មួយ​ពាន់​មួយ​យប់​(៦៨)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…


មួយពាន់មួយយប់ (៦៧) < >មួយពាន់មួយយប់ (៦៩)

សំលេង​គោះ​ទ្វារ​នោះ​មិន​ធ្វើ​អោយ​ពួក​គេ​អាក់​ខាន​ការ​សប្បាយ​ទេ តែ​មាន​នាង​មួយ​ក៏​ក្រោក​ចេញ​ ហើយ​ទៅ​ដើរ​ទៅ​មើល រួច​ក៏​ត្រលប់​មក​វិញ និយាយ​ថា “អស្ចារ្យ​ណាស់​ ពិធី​របស់​យើង​នៅ​យប់​នឹង​កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត”។ ពួក​គេ​ក៏​សួរ​ថា “វា​យ៉ាង​ម៉េច​ហ្នឹង?”។

នាង​តប​ថា “នៅ​មាត់​ទ្វារ​ មាន​អ្នក​បួស​ពែរ​ត្រងោល​បី​អង្គ មួយ​អង្គ​ៗ​សុទ្ធ​តែ​ខ្វាក់​ភ្នែក​ឆ្វេង​ នេះ​ពិត​ជា​ចំលែក​មែន​។ ពួក​គេ​ជា​ជន​បរទេស មើល​ទំនង​ទៅ​ទើប​តែ​ធ្វើ​ដំនើរ​មក​ពី​ឆ្ងាយ​ ព្រោះ​ប្រលាក់​សុទ្ធតែ​ដី ពួក​គេ​ទើប​មក​ដល់​បាកដាត នេះ​ជា​ដំនើរ​លើកទីមួយ​របស់​ពួក​គេ​នៅ​ទី​នេះ​ ហើយ​មូល​ហេតុ​ដែល​ពួក​គេ​មក​គោះ​ទ្វារ​របស់​យើង​នោះ​គឺ ព្រោះ​តែ​ពួក​គេ​មិន​អាច​រក​កន្លែង​ស្នាក់​បាន​តែ​ប៉ុណ្ណោះ។ ខ្ញុំ​លឺ​ពួក​គេ​និយាយ​គ្នា​​ថា – ប្រហែល​ជា​ម្ចាស់​ផ្ទះ​នេះ គេ​អោយ​កូន​សោរ​បន្ទប់​ក្រៅ​ផ្ទះ​ណា​មួយ រឺ​ជង្រុក​ណា​មួយ​អោយ​យើង​ស្នាក់​ហើយ- ព្រោះ​ពួក​គេ​អស់​នោះ​ជា​ជន​បរទេស​គ្មាន​ស្គាល់​នរណា​ទេ​នៅ​ទីក្រុង​នេះ ហើយ​ពេល​មក​ដល់​ចំ​ជា​ពេល​យប់​ទៀត។ អូ​!បង​ស្រី​អើយ ពួក​គេ​ម្នាក់​ៗ ស្លៀក​ពាក់​មើល​ទៅ​ ​គួរ​អោយ​ចង់​សើច​ណាស់។ ហើយ​បើ​អោយ​ពួក​គេ​ចូល​មក យើង​នឹង​មាន​រឿង​លេង​សើច​សប្បាយ​ជា​ច្រើន​ហើយ​មើល​ទៅ ហើយ​ព្រឹក​ឡើង​ពួក​គេ​ត្រលប់​ទៅ​វិញ​ហើយ”។

នាង​នៅ​តែ​រំអុក​ទាម​ទារ​បង​ៗ​ខ្លួន​អោយ​អនុញ្ញាត​អោយ​អ្នក​បួស​បី​អង្គ​នោះ​ចូល​មក រហូត​ទាល់​តែ​ពួក​គេ​យល់​ព្រម។ ពួក​គេ​ក៏​និយាយ​ថា “អោយ​ពួក​គាត់​ចូល​មក ហើយ​ដាក់​លក្ខខណ្ឌ​មិន​អោយ​គាត់​និយាយ​រឿង​មិន​ទាក់​ទង​នឹង​ខ្លួន​ជា​ដាច់​ខាត”។ នាង​នោះ​ក៏​ត្រេក​អរ​ជា​ខ្លាំង ហើយ​ដើរ​ទៅ​ទ្វារ​វិញ ហើយ​នាំ​ អ្នក​បួសបី​អង្គ​នោះ​ចូល​មក។ អ្នក​បួស​បី​អង្គ​នោះ​ក៏​គង់​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​​នាង ដោយ​ក្តី​គោរព តែ​ស្រី​ទាំង​បី​ក៏​ក្រោក​ទៅ​ជិត​ពួក​គាត់​រួច និយាយ​ស្វាគមន៍​ពួក​គាត់ រួ​ច​អញ្ជើញ​ពួក​គាត់​មក​អង្គុយ​ជា​មួយ។ អ្នក​បួស​ទាំង​បី​សង្កេត​ឃើញ​ថា កន្លែង​នេះ​ជា​កន្លែង​កំសាន្ត តុប​តែង​បាន​យ៉ាង​ស្អាត​ មាន​ចង្កៀង​បំភ្លឺ មាន​ដុត​គ្រឿង​ក្រអូប។ នៅ​ម្ខាង​នៃ​ផ្លែ​ឈើ​ស្រស់ៗ និង​ស្រា​មាន​ស្រី​បី​នាក់​ ដែល​អាច​ជា​ស្រី​ក្រមុំ​ផង។ អ្នក​បួស​និយាយ​ព្រម​គ្នា​ថា “ប្រពៃ​ណាស់!​”។ បន្ទាប់​ពួក​គាត់​ក៏​បែរ​មុខ​ទៅ​នាយ​លី​សែង ហើយ​យល់​ថា​បុរស​នេះ​កំពុង​តែ​ស្រវឹង​ជោគ​​ ហេវ​ហត់​អស់​កំលាំង ដោយ​សារ​ស្រា​និង​ការ​លេង​សើច។ ពួក​គាត់​យល់​​ថា​គាត់​នេះ​ក៏​ជា​អ្នក​មក​សុំ​ផ្ទះ​គេ​ជ្រក​ដូច​គ្នា​ដែរ ហើយ​និយាយ​ថា

“មិន​ថា​អារ៉ាប់​រឺ​ក៏​បរទេសទេ អា​មួយ​នេះ​អ្នក​សុំ​គេ​ជ្រក​ដូច​គ្នា​តើនេះ!”។

ពេល​នាយ​លី​សែង​លឺ​បែប​នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​សំលឹង​​មុខ​ពួក​គាត់ ហើយ​និយាយ​ថា “អង្គុយ​អោយ​ស្ងៀម​កុំ​និយាយ​ច្រើន! មិន​អាន​បញ្ជា​លើ​ទ្វារ​ទេរឺ? វា​មិន​សម​ហ្នឹង​​​អ្នក​ស្រុក​ដូច​ជា​ពួក​អ្នកឯង​ មក​សុំ​គេ​ជ្រក​ហើយ មាន​ពាក្យ​សំដី​ច្រើនដាក់​យើង​​នោះ​ទេ​”។ ពួក​គាត់់​ក៏​និយាយ​តប​ថា “យើង​សុំ​អភ័យ​ទោស!”។ ពួក​នាងៗ​ក៏​សើច​ ហើយ​ជួយ​ផ្សះ​ផ្សារ​គ្នារវាង​អ្នក​លី​សែង​និង​ អ្នក​បួស ។​ ភ្ញៀវ​ថ្មី​ក៏​អង្គុយ​ចុះ​មុខ​ម្ហូប​ ហើយ​ពួក​គេ​ក៏​ទទួល​ទាន​។ បន្ទាប់​មក​ពួក​គេ​ជជែក​គ្នា នាង​យាម​ទ្វារ​បំរើ​ស្រា​ពួក​គេ ហើយ​ជល់​កែវ​គ្នា​ ពេល​នោះ​នាយ​លី​សែង​ក៏​និយាយ​នឹង​អ្នក​មក​ដល់​ថ្មី​ថា “មើល!​បងៗ គ្មាន​រឿង​ព្រេង​ប្លែក​ៗ​មក​និទានអោយ​​ពួក​យើងស្តាប់​​ទេ?​”។ អ្នក​បួស​អស់​នោះ​ត្រូវ​ស្រា​ចូល​ដល់​ក្នុងខ្លួន​ហើយ ក៏​អោយ​ពួក​នាង​ៗ​យក​គ្រឿង​តូរ​តន្ត្រី​មក​លេង ហើយ​នាង​អ្នក​យាម​ទ្វារ​ក៏​យក​​ស្គ​ក្រុង​មូស៊ុល​មួយ​មក និង ខ្លុយ​អ៊ីរ៉ាក់ និង ពិណ​ពែរ ហើយ​ អ្នក​បួស​មួយ​អង្គ​ៗ​យក​វត្ថុ​និមួយ​ៗ មក​ប្រគុំ​ជា​ភ្លេង​ដោយ​នាង​ៗ​ជា​អ្នក​ច្រៀង​បាន​ជា​ចំរៀង​យ៉ាង​ពិរោះ។​​ ពេល​ពួក​គេ​កំពុង​តែ​ច្រៀង​សប្បាយ ស្រាប់​តែ​មាន​សំលេង​គោះ​ទ្វារ​តុកៗ!។ នាង​យាម​ទ្វារ​ក៏​ទៅ​មើល។

នាង​ឆាហរ៉ាសាត​ក៏​និយាយថា ឱ​​ព្រះ​អង្គ​អើយ អ្នក​ដែល​គោះ​ទ្វារ​នោះ គឺ​ ជា​ព្រះ​ចៅ​ហារុន​ រ៉ាសិត នេះ​ឯង។ ព្រះ​អង្គ​ទ្រង់​យាង​​ចេញ​ពី​រាជ​វាំង ហើយ​គាត់​ចង់​ដើរកំសាន្ត​ក្នុង​ទីក្រុង​​​​នា​ពេល​រាត្រី​ គាត់​ចង់​លឺ​និង​ឃើញ​អ្វី​ថ្មី​ៗ​នៅ​ទីក្រុង។ គាត់​ស្លៀក​ពាក់​ក្លែង​ខ្លួន​ជា​ឈ្មូញ ហើយ​គាត់​មាន​លោក​ចាផារ​ ជា​មហា​ឧបរាជ​របស់​គាត់ និង ម៉ាស្រួរ ជា​អង្គរក្ស។ ពេល​ដែល​ពួក​គេ​កំពុង​តែ​ដើរ​មើល​ទីក្រុង ដំនើរ​របស់​ពួក​គេ​បាន​មក​ដល់​ផ្ទះ​របស់​ស្រី​៣នាក់ ពួក​គាត់​លឺ​សំលេង​តន្ត្រី ចំរៀង និង សំនើច​​ខ្លាំងៗ។ ដូច្នេះ​ព្រះ​ចៅ​ក៏​និយាយ​នឹង​​ចាផារ​ថា “យើង​ចង់​ចូល​ផ្ទះ​នេះ ចង់​ស្តាប់​ចំរៀង​អស់​នេះ ចង់​ឃើញ​មុខ​អ្នក​ច្រៀង​”។ លោក​ចាផារ​ក៏​តប​ថា “ក្រាប​ទូល​ព្រះ​អង្គ ប្រជារាស្ត្រ​អស់​នេះ​កំពុង​តែ​ស្រវឹង​ស្រា ខ្ញុំ​ខ្លាច​តែ​ពួក​គេ​ធ្វើ​មិន​គប្បី​នឹង​ពួក​យើង​ទេ បើ​យើង​ទៅ​ក្បែរ​ពួក​គេ​នោះ”។ ស្តេច​ក៏​និយាយ​ថា “មិន​បាន​ទេ យើង​ត្រូវ​តែ​ចូល​ទៅ​មើល​អោយ​ទាល់​តែ​បាន ហើយ​យើង​ចង់​អោយ​លោក​រក​លេស​ដើម្បី​នឹង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នេះ”។ ចាផារ​ក៏​តប​ថា “ទទួល​បញ្ជា”។ គាត់​ក៏​ទៅ​គោះ​ទ្វារ​ នៅ​ពេល​នោះ​នាង​យាម​ទ្វារ​ក៏​ចេញ​មក​។ រួច​ហើយ​លោក​ចាផារ​ក៏​ដើរ​ទៅ​ជិត​នាង​រួច​ក្រាប​សំពះ​នាង ដោយ​និយាយ​ថា “អ្នក​ស្រី ពួក​យើង​ជា​ឈ្មួញ​មក​ពី​ក្រុង​ទី​បេរី យើង​មក​ដល់​បាកដាត​ដប់​ថ្ងៃ​មុន​ ហើយឥលូវ​នេះ​យើង​លក់​ទំនិញ​របស់​ពួក​យើង​អស់​ហើយ។ មាន​ឈ្មួញ​ម្នាក់​នោះ​គេ​បាន​អញ្ចើញ​ពួក​យើង​មក​ជប់​លៀង​នៅ​ផ្ទះ​របស់​គេនៅ​យប់​នេះ យើង​ក៏​ទៅ​ដល់​ផ្ទះ​របស់​គាត់។ គាត់​ក៏​រៀប​ចំ​មុខ​ម្ហូប​សំរាប់​ពួក​យើង។ យើង​បាន​ផឹកស្រា​ជា​មួយ​គ្នា​អស់​រយៈ​ពេល​មួយ​ម៉ោង។ បន្ទាប់​មក​គាត់​ក៏​អោយ​យើង​ត្រលប់​មក​វិញ យើង​ក៏​ចាក​ចេញ​មក​ទាំង​យប់​ងងឹត ដោយ​យើង​ជា​អ្នក​ចំនូល​ថ្មី យើង​មិន​អាច​រក​ផ្លូវ​ទៅជំរុំ​របស់​យើង​ឃើញ​វិញទេ​ ។ ដូច្នេះ​សូម​អ្នក​ស្រី​មេត្តា​ជួយ​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ​ដល់​ពួក​យើង​ផង ហើយ​យើង​នឹង​ដឹង​គុណ​អ្នក​ស្រី​ជា​និច្ច​!”។ នាង​យាម​ទ្វារមើល​ទៅ​ពួក​គេ​ ហើយ​មើល​ទៅ​ឃើញ​ថា​ពួក​គេ​ស្លៀក​ពាក់​សម​ជា​អ្នក​ជួញ​ដូរ​មែន ហើយ​មើល​ទៅ​ឃើញ​ពួក​គេ​ជា​មនុស្ស​នឹង​ធឹង​ មាំទាំ។ នាង​ក៏​ត្រលប់​ទៅ​ជួប​បង​ស្រី​របស់​នាង​ ហើយ​ប្រាប់​រឿង​ដែល​ចា​ផារ​បាន​និយាយ​ដល់​បង​ស្រី រួច​ពួក​គេ​ក៏​ចាប់​អារម្មណ៍​ពី​មនុស្ស​ចំលែក​អស់​នោះ ហើយ​និយាយ​ប្រាប់​​នាង​វិញ​ថា “អោយ​ពួក​គេ​ចូល​មក”។ នាង​ក៏​ត្រលប់​ទៅ​បើក​ទ្វារ​វិញ នៅ​ពេល​នោះ​ពួក​គេ​និយាយ​នឹង​នាង​ថា “តើអ្នក​ស្រី​អនុញ្ញាត​អោយ​ពួក​ចូល​ទៅ​បាន​ទេ?”។ នាង​តប​ថា “ចូល​មក”។ ស្តេច​អធិរាជ​ចូល​តាម​ចាផារ និង​ម៉ាស្រួរ ហើយពេល​ដែល​ពួក​ស្រី​ឃើញ​គាត់​ ពួក​នាង​ក៏​ក្រោក​ឈរ​ឡើង​សំដែង​ការ​គួរសម ហើយ​អញ្ជើញ​អ្នក​មក​ថ្មី​អោយ​អង្គុយ​ចុះ។ នាង​និយាយ​នឹង​ពួក​គាត់​ថា “សូម​ស្វាគមន៍! ហើយ​ខ្ញុំ​សូមអញ្ជើញអស់​លោក​មក​សប្បាយ​នឹង​យើង​ខ្ញុំ តែ​សុំ​ដាក់​លក្ខខណ្ឌ​មួយ!​”។ ពួក​គេ​ក៏​សួរ​ថា “លក្ខខណ្ឌ​អ្វី​ទៅ?”។

នាង​ម្នាក់​តប​ថា “កុំ​និយាយ​រឿង​មិន​ទាក់​ទង​នឹង​ខ្លួន​ឯង បើ​មិន​ចង់​ស្តាប់​រឿង​ដែល​ខ្លួន​មិន​ចូល​ចិត្ត”។ ពួក​គាត់​តប​ថា “អញ្ចឹង​ក៏​បាន” រួច​ហើយ​អង្គុយ​ចុះនៅ​នឹង​តុ​ស្រា​ជា​មួយ​អ្នក​ឯ​ទៀត។

នៅ​ពេល​នោះ​ព្រះ​ចៅ​អធិរាជ​សំលឹង​មើល​ទៅ​ពួក អ្នក​បួស​ទាំង​បី​អង្គ​នោះ ហើយ​កត់​សំគាល់​ឃើញ​ថា​ពួក​គេ​ម្នាក់​ៗ សុទ្ធ​តែ​ខ្វាក់​ភ្នែក​ខាង​ឆ្វេង​ដូច​គ្នា ហើយ​ក៏​កើត​មាន​សេចក្តី​ងឿង​ឆ្ងល់។ រួច​ហើយ​គាត់​សំលឹង​មើល​ទៅ​នារី​ទាំង​បី​ គាត់​ក៏​កាន់​តែ​ចាប់​អារម្មណ៍​នឹង​សំរស់​របស់​ពួក​នាងៗ​។

ពួក​គេ​បន្ត​ការ​ផឹក​ស៊ី​ និង​ជជែក​គ្នាពី​នេះ​ពី​នុះ ហើយ​នាង​ម្នាក់​និយាយ​នឹង​ស្តេច​ថា “សូម​អញ្ជើញ​ពិសារស្រា” តែ​ស្តេច​តប​ថា “ខ្ញុំ​កាន់​សីល” ហើយ​ក៏​ស្តេច​ក៏​មិន​ទទួល​កែវ​ស្រា។ នៅ​ពេល​នោះ​នាង​យាម​ទ្វារ​ក៏​ក្រោក​ឡើង ហើយ​រៀប​ចំតុ​មួយ​អោយ​គាត់​មាន​កំរាល​ពណ៌​មាស នាង​ដាក់​ចាន​ព័រសឺឡែន​មួយ​ រួច​នាងដួស​បង្អែម​ដាក់​ចូល​ក្នុង​ចាន​នោះ។

ស្តេច​ក៏​និយាយ​អរគុណ​នាង រួច​គិត​ក្នុង​ចិត្ត​ថា “ឱព្រះជា​ម្ចាស់ ខ្ញុំ​នឹង​សង​គុណ​នាង​វិញ​នៅ​ថ្ងៃ​ស្អែក ចំពោះ​ទឹក​ចិត្ត​សប្បុរស​របស់​នាង​ចំពោះ​ខ្ញុំ”។ អ្នក​ផ្សេង​ឯ​ទៀត​គិត​តែ​ពី​​ស្រា​និង​ម្ហូប​អាហារ។ ហើយ​នៅ​ពេល​ដែល​ជាតិ​ស្រា​គ្រប់​ដណ្តប់​លើ​ខួរ​ក្បាល​របស់​ពួក​គេ​ហើយ​នោះ នាង​បង​គេ​ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ផ្ទះ​នេះ ក៏​ក្រោក​ឈរ​ឡើង ហើយ​បញ្ជា​ពួកអ្នក​ឯទៀត អោយ​ជួយ​គ្រា​​នាង​អ្នក​ទៅ​ផ្សារ ហើយ​និយាយ​ថា “ក្រោក​ឡើង​ប្អូន​ស្រី ហើយ​ទៅ​បំពេញ​កិច្ចការ​របស់​យើង”។ នាង​ទាំង​ពីរ​ក៏​តប​ថា “ចាស!បង​ស្រី”។


មួយពាន់មួយយប់ (៦៧) < >មួយពាន់មួយយប់ (៦៩)


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s