​កូន​សោរ​ចូល​បន្ទប់​ទាំង​អស់​នៅ​ក្នុង​រាជវាំង​នេះ។ បន្ទប់​មាន​ទាំង​អស់​៤០ ហើយ​លោក​ម្ចាស់​អាច​ចូល​ទៅ​បន្ទប់​ណា​មួយ​ក៏​បាន​ក្នុង​ចំណោម​បន្ទប់​៣៩​ តែ​ប្រយត្ន​កុំ​បើក​បន្ទប់​ទី​៤០​ឲ្យ​សោះ បើ​លោក​ម្ចាស់​មិន​ចង់​ឃ្លាត​ពី​ពួក​យើង​​ជា​រៀង​រហូត​ទេ”។

ខ្ញុំ​ក៏​តប​ថា

“ខ្ញុំ​ធានា​ថា​នឹង​មិន​បើក​បន្ទប់​ទី​៤០​នោះ​ទេ បើ​វា​មាន​អាថ៌កំបាំង​ដែល​ធ្វើឲ្យ​ពួក​នាង​កើត​ទុក្ខ​នោះ”។

បន្ទាប់​មក​នាង​ម្នាក់​ក៏​មក​ឱប​ក​ខ្ញុំ​ ហើយ​យំ ហើយ​រៀបរាប់​​ថា​៖

បើ​ស្នេហ៍​អភ័ព្វប្រែ​ជួប​ជល់            ​បើ​សិន​អូន​យល់​សុខជា​ថ្មី

កម្ម​តាម​​ផ្តន្ទាប្រែ​​សួស្តី                  ​ទើប​អូន​អភ័យដល់​វាសនា។

ហើយ​ខ្ញុំ​ក៏​តបវិញ​ថា ៖

ពេល​​​ហៀប​លា​គ្នា​ទាំងអាល័យ      បេះដូងស្រស់​ស្រី​ពើត​ផ្សា​ឈឺ

ទឹក​ភ្នែក​អូន​ស្រក់ចាំង​ពន្លឺ             ចែង​ចាំងផ្លេក​ភ្លឺ​​ដូច​គ្រាប់​គុជ។

ទឹក​ភ្នែក​បងដូច​ក្រួស​ក្រហម         ផ្សំផ្គុំបូក​រួម​ព្រម​ទាំង​គុជនោះ

នា​មាត់​​ទន្លេ​កម្សត់ហួស                បត់​បែន​​ដូច​ពស់ជុំ​​កពៅ។

ពេល​ដែល​ខ្ញុំ​ឃើញ​ពួក​នាង​យំ ខ្ញុំ​និយាយ​ថា

” បង​សូម​យក​ព្រះ​ជា​សាក្សី បង​នឹង​មិន​បើក​បន្ទប់​នោះ​ទេ មិន​បើក​ជា​ដាច់​ខាត”

ហើយ​ខ្ញុំ​ក៏​និយាយ​លា​នាង។ បន្ទាប់​មក​ពួក​នាង​ក៏​ហោះ​ហើរ​ចាក​ចេញ​ទៅ​ដូច​ជា​បក្សី។ នៅ​រាត្រី​ទី​មួយ ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទី​មួយ ពេល​ចូល​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​បាន​ចូល​ទៅ​ដល់​ស្ថាន​សួគ៌។ វា​ជា​សួន​មួយ មាន​ដើម​ឈើ​ មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ពណ៌លឿង មាន​បក្សា​បក្សី​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា។ ខ្ញុំ​ដើរ​កាត់​ដើម​ឈើ​ទាំង​នោះ។ ខ្ញុំ​ស្រូប​យក​ក្លិន​ផ្កា​នៃ​ឈើ​អស់​នោះ។ ខ្ញុំ​សម្លឹង​ទៅ​ដើម​ប៉ោម​មួយ​ដែល​មាន​ផ្លែ​ពណ៌ក្រហម​ព្រឿងៗ ដែល​ដូច​ជា​​កំណាព្យ​មួយ​ពោល​ថា៖

គន់​មើល​ផ្លែ​ប៉ោម​មាន​ពណ៌ពីរ​       រលាយ​បន្ស៊ីបញ្ចូល​គ្នា

ដូច​ជា​ថ្ពាល់​នៃ​គូសង្សារ                សែន​ស្រស់​សោភាក្រហម​​លឿង។​

ហើយ​ខ្ញុំ​ ស្រង់​យកក្លិន​ក្រអូប សាយ​ចេញ​ពី​ដើម​ទន្លាប់​មួយដើម​ ដែល​ដូច​ជា​កំណាព្យមួយ​​គេ​និយាយ​ថា៖

ផ្លែ​ទន្លាប់​មាន​គ្រប់ក្តីរីករាយ​           ​នាំ​ក្តី​សប្បាយ​មនុស្ស​គ្រប់វ័យ​

បើ​អ្នក​ចង់​រក​ម្ចាស់​ក្សត្រី​                ទន្លាប់ល្អ​ក្រៃ​សមពិសេស។

ឲ្យ​គុណ​ល្អ​ដូចពោធិ៍សាត់​ក្រូច       ក្លិន​ក្រអូបដូច​​ផ្កាក្រពុំ

មាន​ពណ៌ល្អដូច​មាស​លឿង​ទុំ​​       មាន​រាង​មូល​ក្លំ​ដូច​ព្រះចន្ទ។

បន្ទាប់​មក​ខ្ញុំ​សម្លឹង​មើល​ទៅ​ដើម​ភៀរ ដែល​មានផ្លែ​ក្រអូប​ឈ្ងុយ សម​នឹង​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់ និង ដើម​ អាព្រីកូត៍ ដែល​មាន​សម្រស់​គួរ​ឲ្យ​ទាក់​ភ្នែក ដូច​ជា​ត្បូង​ទទឹម។ បន្ទាប់​មក​ខ្ញុំ​ក៏​ចេញ​ពី​បន្ទប់​នោះ​វិញ​រួច​ចាក់​សោរ​វា​វិញ​ដូច​ដើម។

លេខ៨៩ មួយពាន់មួយយប់ លេខ៩១
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s