មួយ​ពាន់​មួយ​យប់ (៥៥)


គាត់ចង់រត់គេចផង ហើយរហូតដល់ជាយក្រុងមួយ។ រួចពួកគេឆ្លងកាត់ជ្រលងមួយ ក៏​មក​ដល់​វាលទំនាបមួយ ដែលមានបឹងធំមួយ ព័ទ្ធជុំវិញដោយកូនភ្នំបួន។ នៅមកដល់មាត់បឹង យក្ស​ក៏បញ្ជាតាចាស់ឱ្យបង់សំនាញ់ចាប់ត្រី។ តាចាស់មើលទៅក្នុងទឹកក៏ឃើញមានត្រីមានពណ៌ប្លែកៗគ្នា សលាយក្រហម ខៀវ​លាយ​លឿង។​ គាត់បង់សំនាញ់គាត់ លើកមកវិញ ក៏ចាប់បានត្រីបួនក្បាល ត្រី​និមួយ​ៗ​មាន​ពណ៌មួ​យបែប។ គាត់រីករាយជាខ្លាំង។ យក្ស​ក៏​និយាយ​នឹងគាត់ថា “តាឯង​យក​ត្រី​ទៅ​ថ្វាយ​ស្តេច នោះ​ស្តេច​នឹង​ផ្តល់រង្វាន់ដែលធ្វើឱ្យតាឯងក្លាយជាអ្នកមាន។ ឥលូវ​សូម​តាឯង​អភ័យទោសអញផង ព្រោះ​អញ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ផ្សេង​ទៀត​ដើម្បី​ជួយតាឯងតាមសន្យាទេ ព្រោះ​អញ​ជាប់​នៅ​ក្នុង​បាត​សមុទ្រមួយពាន់ប្រាំបីរយឆ្នាំហើយ មិនដែលដឹងរឿងរ៉ាវលើដីយ៉ាងម៉េចខ្លះទេ។ តែសូម​តាឯង​កុំមក​នេសាទ​នៅទីនេះ​លើស​ពីម្តងក្នុងមួយថ្ងៃ។ ជួបគ្នាថ្ងៃក្រោយទៀត”។ យក្សយកជើងធាក់ដីលាន់លឺដូចរន្ទះ ហើយ​លិប​ចូលក្នុងដីបាត់ទៅ។ តានេសាទងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើងដល់គាត់ជាមួយយក្សនេះ។ គាត់ក៏យកត្រីនោះ រួចរៀបចំទៅទីក្រុងវិញ។ ពេលទៅដល់ផ្ទះ គាត់ក៏ចាក់ទឹកក្នុងចានដីមួយ រួចលែងត្រីទាំងនោះក្នុងចាននោះ។ ត្រីទាំងនោះក៏ចាប់ផ្តើមហែលឆ្វែលឆ្វាត់ក្នុងចាននោះ។ គាត់ទូលចាននោះ រួចចេញ​ដំនើរ​ទៅជួប​ស្តេច ដូចយក្សបានប្រាប់។ គាត់យកត្រីទាំងនោះធ្វើជាអំនោយថ្វាយស្តេច។ ស្តេច​ពេល​ឃើញ​ត្រីទាំង នោះ ភ្លាម មាន ការ ភ្ញាក់ ផ្អើលជាខ្លាំង ព្រោះ​ស្ទើរ​តែ​មួយ​ជីវិត​ទៅ​ហើយមិនដែលឃើញត្រីបែបនេះទេ កុំថា ឡើយ ឃើញ សូម្បី តែលឺក៏មិនដែលផង។ ស្តេចក៏និយាយថា “ចូរ យក ត្រី នេះ ទៅ ឱ្យ ស្រី បម្រើ បរទេស ទើប​មក​ដល់​ថ្មី​ម្នាក់ ដែល​ជា​អ្នក​ចម្អិន​ម្ហូប​សម្រាប់យើងថ្ងៃនេះ”។ គាត់សំដៅទៅស្រីបម្រើថ្មីម្នាក់ ដែលស្តេចរូម បញ្ជូនមកឱ្យគាត់ កាល​ពីបីថ្ងៃមុន ហើយ​គាត់​ចង់​សាកល្បងទេពកោសល្យចំអិនម្ហូបនាងនោះផង។ អគ្គមហាសេនា​ក៏​យួរត្រីទៅចង្រ្កាន រួច​ឱ្យ​នាង​នោះ​ចំអិនដោយនិយាយថា “នែនាង ស្តេច​បាន​ផ្តាំ​ផ្ញើ​សម្តីមកថា យើង​មិន​ទាន់​ជឿ​ជាក់​លើ​សមត្ថភាព​នាងទេ ដូច្នេះចូរបង្ហាញយើងផង នៅ​ថ្ងៃ​នេះពីទេពកោសល្យរបស់នាង ត្រីនេះ ដែលជាអំនោយដែលគេយកមកជូនស្តេច ហើយ​ជា​ត្រីដ៏កម្រផង”។ លោក​អគ្គមហាសេនា​បន្ទាប់ពីបញ្ជានាងបម្រើរួចរាល់ហើយ ក៏ទៅគាល់ស្តេចវិញ។ ស្តេច​ក៏​ឱ្យ​គាត់​យក​មាស​បួន​រយ​តម្លឹង​ទៅឱ្យតានេសាទ។ គាត់ក៏ប្រគល់ប្រាក់នោះគ្រប់ចំនួន។ តានេសាទអរណាស់ ទទួល​បាន​ប្រាក់​នោះ​ហើយក៏រត់ត្រលប់មកផ្ទះវិញ រត់ៗក៏ដួល ហើយ​ងើប​មកវិញរត់បន្តទៀត។ គាត់​គិត​ថា​វា​ដូចជាសុបិន។ គាត់​ទិញ​របស់​របរ​គ្រប់​យ៉ាង​សម្រាប់គ្រួសារគាត់ ហើយ​រស់​នៅ​ជួប​ជុំ​គ្រួសារ​គាត់យ៉ាងមានសុភមង្គល។ ចំនែក​ឯ​នាងចុងភៅវិញ ពេលទទួលយកត្រីនោះមក នាង​យក​ត្រីមក​លាងសម្អាត ហើយ​ក៏​ដាក់​លើ​បន្ទះអាំង។ បន្ទាប់ពីអាំងត្រីនោះបានម្ខាងហើយនាងត្រលប់ត្រីនោះម្ខាងទៀត ស្រាប់​តែ​ពេល​នោះ​ជញ្ជាំងរបស់ចង្ក្រានបាយក៏របើកឡើង ហើយក៏លេចចេញស្រីក្មេងម្នាក់ចេញមក មាន​រូបរាង​ស្អាតបាត ថ្ពាល់រលោង ភ្នែកខ្មៅ មុខរាងពងក្រពើ និងគួរឱ្យស្រលាញ់។ នាង​នោះ​ស្លៀកពាក់ដូចជាមេធ្មប់ កន្សែងសូត្រលើក្បាល ពាក់ក្រវិលធំៗ ខ្សែចង្កេះមួយគូ ពាក់​ចិញ្ចៀន​ដាំត្បូងដ៏ថ្លៃនៅនឹងម្រាមដៃ នាងកាន់រំពាត់វែងមួយនៅនឹងដៃ រួច​ចង្អុល​ទៅ​ត្រី​លើ​បន្ទះអាំងនោះ រួចនិយាយថា “នែពួក​អាត្រី​តើពួក​ឯង​នៅ​តែ​ស្មោះ​ត្រង់​នឹង​ម្ចាស់របស់ឯងដដែលរឺ?”។ ពេលនាងចុងភៅលឺបែបនេះ ក៏សន្លប់បាត់ទៅ។ ស្រី​ក្មេង​នោះ​និយាយដដែលៗជាលើកទីពីរ រួចលើកទីបី។ នៅ​លើក​ចុង​ក្រោយ​នេះ​ត្រី​ក៏​ងើបក្បាលវាចេញពីបន្ទះអាំង ហើយនិយាយព្រមគ្នាថា “មែនហើយ មែនហើយ យើង​នៅ​តែ​ស្មោះនឹងម្ចាស់របស់យើង បើឯងសងសឹកយើង យើងនឹងសងសឹកវិញដែរ! បើឯងធ្វើល្អ យើង​នឹងធ្វើល្អវិញដែរ តែបើឯងធ្វើអាក្រក់ដាក់យើង យើងនឹងធ្វើអាក្រក់ដូចគ្នាដាក់ឯងវិញ”។ នាង​នោះ​ក៏​ត្រលប់​បន្ទះ​អាំងត្រី រួចក៏ត្រលប់ទៅវិញតាមកន្លែងដែលនាងចូលមក។ ពេល​នាង​ចុង​ភៅភ្ញាក់ដឹងខ្លួនវិញ ក៏ឃើញត្រីទាំងបួនខ្លោចខ្មៅដូចធ្យូង ហើយក៏ស្រែកថា “ឱស្នា​ដៃ​ដំបូង​របស់ខ្ញុំ!”។ នាងក៏សន្លប់ម្តងទៀត។ ពេលលោកអគ្គមហាសេនាត្រលប់មករកត្រីវិញ គាត់​ក៏ឃើញនាងសន្លប់បាត់ស្មារតី។ គាត់​ក៏​យក​ជើង​គោះ​នាង នាងក៏ដឹងខ្លួន រួចគាត់​និយាយ​ប្រាប់នាងថា “ចូរ​នាង​យក​ត្រី​ទៅ​ថ្វាយ​ស្តេច!”។ នាងក៏ស្រែកយំ រួចរៀប​រាប់​ពី​រឿងរ៉ាវ​ទាំងអស់​ដែល​បាន​កើតចំពោះនាង។ លោកអគ្គមហាសេនាមានការភ្ញាក់ផ្អើល ហើយ​និយាយ​ថា “នេះជារឿងចម្លែកបំផុត”។ គាត់ក៏ឱ្យគេទៅប្រាប់តានេសាទថា “តានេសាទ តាឯង​ត្រូវ​តែ​ទៅ​នេសាទ ឱ្យបានត្រីបួនដូចត្រីលើកមុន”។ តា​នេសាទ​ក៏ចេញ​ទៅ​នេសាទ​នៅកន្លែងដដែល គាត់ក៏ចាប់បានត្រីបួនដូចគ្នាបេះបិទនឹងត្រីមុន។ គាត់​ក៏​យក​ត្រី​នោះមកជូនលោកអគ្គមហាសេនា លោកអគ្គមហាសេនាក៏យកទៅឱ្យនាងចុងភៅចម្អិន រួច​និយាយ​ថា “ឥលូវនាងចម្អិនត្រីនេះទៅ យើងនៅចាំមើល”។ នាង​ចុង​ភៅ​ក៏​ប្រញាប់​យកត្រីទៅលាង រួចដាក់ចម្អិនដូចលើកមុន។ បន្ទាប់មកជញ្ជាំងក៏របើកឡើង ហើយ​លេច​ចេញ​ស្រីជំទង់លើកមុន កាន់រំពាត់នឹងដៃ រួចចង្អុលទៅត្រី រួចនិយាយថា “នែ​ពួក​អាត្រីតើ​ពួកឯងនៅតែស្មោះត្រង់នឹងម្ចាស់របស់ឯងដដែលរឺ?”។ ត្រី​ក៏​ងើប​ក្បាល​វា​ចេញ​ពីបន្ទះអាំង ហើយនិយាយព្រមគ្នាថា “មែនហើយ មែនហើយ យើង​នៅ​តែ​ស្មោះ​នឹង​ម្ចាស់របស់យើង បើឯងសងសឹកយើង យើងនឹងសងសឹកវិញដែរ! បើឯងធ្វើល្អ យើង​នឹង​ធ្វើល្អវិញដែរ តែបើឯងធ្វើអាក្រក់ដាក់យើង យើងនឹងធ្វើអាក្រក់ដូចគ្នាដាក់ឯងវិញ”។
នាង​ឆាហរ៉ាសាតឃើញមេឃជិតភ្លឺហើយក៏ឈប់និទានរឿងនេះបន្តទៀត។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s