បញ្ចតន្រ្ត​(៨)


លេខមុន បញ្ចតន្ត្រ លេខបន្ទាប់

.

រឿង តោ និង​ ទន្សាយ

នៅ​ក្នុង​ព្រៃ​មួយ​ មាន​តោ​មួយ​ក្បាល​ឈ្មោះ ភាសុរកៈ។ វា​ជា​តោ​ដែល​មាន​អំណាច​ខ្លាំង​ក្លា ហើយសម្លាប់​រង្គាល​សត្វ​ផ្សេង​ទៀត​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត។

ថ្ងៃ​មួយ ពួក​ថនិកសត្វ​ទាំងអស់ មាន​ទាំង​ខ្លា​ឃ្មុំ​ ជ្រូក​ព្រៃ ក្របី ទន្សាយ និង​សត្វ​ឯ​ទៀត បាន​នាំ​គ្នា​ទៅ​ជួប​នឹង​តោ ហើយ​និយាយ​ថា

“លោក​ម្ចាស់ ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​សម្លាប់​ពួក​យើង​ខ្ញុំ​​មួយ​ថ្ងៃៗយ៉ាង​​ច្រើន​ដោយ​ឥត​ប្រយោជន៍ បែប​នេះ។ សត្វ​តែ​មួយ​ក្បាល​អាច​ធ្វើ​ឲ្យ​លោក​ម្ចាស់​ឆ្អែត​គ្រប់​គ្រាន់​ហើយ​សម្រាប់​មួយ​ថ្ងៃ។ សូម​លោក​ម្ចាស់​យោគយល់​ដល់​ពួក​យើង​ខ្ញុំ​ផង។ ​ពី​ថ្ងៃ​នេះ​ទៅ ពួក​យើង​សន្យា​ថា នឹង​បញ្ជូន​សត្វ​មួយ​ក្បាល​សម្រាប់​លោក​ម្ចាស់​ជា​ចំណី ឲ្យ​តែ​លោក​ម្ចាស់​សន្យា​ថា​ឲ្យ​ពួក​យើង​រក​ស៊ី​ពាស​ពេញ​ព្រៃ​នេះ​បាន។ បែប​នេះ លោក​ម្ចាស់​មិន​ចាំ​បាច់​បារម្ភ​ក្នុង​ការ​រក​ចំណី​ទេ ហើយ​ពួក​យើង​ក៏​មិន​រង​នូវ​ការ​សម្លាប់​រង្គាល​ដែរ។ ដូច​គេ​និយាយ​ថា

៣៣) ដោយ​លេប​ថ្នាំ​ម្តង​បន្តិច មនុស្ស​ម្នាក់​នឹង​មាន​កម្លាំង​ពលំ​ឡើង ដូច​ស្តេច​មាន​អំណាច​ដោយ​ប្រមូល​ពន្ធ​ពី​រាស្ត្រ​ម្តង​បន្តិចៗ។ គេ​ត្រូវ​ថែរ​រក្សាមេ​​គោ​មួយ​ឲ្យ​បាន​ល្អ មុន​នឹង​វា​ផ្តល់​ទឹក​ដោះ ស្រោច​ទឹក​ដើម​ផ្កា​​ឲ្យ​បាន​ល្អ​មុន​នឹង​វា​ចេញ​ផ្កា ព្រះ​រាជា​ក៏​ដូច​គ្នា​ដែរ ត្រូវ​តែ​រក្សា​រាស្ត្រ​ក្រោម​ឱវាទ​ បើ​ទ្រង់​ចង់​បាន​ប្រយោជន៍​អំពី​ពួក​គេ។”

នៅ​ពេល​ដែល​ភាសុរកៈ បាន​ស្តាប់​ពួក​សត្វ​ទាំង​នោះ​និយាយ​ចប់​ហើយ វា​ក៏​តប​ថា

“ពួក​ឯង​និយាយ​ត្រូវ​ហើយ តែ​បើ​អញ​មិន​បាន​ទទួល​សត្វ​មួយ​ក្បាល​រៀង​រាល់​ថ្ងៃ​ទេ អញ​នឹង​ស៊ី​ពួក​ឯង​ទាំងអស់​គ្នា។”

ពួក​សត្វ​ទាំងអស់​ក៏​សន្យា​នឹង​តោ​ថា​នឹង​គោរព​តាម​សន្យា។ ដូច្នេះ​ហើយ​ជា​រៀងរាល់​ថ្ងៃ ពួក​គេ​បញ្ជូន​សត្វ​មួយ​ក្បាល​ទៅ​តោ​ជា​ចំណី រួច​ហើយ​រក​ស៊ី​ក្នុង​ព្រៃ​ដោយ​គ្មាន​ខ្លាច​កោត​ក្រែង​តោ​អ្វី​ទៀត​ដែរ។

ថ្ងៃ​មួយ​ជា​ថ្ងៃ​ដែល​ត្រូវ​ដល់​វេណ​ទន្សាយ។ ដោយ​សារ​តែ​ការ​បង្ខំ​ពី​សត្វ​ផ្សេង​ទៀត ទន្សាយ​ក៏​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​តោ យ៉ាង​យឺតៗ ទាំង​ចិត្ត​មិន​ចង់​។

នៅ​តាម​ផ្លូវ ទន្សាយ​គិត​ពិចារណា​ពីវិធី​ដែល​អាច​សម្លាប់​តោ​បាន នៅ​ពេល​នោះ​វា​ក៏​មក​ដល់​អណ្តូង​មួយ។ វា​តោង​មាត់​អណ្តូង អើត​មើល​ទៅ​ក្នុង​អណ្តូង ក៏​ឃើញ​រូប​ខ្លួន​វា​ចាំង​ក្នុង​ទឹកអណ្តូង​នោះ។ ដល់​ត្រឹម​នេះ​ វា​គិត​ថា

“ឥលូវ​នេះ អញ​ដឹង​វិធី​​ដែល​មិន​អាច​នឹង​បរាជ័យ​ហើយ។ អញ​នឹង​បញ្ឆោត​តោ មក​​ទម្លាក់​​ចូល​ក្នុង​អណ្តូង​នេះ។”

ទម្រាំ​តែ​ទន្សាយ​ទៅ​ដល់​ជួប​នឹង​តោ ចំ​ជា​ពេល​ល្ងាច​ល្មម។ នៅ​ពេល​នោះ ភាសុរកៈ ជ្រួល​ច្របល់​ជា​ខ្លាំង ដោយ​សារតែ​រង​ចាំ​យូរ​ពេក។ វា​លិត​មាត់​របស់​វា ដោយ​ក្តី​ស្រេក​ឃ្លាន ហើយ​និយាយ​ថា

“រឿង​ទី​មួយ​ដែល​អញ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក គឺ​ត្រូវ​សម្លាប់​ពួក​អា​សត្វ​ទាំងអស់​នោះ។”

នៅ​ពេល​ដែល​វា​កំពុង​តែ​គិត​បែប​នេះ ទន្សាយ​មក​ដល់​យឺតៗ ហើយ​ឈប់​នៅ​ពី​មុខ​តោ។ តោ​សម្លក់​សម្លឹង​មើល​វា ហើយ​ស្រែក​គំហក​ថា

“នែ​ពូជអា​​ថោកទាប! ឯង​មាន​ខ្លួន​តូច​ហើយ នៅ​មក​យឺត​ទៀត។ ដូច្នេះ​អញ​នឹង​សម្លាប់​អ្ហែង​ភ្លាមៗ រួច​ហើយ​ព្រឹក​ឡើង​ចាំ​អញ​សម្លាប់​សត្វ​ក្នុង​ព្រៃ​នេះ​ទាំងអស់។”

ទន្សាយ​ក៏​តប​ថា

“លោក​ម្ចាស់ វា​មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ទេ ហើយ​ក៏​មិន​មែន​ជាកំហុស​របស់​សត្វ​ផ្សេង​ទៀត​ដែរ។ សូម​លោក​ម្ចាស់​ មេត្តា​ស្តាប់​សិន ខ្ញុំ​នឹង​ពន្យល់​ប្រាប់​លោក​ម្ចាស់។”

តោ​ក៏​តប​ថា

“អ្ហែង ប្រញាប់​និយាយ​ឲ្យ​លឿន​ឡើង​មក អាល​នឹង​អញ​ស៊ី​ឯង”

ទន្សាយ​ក៏​តប​ថា

“បាទ​លោក​ម្ចាស់ ថ្ងៃ​នេះ​ចំ​ជា​វេណ​របស់​ខ្ញុំ​ ដែល​ត្រូវ​មក​ថ្វាយ​ខ្លួន​ជូន​លោកម្ចាស់។ ព្រោះ​តែ​ខ្ញុំ​តូច​ ពួក​គេ​បាន​បញ្ជូន​ទន្សាយ​បួន​ក្បាល​ផ្សេង​ទៀត​មក​ជា​មួយ​ខ្ញុំ។ នៅ​តាម​ផ្លូវ មាន​តោ​ធំ​មួយ​ចេញ​មក​ ហើយ​ស្រែក​ថា

​-ហូ! ពួក​អា​ដែង! ពួក​អ្ហែង​ទៅ​ណា? បន់​ព្រះ​ឲ្យ​ហើយ​ទៅ!”

ខ្ញុំ​ក៏​និយាយ​ថា”លោក​ម្ចាស់ ពួក​យើង​ទាំងអស់​គ្នា​ទៅ​ជួប​លោក​ម្ចាស់​ ភាសុរកៈ​របស់​យើង​នៅ​ឯ​កន្លែង​ណាត់​ តាម​វេលា​កំណត់។”

បន្ទាប់​មក​តោ​នោះ​ក៏​និយាយ​ថា”អាណា​គេ ជា​ភាសុរកៈ? អញ​ជា​ម្ចាស់​នៃ​ព្រៃ​នេះ! ពួក​អ្ហែង​ត្រូវ​ស្តាប់​តាម​អញ​តែ​ម្នាក់​គត់! ភាសុរកៈ​ជា​អ្នក​បោក​ប្រាស់​ប៉ុណ្ណោះ! អញ​នឹង​ចាប់​យក​គ្នា​អ្ហែង​បួន​នាក់​ជា​ចំណាប់​ខ្មាំង អញ​ទុក​ឲ្យ​អ្ហែង​ទៅ​ជួប​ភាសុរកៈ​ ដើម្បី​មក​តតាំង​គ្នា​ជា​មួយ​អញ។ បើ​នរណា​ឈ្នះ អ្នក​នោះ​នឹង​ក្លាយ​ជា​ស្តេច​ព្រៃ​នេះ ហើយ​អញ​ស៊ី​ទន្សាយ​ទាំងអស់​នេះ​បាន។”

ទន្សាយ​ក៏​បន្ត​ថា

“ដូច្នេះ​ហើយ​ខ្ញុំ​ក៏​មក​ជួប​នឹង​លោក​ម្ចាស់ ដូច​តោ​នោះ​បង្គាប់។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​យឺត។ ឥលូវ​នេះ​ សូម​លោក​ម្ចាស់​ធ្វើ​យ៉ាង​ម៉េច​ក៏​ធ្វើ​ចុះ។”

នៅ​ពេល​ដែល​ភាសុរកៈ​ឮ​បែប​នេះ វា​ក៏​និយាយ​ថា

“សម្លាញ់ បើ​រឿង​នេះ​ពិត​មែន ចូរ​ឯង​នាំ​អញ​ទៅ​ជួប​នឹង​អា​ព្រហើន​នោះ​ភ្លាម ដើម្បី​អញ​បាន​បញ្ចេញ​កំហឹង​របស់​អញ​ទាំង​ប៉ុន្មាន​ចំពោះ​ឯង​នេះ​ ដាក់​វា​។ ទាល់​តែ​បែប​នេះ​ទើប​អញ​ស្ងប់​ចិត្ត។”

ទន្សាយ​តប​ថា

“​លោក​ម្ចាស់ វា​ជា​រឿង​ពិត តែ​តោ​មួយ​នោះ​រស់​នៅ​ក្នុង​រូង​មួយ។ លោក​ម្ចាស់​ប្រហែល​ជា​ពិបាក​វាយ​ប្រហារ​វា​ណាស់ ព្រោះ​វា​រស់​ក្នុង​រូង​បែប​នេះ ព្រោះ​គេ​និយាយ​ថា

៣៤) អ្នក​កាន់​ធ្នូ នៅ​ពី​ក្រោយ​ជញ្ជាំងប្រាសាទ​មួយ អាច​វាយ​ប្រហារ​សត្រូវ​បាន​ច្រើន​រយ​នាក់។

នៅ​ពេល​ដែល​ភាសុរកៈ​ឮ​បែប​នេះ ក៏​តប​ថា

“នែ​សម្លាញ់! វា​អាច​លាក់​ខ្លួន​វា​ក្នុង​រូង​របស់​វា​បាន តែ​ឯង​គ្រាន់​តែ​បង្ហាញ​វា​ដល់​អញ​បាន​ហើយ អញ​នឹង​សម្លាប់​វា ដូច​គេ​និយាយ​ថា”

៣៥)  បំបាត់​សត្រូវ​និង​ជំងឺ​របស់​ខ្លួន នៅ​គ្រា​ដំបូង​បំផុត ឬ​ទុក​ឲ្យ​វា​ខ្លាំង​មក​បំផ្លាញ​ខ្លួន​អ្នក​វិញ។

ទន្សាយ​ក៏​តប​ថា

“​មែន​ហើយ​ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​វា​ហើយ។ វា​នោះ​ខ្លាំង​ណាស់។ សម្រាប់​លោក​ម្ចាស់ ប្រហែល​ជា​គ្រោះ​ថ្នាក់​ បើ​លោក​ម្ចាស់​មិនដឹង​​ច្បាស់​ថា​វា​ខ្លាំង​ប៉ុណ្ណា​ទេ ដូច​គេ​ថា

៣៦) អ្នក​ដែល​ប្រហារ​សត្រូវ ដោយ​មិន​ដឹង​កម្លាំង​សត្រូវ នឹង​ត្រូវ​វិនាស​ជាក់ ដូច​មមាច​នឹង​ភ្លើង។

ភាសុរកៈ​តប​ថា

“​នេះ​មិន​មែន​ជា​រឿង​របស់​ឯង​ទេ។ អ្ហែង​គ្រាន់​តែ​នាំ​អញ​ទៅ​ជួប​វា​បាន​ហើយ។”

ទន្សាយ​តប​ថា

“​មិន​អី​ទេ​លោក​ម្ចាស់។ អញ្ចឹង​សូម​លោក​ម្ចាស់​អញ្ជើញ​តាម​ខ្ញុំ​មក។”

ទន្សាយ​ក៏​នាំ​តោ​ទៅ​អណ្តូង។​នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​មាត់​អណ្តូង ទន្សាយ​និយាយ​ប្រាប់​តោថា

“​លោក​ម្ចាស់!  តើ​នរណា​អាច​តទល់​នឹង​អំណាច​លោក​ម្ចាស់​បាន! អា​បោក​នោះ​ ពេល​ឃើញ​លោក​ម្ចាស់​មក​ដល់ ក៏​លាក់​ខ្លួន​ក្នុង​រូងវា​​បាត់​ហើយ។”

បន្ទាប់​មក​ទន្សាយ​ក៏​ចង្អុល​ទៅ​អណ្តូង។តោ​ចម្កួត ពេល​ឃើញ​រូប​របស់​វា​​ចាំង​ក្នុង​ទឹក​អណ្តូង​ ក៏​គិត​ថា​ជា​សត្រូវ​របស់​វា។ វា​ក៏​ស្រែក​រោទិ៍​មួយ​ទំហឹង។ សម្លេង​ខ្ទរ​ក៏​បក​មក​វិញ។ វា​កាន់​តែ​ក្តៅ​ក្រហាយ​ឡើង ក៏​លោត​ចុះ​ក្នុង​អណ្តូង​នោះ​ រួច​ក៏​លង់​ទឹក​ស្លាប់​បាត់​ទៅ។

ទន្សាយ​រីករាយ​ក្នុង​ចិត្ត ត្រឡប់​មក​លំនៅ​វិញ ប្រាប់​សត្វ​ផ្សេង​ទៀត​ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង។ ពួក​គេ​កោត​សសើរ​ប្រាជ្ញា​ទន្សាយ ​និង​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​ក្នុង​ព្រៃ​នោះ​ជា​រៀង​រហូត​មក។

ទម្នកៈ​ បន្ត​ថា

“​អញ្ចឹង​ហើយ បាន​ជា​ខ្ញុំ​និយាយ​ថា គឺ​អ្នក​ឆ្លាត​ដែល​ជា​អ្នក​មាន​អំណាច។ ឥលូវ​បើ​ឯង​គិត​ថា​សម ខ្ញុំ​នឹង​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​បង្ក​ជម្លោះ​រវាង​លោក​ម្ចាស់​ និង សំជីវកៈនោះ។”

តរតកៈ តប​ថា

“​បើ​ឯង​គិត​ថា​អាច ឯង​ធ្វើ​ទៅ។ សូម​ឲ្យ​ព្រះ​ជួយ​ការពារ​ឯង។”

ថ្ងៃ​មួយ បន្ទាប់​ពី​បាន​ឃើញ​ថា​ពិន្គលកៈ អង្គុយ​ឆ្ងាយ​ពី​ សំជីវកៈ​ភ្លាម ទម្នកៈ​ក៏​ទៅ​ឱន​លំទោន​ពី​មុខ​ពិន្គលកៈ។​

ពិន្គល​កៈ ក៏​និយាយ​ថា

“​សម្លាញ់! តើ​ឯង​ទៅ​ណា បាន​ជា​អញ​បាត់​មុខ​ឯង​យូរ​ម្ល៉េះ?”

ទម្នកៈ​តប​ថា

“​ខ្ញុំ​មិន​បាន​មក​ជួប​នឹង​លោក​ម្ចាស់ ព្រោះ​លោក​ម្ចាស់​មិន​ចាំ​បាច់​ត្រូវ​ការ​ខ្ញុំ​ មក​ធ្វើ​អ្វី​ដែរ។ តែ​ឥលូវ​នេះ ខ្ញុំ​ត្រូវ​តែ​មក​ជួប​នឹង​លោក​ម្ចាស់ តាម​ភារៈ​របស់​ខ្ញុំ ដើម្បី​នឹង​និយាយ​ជា​មួយ​លោក​ម្ចាស់ ព្រោះ​ខ្ញុំ​ឃើញ​ថា​​ប្រព័ន្ធ​គ្រប់​គ្រង​របស់​លោក​ម្ចាស់​កំពុង​តែ​រលាយ​បង់​ទៅ ធ្វើ​ឲ្យ​ចិត្ត​មាន​ការ​រែង​ព្រួយ​ជា​ខ្លាំង។”

នៅ​ពេល​ដែល​វា​ឮ​ទម្នកៈ​និយាយ​ទាំង​តាន​តឹង​បែប​នេះ ពិន្គលកៈ​ក៏​សួរ​វា​ថា

“តើ​ឯង​ចង់​និយាយ​ស្អីប្រាប់​អញ? ឆាប់ប្រាប់​អញ​មក!”

ទម្នកៈ​ក៏​តប​ថា

“លោក​ម្ចាស់! សំជីវកៈ ស្អប់​លោក​ម្ចាស់​ណាស់! អា​គោ​មួយ​នេះ​ ដែល​លោក​ម្ចាស់​ចាត់​ទុក​វា​ជា​មិត្រ​របស់​លោក​ម្ចាស់​នោះ តាម​ពិត​វា​ជា​សត្រូវ​របស់​លោក​ម្ចាស់​ទៅ​វិញទេ!។ វា​ប្រាប់​ខ្ញុំ​ជា​សម្ងាត់​ថា -ទម្នកៈ អញ​ចង់​ឲ្យ​ឯង​ប្រាប់​អញ​ពី​ចំនុច​ខ្សោយ​និង​ខ្លាំង​ទាំងអស់​របស់​ពិន្គលកៈ អាល​នឹង​ងញ​សម្លាប់​វា ហើយ​អញ​នឹង​ក្លាយ​ជា​ស្តេច​សត្វទាំងអស់។ អញ​នឹង​លើក​ឯង​ជា​មន្ត្រី​ជំនិត​របស់​អញ។”

នៅ​ពេល​ដែល​ពិន្គលកៈ​ឮ​បែប​នេះ វា​ភ្ញាក់​ព្រឺត​ដូច​ត្រូវ​រន្ទះ​បាញ់ ហើយ​វា​និយាយ​មិន​ចេញ។ទម្នកៈ​ឃើញ​បែប​នេះ ក៏​គិត​ក្នុង​ចិត្ត​ថា

“​ពិន្គលកៈ ច្បាស់​ជា​មាន​ទំនុក​ចិត្ត​លើ​សំជីវកៈ​ខ្លាំង​ណាស់​ហើយ។ ច្បាស់​ណាស់​ផ្លូវ​នេះ នឹង​នាំ​ដល់​ក្តី​វិនាស​អន្តរាយ​ដល់​ពិន្គលកៈ​ជា​មិន​ខាន។ គេ​និយាយ​ថា

៣៧) នៅ​ពេល​ដែល​ស្តេច​មួយ​អង្គ​ទុក​ចិត្ត​មន្ត្រី​ម្នាក់​ខ្លាំង​ពេក មន្ត្រី​នោះ​នឹង​ព្រហឺន​កោង​កាច ហើយ​កាន់​តែ​ចង់​បាន​អំណាចខ្លាំង​ឡើង វា​នឹង​ចង់​ធ្វើ​ខ្លួន​ឲ្យ​ឯករាជ្យ ហើយ​នៅ​ពេល​ដែល​មហិច្ឆិតា​នេះ​ឡើង​ដល់​កម្រិត ជា​ចុង​បញ្ចប់​វា​នឹង​ប្រើ​ល្បិច​សម្លាប់​ស្តេច​ចោល​មិន​ខាន។”

មួយ​ស្របក់​ក្រោយ​មក ពិន្គលកៈ តាំង​ចិត្ត​បាន​ឡើង​វិញ ក៏​និយាយ​ថា​

” តើ​អញ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ? សំជីវកៈ​ ក្លាយ​ទៅ​ជា​សម្លាញ់​ចិត្ត​មួយ​ថ្លើម​មួយ ស្មើ​នឹង​ជីវិត​អញ​ទៅ​ហើយ។ អញ​មិន​អាច​ជឿ​ថា​វា​ក្បត់​អញ​នោះ​ទេ។”

ទម្នកៈ​ក៏​តប​ថា

“​លោក​ម្ចាស់ ជា​បម្រើ​តែង​តែ​រង​គ្រោះ​ផ្លូវ​ចិត្ត​ជា​និច្ច។ មាន​តែ​អ្នក​ទន់​ខ្សោយ អ្នក​ដែល​គ្មាន​ចិត្ត​គ្មាន​ថ្លើមអ្វី​ទាំងអស់ ទើប​​អាច​បម្រើ​ស្តេច​បាន​ជា​រៀង​រហូត​បាន។”

ពិន្គលកៈ​ក៏​និយាយ​ថា

“​ចិត្ត​អញ​នៅ​តែ​ជឿ​ជាក់​លើ​សំជីវកៈ​ជា​និច្ច។”

ទម្នកៈ​ក៏​និយាយ​ថា

“​លោក​ម្ចាស់ លោក​ម្ចាស់​បានសាង​​នូវ​កំហុស​ធំ​ណាស់។ លោក​ម្ចាស់​គិត​មើល តើ​លោក​ម្ចាស់​មើល​ឃើញ​គុណសម្បត្តិ​របស់​សំជីវកៈ​ត្រង់​ណា​ខ្លះ? វា​ជា​មិត្រ​ដែល​គ្មាន​គុណសម្បត្តិ​អ្វី​ទាំងអស់! ហើយ​បើ​លោក​ម្ចាស់​គិត​ថា វា​ជា​សត្វ​ធំ អាច​ជួយ​លោក​ម្ចាស់​កម្ចាត់សត្រូវ​បាន លោក​ម្ចាស់​យល់​ច្រឡំ​ហើយ។ វា​ជា​សត្វ​ស៊ី​ស្មៅ ហើយសត្រូវ​របស់​លោក​ម្ចាស់​ទាំងអស់​ជា​សត្វ​ស៊ី​សាច់។ ហើយ​ដូច្នេះ​រឿង​ល្អ​បំផុត​សម្រាប់​លោក​ម្ចាស់​គឺ ទម្លាក់​កំហុស​រឿង​អី​មួយ​លើ​វា រួច​សម្លាប់​វា​ចោល​ទៅ។”

ពិន្គលកៈ​ក៏​តប​ថា

“​ចាប់​កំហុស​នរណា​ម្នាក់ បន្ទាប់​ពី​និយាយ​សរសើរ​គេ​ដោយ អស់​ពី​ចិត្ត នោះ ប្រៀប​ដូច​ជា​ក្បត់​ពាក្យ​សម្បទ​របស់​ខ្លួន​អញ្ចឹង។ ម្យ៉ាង​វិញ​ អញ​បាន​សន្យា ដូច​ឯង​ឲ្យ​យោ​បល់ ហើយ​ថា អញ​នឹង​មិន​សម្លាប់​វា។ តើ​ឥលូវ​ ឲ្យ​អញ​សម្លាប់​វា​ដោយ​ដៃ​អញ​យ៉ាង​ម៉េច​ហ្នឹង​កើត? សំជីវកៈ​ ជា​មិត្រ​ល្អ​របស់​អញ អញ​គ្មាន​ហេតុ​ផល​អី នឹងខឹង​វា​ទេ  ព្រោះ​ថា

៣៨) គេ​មិន​ត្រូវ​កាប់​ដើម​ឈើ​មួយ​ដើម​ចោល​ទេ បើ​ទោះ​ជា​ដើម​ឈើ​ពុល​ក៏​ដោយ បើ​វា​ជា​ដើម​ឈើ​ដែល​ដាំ​នឹង​ដៃ​ខ្លួន​ឯង។ ហើយ

៣៩) ដំបូង​ស្នេហា​ជា​ការ​ឆោត​ល្ងង់ តែ​បើ​នរណា​ម្នាក់​ត្រូវ​តែ​មាន​ស្នេហា​ទៅ​ហើយ ស្នេហា​នោះ​គួរ​តែ​បណ្តោយ​ឲ្យ​ចម្រើន​ឡើង​ទៅ។ ហើយនិង

៤០) គួរ​ឲ្យអាម៉ាស់​​ណាស់ ដែល​យើង​លើកមនុស្ស​ម្នាក់​ឲ្យចម្រើន​ឡើង ហើយ​ក្រោយ​មក​បែរ​ជា​ធ្វើ​ឲ្យ​ម្នាក់​នោះ​លិច​លង់​ទៅ​វិញ។

អញ្ចឹង​ហើយ ទោះ​បី​ជា​សំជីវកៈ ត្រឡប់​មក​ជា​ក្បត់​អញ​វិញ​ក៏ដោយ ក៏​អញ​លើក​ដៃ​សម្លាប់​វា​មិន​រួច​ដែរ។”

ទម្នកៈ ក៏​តប​ថា

“​លោក​ម្ចាស់ អាណិត​សត្រូវ គឺ​ប្រឆាំង​នឹង​រាជក្រិត្យ។ ហើយ​បើ​លោក​ម្ចាស់​ធ្វើ​តាម​ក្រិត្យ​​អហិង្សា​នេះ តើ​ឲ្យ​សត្វ​ផ្សេង​ឯ​ទៀត​រស់​យ៉ាង​ម៉េច​ទៅ? បើ​ពួក​គេ​លះ​បង់​លោក​ម្ចាស់​ចោល លោក​ម្ចាស់​ច្បាស់​ជា​ស្លាប់។ នៅ​ពេល​ដែល​លោក​ម្ចាស់​នៅ​ជា​មួយ​សំជីវកៈ លោក​ម្ចាស់​មិន​ដែល​នឹក​នា​ចេញ​ស្វែង​រក​ចំណី​សោះ ព្រោះ​ថា

៤១) ចង​មិត្រ​ជា​មួយ​មនុស្ស​ពាល មនុស្ស​ល្អ​នឹង​ដើរ​ផ្លូវ​អាក្រក់ ដូច្នេះ​បណ្ឌិត​មិន​គួរ​សេព​គប់​នឹង​ពាល​ទេ។ ហើយ​ថា

៤២) ចូរ​កុំ​សេព​គប់​នឹង​មនុស្ស​មិន​ស្គាល់​ឥរិយា។

មូស​អ្នក​ខុស​ បែរ​គេ​សម្លាប់​ចៃ​ទៅ​វិញ។”

ពិន្គលកៈ ក៏​សួរ​ថា

“រឿង​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ?”

ទម្នកៈ ក៏​និទាន​រឿង​ មូស​ និង ចៃ។

លេខមុន បញ្ចតន្ត្រ លេខបន្ទាប់
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s