មួយ​ពាន់​មួយ​យប់ (៥៧)


រឿង ព្រះរាជបុត្រត្រូវបណ្តាសារ

តើអ្នកដឹងទេថា កាលពីមុនឪពុករបស់ខ្ញុំជាស្តេចនៅទីក្រុងនេះ។ គាត់មានឈ្មោះថា មហាមិត ជាស្តេចនៃកោះខ្មៅ ហើយជាម្ចាស់នៃភ្នំទាំងបួននេះ។ គាត់គ្រងរាជ្យបាន៧០ឆ្នាំ ហើយ​ក៏​ទទួល​មរណភាព​ទៅ ហើយខ្ញុំក៏គ្រងរាជបន្តពីគាត់។ ខ្ញុំបានរៀបការនឹងប្អូនជីដូនមួយរបស់ខ្ញុំ ដែល​ជា​កូន​ស្រី​របស់ពូខាងឪពុកខ្ញុំ។ នាងនោះស្រលាញ់ខ្ញុំខ្លាំងណាស់រហូតទាល់តែ ពេលដែលឃ្លាតពីខ្ញុំ នាងមិនបាយមិនទឹកទាល់តែបានជួបមុខខ្ញុំ។ នាងរស់នៅជាមួយខ្ញុំបាន៥ឆ្នាំ រហូត​ដល់​ថ្ងៃ​មួយ​នាង​ចេញទៅងូតទឹក ឯខ្ញុំវិញទៅបញ្ជាចុងភៅឱ្យរៀបចំម្ហូបសម្រាប់ពេលល្ងាច ឱ្យ​ទាន់​ពេល​នាង​ត្រលប់​មកវិញ។ ហើយខ្ញុំចូលមកក្នុងដំណាក់របស់ខ្ញុំវិញ រួចក៏សម្រាក់លើគ្រែ តែ​ខ្ញុំ​មិន​ទាន់​ដេក​លក់​ទេ។ ខ្ញុំហៅស្រីបម្រើពីរនាក់ឱ្យមកបក់ផ្លិតឱ្យខ្ញុំ នាងមួយអង្គុយនៅខាងក្បាល នាង​មួយ​ទៀត​អង្គុយ​នៅ​ចុង​ជើង​។ តែ​ពេល​នោះ​ដោយ​ប្រពន្ធ​ខ្ញុំ​មិននៅ ខ្ញុំក៏ដេកមិនលក់ បើ​ទោះ​បី​ជា​ភ្នែក​របស់​ខ្ញុំ​បិទ​ហើយ​ក៏​ដោយ តែ​ខ្ញុំ​នៅ​តែ​ដឹង​ខ្លួន​ដដែល​។

ពេល​នោះ​ខ្ញុំលឺស្រីបម្រើនៅខាងក្បាលរបស់ខ្ញុំនិយាយនឹងនាងនៅខាងជើងរបស់ខ្ញុំថា “នាង​អើយ លោក​ម្ចាស់​យើង​គួរ​ឱ្យ​អាណិត​ណាស់ គាត់ចំនាយយុវវ័យរបស់គាត់ឥតប្រយោជន៍ គាត់គួរ​ឱ្យ​អាណិត​ណាស់ ភរិយារបស់គាត់ក្បត់គាត់ មេនោះចំជាអាក្រក់មែន!” ។ នាង​ម្នាក់​ទៀត​តប​ថា​ “មែន​ហើយ សូម​ឱ្យ​ព្រះ​បរា​មុខ​មនុស្ស​ផិត​ក្បត់ មនុស្សល្អដូចព្រះអង្គរបស់យើង រូបរាង​សង្ហារ​បែប​នេះ គួរតែជួបនឹងមនុស្សគ្រាន់បើជាងស្រីពេស្យាមួយនេះ ដែល​ចេញ​ទៅ​ក្រៅ​រក​ប្រុស​សហាយ​រាល់​តែយប់។” នាង​នៅ​ខាង​ក្បាល​ខ្ញុំក៏និយាយថា “ព្រះអង្គគាត់ឡប់រឺក៏យ៉ាងម៉េច បាន​ជា​មិន​ដែល​សួរ​ស្រី​នោះ​សោះ បើ​រាល់​យប់​ពេល​គាត់​ភ្ញាក់​ឡើង​មិន​ដែល​ឃើញ​ប្រពន្ធ​ដេក​ក្បែរ​ខ្លួន​រហូត​អញ្ចឹង”។ នាងម្នាក់ទៀតក៏និយាយថា “ឯងល្ងង់ណាស់! ព្រះអង្គគាត់ដឹងដែររឺ រឺមិន​អញ្ចឹង​ទេ ស្រី​នោះ​បណ្តោយ​ឱ្យព្រះអង្គដឹងថាវាទៅចោលព្រះអង្គដែរ? ទេ ស្រីនោះ​ប្រាកដ​ជា​ដាក់​ថ្នាំ​សណ្តំ​ក្នុងទឹក រួចឱ្យព្រះអង្គផឹកមុនពេលដេកហើយ។ ដូច្នេះ​ព្រះ​អង្គ​នឹង​ដេក​លក់​មិន​ទាំង​ដឹង​ថា វា​ចេញ​ពី​អង្កាល់ ហើយទៅធ្វើអីផង។ តែយើងដឹងថា បន្ទាប់​ពី​ស្រី​នោះ​ដាក់​ថ្នាំ​សណ្តំ​ដល់​ព្រះ​អង្គ​ហើយ នាងក៏តុបតែងកាយ លាបទឹកអប់ រួចចេញទៅបាត់រហូតទល់ព្រឹកទើបត្រលប់មកវិញ រួចក៏បាញ់ថ្នាំចូលច្រមុះព្រះអង្គ ព្រះអង្គក៏ដឹងខ្លួនវិញ”។

ពេលខ្ញុំលឺស្រីអស់នោះនិយាយបែបនេះ ក្នុងចិត្តខ្ញុំងងឹតស្លុបអស់ ហើយ​ខ្ញុំ​មិន​ចង់​ឱ្យ​មេឃ​យប់​ទេ។ នៅ​ពេល​ប្រពន្ធខ្ញុំក៏ត្រលប់មកពីងូតទឹកវិញ។ បម្រើក៏រៀបចំតុសម្រាប់យើង យើង​ក៏​អង្គុយ​ទទួលទានអាហារពេលល្ងាចជាមួយគ្នា អស់រយៈពេលប្រហែលជាកន្លះម៉ោង ដោយ​ទទួល​ទាន​ស្រា​ដូច​ទម្លាប់ធម្មតា។ នាងក៏ហៅបម្រើឱ្យយកស្រាពិសេសដែលខ្ញុំតែងតែផឹកមុនពេលចូលដេក ហើយនាងក៏ចាក់ស្រានោះមួយកែវមកឱ្យខ្ញុំ តែខ្ញុំបន្លំធ្វើដូចជាផឹកស្រាដូចសព្វដង ដោយ​លួច​ចាក់​វា​ចោលលើទ្រូងរបស់ខ្ញុំ។ រួចក៏ធ្វើពត់ជាដេកលក់។ ពេលនោះនាងក៏និយាយថា “ដេក​ឱ្យ​បាន​ពេញ​មួយ​យប់ទៅ ហើយកុំក្រោក ខ្ញុំមិនពេញចិត្តរូបឯងទាល់តែសោះ គ្មាន​មួយ​ចំនិត​ណា​ដែល​យើង​ពេញចិត្តទេ យើងធុញទ្រាន់នឹងរស់នៅជាមួយឯងណាស់ មិន​ជា​ពេល​ណា​មួយ​បាន​ឯង​ងាប់ទេ!”។ នាងក៏សក្រោកឡើង តុបតែងកាយ បាញ់ទឹកអប់ រួចស្ពាយដាវរបស់ខ្ញុំ ហើយ​ក៏​បើក​ទ្វារ​ចេញទៅ។ ខ្ញុំក៏ក្រោកឡើងតាមនាង នៅពេលនោះនាងចេញផុតពីរាជវាំង។ នាងដើរតាមផ្លូវរហូតដល់ទ្វារក្រុង នៅទីនោះនាងនិយាយពាក្យអ្វីមួយដែលខ្ញុំស្តាប់មិនយល់ ពេលនោះសោរទ្វារក៏របូតដូចជាខូច ហើយទ្វារក៏របើក។ នាងក៏បន្តដំនើរទៅមុខទៀត ហើយខ្ញុំក៏តាមនាងដោយមិនឱ្យនាងដឹងខ្លួន។ នាងដើររហូតមកដល់ ខ្ទមអិដ្ឋមួយដែលរបងពីដើមត្រែង។ ពេលនាងដើរចូលទៅក្នុងបាត់ទៅ ខ្ញុំក៏ឡើងលើដំបូល ដែលពេលនោះខ្ញុំមើលឃើញអ្វីៗទាំងអស់នៅក្នុងនោះ។ ពេលនោះខ្ញុំឃើញ ប្រពន្ធរបស់ខ្ញុំជួបនឹងប្រុសអាព្រិចម្នាក់ មានមាត់ធំបបូរក្រាស់ សឹងតែផ្លុំខ្សាច់នៅនឹងកម្រាលថ្មប៉ើងអស់។ បុរសនោះកំពុងតែដេកលើគ្រែមួយដែលជាគំនរកាកអំពៅ ដណ្តប់ភួយកញ្ចាស់ រហែករយ៉េរយ៉ៃ។ នាងក៏ក្រាបសំពះបុរសនោះ ហើយបុរសនោះក៏ងើបក្បាលឡើងដើម្បីនឹងមើលមុខនាង ហើយនិយាយថា “ហេតុអ្វីក៏នាងពេលនេះទើបមកដល់? មុននេះបន្តិចមានញាតិសន្តានរបស់ខ្ញុំទើបនឹងមកដល់ ពួកគេមកផឹកស្រានៅទីនេះ ដោយមានស្រីរបស់គេមកជាមួយគ្រប់គ្នា ខ្ញុំមិនសប្បាយចិត្តនឹងផឹកស្រាទេ ព្រោះតែគ្មាននាង”។ នាងក៏តបថា “ម្ចាស់ស្នេហ៍អូនអើយ ប្រុសសង្ហារនៅក្នុងកែវភ្នែករបស់អូន បងមិនដឹងទេរឺថាខ្ញុំរៀបការនឹងប្រុសដែលខ្ញុំមិនស្រលាញ់ទាល់តែសោះ ខ្ញុំស្អប់ខ្លួនឯងណាស់ដែលនៅជាមួយប្រុសនោះ។ ខ្ញុំមិនខ្លាចទេនឹងធ្វើអ្វីៗទាំងអស់ដើម្បីបង ខ្ញុំនឹងមិនឱ្យព្រះអាទិត្យរះទេ បើមិនបានបំផ្លាញក្រុងរបស់ស្តេចនេះឱ្យក្លាយជាគំនរផេះផង់ ក្លាយជារហោស្ថាន សម្រាប់ទីទុយយំនិងក្អែកបូល ហើយឆ្កែព្រៃនិងចចកលូ ហើយបើមិនបានជញ្ជូនថ្មប្រាសាទរបស់វាទៅម្ខាងទៀតនៃភ្នំកាសវិញទេ”។ បុរសខ្មៅនោះក៏តបវិញថា “ស្រីកុហក! ខ្ញុំសូមស្បថក្នុងកិត្តិយសនៃបុរសខ្មៅថា ចាប់ពីថ្ងៃនេះទៅ បើនាងនៅតែមកយឺតទៀត ខ្ញុំនឹងមិនយកនាងជាគ្នាទៀតទេ ខ្ញុំនឹងមិនប៉ះខ្លួនប្រាណនាងទៀតទេ។ នាងមិនបាច់មកបោកបញ្ឆោតខ្ញុំទៀតទេ ”។ ពេលដែលខ្ញុំលឺសម្តីបែបនេះ ហើយបានឃើញដោយផ្ទាល់ភ្នែក រឿងរ៉ាវរវាងអ្នកទាំងពីរ ពិភពលោកក៏ត្រលប់ប្រែទៅជាត្រលប់ត្រលិន ខ្មៅងងិតអស់នៅចំពោះមុខខ្ញុំ ខ្ញុំក៏វង្វេងវង្វាន់មិនដឹងថាខ្លួនឯងនៅទីណា។ តែប្រពន្ធខ្ញុំឈរយំនៅចំពោះមុខបុរសខ្មៅនោះ ហើយនិយាយថា “ឱប្រុសកំពូលស្នេហ៍អើយ ម្ចាស់បេះដូវងរបស់អូនអើយ គ្មាននរណាទេក្រៅពីបងដែលអាចធ្វើឱ្យអូនរីករាយបាន បើបងបោះបង់អូនចោលហើយ តើមាននរណាអាចទទួលយកអូនបាន?”។ នាងយំអង្វរប្រុសនោះមិនឈប់ រហូតទាល់តែប្រុសនោះទន់ចិត្តត្រូវរ៉ូវនឹងនាងវិញ។ នាងក៏មានសេចក្តីត្រេកអរជាខ្លាំង នាងក៏ក្រោកឡើង រួចនិយាយថា “តើលោកម្ចាស់មានអ្វីឱ្យស្រីម្នាក់នេះស៊ីទេ?”។ ប្រុសនោះក៏តបថា “នាងទៅបើកគម្របអាងនោះមើលទៅ នឹងឃើញឆ្អឹកកណ្តុរខ្លះ ដែលយើងស៊ីហើយ យកវាទៅស៊ីទៅ រួចហើយទៅមើលក្នុងថូរនោះ ក្រែងមានសល់ស្រាខ្លះ គ្រាន់នឹងនាងផឹក”។ នាងស៊ីហើយផឹក រួចក៏ស្រវឹង ហើយទៅដេកនៅក្បែរប្រុសខ្មៅនោះ រួចក៏រូមមេត្រីនឹងគ្នា នៅលើគំនរកាកអំពៅ ក្រោមភួយកញ្ចាស់ រហែករយ៉េរយ៉ៃនោះ។ ពេលដែលខ្ញុំឃើញ ប្រពន្ធរបស់ខ្ញុំ ប្អូនជីដូនមួយខ្ញុំ និងកូនស្រីរបស់ឪពុកមាខ្ញុំ ធ្វើអំពើដ៏កខ្វក់បែបនេះ ខ្ញុំក៏ចុះពីលើដំបូលវិញ រួចក៏ចូលទៅក្នុងខ្ទមនោះ រួចទាញដាវដែលនាងយកយកជាមួយ បម្រុងនឹងសម្លាប់អ្នកទាំងពីរចោលទៅ។ មុនដំបូងខ្ញុំកាប់កបុរសខ្មៅនោះ ហើយគិតថាវាស្លាប់ទាំងពីរនាក់ហើយ-

នាងឆាហរ៉ាសាតឃើញមេឃជិតភ្លឺហើយក៏ឈប់និទានរឿងនេះបន្តទៀត។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s