មួយ​ពាន់​មួយ​យប់​(៧២)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

រួច​ហើយ​ខ្ញុំ​ក៏​រៀប​ចំ​ចេញ​ដំនើរ​មក​ផ្ទះ​របស់​ខ្ញុំ​វិញ តែ​ពេល​ដែល​ខ្ញុំ​ចូល​ដល់​នគរ​របស់​ឪពុក​ខ្ញុំ មាន​ជន​មួយ​ក្រុម​បាន​មក​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​ចាប់​ខ្ញុំ​ចង។ ខ្ញុំ​ឆ្ងល់​ជា​ខ្លាំង ដោយ​ខ្ញុំ​ជា​កូន​របស់​ស៊ុលតង់​ ហើយ​ពួក​អស់​នេះ​ជា​កូន​ចៅ​របស់​ឪពុក​ខ្ញុំ ហើយ​ក្នុង​ចំនោម​ពួក​អស់​នោះ​មាន​ទាំង​ទាសា​របស់​ខ្ញុំ​ទៅទៀត។ ខ្ញុំ​ក៏​កើតមាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា “តិច​លោ​​មាន​រឿង​អ្វី​ចំពោះ​ឪពុក​របស់​ខ្ញុំ​ទៅ!” ខ្ញុំ​ក៏​សួរ​ទៅ​អ្ន​ក​ដែល​ចង​ខ្ញុំ ពី​មូលហេតុ​ដែល​ពួក​គេ​ធ្វើ​បែប​នេះ តែ​ពួក​គេ​មិន​តប​នឹង​ខ្ញុំ​វិញ​មួយ​ម៉ាត់​សោះ។ ប៉ុន្តែ​មួយ​ស្របក់​ក្រោយ​មក​ មាន​ម្នាក់​នោះ​ក្នុង​ចំនោម​ពួក​វា(វា​នោះ​ជា​បំរើ​របស់​ផ្ទះ​ខ្ញុំ) និយាយ​មក​កាន់​ខ្ញុំ​ថា “វាសនា​អាក្រក់​បាន​ធ្លាក់​មក​លើ​ឪពុក​របស់​លោក ទាហាន​របស់​គាត់​ក្បត់​គាត់ ហើយ​លោក​មហាមន្ត្រី​ដែល សំលាប់​ឪពុក​របស់​លោក​ បាន​ឡើង​កាន់​អំនាច​ ហើយ​ពួក​យើង​តាម​ចាប់​លោក​តាម​បញ្ជា​របស់​គាត់”។ ខ្ញុំ​មាន​សេក្តី​តក់ស្លុត​ជា​ខ្លាំង​ពេល​ដឹង​ថា ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់។ នៅ​ពេល​នោះ​ពួក​គេ​ចាប់​ខ្ញុំ​យក​ទៅ​ប្រគល់​អោយ​លោក​ម្ចាស់​របស់​ពួក​គេ។ រវាង​ខ្ញុំ​និង​មហា​មន្ត្រី​នោះ យើង​មាន​គំនុំ​ចាស់​មួយ។ ខ្ញុំ​ចូល​ចិត្ត​ការ​បាញ់​ចំពាម ហើយ​នៅ​ថ្ងៃ​មួយ ខ្ញុំ​ឈរ​នៅ​លើដំបូល​វាំង ហើយ​មាន​សត្វ​ចាប​មួយ​ទំ​លើ​ដំបូល​ផ្ទះ​របស់​មហា​មន្ត្រី​នោះ។ ខ្ញុំ​ក៏​បាញ់​ចាប​នោះ តែ​បាញ់​មិន​ត្រូវ តែ​ទៅ​ត្រូវ​ភ្នែក​របស់​លោក​មហា​មន្ត្រី ហើយ​ធ្វើ​អោយ​គាត់​ខ្វាក់​ភ្នែក​ទៅ។ ដូច​ពាក្យ​ចាស់​គេ​និយាយ​ថា

បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​​ដើរ​លើ​ផ្លូវ​មួយ​ ដែល​​វាសនា​បាន​ដៅ​ជា​ស្រេច

គ្មាន​បុគ្គល​​ណា​អាច​វង្វេង​ពី​ផ្លូវ​​នេះ​បានទេៈ

ហើយ​បុគ្គល​នេះ​ដែល​វាសនា​ដៅ​ថា​នឹង​ស្លាប់​នៅ​កន្លែង​ណា​ហើយ

គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​គាត់​អាច​ស្លាប់​បាន​ទេ។

នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​អោយ​ភ្នែក​គាត់​ខ្វាក់​ម្ខាង​បែប​នេះ គាត់​ក៏​គ្មាន​ហ៊ាន​ហារ​មាត់​ថា​អ្វី​មួយ​ម៉ាត់​ដែរ ព្រោះ​គាត់​ខ្លាច​ឪពុក​របស់​ខ្ញុំ​ជា​ស្តេច​នៅ​ទី​ក្រុង​នោះ។ តែ​គាត់​លួច​ស្អប់​ខ្ញុំជា​រៀង​រហូត​មក ហើយ​ប្រហែល​ជា​មក​ពី​គំនុំ​នេះ​ហើយ​ដែល​ធ្វើ​អោយ​កើត​មាន​រឿង​បែប​នេះ។

ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​អង្គុយ​នៅ​មុខ​គាត់​ដោយ​ដៃ​ជាប់​ចំនង​បែប​នេះ គាត់​ក៏​បញ្ជា​អោយ​គេ​កាត់​ក្បាល​ខ្ញុំ។ ខ្ញុំ​ក៏​សួរ​គាត់​ថា “តើ​ក្នុង​បទឧក្រិដ្ឋ​​អ្វី ដែល​អ្នក​ត្រូវ​តែ​សំលាប់​ខ្ញុំ​បែប​នេះ?” នៅ​ពេល​នោះ​គាត់​ក៏​តប​ថា “​បទឧក្រិដ្ឋ​​អ្វី​ទៅ​ដែល​ធំ​ជាង​នេះ​ទៀត?” ដោយ​ដៃ​របស់​គាត់​ចង្អុល​ទៅ​ភ្នែក​ខ្វាក់​របស់​គាត់។ ខ្ញុំ​ក៏​និយាយ​ថា “ខ្ញុំ​ធ្វើ​វា​ដោយ​ចៃ​ដន្យ​ទេ ខ្ញុំ​មិន​មាន​បំនង​ធ្វើ​បែប​នេះ​ទេ”។ គាត់​ក៏​តប​ថា “បើ​អែង​ធ្វើ​ដោយ​ចៃដន្យ អញ​នឹង​ធ្វើ​ដាក់​អែង​វិញ​ដោយ​ចេតនា”។ បន្ទាប់​គាត់​ក៏​ស្រែក​ថា “យក​វា​មក​ណេះ!” បន្ទាប់មក​ពួក​គេ​ក៏​យក​ខ្ញុំ​ទៅ​ជិត​គាត់ គាត់​ក៏​យក​ម្រាម​ដៃ​ខ្វេះ​ភ្នែក​ខ្ញុំ​ម្ខាង​ចេញ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ទៅ​ខ្វាក់​ដូច​អ្នក​ឃើញ​ស្រាប់​ហើយ។

រួច​ហើយ​គាត់​ក៏​បញ្ជា​អោយ​គេ​ចង​ដៃ​ចង​ជើង​ខ្ញុំ រួច​ដាក់​ចូល​ក្នុង​ទ្រុង ហើយ​ប្រាប់​ទៅ​ពេជ្ឈឃាត​ថា “យក​អា​មួយ​នេះ ​ទៅ​សំលាប់​ចោល​នៅ​ក្រៅ​ក្រុងទៅ ហើយ​ទុក​ខ្មោច​វា​អោយ​សត្វ​ព្រៃ​ស៊ី”។

ពួក​ពេជ្ឈឃាតក៏​យក​ខ្ញុំ​ចេញ​មក រហូត​ដល់​កន្លែង​ដាច់​ស្រយាល​មួយ គាត់​បាន​យក​ខ្ញុំ​ចេញ​ពី​ទ្រុង ដោយ​ដៃ​និង​ជើង​របស់​ខ្ញុំ​នៅ​ជាប់​ចំនង។ គាត់​រៀប​នឹង​បើក​របាំង​មុខ​របស់​ខ្ញុំ​ចេញ​អាល​នឹង​កាត់​ក្បាល។ តែ​ពេល​នោះ​ខ្ញុំ​ក៏​យំ​ហើយ​យំ​ទៀត រហូត​ដល់​ធ្វើ​អោយ​គាត់​យំ​តាម ខ្ញុំ​ក៏​មើល​ទៅ​គាត់​រួច​និយាយ​ថា

ខ្ញុំ​ចាត់ទុក​អ្នក​ជា​អាវ​ក្រោះ​ការពារ​ខ្ញុំ​ពី​គ្រាប់​ព្រួញ​របស់​សត្រូវ

ព្រះ​អើយ តែ​អ្នក​ជា​ដាវ​របស់​សត្រូវ​ទៅ​វិញ

ខ្ញុំ​សង្ឃឹម​លើ​អ្នក​ថា​នឹង​ជួយ​ខ្ញុំ​គ្រប់​វេលា

ទោះ​បីជា​​ពេល​ដៃ​ឆ្វេង​ខ្ញុំលែង​ជួយ​ដៃ​ស្តាំ​ក៏​ដោយ។

តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ឈរ​យ៉ាង​ឆ្ងាយ​ចាំ​មើលគេ​​សើច​ចំអកដាក់​ខ្ញុំ

ហើយ​ទុក​អោយ​សត្រូវ​បាញ់​សំលាប់​ម្ចាស់​របស់​ខ្លួន​អែង!

បើ​ទុក​ជា​អ្នក​មិន​ជួយ​ខ្ញុំ​ពី​សត្រូវ​របស់​ខ្ញុំ​ក៏​យ៉ាង​ហោច​ណាស់

អ្នក​នៅ​ជា​កណ្តាល​ មិន​ខាង​ខ្ញុំ មិន​ខាង​សត្រូវ​របស់​ខ្ញុំ។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to មួយ​ពាន់​មួយ​យប់​(៧២)

  1. boeun ថា:

    ខាន​មក​អាន​យូរ​ហើយ។ ឥឡូវ​ក៏​អត់​សូវ​ទំនេរ​ដែរ។

  2. វិចិត្រ ថា:

    ដូចតែ​គ្នា​ទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s