តំលៃរបស់ស្រីនិងប្រុសនៅក្នុងសង្គមខ្មែរ
៙បុរសប្រៀបដូចជាមាស រីឯស្ត្រីប្រៀបដូចជាក្រដាស។ មាស បើទោះជាធ្លាប់ធ្លាក់ចូលក្នុងភក់ជ្រាំយ៉ាងណា កាលណាបើគេរើសយកមកលាងទឹកវិញ គង់នៅមានតំលៃជាមាសដដែល។ រីក្រដាសសវិញ សូម្បីតែស្នាមគំនូសខ្មៅដៃដ៏តូចមួយ បើទោះជាគេប្រឹងលុបដោយថ្នមៗយ៉ាងណា ក៏គង់បន្សល់នូវស្លាកស្នាមដែលធ្វើអោយបាត់តំលៃក្រដាសសនោះជាដរាប។
បុរសខ្មែរបើទោះជាខ្លួនខូចខិលយ៉ាងណា ក៏គង់ប្រាថ្នាស្ត្រីល្អបរិសុទ្ធ។ គេមានទស្សនៈមួយថា៖
ស្ត្រីម្នាក់បើធ្លាប់ខូចពីមុន ក៏គង់នឹងលួចខូចនៅថ្ងៃក្រោយទៀតមិនខាន។
ហើយបុរសជាច្រើននាក់ក៏មានទស្សនៈមួយការពារខ្លួនផងដែរ៖
មនុស្សដែលមិនធ្លាប់ខូច បើបានខូច ខូចលើសគេទៅទៀត។ មនុស្សដែលធ្លាប់ខូច ច្រើនតែថ្ងៃក្រោយកែខ្លួន លែងខូចទៀត។
ទ្រឹស្តីអស់នេះ គឺកើតពីមនុស្សប្រុសដែលខូចខិលអស់ចិត្ត ហើយចង់បានប្រពន្ធល្អបរិសុទ្ធនេះតែម្តង ហើយខំនិយាយការពារខ្លួន។តើនរណាទៅហ៊ានអះអាងថា មនុស្សប្រុសដែលធ្លាប់ខូចមុនរៀបការ មិនខូចទៅរកស្រីក្រៅទៀតនោះ?។ អ្នកដែលធ្លាប់ខូចនឹងមានបទពិសោធន៍ខាងខូចមិនអោយគេដឹង។ អ្នកមិនធ្លាប់ខូច បើខូចនឹងល្បីមិនខាន។ មនុស្សមិនធ្លាប់ខូចមិនប្រាកដថាជាមនុស្សមិនចេះខូចនោះទេ។ មនុស្សមិនធ្លាប់ខូចអាច៖
១) មនុស្សត្រឹមត្រូវ
២) មនុស្សគ្មានឱកាសនឹងខូច ដូចជាព្រោះអត់លុយ រូបអាក្រក់ ញ៉ែស្រីមិនបាន…។
មនុស្សប្រុសជាច្រើន ចាត់ទុកថា ការរអ៊ូរទាំ រករឿងរបស់ប្រពន្ធខ្លួននៅពេលដែលខ្លួនទៅរកស្រីក្រៅ រឺ គ្រាន់តែលេងសើចលែបខាយ ថាជាការប្រចណ្ឌខុសទំនង។
សូមពិចារណាម្តងទៀត។
ខ្ញុំសូមរៀបរាប់ពីបទពិសោធន៍ដ៏តិចតួចដែលខ្ញុំធ្លាប់ជួបប្រទះ ក្នុងវ័យមុនរៀបការ។ តង់ទី១គឺនាំគ្នាផឹកស៊ី ។ ផឹកស្រាប្រជែងគ្នាយកឈ្នះយកចាញ់ដូចជានៅលើសង្វៀន។ អ្នកខ្លះលែបខាយញែប៉ប្រែក្មេងស្រីរត់តុ មិនចេះអៀនខ្មាស់។
ក្រោយពីការផឹកស៊ី នៅមានតង់ទីពីរទៀត គឺទៅច្រៀងការ៉ាអូខេ។ នៅកន្លែងការ៉ាអូខេ ក៏ដូចគ្នា គឺផឹកម្តងទៀត។ ក្នុងពេលជាមួយគ្នានោះ គឺមានស្រីការ៉ាអូខេម្នាក់មួយគូៗ លូកលាន់គ្នា…។
បន្ទាប់ពីវគ្គនេះ អាចនៅមានវគ្គបន្តទៀត ដូចជាម៉ាស្សា …។ គេចាត់ទុកទង្វើនេះថា ជាការទាក់ទងការងារ។
សូមពិចារណាម្តងទៀត!!។
បើអ្នកគិតថា ប្រពន្ធអ្នកប្រចណ្ឌជាស្រីប្រចណ្ឌ តើអ្នកអាចនៅផ្ទះវិញ ហើយទុកអោយប្រពន្ធអ្នកជាអ្នកធ្វើការ។ នាងអាចទៅច្រៀងការ៉ាអូខេជាមួយមិត្តប្រុសរូមការងារ ឱបថើបគ្នា បានដែររឺទេ? បើនាងធ្វើបែបនេះ អ្នកអាចបើកចិត្តអោយទូលាយ មិនប្រចណ្ឌនាងបានទេ? ខ្ញុំជឿថា បើស្រីណាហ៊ានធ្វើបែបនេះ ស្រីនោះនឹងបីជើងផ្ទប់ជញ្ជាំងជាមិនខាន។កុំថាឡើយដល់ទៅឱបថើបគ្នា សូម្បីតែនាងជាប្រពន្ធទៅញ៉ែប៉ប្រែនឹងប្រុសណាម្នាក់ក៏មិនបានផង។
ដូច្នេះ មានន័យថា
ប្រុសខ្មែរចិត្តចង្អៀតចង្អល់ជាស្រីខ្មែរ មួយរយដងទៅទៀត។
បុរសខ្លះអាចគិតថា ខ្លូនមិនបណ្តោយអោយប្រពន្ធទៅដើរលេងផឹកស៊ី ព្រោះនាងទន់ខ្សោយ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្សស្រីឆាប់ស្រវឹងស្រាជាងមនុស្សប្រុស ដោយសារ រាងកាយរបស់ស្រីមិនមានប្រតិកម្មជាមួយស្រាដូចមនុស្សប្រុសទេ។ ឈាមនាងស្រូបជាតិស្រាបានពីរដងលឿនជាងមនុស្សប្រុស។ ម្យ៉ាងស្រីភាគច្រើនមានមាឌតូច ធៀបនឹងបុរសធៀបនឹងបរិមាណស្រាដូចគ្នា។
តែ….
តើវាខុសគ្នាយ៉ាងម៉េចបើបុរសផឹកពីរកែវ ស្រីផឹកតែមួយកែវ?។ នៅការស៊ីផឹកស្តង់ដានៅស្រុកខ្មែរ លទ្ធផលគឺ ស្រវឹងទាំងអស់គ្នា។
ផឹកមិនអោយគេសែង ផឹកធ្វើអី?
បុរសភាគច្រើនមិនបណ្តោយអោយប្រពន្ធខ្លួនទៅដើរលេងផឹកស៊ី យប់ព្រលប់នោះគឺមិនមែនបារម្ភខ្លាចនាងស្រវឹងពិបាកទេ គឺខ្លាចនាងត្រូវគេបោកយកខ្លួនតែប៉ុណ្ណោះ។ រឺក៏យ៉ាងហោចណាស់ ត្រូវគេបន្លំប៉ះពាល់នៅពេលកំពុងផឹកស៊ីដែរ។ ចុះមនុស្សប្រុសវិញ?។ ផឹកបណ្តើរញ៉ែស្រីបណ្តើរ …ហេតុអ្វីក៏ថាមិនអី?។
អញធ្វើខូចបាន តែអ្នកក្រៅខូចមិនបានទេ!!
បុរសអាចខូចម្តងម្កាលបាន តែបើស្ត្រីខូចម្តងម្កាលវិញ បីជើងផ្ទប់ជញ្ជាំង!!! មិនមែនបីពិលទេ!!!
មានពាក្យចាស់មួយបានពោលថា
បើយើងធ្វើដាក់គេយ៉ាងណា យើងត្រូវគិតថា យើងមានអារម្មណ៍យ៉ាងដូចម្តេចបើគេធ្វើដាក់ខ្លួនបែបនេះវិញ?
បុរសភាគច្រើនច្រើនគិតថា ខ្លួនទៅរកស្រីក្រៅ ជារឿងតូចតាច តែបើប្រពន្ធខ្លួនទៅរកក្រៅ នោះជារឿងធំជាងភ្លើងឆេះផ្ទះទៅទៀត។ ដូចជាត្រូវបានគេហៅថា
អាវែក!!
>ការឈឺចាប់របស់មនុស្សប្រុសដែលត្រូវស្រីក្បត់មានទំហំប៉ុណ្ណា ការឈឺចាប់របស់ស្រីដែលមានប្តីក្បត់ក៏មានទំហំប៉ុននោះដែរ។
ភាពខុសគ្នានោះគឺថា
ស្រីខ្មែរ ស៊ាំនឹងរឿងប្តីក្បត់នេះទៅហើយ នៅតែប្រុសខ្មែរប៉ុណ្ណោះ ដែលមិនទាន់ស៊ាំនឹងរឿងនេះ។
សង្គមយើងនៅពេលនេះ គឺការផឹកស៊ី សប្បាយហ៊ោរកញ្ជ្រៀវ មានតែហ្វូងបុរសតែប៉ុណ្ណោះ។ ហេតុអ្វីក៏មិនមែនជាពិធីមួយ ដែលបុរសមានប្រពន្ធអាចនាំប្រពន្ធខ្លួនទៅចូលរួមផង?។ បុរសខ្លះនិយាយថា មិនអាចទេ ខ្លាចគេបង្ខំប្រពន្ធខ្លួនអោយផឹកស្រា។
នេះមិនមែនជាលេសទេរឺ?
ហេតុអ្វីក៏នាំគ្នាថែរក្សាអាវប្បធម៌ គ្រឿងស្រវឹងនេះម្ល៉េះ?
ហេតុអ្វីក៏មិននាំគ្នាលុបបំបាត់ចោលវប្បធម៌បង្ខំគ្នាអោយផឹកនេះចោលទៅ?
រហូតមកទល់នឹងសព្វថ្ងៃនេះ បុរសភាគច្រើននៅតែយល់ថា
ការងារផ្ទះសំបែងជាការងារស្ត្រី។
ខ្ញុំទើបតែលឺផ្ទាល់នឹងត្រចៀក ពិធីករខ្មែរម្នាក់និយាយថា អូនធ្វើពេទ្យធ្វើទៅ តែកុំភ្លេចបាយទឹក រៀបចំអោយប្តី។ ប្រុសភាគច្រើនរិះគន់បុរសដែលចេះជួយការងារផ្ទះ ជួយការងារប្រពន្ធ ថាជា
ប្រុសអន់ ក្រោមកន្ទុយក្បិនស្រី។
យកប្រពន្ធមកធ្វើស្អី បើមិនយកមកទុកប្រើ
>បុរសអស់នោះ មិនមែនរៀបការនឹងប្រពន្ធទេ តែរៀបការនឹងអ្នកបំរើ។
កាលពីសម័យមុន បុរសជាអ្នកចេញធ្វើការ ស្រីជាអ្នកនៅផ្ទះ។ មានន័យថា គេបែងចែកការងារគ្នា។ បុរសជាអ្នកទៅកាប់អុសនៅក្នុងព្រៃជ្រៅ រែកទឹក … រីឯស្ត្រីកំលាំងខ្សោយជាអ្នកដាំស្ល បោសផ្ទះ…។ល។ តែសម័យនេះមិនមែនសម័យបុរាណទេ។ បុរសទៅធ្វើការ ស្ត្រីទៅធ្វើការ។ ដូច្នេះការងារផ្ទះបើមិនជួយគ្នា ស្ត្រីនឹងស្លាប់។ យើងគិតថា ស្ត្រីកំលាំងខ្សោយជាងបុរស ហេតុអ្វីក៏នាងត្រូវធ្វើការច្រើនជាងបុរស? ប្រុសជាច្រើន ច្រើនមើលងាយ ការងារមើលកូន ដាំស្លថា ជាការងារស្រាល…មិនមែនទេ បើមិនជឿសាកមួយខែមើលទៅ។ ខ្ញុំធ្លាប់ហើយ។
ស្ត្រីពូកែរឿងដាំស្លជាងបុរស
មិនពិតទេ។ ស្រីអាចពូកែរឿងលៃលក តថ្លៃទំនិញជាងបុរស តែរឿងដាំស្លមិនប្រាកដទេ។ មេចុងភៅ ភោជនីយដ្ឋានធំៗ តើមានប៉ុន្មានភាគរយជាស្រី? មេចុងភៅការ ប៉ុន្មានភាគរយជាស្រី?។
បុរសភាគច្រើនមិនជួយការងារស្ត្រី ខ្លាចគេមើលងាយថា ប្រុសអន់។ ហេតុអ្វីក៏ត្រូវទទួលស្គាល់ពាក្យគេមើលងាយទាំងនេះ? ហេតុអ្វីក៏ត្រូវខ្មាសអៀននឹងពាក្យមើលងាយទាំងនេះ?
បើអ្នកខ្មាស់អៀននឹងពាក្យមើលងាយអស់នេះ មានន័យថា អ្នកទទួលស្គាល់ថា ជួយការងារផ្ទះប្រពន្ធអ្នកជារឿងអន់។ មានមនុស្សច្រើនណាស់ដែលចូលចិត្តមើលងាយគេ។ ចំពោះខ្ញុំ បើទង្វើមួយខ្ញុំគិតថា មិនទាបថោកទេ ហើយគេមើលងាយ ខ្ញុំនឹងគ្មានការអៀនខ្មាស ហើយអ្នកដែលមើលងាយនោះនឹងទទួលបានឱកាសល្អ ទទួលរង្វាន់មួយដៃជ្រុះធ្មេញអស់តែប៉ុណ្ណោះ។
ជួយការងារផ្ទះប្រពន្ធ សំរាប់ខ្ញុំជាទង្វើរបស់បុរសទាន់សម័យ។
បើខ្ញុំមិនជួយ មិនមែនមកពីខ្លាចគេថា អន់នោះទេ តែគឺមកពីខ្ញុំ
ខ្ជិល។
អ្នកខ្លះមករៀននៅបរទេស ពេលត្រលប់ទៅវិញ ប្រឹងស្លៀកពាក់ តុបតែងខ្លួន និយាយស្តី ដូចជនជាតិគេ ដើម្បីបង្ហាញថាខ្លួនត្រលប់មកពីស្រុកគេ។ តែខ្ញុំវិញ ខ្ញុំមើលឃើញប្រុសអឺរ៉ុបចេះជួយការងារប្រពន្ធគេច្រើនជាង។៚

ដោយកូនប្រុសខ្មែរម្នាក់ ដែលមានឪពុកជាបុរស និង ម្តាយជាស្ត្រី។



សុំបញ្ចេញមតិមុនគេហើយ!
អត្ថបទមួយនេះស្រដៀងនឹងអត្ថបទរបស់ខ្ញុំដែរតែលោកសរសេរបានក្បោះក្បាយជាងខ្ញុំ។
សុំសរសើរដែលបុរសខ្មែរចេះគិតបែបនេះ។មានបុរសខ្មែរមួយចំនួនបានទៅរៀនបរទេសតែដល់ពេលត្រលប់មកវិញនៅតែមានទស្សនៈចាស់គំរិលដូចដែលលោកបានរៀបរាប់ខាងលើចឹង។
សង្គមខ្មែរបច្ចុប្បន្ននេះគឺថាការផឹកស៊ីរកក្រៅនេះកាន់តែយ៉ាប់ជាងមុនទៅទៀតហើយស្រ្តីមេផ្ទះដែលសាំនឹងការឈឺចាប់ទាំងអស់នោះគ្មានថ្ងៃណានឹងបានស្រាកស្រានឡើយ។ខ្ញុំបានឃើញផ្ទាល់នឹងភ្នែកស្ទើគ្រប់ទីកន្លែងទាំងអស់សូម្បីតែសាច់ញាតិខ្ញុំក៏បានជួបប្រទះដែរ!ហើយមានពេលខ្លះពេលដែលខ្ញុំឃើញពូៗឬបងៗដែលត្រវជាបងប្អូនខ្ញុំធ្វើទង្វើបែបនេះទៅលើនារីៗក៏ខ្ញុំមានអារម្មណ៏ទើសភ្នែកដែរ!
Hoping for change!!!
តាមពិតទៅបញ្ហាអស់នេះងាយយល់ទេ អោយតែយើងទៅឈរនៅម្ខាងទៀតហើយមើលមកទង្វើខ្លួនឯង យើងនឹងឃើញពីភាពអាក្រក់និងល្អរបស់ខ្លួន។ តែមនុស្សភាគច្រើនមិនហ៊ានធ្វើបែបនេះទេ ព្រោះគេខ្លាចឃើញរឿងអាក្រក់របស់ខ្លួនច្រើនពេក។
តើមានមនុស្សប៉ុន្មាននាក់ទៅដែលគិតដូច្នេះ??? ប្រសិនបើគ្រប់គ្នាសុទ្ធតែគិតអញ្ចឹង នោះវាជាការប្រសើរហើយ ព្រោះមនុស្សភាគច្រើន ច្រើនតែមើលបំណាំគ្នា ថានេះជាកិច្ចការប្រុស នេះជាកិច្ចការស្រី ។
ខ្ញុំតាំងពីតូចចូលចិត្តធ្វើអ្វីស្មើភាពគ្នា មិនថាប្រុសរឺស្រី នៅពីតូចពេលមកពីរៀនខ្ញុំតែង យួរទឹកអោយបងស្រីខ្ញុំដាំស្លរ តែខ្ញុំអត់ចូលចិត្តលាងចាន នឹងស្លរទេ ព្រោះវាជាការងារពិបាក។ ខ្ញុំដឹងថាការងារស្រីពិបាកជាងការងារមនុស្សប្រុស ប៉ាខ្ញុំគាត់ទៅថ្វើរការ មកវិញបាយឆ្អិនស្រាប់ ញាំជុំជាមួយកូន ម៉ាក់ខ្ញុំរកស៊ីរវល់គ្មានថ្ងៃសៅរ៍ អាទិត្យ ហើយមានពេលដាំស្លរលៀង ចានឆ្នាំង បោកខោអាវកូន ទៅផ្សា ។ល។ គិតថាច្រើនណាស់ ធ្វើការ១៤ម៉ោង ក្នុងមួយថ្ងៃ។
ឥលូវខ្ញុំមកនៅអាមេរិច ស្រុកនេះគេអោយតំលៃស្រីណាស់(ស្រីមិនពេញចិត្តប្តីគេមានសិទ្ឋឹលែងភ្លាម) នៅទីនេះគឺធ្វើការដូចគ្នា ដាំស្លរ ត្រូវតែធ្វើដូចគ្នា អ្នកណាហូបអ្នកនោះ លាងចាន (ក្មេងៗនៅទីនេះទោះខ្ចិលខិលខូចយ៉ាងណា គឺមានទំម្លាប់ ញាំហើយលាងខ្លួនឯង គឺទំម្លាប់ស្មើភាពគ្នាគ្មានអ្នកណាបំរើអ្នកណាទេ) មកនៅទីនេះខ្ញុំរ្តូវចេះទាំងអស់ មិនថាការងារដុះលាង ការងារ បូមជូតផ្ទះ បន្ទប់ ដាំស្លរ ។ល។ ខ្ញុំមិនអាចមកពីធ្វើការអង្គុយចាំញាំស្រាប់ៗ ដូចនៅស្រុកខ្មែរទេ
ពីមុនខ្ញុំមិនដែលចេះធ្វើម្ហូបខ្លួនឯងសោះ តែដល់ពេលទៅរៀននៅស្រុកគេ ខ្លួនមួយ គ្មាននរណាជួយ។ មានអីចេះឯង។
ខ្ញុំសប្បាយចិត្តណាស់ដែលអត្ថបទនេះសរសេរដោយបុរសខ្មែរម្នាក់ដែល មានឧត្តមគតិខ្ពស់ ព្រោះថាកំរមានបុរសខ្មែរណាដែលលើកយករឿងនេះ មកពិចារណាណាស់ ហើយថែមទាំងមិនយល់ស្របនឹងគំនិតល្អៗទាំងនេះ ផង… អ្នកដែលគិតបែបនេះប្រហែលជាមានក្នុងចំណោមមនុស្សតិច ណាស់ ។ រឿងនេះជារឿងពិតខ្លាំងណាស់ បើទោះជាសម័យឥឡូវជា សម័យជឿនលឿនក៏ដោយ!
មានមិត្តភ័ក្រ្តម្នាក់របស់ប្តីខ្ញុំបាននិយាយបែប លេងសើចលាយឡំមែន ទែនថា “ ហ្អែងយកប្រពន្ធមកធ្វើអីបើនៅតែស៊ីបាយ ផ្សារដដែល?” ខណៈពេលដែលឃើញខ្ញុំចេញពីធ្វើការថ្ងៃត្រង់ហើយទិញ ម្ហូបច្អិនស្រាប់ មកញុំាជាមួយប្តីនៅផ្ទះនោះ។ ប្រហែលជាគេចង់អោយខ្ញុំ ចេញពីធ្វើការ ម៉ោង១២ថ្ងៃត្រង់ហើយទៅផ្សារទិញម្ហូបមកចំអិនទៀតមើល ទៅ!
ចំណែកឯមិត្តភ័ក្រ្តរបស់ប្តីខ្ញុំម្នាក់ទៀត បាននិយាយជាមួយខ្ញុំបែបជា ការណែនាំ អោយយោបល់ថា “ ឯងកុំតឹងតែងជាមួយប្តីពេក, អារឿងទៅ ដើរលេងស៊ីផឹក លេងស្រីនឹងជារឿងធម្មតាទេរបស់មនុស្សប្រុស អោយ តែគេចេះការពារខ្លួនទៅបានហើយ” ។ ហើយនៅមានមួយចំណុចទៀត ដែលគេពោលនៅក្នុងការសន្ទនារបស់ពួកយើងថា “ បុរសណាដែលពរកូន ហើយបណ្តោយអោយប្រពន្ធដើរតាមពីក្រោយធ្វើព្រងើយនោះ ជាប្រុស អន់ណាស់!”
សូមបញ្ជាក់ថាបុរសទាំងពីរនេះមិនមែនជាមនុស្សវ័យចំណាស់ទេ គឺទើបនឹង មានអាយុ៣០ និងជិត៣០ ប៉ុណ្ណោះ ហើយថែមទាំងរៀនសូត្រ បានចេះដឹងទៀត ។ នេះសរបញ្ចាក់អោយ ឃើញថាផ្នត់គំនិតរបស់បុរស ខ្មែរមិនទាន់មានការផ្លាស់ប្តូរទេ បើទោះជាសង្គមមានការរីកចំរើនជាងមុន និងនៅក្នុងចំណោមអ្នកមានចំណេះដឹងខ្ពស់ក៏ដោយ…
ក្នុងនាមខ្ញុំជាស្រីខ្មែរម្នាក់ក៏ដូចជាស្រីខ្មែរដ៍ទៃទៀតដែរ ខ្ញុំមានការអាក់អន់ ស្រពន់ចិត្តដែលកើតនិងរស់នៅក្នុងសង្គមបែបនេះណាស់ ព្រោះពុំមាន លទ្ធភាពឯណានឹងផ្លាស់ប្តូរផ្នត់គំនិតអស់ទាំងនេះបានទេ…
សរសេរពេញចិត្តខ្ញុំហ្មងហ្នឹង ពិតជាល្អមែនទែន
យើងមិនត្រូវបណ្តោយអោយ បុរសធ្វើបាបនារី មើលងាយនារីទៀតទេ!
ចឹងយើងត្រូវធ្វើបដិវត្តន៏ យូ យូ!!!ហេហេ(និយាយលេងទេ)
ខ្ញុំមិនគិតថាខ្លួនឯងជាមនុស្សទាន់សម័យនឹងគេ នៅទេ!តែខ្ញុំមិនចូលចិត្ត
គេងចំនេញលើនារី ឬក៏បុរសនោះទេ បើយើងយោគយល់គ្នារស់នៅប្រាកដ
ជាមានសេចក្តីសុខមិនខាន ហើយសូមកុំសូវបញ្ចេញយោបល់ណាដែលនាំ
អោយប៉ះពាល់ដល់គ្រួសារដ៏ទៃនោះ!
ខ្ញុំគិតថាការដើរផ្លូវកណ្តាល កាន់សីលប្រាំ គឺល្អណាស់សំរាប់ខ្ញុំ!
អៃយ៉ា មកក្រោយគេអត់អីនិយាយបណ្ដោយ !
មនុស្សគឺជាមនុស្ស មិនថាស្រីឬប្រុសទេ អ្នកណាជាអ្នកអោយតម្លៃ ?
ប្រុសប្រៀបដូចជាមាសហី ? ចំជាឆ្កួតមែន ។
សុំទោសវិចិត្រ សុំនិយាយពាក្យមិនពីរោះបន្តិចហើយ ។
មិនអីទេ
ស្ត្រីនៅក្នុងសង្គមខ្មែរហាក់ដូចជាត្រូវគេបំពុលអោយជឿថា ស្រីត្រូវតែចេះចែករំលែកប្តីខ្លួនជាមួយស្រីដទៃ.. ស្រីត្រូវតែចេះបំរើប្តី…។ ប្តីប្រពន្ធនរណាបំរើណាក៏មិនសមដែរ គួរតែចេះជួយគ្នា។
វណ្ណ៖ អ្វីដែលខ្ញុំបារម្ភនោះគឺមនុស្សចាក់ចូច។ មនុស្សជាច្រើនច្រណែនគេ បើឃើញប្តីប្រពន្ធគេស្រលាញ់គ្នា ឧទាហរណ៍ប្កីចេះជួយប្រពន្ធ។ អ្នកខ្លះចាក់ចូចប្តីថា អន់។ ចាក់ចុះចាក់ឡើង រហូតដល់បុរសខ្លះ អន់ចិត្តនឹងប្រពន្ធខ្លួនឯង។អ្នកខ្លះទៀតចាក់ចូចស្រីជាប្រពន្ធ។ ឃើញប្តីគេល្អ ចាក់ចូចប្រពន្ធថា កុំជឿ ច្បាស់ជាមានស្រីហើយ បានយកចិត្តប្រពន្ធយ៉ាងនេះ…(មានមនុស្សខូចអញ្ចឹងមែន)។
អត្ថបទមួយនេះពិតជាពេញចិត្តខ្ញុំតែម្តង ខ្ញុំធ្លាប់ជួបប្រទះបញ្ហាអស់ហ្នឹងមួយរយៈពេលដែរ ស្រីៗត្រូវធ្វើការងារផ្ទះ និងលក់ដូរ បើដាំបាយមិនទាន់គឺមានតែបន្ទោសទេ តែមិនដែលគិតជួយនោះទេ តែបើរឿងអួតលេខមួយ ចូលចិត្តថាមនុស្សប្រុសអាចធ្វើបានច្រើន អាចធ្វើឆ្ងាញ់ជាង តែមិនដែលបានធ្វើម្តងនោះទេ ។ ខ្ញុំពិតជាមិនពេញចិត្តចំពោះការអោយតម្លៃខុសគ្នារបៀបនេះណាស់ ។ មានអ្នកខ្លះ សុខចិត្តសំលាប់កូនដែលមិនទាន់ដឹងក្តីដោយសារតែជាកូនស្រី ពិតជាឃោរឃៅណាស់ ។
សូមសសើរ! អត្ថបទរបស់បងវិចិត្រពិតជាល្អមែន! នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ស្រ្តីខ្មែរមិនទាន់ត្រូវបានគេអោយតំលែអោយបានទូលំទូលាយនៅឡើយទេ! សង្គមខ្មែរបច្ចុប្បន្នគឺ ជាសង្គមរបស់មនុស្សប្រុស ។ ប៉ុន្តែអ្វីដែលខ្ញុំសប្បាយចិត្តនោះគឺ ក្រុមគ្រួសារ និងសាច់ញាតិរបស់ខ្ញុំគឺអោយតំលែទៅលើនារីណាស់។ ជាក់ស្តែងប៉ារបស់ខ្ញុំនឹងហើយ គឺគាត់មិនមើលបំនំាប្រពន្ធ និងកូនៗទេ! ពេលម៉ាក់មានធុរះ កូនៗទៅរៀន ប៉ាខ្ញុំត្រលប់មកពីធ្វើការវិញគាត់ដាំស្លហើយស្រាច់ មិនត្រឹមតែប៉ុននឹង ការងារនៅក្នុងផ្ទះគឺគាត់ធ្វើបានទាំងអស់ ។ ប៉ាញុំគាត់ថាអ្វីៗក៏គាត់អាចធ្វើបានដែរ អោយតែគាត់ចង់ ខ្លាចតែខ្ជិលទេ?
។ មើលតាក្មេងប្រុសៗឥឡូវធំមិនទាន់ទេ ចេះផឹកលាន់ បើនិយាយពីរឿងការងារផ្ទះវិញមិនបាច់និយាយតាម៉ង!!!
គាត់ថាគាត់មិនចេះដកដង្ហើមចោលទេ ហើយគាត់ក៏មិនអាចអង្គុយមើលប្រពន្ធ និងកូនរបស់គាត់លំបាកដែរ ។
បើចង់រកបុរសដែលចេះជួយការងារផ្ទះដូចប៉ារបស់ញុំចឹង គឺពិបាកណាស់
បើចង់រកមនុស្សប្រុសដូចប៉ារបស់ធារ៉ា មិនពិបាកទេ គឺខ្ញុំហ្នឹងហើយ
សុំទោស និយាយលេងទេ មិនហានអួតទេបាទ ។ សូមចូលរួមសរសើរប៉ារបស់ធារ៉ា ផង ។
តាម៉ាប់៨០ ក៏ជាមនុស្សប្រុសម្នាក់ដែរ តែសុំគាំទ្រអត្ថបទនេះ និងវាចាររបស់វណ្ណ ទាំងស្រុង។ នេះជាអត្ថបទកំរជួបប្រទះ បើបានអាន ហើយយកមកពិចារណា ពិតជាមានតំលៃសំរាប់ខ្លួន។
មិនដឹងថាយ៉ាងម៉េចឥឡូវនេះ តាម៉ាប់៨០ ឆ្ងល់ហេតុអ្វីបានជាមនុស្សប្រុសចូលចិត្តផឹកស្រាម្លេះ? ជាពិសេសឲ្យតែដល់មានបុណ្យទាន ឬពិធីផ្សេងៗណាមួយ ម្នាក់ៗសំលាងមាត់ចាំទុក។ កាលពីមុន ក៏គេផឹកដែរ តែវាមិនសូវអាក្រក់មើលទេ ហើយណាមួយគេគិតថា មនុស្សសល់ពីស្លាប់ពីជំនាន់អាពត ចេះតែសប្យាយទៅ។ ដល់ឥឡូវអ្នកខ្លះផឹកស៊ីជោគជាំ វ៉ៃគេឯង ហើយខ្លះទៅរកស្រី ឬធ្វើអ្វីប្លែកៗក៏មាន។
យ៉ាងណាមិញ វាជាការល្អបើយើងមិនគ្រាន់តែនិយាយពីបញ្ហា ប៉ុន្តែយើងអាចឲ្យដំបូរន្មាន ឬវិធីសាស្រ្តខ្លះៗ ដល់បុរស (ភាគតិច) នៅក្នុងសង្គមខ្មែរ ដែលអាចជួយធ្វើឲ្យពួកគាត់មើលឃើញពីតំលៃមនុស្សស្រី ឬប្រពន្ធរបស់ខ្លួន ជាការសំខាន់ណាស់។
សូមអរគុណ វិចិត្រ ដែលលើកយកមកចែកចាយអត្ថបទ ដ័មានតំលៃ