មួយ​ពាន់​មួយ​យប់​(៧៧)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

.

យប់​ទី​១៣

នាង​ឆាហរ៉ាសាត​បន្ត​ថា អ្នក​បួស​ទី​២​និទាន​រឿង​របស់​គាត់​បន្ត​ថា តែ​នៅ​ពេល​ដែល​ខ្ញុំ​ទាត់​ខ្សែ​នោះ ស្រាប់​តែ​ភ្លាម​នោះ​ មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង កន្លែង​នោះ​ទៅ​ជា​ខ្មៅ​ងងឹត​ មាន​ផ្លេក​បន្ទោរ ផែន​ដី​រញ្ជួយ។ ពេល​នោះ​ខ្ញុំ​ក៏​ស្វាង​ស្រា​ឡើង​វិញ ខ្ញុំ​ក៏​សួរ​នាង​ថា “កើត​ស្អី​ហ្នឹង?”

នាង​តប​ថា “បិសាច​នោះ​វា​មក​ហើយ ខ្ញុំ​មិន​បាន​ព្រមាន​អ្នកជា​មុន​​ទេ​? ព្រះ​អើយ​អ្នក​បាន​ផ្តល់​ក្តី​វិនាស​អន្តរាយ​ដល់​ខ្ញុំ​ហើយ តែ​អ្នក​ឆាប់​រត់​ទៅ​ រត់តាម​ផ្លូវ​ដែល​អ្នក​ចុះ​មក​នោះ​”។

ខ្ញុំ​ក៏​គេច​ខ្លួន​តាម​ជណ្តើរ​នោះ តែ​ដោយ​សារ​ភ័យ​ពេក​ខ្ញុំ​ក៏​ភ្លេច​ពូថៅ​និង​ខ្សែ​នៅ​ទី​នោះ។ ហើយ​ខ្ញុំ​ក៏​ត្រលប់​ទៅ​រក​វា​វិញ ខ្ញុំ​ឃើញ​ដី​ប្រេះ​បែក​ជា​២ ហើយ​លេច​ចេញ​បិសាច​មួយ​មក។

អា​បិសាច​នោះ​និយាយ​នឹង​នាង​នោះ​ថា “​មាន​រឿង​អី​បាន​ជា​នាង​មក​រំខាន​អញ​បែប​នេះ?”។

នាង​ក៏​តប​ថា “អោយ​ខ្ញុំ​សូម​ទោស​ផង ខ្ញុំ​ធ្វេស​ប្រហែស​ប៉ះ​វា​ទេ ខ្ញុំ​នៅ​តែ​ម្នាក់​អែង​ អផ្សុក​ពេក​ ក៏​ផឹក​ស្រា​បន្តិច​ទៅ ស្រាប់​តែ​ស្រវឹង​លែង​ដឹង​ខ្លួន​ក៏​ដួល​ប៉ះ​នឹង​ខ្សែ​នេះ​ទៅ”។

អា​បិសាច​នោះ​ក៏​និយាយ​ថា “ស្រី​កុហក!”

បន្ទាប់​មក​វា​ក៏​ដើរ​រក​មើល​ជុំ​វិញ​នោះ រហូត​ដល់​វា​ឃើញ​ពូថៅ​និង​ខ្សែ​របស់​ខ្ញុំ វា​ក៏​និយាយ​នឹង​នាង​ថា “តើ​របស់​អស់​នេះ ជា​របស់​អាណា​គេ?”។

នាង​ក៏​តប​ថា “ខ្ញុំ​មិន​ដែល​ឃើញ​របស់​អស់​នេះ​ទេ ទើប​តែ​ឃើញ​ពេល​នេះ​អែង វា​ប្រហែល​ជាប់​មក​តាម​ខ្លួន​របស់​លោក​ទេ​ដឹង?”។

អា​បិសាច​នោះ​ក៏​តប​ថា “សំដី​គ្មាន​បាន​ការ! ស្រី​កុហក! ស្រី​បោក​ប្រាស់​! ស្រី​ថោកទាប!”។

បន្ទាប់​មក​អា​បិសាច​នោះ​ក៏​វាយ​នាង​ដួល​នឹង​ដី​ រួច​ចង​ដៃ​ចង​ជើង​ភ្ជាប់​គ្នា រួច​វាយ​ធ្វើ​បាប​នាង​អោយ​នាង​សារភាព។ ខ្ញុំ​មិន​អាច​ឈរ​នៅ​ទី​នោះ​ទ្រាំ​មើល​សេចក្តី​វេទនា​របស់​នាង​បាន ខ្ញុំ​ក៏​រត់​ចេញ​មក ដោយ​បាន​កាយ​ដី​កប់​កន្លែង​នោះ​ដូច​ដើម​វិញ។ ខ្ញុំ​មាន​សេចក្តី​សោក​ស្តាយ​ជា​ខ្លាំង នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ខ្ញុំ​គិត​អំពី​នារី​នោះ និង​សំរស់​របស់​នាង សេចក្តី​ស្រលាញ់​របស់​នាង និង​ទារុណកម្ម​ដែល​នាង​ទទួល បន្ទាប់​ពី​ជីវិត​ដ៏​ស្ងប់​ស្ងាត់​អស់​រយៈ​កាល​២៥​ឆ្នាំ អ្វី​ដែល​កើត​ឡើង​នេះ​សុទ្ធ​តែ​ជា​កំហុស​របស់​ខ្ញុំ​ទាំងអស់។

ខ្ញុំ​គិត​ពី​ឪពុក​របស់​ខ្ញុំ និង​រាជាណាចក្រ​របស់​គាត់​ និង​ពី​រឿង​រ៉ាវ​ខ្លួន​អែង​រហូត​ធ្លាក់​ខ្លួន​ក្លាយ​ជា​អ្នក​កាប់​ឈើ ហើយ​និង​អំពី​​ក្តី​ឈឺ​ចាប់​មួយ​មិន​ទាន់​ចប់ កើត​មានវិបត្តិ​មួយ​បន្ត​ទៀត។

បន្ទាប់​ខ្ញុំ​ក៏ចេះ​ដើរត្រលប់​មក​ផ្ទះ​របស់​មិត្ត​ខ្ញុំ​ ជា​ជាង​កាត់​ដេរ​វិញ ដែល​ខ្ញុំ​គិត​គាត់​ច្បាស់​ជា​ខឹង​ខ្ញុំ​ខ្លាំង​មិន​ខាន។

នៅ​ពេល​ដែល​គាត់​ឃើញ​ខ្ញុំ គាត់​និយាយ​ថា “អស់​ពេញ​មួយ​យប់ ចិត្ត​របស់​ខ្ញុំ ខ្វាយ​ខ្វល់​ជា​ខ្លាំង ខ្លាច​អែង​ជួប​ប្រទះ​សត្វសាហាវ​ក្នុង​ព្រៃ រឺ​ជួប​នូវ​សំនាង​មិន​ល្អ។ អីលូវ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​អែង​មាន​សុវត្ថិភាព!”​។

ខ្ញុំ​ក៏​បាន​អរគុណ​គាត់​ដោយ​បាន​គិត​ខ្វាយខ្វល់​អំពី​ខ្ញុំ ចំនែក​ឯក្នុង​ចិត្ត​របស់​ខ្ញុំ​វិញ ខ្ញុំ​នៅ​បន្ទោស​ខ្លួន​អែង ចំពោះ​ទង្វើ​ដ៏​ឆ្កួត​លីលា​ដែល​ខ្ញុំ​បាន​ធ្វើ។

មិត្ត​ខ្ញុំ​ជា​ជាង​កាត់​ដេរ​ និយាយ​មក​កាន់​ខ្ញុំ​ថា “នែ​ប្អូន​ប្រុស ក្នុង​ហាង​របស់​យើង​មាន​បុរស​ចំនាស់​ម្នាក់ ជា​ជាតិ​ពែរ មក​រក​អែង។ គាត់​យក​ពូថៅ​និង​ខ្សែ​របស់​អែង​មក​អោយ។ គាត់​ប្រាប់​ថា គាត់​បាន​ជួប​នឹង​អ្នក​កាប់​អុស ម្នាក់​ដែល​ស្គាល់​ច្បាស់​ថា​វា​ជា​របស់​អែង ក៏​ប្រាប់​អោយ​គាត់​យក​មក​អោយ​អែង។អីលូវ​គាត់​នៅ​ក្នុង​ហាង​របស់​យើង​អែ​ហ្នុះ! អែង​ទៅ​ជួប​គាត់​ និយាយ​អរគុណ​គាត់​បន្តិច​ទៅ”។

នៅ​ពេល​ដែល​ខ្ញុំ​លឺ​បែប​នេះ ខ្ញុំ​មាន​សេចក្តី​តក់ស្លុត​ជា​ខ្លាំង មុខមាត់​ស្លេក​ស្លាំង ខ្ញុំ​ខំ​តាំង​ស្មារទី​ឡើង​ ស្រាប់​តែ​ពេល​នោះ កំរាល​បន្ទប់​របស់​ខ្ញុំ ក៏​ផ្ទុះ​ឡើង លេច​ចេញ​មនុស្ស​​ជាតិ​ពែរ​ម្នាក់ ដែល​ជា​បិសាច​មួយ​នោះ។​ វា​បានវាយ​ធ្វើ​បាប​​នាង​នោះ​យ៉ាង​ខ្លាំង បង្ខំ​អោយ​នាង​សារភាព តែ​នាង​មិន​ព្រម​សារភាព វា​ក៏​យក​ពូថៅ​និង​ខ្សែ​ចេញ​មក ហើយ​និយាយ​នឹង​នាង​ថា “ដោយ​អំនាច​អញ​ជា​​ជៀរជិស កូន​របស់​អ៊ីប្ល៊ីស អញ​នឹង​យក​អាម្ចាស់​ពូថៅ​និង​ខ្សែ​នេះ​មក​អោយ​ទាល់​តែ​បាន”។

បន្ទាប់​មក​វា​ដើរ​ទៅ​រក​អ្នក​កាប់​អុស បង្ហាញ​ពូថៅ​និង​ខ្សែ​នោះ ដើម្បី​បញ្ជាក់​ថា​របស់​អស់​នេះ​ជា​របស់​ខ្ញុំ។ បន្ទាប់​មក​វា​ក៏​ក្របួច​ក​ខ្ញុំ​ លើក​ឡើង​លើ ដូច​ជា​លើក​កូន​កណ្តុរ​មួយ បន្ទាប់​វា​ក៏​នាំ​ខ្ញុំ​ជ្រែក​ដី​ទៅ​ដល់​កន្លែង​​ដែល​វា​លាក់​នាង​នោះ។ ខ្ញុំ​ឃើញ​នាង​ត្រូវ​អា​បិសាច​នោះ​វាយ​ធ្វើ​បាប​រហូត​ទាល់​តែ​ដាច់​សាច់​ហូរឈាមសស្រាក់។ ខ្ញុំ​ស្រក់​ទឹក​ភ្នែកអាណិត​នាង នៅ​ពេល​អា​បិសាច​នោះ​ក៏​សួរ​នាង​ថា “អាមួយ​ហ្នឹង​ជា​សហាយ​របស់​នាង​ មែន​ទេ?”។

នាង​ក៏​តប​ថា “ខ្ញុំ​សូម​ស្បថ​ ខ្ញុំ​មិន​ដែល​ជួប​បុរស​ម្នាក់​នេះ​ពី​មុន​មក​ទេ”។

អា​បិសាច​នោះ​ក៏​តប​ថា “ស្អី​គេ​! ឈឺ​ខ្លួន​ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ព្រម​សារភាព​ទៀត​?”។

នាង​ក៏​ត​ថា “តាំង​ពី​កើត​មក​ខ្ញុំ​មិន​ដែល​ជួប​គាត់​ទេ មិន​យុត្តិ​ធម៌​ទេ បើ​ខ្ញុំ​និយាយ​ថា​ធ្លាប់​ជួប​គាត់​នោះ”។

បិសាច​នោះ​ក៏​តប​ថា “អញ្ចឹង​បើ​នាង​មិន​ដែល​ស្គាល់​វា​ទេ យក​ដាវ​នេះ​ទៅ​កាត់​ក្បាល​វា​ចោល​ទៅ”។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s