ខ្លាំងហួស​បើ​គិត


កាលពី​ខែ​មុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កំពង់​ចាម ដើម្បី​ដើរ​លេង​ផង និង​ បើ់ក​ប្រាក់​ខែ​ផង។ នៅ​ពេល​ឆ្លង​សាឡាង​ព្រែក​ក្តាម ខ្ញុំ​ឃើញ​ស្រី​ពីរនាក់​ រូប​ល្អ​ប្រិម​ប្រិយ បី​ដូច​រូប​ចម្លាក់​ទេព​អប្សរ​នៅ​ប្រាសាទអង្គរ កំពុង​តែ​អង្គុយ​ជជែក​គ្នា​លេង​សប្បាយ​ សើច​ញញឹម​ញញែម​នៅ​ក្នុង​ឡាន​ទំនើប​មួយ ដែល​ឈប់​សំចត​នៅ​ក្បាល​សាឡាង។ ខ្ញុំ​ក៏​បាន​ដើរ​សសៀរ​ទៅ​ជិត​ឡាន​នោះ ទៅ​តាម​និស្ស័យ​របស់​មនុស្ស​មួយ​បែប ដែល​មាន​ភ្នែក​អាវ៉ាសែ​កែ​មិន​ឡើង។ គេ​ថា​ស្រី​ជា​បុប្ផា​ប្រកប​ដោយ​ពិសពុល​ ក៏​ប៉ុន្តែ​ស្រី​ជា​ទឹកកក​ម្យ៉ាង​សម្រាប់​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ប្រុស​ ត្រជាក់​ស្រួយស្រឹប មាន​កម្លាំង​កំហែង​ហ៊ាន​ពុះ​ពារ ឬ ក៏ធ្វើ​ឲ្យ​ជីវិត​ប្រុស​ស្រុត​កម្លាំងទាល់​តែ​បាក់​លោង…​ពុក​រលួយ… ស្មោគគ្រោក​ល្អក់​ខ្វល់​នៅ​ក្នុង​រណ្តៅ​ជីវិត បី​ដូច​ភក់​ជ្រាំ​នៅ​ក្នុង​ទ្រុង​ជ្រូក។ ចំពោះ​ខ្ញុំ ស្រី​គឺ​ជា​ទឹក​ឃ្មុំ​ផ្អែម​ត្រជាក់ មាន​គន្ធពិដោរ​ឈ្ងុយឈ្ងប់​តែ​ម្យ៉ាង​ប៉ុណ្ណោះ គ្មាន​ពិសពុល គ្មាន​ខ្មោច​សេះ​អីទេ… ដោយ​ហេតុ​ហ្នឹង​ហើយ ទើប​ខ្ញុំ​ចូល​ចិត្ត…ព្រោះ​ខ្ញុំ​ចូល​ចិត្ត​សប្បាយ…។ លុះ​ឃើញ​រូប​ខ្ញុំ​សសៀរ​ចូល​ជិតឡាន ទំនង​ដូច​ជា​ទៅ​ញ៉ែ នាង​ម្នាក់ក៏​ញាក់​ចិញ្ចើម​ព្រើត​ៗដាក់​គូកន​គេ រួច​ក៏​វាចា​ថា៖

យើង​មិន​ដឹង​ជា​យ៉ាង​ម៉េច​ បាន​ជា​ចេះ​តែ​មាន​រុយ​មក​រោម….

នាង​ម្នាក់​ទៀត​ញញឹម​ញញែម ចោល​កន្ទុយ​ភ្នែក​សម្លក់​សម្លឹង​មើល​មក​ខ្ញុំ ប្រកប​ដោយ​កែវ​ភ្នែក​ថ្លាឆ្វង់​ដូច​ទឹក​ស្រះ​ស្ថាន​សួគ៌ា ទំនង​ជា​មាន​មនោសញ្ចេតនា​អ្វី​មួយ​មក​លើ​រូប​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​ស្រុត​ចិត្ត រីក​ថ្លើម​ប្រមាត់​ដូច​គ្រាប់​ជីរត្រូវ​ទឹក ហើយ​មាន​សេចក្តី​សង្ឃឹម​រវើរវាយ​មួយ​សន្ទុះ។

រំពេច​នោះ​ នាង​ស្រស់​ស្រី​ប្រកប​ដោយមន្ត​​ស្នេហ៍​នោះ ក៏​មាន​វាចា​ថា៖

-ខ្លួន​ថា​រុយ​អញ្ចឹង​ ដូច​ជា​មិន​សម​សោះ​។ បើ​ថា​សត្វ​កន្លង់ ប្រហែល​ជា​សម​ជាង ព្រោះ​កន្លង់​ចូល​ចិត្ត​ផ្កា…

– បើ​តាម​គ្នា លោក​បង​ហ្នឹង​ ប្រដូច​ទៅ​កន្លង់​ដូច​គេ​ឯង​មិន​បាន​ទេ។​ បើ​ថា​រុយ​ប្រហែល​ជា​សម​ជាង!

-ម៉េច​បាន​ជា​ខ្លួន​ថា​គាត់​ហ្នឹង​ជា​រុយ​ទៅ​វិញ? បើ​គាត់​ហ្នឹង​ជា​រុយ…​មាន​តែ​យើង​ជា​អាច់[1]! ព្រោះ​រុយ​រោម​អាច់ កន្លង់​រោម​ផ្កា!។

ពោល​ដល់​ត្រឹម​ហ្នឹង​ នាង​ទាំង​ពីរ​ក៏​នាំ​គ្នា​សើច​​កាច់ក​កាច់​ស្រង្គ រួច​នាង​ទី​មួយ​លូក​ដៃ​ក្តិច​ភ្លៅ​នាង​ស្រី​ស្រស់​ជា​ពួក​ម៉ាក​គេ ហើយ​មាន​វាចារ​ខ្លាំងៗ​ថា៖

– ខ្លួន​និយាយ​អញ្ចឹង​ត្រូវ​ម៉ាច់!។ បើ​ថា​គេ​ជា​រុយ មាន​តែ​យើង​ជា​អាច់! ព្រោះ​គេ​រោម​យើង។ គំនិត​គ្នា​ មិន​ចង់​និយាយ​ថា​ឲ្យ​គេ​អញ្ចឹង​ទេ…​ចង់​ថា​កន្លង់​ដែរ…ក៏​ប៉ុន្តែ​ឲ្យ​ថា​កន្លង់​ម៉េច​នឹង​កើត បើ​មាន​ប្រលាក់​អាច់​អញ្ចឹង!។ ធម្មតា​សត្វ​កន្លង់​​ពុំ​ដែល​ទៅ​រោម​អាច់ ឬ​ចូល​ទៅ​ជិត​អាច់​ទេ។ បើ​កន្លង់​និង​អាច់​មិន​ត្រូវ​គ្នា ម៉េច​បាន​ជា​កន្លង់​ហ្នឹង​មាន​ប្រលាក់អាច់​អញ្ចឹង?។ គ្នា​ដូច​ជា​ឆ្ងល់​ណាស់!។ មាន​តែ​រុយ​ទេ​ដែល​ប្រលាក់​អាច់!។ បើ​គេ​ថា​គាត់​ហ្នឹង​ជា​សត្វ​រុយ វា​នាំ​ឲ្យ​ស្រោច​គល់ឯង…​ស្តោះ​ទឹក​មាត់​ដាក់​លើ​ទ្រូង​ឯង… ព្រោះ​រុយ​ហ្នឹង​ក៏​មក​តាម​រោម​យើង​ដែរ…

និយាយ​ដល់​ត្រឹម​ហ្នឹង សាឡាង​ក៏​មក​ដល់​ត្រើយ​ម្ខាង​ល្មម ហើយ​ឡាន​នាង​កញ្ញា​ទេព​អប្សរ​ក៏​លូន​ឡើងទៅ​​លើ​គោក​បាត់​ភ្លាម ទុក​ឲ្យ​ខ្ញុំ​ឈរ​ទ្រឹង​ភាន់​ភាំង​ក្នុង​ចិត្ត ភាន់​ភាំង​ដោយ​មិន​ដឹង​ថា​សម្តី​នាង​កញ្ញា​ទាំង​ពីរ​ចង់​និយាយ​សំដៅ​ទៅ​លើ​អ្វី។ ខ្ញុំ​ដើរ​ទ្រើកៗ ដោយ​រវើរវាយ សំដៅ​ទៅ​លើ​គោក សតិ​ស្មារតី​គ្មាន​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ទាំងអស់ ក្បាល​ពោរពេញ​ទៅ​ដោយ​គំនិត​មួយ​ម៉ឺន​ជំពូក…ស្រាប់​តែ​មាន​ដៃ​មួយ​មក​កេះ​ខ្នង​ខ្ញុំ ហើយ​សំឡេង​មួយ​ក៏​បន្លឺ​ឡើង​ថា “លោក​ប្អូន!​ស្មាអាវ​លោក​ប្អូន​ឯង​ប្រឡាក់​សុទ្ធ​តែ​អាច់…!”។ សម្តី​នេះ​បាន​កន្ត្រាក់​ស្មារតី​ខ្ញុំយ៉ាង​​ខ្លាំង ខ្លាំង​នោះ​ហៅ​មហា​ខ្លាំងក្រៃលែង…​ខ្លាំង​ទាល់​តែ​ខ្ញុំ​ហួស​បើ​គិត..​ព្រោះ​អ្វី…​ព្រោះ​ស្រី​ទេព​អប្សរ​ទាំង​ពីរ​នាក់​នោះ​​ដាក់​ផ្លែ​ផ្កា​ឲ្យ​ខ្ញុំ…​ព្រោះ​គេ​ដាក់​ផ្លែផ្កា​ឲ្យ​ខ្ញុំ…​ព្រោះ​ខ្ញុំ​ស្នេហ៍​រូប​គេ…​ឬ​មួយ​ព្រោះ​សត្វ​ជុះ​អាច់​ដាក់​លើ​អាវ​ខ្ញុំ?!!!

នគរ​ធំ ២៤ កុម្ភៈ ១៩៧០

 

 


[1] សរសេរ​តាម​អក្ខរាវិរុទ្ធ​ទូទៅ គឺ​អាចម៍។ តែ​អ្នក​និពន្ធ​ចង់​បង្ហាញ​គំនិត​ផ្តេសផ្តាស​ រវើរវាយ ឬ​បង្កប់​ន័យ​អ្វី​មួយ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s