មួយ​ពាន់​មួយ​យប់​(៨៤)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

.

យប់​ទី​១៥

​នាង​ឆាហរ៉ាសាត​ក៏​បន្ត​ថា អ្នក​បួស​ទី​៣​នោះ​និយាយ​បន្ត​ទៀត​ថា នៅ​ពេល​នោះ ខ្ញុំបាន​ថ្លែង​អំណរគុណ​ព្រះ​ជា​ម្ចាស់ រួច​ហើយ​ក៏​ឡើង​តាម​រូង​តូច​នោះ​បន្តិច​ម្តងៗ​។ នៅ​ពេល​នោះ​ដោយសារ​មាន​ខ្យល់​បក់​បន្ថែម​ទៀត​ផង ធ្វើ​ឱ្យ​ខ្ញុំឡើង​តាម​រូង​នោះ​កាន់​តែ​ស្រួល រហូត​ដល់​កំពូល​ភ្នំ។ នៅ​ទី​នោះ​គ្មាន​កន្លែង​ឯណា​នឹង​អាច​ឈប់​សម្រាក​បាន​ឡើយ​ក្រៅ​តែ​អំពី​ប្រាសាទ​ប្រាក់​មួយ​នោះ។ ខ្ញុំ​ក៏​ចូល​ទៅ​សម្រាក​នៅ​ទី​នោះ ខ្ញុំ​បាន​ធ្វើ​សមាធិ នឹក​ដល់​គុណ​ព្រះ​ជា​ម្ចាស់។ បន្ទាប់​មក​ខ្ញុំ​ក៏​ដេក​លក់​នៅ​ក្នុង​ប្រាសាទ​នោះ​ទៅ។ ខ្ញុំ​យល់​សប្តិ​ឃើញ​គេមក​ប្រាប់​ខ្ញុំ​ថា

“នែ​កូនអា​កាស៊ិប នៅ​ពេល​ដែល​ឯង​ភ្ញាក់​ដឹង​ខ្លួន​វិញ ចូរ​ឯង​ទៅ​ជីក នៅ​ក្រោម​ជើង​របស់​ឯង ហើយ​ឯង​នឹង​ឃើញមាន​ព្រួញប្រាក់​​មួយ និង​ផ្លែ​សំណ​បី មាន​​គាថា​ចារ​នៅ​លើ​នោះ​ផង។ ឯង​យក​ព្រួញ​នេះ​ទៅ​បាញ់​​បុរស​ជិះ​សេះ​លើ​កំពូល​ប្រាសាទ​នេះ​ទៅ ដើម្បី​ជួយ​មនុស្ស​លោក​ពី​គ្រោះ​អាក្រក់​នេះ។ នៅ​ពេល​ដែល​ឯង​បាញ់​វា​ហើយ វា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​សេះ​របស់​វា​នឹង​ធ្លាក់​មក​ក្បែរ​ជើង​របស់​ឯង។ ចូរ​ឯង​យក​សេះ​នេះ​ទៅ​កប់​កន្លែង​ដែល​ឯង​កាយ​យក​ព្រួញ​នេះ​មក។ ​​បើ​ឯង​ធ្វើ​បាន​បែប​នេះ នោះ​កោះ​នេះ​នឹង​លិច​ចុះ ទៅ​ក្នុង​ទឹក​សមុទ្ររហូត​ទាល់​តែ​កំពូល​ភ្នំ​នេះ​ស្មើ​ផ្ទៃ​ទឹក​សមុទ្រ។ នៅ​ពេល​នោះ ​ឯង​នឹង​ឃើញ​មាន​ទូក​មួយ​លេច​ចេញ​មក លើ​ទូក​នោះ​មាន​បុរស​ប្រាក់​ម្នាក់​ តែ​មិន​មែន​ជា​បុរស​ដែល​ឯង​បាញ់​ទម្លាក់​នោះ​ទេ។ នៅ​លើ​ដៃ​បុរស​នោះ មាន​កាន់​ច្រវារ​ពីរ។ បុរស​នោះ​នឹង​នាំ​ឯង​ឡើង​លើ​ទូក តែ​ឯង​កុំ​ភ្លេច ឯ​មិន​ត្រូវ​​និយាយ​អ្វី​ទាក់​ទង​ដល់​​ព្រះ​ជា​ម្ចាស់ទេ​។ បុរស​នោះ​នឹង​នាំ​ឯង​ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ រហូត​ដល់​កោះ​មួយ មាន​ឈ្មោះ​ថា កោះ​សុវត្ថិភាព។ នៅលើ​កោះ​នោះ​ ឯង​អាច​រក​កំពង់​ផែ​ដែល​អាច​នាំ​ឯង​ទៅ​ស្រុក​របស់​ឯង​វិញ​បាន​ដោយ​ងាយ។ កាងារ​នេះ​ឯង​អាច​ធ្វើ​បាន​ទាំង​អស់ តែ​កុំ​ភ្លេច​មិន​ត្រូវ​និយាយ​អ្វី​ដែល​មាន​ឈ្មោះ​ព្រះ​ជា​ម្ចាស់​ជា​ដាច់​ខាត”។

នៅ​ពេល​នោះ​ខ្ញុំ​ក៏​ភ្ញាក់​ពី​ដំណេក​វិញដោយ​រីករាយ ខ្ញុំ​ក៏​ធ្វើ​តាម​ពាក្យ​បង្គាប់​ក្នុង​សុបិន​របស់​ខ្ញុំ ក៏​ឃើញ​ព្រួញ​ប្រាក់​និង​ផ្លែ​សំណ​មែន។ ខ្ញុំ​ក៏​យក​ទៅ​បាញ់​បុរសជិះ​សេះ​​នោះ។ បុរស​នោះ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ រី​ឯ​សេះ​វិញ​ ធ្លាក់​មក​នៅ​ចុង​ជើង​របស់​ខ្ញុំ។ ​ខ្ញុំ​ក៏​យក​សេះ​ទៅ​កប់​។ នៅ​ពេល​នោះ​ទឹក​សមុទ្រ​ក៏​ឡើង​បន្តិច​ម្តង​ៗ រហូត​ដល់​កំពូល​ភ្នំ នៅ​ពេល​នោះ​ខ្ញុំ​ទូក​មួយ​បាន​មក​ដល់​។ ខ្ញុំ​អរគុណ​ព្រះ​អាឡាហ៍។ នៅ​ពេល​ដែល​ទូក​នោះមក​ជិត​ខ្ញុំ ខ្ញុំ​ឃើញ​បុរស​ប្រាក់​ម្នាក់​ មាន​បន្ទះ​សំណ​មួយមាន​ចារ​​គាថា​ ​នៅលើ​ទ្រូង​របស់​គាត់។ ខ្ញុំ​ក៏​ឡើង​ទៅ​លើ​ទូក​ដោយ​គ្មាន​និយាយ​អ្វី​មួយ​ម៉ាត់​។ បុរស​នោះ​ក៏​ដឹក​ខ្ញុំ​អស់​រយៈពេល​១០​ថ្ងៃ រហូត​ទាល់​តែ​ខ្ញុំ​មើល​ឃើញ​​កោះ​សុវត្ថិភាព។ នៅ​ពេល​ខ្ញុំ​រីករាយ​ជា​ខ្លាំង ខ្ញុំ​ក៏​និយាយ​ថា

​”សូម​អរគុណ​ដល់​ព្រះ​អាឡាហ៍”។

ស្រាប់​តែ​នៅ​ពេល​នោះ​បុរស​អុំ​ទូក​នោះ ខឹង​នឹង​ខ្ញុំ ក៏​ចាប់​ខ្ញុំ​បោះ​ចូល​ក្នុងទឹក រួច​ហើយ​បុរស​នោះ​ក៏​លិច​ចូល​ក្នុង​ទឹក​វិញ​បាត់​ទៅ។ តែ​ដោយ​ខ្ញុំ​ជា​អ្នក​ពូកែ​ហែល​ទឹក​ស្រាប់​ផង ខ្ញុំ​ហែល​ទឹក​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ នៅ​ពេល​នោះ​ ដៃ​និង​ស្មា​របស់​ខ្ញុំ​បាន​ចុក​រោយ​ជា​ខ្លាំង ខ្ញុំ​ហត់​ស្ទើរ​ស្លាប់​ទៅ​ហើយ នៅ​ពេល​នោះ​ខ្ញុំ​អស់​សង្ឃឹម​ទៅ​ហើយ។ សមុទ្រ​នៅ​តែ​មាន​រលក​បោក​បក់ ដោយ​សារ​ខ្យល់​នៅ​តែ​បក់ ស្រាប់​តែ​ពេល​នោះ​មាន​រលក​ធំ​មួយ​ បាន​បោក​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ។ ខ្ញុំ​ក៏​ឃ្ទាត​ទៅក្នុង​ខ្យល់ ប៉ើង​ទៅ​ដល់​លើ​គោក។ ខ្ញុំ​ក៏​ក្រោក​ឡើង​ទៅ​អង្គុយ​ហាល​ថ្ងៃ សម្ងួត​ខោអាវ​របស់​ខ្ញុំ រួច​ហើយ​សម្រាក​នៅ​ទី​នោះ​អស់​មួយ​យប់​ពេញ។ នៅ​ព្រឹក​ឡើង ខ្ញុំ​ក៏​ដើរ​រក​មើល​ផ្លូវ​។ ខ្ញុំ​ឃើញ​ដើម​ឈើ​ មាន​ស្លឹក​ស៊ុបទ្រុប​មួយ​ដើម។ ខ្ញុំ​ក៏​ឡើង​លើ​ដើម​ឈើ​នោះ មើល​ជុំវិញ​ខ្លួន ក៏​ដឹង​ថា​កោះ​នេះ​ជា​កូន​កោះ​តូច​មួយ​ប៉ុណ្ណោះ នៅ​ជុំវិញ​សុទ្ធ​តែ​សមុទ្រ ខ្ញុំ​ក៏​និយាយ​នឹង​ខ្លួន​ឯង​ថា

“ឱ​ខ្លួន​ខ្ញុំ​អើយ រួច​ផុត​ពី​ទុក្ខ​មួយ មក​ជួប​នឹង​ទុក្ខ​មួយ​ទៀត​កាន់​តែ​ធំ​ជាង​មុនទៅ​ទៀត”។

តែ​ស្រាប់​តែ​ពេល​នោះ មាន​ឃើញ​សំពៅ​មួយ​ពី​ចម្ងាយ ធ្វើ​ដំណើរ​សំដៅ​មក​កោះ​នេះ។ ខ្ញុំ​ក៏លាក់​ខ្លួន​ក្នុង​មែក​ឈើ​នោះ។ នៅ​ពេល​នោះ​សំពៅ​ក៏​បាន​មក​ដល់​កោះ​នេះ មាន​ទាសករ​ខ្មៅ​ដប់​នាក់​ចុះ​មក ម្នាក់ៗ​សុទ្ធ​តែមាន​​ចប​កាប់​ និង កន្ត្រក​​។ ពួក​គេ​ដើរ​សំដៅ មក​កណ្តាល​កោះ​នេះ។ ពួក​គេ​ជីក​ដី រហូត​ដល់​ឃើញទ្វារ​​មួយ ពួក​គេ​ក៏​បើក​ទ្វារ​​នោះ​ឡើង។ បន្ទាប់​មក​ពួក​គេ​ ក៏​ត្រឡប់​ទៅ​សំពៅ​វិញ ជញ្ជូន​នំប៉ាំង ម្សៅ​ ទឹក​ឃ្មុំ និង ផ្លែ​ឈើ ប័រ ស្រា​ និង​គ្រឿង​ឧបភោគ​ជា​ច្រើន​ទៀត ព្រម​ទាំង​គ្រឿង​សង្ហារឹមផង មាន​ទាំង​តុ​ទូ កញ្ចក់។ ពួក​គេយក​របស់​របរ​អស់​នេះ​ទៅ​ដាក់​ចូល​ក្នុង​រូង​ចូល​តាម​ទ្វារ​នោះ។ បន្ទាប់​មក​ពួក​គេ​ក៏​ត្រឡប់​ទៅ​សំពៅ​វិញ រួចត្រឡប់​មក​វិញ​ដោយ​មាន​របស់​របរ​​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​តម្លៃខ្លាំង។ នៅ​ចំ​កណ្តាល​ពួក​គេ​មាន បុរស​ម្នាក់​ចាស់​ទ្រុឌទ្រោម​​ស្គម​កំព្រឹង​​ មានស្បែក​ដណ្តប់​ឆ្អឹង ដូច​កំណាព្យ​មួយ​គេ​និយាយ​ពី​គាត់​ថា

“​ពេល​វេលា​ធ្វើ​ឱ្យ​យើង​ខ្លាច          វាតាម​បន្លាច​យើង​រាល់​ថ្ងៃ

ម្តង​នោះ​ខ្ញុំ​ដើរគ្មាន​ហត់​អ្វី              ឥលូវ​ហត់ក្រៃ​ទោះ​នៅ​ស្ងៀម!”

បុរស​ចំណាស់​នោះ មាន​យុវជន​ម្នាក់​ជា​អ្នក​ដឹក​ដៃ។ យុវជន​នោះ​មាន​រូប​សម្ប័ទ​ស្អាត​បាត សមរម្យ ដែល​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នឹង​ឈ្លក់​វង្វេង​នៅ​ពេល​ដែល​បាន​ជួប​នឹង​បុរស​នេះ ដូច​ជា​កំណាព្យ​ដែល​គេ​សសើរ​ពី​រូប​សម្ប័ទ​របស់​គាត់​ថា៖

អ្នក​ខ្លះ​បាន​នាំ​​រូប​កាយ​ខ្លួន ​             ប្រៀប​ធៀបផ្ទឹម​ផ្ទួន​​​នឹង​រូប​គាត់

តែ​រូប​ពួក​គេ​សែន​កម្សត់                ​អៀនខ្មាស់​រន្ធត់​​ភ័យ​ភាន់​ភាំង។

ពួក​គេ​សួរ​រូប​ខ្លួន​ឯង​ថា                 “តើ​រូប​រាង​​វាយ៉ាង​ម៉េច​ដែរ?”

​រូប​សម្ប័ទនោះ​តប​ថានែ​               “គ្មាន​អ្វី​ប្រៀប​​ទេ​លើ​លោក​នេះ!”


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to មួយ​ពាន់​មួយ​យប់​(៨៤)

  1. ផេងជី ថា:

    ខ្ញុំលឺថា​ប្រលោម​លោក​របស់​អឺរ៉ុប​ក៏​មាន​រឿង​ស្រ​ដៀង​នឹង​រឿង​នេះ​ដែរ គឺ The Thousand Nights and a Night។ តាមប្រភព http://en.wikipedia.org/wiki/The_Book_of_One_Thousand_and_One_Nights គេនិយាយ​ថាវាជារឿង​របស់​ជាតិ​អារ៉ាប់។ ខ្ញុំ​ឆ្ងល់​ណាស់! សូម​មិត្តជួយ​ប្រាប់​ខ្ញុំ​ផង…

  2. វិចិត្រ ថា:

    រឿង​មួយ​ពាន់​មួយ​យប់​នេះ​ជា​រឿង​អារ៉ាប់។ ឈ្មោះ​ ជា​ឈ្មោះ​អារ៉ាប់ ព្រះ​ជា​ព្រះ​អាឡាហ៍របស់​អារ៉ាប់។
    រឿង​នេះ​ជា​ដំបូង​ លោក​Galland បាន​យក​ទៅ​បក​ប្រែ​ជា​ភាសាបារាំង។ រឿង​នេះ​ក៏​ល្បី​ល្បាញ​នៅ​អឺរ៉ុប។ រឿង​របស់​លោក​Galland ខុស​ពី​រឿង​ដើម​របស់​អារ៉ាប់​ត្រង់​ចំនុច​ខ្លះ ព្រោះ​លោក​បាន​កត់​ត្រា​ពី​ការ​និទាន​ផ្ទាល់​មាត់​ពី​អ្នក​ស្រុក​អារ៉ាប់។ មាន​រឿង​ខ្លះ​ដូច​ជា​អាឡាដាំង​និង​ចង្កៀង​ទិព្វ រឿង​អាលីបាបា​និង​ចោរ​សែសិប​នាក់ មិន​មាន​ក្នុង​រឿង​ដើម​ទេ។
    ក្រោយ​មក​លោក​Burton, លោក​Payne​ បាន​បក​ប្រែ​រឿង​នេះ​ចេញ​ពី​សៀវភៅ​ដើម។
    រឿង​ឯកសហរាត្រី​ជា​ភាសា​ខ្មែរ(ដោយ​ជុំ ម៉ៅ ញ៉ុក​ ថែម, …..) បាន​បក​ប្រែ​ចេញ​​ពី​រឿង​របស់​លោក​Galland។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s