មួយ​ពាន់​មួយ​យប់​(៨៨)


លេខ​៨៧ មួយពាន់​មួយ​យប់​ លេខ​៨៩

ពួក​គេ​ក៏​និយាយ​មក​ខ្ញុំ​ថា

“នែ​អាក្មេង​ប្រុស! ឯង​មិន​ចាំ​ទេ​ ពាក្យ​បណ្តាំ​របស់​យើង​មិន​ឲ្យ​ឯង​សួរ​ដេញ​ដោល​មូល​ហេតុ​នោះ?”។

បន្ទាប់​មក​ពួក​គេ​​និង​ខ្ញុំ​ក៏​ដេក​លក់​អស់​ទៅ។ នៅ​ពេល​ភ្ញាក់​ឡើង​ តាចាស់​នោះ​ក៏​យក​ម្ហូប​អាហារ​មក​ឲ្យ​ពួក​យើង។ បន្ទាប់​ពី​ពួក​យើង​បាន​បរិភោគ​រួច​រាល់​ហើយ គាត់​ក៏​លើក​ចាន​ក្បាន​នោះ​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ក៏​អង្គុយ​និយាយ​គ្នា​រហូត​ដល់​យប់។ តា​ចាស់​នោះ​ក៏​ទៅ​រៀប​ចំ​ដុត​ចង្កៀង​ រួច​រៀប​ចំ​ម្ហូប​ចំណី​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា។ ពួក​យើង​ក៏​ស៊ី​ផឹក​ជជែក​គ្នា​បន្ត​ទៀតរហូត​ដល់​យប់​ជ្រៅ។

នៅ​ពេល​នោះ​ពួក​គេ​និយាយ​នឹង​តា​ចាស់​នោះ​ថា

” លោក​តា ម៉េច​ក៏​លោក​តា​មិន​រៀប​ចំ​ឱ្យ​យើង​ដូច​រាល់​ដង? ឥលូវ​នេះ​យើង​ងងុយ​ដេក​ហើយ”។

គាត់​ក៏​ក្រោក​ឡើង​ទៅ​យក​ថាស​និង​ធ្យូង​ ផេះ​និង​ម្រែង​ភ្លើង​ដូច​លើក​មុន។ ហើយ​ពួក​គេ​ធ្វើ​ដូច​យប់​មុនដោយ​គ្មាន​លើស​ខ្វះ​អ្វី​សូម្បី​តែ​បន្តិច។ ខ្ញុំ​រស់​នៅ​ជា​មួយ​ពួក​គេ​តាម​របៀប​នេះ​អស់​រយៈ​ពេល​មួយ​ខែ​ពេញ។

នៅ​ពេលនោះ​​ចម្ងល់​របស់​ខ្ញុំ​ចេះ​តែ​រីក​ធំ​ឡើងៗ នៅ​ទី​បំផុត​ខ្ញុំ​ក៏​គ្រប់​គ្រង​ខ្លួន​ឯង​លែង​បាន ខ្ញុំ​ក៏​និយាយ​ថា

“នែ​វ៉ើយ! តើ​ពួក​ឯង​អាច​ប្រាប់​ខ្ញុំ​បាន​ទេ ហេតុ​អ្វី​ក៏​ពួក​ឯង​យក​ផេះ​នោះ​មក​ប្រឡាក់​មុខ​របស់​ខ្លួន​ទៅ​វិញ? តើ​ហេតុ​អ្វី​បាន​ជា​ពួក​ឯង​និយាយ​ថា យើង​បាន​អង្គុយ​ដោយ​សុខ​ស្រួល​ តែការ​ចចេស​ចង់​ដឹង​របស់​ពួក​យើង​មិន​ឲ្យ​យើង​នៅ​ស្រួល​ទេ​”។

ពួក​គេ​ក៏​តប​ថា

“យក​ល្អ​ យើង​គួរ​ទុក​រឿង​នេះ​ជា​អាថ៌កំបាំង​វិញ”។

តែ​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត​ រហូត​ដល់​ស៊ី​ដេក​លែង​បាន ក៏​និយាយ​នឹង​ពួក​គេ​ថា

“ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទេ ពួក​ឯង​ត្រូវ​តែ​ប្រាប់​ខ្ញុំ​​ពី​មូល​ហេតុ”។

ពួក​គេ​ក៏​តប​ថា

“ពួក​យើង​លាក់​លោក​នេះ គឺ​ដើម្បីឲ្យ​លោក​ល្អ​ទេ។ បើ​យើង​ប្រាប់​លោក​ នោះ​លោក​នឹង​ខ្វាក់​ភ្នែក​ម្ខាង​ដូច​ពួក​យើង​ដែរ “។

តែ​ខ្ញុំ​តប​ថា

“មិន​បាន​ទេ បើ​ពួក​ឯង​មិន​ប្រាប់​ខ្ញុំ​ទេ ខ្ញុំ​នឹង​ចាក​ចេញ​ពី​ពួក​ឯង ត្រឡប់​ទៅ​នគរ​របស់​ខ្ញុំ​វិញ ហើយ​មិន​បាច់​ឃើញ​មុខ​ពួក​ឯង​ទៀត ដូច​សុភាសិត​គេ​និយាយ​ថា៖

“​ខ្ញុំ​គួរតែ​ចាក​​ចេញ​ទៅ​      បើកាយ​មិន​នៅ​   បេះដូង​មិន​ឈឺ​។”

ពួក​គេ​ក៏​និយាយ​មក​កាន់​ខ្ញុំ​ថា

“ចូរ​ចាំ​ទុក​ណា​អ្នក! យើង​មិន​ចង់​លាក់​ទុក​រឿង​នេះ​នឹង​អ្នក​ទេ តែ​យើង​ធ្វើ​នេះ​គឺ​ព្រោះ​តែ​បារម្ភ​ថា​អ្នក​នឹង​ដូច​ពួក​យើង​តែ​ប៉ុណ្ណោះ”។

ខ្ញុំ​ក៏​តប​ថា

“ខ្ញុំ​មិន​ខ្វល់​ទេ ពួក​អ្នក​ត្រូវ​តែ​ប្រាប់​ខ្ញុំ!”។

ពួក​គេ​ក៏​តប​ថា

“យើង​បាន​ឲ្យ​យោបល់​ល្អ​ដល់​អ្នក​ តែ​អ្នក​មិន​ស្តាប់ នៅ​តែ​ជជេស​ចង់​ដឹង​រឿង​នេះ​ទៀត ឬ​មួយ​ក៏​អ្នក​ចង់​ខ្វាក់​ភ្នែក​ម្ខាង​ដូច​ពូក​យើង?”។

តែ​ខ្ញុំ​នៅ​តែ​ជជេស​ចង់​ដឹង ពួក​គេ​និយាយ​ព្រមាន​ខ្ញុំ​ថា

“លោក​អើយ បើ​រឿង​នេះ​កើត​ដល់​អ្នក ពួក​យើង​នឹង​មិន​រាប់​រក​អ្នក​ជា​គ្នា​ទៀត​ឡើយ”។

បន្ទាប់​មក​ពួក​គេ​ក៏​យក​ចៀម​ឈ្មោល​មួយ​ក្បាល​មក សម្លាប់​វា​រួច​ហើយ ពួក​គេ​ក៏​ចៀរ​យក​ស្បែក​វា​ចេញ។ បន្ទាប់​មក​ពួក​គេ​បាន​ឲ្យ​កូន​កាំបិត​មួយ​មក​ខ្ញុំ ហើយ​និយាយ​ថា

“យក​ស្បែក​ចៀម​នេះ​ទៅ ហើយ​យក​​វាមក​គ្រប​ពី​លើ​ខ្លួន​ប្រាណ​​របស់​អ្នក។ ពួក​យើង​នឹង​ដេរ​ស្បែក​ចៀម​នេះ​ឲ្យ​ជាប់​។ បន្ទាប់​មក​នឹង​មាន​សត្វ​ឥន្ទ្រី​យក្ខ​មួយ​។ វា​នឹង​ចាប់​អ្នក​យក​ទៅ​ រួច​ហោះ​ឡើង​ទៅ​លើ​អកាស បន្ទាប់​មក​វា​នឹង​យក​អ្នក​ទៅដាក់​នៅ​លើ​កំពូល​ភ្នំ​មួយ។ នៅ​ពេល​ដែល​អ្នក​ដឹង​ថា វា​លែង​ហើរ​ទៅ​មុខ​ទៀត​ហើយ អ្នក​ឯង​ឆាប់​យក​កូន​កាំបិត​នេះ​កាត់​ថ្នេរ​លើ​ស្បែក​ចៀម​នេះ រួច​ចេញ​ពី​ស្បែក​ចៀម​នេះ​ទៅ។ សត្វ​នេះ​នឹង​ភ័យ​រួច​ហើរ​ទៅ​បាត់។

បន្ទាប់​ពី​នេះ​ចូរ​អ្នក​ដើរ​ទៅ​មុខ​ទៀត​កន្លះ​ថ្ងៃ អ្នក​នឹង​ទៅ​ដល់​វាំង​មួយ សែន​ស្អាត មាន​ដំបូល​ខ្ពស់​សន្លឹម ​​សង់​អំពី​ឈើ មាន​ស្រោប​មាស​សន្លឹក និង​តុប​តែង​ដោយ​វត្ថុ​មាន​តម្លៃ​សព្វ​បែប​យ៉ាង។ អ្នក​ចូល​ទៅ​ក្នុង​នោះ អ្នក​នឹង​ដឹង​រឿង​រ៉ាវ​អស់​នេះ​ជា​មិន​ខាន។ ពួក​យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​បាន​ចូល​ទៅ​ក្នុង​វាំង​នោះ​ ហើយ​នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ពួក​យើង​​ខ្វាក់​ភ្នែក​ម្ខាង និង​យក​ម្សៅ​ធ្យូង​មក​ប៉ាត​មុខ​ខ្លួន​ឯង​បែប​នេះ។ ពួក​យើង​មិន​អាច​រៀប​រាប់​ប្រាប់​លោក​ពី​មូល​ហេតុ​របស់​ពួក​យើង​បាន​ទេ ព្រោះ​រឿង​រ៉ាវ​អស់​នេះ​វា​វែង​ឆ្ងាយ​ណាស់ ហើយ​រឿង​រ៉ាវ​ម្នាក់​ៗ​សុទ្ធ​តែ​ខុស​គ្នា​ទាំងអស់”។

លេខ​៨៧ មួយពាន់​មួយ​យប់​ លេខ​៨៩
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s