បញ្ចតន្ត្រ(៩)


លេខមុន បញ្ចតន្ត្រ លេខបន្ទាប់

.

រឿង​ មូស​ និង ចៃ

ក្នុង​ប្រទេស​មួយ មាន​ស្តេច​មួយ​អង្គ​ដែល​មាន​ក្រឡាបន្ទុំ ​តុប​តែង​បាន​យ៉ាង​ស្អាត។ គ្រែ​ដេកដណ្តប់​ដោយ​ភួយធ្វើ​អំពី​ក្រណាត់​​សូត្រ​ពណ៌សដ៏​មាន​តម្លៃ ហើយ​នៅ​ក្នុង​ផ្នត់​ភួយ​​នោះ មាន​ចៃ​ញីសមួយ​ក្បាល​ ដែល​មាន​ឈ្មោះ​ថា មន្ទវិសរបិនី ​រស់​នៅ។ វា​អស្រ័យ​ដោយ​​បឺត​ឈាម​ស្តេច​ រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ។

មាន​ថ្ងៃ​មួយ មាន​មូស​មួយ​ក្បាល​ ឈ្មោះ អញីមុខៈ បាន​ហើរ​ចូល​ម​ក​ក្នុង​បន្ទប់​នោះ។​ នៅ​ពេល​ដែល​ចៃ​នោះ​ឃើញ​មូស​ហើរ​ចូល​មក វា​ក៏​ស្រែក​ថា

“អញីមុខៈ! ហែង​មកធ្វើ​អី​នៅ​ទី​នេះ? ចេញ​ទៅ​វិញ​ភ្លាម!”

 “អ្នក​ស្រី” មូស​តប “នេះ​មិន​មែន​ជា​របៀប​និយាយ​នឹង​ភ្ញៀវ​នោះ​ទេ បើ​ទោះ​ជា​ភ្ញៀវ​នោះ​គ្មាន​អ្វី​ល្អ​ត្រង់​ណា​សោះ​ក៏​ដោយ។ ស្ត្រី​មេផ្ទះ ត្រូវ​ចេះ​រាក់ទាក់​ភ្ញៀវ​ទោះ​បី​ភ្ញៀវ​នោះ​មានឋានៈ​តូច​ទាប​យ៉ាង​ម៉េច​ក៏​ដោយ។ នាង​គួរ​និយាយ​ថា -​សូម​ស្វាគមន៍! សូម​អញ្ជើញ​អង្គុយ! អ្នក​មិន​បានមក​​លេងខ្ញុំ​ច្រើន​ថ្ងៃ​ហើយ។ មាន​អី​ប្លែក​ទេ ប្រាប់​​ខ្ញុំ​ផង? អ្នក​ដូច​ជា​ស្គម។ អ្នក​មិន​អី​ទេ? ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​អ្នក​ថ្ងៃ​នេះ!- ហើយ​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ធ្លាប់​ភ្លក់​រសជាតិ​ឈាម​ច្រើន​ប្រភេទ​ណាស់ តែ​ខ្ញុំ​មិន​ធ្លាប់​សាក​ឈាម​ស្តេច​សោះ។ ខ្ញុំ​ជឿ​ថា​វា​ច្បាស់​ជា​ឆ្ងាញ់​ពិសេស​មិន​ខាន ព្រោះ​ស្តេច​សោយ​សុទ្ធ​តែ​ម្ហូប​ឆ្ងាញ់ៗ។ ឥលូវ​នេះ បើ​អ្នក​ស្រី​អនុញ្ញាត ខ្ញុំ​ចង់​ភ្លក់​រសជាតិ​ឈាម​ស្តេច​ណាស់។ ខ្ញុំ​មក​ផ្ទះ​អ្នក​ស្រី​ទាំង​ស្រេក​ឃ្លាន។ មន្ទវិសរបិនី វា​គ្មាន​តម្លៃ​អ្វី​ទេ​ បើ​អ្នក​ស្រី​សប្បាយ​នឹង​ឈាម​ព្រះរាជា​តែ​ម្នាក់​ឯង! សូម​ចែក​រំលែក​ខ្លះ​មក​ខ្ញុំ​ផង។”

“ប៉ុន្តែ អញីមុខៈ” ចៃ​តប “អញ​អាច​បឺត​ឈាម​ស្តេច​បាន តែ​ពេល​ដែល​ស្តេច​ដេក​លក់​ប៉ុណ្ណោះ ប៉ុន្តែ​ឯង​វិញ មាត់​ឯង​ស្រួច​ដូច​ម្ជុល។ តែ​បើ​ឯង​សន្យា​ថា​ចាំ​ស្តេច​ដេក​លក់​សិន​ ចាំ​បឺត​ឈាម​គាត់ ទើប​អញ​ព្រម​ឲ្យ​ឯង​ផឹក​ឈាម​របស់​គាត់”។

“ខ្ញុំ​សូម​សន្យា!” មូស​តប “ខ្ញុំ​ព្រម​ទាំង​សូម​ស្បថ​ថា​ចាំ​ដល់​ពេល​អ្នក​ស្រី​បឺត​ឈាម​ស្តេច រួច​ហើយ ទើប​ខ្ញុំ​បឺត​តាម​ក្រោយ”។

នៅ​ពេល​ ​ដែល​ពួក​គេ​កំពុង​តែ​ជជែក​គ្នា ស្តេច​ក៏​យាង​ចូល​មក​ដល់ ហើយ​ប្រាស​ដេក​លើ​គ្រែ។  មូស​ក៏​ចាប់​បឺត​ឈាម​ស្តេច​ភ្លាម​ដោយ​មិន​ចាំ​ដល់​ស្តេច​សម្រាន្ត​លក់​ទាន់។ ដូច​គេ​និយាយ​ថា

៤៣) គេ​មិន​អាច​កែ​ចរឹក​មនុស្ស​ម្នាក់​បាន​ដោយ​ការ​ប្រៀន​ប្រដៅ​នោះ​ទេ សូម្បី​ទឹក​ក្តៅ​ក៏​គង់​តែ​ត្រជាក់​បាន។​

 
មូស​ខាំ​ស្តេច​ ដូច​ម្ជុល​ចាក់។ ស្តេច​ភ្ញាក់ ក៏​ស្រែក​ហៅ​បម្រើ

“ហេ! មាន​ស្អី​ខាំ​អញ! មើល​មើ ក្រែង​លោ​មានមូសឬ​ចៃ​សង្កើច​ស្អី​លើ​គ្រែ​របស់​អញ!”

នៅ​ពេល​ដែល​មូស​ឮ​បែប​នេះ វា​ក៏​លាក់​ខ្លួន​បាត់​ទៅ។ បម្រើ​ក៏​មក​ដល់ ហើយ​ពិនិត្យ​ពិច័យ​បាន​យ៉ាង​ល្អិត​ល្អន់ ក៏​ឃើញ​មាន​ចៃ​មួយ​ក្បាល​នៅ​លើ​ចន្លោះ​ភួយ រួច​ក៏​សម្លាប់​ចៃ​នោះ​ចោល​ទៅ។

“​ហើយ​ដូច្នេះ​ហើយ” ទម្នកៈ​បន្ត “​បាន​ជា​ខ្ញុំ​និយាយ​ថា កុំ​សេពគប់​នឹង​មនុស្ស​ដែល​យើង​មិន​ស្គាល់​ឥរិយា។ តាម​ពិត​មូស​អ្នក​ខុស តែ​គេ​បែរ​ជា​សម្លាប់​ចៃ​ទៅ​វិញ។ ខ្លះ​ទៀត​គេ​និយាយ​ថា អ្នក​ដែល​ទុក​ចិត្ត​លើ​អ្នក​ក្រៅ នឹង​ស្លាប់​ដូច​ស្តេច​កុកុទ្រុមៈ”។

“​រឿង​នោះ​យ៉ាង​ម៉េច​ខ្លះ?” ពិន្គលកៈ​សួរ។

ទម្នកៈ​ក៏​និទាន​រឿង​ ចចក​ធ្លាក់​ចូល​ធុង​ល័ខ។ ​

លេខមុន បញ្ចតន្ត្រ លេខបន្ទាប់
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s