ទឹកចិត្តស្រឡាញ់របស់កុមារម្នាក់


.

ទឹក​ចិត្ត​​ស្រឡាញ់​របស់​កុមារ​ម្នាក់

 

នៅ​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម័ស​មួយ​ថ្ងៃ ខ្ញុំ​បាន​ប្រញាប់ប្រញាល់​ទៅ​ផ្សារ​ដើម្បី​ទិញ​កាដូ​ខ្លះ​ដែល​មិន​ទាន់​បាន​ទិញ។ ពេល​ទៅ​ដល់​ផ្សារ​ខ្ញុំ​ឃើញមនុស្ស​ណែន​តាន់​តាប់។ ​ពេល​ឃើញ​មនុស្ស​ច្រើនបែប​នេះ ខ្ញុំ​ក៏​ចាប់​ផ្តើម​រអ៊ូរ​ក្នុង​ចិត្ត​ថា

“ចាំ​ម៉ា​​ង៉ៃ​ទៀត​ក៏​ទិញ​អី​មិន​បាន​ផង ត្រូវ​ទិញ​អីវ៉ាន់​កន្លែង​ផ្សេង​ទៀត​ផង”​

ថ្ងៃ​បុណ្យ​គ្រីស្ទម័ស កាន់​តែ​គួរ​ឲ្យ​ធុញ​ទ្រាន់​ទៅ​ៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តាម​តែ​ចិត្ត​ខ្ញុំ​គឺ​ដេកលេង​យ៉ាង​​ស្រួល មិន​បាច់​ធ្វើ​អី​ទេ។​

ខ្ញុំ​ក៏​ចេញ​ពី​ទី​នោះ​ទៅ​កន្លែង​លក់​របស់​ក្មេង​លេង។ ខ្ញុំ​ចាប់​ផ្តើម​ពិនិត្យ​មើល​តម្លៃ ខ្ញុំ​ឆ្ងល់​ថា ក្មេង​លេង​របស់​ថ្លៃ​បែប​ហ្នឹង​ដែរ?។

ពេល​កំពុង​តែ​សម្លឹង​មើល​ទៅ​កន្លែង​លក់​គ្រឿង​ក្មេង​លេង ខ្ញុំ​ឃើញ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល​ប្រាំ​ឆ្នាំ កំពុង​តែ​ឱប​កូន​ក្រមុំ​ជ័រ​​មួយ​នៅ​នឹង​ទ្រូង។ វា​អង្អែល​សក់​កូន​ក្រមុំ​នោះ។ វា​មាន​ទឹក​មុខ​គួរ​ឲ្យ​អាណិត។ ខ្ញុំ​ក៏​ឆ្ងល់​ថា​តើ​ក្មេង​ប្រុស​នេះ​ចង់​បាន​កូន​ក្រមុំ​ជ័រ​នេះ​ទៅ​ឲ្យ​អ្នក​ណា?។ ពេល​នោះ​ ក្មេង​ប្រុស​ម្នាក់​នេះ​ បែរ​មុខ​ទៅ​លោក​យាយ​ចាស់​ម្នាក់​នៅ​ជិត​វា ហើយ​និយាយ​ថា “លោក​យាយ ចៅ​ពិត​ជា​គ្មាន​លុយ​គ្រប់​មែន​..?”

យាយ​ចាស់​នោះ​តប​ថា

“ចៅ​សម្លាញ់​យាយ… ​លុយចៅ​ឯង​ទិញ​តុក្កតា​នេះ​មិន​​បាន​​​ទេ”

បន្ទាប់​មក​យាយ​ម្នាក់​ក៏​ឲ្យ​ក្មេង​ប្រុស​នៅ​ចាំ​គាត់​ទី​នោះ​ប្រាំ​នាទី ព្រោះ​គាត់​ត្រូវ​ដើរ​មើល​ទំនិញ​​ខ្លះ​ទៀត។ គាត់​ក៏​ដើរ​ចេញ​បាត់​ទៅ។ ក្មេង​តូច​នោះ នៅ​តែ​កាន់​​កូន​ក្រមុំ​ជ័រក្នុង​ដៃ​​​ដដែល។

ខ្ញុំ​ក៏​ដើរ​ទៅ​ជិត​ក្មេង​នោះ រួច​សួរ​វា​ថា

“ក្មួយ​ឯង​ចង់​បាន​វា​ ទុក​ឲ្យ​នរណា?”

“នេះ​ជា​កូន​ក្រមុំ​ដែល​បង​ស្រី​របស់​ខ្ញុំ​ស្រឡាញ់​បំផុត ហើយ​ចង់​បាន​វា​ជា​កាដូ​ថ្ងៃ​​បុណ្យ​គ្រីស្ទម័សនេះ។ បង​ស្រី​ជឿ​ថា​តា​សាន់តា​ក្លូស​នឹង​ឲ្យ​កាដូ​​កូន​ក្រមុំ​ជ័រ​នេះ​ដល់​គាត់ នៅ​ថ្ងៃ​​បុណ្យ​គ្រីស្ទម័សនេះ” ក្មេង​នោះ​តប។

ខ្ញុំ​ក៏​តប​ថា

“ប្រហែល​ជា​តា​សាន់តា​ក្លូស​នឹង​ឲ្យ​កាដូ​កូន​ក្រមុំ​ជ័រ​នេះ​ដល់​នាង​ហើយ ក្មួយមិន​បាច់​បារម្ភ​ទេ”។

តែ​ក្មេង​នោះ​តប​មក​ខ្ញុំ​វិញ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​។

“ទេ សាន់តា​ក្លូស​មិន​អាច​យក​កាដូ​នេះ​ទៅ​ឲ្យ​បងស្រី​​បាន​ទេ។ ខ្ញុំ​ត្រូវ​យក​កាដូ​នេះ​ទៅ​ឲ្យ​ម៉ាក់​របស់​ខ្ញុំ រួច​ហើយ​គាត់​នឹងយក​វា​ទៅ​ឲ្យ​បង​ស្រី​ពេល​គាត់​ទៅ​ជួប​នឹង​បង​ស្រីនៅ​ទី​នោះ​”

ក្មេង​នោះមាន​កែវ​ភ្នែក​គួរ​ឲ្យ​អាណិត​ណាស់ ​ពេល​ដែល​វា​និយាយ​មកកាន់​ខ្ញុំ។

“​បង​ស្រី​ គាត់​ទៅ​នៅ​ជាមួយ​ព្រះ​នៅ​ឯ​ស្ថាន​សួគ៌។ ប៉ា​និយាយ​ប្រាប់​ថា ម៉ាក់​នឹង​ទៅ​នៅ​ស្ថាន​សួគ៌​ឆាប់ៗ​នេះ​ហើយ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ម៉ាក់​នឹង​យក​កូន​ក្រមុំ​ជ័រ​នេះ​ទៅ​ឲ្យ​បង​ស្រី។”

បេះដូង​របស់​ខ្ញុំ​ស្ទើរ​តែ​ឈប់​ដើរ​ទៅ​ហើយ។ ក្មេង​ប្រុស​ម្នាក់​នោះ​សម្លឹង​មើល​មក​ខ្ញុំ ហើយ​និយាយ​ថា

“ខ្ញុំ​ប្រាប់​ប៉ា​ថា​ កុំ​ទាន់​ឲ្យ​ម៉ាក់​ទៅ​អី។ ខ្ញុំ​សុំ​ឲ្យ​គាត់​ចាំ​ខ្ញុំ​ត្រឡប់ទៅ​​ពី​ផ្សារ​វិញ។”

បន្ទាប់​មក​ក្មេង​ប្រុស​នោះ​បង្ហាញ​រូប​ថត​មួយ​សន្លឹក​របស់​វា កំពុង​សើច។ វា​ប្រាប់​ខ្ញុំ​ថា

“ខ្ញុំ​ចង់​ឲ្យ​ម៉ាក់​យក​រូប​ថត​នេះ​ទៅ​ជា​មួយ​គាត់​ ដើម្បី​កុំ​ឲ្យ​គាត់​ភ្លេច​ខ្ញុំ”​

“​ខ្ញុំ​ស្រឡាញ់​ម៉ាក់​ណាស់ ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ចាក​ចេញ​ពី​ខ្ញុំ​ទេ តែ​ប៉ា​ប្រាប់​ថា ម៉ាក់​ត្រូវ​តែ​ទៅ ព្រោះ​គាត់​ត្រូវ​ទៅ​មើល​បង​ស្រី”

​បន្ទាប់​មក​ក្មេង​ប្រុស​នោះ​ក៏​ក្រឡេក​មើល​ទៅ​កូន​ក្រមុំ​ជ័រ​នោះ​ម្តង​ទៀត ដោយ​ទឹក​មុខយ៉ាង​កម្សត់ យ៉ាង​ស្ងៀម​ស្ងាត់។ ខ្ញុំ​ក៏​លួច​យក​កាបូក​លុយ​របស់​ខ្ញុំ រួច​ដក​យក​លុយ​ប៉ុន្មាន​សន្លឹក​ចេញ​មក ខ្ញុំ​និយាយ​នឹង​ក្មេង​នោះ​ថា

“ឥលូវ​យើង​នាំ​គ្នា​រាប់​លុយ​របស់ក្មួយ​ឯង​ម្តង​ទៀត​មើល ក្រែង​លោ​គ្រប់”

“បាទ” ក្មេង​នោះ​តប “ខ្ញុំ​សង្ឃឹម​ថា​នឹង​គ្រប់​”

ខ្ញុំ​ក៏​លួច​បន្ថែម​លុយ​របស់​ខ្ញុំ​ចូល​ក្នុង​លុយ​របស់​ក្មេង​នោះ ដោយ​មិន​ឲ្យ​វា​ដឹង​ខ្លួន យើង​ក៏​ចាប់​ផ្តើម​រាប់។ លុយ​មាន​​គ្រប់​អាច​នឹង​ទិញកូន​ក្រមុំ​ជ័រ​នោះបាន ហើយ​ថែម​ទាំង​សល់​ខ្លះ​ថែម​ទៀត​ផង។

ក្មេង​នោះអរជា​ខ្លាំង ​និយាយ​ថា

“សូម​អរគុណ​ទេវតា ដែល​ជួយ​ឲ្យ​ខ្ញុំ​មាន​លុយ​គ្រប់”

វា​មើល​មុខ​ខ្ញុំ ហើយ​និយាយ​ថា

“ម្សិល​មិញ មុន​នឹង​ចូល​គេង​ ខ្ញុំ​បាន​បន់​ដល់​ទេវតា​ សុំ​ជួយ​ឲ្យ​ខ្ញុំ​មាន​លុយ​គ្រប់ ដើម្បី​ទិញ​កូន​ក្រមុំ​ជ័រ​នេះ​ ឲ្យ​បង​ស្រី។ ឥលូវ​នេះ​ ទេវតា​ពិត​ជា​ជួយ​មែន។”

“តាម​ពិត ខ្ញុំ​ចង់​មាន​លុយ​ទិញ​ផ្កា​កុលាប​ស​ សម្រាប់​ម៉ាក់​ទៀត តែ​មិន​ខ្ញុំ​មិន​ហ៊ាន​សុំ​ទេវតា​ច្រើន​ពេក​ទេ។ ប៉ុន្តែ​ទេវតា​ ឲ្យ​លុយ​ខ្ញុំ​គ្រប់អាច​​ទិញ​បាន​កូន​ក្រមុំ​នេះហើយ សល់​លុយ​អាច​ទិញ​បាន​​ផ្កា​កុលាប​ស​ទៀតសម្រាប់​ម៉ាក់​ទៀត។”

“​លោក​ពូ​ដឹង​ទេ ម៉ាក់​ខ្ញុំ​ចូល​ចិត្ត​កុលាប​ស​ណាស់។”

បន្តិច​ក្រោយ​មក​ស្ត្រី​ចំណាស់​នោះ​ក៏​មក​ដល់ ហើយ​ខ្ញុំ​ដើរ​ចេញ​ពី​ក្មេង​ប្រុស​នោះ។ ខ្ញុំ​ចេញ​ពី​ហាង​ទំនិញវិញ ដោយ​ក្នុង​ចិត្ត​ខុស​ស្រឡះ​ពី​កាល​ចូលទៅ​​ក្នុង​ហាង​នេះ។ ខ្ញុំ​មិន​អាច​បំភ្លេច​ក្មេង​ប្រុស​នោះ​ ពី​ក្នុង​ចិត្ត​របស់​ខ្ញុំ​បានទាល់​តែ​សោះ។​

ខ្ញុំ​នឹក​ឃើញ​ថា កាល​ពី​ពីរ​ថ្ងៃ​មុន កាសែត​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​ថា បុរស​ស្រវឹង​ស្រា​ម្នាក់​បាន​ជិះ​ឡានដឹក​ដី បុក​កូន​ឡាន​មួយ ដែល​បើក​បរ​ដោយ​ស្ត្រី​ជំទង់​ម្នាក់ ហើយ​មាន​ក្មេង​ស្រី​ម្នាក់​ជិះ​ជាមួយ​ផង។ ក្មេង​ស្រី​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ រី​ឯ​ម្តាយ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត។​

ជា​គ្រួសារ​របស់​ក្មេង​ប្រុស​នោះ​ទេ​ដឹង?

ពីរ​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​ទទួល​ដំណឹង​ថា ស្ត្រី​ម្នាក់នោះ​បាន​លា​ចាក​លោក​នេះ​ហើយ។ ខ្ញុំ​ទ្រាំ​មិន​បាន​ ក៏​ទិញ​ផ្កា​កុលាប​ស​មួយ​បាច់ ហើយ​ទៅ​កន្លែង​បញ្ចុះសព​ស្រ្តី​នោះ ដែល​កំពុង​តែ​រៀប​ចំ​បញ្ចុះ។

នាង​នៅ​ទី​នោះ នៅ​ក្នុង​មឈូសរបស់​នាង នាង​កាន់​ផ្កា​កុលាប​ស​មួយ​ទង​នៅ​នឹង​ដៃ ​រូប​ថត​របស់​ក្មេង​ប្រុស​នោះ កូន​ក្រមុំ​ជ័រ​ដាក់​លើ​ទ្រូង​របស់​នាង។ ខ្ញុំ​​ចេញ​ពី​ទី​នោះ​មក​វិញ​ទាំង​ទឹក​ភ្នែក ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង។ សេចក្តី​ស្រឡាញ់​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​ចំពោះ​ម្តាយ​របស់​វា ចំពោះ​បង​ស្រី​របស់​វា រហូត​មក​ដល់​ថ្ងៃ​នោះ ខ្ញុំ​នៅ​តែ​មិន​អាច​បំភ្លេច​បាន​។ តែ​​​បុរស​ប្រមឹក​ម្នាក់ ​បាន​ឆក់​យកអ្វី​ៗ​ទាំង​អស់​ពី​​ក្មេង​ប្រុស​ម្នាក់​នោះ តែ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក។

“បើ​អ្នក​ផឹក​ស្រា​ទៅ​ហើយ សូម​កុំ​បើក​បរ។ បើ​អ្នក​នៅ​តែ​ធ្វើ​បែប​នេះ ជីវិត​ដ៏​ថោកទាប​របស់​អ្នក​ អាច​នឹង​បំផ្លាញ ជីវិត​របស់​ត្រកាល​របស់អ្នក​ដទៃ​​បាន”

ដក​ស្រង់​ចេញ​​ពី​

http://www.lovefatedestiny.com

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to ទឹកចិត្តស្រឡាញ់របស់កុមារម្នាក់

  1. RAsmey ថា:

    នេះពិតជាសោកនាដកម្មមួយដែលគួរឲ្យសោកស្តាយមែន។
    ពិតជាកំសត់ណាស់។ បងជួបរឿងពិសេសមែន។ ខ្ញុំសូមសំដែងនូវការសរសើរដ៏ស្មោះអស់ពីបេះដូងរបស់ខ្ញុំជូនចំពោះ
    បង។​ បងពិតជាមានសន្តានចិត្តល្អមែន។ ហើយរឿងនេះក៏មិនគួរតែកើតមានឡើយ។

  2. វិចិត្រ ថា:

    កុំ​ច្រលំ​ថា​ខ្ញុំ​ជួប​នឹង​រឿង​នេះ​ណា អ្នក​និពន្ធ​រឿង​ទេ​ដែល​ជា​អ្នក​ជួប ហើយ ខ្ញុំ​មិន​មែន​ជា​អ្នក​និពន្ធ​រឿង​នេះ​ទេ។
    😀

  3. monida ថា:

    ខ្ញុំពេញចិត្តរឿងនេះណាស់។ ជារឿងអប់រំដ៏ល្អមួយ។

  4. វិចិត្រ ថា:

    ថ្មីៗ​នេះ លើ​កោះ​សន្តិភាព​ ឃើញ​មាន​អា​ប្រមឹក​ណា​មួយ​នោះ ទើប​នឹង​បើក​ឡាន​បុក​ប៉ូលីស​ស្លាប់​ម្នាក់។

  5. រ៉ាមណា ថា:

    បង​ដូច​ជា​អត់​ចូលចិត្ត​ ស្រា​ទេ​មែន​ទេ? រឿង​ពី​រឿង​ហើយ​សុទ្ធ​តែ​ឥទ្ធិពល​អាក្រក់​ពី​ស្រា​ ។ ក្មេង​ប្រុស​ម្នាក់នោះ​ពិត​ជា​គួរ​អោយ​អាណិត​ណាស់ 😦

  6. វិចិត្រ ថា:

    ខ្ញុំ​គ្រាន់​តែ​ប្រឆាំង​នឹងអ្នក​ផឹក​ស្រា​ស្រវឹង​ ហើយ​បង្ក​រឿង​តែ​ប៉ុណ្ណោះ។ 😀

  7. ផេងជី ថា:

    បាន​អាន​រឿង​ថ្មីៗ​ប្លែកៗ មាន​អារម្មរណ៍​ចំឡែក​ម្យ៉ាង! ស្នាដៃ​​អ្នក​និពន្ធថ្មីមានហើយ​បង​ប្អូន! កុំ​ភ្លេច​ហៅ​មិត្ត​ភក្តិ​យើង​ចូល​មក​អាន​ផង!

  8. RAsmey ថា:

    អរចឹងទេ…. តែរឿងនេះពិតជាមានន័យអប់រំល្អមែន។

  9. គួរ​ឲ្យ​អាណិត​ក្មេង​នោះ​មែន​ទែន! រឿង​បរទេស​មួយ​ៗ ពិត​ជា​មិន​អន់​មែន។ ភាគ​ច្រើន​បង្កប់​អាថ៌កំបាំង​ លាក់​សាច់​រឿង​ អ្នក​អាន​ អាន​ហើយ​ ត្រូវ​តែ​ចង់​អាន​ត​ បើ​មិនដូច្នោះ​ពិត​ជា​បាយ​មិន​ឆ្ងាញ់​ ដេក​មិន​លក់​ទេ។

  10. ផេងជី ថា:

    អាចម៍​ផ្កាយ​និយាយ​បែប​រូម៉ែន​ទិក សង្ស័យ​កំពុង​មាន​ស្នេហា​ហើយ​មើល​​ទៅ!

  11. និយាយចឹង​រ៉ូមែន​ទិក? រឿង​ស្នេហានោះ​ មាន​យូរ​ហើយ​ មិនមែន​ទើប​តែ​មាន​ឥឡូវ​ទេ;-D

  12. រ៉ាមណា ថា:

    ហាហា​ ចឹង​មាន​ន័យ​ថា​បង​ចូលចិត្ត​ញ៉ាំ​ស្រា​ដដែល​គ្រាន់​តែ មិន​ចូល​ចិត្ត​បង្ក​រឿង ម្យ៉ាង​ដែរ ។ ប្រុស​ៗ​តែប៉ុណ្ណឹង

  13. វិចិត្រ ថា:

    រ៉ាមណា៖ មិន​ស្អប់ មិន​ប្រាកដ​ថា ចូល​ចិត្ត​ទេ គ្រាន់​តែ​មិន​ស្អប់​ប៉ុណ្ណោះ។
    ខ្ញុំ​មិន​ចូល​ចិត្ត​ស្រា​ តែ​មិន​មែន​មាន​ន័យ​ថា ខ្ញុំត្រូវ​តែ​ប្រឆាំង​នឹង​ស្រា​នោះ​ទេ តែ​ខ្ញុំ​ប្រឆាំង​​មនុស្ស​ប្រមឹក​ ដើរលេង​មិន​ចូល​ផ្ទះ ផឹក​ស្រា​ស្រវឹង​ហើយ​បើក​ឡាន​បុក​គេ​បុក​ឯង បង្ក​រឿង​វាយ​តប់​គ្នា បាញ់​បោះ​។ល។

    ហើយ​រឿង​អាក្រក់​ ដែល​កើត​ឡើង តាម​ពិត​ទៅ​មិន​មែន​ជា​កំហុស​របស់​ស្រា​នោះ ទេ តែជា​កំហុស​របស់​បុគ្គល​នោះ​តែ​ម្តង។
    វា​ពិត​ណាស់​ពេល​ស្រវឹង​ទៅ ស្រា​ធ្វើ​អោយ​មនុស្សជោរ ក្លាហាន ហ៊ាន​ធ្វើ​គ្រប់​រឿង​លាក់​ក្នុង​ចិត្ត។ តែ​ស្រា​មិន​មែន​ជា​អ្នក​បង្ខំ​មនុស្ស​អោយ​ផឹក​ឯណា?
    ​ស្រា​អាច​ជា​គ្រឿង​កំដៅនៅ​ពេល​រងារ ស្រា​អាច​យក​ទៅ​ធ្វើ​ថ្នាំ សំរាប់​ស្ត្រី​ខ្លះ។ ផល​របស់​វា​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ។
    ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំនិយាយ​ថា ខ្ញុំ​មិន​ប្រឆាំង​នឹង​ស្រា​ទេ។
    ម៉េច​យល់​នៅ.. 😀

  14. រ៉ាមណា ថា:

    ចា៎​ យល់ហើយ លោក និយាយ​វែង​ម៉េះ 😦

  15. la1 ថា:

    សុទ្ធ​តែ​ជីវិត​ដ៏​ថោក​ទាប​របស់​អ្នក​ទៀត :E

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s