មួយ​ពាន់​មួយ​យប់​(៨២)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

យប់​ទី​១៤

នាង​ឆាហរ៉ាសាត​និទាន​បន្តថា អ្នក​បួស​នោះ​និយាយ​រឿង​របស់​គាត់​បន្តទៀត​ថា នាង​ក៏​ដក​យក​កាំបិត​ដែក​មួយ​មក ដែល​កាំបិត​នោះ​ចារ​ឈ្មោះ​ព្រះ​អាឡាហ៍​ជា​ភាសា​អេប្រឺ។ នាង​យក​វា​ទៅ​គូស​ជា​រង្វង់​ធំ​មួយ នៅ​កណ្តាល​វាំង។​ នាង​សរសេរ​គាថា​នៅ​ចំ​កណ្តាល​រង្វង់​នោះ​ រួច​នាង​សូត្រ​គាថា​ខ្លះ​ដែល​អ្នក​ឯ​ទៀត​ស្តាប់​មិន​យល់។ នៅ​ពេល​នោះ​លោក​ក៏​ប្រែ​ប្រួល​ជា​ខ្មៅ​ងងឹត ហើយ​យើង​មាន​អារម្មណ៍​ថា​មេឃ​បាក់​ធ្លាក់​មក​លើ​ពួក​យើង​ស្រាប់​តែ​ពេល​នោះ វ៉ូ!! អា​បិសាច​នោះ​ក៏​លេច​ចេញ​មក ជា​មួយ​នឹង​​រូប​រាង​ដ៏​អាក្រក់​របស់​វា។ ពួក​យើង​នៅ​ពេល​នោះ​ភ័យ​ស្លន់​ស្លោ​ជា​ខ្លាំង តែ​កូន​ស្រី​របស់​ស្តេច​ស្រែក​ថា “នែ​អា​ឆ្កែ​! ពួក​យើង​មិន​ស្វាគមន៍​ឯង​ទេ!”។ នៅ​ពេល​នោះ​អា​បិសាច​នោះ​ក៏​ប្រែកាយ​ជា​តោ រួច​និយាយ​ថា “នៃ​ស្រី​ក្បត់​! ក្រែង​នាង​ឯង​បាន​ស្បថ​ថា​មិន​ប៉ះ​ពារ​គ្នា​ទេរឺអី?”។ នាង​ក៏​តប​ថា “នែ​អា​ថោកទាប អញ​គ្មាន​សន្យា​អី​ជា​មួយ​អា​ថោក​ឯង​ទេ!”។ បន្ទាប់​មក​អា​បិសាច​នោះ​ក៏​ត​ថា “អញ្ចឹង​ទទួល​អ្វី​ដែល​ជា​ផល​របស់​នាង​ទៅ!”។ អា​តោ​បិសាច​នោះ​ក៏​បើក​ក្រញ៉ាំ រួច​រត់​សំដៅ​ទៅ​នាង តែ​នាង​ក៏​រហ័ស​ដែរ នាង​ដក់​សក់​ខ្លួន​ឯង​មួយ​សរសៃ​មកបក់​នៅ​ក្នុង​ខ្យល់ សក់​នោះ​ក៏​ក្លាយ​ជា​ដាវ​ ដាវ​នោះ​កាត់​អា​តោ​នោះ​ដាច់​ជា​២​កង់។​ បន្ទាប់​មក​ខ្លួន​តោ​២​ចំនែក​នោះ​ក៏​ហោះ​ទៅ​ក្នុង​ខ្យល់ ហើយ​ក្បាល​វា​ក្លាយ​ខ្យា​ដំរី ហើយ​ព្រះ​នាង​ក៏​ប្រែកាយ​ជា​ពស់យ៉ាង​ធំ ហើយ​ប្រយុទ្ធ​ជា​មួយ​ខ្យា​ដំរី​នោះ។ គូ​ប្រយុទ្ធ​ទាំង​២​​តតាំង​គ្នា​មិន​ឈ្នះ​មិន​ចាញ់​អស់​រយៈ​ពេល​មួយ​ម៉ោង។ នៅ​ពេល​នោះ​ខ្យា​ដំរី​នោះ​ក៏​ប្រែកាយ​ជា​ត្មាត រី​ឯ​ពស់​ក៏​ប្រែ​កាយ​ជា​ឥន្ទ្រី។ ឥន្ទ្រី​ដេញ​ចឹក​ត្មាត​បិសាច​នោះ​អស់​រយៈ​ពេល​១​ម៉ោង​ ហើយ​ត្មាត​នោះ​ក៏​ប្រែកាយ​ជា​ឆ្មារ​។ ពេល​នោះ​ឥន្ទ្រី​ក៏​ប្រែកាយ​ជា​កញ្ជ្រោង​។ សត្វ​ទាំង​២​ក៏​ដេញ​ខាំ​គ្នា​ក្នុង​វាំង​អស់​រយៈ​ពេល​ដ៏​យូរ។ នៅ​ពេល​ដែល​ឆ្មារ​បិសាច​នោះ​យល់​ថា​ខ្លួន​ចាញ់​ប្រៀប​ហើយ ក៏​ប្រែ​កាយ​ជា​ដង្កូវ វា​ទៅ​ពួន​នៅ​ក្នុង​ផ្លែ​ទទឹម​​ធំ​មួយ​នៅ​កៀន​អាង​ទឹក។ ផ្លែ​ទទឹម​នោះ​ក៏​រីក​ធំ​ឡើង​ប៉ុន​ផ្លែ​ឪឡឹក រួច​ក៏​ធ្លាក់​ចុះ​មក​លើ​កំរាល​បែក​រាយ​គ្រាប់​ពាស​ពេញ។ ពេល​នោះ​កញ្ជ្រោង​ក៏​ប្រែ​កាយ​ជា​មាន់គក ដើរ​ចឹក​គ្រាប់​ទទឹម​រហូត​ដល់​អស់​ តែ​នៅ​សល់​គ្រាប់​មួយ​ដែល​រមៀល​នៅ​លាក់​ខ្លួន​កៀន​អាង​ទឹក។​ មាន់គក​ក៏​ស្រែក​ទទះ​ស្លាប អោយ​សញ្ញា​យើង​ថា “តើ​មាន​សល់​គ្រាប់​ទទឹម​ទៀត​ទេ?”។ តែ​ពួក​យើង​មិន​យល់ ដូច្នេះ​មាន់​គក​ក៏​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ រហូត​ពួក​យើង​ស្មាន​ថា​វាំង​នឹង​បាក់​មក​ឥលូវ។ ដូច្នេះ​មាន់​គក​ក៏​រត់​ចុះ​ឡើង​ពាស​ពេញ​ក្នុង​វាំង រហូត​ឃើញ​គ្រាប់​ទទឹម​មួយ​គ្រាប់​ទៀត​នៅ​កៀន​អាង​ទឹក​​។ វា​ក៏​រត់​យ៉ាង​លឿ​ន​សំដៅ​ទៅ​ចឹក​មួយ​គ្រាប់​ចុង​ក្រោយ​នេះ​ តែ​ពេល​នោះ​គ្រាប់​ទទឹម​នោះ​ក៏​ក្លាយ​ទៅ​ជា​ត្រី​លោត​ចូល​អាង​ទឹក​នោះ​បាត់​ទៅ។ នៅ​ពេល​នោះ​មាន់​គក​នោះ​ក៏​ប្រែ​កាយ​ជា​ត្រី​ធំ​មួយ ហែល​ដេញ​ស៊ី​ត្រី​បិសាច​នោះ។ ត្រី​ទាំង​២​បាត់​ក្នុង​ទឹក​មួយ​ស្របក់ ស្រាប់​តែ​ពេល​នោះ​យើង​លឺ​សំលេង​ស្រែក​យ៉ាង​ខ្លាំង​គួរ​អោយ​ខ្លាច។ បន្ទាប់​ពី​នោះ​មក​អា​បិសាច​នោះ​ក៏​លោត​ចេញ​ពី​ក្នុង​ទឹក​មក​វិញ វា​ដូច​ជា​ដុំ​ភ្លើង​ បញ្ចេញ​ភ្លើង​តាម​មាត់​ ភ្នែក និង​ច្រមុះ។ នៅ​ភ្លាម​នោះ​ព្រះ​នាង​ចេញ​ពី​ក្នុង​ទឹក​មក​វិញ ខ្លួន​ប្រាណ​នាង​ប្រៀប​ដូច​ជា​រងើក​ភ្លើង ចេញ​មក​ប្រយុទ្ធ​តតាំង​គ្នា​ជា​មួយ​អា​បិសាច​​នោះ​ទៀត​អស់​រយៈ​ពេល​មួយ​ម៉ោង រហូត​ហុយ​ផ្សែង​ពាស​ពេញ​វាំង។ ដោយ​ពួក​យើង​ពិបាក​ដក​ដង្ហើម​ពេក ក៏​នាំ​គ្នា​មក​នៅ​ត្រាំ​ក្នុង​អាង​ទឹក។ ពេល​នោះ​ស្តេច​និយាយ​ថា “ព្រះ​ជា​ម្ចាស់​អើយ! ខ្ញុំ​មិន​គួរ​បង្ខំ​អោយ​កូន​ស្រី​មក​ដោះ​បណ្តាសារ​អា​ស្វា​មួយ​ក្បាល​នេះ​ទេ បើ​ដឹង​ថា​វា​នឹង​កើត​នូវ​សង្គ្រាម​ជា​មួយ​អា​បិសាច​​ យ៉ាង​សាហាវ​បែប​នេះ។ យើង​មិន​សម​នឹង​មក​ជួប​អា​ស្វា​បែប​នេះ​ទេ ព្រះ​អង្គ​មិន​គួរ​បញ្ជូន​វា​មិន​អោយ​ជួប​នឹង​យើង​ទេ។ យើង​បាន​គិត​ថា នឹង​ធ្វើ​អំពើ​ល្អ​ដាក់​វា ដឹង​អី​បែរ​ជា​នាំ​នូវ​ទុក្ខ​ដាក់​ខ្លួន​បែប​នេះ​សោះ​”។ រី​ឯ​ខ្ញុំ​វិញ លោក​ស្រី​ម្ចាស់​អើយ អណ្តាត​របស់​ខ្ញុំ​មិន​អាច​និយាយអ្វី​​បាន​ម៉ាត់​នឹង​គាត់​សោះ។ នៅ​ពេល​នោះ​អា​បិសាច​នោះ​ក៏​ដើរ​សំដៅ​មក​រក​ពួក​យើង​ រួច​ស្រែក​បញ្ចេញ​ភ្លើង​មក​ដុត​កំលោច​មុខ​របស់​ពួក​យើង​។ ព្រះ​នាង​ក៏​ចាប់​វា​ជាប់​ រួច​ព្រួស​ភ្លើង​ដាក់​មុខ​វា រួច​បែក​ផ្កា​ភ្លើង​ចេញ​មក​ពី​ខាង​នាង​ និង​ខាង​អា​បិសាច​នោះ​មក​រក​ពួក​យើង។ ផ្កា​ភ្លើង​ដែល​ចេញ​ពី​ខាង​នាង​មក មិន​ធ្វើ​អោយ​ពួក​យើង​គ្រោះ​ថ្នាក់​ទេ តែ​ផ្កា​ភ្លើង​ដែល​ចេញ​ពី​អាបិសាច​នោះ បាន​ធ្វើ​ភ្នែក​ខ្ញុំ​ម្ខាង​ខ្វាក់ ធ្វើ​អោយ​ឆេះ​ពុក​មាត់​ស្តេច​និង​ធ្មេញ​ក្រោម​របស់​គាត់​បាក់​ទាំងអស់ រួច​ហើយ​ធ្វើ​អោយ​មន្ត្រី​ម្នាក់​នៅ​ក្បែរ​នោះ​ស្លាប់។ នៅ​ពេល​នោះ​យើង​នឹក​ស្មាន​ថា​ យើង​ប្រាកដ​ជា​ស្លាប់​ទាំងអស់​គ្នា​ជា​មិន​ខាន ស្រាប់​យើង​លឺ​សំលេង​ស្រែក​ថា “ជយោ យើង​ឈ្នះ​ហើយ!”។ សំលេង​នោះ​ជា​សំលេង​ព្រះ​នាង នាង​ដើរ​មក​រក​ពួក​យើង​រួច​និយាយ​ថា “យក​ទឹក​មួយ​កែវ​មក”។ ពួក​គេ​ក៏​យក​ទឹក​មួយ​កែវ​មក​អោយ​នាង នាង​ក៏​សូត្រ​គាថា​រួច​ប្រោះ​ព្រំ​ទឹក​នោះ​ដាក់​ខ្ញុំ នាង​និយាយ​ថា “ដោយ​អំនាច​នៃ​សច្ចភាព ដោយ​នាម​នៃ​ព្រះ​អាឡាហ៍ ខ្ញុំ​សូម​អោយ​ឯង​ក្លាយ​ជា​មនុស្ស​ដូច​ដើម​វិញ​ភ្លាម!”។ ពេល​នោះ​ខ្ញុំ​ក៏​ក្លាយ​ជា​មនុស្ស​ដូច​ដើម​វិញ លើក​លែង​ខ្វាក់​ភ្នែក​ម្ខាង​។ នៅ​ពេល​នោះ​នាង​ស្រែក​ថា “ភ្លើង! ភ្លើង! លោក​ឪពុក​អើយ ព្រួញ​មួយ​របស់​អា​បិសាច​នោះ​បាន​បាញ់​កូន​អោយ​របួស​ដល់​ស្លាប់​ហើយ។ កូន​មិន​ដែល​ប្រយុទ្ធ​គ្នា​នឹង​បិសាច​ទេ។ វា​ជា​បុរស​ដែល​កូន​បាន​កាត់​ដាច់​ជា​២​តាំង​ពី​ដំបូង។ កូន​គ្មាន​បញ្ហា​អ្វី​ទាំង​អស់​ ទើប​តែ​ពេល​ដែល​ផ្លែ​ទទឹម​នោះ​បែក ហើយ​គ្រាប់​វា​ខ្ចាត់ខ្ចាយ តែ​កូន​បាន​មើល​រំលង​គ្រាប់​ដែល​លាក់​ជីវិត​អា​បិសាច​នោះ។ បើ​កូន​ចឹក​គ្រាប់​នោះ​នៅ​ពេល​នោះ​វា​នឹង​ស្លាប់​ភ្លាម តែ​ព្រេង​វាសនា​បាន​កំនត់​មក​អញ្ចឹង​ទៅ​ហើយ កូន​រក​គ្រាប់​នោះ​មិន​ឃើញ។ ដូច្នេះ​កូន​នឹង​វា​ត្រូវ​តែ​ប្រយុទ្ធ​គ្នា​ក្នុង​ដី លើ​អកាស​ ក្នុង​ទឹក។ ពេល​ខ្ញុំ​ប្រើ​អាគម​មួយ​ដាក់​វា វា​ប្រើ​អាគម​មួយ​ទៀត​ដាក់​ខ្ញុំ​វិញ​ដែរ​ រហូត​ដល់​ពេល​វា​ប្រើ​អាគម​ភ្លើង​។ គ្មាន​នរណា​អាច​រស់​រាន​មាន​ជីវិត​បាន​នឹង​អាគម​ភ្លើង​នេះ​ទេ។ ប៉ុន្តែ​យុត្តិធម៌​បាន​ជួយ​ដល់​កូន​ ដំបូង​ខ្ញុំ​ទប់​នឹង​វា​សិន រួច​ហើយ​ខ្ញុំ​ប្រើ​អាគម​ភ្លើង​នេះ​តប​វិញ ដុត​វា​ស្លាប់​ទៅ​។ រី​ឯ​កូន​វិញ កូន​នឹង​ស្លាប់​ហើយ​លោក​ឪពុក​អើយ សូម​អោយ​ព្រះ​ជា​ម្ចាស់​ជួយ​​ថែរ​រក្សា​លោក​ឪពុក”។ បន្ទាប់​មក​នាង​បន់​ស្រន់​សុំ​ស្ថាន​សួគ៌​អោយ​ជួយ តែ​ភ្លាម​នោះ​ខ្លួន​ប្រាណ​នាង​ក៏​ឆេះ​ខ្លោច​បន្តិច​ម្តង​ៗ ពី​ចុង​ជើង​រហូត​មក​ដល់​មុខ​របស់​នាង។ រី​ឯ​ពួក​យើង​វិញ បាន​ត្រឹម​តែ​ឈរ​មើល​ មិន​អាច​ជួយ​អ្វី​បាន​ទាំងអស់។ ពួក​យើង​យំ​អាណិត​នាង ចំនែក​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​វា​គួរ​កើត​ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​មិន​គួរ​មក​ជួប​នឹង​នាង បណ្តាល​អោយ​នាង​ឆេះ​ក្លាយ​ជា​ធ្យូង​បែប​នេះ​សោះ។ នៅ​ពេល​ដែល​ស្តេច​ឃើញ​ កូន​ស្រី​របស់​គាត់​ស្លាប់​យ៉ាង​អាណោច​អធ័ម​បែប​នេះ គាត់​កាត់​ពុក​មាត់​នៅ​សល់​របស់​គាត់​ចេញ វាយ​តប់​មុខ​របស់​ខ្លួន​ឯង រួច​យំសោយ​សោក​ជា​ខ្លាំង។ ខ្ញុំ​ក៏​វាយ​តប់​មុខមាត់​ខ្លួន​ឯង​ដែរ រួច​ហើយ​ពួក​យើង​យំ​អោប​សព​របស់​នាង។​ បន្ទាប់​មក​ទៀត​ពួក​មន្ត្រី​ឯ​ទៀត​ និង​បំរើ​ទាំង​ឡាយ​ដែល​មិន​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នោះ ក៏​ចូល​មក​ដល់។ ពួក​គេ​ឃើញ​គំនរផេះ​ធ្យូង​ពីរ​គំនរ ឃើញ​ព្រះ​រាជា​សោយ​សោក ពួក​គេ​ងឿង​ឆ្ងល់​ជា​ខ្លាំង។ ស្តេច​ក៏​ប្រាប់​ពី​រឿងហេតុ​ពី​ដើម​ដល់​ចប់។ ពួក​គេ​ក៏​យំ​សោក​ជា​ខ្លាំង អស់​រយៈពេល​៧​ថ្ងៃ។​ ស្តេច​បញ្ជា​អោយ​គេ​សង់​ផ្នូរ​មួយ​សំរាប់ព្រះ​​នាង​ ដោយ​មាន​​ទៀន​ និង​ចង្កៀង​ រី​ឯ​​អា​បិសាច​នោះ​វិញ​គេ​យក​ខ្មោច​ទៅ​បោះ​ចោល ជេរ​ដាក់​បណ្តា​សារ។ បន្ទាប់​មក​ព្រះ​រាជា​ក៏​សោយ​សោក​ជា​ខ្លាំង​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ​ មាន​សភាព​ដូច​ជា​មនុស្ស​ស្លាប់​ អស់​រយៈ​មួយ​ខែ​ក្រោយ​មក​ទើប​ស្បើយ​ឡើង​វិញ។​នៅ​ពេល​ដែល​គាត់​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ហើយ គាត់​ក៏​មក​រក​ខ្ញុំ​ ហើយ​ប្រាប់​ខ្ញុំ​ថា “ឱ​ក្មួយ​ប្រុស​អើយ វាសនា​បាន​កំនត់​អោយ​ពួក​យើង​មាន​ជីវិត​ដែល​រីករាយ រួច​ផុត​ពី​គ្រោះ​អាក្រក់​សព្វ​បែប​យ៉ាង រហូត​ដល់​ពេល​ដែល​ឯង​មក​ជួប​នឹង​យើង គឺ​គ្រោះ​អាក្រក់​បាន​ធ្លាក់​មក​លើ​យើង​តែ​ម្តង។ ឱ​ព្រះ​ជា​ម្ចាស់​អើយ​ហេតុ​ម្តេច​ក៏​បណ្តាល​អោយ​ឯង​មក​ជួប​មុខ​នឹង​យើង! ដោយ​សារ​តែ​យើង​អាណិត​ឯង ដូច្នេះ​ហើយ​បាន​ជា​យើង​បាត់​បង់​អ្វី​ៗ​ទាំងអស់។ ព្រោះ​តែ​ឯង ដំបូង​យើង​បាន​បាត់​បង់​កូន​ស្រី​ ដែល​មាន​តំលៃ​ជាង​បុរស​រាប់​រយ​នាក់ បន្ទាប់​មក​ទៀត​​របួស​ដោយសារ​ភ្លើងបិសាច​នោះ​បាន​ធ្វើ​អោយ​យើង​ឈឺ​ចាប់​ជា​ខ្លាំង យើង​បាន​បាត់​បង់​ធ្មេញ មន្ត្រី​ជំនិត​របស់​យើង​បាន​ស្លាប់។ យើង​មិន​បន្ទោស​ឯង​ទេ ព្រោះ​ឯង​គ្មាន​អំ​ណាច​អ្វី​នឹង​មក​បញ្ចៀស​គ្រោះ​អាក្រក់​នេះ យើង​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ហើយ​ដែល​នៅ​ខាង​កូន​ស្រី​យើង បាន​ជួយ​ដោះ​លែង​ឯង​អោយ​ក្លាយ​ជា​មនុស្ស​វិញ តែ​ស្តាយ​ណាស់​នាង​បែរ​ជា​បាត់​បង់​ជីវិត​ទៅ​វិញ។ ឥលូវ​នេះ​ឯង​ឆាប់​ចេញ​ពី​ទីក្រុង​នេះ​ទៅ​ យើង​មិន​ចង់​អោយ​ប្រជា​រាស្ត្រ​របស់​យើង​រង​ការ​ឈឺ​ចាប់​ដោយ​សារ​តែ​ឯង​ទៀត​ទេ។ ឯង​ទៅ​អោយ​ឆ្ងាយ បើ​យើង​ជួប​មុខ​ឯង​ទៀត យើង​ច្បាស់​ជា​សំលាប់​ឯង​មិន​ខាន”។ គាត់​ក៏​ស្រែក​ដេញ​ខ្ញុំ​ចេញ​ពី​ទី​នោះ។ ខ្ញុំ​ក៏​ចេញ​ពី​មុខ​គាត់​ ​ក្នុង​ចិត្ត​មិន​ដឹង​ជា​ត្រូវ​ធ្វើ​ដំនើរ​ទៅ​ណា​ នៅ​ពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ទាំងអស់​នូវ​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​កើត​ដល់​ខ្ញុំ នឹង​ឃើញ​ពេល​ជួប​នឹង​ជាង​កាត់​ដេរ នឹក​ឃើញ​នាង​នៅក្នុង​រាជ​វាំង​ក្រោម​ដី នឹក​ពេល​រត់​គេច​ពី​បិសាច នឹក​ឃើញ​ពេល​ខ្ញុំ​ចូល​មកដល់​ទីក្រុង​មួយ​ដោយ​ខ្លួន​ខ្ញុំ​ជា​ស្វា​ ហើយ​ឥលូវ​ចេញ​ពី​ទី​ក្រុង​នោះ​ជា​បុរស​ម្នាក់​ទៅ​វិញ។ ខ្ញុំ​ក៏​អរគុណ​ដល់​ព្រះ​អាឡាហ៍ ដែល​ជួយ​អោយ​​ខ្ញុំ​អស់​តែ​ភ្នែក​ម្ខាង​ មិនអស់​​ជីវិតទាំង​មូល​។ មុន​នឹង​ចាក​ចេញពី​វាំង​នោះ​មក ខ្ញុំ​ក៏​ទៅ​ងូត​ទឹក​ចេញ ខ្ញុំ​កោរ​សក់​កោរ​ពុក​មាត់ និង​ចិញ្ចើម រួច​ស្លៀក​ពាក់​ជា​អ្នក​បួស។ រួច​ហើយ​ខ្ញុំ​ក៏​ចាក​ចេញ​ពី​រាជ​វាំង​នោះ ធ្វើ​ដំនើរ​ដោយ​គ្មាន​គោល​ដៅ។ ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​នឹក​ឃើញ​រឿង​អពមង្គល​ទាំង​ឡាយ​ដែល​កើត​មាន​ដល់​ខ្ញុំ ខ្ញុំ​យំ ហើយ​សូត្រ​ពាក្យ​កាព្យ​ដដែល​នេះ​ថា៖

គាត់​គ្មាន​អាណិត​​ក្តី​ឈឺ​ចាប់​ ដែល​បាន​សំលាប់​​ខ្លួន​ប្រាណ​ខ្ញុំ

រួម​រិត​សព្វ​កាយ​គ្មាន​សល់​ម្តុំ មិន​ដឹង​កើត​កុំ​ពី​​ពេល​ណា។

ខ្ញុំ​​អត់​ខ្ញុំធ្មត់​លុះ​ត្រា​គ្រា​​ អត់​ធ្មត់​ខ្លួនវាព្រម​​ចុះ​ចាញ់

អត់​ធ្មត់​ទាល់​តែ​ព្រះ​បំពេញ​ ពរ​ដល់​ខ្ញុំវិញ​សម​ប្រាថ្នា។

ខ្ញុំ​អត់​ខ្ញុំធ្មត់​​សង្កត់​ចិត្ត ទោះ​បី​ជាពិតក្នុង​អន្តរាយ

អត់​ធ្មត់​ដូច​អ្នក​ដើរត្រាច់ត្រាយ​​ កាត់​វាល​ខ្សាច់ឆ្ងាយ​​រហោរស្ថាន។

ខ្ញុំ​អត់​ធ្មត់នឹង​ភាពសោក​សៅ ល្វីងជូ​រចត់​​ស្តៅសណ្តាន់​ខ្វិត

ល្វីងជូ​រចត់នេះ​គ្មាន​កំរិត ប្រៀប​បានទុក្ខ​ស្ថិត​​ក្នុង​ទ្រូង​​​ខ្ញុំ។

គ្មាន​អ្វីជូរ​ដូច​ជូរ​ទឹក​ខ្មេះ ជីវិត​ខ្ញុំ​នេះ​មហា​ចត់​ជូរ

គ្មាន​មនុស្ស​​ឯណាសុខ​ចិត្ត​ទូរ​​​​​ ​ ទុក្ខ​ទោស​​បាន​យូរ​ដូច នេះ​ទេ។

ស្លាក​ស្នាមឆ្លាក់​លើ​បេះ​ដូងខ្ញុំ​ រៀប​រាប់​ទុក្ខ​ធំ​ខ្ញុំ​ពឺត​ផ្សារ

ត្រូវ​ចោះ​ទ្រូងសិន​​​អ្នក​លាក់​ការណ៍ ពីក្រោម​នេះ​ណា​អាថ៌​កំបាំង។

ទុក្ខ​ទោស​​លើ​ទ្រូង​ខ្ញុំ​បើ​ដាក់​ លើ​ភ្នំភ្នំ​ជាក់ខ្ទិចលែង​យល់

លើ​ភ្លើងភ្លើងរលត់​ឥត​សល់​​ បើ​ដាក់​​ក្នុងខ្យល់​​​ខ្យល់ឈប់​បក់។

អ្នកដែល​​និយាយ​ថា​លោក​នេះ​ ផ្អែម​ល្ហែមពិសេស​គង់​​នឹង​យល់

ថ្ងៃ​មួយ​នៅ​ពេលគាត់​​ជួប​ជល់​ នឹង​រឿង​ខ្វាយខ្វល់​ចំបែង​ចិត្ត។

ខ្ញុំ​ក៏​ធ្វើ​ដំនើរ​ឆ្លង​កាត់​តំបន់​ជា​ច្រើន រួច​ហើយ​ខ្ញុំ​ក៏​នឹក​ចង់​មក​ក្រុងបាកដាត ខ្ញុំ​ចង់​យក​រឿង​របស់​ខ្ញុំ​មក​បក​ស្រាយ​នៅ​ក្នុង​រាជវាំង​នៃ​សន្តិភាព[1] ចំពោះ​មុខ​ព្រះ​ចៅ​អធិរាជ ប្រាប់​គាត់​ពី​រឿង​រ៉ាវ​ទាំង​អស់​ដែល​កើត​ចំពោះ​ខ្ញុំ។ ​ខ្ញុំ​បាន​មក​ដល់​ទីក្រុង​នេះ​នៅ​យប់​នេះ​តែ​ម្តង។​ ខ្ញុំ​បាន​ជួប​ពូក​អ្នក​បួស​ទី​មួយ​នេះ​ ខ្ញុំ​ក៏​គោរព​គាត់ រួច​និយាយ​គ្នា​លេង​ជាមួយ​គាត់។ នៅ​ពេល​នោះ​ក៏​មាន​អ្នក​បួស​ទី​បី​នេះ​ចូល​មក​ដល់ រួច​គាត់​និយាយ​នឹង​យើង​ថា “ខ្ញុំ​ជា​ជន​បរទេស” ហើយ​យើង​ក៏​តប​ថា “ពួក​យើង​ក៏​ជា​ជន​បរទេស​ដែរ ទើប​មក​ដល់​កន្លែង​នេះ​នៅ​យប់​នេះ​តែ​ម្តង”។ ដូច្នេះ​ពួក​យើង​ក៏​ជា​មួយ​គ្នា​ទាំង​បី​នាក់ ហើយ​ពួក​យើង​គ្មាន​ស្គាល់​ផ្លូវ​ភូមិសាស្ត្រ​ស្រុក​នេះ​ទេ ចេះ​តែ​ដើរ​ដើរ​ទៅ​រហូត​មក​ដល់​ទ្វារ​ផ្ទះ​នេះ​តែ​ម្តង។ នេះ​ហើយ​ជា​រឿង​របស់​ខ្ញុំ ពី​មូល​ហេតុ​ដែល​ខ្ញុំ​កោរ​សក់​ ពុកមាត់​ ចិញ្ចើម និង​ខ្វាក់​ភ្នែក​ម្ខាង។ នាង​ម្ចាស់​ផ្ទះ ក៏​និយាយ​ថា “រឿង​របស់​ឯង​នេះ​ចំ​ជា​រឿង​កំរ​កើត​មាន​មាន​ ដូច្នេះ​យើង​ទុក​ជីវិត​អោយ​ឯង ហើយ​ចេញ​ពី​មុខ​យើង​អោយ​បាត់​ទៅ!”។ តែ​គាត់​តប​ថា “អ្នក​ស្រី ខ្ញុំ​ចង់​នៅ​ស្តាប់​រឿង​របស់​មិត្ត​ខ្ញុំ​សិន”។ បន្ទាប់​មក​អ្នក​បួស​ទី​៣​ ក៏​ចូល​មក​ រួច​និយាយ​ថា “ឱ​អ្នក​ស្រី​អើយ ចំនែក​ឯ​រឿង​របស់​ខ្ញុំ​នេះ​វិញ កាន់​តែ​ប្លែក​ទៅទៀត។ ករណី​ពួក​គេ​ជា​រឿង​ដែល​វាសនា​បាន​កំនត់ រី​ឯ​ករណី​របស់ខ្ញុំ​នេះ​វិញ​គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ជា​អ្នក​កំនត់​នូវ​វាសនា​ខ្លួន​ឯង​រហូតដល់​កោរ​សក់​ខ្លួន​ឯង កោរ​ពុកមាត់​ខ្លួន និង​បាត់​គ្រាប់​ភ្នែក​ម្ខាង”។


[1] ទីក្រុង​និមួយៗ​នៅសម័យ​នោះ​សុទ្ធ​តែឈ្មោះ​ក្រៅ​​របស់​វា។ ក្រុង​បាកដាត​មាន​ឈ្មោះ​បែប​នេះ ព្រោះ​ជា​ទីក្រុង​ដោយ​ពោរពេញ​ដោយ​សន្តិសុខ រួច​ហើយ​ជា​រាជធានី​នៃ​ព្រះ​ចៅ​អធិរាជ​ទៀត។ទន្លេ​ទិគ្រិស​ មាន​ឈ្មោះ​ក្រៅ​ថា ទន្លេ​សន្តិភាព​។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s