មួយ​ពាន់​មួយ​យប់​(៨៧)


លេខ៨៦ មួយពាន់មួយយប់ លេខ៨៨

បន្ទាប់​មក​ខ្ញុំ​ក៏​ចេញ​មក​វិញ​តាម​ទ្វារ​នោះ ហើយ​ជា​រៀងរាល់​ថ្ងៃ ខ្ញុំ​ដើរ​ពិនិត្យ​ជុំវិញ​កោះនោះ នៅ​ពេល​យប់​ខ្ញុំ​ត្រឡប់​មក​សម្រាក​នៅ​រូង​ក្រោម​ដី​នោះ​វិញ។

ខ្ញុំ​រស់​នៅ​លើ​កោះ​នោះ​អស់​រយៈ​ពេល​១​ខែ​ រហូត​ដល់​ថ្ងៃ​មួយ ខ្ញុំ​ក្រឡេក​ទៅ​ទិស​ខាង​លិច​នៃ​កោះ​នោះ ក៏សង្កេត​​ឃើញ​ថា​ជា​រៀង​រាល់​ថ្ងៃ​ទឹក​នៅ​ខាង​នោះ​ចេះ​តែ​ស្រកទៅ​ៗ រហូត​ដល់​មួយ​ខែ​ក្រោយ​មក​ក៏​ក្លាយ​ជា​ដី​គោក។​ នៅ​ពេល​នោះ​ខ្ញុំ​រីក​រាយ​ចិត្ត​ជា​ខ្លាំង ខ្ញុំ​ក៏​ក្រោក​ឡើង ខ្ញុំ​ក៏​ដើរ​តាម​ដី​គោក​នោះ ដែលនៅ​​ជា​ភក់​កប់​ត្រឹម​ក្បាល​ជង្គង់។ តែ​ខ្ញុំ​ប្រឹង​ដើរ​ឆ្លង​កាត់​ភក់​នោះ​ ស្រាប់​តែ​នៅ​ពេល​នោះ ខ្ញុំ​ឃើញ​គំនរ​ភ្លើង​មួយ​នៅ​ពី​ចម្ងាយ។

ខ្ញុំ​សង្ឃឹម​ថា ច្បាស់​ជាអាច​ស្វែង​រក​ជំនួយ​បាន​ជា​មិន​ខាន។ ក្នុង​ចិត្ត​របស់​ខ្ញុំ​ពេល​នោះ​ ទន្ទេញ​នូវពាក្យ​​ថា៖

“នេះ​ប្រហែល​ជា​​វាសនាដល់​​         ទើប​ខ្ញុំ​បាន​យល់ភព្វ​​សំណាង

ព្រោះ​វាសនាប្រែប្រួលមិន​ស្វាង     ​ជួន​ល្អ​មិន​ទៀង​ជួន​អាក្រក់។

រឿង​ខ្លះ​មិន​ទាន់​កើតមានឡើង      ទោះ​បី​ជា​រឿងខ្លះ​​កើតចប់

សូម​ឲ្យ​ខ្ញុំ​មាន​សំណាងភព្វ            សម្រេច​បាន​សព្វគ្រប់​បំណង។”

 

ហើយ​នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់​កៀក​នឹង​​ភ្លើង​នោះ ស្រាប់​តែ​ភ្លើង​នោះ​មិន​មែន​ជា​ភ្លើង​ឯ​ណា តែ​ជា​ប្រាសាទ​មួយ​ទៅ​វិញ។ ប្រាសាទ​នោះ​មាន​ទ្វារ​ធ្វើ​ពី​ស្ពាន់​ពណ៌​លឿងចែង​ចាំង នៅ​ពេល​ដែល​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ប៉ះ​នឹង​ទ្វារ​នោះ ទ្វារ​នោះ​ក៏​បញ្ចេញ​ពន្លឺ​ដូច​ជា​ភ្លើងឆេះ។

ខ្ញុំ​ត្រេក​អរ​ខ្លាំងណាស់ ហើយ​ក៏​អង្គុយ​ចុះ​នៅ​ក្បែរ​មាត់​ទ្វារ​នោះ។ ខ្ញុំ​អង្គុយ​ចុះ​មិន​ទាន់​បាន​ស្រួល​បួល​ផង ស្រាប់​តែ​មាន​បុរស​ជំទង់​១០​នាក់​បាន​មក​ដល់។ បុរស​អស់​នេះ​ ស្លៀក​ពាក់​បែប​ថ្លៃ​ថ្នូរ។ ពួក​គេ​ម្នាក់​ៗ​សុទ្ធ​តែ​ខ្វាក់​ភ្នែកឆ្វេង​ដូច​គ្នា។ ពួក​គេ​ដើរ​តាម​តាចាស់​ម្នាក់។

ខ្ញុំ​ងឿង​ឆ្ងល់​ជា​ខ្លាំង​ពី​ដើម​រឿង​របស់​ពួក​គេ ហេតុ​ដូចម្តេច​បាន​ជា​ខ្វាក់​ភ្នែក​ម្ខាង​ដូច​គ្នា​បែប​នេះ។ នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ខ្ញុំ​ ពួក​សម្តែង​ការគួរសម​ជា​មួយ​ខ្ញុំ សាក​សួរ​ពី​ដើម​រឿង​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ប្រាប់​ពួក​គេ​ពី​រឿង​រ៉ាវ​របស់​ខ្ញុំ​ពី​ដើម​ដល់​ចប់។ ដោយ​ពួក​គេ​សុទ្ធ​តែ​ចាប់​អារម្មណ៍​នឹង​រឿង​របស់​ខ្ញុំ ពួក​គេ​ក័៏​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​វិមាន​នោះ។

នៅ​ក្នុង​វិមាន​នោះ មាន​គ្រែ​ដប់ មាន​កម្រាល​ពណ៌​ខៀវ និង​គ្រឿង​តុប​តែង​ទាំងអស់​សុទ្ធ​តែ​ពណ៌​ខៀវ។ នៅ​ចំកណ្តាល​វិមាន​នោះ មាន​គ្រែ​មួយ​ទៀត​តូច​ជាង​មុន តុប​តែ​ង​ដោយ​ពណ៌​ខៀវ​ទាំងអស់ ក្រៅ​ពី​នេះ​គ្មាន​អ្វី​ទាំងអស់។ នៅ​ពេល​ដែល​ពួក​យើង​ចូល​ទៅ​ដល់​ក្នុង​នោះ ពួក​គេ​ក៏​ទៅ​អង្គុយ​លើ​គ្រែ​របស់​ខ្លួន រីឯ​តាចាស់​នោះ​ក៏​ទៅ​អង្គុយ​នៅ​គ្រែ​របស់​គាត់​ដែល​តូច​ជាងគេ​ស្ថិត​នៅ​ចំកណ្តាល។

គាត់​និយាយ​មក​កាន់​ខ្ញុំ​ថា

“​នែ​ក្មួយ​ប្រុស ចូរ​ឯង​អង្គុយ​នៅ​នឹង​កម្រាល​នេះ​ចុះ ហើយ​កុំ​សួរ​ដេញ​ដោល​ពី​មូល​ហេតុ​ដែល​យើង​ខ្វាក់​ភ្នែក​អី”។

បន្ទាប់​មក​គាត់​ក៏​ក្រោក​ឡើង រៀប​ចំ​ម្ហូប​អាហារ​នៅ​ចំ​ពី​មុខ​បុរស​ជំទង់​អស់​នោះ។ គាត់​ក៏​បាន​រៀប​ចំ​ម្ហូប​អាហារ​ដូច​គ្នា​សម្រាប់​ខ្ញុំ​ដែរ។ ក្រោយ​មក​ពួក​គេ​បាន​សាក​សួរ​ខ្ញុំ​អំពី​ដំណើរ​ផ្សង​ព្រេង​របស់​ខ្ញុំ។ ខ្ញុំ​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​រឿង​រ៉ាវ​របស់​ខ្ញុំ​រហូត​ដល់​យប់​។ បន្ទាប់​មក​បុរស​ជំទង់​ម្នាក់​និយាយ​នឹង​តាចាស់​នោះ​ថា

“លោក​តា ម៉េច​ក៏​លោក​តា​មិន​រៀប​ចំ​ឱ្យ​យើង​ដូច​រាល់​ដង? ពេល​វេលា​បាន​មក​ដល់​ហើយ”។

គាត់​ក៏​តប​ថា

“ដោយ​ក្តី​រីករាយ”។

គាត់​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​តូច​មួយ ហើយ​ត្រឡប់​មក​វិញ ដោយ​ទូល​ថា​ស​ចំនួន​១០​លើ​ក្បាល​របស់​គាត់។ ថាស​និមួយ​សុទ្ធ​តែ​មាន​ក្រណាត់​​ពណ៌​ខៀវ​គ្រប​ពី​លើ​។​​ គាត់​រៀប​ចំថាស​នោះ​ ដាក់​នៅ​ពី​មុខ​យុវជន​អស់​នោះ គាត់​ដុត​ទៀន​ក្រមួន​១០​ដើម គាត់​ដាក់​ទៀន​មួយ​ដើមៗ​​លើ​ថាសនិមួយៗ។ គាត់​យក​ក្រណាត់​គ្រប​លើ​ថាស​នោះ​ចេញ។

ស្រាប់​តែ​នៅ​ពី​ក្រោម​នោះ គ្មាន​អ្វី​សោះ មាន​តែ​ផេះ ម្សៅ​ធ្យូង និង ម្រែង​ភ្លើង។ បន្ទាប់​មក​យុវជន​ទាំង​១០​នាក់​នោះ ក៏យក​ផេះ​ ធ្យូង​ និង​ម្រែង​ភ្លើង​អស់​នោះ​មក​ប៉ាត​មុខ​ សម្លៀក​បំពាក់​ខ្លួន​ឯង រួច​​នាំ​គ្នា​យំ ហើយ​ស្រែក​ថា​

“​យើង​បាន​អង្គុយ​ដោយ​សុខ​ស្រួល​ តែការ​ចចេស​ចង់​ដឹង​របស់​ពួក​យើង​មិន​ឲ្យ​យើង​នៅ​ស្រួល​ទេ!​”។

ពួក​គេ​នៅ​តែ​ធ្វើ​បែប​នេះ​រហូត​ដល់​យប់​ជ្រៅ នៅ​ពេល​នោះ​តា​ចាស់​នោះ ក៏​ក្រោក​ឡើង ទៅ​កម្តៅ​ទឹកឲ្យ​ពួក​គេ ហើយ​ពួក​គេ​ក៏​លុប​លាង​មុខ​មាត់​របស់​ខ្លួន  រួច​ដូរ​សម្លៀក​បំពាក់​ថ្មី។

នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​បែប​នេះ អ្នក​ស្រី​អើយ ខ្ញុំ​ងឿង​ឆ្ងល់​ជា​ខ្លាំង ចិត្ត​ខ្ញុំ​ជ្រួល​ច្របល់​ចង់​ដឹង​មូល​ហេតុ​នៃ​រឿង​អស់​នេះ រហូត​ដល់​ភ្លេច​ពាក្យ​បណ្តាំ​របស់​តា​ចាស់ ក៏​ របូត​មាត់​សួរ​ពួក​គេ​ថា

“ម៉េច​ក៏​ពួក​ឯង​យំ​សោក​បែប​នេះ ពេល​ដែល​បាន​បើក​មើល​របស់​លើ​ថាស​នោះ​ហើយ? សូម​អស់​លោក​មេត្តា​ប្រាប់​ខ្ញុំ​មក តើ​ហេតុ​អ្វីបាន​ជា​ពួក​អស់​លោក​សុទ្ធ​តែ​ខ្វាក់​ភ្នែក​ម្ខាង​បែប​នេះ? ហើយ​ហេតុ​អ្វី​បាន​ជា​យក​ធ្យូង​នេះ​មក​ប៉ាត​មុខ​ខ្លួន​ឯង​បែប​នេះ?”។

លេខ៨៦ មួយពាន់មួយយប់ លេខ៨៨
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s