មួយពាន់មួយយប់(៩៣)
| លេខ៩២ | មួយពាន់មួយយប់ | លេខ៩៤ |
.
រឿងរបស់នាងបងគេ
រឿងដែលចម្លែកជាងគេបង្អស់នោះគឺជារឿងរបស់នាងខ្ញុំ។ ព្រះអង្គដឹងទេ ឆ្កែខ្មៅ២ក្បាលនេះ ជាបងស្រីរបស់នាងខ្ញុំ ម្តាយនិងឪពុករួមគ្នា ហើយនាង២នាក់ទៀតនេះ ជាប្អូនស្រីរបស់នាងខ្ញុំ ឪពុកតែមួយ តែម្តាយទីទៃ។
នៅពេលដែលឪពុករបស់នាងខ្ញុំបានស្លាប់ទៅ ពួកយើងក៏ទទួលចំណែកមរតករៀងៗខ្លួន។ ក្រោយមកម្តាយរបស់នាងខ្ញុំក៏បានស្លាប់ទៀត គាត់បានបន្សល់ឲ្យនាងខ្ញុំនិងបងស្រីនាងខ្ញុំនូវមាសចំនួន៣ពាន់តម្លឹង ដូច្នេះពួកយើងក៏ចែកគ្នាម្នាក់មួយពាន់តម្លឹង។
នៅពេលក្រោយមកទៀត បងស្រីរបស់នាងខ្ញុំទាំង២នាក់ក៏បានរៀបការ ហើយទៅរស់ជាមួយប្តីរបស់គាត់រៀងៗខ្លួន។ ប្តីរបស់នាងបានយកមាសប្រាក់ដែលជាចំណែករបស់នាងនោះទៅទិញទំនិញ ហើយចេញជួញដូរស្រុកក្រៅជាមួយគ្នាបាត់ទៅ។ ពួកគេទុកខ្ញុំចោល។
បងថ្លៃរបស់ខ្ញុំបានទៅបាត់ជាមួយភរិយារបស់គាត់អស់រយៈពេល៥ឆ្នាំ នៅក្នុងរយៈពេលនោះពួកគេបានចាយវាយទ្រព្យសម្បត្តិរហូតទាល់តែរលាយហិនហោចអស់។ ពួកគេក៏បោះបង់បងស្រីខ្ញុំចោលនៅឯស្រុកគេ។
ប្រាំឆ្នាំក្រោយមក បងស្រីច្បងរបស់ខ្ញុំក៏ត្រឡប់មករកខ្ញុំ ក្នុងសម្លៀកបំពាក់ជាអ្នកសុំទាន។ ខ្ញុំមើលគាត់ស្ទើរតែមិនស្គាល់ តែពេលនោះខ្ញុំក៏និយាយថា
“ តើហេតុអ្វីក៏បងស្រីក្លាយជាបែបនេះទៅវិញ?” ។
គាត់ក៏តបថា
“ ប្អូនស្រីអើយ ពាក្យសម្តីមិនអាចកែអ្វីៗឲ្យត្រឡប់ក្រោយវិញបានទេ ព្រហ្មលិខិតរបស់បង ព្រះបានកំណត់រួចហើយ” ។
បន្ទាប់មកខ្ញុំក៏ឲ្យគាត់ទៅងូតទឹកជម្រះកាយចេញ រួចហើយឲ្យគាត់ស្លៀកពាក់សម្លៀកបំពាក់របស់ខ្ញុំ។ ខ្ញុំក៏រៀបចំទឹកក្តៅសម្រាប់គាត់ ព្រមទាំងរៀបចំស្រាល្អៗជាមួយផង។
ខ្ញុំនិយាយប្រាប់គាត់ថា
“ បងស្រីអើយ បងជាបងគេ បងតំណាងឲ្យឪពុកម្តាយរបស់យើង មរតកដែលជាចំណែករបស់ខ្ញុំនោះ ព្រះជាម្ចាស់បានជួយឲ្យចម្រើនឡើង ខ្ញុំជួបតែសំណាងល្អ ដូច្នេះហើយខ្ញុំរកបានប្រាក់ជាច្រើនដោយគ្រាន់តែត្បាញសូត្រលក់ ហើយដូច្នេះហើយ ខ្ញុំនឹងចែកទ្រព្យសម្បត្តិរបស់ខ្ញុំជាមួយបង” ។
ខ្ញុំបានធ្វើល្អដាក់គាត់ដោយអស់ពីចិត្ត អស់រយៈកាលមួយឆ្នាំពេញ ដែលនៅពេលនោះពួកយើងបាននឹកនាជាខ្លាំងដល់បងស្រីទី២។
តែបន្តិចក្រោយមក បងស្រីទី២របស់ខ្ញុំក៏មកដល់ផ្ទះរបស់ខ្ញុំដែរ ហើយស្លៀកពាក់សម្លៀកបំពាក់យ៉ាប់យ៉ឺនជាងបងស្រីច្បងរបស់ខ្ញុំទៅទៀត។ ខ្ញុំក៏ខំធ្វើល្អដាក់គាត់ បានល្អជាងបងស្រីច្បងរបស់ខ្ញុំទៅទៀត។ មួយរយៈក្រោយមកពួកគាត់និយាយនឹងខ្ញុំថា
“ ប្អូនស្រី ពួកបងចង់រៀបការម្តងទៀត ព្រោះពួកបងមិនអាចរស់នៅបានដោយគ្មានប្តីទេ ពួកបងត្រូវការឲ្យជីវិតម៉េម៉ាយរបស់បងមានភាពត្រេកត្រអាលឡើងវិញ” ។
ខ្ញុំក៏តបថា
“ ឱបងស្រីអើយ! រៀបការនោះមានអីល្អទៅ សព្វថ្ងៃនេះមិនងាយរកប្រុសល្អបានទេ ហើយខ្ញុំគ្មានឃើញបានប្រយោជន៍អីសោះ ដែលពួកបងរៀបការម្តងទៀតនោះ ពួកបងឃើញហើយ ក្តីវិនាសដែលពួកបងធ្លាប់ជួប” ។
តែពួកគាត់មិនស្តាប់តាមយោបល់របស់ខ្ញុំឡើយ ហើយទៅរៀបការដោយគ្មានការយល់ព្រមពីខ្ញុំឡើយ តែទោះជាយ៉ាងណាខ្ញុំក៏ចែកទ្រព្យសម្បត្តិខ្លះឲ្យគាត់។ ពួកគាត់បន្ទាប់ពីរៀបការហើយក៏ចាកចេញទៅនៅជាមួយប្តីបាត់ទៅ។ មួយរយៈកាលក្រោយមក ប្តីរបស់ពួកគាត់បានបោកយកទ្រព្យសម្បត្តិរបស់ពួកគាត់អស់ រួចរត់ចោលពួកគាត់ទៅ។ ពួកគាត់ក៏ត្រឡប់មករកខ្ញុំវិញដូចលើកមុន។ ពួកគាត់និយាយសុំទោសខ្ញុំ រួចសុំស្នាក់នៅជាមួយខ្ញុំ។
ខ្ញុំក៏និយាយនឹងគាត់ថា
“ សូមស្វាគមន៍បងស្រី គ្មានអ្វីដែលមានសារសំខាន់ដល់ខ្ញុំដូចបងស្រីទេ” ។
ពួកយើងបានរស់ជាមួយគ្នាដោយមានសេចក្តីសុខអស់រយៈពេលមួយឆ្នាំពេញ។ នៅពេលនោះ ខ្ញុំត្រូវចេញទៅជួញនៅក្រុងបាសូរ៉ា ខ្ញុំក៏រៀបចំផ្ទុកទំនិញរបស់ខ្ញុំក្នុងសំពៅដ៏ធំមួយ។
ខ្ញុំនិយាយនឹងបងស្រីរបស់ខ្ញុំថា
“ តើបងស្រីអាចនៅយាមផ្ទះពេលខ្ញុំមិននៅបានទេ ឬមួយក៏បងស្រីចង់ទៅជាមួយខ្ញុំដែរ?” ។
ពួកគាត់ក៏តបថា
“ បងចង់ធ្វើដំណើរជាមួយប្អូន” ។
ដូច្នេះខ្ញុំក៏ចែកទ្រព្យរបស់ខ្ញុំជា២ចំណែក មួយចំណែកសម្រាប់យកតាមខ្លួន និង មួយចំណែកទៀតផ្ញើទុកនឹងអ្នកដែលគួរទុកចិត្ត ព្រោះខ្ញុំយល់ថា “ បើមានឧប្បត្តិហេតុអ្វីមួយកើតមានដល់សំពៅរបស់ខ្ញុំ ហើយបើខ្ញុំនៅរស់ ក៏គង់សល់ទ្រព្យនេះខ្លះដែរ” ។ ខ្ញុំក៏យកបងស្រីរបស់ខ្ញុំទៅជាមួយ រួចយើងចេញដំណើរអស់រយៈពេលប៉ុន្មានថ្ងៃប៉ុន្មានយប់ តែពេលនោះនាយសំពៅ មិនប្រុងប្រយត្ន ក៏បើកសំពៅខុសទិសដៅ។
ខ្យល់បានជួយបក់រុញសំពៅរបស់យើងដែលធ្វើដំណើរវង្វេងមិនដឹងទិសតំបន់អស់រយៈពេលដប់ថ្ងៃ។ បន្ទាប់មកនាយសំពៅក៏ស្រែកថា
“ ដំណឹងល្អ! ពួកយើងប្រាកដជាមកដល់ទីក្រុងហើយ ព្រោះមានឃើញព្រាបហើរ” ។
ប្រហែលជាមួយម៉ោងក្រោយមក ពួកយើងក៏មើលឃើញទីក្រុងមួយ ខ្ញុំក៏សួរទៅនាយសំពៅថា
“ តើលោកស្គាល់ទីក្រុងនេះទេ?” ។
គាត់ក៏តបថា
“ ព្រះជាម្ចាស់អើយ តាំងពីកើតមកខ្ញុំមិនដែលឃើញទីក្រុងនេះទេ ហើយខ្ញុំមិនដែលបើកសំពៅតាមសមុទ្រនេះដែរ។ តែបានជាមកដល់ទីនេះហើយ នាងគួរតែយកទំនិញទៅលក់ទីក្រុងនេះសាកមើលទៅ។ បើបានចំណេញ នាងយកទីនេះធ្វើជាផ្សាររបស់នាងទៅ។ តែបើលក់មិនចំណេញទេ ក៏យើងគួរសម្រាកនៅទីនេះឲ្យ២ថ្ងៃសិនដែរ មុននឹងបន្តដំណើរទៅមុខទៀត” ។
ពួកយើងក៏ចូលសំចតនៅផែនោះ។ នាយសំពៅក៏ចូលទៅទីក្រុងនោះ ហើយបាត់មុខក្នុងក្រុងនោះមួយរយៈ ក្រោយមកគាត់ត្រឡប់មកវិញ រួចនិយាយទាំងត្រហេបត្រហបថា
“ ពួកអ្នកទាំងអស់គ្នាចុះពីសំពៅមក ទៅមើលទីក្រុងនេះបន្តិច មានស្អីគេចម្លែកៗណាស់!” ។
ដូច្នេះពួកយើងក៏ចុះពីសំពៅចូលទៅទីក្រុងនោះ យើងឃើញអ្នកយាមទ្វារកាន់ដំបងនៅនឹងដៃ តែពេលដែលយើងដើរទៅជិត ស្រាប់តែអ្នកយាមនោះជាថ្មសោះ។ បន្ទាប់មកពួកយើងក៏បានចូលទៅដល់ក្នុងទីក្រុងនោះ ក៏ឃើញមនុស្សនៅក្នុងក្រុងនេះសុទ្ធតែក្លាយជាថ្មខ្មៅទាំងអស់។ ទីក្រុងទាំងមូលស្ងាត់ជ្រងំ។ ពួកយើងងឿងឆ្ងល់ជាខ្លាំងនៅពេលដែលឃើញទំនិញ និងមាស ប្រាក់ នៅតាមកន្លែងរបស់វា ចោលគ្មានម្ចាស់។
| លេខ៩២ | មួយពាន់មួយយប់ | លេខ៩៤ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

