មួយ​ពាន់​មួយ​យប់ (៦២)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

.

អ្នកលីសែង និង ស្ត្រីបីនាក់នៅក្រុងបាដាត

 
កាលពី​ព្រេងនាយ​មាន​អ្នក​លី​សែង​ម្នាក់​នៅក្រុង​បាដាត ដែល​ជា​មនុស្ស​នៅ​កំលោះ និង មិន​ចង់​រៀប​ការ។ មាន​ថ្ងៃ​មួយ​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នឹង​ផ្លូវជាប់​នឹង​កន្ត្រក​របស់​គាត់ ស្រាប់តែ​មាន​ស្រ្តី​ថ្លៃ​ថ្នូរ​ម្នាក់ស្លៀកពាក់​អំពីសំពត់​សូត្រ​ មាន​ប៉ាក់​សែសយ​ធ្វើអំពី​មាស ស្បែក​ជើង​របស់នាងលំអ​ដោយ​មាសសុទ្ធ សក់​របស់​នាង​វែង​អន្លាយ។ នាង​ឃ្លុំ​សំពត់​ខ្មៅពី​លើ​មុខ​របស់​នាង​បញ្ចេញ​តែ​​ភ្នែក​ទាំង​គូរ ដែល​មាន​កែវ​ភ្នែក​ដ៏​ស្រទន់ ដែល​មាន​តែ​ស្រី​ស្អាត​បំផុត​ប៉ុណ្ណោះ​ដែល​មាន​កែវ​ភ្នែក​បែប​នេះ។

នាង​និយាយ​នឹង​អ្នក​លី​សែង​ដោយ​សំដី​ ​យ៉ាងទន់​ភ្លន់​ថា “ចូរ​ឯង​យក​កន្ត្រក​របស់​ឯង​មក ហើយ​តាម​ខ្ញុំ”។

អ្នក​លី​សែង​នោះ​ស្រលាំង​កាំង​ជា​ខ្លាំង ស្ទើរ​តែ​មិន​ជឿ​នឹង​សំដី​ដែល​នាង​និយាយ​មក​រក​គាត់ តែ​គាត់​លើក​កន្ត្រក​របស់​គាត់​ដាក់​លើស្មា​ ហើយ​គិត​ក្នុង​ចិត្ត​ថា”ថ្ងៃ​នេះ​ចំ​ជា​ថ្ងៃ​ហេងមែន!”។

គាត់​ក៏​ដើរ​តាម​នាង​រហូត​មក​ដល់​ទ្វារផ្ទះ​​មួយ។ នាង​គោះ​ទ្វារ រួច​តា​ចាស់​ជាតិ​ណាសារិន​ម្នាក់​ចេញ​មក​។ នាង​ក៏​អោយ​តា​នោះ​មាស​មួយ​កាក់ ហើយ​តា​នោះ​ក៏​អោយ​ស្រាទំពាំង​បាយជូរ​ថ្លា​ដូច​ប្រេង​អូលីវ​មក​នាង​វិញ។ នាង​ក៏​អោយ​ស្រា​នោះ​ ដោយ​និយាយ​ថា “យក​វា​ទៅ ហើយ​តាម​ខ្ញុំ”។ ​

អ្នក​លី​សែង​នោះនិយាយ​ថា “នេះ​បាន​ចំ​ពិត​ជា​ថ្ងៃ​ហេង​មែន ជា​ថ្ងៃ​ដែល​មនុស្ស​គ្រប​រូប​ចង់​បាន”។

គាត់​លី​កន្ត្រក​របស់​គាត់​លើ​ស្មា​ម្តង​ទៀត​រួច​ដើរ​តាម​នាង រហូត​ដល់​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង។ នៅ​ទី​នោះ នាង​ទិញ ផ្លៃ​ប៉ោមមក​ពី​ស៊ីរី ផ្លែ​ប៉ែសអារ៉ាប់ និង​ត្រសក់​ដាំ​នៅ​មាត់ទន្លេ​នីល ក្រូច​ឆ្មា​អេស៊ីប ក្រូច​ពោធិសាត់​ បន្ទាប់​មក​ផ្កា​ម្លិះមក​ពី​អ័លិប៉ូនិង​ដាម៉ាស ផ្កា​រំចង់ ផ្កា​ទទឹម។ នាង​ដាក់​របស់​ទាំងអស់​នេះ​ទៅក្នុង​កន្ត្រក​របស់​នាយ​លី​សែង រួច​ប្រាប់​ថា “ទៅ​ទៀត”។

គាត់​ក៏​ដើរ​តាម​នាង​ទៀត​រហូត​ដល់​កន្លែង​លក់​សាច់​មួយ ហើយ​នាង​ក៏​និយាយ​ប្រាប់​អ្នក​លក់​ថា “កាប់​សាច់​ចៀម​អោយ​ខ្ញុំ​ប្រាំ​គីឡូ​មក”។ នាង​អោយ​លុយ​អ្នក​លក់ រួច​ខ្ចប់​សាច់​នឹង​ស្លឹក​ចេក រួច​ដាក់​ចូល​កន្ត្រក​ រួច​និយាយ​នឹង​នាយ​លី​សែង​ថា “តោះ ទៅ​ទៀត”។

គាត់​ក៏​ដើរ​តាម​នាង​ទៀត រហូត​ដល់​កន្លែង​លក់​គ្រឿង​ទេស​មួយ​កន្លែង។ នាង​ទិញ​ផ្លែ​ឈើ​ក្រៀម ទំពាំង​បាយ​ជូរ​ក្រៀម គ្រាប់​ធញ្ញជាតិ គ្រាប់​អាល់​ម៉ុន និង​គ្រឿង​គ្រៅ​សព្វ​បែប​យ៉ាង​សំរាប់​ធ្វើ​ជា​បង្អែម។ នាង​និយាយ​នឹង​នាយ​លី​សែង​ថា “តាម​ខ្ញុំ​មក”។

គាត់​ក៏​ដើរ​តាម​នាង​ រហូត​មក​ដល់​កន្លែង​លក់​គ្រឿង​ដំនាប់​ នាង​ទិញ ចាន​ដី​សំប៉ែតមួយ រួច​ទិញ​បង្អែម​គ្រប់​មុខ​ដាក់​ពេញ​ចាន​នោះ នាង​ទិញ​គ្រឿង​ម្ជូរ​ នំចៀន​ដាក់​ក្លិន​ក្រអូប នំបារាំង នំ​មាន​ជាតិ​ក្រូច​ឆ្មារ និង​ត្រសក់ស្រូវ ហើយ​ទំនិញ​សព្វ​បែប​យ៉ាង​ផ្សេងទៀត​ក្នុង​ហាង​នោះ​រួច​អោយ​ទៅ​អ្នក​លី​សែង​។

ពេល​នោះ​នាយ​លី​សែង​និយាយ​ទាំង​ញញឹម​ថា​”អ្នក​ស្រី​​គួរ​តែ​ប្រាប់​ខ្ញុំ​ពី​ដំបូង​ថា​ទិញ​អីវ៉ាន់​ច្រើន​បែប​នេះ​ អាល​នឹង​ខ្ញុំ​យក​កូន​សេះ​រឺ​ក៏​អូដ្ឋ​​មក​ជា​មួយ គ្រាន់​នឹង​បាន​ជួយ​ដឹក​អីវ៉ាន់បាន​ខ្លះ​”។

នាង​ញញឹម​រួច​ជូត​ញើស​ត្រង់​ក​អោយ​គាត់ រួច​និយាយ​ថា “តោះ​ទៅ​ទៀត ហើយ​កុំ​និយាយ​បូរបាច់ច្រើន​ពេក ខ្ញុំ​នឹង​អោយ​ប្រាក់​អ្នកសមល្មម​នឹង​ការងារ​នេះ”។

នាង​ក៏​ឈប់​នៅ​ហាង​លក់​គ្រឿង​ក្រអូបម្តង​ទៀត​។ នាង​ទិញ​ទឹក​ក្រអូប​​ដប់​មុខ ក្លិនកុលាប​ ក្លិនផ្កា​ឈូក ក្លិន​ផ្កា​សូល ​ក្លិន​ផ្កា​វីយ៉ូ​លែត​ និង​៥មុខ​ផ្សេងទៀត ហើយ​នាង​ទិញស្ក​ពីរ​ដុំ ទឹក​អប់​បាញ់​មួយ​ដប ខ្លឹម​ចន្ទគ្រឹស្នា ល្មៀត​​ ទៀន​ក្រអូប​ធ្វើ​ពី​ក្រមួន​មក​ពី​ស្រុក​អាឡិច​សង់ឌ្រី រួច​ហើយ​នាង​ដាក់​របស់​អស់​នេះ​ក្នុង​កញ្ជើ​របស់​នាយ​លី​សែង រួច​និយាយ​ថា “តោះ​ទៅ​ទៀត”។

 គាត់​ក៏​លី​អី​វ៉ាន់​ដើរ​តាម​ក្រោយ​នាង​ រហូត​ដល់​ហាង​មួយ​ទៀត​។ នាង​ទិញ គ្រាប់​ឈូក​រតន៍ និង​ប្រេង​អូលីវ​ នាង​ទិញ​ជីរ ប្រហុក ក្រែម រួច​នាង​ដាក់​ចូល​ក្នុង​កញ្ជើ​របស់​នាយ​លី​សែង​រួច​និយាយ​ថា “តោះ​ទៅ​​ទៀត”។

គាត់​ក៏​ដើរតាម​នាង​រហូត​មក​ដល់​ផ្ទះ​ធំ​ខ្ពស់​ស្អាត​មួយ​ មាន​ទី​ធ្លា​ធំ​ទូលាយ​នៅ​ពី​មុខ។ ច្រក​ចូល​ផ្ទះ​នោះ​មាន​​ទ្វារមួយ​មាន​សន្ទះ​ពីរ​ធ្វើ​ពី​ឈើ​ខ្មៅ​ មាន​បិទ​បន្ទះ​ធ្វើ​អំពី​មាស​ក្រហម​ឆ្អិន​ឆ្អៅ។​ នាង​នោះ​ឈប់​នៅ​មាត់ទ្វារ​ បើក​របាំង​មុខ​នាង​ចេញ រួច​គោះ​ទ្វារ​តិច​ៗ​ រី​ឯ​អ្នក​លី​សែង​នៅ​ឈរ​ពី​ក្រោយ រវល់​តែ​វង្វេង​នឹង​​វង់ភក្ត្រដ៏​ស្រស់​ស្អាត​របស់​នាង។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

One Response to មួយ​ពាន់​មួយ​យប់ (៦២)

  1. Pichbandith ថា:

    Wow……… very good story… please upload it more…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s