បញ្ចតន្ត្រ​(៤)



មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

.

រឿង សេដ្ឋី​ទន្តិល

នៅ​កន្លែង​មួយ​នោះ​លើ​លោក​យើង​នេះ មាន​ក្រុង​មួយ​ឈ្មោះថា វធ៌ម័ន។ មាន សេដ្ឋី​​ដ៏​មហិមា​ម្នាក់​ឈ្មោះ ទន្តិល រស់​នៅ​ទី​នោះ។ គាត់​គ្រប់​គ្រង​ទីក្រុង​នោះ​ទាំង​មូល។ នៅក្នុង​របប​គ្រប់​គ្រង​របស់​គាត់ ទាំង​អ្នក​ក្រុង​នោះ​ និង ព្រះ​រាជា​សុទ្ធ​តែ​សប្បាយ​ចិត្ត​ទាំងអស់​គ្នា។ តើ​យើង​អាច​និយាយ​ថា​អ្វី​បាន​ទៀត? មនុស្ស​ដែល​​ពូកែ​បែប​នេះ​ ​ងាយ​នឹង​រក​ឯ​ណា​បាន ព្រោះ​ថា

២៤) មនុស្ស​ដែល​រក​ប្រយោជន៍​ឲ្យ​​ព្រះ​រាជា ត្រូវ​មនុស្ស​ទូទៅ​ស្អប់ ហើយ​មនុស្ស​ដែលរក​ប្រយោជន៍ឲ្យ​ប្រជារាស្ត្រ​សាមញ្ញ​ត្រូវ​ព្រះ​រាជា​ស្អប់។

នៅ​សម័យ​ថ្ងៃ​មួយ កូន​ស្រី​របស់​ទន្តិល​រៀបមង្គលការ។ ទន្តិល​បាន​អញ្ជើញ មនុស្ស​គ្រប់​រូប រួម​ទាំង​មន្ត្រី​របស់​ព្រះ​រាជា​ថែម​ទៀត​ផង។ គាត់​បាន​ទទួល​រាក់ទាក់​ភ្ញៀវ​​យ៉ាង​កក់​ក្តៅ ហើយញាំង​ឲ្យ​ពិធី​នោះ​ប្រកប​ទៅ​យ៉ាង​ឱឡា​រឹក​បំផុត។ ក្រោ​យ​ថ្ងៃ​មង្គល​ការ ទន្តិល​បាន​អញ្ជើញ​ព្រះ​រាជា​និង​រាជវង្ស​ទាំង​អស់​មក​ផ្ទះ​របស់​គាត់​ ហើយ​ទន្តិល​បាន​សម្តែង​នូវ​ការ​គោរព​ដ៏​ក្រៃ​លែងដល់​ព្រះ​រាជា។ មាន​បម្រើ​ម្នាក់​ឈ្មោះ គោរមផា ដែល​ជា​អ្នក​ជូត​កម្រាល​ឥដ្ឋ​មានបាន​មក​ដែរ តែ​ទន្តិល​មិន​បាន​អញ្ជើញ​ទេ។ គាត់​បាន​អង្គុយ​នៅ​កៅ​អី​មួយ​ដែល​គេ​បម្រុង​សម្រាប់​អ្នក​ផ្សេង​ម្នាក់​ទៀត។ ទន្តិល​ក៏​ចាប់​ក្របួច​ក​បុរស​ម្នាក់​នោះ រួច​បោះ​ចេញ​ក្រៅ។ បុរស​ម្នាក់​នោះ​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​គេ​ប្រមាថ​មើល​ងាយ ក៏​ដេក​មិនលក់​បក់​មិនល្ហើយ ហើយគិត​ក្នុង​ចិត្ត​ថា “តើ​អញ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស្តេច​ស្អប់​អា​ទន្តិល​នេះ បើ​ស្តេច​ចូល​ចិត្ត​វា​បែប​នេះ​ទៅ​ហើយ។ តែ​​អញពិត​ជា​​ឱកាស​​ បើ​ទោះ​​ជាអញ​ជា​​មនុស្ស​ធម្មតា​បែប​នេះក៏ដោយ​​ ក៏​គង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​អំណាច​ដល់​ថ្នាក់​ហ្នឹង​មហន្តរាយ​បាន​ដែរ”។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នៅ​ពេល​ព្រឹក​ព្រលឹម នៅ​ពេល​ដែល​ព្រះ​រាជា​មិន​ទាន់​ទាំង​ភ្ញាក់​ដំណេក​ស្រួល​បួល​ផង គោរមផា ក៏​ទៅ​ជូត​ឥដ្ឋ​នៅ​ក្បែរ​គ្រែ​របស់​ស្តេច ហើយ​និយាយ​ថា “ឱទេវតា​អើយ! ទន្តិល​ឥលូវ​នេះ​អស្ចារ្យ​ណាស់​បាន​ជា​ហ៊ានថើប​​ម្ចាស់​ក្សត្រី!”។

នៅ​ពេល​ដែល​ព្រះ​រាជា​ឮ​បែប​នេះ គាត់​ក៏​លោត​ចុះ​ពីលើ​គ្រែ​ដូច​គេ​ចាក់​គូទ ហើយ​ស្រែក​ថា “គោរមផា! ឯង​និយាយ​មែន​ឬ?! តើ​ទន្តិល​បានថើប​ម្ចាស់​ក្សត្រី​មែន?!”។

គោរមផា ក៏​តប​ថា “ក្រាបទូល​ព្រះ​អង្គ! ទូល​បង្គំ​បាន​លេង​ល្បែង​ស៊ីសង​អស់​ពេញ​មួយ​យប់ អត់​បាន​ដេក​សូម្បី​តែ​មួយ​ស្របក់។ ព្រឹក​នេះ​ទូល​បង្គំធ្វើ​ការ​ទាំង​មមើរ ​ បាន​ជា​និយាយ​​មិន​សូវ​ដឹង​អី​ សូម​ព្រះអង្គ​មេត្តា​អភ័យ​ទោស​ដល់​ទូល​បង្គំ​ផង​”។

ដោយ​សារ​តែភ្លើង​​ប្រចណ្ឌ ព្រះ​រាជា​ក៏​គិត​ក្នុង​ចិត្ត​ថា”មែន​ហើយ! អា​គោរមផា​នេះ អញ​ឲ្យ​វា​ទៅ​ណា​ក៏​បាន​ក្នុង​វាំង​នេះ ហើយ​អាទន្តិល​ក៏​ដូច​គ្នា។ ប្រហែល​ជា​អា​គោរម​ផា​ វា​បាន​ឃើញ​ អាទន្តិល​ថើប​ប្រពន្ធ​អញ​មែន​ហើយ ព្រោះ​ថា

២៥) អ្វី​ដែល​មនុស្ស​ម្នាក់​គិត​អំពី បាន​ឃើញ និង បាន​ធ្វើ​នៅ​ពេល​ថ្ងៃ មនុស្ស​នោះ​ច្បាស់​ជា​មមើ​និយាយ​ចេញ​មិន​ខាន។

ហើយ​ច្បាស់​ជា​មី​ស្រី​នោះ​វា​ឲ្យ​ដៃ​មិន​ខាន។ នាង​នោះ​វា​ញញឹម​ដាក់​ប្រុស​ម្នាក់ ដោយ​បបូរ​មាត់​បើក​ពាក់​កណ្តាល ឲ្យ​សញ្ញា​ទៅ​អា​ប្រុសទីពីរ ក្នុង​ពេល​នោះ ញែ​គ្នា​ជា​មួយ​នឹង​ប្រុស​ទី​បី ភ្នែក​វា​បើក​ព្រឹម​ៗតែ​ក្នុង​បេះ​ដូង​វា​​វិញ សុបិន​ឃើញ​ប្រុស​ម្នាក់​ទៀត​បាត់​ទៅ​ហើយ គឺ​អា​ម្នាក់​ដែល​វា​ស្រឡាញ់។ តើ​នរណា​អាច​ជឿទុក​ចិត្ត​នឹងស្នេហា​របស់​​ស្រី​បែប​នេះ​បាន ស្រី​ដែល​មាន​រោម​ចិញ្ចើមកោង​ដូច​ធ្នូ​​ ដែល​ចាំ​តែ​បាញ់​បែប​នេះ? បុរស​ដែល​គិត​ថា ស្ត្រី​ម្នាក់​ស្រឡាញ់​ខ្លួន គឺ​ពិត​ជា​ឆ្កួត។ បុរស​នោះ​ធ្លាក់​ក្នុង​អន្ទាក់​របស់​នាង នាង​នឹង​ចាត់​ទុក​បុរស​នោះ​ដូច​ល្បែង​ក្មេង​លេង”។

ព្រះរាជា​បាន​គិត​វែង​ឆ្ងាយ​សព្វ​បែប​យ៉ាង ក្នុង​ចិត្ត​ពោរពេញ​ដោយ​គំនិត​ជ្រួល​ច្របល់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ទ្រង់​កាន់​តែ​ស្អប់​ទន្តិល​ឡើង ហើយ​ជាង​នេះ​ទៅ​ទៀត​ ទ្រង់​បាន​ហាម​មិន​ឲ្យ​ទន្តិល​ចូល​វាំង​ទៀត។ ទន្តិល​ងឿង​ឆ្ងល់​ជា​ខ្លាំង នឹង​អាការៈ​ផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​ព្រះ​រាជា​បែប​នេះ គាត់​គិត​ក្នុង​ចិត្ត​ថា “វា​ត្រូវ​ដូច​គេ​និយាយ​ថា

២៦) តើ​នរណា​ដែល​ឮ​ថា សត្វ​ត្មាត​ស្អាតទេ អ្នកលេង​ល្បែង​ដែល​អាច​ផ្ញើ​លុយ​បាន​​​ទេ សត្វ​ពស់​ដែលចេះ​អនុគ្រោះ​មិន​ចឹក​ទេ ស្រី​ដែល​កំពុង​តែ​រោល​រាល​ដោយ​តណ្ហា​នៅ​ស្ងៀម​ទេ មនុស្ស​ខ្វិន​ដែល​ក្លាហានទេ មនុស្ស​ប្រមឹក​ចេះ​ដឹង​ខុស​ត្រូវ​ទេ ឬ​ក៏​មិត្ត​ភាព​ជា​មួយ​ស្តេច​ទេ​។

សូម្បី​តែ​នៅ​ក្នុង​សុបិន ខ្ញុំ​មិន​ដែល​នឹក​ចង់​ធ្វើ​បាប​នរណា​ម្នាក់ផង ទាំង​ព្រះរាជា និង​រាជវង្សា​នុវង្ស។ តើ​ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះរាជា​តាំង​ជា​សត្រូ​វ​ដាក់​ខ្ញុំ​ទៅ​វិញ?​”។

មួយ​រយៈ​កន្លង​ផុត​ទៅ។

ថ្ងៃ​មួយ​ទន្តិល​ត្រូវ​ទៅ​ចូល​គាល់​ព្រះមហាក្សត្រ តែ​ក្រុម​អ្នក​យាម​ឃាត់​គាត់។ គោរម​ផា​ ដែល​កំពុង​តែ​ជូត​ឥដ្ឋ​ឃើញ​ហេតុការណ៍​នេះ ក៏​និយាយ​ចំអក​ថា “នែ​លោកអ្នក​យាម! គាត់​ជា​មិត្ត​ស្និទ្ធស្នាល​របស់​​ព្រះ​រាជា​ផងណា!។ គាត់​ចង់​ចាប់​ចង ឬ​ដោះ​លែង​នរណា​ក៏​បាន​ដែរ។ គាត់​បាន​ទាំង​ចាប់​ក្របួច​ក​ខ្ញុំ​បោះ​ចេញ​ពី​ផ្ទះ​របស់​គាត់​ថែម​ទៀត​ផង។ ប្រយត្ន​ណា​ ពួក​លោក​ក៏​អាច​រង​ទុក្ខ​ទោស​ដូច​ខ្ញុំ​ដែរ”។

ពេល​ដែល​ទន្តិល​ឮបែប​នេះ គាត់​គិត​ក្នុង​ចិត្ត​ថា “ច្បាស់​ជា​អាមួយ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​អញ​មាន​បញ្ហា​បែប​នេះ។ ឥលូវ​នេះ​អញ​យល់​ហើយ​ថា ហេតុ​អី​បាន​ជា​គេ​និយាយ​ថា

២៧) បម្រើ​របស់​ស្តេច ទោះ​បី​ជា​មាន​វណ្ណៈថោកទាប​បែប​ណា ឆ្កួត ឬ​ភ្លើបែប​ណាក៏​ដោយ បម្រើ​នោះ​​ទៅ​ដល់​ណា​ហើយ​គេ​ត្រូវ​តែ​គោរព។

ទន្តិល​មាន​អារម្មណ៍​ពិបាក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញទាំង​សោកសៅ។

គាត់​បាន​អង្គុយ​សញ្ជឹង​គិត​ពីវិធី​ដោះ​ស្រាយ​រឿង​នេះ ហើយ​នៅ​ល្ងាច​នោះ គាត់​ក៏​បាន​អញ្ជើញ​គោរមផា​មក​ផ្ទះ​របស់​គាត់ ហើយ​ជូន​សម្លៀកបំពាក់​ល្អៗ​មួយ​គូ​ដល់​គោរមផា ហើយ​និយាយ​យ៉ាង​សមគួរ​ថា “មិត្ត​សម្លាញ់ មិន​មែន​ដោយសារ​តែ​ខ្ញុំ​ខឹង​នឹង​ឯង​ទេ បាន​ជា​ខ្ញុំ​បោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នោះ។ វា​គឺ​ព្រោះ​តែ​កៅអី​នោះ​វា​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ឯង វា​ជា​របស់​ព្រាហ្មណ៍​ម្នាក់។ ​ព្រាហ្មណ៍​​នោះ​គិត​ថា​គេ​មើល​ងាយ​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចាប់​ឯង​បោះចេញ​មក​ក្រៅ។ សូម​ឯង​អភ័យ​ទោស​ដល់​ខ្ញុំ​ផង”។

នៅ​ពេល​ដែល​គោរមផា​ឃើញ​សម្លៀក​បំពាក់​នោះ វា​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ដោយ​វា​រីក​រាយ​ខ្លាំង​ពេក វា​ក៏​និយាយ​នឹង​ទន្តិល​ថា “លោក​ម្ចាស់ ឥលូវ​នេះ​ខ្ញុំ​លើក​លែង​ទោស​ឲ្យ​លោក​ម្ចាស់​ម្តង។ នេះ​ក៏​ព្រោះ​តែ​លោក​ម្ចាស់​បាន​សម្តែង​នូវ​ការ​ស្តាយ​ក្រោយ ហើយ​បាន​ផ្តល់​កិត្តិយស​ដល់​ខ្ញុំ។ ព្រះ​រាជា​នឹង​ត្រឡប់​មក​ជា​ពេញ​ចិត្ត​នឹង​លោក​ម្ចាស់​វិញ ដោយ​សារ​តែ​​ប្រាជ្ញា​របស់​ខ្ញុំ”។ គោរមផា​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សប្បាយ​ចិត្ត​ជា​ខ្លាំង។

នៅ​ព្រឹក​ឡើង គោរមផា​ ទៅ​ជូត​ឥដ្ឋ​នៅ​ក្នុង​រាជវាំង​ដូច​សព្វ​ផង។ នៅ​ពេល​ដែល​គាត់​ដឹង​ច្បាស់​ថា ស្តេច​ជិត​ភ្ញាក់​ហើយ គាត់​ក៏​និយាយ​ថា “ព្រះរាជា​ទ្រង់​មិន​ដឹង​អី​សោះ ទ្រង់​សោយ​ត្រសក់​ក្នុង​បង្គន់!”។

ព្រះ​រាជា​ក៏​ភ្ញាក់​ឡើង ពេល​ឮ​គោរមផា​និយាយ​បែប​នេះ ហើយ​ក៏​ស្រែក​ថា “អា​គោរមផា! អ្ហែងនិយាយ​ស្អី!? កុំ​ដោយ​សារ​តែ​អ្ហែង​ជា​បម្រើ​របស់​អញ​ កុំ​អី​សម្លាប់​អ្ហែង​បាត់​ទៅ​ហើយ! អ្ហែង​ដែល​ឃើញ​អញ​ស៊ី​ត្រសក់​ក្នុង​បង្គន់​ពី​អង្កាល់?”

គោរមផា​ក៏​និយាយ​ថា “ក្រាប​ទូល​ព្រះ​អង្គ ទូល​បង្គំ យប់​ម៉ិញ​ បាន​លេង​ល្បែង​ទល់​ភ្លឺ ហេតុ​នេះ​ហើយ​បាន​ជា​និយាយ​​ទាំង​មមីមមើ​បែប​នេះ។ បើ​ទូល​បង្គំ​និយាយ​អ្វី​មិន​សមរម្យ​ទេ សូម​ព្រះ​អង្គ​មេត្តា​អភ័យ​ទោស​ដល់​ទូល​បង្គំ​​ផង”។

នៅ​ពេល​ដែល​ព្រះ​រាជា​បាន​ឮ​បែប​នេះ គាត់​គិត​ក្នុង​ចិត្ត​ថា “តាំង​ពី​កើត​មក អញ​មិន​ដែល​ស៊ី​ត្រសក់​ក្នុង​បង្គន់សោះ។ បើ​អា​ចម្កួត​នេះ​និយាយ​ស្អី​​ឡប់ៗ​ពី​អញ អញ្ចឹង​អ្វី​ដែល​វា​និយាយ​ពី​ទន្តិល​ក៏​ខុស​ដែរ។ នេះ​ជា​កំហុស​របស់​អញ​ដែល​ដាក់​ទោស​ទន្តិល។ បើ​គ្មាន​ទន្តិល​ទេ ក្រុង​នេះ​ទាំង​មូល​នឹង​យ៉ាប់​ហើយ​”។

នៅ​ពេល​ដែល​ព្រះ​រាជា​បាន​ត្រិះរិះ​សព្វ​គ្រប់​ហើយ ព្រះ​អង្គ​បាន​អញ្ជើញ​ទន្តិល​ឲ្យ​ចូល​វាំង ផ្តល់​គ្រឿង​អល្លង្កា និង សម្លៀកបំពាក់​ ដើម្បី​លួង​ចិត្ត​គាត់ រួច​តែង​តាំង​គាត់​ឲ្យ​បាន​ឋានៈ​ដូចដើម​វិញ។

ទម្នាករក៏​បន្តថា “ហេតុ​នេះ​ហើយ​បាន​ជា​ ខ្ញុំ​និយាយ​ថា មនុស្ស​ដែល​មាន​អំណួត​ជ្រុល ហើយ​មិនប្រព្រឹត្ត​ចំពោះ​អ្នក​ខ្ពស់ កណ្តាល និង ទាប​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ នឹង​វិនាស​ដូច​ទន្តិល​នេះ​ឯង ទោះ​បី​គាត់​ជាជំនិត​​របស់​ស្តេច​ក៏​ដោយ”។

សន្ជិវាករ ក៏​និយាយ​ថា “បងប្រុស បង​និយាយ​នេះ​ត្រឹម​ត្រូវ​ណាស់ ខ្ញុំ​នឹង​ធ្វើ​តាម​បង​ទាំងអស់”។ បន្ទាប់​មក​ទម្នាករ​ ក៏​យក​សន្ជិវាករ ទៅ​ជួប​នឹង​ ពិន្គលករ ហើយ​និយាយ​ថា “លោក​ម្ចាស់ ខ្ញុំ​បាន​នាំ សន្ជិវាករ​មក​ជួប​លោក​ម្ចាស់​ហើយ។ ឥលូវ​នេះ​អ្វីៗ​ស្រេច​តែ​លោក​ម្ចាស់​ជា​អ្នក​សម្រេច​ចុះ”។

សន្ជិវាករ ឱន​ក្បាល​គោរព​ស្តេច​តោ ពិន្គាលករ ហើយ​ឈរ​យ៉ាង​សុភាព​មុខ​ស្តេច​តោ។ ពិន្គលករ​ ក៏​ទទួល​សន្ជិវាករ​ តាម​របៀប​ដូច​គ្នា​វិញ ហើយ​សួរ​ថា “នែ​មិត្ត​សម្លាញ់ តើ​លោក​នេះ​សម្រាប់​ឯង​យ៉ាង​ម៉េច​ដែរ? តើ​ឯង​មក​ដល់​ព្រៃ​នេះ​យ៉ាង​ម៉េច​ដែរ?”។ សន្ជិវាករ ក៏​និយាយ​រៀបរាប់​ពី​អ្វីៗ​ទាំងអស់​ដែល​បាន​កើត​ឡើង​ចំពោះ​វា។

នៅ​ពេល​ដែល​ពិន្គាលករ​ស្តាប់​ សន្ជិវាករ​និយាយ​ចប់​ហើយ វា​ក៏​និយាយ​យ៉ាង​ទន់​ភ្លន់​ថា “សន្ជិវាករ​សម្លាញ់​​អើយ ឯង​កុំ​ខ្លាច​អី។ ក្នុង​ព្រៃ​នេះ​ឯង​ទៅ​ណា​ក៏​បាន នេះ​ជា​ទឹក​ដី​របស់​ខ្ញុំ។ តែ​ឯង​ត្រូវ​នៅ​ជិត​ខ្ញុំ​រហូត ព្រោះ​ព្រៃ​នេះ​សម្បូរ​សត្វ​សាហាវ​ច្រើន​ណាស់ ហើយ​ច្រើន​ជា​សត្វ​គ្រោះ​ថ្នាក់​ខ្លាំង​ទៀត សត្វ​ស៊ី​ស្មៅ​ដូច​ឯង​មិន​អាច​តទល់​នឹង​ពួក​វា​បាន​ទេ”។

បន្ទាប់​មក​ ពិន្គាល​ករ ក៏​ចេញ​ទៅ​ផឹក​ទឹក​នៅ​ទន្លេ​យមុន យ៉ាង​សប្បាយ​ចិត្ត។ វា​ក៏​ត្រឡប់​មក​ព្រៃ​វិញ។ វា​ក៏ប្រគល់​រាជកិច្ច​ទាំងអស់​ដល់​​​កត៌ក និង ទម្នាករ ក្រៅ​ពី​នេះ​វា​ស្តាប់​រឿង​និទាន​អប់រំ​របស់​សន្ជិវាករ។

សន្ជិវាករ​បាន​បង្រៀន​ពិន្គាលករ​ពី​គម្ពីរ​ធម៌​ផ្សេងៗ ហើយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ វា​បាន​ធ្វើ​ឲ្យ​ពិន្គាលករ​ភ្លេច​អស់​នូវ​អាការៈ​សាហាវ​ព្រៃ​ផ្សៃ​នៃ​សត្វ​តោ។

ជា​រៀងរាល់​ថ្ងៃ​ពួក​វា​តែង​តែ​ពិភាក្សាគ្នា​ជា​សម្ងាត់។ សត្វ​ឯ​ទៀត​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ សូម្បី​តែ​ ទម្នាករ និង កត៌ក ក៏​ពិន្គាលករ មិន​ឲ្យ​ទៅ​ក្បែរ​ដែរ។

ដោយ​ស្តេច​តោ​មិនចេញ​ប្រមាញ់​តទៅទៀត សត្វទាំងអស់ ដោយ​រួម​ទាំង ទម្នាករ និង កត៌ក ចាប់​ផ្តើម​អត់​ឃ្លាន។ ពួក​គេ​និយាយ​ថា “​បក្សី​លះ​បង់​​ដើម​ឈើចាស់​មួយ​ដើម​ដែល​គ្មាន​ផ្លែ​តទៅ​ទៀត ហើយ​ហើរ​ទៅ​កន្លែង​ថ្មី រី​ឯ​បម្រើ​លះបង់​ស្តេច​ចោល ព្រោះ​តែ​លែង​ផ្តល់ប្រយោជន៍​ទៀត”​។

នៅ​ពេល​ដែល​កត៌ក​អស់​សង្ឃឹម​ថា​នឹង​កែ​ប្រែ​អាកប្បកិរិយា​របស់​ចៅហ្វាយ​ខ្លួន​បានទៀត​ហើយ​នោះ ពួក​ក៏​ជំនុំ​គ្នា។
ទម្នាករ​និយាយ “ប្អូន​ប្រុស​កត៌ក ឥលូវ​នេះ​យើង​ជួប​បញ្ហា​ទៀត​ហើយ។ តាំង​ពី​ពេល​ដែល​ពិន្គាល​ករ​បាន​ជជែក​ពិភាក្សា​ជា​មួយ​នឹង​សន្ជិវាករ​មក គាត់​បាន​បំភ្លេច​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ទាំងអស់។ កូន​ចៅ​របស់​គាត់​ឥលូវ​រត់​ចោល​គាត់​ទាំងអស់។ ឥលូវ​នេះ​យើង​ត្រូវ​ធ្វើ​ម៉េច​ទៅ?”

កត៌កតប​ថា”ទោះ​បី​ជា​លោក​ម្ចាស់​មិន​ស្តាប់​សម្តី​ឯង​ក៏​ដោយ ក៏​វានៅ​តែ​ជា​កំហុស​របស់​ឯង​ដែលត្រូវ​តែ​ជួយ​នែនាំ​ដល់​លោក​ម្ចាស់។ វា​ជា​ភារកិច្ច​របស់​មន្ត្រី ដែល​ត្រូវ​ឲ្យ​យោបល់​ព្រះ​រាជា ទោះ​បី​ព្រះ​ស្តាប់​ឬ​មិន​ស្តាប់​ក៏​ដោយ។ បើ​ព្រះ​រាជា​ដ៏​ល្បីល្បាញ​មួយ​អង្គ​ ឬ​ដំរី​ល្អ​មួយ​ក្បាល ដើរ​ផ្លូវ​ខុស វា​ជា​កំហុស​របស់​មន្ត្រី ឬ​អ្នក​បញ្ជា​​ដំរី​នេះ។ ឯង​បាន​នាំ​អាសត្វ​ស៊ី​ស្មៅ​នេះ មក​លោក​ម្ចាស់។ គឺ​ឯង​ខ្លួន​ឯង​ហ្នឹង​ហើយ ដែល​អ្នក​បង្កាត់​ធ្យូង​ដែល​ឆេះ​ជា​ភ្លើង​នោះ”

ទម្នាករ​ក៏​តប​ថា “ឯង​និយាយ​នេះ​ត្រឹម​ត្រូវ​ហើយ។ វា​ជា​កំហុស​របស់​ខ្ញុំ មិន​មែន​កំហុស​លោក​ម្ចាស់​ទេ។ ដូច​គេ​និយាយ​ថា ឆ្កែ​ព្រៃ​កណ្តាល​ចៀម​ពីរ​ជល់​គ្នា និង ឥសី​ដែល​ជឿ​​ អសទ្ធាពុទ្ធិ គឺ​ពីរ​នាក់​ហ្នឹង​ហើយ​ដែល​ត្រូវ​បន្ទោស”

កត៌ក​ក៏​សួរ​ថា “តើ​រឿង​នោះ​វា​យ៉ាង​ម៉េច​ខ្លះ?”។ ទម្នាករ​ក៏​និយាយ​រឿង ឆ្កែ​ព្រៃ និង ឥសី។


មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s