បញ្ច​តន្ត្រ​(៣)



មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

រឿង ឆ្កែ​ព្រៃ​និង​ស្គ

កាល​មួយ​នោះ​មាន​ឆ្កែ​ព្រៃ​មួយ​ក្បាល​ឈ្មោះ គោម័យ។ ថ្ងៃ​មួយ វា​ស្រេក​ឃ្លាន​ជា​ខ្លាំង ហើយ​វា​ខំ​ប្រឹង​ស្វែង​រក​ចំណី។ ចុងក្រោយ​វា​មក​ដល់​លាន​ចំបាំង​មួយ។ ពួក​អ្នក​ចំបាំង​បាន​បន្សល់​ទុក​នូវ​ស្គ​មួយ នៅ​ក្បែរ​​វល្លិ៍​មួយ។ ដោយសារ​ខ្យល់​ខ្លាំង​ពេក​ វល្លិ៍​នោះ​ក៏​យោល​ប៉ះ​នឹង​ស្គ បង្ក​ជា​សំឡេង។ ពេល​ដែល​ឆ្កែ​ព្រៃឮ​សំឡេង​នោះ វា​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​គិត​ក្នុង​ចិត្ត​ថា “ទាល់​តែ​អញបាន​​ឃើញ​អ្នក​ដែល​បញ្ចេញ​សំឡេង​ឱ្យ​​​​អញ​ខ្លាចនោះ​សិនទើប​អញ​អស់​ចិត្ត។ ​វា​មិន​សម​ទេ​​នឹង​រត់​ចោល​ផ្ទះ​ភ្លាម​ដោយ​មិន​បាន​ពិនិត្យ​ពិច័យ​ឱ្យ​​បាន​គ្រប់​ជ្រុង​ជ្រោយ ដូច្នេះ​អញ​ត្រូវ​តែ​រក​មើល ស្អី​គេ​បញ្ចេញ​សំឡេង​​ហ្នឹង”។

រួច​ហើយ​ឆ្កែ​ព្រៃ​នោះ​ក៏​បង្កើន​សេចក្តីក្លាហាន ដើរ​សំដៅ​ចូល​ទៅ រួច​ក៏​គ្មាន​ឃើញ​អ្វី​ក្រៅ​ពី​ស្គ​មួយ​ប៉ុណ្ណោះ។ វា​ដើរ​រក​មើល​ជុំ​វិញ​នោះ គ្មាន​ឃើញ​អ្វី​ក្រៅ​តែ​ចំណី​របស់​វា​យ៉ាង​ច្រើន​ដេរ​​ដាស់ ដែល​អាចឱ្យ​​វា​ដេក​ស៊ី​អស់​កាល​ដ៏​យូរ។

“​លោក​ម្ចាស់​ឃើញ​ទេ ដូច្នេះ​លោក​ម្ចាស់​មិន​បាច់​ខ្លាច​ទេ​សព្វ​បើ​ត្រឹម​ជា​សំឡេង​​នោះ”។

ពិន្គល​ក៏​តប​ថា “ឱ្យ​​អញ​មិន​ខ្លាច​ម្តេច​បាន បើ​កូន​ចៅ​របស់​អញ​ទាំង​អស់​គ្នា​វា​ខ្លាច​ឡើង​ញ័រ​ទៅ​ហើយ​នោះ ហើយ​ពួក​វា​សុទ្ធ​តែ​ចង់​រត់​ចេញ​ពី​ទី​នេះ​ទៀត”។


ទម្នក​និយាយ​ថា “លោក​ម្ចាស់! បម្រើ​​មិន​សមនឹង​ទទួល​ខុសត្រូវ​រឿង​នេះ​ទេ ព្រោះ​ពួក​គេយក​គម្រូ​​​តាម​ម្ចាស់​របស់​វា​ប៉ុណ្ណោះ។ ដូច​ពាក្យ​ចាស់​គេ​និយាយ​ថា

១៩) សេះ អាវុធ សៀវភៅ ការ​សន្ទនា ​ពិណ និង​ភរិយា ព​ពួក​អស់​នេះ​​មានតម្លៃ​រឺ​គ្មានតម្លៃ​អាស្រ័យ​តែ​នឹង​បុរស​ដែល​ជា​ម្ចាស់​របស់​ពួក​វា​តែ​ប៉ុណ្ណោះ”។

ទម្នក​ក៏​បន្ត​ថា “​អញ្ចឹង​ហើយ​បាន ពួកបម្រើ​តែង​សួរ​លោក​ម្ចាស់​ថា​តើ​ត្រូវ​ធ្វើ​រឺ​មិន​ធ្វើ រឺ​ក៏​តើ​លោក​ម្ចាស់​ពេញ​ចិត្ត​រឺ​អត់ “

ពិន្គល​ក៏​និយាយ​ថា “ឱ​ទម្នក​សម្លាញ់! ល្អ​ហើយ បើ​អញ្ចឹង​មែន​ ឯង​ទៅ​រក​មើល​ប្រភព​សំឡេង​​នោះ​មើល។ សូម​ឱ្យ​​ព្រះ​ជួយថែរ​រក្សា​ឯង​​”។
ទម្នក​ក៏​ក្រាប​បង្គំ​លា​ស្តេច​តោ រួច​ចេញ​ដំណើរ​រក​មើល​មូល​ហេតុ​នៃ​សំឡេង​របស់​គោ​សន្ជិវក​នោះ។
បន្ទាប់​ពី​ឆ្កែ​ព្រៃ​នេះ​ចាក​ចេញ​មក ស្តេច​តោ​មាន​សេចក្តី​ភ័យ​ខ្លាច​ជាខ្លាំង។ ស្តេច​តោ​គិត​ក្នុង​ចិត្ត​ថា “អញ​គិត​នេះ​ខុស​ស្រឡះ មិន​គួរ​ទុក​ចិត្ត​នឹង​ឆ្កែ​ព្រៃ​នេះ​សោះ។ ព្រោះ​អញ​មិន​ដែល​នឹក​នា​​ខ្វាយ​ខ្វល់​អំពី​មុខ​តំណែង​វា​អ្វី​បន្តិច​ផង វា​ច្បាស់​ជា​យក​រឿង​នេះ​ទៅ​ប្រាប់​ដល់​សត្រូវ​អញ​មិន​ខាន រួច​ហើយ​ត្រឡប់​មក​សង​សឹក​អញ​វិញ​មិន​ខាន។​ដូច្នេះ​អញ​ត្រូវ​លាក់​ខ្លួន ចាំ​មើល​ក្រែង​វា​នាំ​សត្រូវ​មក​កម្ចាត់​អញ​ ព្រោះ​ពាក្យ​ចាស់​គេ​និយាយ​ថា

២០) អ្នក​ខ្លាំង​​ពូកែ​ដែល​ប្រហែស​ផ្ញើ​ក្តី​ទុក​ចិត្តលើ​អ្នក​ដទៃ អាច​នឹង​បង់ជីវិត តែ​អ្នក​​ខ្សោយ​​ដែល​ចេះ​ប្រយត្ន​ប្រយែង គង់​នឹង​រូច​ផុត​ពី​ក្តី​ស្លាប់​បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ខ្លាំង​ក៏​ដោយ”។
ដូច្នេះ​ពិន្គល​ក៏​សម្រេច​ចិត្ត​បែប​នេះ​ រួច​ពួន​ចាំ​មើល​ទម្នក​ត្រឡប់​មក​វិញ​យ៉ាង​អន្ទះ​អន្ទែង។
នៅ​ក្នុង​អំឡុង​ពេល​នោះ ទម្នក ទៅ​ដល់​កន្លែង​ដែល​សន្ជិវក​នៅ​ទៅ​ហើយ។ ទម្នក​ក៏​ដឹង​ច្បាស់​ថា តាម​ពិត​គ្រាន់​តែ​ជា​គោ​មួយ​ក្បាល​ប៉ុណ្ណោះ តែ​ជា​អ្នក​បន្លឺ​សំឡេង​បែប​នោះ។ វា​រីករាយ​ជា​ខ្លាំង ហើយ​គិត​ក្នុង​ចិត្ត​ថា “នេះ​ចំជា​សំណាង​មែន ឥលូវ​នេះ​​ពិន្គលស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​អញ​ហើយ ព្រោះ​អញ​ចង់​អោយ​អា​គោ​មួយ​នេះ​ជា​សត្រូវ​នឹង​ពិន្គល​ក៏​បាន ជា​មិត្ត​ក៏​បាន ស្រេច​តែ​អញ​សម្រេច​ចិត្ត ព្រោះ​ថា

២១) បុរស​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ រី​ឯ​ស្តេច​គ្មាន​បញ្ហា​មិន​ខ្វាយ​ខ្វល់​នឹង​​មន្ត្រី​”
ដោយ​មាន​គំនិត​បែប​នេះ​ក្នុង​ចិត្ត ទម្នក​ក៏​ចូល​ត្រឡប់​ទៅ​ជួប​នឹង​ពិន្គល​វិញ។ វា​ក្រាប​ថ្វាយ​បង្គំ​ពិន្គល រួច​ហើយ​ក៏​ទៅ​រក​កន្លែង​សមគួរ​អង្គុយ។
ពិន្គល​ក៏​សួរ​ថា “តើ​ឯង​មាន​ឃើញ​វា​ទេ?”។
ទម្នក​ក៏តប​ថា “បរពិត​លោក​ម្ចាស់ ខ្ញុំ​បាន​ឃើញ​វា​ហើយ”។
ពិន្គល​ក៏​សួរ​បញ្ជាក់​ថា​”ឯង​និយាយ​ពិត​ឬ?”។
ទម្នក​ក៏តប​ថា ” តើ​លោក​ម្ចាស់​គិត​ថា​មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​កុហក​លោក​ម្ចាស់​ឬ?”។
ពិន្គល​ក៏​សួរ​បញ្ជាក់​ទៀត​ថា​” អញ្ចឹង​មែន? ហែង​ឃើញ​វា​មែន​? ពួក​អ្នក​ខ្លាំង​ពូកែ​អស្ចារ្យ​គេ​មិន​រវី​រវល់​មក​តតាំង​ជា​មួយ​អ្នក​ទន់​ខ្សោយ ហេតុ​នេះ​ហើយ​បាន​ជា​ឯង​មិន​អី ព្រោះ​ថា

២២) ខ្យល់​ព្យុះ​បក់​បោក​​ ហោះ​រំលង​ស្មៅ​តូច​ទាប​ តែ​រំលើង​ដល់​ឬស​ដើម​ឈើ​ធំៗ។ ខ្លាំង​ប្រយុទ្ធ​ជា​មួយ​ខ្លាំង តែ​មិន​ប្រយុទ្ធ​ជា​មួយ​អ្នក​ទន់​ខ្សោយ​”។
ទម្នក​តប​ថា “មែន​ហើយ វា​នោះ​អាច​ជា​អ្នក​ខ្លាំង​ក្លា តែ​ក៏​មិន​មែន​មានន័យ​ថា​យើងមិន​មែន​ជា​គូ​ប្រៀប​របស់​វា​ដែរ។ លោក​ម្ចាស់​គ្រាន់​តែ​ប្រាប់​ខ្ញុំ​មក ខ្ញុំ​នឹង​យក​វា​មក​ធ្វើ​ជា​បម្រើ​របស់​លោក​ម្ចាស់!​”។
ពិន្គល​ក៏​ដក​ដង្ហើម​ធំ​ និយាយ​ថា “ស្អី​គេ? ឯង​អាច​ធ្វើ​បាន​មែន?”។

ទម្នក​តប​ថា “តើ​អ្វី​ដែល​អ្នក​មាន​ប្រាជ្ញា​ធ្វើ​មិន​បាន​នោះ?”។
ពិន្គល​ក៏​និយាយ​ថា “ល្អ! យើងនឹង​​ចាត់​តាំង​ឯង​ឱ្យ​ធ្វើ​ជា​មន្ត្រី​ធំ​របស់​យើង​ចាប់​ពី​ពេល​នេះ​តទៅ!”។
ទម្នក​ក៏​ក្រាប​បង្គំ​លា​ស្តេច​តោ រួច​ដើរ​ទៅ​រក​គោ​សន្ជិវក។ ពេល​ជួប​នឹង​គោ​នោះ​ភ្លាម​ វា​ក៏​ស្តី​បន្ទោស​គោ​​នោះ​ថា “នែ​អា​គោ​គួរឱ្យ​ស្អប់! តើ​អា​ឯង​មិន​ខ្លាច​លោក​ម្ចាស់​ពិន្គល​របស់​អញ​ទេ បាន​ជា​មក​ស្រែក​ជំទាល​​ឮៗ​បែប​នេះ​? មក​តាម​អញ​ភ្លាម។ លោក​ម្ចាស់​របស់​អញ​ត្រូវ​ការ​ជួប​ឯង”។


នៅ​ពេល​ដែល​សន្ជិវក​ឮ​បែប​នេះ វា​និយាយ​ថា “មិត្ត​សម្លាញ់​ នរណា​ជា​ពិន្គលទៅ​?”​។


ទម្នក​ក៏តប​ថា “ឯង​​ចាំ​បន្តិច​ទៅ ឯង​នឹង​ដឹង​នៅ​ពេល​ជួប​មុខគាត់​ឥលូវ​នេះ! គាត់​នៅ​ទី​នោះ អង្គុយ​ក្រោម​ដើម​ពោធិ៍ មាន​សេនា​ជុំ​វិញ”។

នៅ​ពេល​ដែល​សន្ជិវក​ឮ​បែប​នេះ វា​គិត​ថា​​ថ្ងៃ​អន្សា​រ​របស់​វា​បាន​មក​ដល់​ហើយ វា​​មាន​សេចក្តី​ភិត​ភ័យ​ជា​ខ្លាំង។ វា​និយាយ​នឹង​ទម្នក​ថា “មិត្ត​សម្លាញ់ ឯង​មើល​ទៅ​ទំនង​ជា​ចិត្ត​ល្អ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។ បើ​ឯង​ចង់​យក​ខ្ញុំ​ទៅ​ឱ្យ​តោ​នោះ សូម​ឯង​ធានា​ថា​ជីវិត​អញ​​ថា​មិន​អី​សិន”។
ទម្នក​និយាយ​ថា “ឯង​ទាមទារ​នេះ​ត្រូវ​ហើយ ព្រោះ​ថា​មនុស្ស​ម្នាក់​អាច​ទៅ​ដល់​ចុង​ផែន​ដី​ រឺ​បាត​សមុទ្រ រឺ​កំពូល​ភ្នំ​ខ្ពស់ តែ​គ្មាន​នរណា​ម្នាក់​អាច​យល់​ជម្រៅ​ចិត្ត​របស់​ព្រះ​រាជា​យើង​បាន​ទេ។ដូច្នេះ​ឯង​នៅ​ចាំ​ទី​នេះ។ អញ​នឹង​យក​ឯង​ទៅ​ជួប​គាត់​នៅ​ពេល​សម​ស្រប​ណា​មួយ”។
បន្ទាប់​មក​ទម្នក​ក៏​ត្រឡប់​ទៅ​ជួប​នឹង​ពិន្គល​វិញ ហើយ​និយាយ​ថា “លោក​ម្ចាស់​! វា​នោះមិន​មែន​ជា​សត្វ​ធម្មតា​ទេ។ វា​ជា​គោ​មួយ​ដែល​ជា​ជំនិះ​របស់​ព្រះ​សិវៈ។ នៅ​ពេល​ដែល​ខ្ញុំ​សួរ​វា​ វា​ពន្យល់​ប្រាប់​ខ្ញុំ​ថា “ព្រះ​សិវៈ ដែល​ជា​ម្ចាស់​របស់​ខ្ញុំ ទ្រង់​រីករាយ​នឹង​ខ្ញុំ ហើយ​ទុក​ឱ្យ​​ខ្ញុំ​​មក​ស៊ី​ស្មៅ​ដោយ​សេរី​នៅ​មាត់​ទន្លេ​យមុន​នេះ​។ ហើយ​ព្រះ​សិវៈ​បាន​ផ្តាំ​ថា ព្រៃ​ទាំង​អស់​នេះ ខ្ញុំ​ចង់​ទៅ​លេង​កន្លែង​ណា​ក៏​បាន​”។
ពិន្គល​ភ័យ​ញ័រ​ចំប៉្រប់ និយាយ​ថា “​ឥលូវ​នេះ​ អញ​ដឹង​ហើយ​ មិន​ដែល​មាន​សត្វ​ស៊ី​ស្មៅ​ឯណា​ មក​ក្លាហាន​ស៊ី​ស្មៅ​ ស្រែក​ឡូឡា​កណ្តាល​ព្រៃ​ស្ងាត់​សម្បូរ​ដោយ​សត្វ​សាហាវ​បែប​នេះ​ទេ។ នេះ​គឺ​ដោយ​សារ​វា​មាន​ព្រះ​សិវៈ​ឱ្យ​ពរ​ដល់​វា​តែ​ប៉ុណ្ណោះ។ តែ​ឯង​មាន​និយាយ​អី​ខ្លះ​នឹង​វា ពេល​ឮ​វា​និយាយ​អញ្ចឹង?”

ទម្នក​តប​ថា “លោក​ម្ចាស់! ខ្ញុំ​ប្រាប់​វា​ថា ព្រៃ​នេះ​ព្រះ​ទុគ៌​​បាន​ប្រគល់​ជា​កម្មសិទ្ធិ​ដល់​​លោក​ម្ចាស់របស់​​យើង។ តែ​មិន​អី​ទេ យើង​ស្វាគមន៍​ដល់​ឯង។ ចូរ​ឯង​មក​ស្នាក់​នៅ​ជា​មួយ​ស្តេច​របស់​យើង​ ដូច​ជា​បង​ប្អូន​នឹង​គ្នា ចំណាយ​ពេល​វេលា​សប្បាយ​នឹង​ម្ហូប​អាហារ​ ភេសជ្ជៈ និង​ល្បែង​កម្សាន្ត​នានា​ជា​មួយ​យើង​។ វា​ក៏​យល់​ព្រម​តាម តែ​វា​ទាមទារ​ថា លោក​ម្ចាស់​ត្រូវ​ធានា​សុវត្ថិភាព​ដល់​ជីវិត​របស់​វា។ ហើយ​នៅ​សល់​ប៉ុន្មាន​គឺ​ស្រេច​តែ​លោក​ម្ចាស់​ជា​អ្នក​សម្រេច​ចិត្ត​”។

ពេល​ពន្គល​ឮ​បែប​នេះ វា​​និយាយ​ថា “ល្អ​ណាស់ នេះ​បាន​ចំ​ជា​មន្ត្រី​ដ៏​ពូកែ​របស់​អញ​!។ ឯង​ធ្វើ​ដូច​អញ​គិត​ទាំង​អស់។ អញ​ធានា​ថា ជិវិត​របស់​គោ​នោះ​នឹង​មាន​សុវត្ថិភាព​ តែ​សូម​ឯង​ឱ្យ​វា​ធានា​ថា ជីវិត​អញ​មាន​សុវត្ថិភាព​ដែរ​ផង រួច​ហើយ​នាំ​វា​មក​ជួប​អញ​ភ្លាម”។


ទម្នក​ក៏​ក្រាប​ថ្វាយ​បង្គំ​ពិន្គល ហើយ​ចេញ​ទៅ​ជួប​នឹង សន្ជិវក។ វា​គិត​ក្នុង​ចិត្ត​ថា “លោក​ម្ចាស់​របស់​អញ​​ពិត​ជា​ដឹង​គុណ​ចំពោះ​អញ​មែន ហើយ​ធ្វើ​ដូច​អញ​គិត​ទុក។ អញ​ចំ​ជា​សភាវៈ​មាន​សំណាង​បំផុត​មែន”។

នៅ​ពេល​ដែល​វា​ទៅ​ជួប​នឹង សន្ជិវក វា​និយាយ​នឹង​គោ​នោះ​ដោយ​គោរព​ថា”​នែ​មិត្រ​សម្លាញ់ ខ្ញុំ​បាន​សុំ​ទៅ​លោក​ម្ចាស់​របស់​ខ្ញុំ​ ឱ្យ​ទុក​ជីវិត​របស់​ឯងរួច​ហើយ ហើយ​លោក​ម្ចាស់​គាត់​ក៏​បាន​យល់​ព្រម​ដែរ។ ដូច្នេះ​ឯង​តាម​ខ្ញុំ​មក មិន​បាច់​ខ្លាច​អ្វី​ទាំងអស់។ តែ​ពេល​ដែលចូល​គាល់​​ព្រះ​រាជា​ ឯង​ត្រូវ​គោរព​អញ​ដូច​ជា​ឯង​គោរព​ខ្លួន​ឯង​អញ្ចឹង​។ ​ឯង​មិន​ត្រូវ​ងើយ​មុខ​ឡើង​លើ​ដាក់​អញ​ទេ។ ចំណែក​អញ​វិញ អញ​នឹង​ឱ្យ​យោបល់​ឯង​ធ្វើ​នេះ​ធ្វើ​នោះ តាម​តួនាទី​អញ​ជា​មន្ត្រី។ បើ​ឯង​អាច​ធ្វើ​របៀប​នេះ​បាន យើង​នឹង​រស់​បាន​ដោយ​សុខ​បំផុត ព្រោះ​ថា
២៣) បុរស​ដែល​​អួត​អាង​ជ្រុល មិន​ចេះ​ចែក​​ខ្ពស់​និង​ទាប នឹង​វិនាស​ឆាប់។

ដូច​ការ​វិនាស​របស់​ទន្តិល​ អញ្ចឹង​ ទោះ​បី​គាត់​ជា​មនុស្ស​ជំនិត​របស់​ស្តេច​ក៏​ដោយ​”

សន្ជិវក​ក៏​សួរ​ថា “រឿង​នោះ​វា​យ៉ាង​ម៉េច​ខ្លះ?”


ហើ​យទម្នក​ក៏​ប្រាប់​សន្ជិវក​ពី​រឿង “ឈ្មួញ​ទន្តិល”។


មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in រឿង​និទាន​ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s