ឲ្យណោតខ្ញុំឲ្យច្រើន


កាល​ពី​ជំនាន់​ដើម នៅ​ប្រទេស​អារ៉ាប់ ប្រជាជន​អារ៉ាប់ បាន​កាន់​ទំនៀម​ទំលាប់​ម្យ៉ាង​គួរឲ្យ​ភ័យ​រន្ធត់។ ទំនៀមទំលាប់​នោះ​បាន​តម្រូវ​ឲ្យ​ភរិយា​ទាំង​ឡាយ​ ដុត​ខ្លួន​ទាំង​រស់​ឲ្យ​ស្លាប់​តាម​ប្តី កាល​បើ​ប្តី​ខ្លួន​ស្លាប់។ ធ្វើ​ដូច​នេះ ដើម្បី​ឲ្យ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ និង​ឲ្យ​បាន​កើត​ជា​ស្រី​សួគ៌។ ពិធី​ដុត​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​យ៉ាង​ឱឡារិក​​នៅ​ចំពោះ​មុខ​សាធារណជន។ ស្រី​ម៉េម៉ាយ​ត្រូវ​លោត​ទៅលើ​សព​ប្តី​ខ្លួន​ដែល​កំពុង​តែ​ឆេះក្នុង​ភ្លើង​​សន្ធោសន្ធៅ​។ កុល​សម្ព័ន្ធ​ណា​មួយ​ឬ​ភូមិ​ណា​មួយ ដែល​មាន​ស្រី​ម៉េម៉ាយ​ដុត​ខ្លួន​ច្រើន​ជា​ង​គេ​ គេ​ចាត់​ទុក​ថា​កុលសម្ព័ន្ធ​ឬ​ស្រុក​ភូមិ​នោះ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​គួរឲ្យ​គោរព​ជាង​គេ​បំផុត។

ពោល​មក​ដល់​ត្រឹម​នេះ​ភ្លាម សាស្ត្រាចារ្យ​ម្នាក់​ដែល​ជា​មេ​ប្រយោគ​សួរ​ផ្ទាល់​មាត់​នៅ​ក្នុង​សម័យ​ប្រឡង​បាក់​អង បាន​ឃាត់​នាង​ក្រមុំ​ម្នាក់​ជា​បេក្ខជន មិន​ឲ្យ​និយាយ​តទៅ​ទៀត ដោយ​ពោល​ញញឹម​ថា៖

-ប៉ុណ្ណឹង​បាន​ហើយ។ នាង​ចាំ​រឿង​ហ្នឹង​គ្រាន់​បើ។​ អ្នក​ណា​ជា​អ្នក​និពន្ធ​រឿងហ្នឹង?។

-គឺលោក​វ៉ុលទែរ អ្នក​និពន្ធ​ជាតិ​បារាំង នៅ​សតវត្សរ៍ទី​ដប់​ប្រាំ​បី។

– នៅ​ពេល​ដែល​ដឹង​ថា​នាង​ម៉េម៉ាយ​ម្នាក់​ មាន​បំណង​នឹង​ដុត​សម្លាប់​ខ្លួនទៅ​តាម​ប្តី តើ​សាឌីក ដែល​ជា​តួអង្គ​ក្នុង​រឿង​ មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ?។

បន្ទាប់​ពី​នៅ​ស្ងៀម​មួយ​សន្ទុះ​មក ទំនង​ជា​នឹកគិត​ប្រមូល​គំនិត​សំខាន់ៗ នាង​ក្រមុំ​ក៏​ញញឹម​ពព្រាយ​ រួច​ឆ្លើយ​ថា៖

– សាឌីក ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ដ៏​រន្ធត់​នេះ។ គាត់​ចង់​ឲ្យ​មេ​កុល​សម្ព័ន្ធ​លុប​ចោល​របៀប​ចង្រៃ​នោះ​ចេញ ក៏​ប៉ុន្តែ​បម្រើ​របស់​គាត់​ម្នាក់​ប្រាប់​ថា គ្មាន​នរណា​ហ៊ាន​ប៉ះ​ពាល់​ទេ ព្រោះ​ជា​ប្រពៃណី​ដែល​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ឥលូវ​ក្លាយ​ជា​ច្បាប់​ ប្រចាំ​ជីវិត​របស់​ស្រី​គ្រប់​រូប​ទៅ​ហើយ។

– ​សាឌីក​សុំ​ឲ្យ​មេកុល​សម្ព័ន្ធ​ធ្វើ​ច្បាប់​មួយ។ ច្បាប់​នោះ​ចែង​ថា​ម៉េច?។

– មុន​នឹង​អនុញ្ញាត​ឲ្យ​ស្រី​ម៉េម៉ាយ​ណា​ម្នាក់​ដុត​ខ្លួន​បាន លុះ​ត្រា​តែ​ស្រី​នោះ​បាន​ជួប​និយាយ​សាសង ដោយ​ស្ងាត់​តែ​ពីរ​នាក់​ ជា​មួយ​នឹង​ប្រុស​កម្លោះ​ណា​ម្នាក់ ឲ្យ​បាន​មួយ​ម៉ោង​ពេញ​លេញ​រួច​ហើយ​សិន។

– ហេតុអ្វី​បាន​ជា​សាឌីក​សុំឲ្យ​បង្កើត​ច្បាប់​ហ្នឹង?

– ដើម្បី​កុំ​ឲ្យ​ស្រី​ម៉េម៉ាយ​ដុត​ខ្លួន។

– តាំង​ពី​កើត​ច្បាប់​ហ្នឹង​មក តើ​ស្រី​ម៉េម៉ាយ​សុខ​ចិត្ត​ដុត​ខ្លួន​ដូច​មុន​ទេ?

– ចាស អត់​ទេ។

– ម៉េច​បាន​ជា​ស្រី​ម៉េម៉ាយ​បាន​ជួប​ប្រុស​កម្លោះ​នៅ​កន្លែង​ស្ងាត់​តែ​ពីរ​នាក់​ហើយ ស្រាប់​តែ​ឈប់​ដុត​ខ្លួន​តាម​ទំនៀម​ទំលាប់​អញ្ចឹង​ទៅ​វិញ។

ដោយ​ឃើញ​នាង​ក្រមុំ​ ទឹក​មុខ​ឡើង​ក្រហម​ ឱន​មុខ​មើល​ទៅ​ក្រោម ទំនង​ជា​អៀន​មិន​ហ៊ាន​ឆ្លើយ លោក​សាស្ត្រាចារ្យ​កម្លោះ​សុទ្ធសាធ ដូច​សំពត់​ក្រៅ​ផ្នត់ ក៏​បង្ហើរ​ល្បោយ​ទៅ​ទៀត​ថា៖

– បើ​សិន​ជា​នាង​ជា​តួ​អង្គ​ស្រី​ម៉េម៉ាយ ហើយ​បាន​សម្រេច​ចិត្ត​លោត​ចូល​ភ្លើង ឲ្យ​ស្លាប់​តាម​ប្តី​រួច​ហើយ ក៏​ប៉ុន្តែ​គេ​អនុញ្ញាត​ឲ្យ​ប្រុស​កម្លោះម្នាក់ មក​ជួប​និយាយ​លួង​លោម​នាង​នៅ​កន្លែង​ស្ងាត់​តែ​ពីរ​នាក់ តើ​នាង​សុខ​ចិត្ត​ស្លាប់​ឬ​នាង​ចង់​រស់​វិញ?។

នាង​ក្រមុំ​នៅ​​តែ​ឱន​មុខ​ទៅ​ក្រោម​ដដែល។ នាង​ឆ្លើយ​យ៉ាង​រហ័ស​ ទំនង​ដូច​ជា​គោ​ស្ទាវ​ផ្អើល​ថា៖

– ខ្ញុំ​លោត​ចូល​ភ្លើង​ឲ្យ​ស្លាប់!

– ចុះ​បើ​ប្រុស​កម្លោះ​នោះ ជា​រូប​ខ្ញុំ​វិញ តើ​នាង​ចង់​រស់​ទេ?

ដោយ​ឃើញ​នាង​ក្រមុំ​មុខ​ឡើង​ក្រហម រឹត​តែ​ស្រស់​ឡើង​មួយ​កម្រិត​ទៀត ហើយ​ឱន​មុខ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទាល់​តែ​សោះ លោក​មេ​ប្រយោគ​អារាត់​អារាយ ក៏​និយាយ​សម្លុត​ដោយ​សម្តី​តិចតិច​ថា៖

– បើ​មិន​ឆ្លើយ ខ្ញុំ​ឲ្យ​សេរ៉ូ!

នាង​ក្រមុំ​ងើប​មុខ​ឡើង សម្លឹង​លោក​មេ​ប្រយោគ​ដោយ​អឹម​អៀន ដួង​នេត្រា​មាន​ពន្លឺ​ចម្លែក​អស្ចារ្យ វង់​ភក្រ្តក្រហម​រងាល​ដូច​រងើកភ្លើង រួច​ក៏​ទម្លាក់​មុខ​ទៅ​ក្រោម​វិញ ហើយ​ពោល​ដោយ​ញ័រៗ​កំបុត​ៗ​ថា៖

– ចាស ចង់​រស់….ក៏​ប៉ុន្តែ…សូម​លោក​គ្រូ….ឲ្យ​ណោត​ខ្ញុំ​ឲ្យ​ច្រើន!

ប្រយោជន៍ខ្មែរ ៧ មិថុនា ១៩៧០

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in រឿង​និទាន​ and tagged . Bookmark the permalink.

One Response to ឲ្យណោតខ្ញុំឲ្យច្រើន

  1. naraths ថា:

    រឿង​នេះ​ពិត​ជា​គួរ​ឲ្យ​ជក់​ចិត្ត​មែន… ហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s