មួយ​ពាន់​មួយ​យប់​(៨០)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

អ្នក​ឃើញ​ទេ នូវ​ក្តី​មេត្តា​របស់​បុរស​គេ​ឈ្នានីស ដល់​បុរស​ឈ្នានីស ដែល​ស្អប់​គាត់​តាំង​ពី​ដើម​រៀង​មក​ រហូត​ដល់​មាន​គំនិត​ចង់​សំលាប់​គាត់​ទៀត តែ​គាត់​មិន​ត្រឹម​តែ​មិន​ចង​កំហឹង​មនុស្ស​អាក្រក់​នេះ​ទេ ថែម​ទាំង​អោយ​រង្វាន់​ដល់​គាត់​ថែម​ទៀត​ផង។
បន្ទាប់​មក​ខ្ញុំ​ក៏​យំ​សោក​ដាក់​​អា​បិសាច​នោះ ដោយ​និយាយ​ថា

“សូមលោក​មេត្តា​ដល់​ខ្ញុំ​អ្នក​ខុស​_____សូមលើកលែង​ទោសដូចពួក​អ្នក​ប្រាជ្ញ
តែ​ង​តែ​អភ័យ​មនុស្ស​ខ្លៅ​តូច​តាច​_____បើ​ខ្ញុំ​បិសាច​សូម​អ្នកទេវតា។
បើ​អ្នក​បួងសួង​សូម​ទោស​ស្ថាន​សួគ៌_____ដូច្នេះ​អ្នក​គួរ​ផ្តល់​ក្តី​មេត្តា
ដល់​អ្នក​តូច​ទាប​ផង​ដែរ​នោះ​ណា_____នេះ​ទើប​សម​ជា គតិបណ្ឌិត។”

អា​បិសាច​នោះ​ក៏​និយាយ​ថា “អ្ហែង​មិន​បាច់​និយាយ​វែង​ឆ្ងាយ​ទៀត​ទេ! អញ​មិន​សំលាប់​អ្ហែង តែ​អញ​ក៏​មិន​អោយ​អ្ហែង​ទៅ​ដោយ​ស្រួល​ដែរ”។
បន្ទាប់​មក​វា​ក៏​ចាប់​ក្របួច​ក​របស់​ខ្ញុំ​ រួច​ហោះ​ឡើង​លើ រហូត​ទាល់​តែ​ដល់​ពពក។ បន្ទាប់​មក​វា​យក​ខ្ញុំ​មក​ទំលាក់​លើ​ភ្នំ​មួយ វា​យក​ដី​មួយ​ពំនូក​មក សូត្រ​គាថា​រួច​ផ្លុំ​ដាក់​ខ្ញុំ ដោយ​និយាយ​ថា “សូម​អោយ​អែង​ក្លាយ​ជា​សត្វ​ស្វា​ភ្លាម!”។
ហើយ​ខ្ញុំ​ក៏​ក្លាយ​ជា​សត្វ​ស្វា​ភ្លាម។ បន្ទាប់​មក​វា​ក៏​ចាក​ចេញ​ទៅ​បាត់​ទៅ ហើយ​ខ្ញុំ​ក្លាយ​ទៅ​ជា​មាន​រូប​រាង​អាក្រក់​ក្រៃ​លែង​ គួរ​អោយ​ស្អប់ ខ្ញុំ​យំ តែ​ខ្ញុំ​មិន​ខឹង​នឹង​វាសនា​អាក្រក់​នេះទេ ព្រោះ​លើ​លោក​នេះ​គ្មាន​អ្វី​ទៀង​ទាត់​ឡើយ។ ខ្ញុំ​ក៏​ចុះ​ពី​លើ​ភ្នំ រហូត​ដល់​ជើង​ភ្នំ​ដាច់​ស្រយាល​មួយ ខ្ញុំ​ធ្វើ​ដំនើរ​ត្រង់​ទៅ​មុខ​អស់​រយៈ​ពេល​មួយ​ខែ​ពេញ​រហូត​ដល់​សមុទ្រ​មួយ។ បន្ទាប់​ពី​ឈរ​នៅ​ទី​នោះ​មួយ​ស្របក់ ខ្ញុំ​ឃើញ​សំពៅ​មួយនៅ​កណ្តាល​សមុទ្រ ដែល​​បោះ​ពួយ​មក​ដី​គោក។ ខ្ញុំ​លាក់​ខ្លួន​ក្រោយ​ផ្ទាំង​ថ្ម​មួយ​នៅលើ​ឆ្នេរ ហើយ​រង​ចាំ​ទាល់​តែ​សំពៅ​មក​ជិត ខ្ញុំ​ក៏​រត់​​ឡើង​លើ​សំពៅ​នោះ។
នៅ​លើ​សំពៅ​នោះ​មាន​អីវ៉ាន់​និង​អ្នក​ដំនើរ​កកកុញ មានបុរស​​ម្នាក់​ស្រែក​ថា”​លោក​កាពីទែន សត្វព្រៃ​មួយ​ក្បាល​នេះ​នឹង​នាំ​សំនាង​អាក្រក់​ដល់​យើង​ទាំងអស់​គ្នា​ហើយ!” ហើយ​ បុរស​ម្នាក់​ទៀត​ស្រែក​ថា “ឆាប់​ចាប់​វា​ចេញ​ទៅ”។
លោក​កាពី​ទែន​ក៏​ស្រែក​ថា “យើង​សំលាប់​វា​ចោល​ទៅ!”។
បុរស​ម្នាក់​ទៀត​ស្រែក​ថា “កាប់​វា​មួយ​ដាវ​ទៅ”
បុរស​ម្នាក់​ផ្សេង​ទៀត​ស្រែក​ថា “បោះ​វា​ចូល​ក្នុង​ទឹក​វិញ!”
ហើយ បុរស​​ម្នាក់​ផ្សេង​ទៀត​និយាយថា “យក​ព្រួញ​បាញ់​វា​វិញ”។
ខ្ញុំ​ក៏​រត់​ទៅ​អោប​ជើង​លោក​កាពីទែន រួច​យំ​អង្វរ។
លោក​កាពីទែន​​អាណិត​ខ្ញុំ​ ហើយ​និយាយ​ថា “អស់​លោក! ស្វា​មួយ​ក្បាល​នេះ​ចង់​អោយ​ខ្ញុំ​ជួយ​ ខ្ញុំ​នឹង​កាពារ​វា អីលូវ​វា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​អោយ​នរណា​ធ្វើ​បាប​វា​បាន​ឡើយ បើ​មិន​អញ្ចឹង​ទេ​នឹង​មាន​ការ​បង្ហូរ​ឈាម​គ្នា​ជា​មិន​ខាន”។
បន្ទាប់​មក​គាត់​មើល​ថែខ្ញុំ​បាន​យ៉ាង​ល្អ អ្វី​ដែល​គាត់​និយាយ​ ខ្ញុំ​យល់​បាន​ទាំង​អស់ ហើយ​ស្តាប់តាម​បង្គាប់​គាត់​ទាំងអស់​ ហើយ​បំរើ​គាត់​ដូច​ជា​បំរើ ហើយ​គាត់​ស្រលាញ់​ជា​ខ្លាំង។​ សំពៅ​ធ្វើ​ដំនើរ​ទៅ​មុខ អស់​រយៈ​ពេល​៥០​ថ្ងៃ យើង​ទៅ​ដល់​ទី​ក្រុង​មួយ​ដែល​មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស​សំបូរ​អ្នក​ចេះ​ដឹង។
បន្តិច​ក្រោយ​មក​​ មាន​មន្ត្រី​ម្នាក់​បាន​មក​ទទួល​​ពួក​យើង។ គាត់​មក​ទទួល​ស្វាគមន៍​ពួក​យើង គាត់​និយាយ​ថា “ព្រះ​អង្គ​របស់​យើង​ស្វាគមន៍​អស់​លោក ព្រះ​អង្គ​បាន​ផ្ញើ​ក្រដាស​នេះ​មក​ ដើម្បី​អោយ​ពួក​អស់​លោក​សរសេរ​អក្សរ​មួយ​បន្ទាត់​ម្នាក់។ អស់​លោក​ដឹង​ទេ មន្ត្រី​ម្នាក់​របស់​ទ្រង់ ដែល​ជា​កំពូល​ស្មេរ បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ព្រះ​អង្គ​របស់​យើង​បាន​ស្បថ​ថា នឹង​មិន​លើក​នរណា​ម្នាក់​​ដែល​មិន​អាច​សរសេរ​បាន​ល្អ​ដូច​គាត់​មកបំពេញ​​កន្លែង​របស់​គាត់​ទេ។”
បន្ទាប់​មក​មន្ត្រី​នោះ​ប្រគល់​ក្រដាស់​មួយ​រមូរ​ប្រវែង​១០​ហត្ថ​មក​អោយ​​ពួក​យើង​សរសេរ​ បើ​សិន​ជា​ចេះ​អក្សរ នរណា​ចង់​សរសេរ​អី​ក៏​សរសេរ​ទៅ។​ ពួក​គេ​គ្រប់​គ្នា​សរសេរ​រួច​រាល់​ហើយ ខ្ញុំ​ក៏​ចូល​ទៅ​សរសេរ​ដែរ ខ្ញុំ​យក​ក្រដាស​ពី​ដៃ​របស់​ពួក​គេ​មក។ ពួក​គេ​ខ្លាច​ខ្ញុំ​យក​ទៅ​ហែក​ចោល រឺ​គ្រវែង​វា​ចោល ដូច្នេះ​ពួក​គេ​ក៏​បន្លាច​ខ្ញុំ​ដើម្បី​ដណ្តើម​យក​ក្រដាស​នោះ​មក​វិញ តែ​ខ្ញុំ​អោយ​សញ្ញា​ពួ​កគេ​ថា ខ្ញុំ​អាច​សរសេរ​បាន ពួក​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ហើយ​និយាយ​ថា “មិន​ដែល​មាន​ស្វា​អែ​ណា​ចេះ​សរសេរ​អក្សរ”។
លោក​កាពី​ទែន​ក៏​ស្រែក​ថា “អោយ​វា​សរសេរ​សាក​មើល​ទៅ បើ​វា​ធ្វើ​រហែក​ក្រដាស​នេះ​យើង​នឹង​ទាត់​វា​សំលាប់ ​ចោល តែ​បើ​វា​អាច​សរសេរ​បាន​ត្រឹម​ត្រូវ ខ្ញុំ​នឹង​យក​វា​ជា​កូន​ចិញ្ចឹម ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ​ស្វា​អែ​ណា​ឆ្លាត​បែប​នេះ​ទេ”​។
ខ្ញុំ​យក​ក្រដាស​និង​ជក់​ ហើយ​សរសេរ​តាម​ទឹក​ដៃស្មេរ​សំបុត្រ​ ​ថា

“ពេល​វេលា​បាន​កត់​ត្រា​ទុក​ _____នូវ​រាល់​ទំនុក​គុណ​ធម៌​​ព្រះ
រី​​​ទ្រង់​​​វិញ​គ្រប់​គ្នា​ដឹង​ច្បាស់​ _____ គុណធម៌​គ្មាន​ខ្វះ​ចន្លោះ​អ្វី។
សូម​ព្រះជា​ម្ចាស់គង់​​ស្ថានលើ _____ កុំបី​មក​​ធ្វើ​​អោយ​កំព្រា
នូវ​រាស្ត្រ​ព្រះ​អង្គ​គ្រងរាជា_____ មាតា​​បិតា​នៃ​គុណធម៌។”

ហើយ​ខ្ញុំ​សរសេរ​តាម​ទឹក​ដៃស្មៀន​​ថា

“ទ្រង់​មាន​កេរ្តិ៍​ឈ្មោះ​ពិរោះ​​ដូច​ភ្លេង​_____ ដែល​ផ្សាយសំលេង​​គ្រប់​តំបន់
មនុស្ស​ទាំង​ឡាយ​ប្រុស​ស្រី​គ្រប់​ជំនាន់​ _____ពេញ​ចិត្ត​ពេក​ពន់​ពេល​​បាន​លឺ​​ហើយ។
ទឹក​ចិត្ត​សប្បុរស​របស់​ព្រះ​អង្គ​_____ប្រៀប​បានទៅ​​នឹង​ទន្លេ​ធំ
ម្រាម​ប្រាំ​ព្រះ​អង្គ​ស្រោច​ស្រព​ប្រោស​ព្រំ​_____ ត្រជាក់​ត្រជំ​ដល់​មនុស្ស​គ្រប់​គ្នា។​”

បន្ទាប់​មក​ទៀត​ខ្ញុំ​ក៏​សរសេរ​ជា​អក្សរឆ្លាក់​ថា

“គ្មាន​ស្មេរ​ណា​គេច​​ផុត​ពីក្តី​ស្លាប់​ _____តែ​អ្វី​​គាត់រាប់​រៀប​រស់ជានិច្ច
សរសេរទុកទៅព្រោះ​វា​ជា​កិច្ច​ _____ជួយ​ទ្រង់​សំរេច​ដល់​ស្ថាន​សួគា”

បន្ទាប់​មក​ទៀត​ខ្ញុំ​ក៏​សរសេរតាម​ទឹក​ដៃ​ស្មេរ​គម្ពីរ​ ថា

“ពេល​​ពើប​ប្រទះ​នឹង​គ្រោះកំនាច_____តាម​មក​បន្លាច​ព្រោះ​​វាសនាដល់
ទោះ​បី​ជា​ខំ​​ប្រឹង​ប្រែងគេច​កល់ _____យ៉ាង​ណា​អំពល់​នៅ​​ឥត​ប្រយោជន៍។
ប្រើ​ជក់​មួយ​នេះ​ជំនួស​​អណ្តាត_____ សរសេរ​អោយ​ស្អាតជំនួសសំដី
រៀបរាប់​អោយ​អស់​នូវ​ន័យ​សេចក្តី​_____ពី​ទុក្ខ​លោកិយ​នឹង​​ប្តឹងដល់​​ព្រះ​។”

បន្ទាប់​មក​ទៀត​ខ្ញុំ​ក៏​សរសេរតាមបែប​អ្នក​រាជការ​ថា

“គ្មាន​នរណា​​ម្នាក់​អាច​នៅ​ជា​ស្តេច​_____រៀង​រហូតម្តេច​នឹង​បាន​នោះ​ឡើយ
បើទ្រង់​មិន​​ជឿ តើ​មាន​ស្តេចសោយ_____រាជ្យ​អង្គ​ណាមួយ​​ពី​កើត​​ដី​មក។
ចូរ​ដាំ​ដើម​ឈើ​នៃ​អំពើ​ល្អ _____ ប្រកប​ដោយ​ធម៌​ពេល​ទ្រង់​​គង់​នៅ
ក្នុងពេលដែល​​​អត់​ពី​ព្រះ​អង្គ​ទៅ _____ដើម​ឈើ​នេះនៅ​​ប្រាប់គុណព្រះ​អង្គ​”

បន្ទាប់​មក​ទៀត​ខ្ញុំ​ក៏​សរសេរតាមបែប​អក្សរ​ក្នុង​សាលា​ក្តី​​ថា

“បើ​ជក់​​ព្រះ​អង្គ​រៀប​រាប់​អំ​ពី​_____ អំនាចប្រថពី​លើ​រាស្ត្រ​នានា
សូម​​សំនេរកប​ដោយ​ព្រហ្ម​វិហារ-_____ធម៌ដល់​មនុស្ស​ម្នា​សត្វ​លោក​ទាំង​ឡាយ។
សូម​ព្រះអង្គ​រាប់​ពីក្តី​ថ្លៃ​ថ្នូរ _____ និងការ​ហ៊ាន​ប្តូរ​ជីវិត​សង្ខារ
របស់​ព្រះ​អង្គ​ផង​ដែរ​នោះ​ណា _____គង់​ឃើញ​​ផ្លែផ្កា​​ដោយ​សំនេរ​នេះ។”

នៅ​ពេល​ដែល​ខ្ញុំ​ប្រគល់ក្រដាស​នោះ​ទៅ​អោយ​ពួក​មន្ត្រី​នោះ​វិញ ហើយ​បន្ទាប់​ពី​ពួក​យើង​បាន​សរសេរ​រួច​រាល់​គ្រប់​គ្នា​ហើយ ពួក​មន្ត្រី​ក៏​យក​ក្រដាស​នោះ​ទៅ​ប្រគល់​ដល់​ស្តេច។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to មួយ​ពាន់​មួយ​យប់​(៨០)

  1. Dang Sri ថា:

    ខ្ញុំបាទមានការបារម្មណ៍អំពីរឿងជម្លោះកម្ពុជានឹងថៃខ្លាំងណាស់

  2. វិចិត្រ ថា:

    តែតាម​ផ្លូវ​ច្បាប់​ខ្មែរ ឈ្នះ​ទាំង​ស្រុង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s