អាបហោះកាត់មុខផ្ទះខ្ញុំ
៙រាត្រីមួយនោះ ខ្ញុំរវល់សរសេរបញ្ចប់សៀវភៅមួយក្បាលរហូតដល់យប់ជ្រៅខុសពីរាល់ដង។ ម៉ោងជិតមួយភ្លឺទៅហើយ សំលេងឡានក្រុងបានមកឈប់សំចតដាក់អ្នកដំនើរនាចំនតមួយនៅទល់មុខផ្ទះរបស់ខ្ញុំ។ អ្នកដំនើរអ៊ូរអរ ជជែកគ្នាវ៉ូកវ៉ាកតាមរបៀបជាអ្នកដើរលេងយប់ផង និងរបៀបជាមនុស្សញៀននឹងគ្រឿងស្រវឹងផង។ មួយសន្ទុះក្រោយមកក៏ស្ងាត់ទៅវិញ។ ស្រាប់តែពេលនោះមានសំលេងមួយបានស្រែកឡើងយ៉ាងខ្លាំង ដូចជាសំលេងមាន់ដែលគេគប់ត្រូវមួយដុំថ្ម រឺមិនអញ្ចឹងទេដូចជាមនុស្សស្រែកមមើនៅពេលយប់។ ខ្ញុំក៏ដើរចេញពីតុទៅអើតមើលតាមបង្អួចកញ្ចក់។ គ្មានឃើញអ្វីសោះក្រៅពីដើមឈើមួយដើមនៅទល់មុខផ្ទះខ្ញុំ។ ជាដើមឈើដ៏ចំលែកមួយដើម ជាដើមឈើចាស់មានមែកសាខា មានវល្លិ៍ដុះព័ទ្ធគល់ ទ្រុបទ្រុល។ នារដូវផ្ការីក រុក្ខជាតិដទៃចេញផ្កាយ៉ាងស្រស់បំព្រង ដោយឡែកតែដើមឈើដ៏ធំនៅទល់មុខផ្ទះខ្ញុំនេះ គ្មានផ្លែគ្មានផ្កាអ្វីដ៏គួរអោយគយគន់នឹងគេ។ពេលល្ងាចខ្លះក្នុងរដូវរងារ ខ្ញុំមានអារម្មណ៍ខ្លាចដើមឈើនេះជាខ្លាំង។ ខ្ញុំហាក់ដូចជាមានអារម្មណ៍ចំលែកជាមួយដើមឈើនេះណាស់។ ពេលខ្លះខ្ញុំស្រមៃថាមានខ្មោចរស់នៅ ពេលខ្លះខ្ញុំស្រមៃថាមានមនុស្សចងកនៅលើដើមឈើនេះ។ ក្រៅពីដើមឈើមួយដើមនេះ នៅមានសួនស្មៅ និងផ្កាដែលគេដាំជារបងកំពស់ប្រហែលជាមួយម៉ែត្រកន្លះ។

ខ្ញុំក៏បិទកុំព្យុទ័រ រៀបចំចូលទៅដេក។តែពេលនោះមិនដឹងជាហេតុអ្វីបានបណ្តាលចិត្តខ្ញុំអោយអើតមើលទៅក្រៅម្តងទៀតតាមមាត់បង្អួចក្នុងបន្ទប់ដេករបស់ខ្ញុំ។ រាត្រីដ៏ស្ងាត់សូន្យ ក្រោមពន្លឺដួងខែ១២កើតពណ៌សដូចប្រាក់ និងអំពូលភ្លើងដែលគេដាក់បំភ្លឺតាមផ្លូវ។ ខ្ញុំសំលឹងទៅដើមឈើមួយដើមនោះទៀត។ រស្មីព្រះចន្ទមិនអាចយកឈ្នះមែកដ៏សាខាត្រឈឹងត្រឈៃរបស់វាឡើយ។ ក្រោមដើមឈើនោះងងិតស្ល៊ុប។ ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាមានអ្វីអើតឡឺមៗនៅក្បែរគល់ឈើនោះ។ ខ្ញុំចាំមើល។ មួយសន្ទុះក្រោយមក …ហ្អា!!…ក្បាលមនុស្សហោះ!!.. ក្បាលដែលកំពុងតែហោះនៅលើចិញ្ចើមផ្លូវ!!…នេះជាអាប ដែលគេនិយាយនោះទេដឹង?!។
គេតែងនិយាយថាអាបចូលចិត្តទៅកន្លែងណាដែលមានភក់ច្រំ។ នៅទីនេះខ្ញុំមិនដែលឃើញមានកន្លែងគគ្រិចបែបនេះសោះ។ ខ្ញុំគិតមួយសន្ទុះ។ ខ្ញុំនឹកឃើញហើយ កាលពីថ្ងៃមុន ខ្ញុំបានទៅលេងនៅក្នុងប៉ាក់ហ្កៃយើលដែលមានដើមឈើធំៗ។ ប៉ាក់នោះនៅចំងាយប្រហែលមួយគីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ អាបនេះកំពុងតែហោះសំដៅទៅប៉ាក់នោះទៀត។ នៅក្នុងប៉ាក់នោះ អជ្ញាធររបស់ក្រុងនេះបានបែងចែកដីខ្លះសំរាប់ចាស់ៗដាំបន្លែបង្កា។ ខ្ញុំបានឃើញថ្លុកមួយដែលមានទឹកខ្មៅល្អក់ ស្ថិតនៅពីក្រោយខ្ទមយាយចាស់ដ៏អាថ៌កំបាំងម្នាក់។ ចៃដន់នៅពេលខ្ញុំប្រទះភ្នែកចំយាយចាស់ម្ចាស់ខ្ទមនេះ គាត់សំលក់មកខ្ញុំហាក់ដូចជាចង់ស៊ីសាច់ហុតឈាម។ យាយនោះជាអាបទេដឹង?។ ទេ អាបកំពុងតែហោះនេះ មើលទំនងទៅ មុខរបស់វាដូចជាក្មេងណាស់។
ខ្ញុំកំពុងតែតាមមើល ស្រាប់តែលឺសំលេងក្មេងស្រែកយំ។ អូ!..ជាសំលេងកូនស្រីខ្ញុំដែលកំពុងតែដេកលក់យ៉ាងស្កប់ស្កល់ វាយំតាមរេផ្លិចរបស់វា នៅពេលដែលដបទឹករបូតចេញពីមាត់វា។ ខ្ញុំងាកមកមើលវា វារើបំរះរាវរកដបទឹកដោយខ្លួនឯងរួចក៏ស្ងាត់ទៅវិញ។ ខ្ញុំក៏ងាកទៅតាមមើលក្បាលអាបនោះទៀត…ហ្អា!!! ខ្ញុំភ្ញាក់ស្ទើរលោះព្រលឹង..មនុស្សម្នាក់កំពុងតែឈរនៅទល់មុខខ្ញុំនៅខាងក្រៅ.. មុខគួរអោយខ្លាច..!!។
ខ្ញុំប្រមូលស្មារតី។ តាមពិតជារូបរបស់ខ្លួនឯងដែលចាំងនឹងកញ្ចក់បង្អូចសោះ។ នៅពេលអាបនោះវាសំលឹងមកខ្ញុំ ខ្ញុំសំលឹងទៅវាវិញ។ ហេតុតែសង្ស័យ ខ្ញុំខំតាមមើលអាបនោះ។ ខ្ញុំតែងលឺគេនិយាយថា អាបដកតែក្បាលពោះវៀនបេះដូងក្រពះថ្លើម ទុកដងខ្លួននៅផ្ទះរបស់វា រួចហោះចេញមកក្រៅ។ ខ្ញុំឆ្ងល់ណាស់ថា វាធ្វើអញ្ចឹងយ៉ាងម៉េចកើតបើគ្រឿងក្នុងមនុស្សជាប់គ្នាទាំងអស់យ៉ាងនេះ។ ដូចជាបន្តពីមាត់គឺបំពង់អាហារ បន្តមកទៀតគឺក្រពះរួចពោះវៀនតូច ពោះវៀនធំ ចុងបញ្ចប់គឺទ្វារបញ្ចេញចោលជាប់នឹងស្បែកខាងក្រៅ។ ប្រហែលជាអាបចេះផ្តាច់គ្រឿងអស់នោះចេញដូចវាផ្តាច់ក្បាលពីដងខ្លួនដែរទេដឹង?។ តែវាផ្តាច់សរសៃឈាមពីគ្នាបានយ៉ាងម៉េចទៅ?។ ប្រសិនបើយើងដឹងអាថ៌កំបាំងនេះ ប្រហែលជារកឃើញដ៏ធំបំផុតមួយប្រចាំសតវត្សរ៍នេះផងក៏មិនដឹង។ ខ្ញុំចាំមើលផ្នែកខាងក្រោមរបស់វា តើជាពោះវៀនពោះតាំងដូចជាគេនិយាយមែនរឺអត់។ ពេលនេះខ្ញុំមើលមិនទាន់ឃើញទេ ព្រោះបាំងដើមផ្កាកំពស់ប្រហែលជាមួយម៉ែត្រកន្លះជារបងនោះ។ ខ្ញុំចាំមើលពេលក្បាលនោះវាហោះដល់កន្លែងដែលដើមផ្កាអស់នោះត្រូវបាក់អស់ដល់ដីដីដោយសារតែមនុស្សដើរឆ្លងទៅឆ្លងមក។ ក្បាលនោះហោះមកដល់កន្លែងនេះហើយ… ខ្ញុំខំសំលឹង…។ ពោះវៀនពោះតាំង? មិនមែនទេដៃជើងធម្មតាទេតើ? អាបមិនមែនហោះជាមួយគ្រឿងក្នុងវាដូចគេនិយាយទេ វាហោះជាមួយខ្លួនវាទេតើ។ ទេ..ជាមនុស្សធម្មតាទេដឹង?។៚
———————-
មិនមែនជារឿងពិតទេ។



លោកគ្រូរៀបរាប់ដូចជាអ្នកជំនាញខាងអក្សរសាស្រ្តចឹង! រៀបរាប់ជក់ចិត្តគួរអោយចង់អាន!
wow, probably you should publish a khmer novel. I really like and into you description.
ហេហេ ខ្ញុំ ស្មានតែមានពិត ខំតែអានយ៉ាងជក់ចិត្តហើយដូចនៅក្នុងស្ថានភាពនោះចឹង
ខ្ញុំឡើងស្លុង! ខំអានអត់ហ៊ានដកដង្ហើមទេ!
ហាហា ខំតែអាន ស្មានតែលោកគ្រូឃើញអាបនៅបារាំង
។
មែនហ្នឹង បើកមើលពីល្ងាចម្សិលមិញអត់ហ៊ានអានទេ ខ្លាចទៅដល់ផ្ទះគេងមិនលក់ ដល់ពេលអានចប់មិនមែនជារឿងពិតទៅវិញ ។ ខ្ញុំក៏ចង់ដឹងថាអាបដកកយ៉ាងម៉េចដែរ តែខ្ញុំមិនចង់ពិសោធន៍នោះទេ ចាំបងវិចិត្រពិសោធន៍ដឹងរួចប្រាប់ពួកខ្ញុំផង
ខ្ញុំឃើញអត្ថបទលោកគ្រួដែរពេលល្ងាចមិច តែមិនហានអានទុកចាំព្រឹកស្អែក ព្រោះនៅកន្លែងធ្វើការតែម្នាក់ឯង ហើយដូចជាងងឹតដែរ។ ឥឡូវពិតជាមានសរសេរប្រដិតរឿងឡើងច្រើនណាស់ មានទាំងបង្ហោះផ្កាយរណប មហាសេដ្ឋីពិភពលោក ដាក់ Internet អោយប្រើមិនគិតថ្លៃ ដល់ឥឡូវមានរឿងអាប់ទៀត។
សូមសើដោយស្មោះចំពោះអ្នកនិពន្ធ ទាំងអស់គ្នាឡើងវាគួរអោយចាប់អារម្មណ៍ណាស់សម្រាប់អត្ថបទទាំងនោះ ថ្វីបើជារឿងប្រឌិតក៏ដោយ តែគុណភាពនៃការពិពណ៌នាគួររអោយជក់ចិត្តខ្លាំងណាស់។
សូមឲលោគ្រូវិចិត្រនឹងបានឃើញអាបឬខ្មោចដូចក្តីបំណងនៅថ្ងៃណាមួយ!
បើឃើញចាំខ្ញុំថត មកចែកគ្នាមើល
ខ្ញុំគ្រាន់តែឃើញចំណងជើងក៏មិនជឿដែរ គិតថាវិចិត្រមិនជឿងរឿងបែបហ្នឹងផង
ខំតាមដានសឹងអី ស្រាប់តែចុងក្រោយថាមិនមែនជារឿងពិត ។ ចុកចាប់ជាងគេត្រង់ថា «ជាមនុស្សធម្មតាទេដឹង?» ។ លេងឈឺៗដែរតែលោកគ្រូ ។
ភ្លេចសួរមួយទៀត, អាបហ្នឹងស្អាតឬអត់ ? សិចស៊ិឬអត់ ? មានលេខទូរស័ព្ទឬអត់ ? បើស្អាតខ្ញុំចង់សុំលេខទូរស័ព្ទអាបហ្នឹងពីលោកគ្រូ….!!!!!!!!!
បើតាមខ្ញុំគិត គឺស្អាតបែបខ្មោច បែបអាបហ្នឹង!តែទូរសព្ទពិបាករកតិចហើយ!
ទុកភារៈសុំលេខទូរសព្ទពីអាបជូន បណ្ឌិតចុះ ខ្ញុំមិនហ៊ានទេ
អីយ៉ូយ មានអាស្អាតបែបខ្មោចទៀត, ចុះមានអាសិចស៊ីបែបខ្មោចអត់ ?
បើអត់ទូរស័ព្ទក៏មិនអីដែរ រកមនុស្សដូចគ្នាវិញក៏បាន
ហេតុតែអត់ធ្លាប់មានសង្សារ ចង់ទាក់ទងដល់អាបទៀត, ខ្មោចល្មោភស្រីចូលខ្លួនហើយ….
ងាប់ហើយ រឿងអាប់នេះមួយឃើញតែក្នុងធីវី ទេមិនប្រាថ្នាចង់ជាប់ផ្ទាល់ទេ អ្នកចង់បានលេខ ណេះលេខអាប 010 000009
សួស្តី!!! តើសុខសប្បាយជាទេហ្នឹង?
បងពូកែសរសេរ នឹងនិយាយពីនេះពីនោះច្រើន ខ្មុំមកអាននេះ(អាបហោះកាត់មុខផ្ទះខ្ញុំ) ខ្មុំនឹកចង់ខ្លាច!!!ហេហេហេ
ខ្មុំចូលចិត្តទីនេះ មានអីអានច្រើន នឹងផ្តល់ចំណេះដឹងទៀត!!! ខ្មុំបានមកញឹកញយដែរ តែមិនបានចេញវិចារអីទេ !!!គ្រាន់អាននេះអាននោះ!!!
សូមឲ្យមានសំណាងល្អ!!!
អរគុណ សុធា