មួយពាន់មួយយប់(៩៤)
| លេខ៩៣ | មួយពាន់មួយយប់ | លេខ៩៥ |
ពួកយើងសប្បាយចិត្ត ហើយនិយាយថា
“ ច្បាស់ជាមានអ្វីមួយអាថ៌កំបាំងហើយ” ។
បន្ទាប់មកពួកយើងក៏ចែកផ្លូវគ្នាដោយម្នាក់ៗរវល់តែប្រមូលមាសប្រាក់ដែលនៅចោលគ្មានម្ចាស់។
ចំណែកឯខ្ញុំវិញ ខ្ញុំក៏ឡើងទៅលើប្រាសាទមួយ ដែលមានជញ្ជាំងយ៉ាងម៉ាំ។ ខ្ញុំចូលទៅក្នុងសាលជំនុំ ដែលមានទ្វារធ្វើអំពីមាសក្រហមឆ្អិនឆ្អៅ។ នៅទីនោះមានមាសប្រាក់គរជាគំនរ។ ខ្ញុំឃើញ ស្តេចអង្គុយនៅកណ្តាលពួកមន្ត្រី ស្លៀកពាក់យ៉ាងថ្លៃថ្នូរ ទៅតាមតួនាទីរបស់ខ្លួន។
ខ្ញុំដើរទៅជិត ក៏សង្កេតឃើញថា ព្រះរាជាគង់លើបល្លង្ក ដែលមានលម្អដោយត្បូងនិងគុជ។ សម្លៀកបំពាក់របស់គាត់ ធ្វើអំពីមាស តុបតែងដោយត្បូងពេជ្រ មានពន្លឺភ្លឺផ្លេកដូចជាផ្កាយ។ នៅជុំវិញស្តេច មានមន្ត្រី៥០នាក់ និងពួកបម្រើ ពួកគេស្លៀកពាក់ដែលធ្វើពីក្រណាត់ផ្សេងៗ ដៃរបស់ពួកគេមានកាន់ដាវ តែពេលដែលខ្ញុំទៅជិតនោះ ក៏ឃើញថាពួកគេសុទ្ធតែជាថ្មខ្មៅទាំងអស់។
ខ្ញុំចូលទៅក្នុងដំណាក់របស់ស្តេច ក៏ឃើញនៅទីនោះតែងលម្អទៅដោយក្រណាត់ ដែលមានអំបោះធ្វើអំពីមាស។
នៅទីនោះខ្ញុំឃើញម្ចាស់ក្សត្រីសម្រាកនៅលើគ្រែ។ ម្ចាស់ក្សត្រីស្លៀកពាក់សម្លៀកបំពាក់ដែលតែងលម្អដោយគ្រាប់គុជមានតម្លៃ នៅលើព្រះកេសម្ចាស់ក្សត្រីមានម្កុដដែលតុបតែងដោយត្បូងច្រើនប្រភេទ។ ទឹកមុខរបស់ម្ចាស់ក្សត្រីនៅពេលនោះ គឺដូចធម្មជាតិពិតៗ គ្រាន់តែក្លាយទៅជាថ្មខ្មៅប៉ុណ្ណោះ។
នៅពេលនោះ ខ្ញុំឃើញទ្វារចំហមួយ ខ្ញុំចូលទៅក៏ឃើញជណ្តើរមួយមាន៧កាំ។ ខ្ញុំឡើងតាមជណ្តើរនោះ ក៏ចូលទៅដល់កន្លែងមួយដែល ក្រាលដោយថ្មម៉ាប និងតុបតែងដោយក្រណាត់ធ្វើអំពីអំបោះមាស នៅកណ្តាលមានគ្រែធំមួយធ្វើអំពីឈើខ្មៅ មានដាំត្បូងនិងគុជ មានដំបូលពីលើ មានក្រណាត់ធ្លាក់សំយុងមក។ នៅលើជញ្ជាំង មានតុបតែងដោយក្រណាត់ មានដាំគ្រាប់គុជ នៅទីនោះខ្ញុំមើលឃើញពន្លឺបាញ់ចេញមក។ ខ្ញុំដើរទៅជិតក៏ឃើញគ្រាប់ពេជ្រដ៏ធំមួយ ប៉ុនពងសត្វអូទ្រីស។
ខ្ញុំឆ្ងល់ជាខ្លាំងនៅពេលដែលឃើញទៀនត្រូវបានគេដុតបំភ្លឺជាស្រេច ខ្ញុំក៏នឹកគិតក្នុងចិត្តថា
“ ត្រូវតែមានអ្នកណាម្នាក់ជាអ្នកដុតទៀននេះហើយ” ។
ខ្ញុំក៏ដើររុករើមើលសព្វកន្លែងនៅក្នុងរាជវាំងនោះ ហើយដោយក្តីងឿងឆ្ងល់របស់ខ្ញុំ ខ្ញុំក៏ភ្លេចខ្លួនដើរមើលទីនោះរហូតដល់យប់។ នៅពេលនោះខ្ញុំគិតថា នឹងចេញមកវិញ តែខ្ញុំវង្វេងនៅក្នុងទីនោះ ខ្ញុំក៏ត្រឡប់ទៅកន្លែងដែលមានទៀននោះវិញ រួចក៏សម្រាកនៅលើគ្រែនោះ ខ្ញុំដណ្តប់ភួយរួចសូត្រធម៌។
នៅពេលនោះខ្ញុំដេកមិនលក់សោះ។ នៅពាក់កណ្តាលយប់ ខ្ញុំឮសំឡេងមួយសូត្រធម៌យ៉ាងពិរោះ តែសំឡេងនោះឮតិចៗ ដូច្នេះខ្ញុំក៏ក្រោកឡើង ដើររកប្រភពសំឡេងនោះ រហូតដល់បន្ទប់បិទជិតមួយ។ ខ្ញុំមើលតាមប្រហោងទ្វារនោះ ឃើញអ្នកសូត្រធម៌នោះ មានទៀនដុតបំភ្លឺ២ដើម និងចង្កៀងមួយព្យួរលើពិដាន។ នៅក្នុងបន្ទប់នោះមានកម្រាលព្រំមួយ ដែលបុរសអ្នកសូត្រធម៌នៅកំពុងតែអង្គុយពីលើ។ នៅមុខគាត់មានគម្ពីរធម៌មួយក្បាល ដែលគាត់កំពុងតែអានតាម។
ខ្ញុំឆ្ងល់ជាខ្លាំងដោយឃើញគាត់តែម្នាក់ឯងដូច្នេះ រីឯមនុស្សឯទៀតក្លាយជាថ្មទាំងអស់។ ខ្ញុំក៏ចូលទៅជម្រាបសួរគាត់ គាត់ក៏បែរមុខមករកខ្ញុំ។
ខ្ញុំក៏និយាយថា
“ ដោយយកព្រះគម្ពីរនេះជាសាក្សី សូមលោកមេត្តាប្រាប់ការពិតដល់ខ្ញុំមក” ។
គាត់មើលមកខ្ញុំ ញញឹម ហើយនិយាយថា
” អ្នកនាងអើយ ដំបូងសូមអ្នកនាងមេត្តាប្រាប់ខ្ញុំសិនមក តើហេតុអ្វីបានជានាងមកដល់ទីនេះ ហើយខ្ញុំនឹងប្រាប់រឿងរបស់ខ្ញុំ របស់ប្រជារាស្ត្រនគរនេះ និងមូលហេតុដែលខ្ញុំរួចផុតពីក្តីវិនាសនេះ ដល់នាងតាមក្រោយ” ។
ខ្ញុំក៏ប្រាប់គាត់ពីរឿងរ៉ាវរបស់ខ្ញុំ ហើយខ្ញុំក៏សួរគាត់ពីប្រជារាស្ត្រនៅនគរនេះ គាត់ក៏តបថា
“ សូមនាងអត់ធ្មត់បន្តិច!”
ហើយគាត់ក៏បិទគម្ពីរធម៌ គាត់យកគម្ពីរនោះទៅដាក់នៅក្នុងសម្ពាយមួយ។
| លេខ៩៣ | មួយពាន់មួយយប់ | លេខ៩៥ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

