មួយពាន់មួយយប់(៩២)
| លេខ៩១ | មួយពាន់មួយយប់ | លេខ៩៣ |
.
នៅពេលនោះចាផារក៏ក្រោកឡើង ដើរទៅរកនាង រួចនិយាយប្រាប់នាងដូចដែលគាត់បានប្រាប់នាងយាមទ្វារ នៅពេលចូលមកផ្ទះនេះ។
នៅពេលដែលនាងបានស្តាប់រឿងរបស់គាត់ហើយ នាងនិយាយថា
“ យើងទុកជីវិតឲ្យពូកឯង ឥលូវនេះឆាប់ចេញឲ្យបាត់ទៅ!”
ដូច្នេះពួកគេក៏ចេញពីផ្ទះនោះទៅ ហើយនៅពេលដែលពួកគេកំពុងតែដើរតាមផ្លូវ ព្រះចៅអធិរាជក៏និយាយនឹងអ្នកបួស៣រូបនោះថា
“ នែអ្នកទាំង៣ តើអ្នកឯងទៅណា អ្នកមិនដឹងទេព្រឹកឥលូវហើយ?” ។
ពួកគេក៏តបថា
“ លោកម្ចាស់អើយ ពួកយើងមិនដឹងជាទៅណាទេ” ។
ព្រះចៅអធិរាជក៏និយាយថា
“ អញ្ចឹងមកសម្រាកជាមួយយើងទៅ”
រួចហើយគាត់បែរមុខទៅចាផារ និយាយថា
“ ចូរលោកយកពួកគេទៅផ្ទះជាមួយលោក ហើយស្អែកឡើងនាំពួកគេមកជួបនឹងយើង ដើម្បីយើងកត់ត្រារឿងរ៉ាវរបស់ពួកគេទុក” ។
ចាផារក៏ស្តាប់តាមបញ្ជារបស់ព្រះរាជា។ ព្រះរាជាក៏ត្រឡប់ទៅរាជវាំងវិញ តែគាត់ដេកមិនលក់ទេនៅយប់នោះ ព្រោះតែរឿងរ៉ាវរបស់អ្នកបួស៣នាក់នោះ និង ព្រោះតែហេតុចង់ដឹងរឿងរបស់ស្រីអស់នោះនិងឆ្កែខ្មៅ២ក្បាលនោះ។
មិនយូរប៉ុន្មានព្រះអាទិត្យក៏រះឡើង គាត់ក៏ទៅសាលជំនុំ រួចនិយាយនឹងចាផារថា
“ ចូរលោកទៅនាំស្រី៣នាក់នោះមក និងឆ្កែខ្មៅទាំង២ក្បាលនោះមកផង និងអ្នកបួសទាំង៣នាក់នោះ” ។
ចាផារក៏ធ្វើតាម ហើយនាំពួកគេទាំងអស់មកគាល់ស្តេច។ ស្តេចបញ្ជាឲ្យនាងទាំង៣នៅក្រោយវាំងនន។
បន្ទាប់មកលោកចាផារក៏និយាយក្នុងនាមព្រះរាជាថា
“ យើងសូមអភ័យទោសដែលធ្វើមិនសមរម្យដាក់អ្នកបែបនេះ ដែលមានចិត្តចូលមកគាល់យើងតាមការអញ្ជើញ។ ឥលូវនេះអ្នកត្រូវដឹងថា អ្នកកំពុងតែឈរនៅពីមុខ ព្រះចៅអធិរាជ ហារុន អាល់រ៉ាសិត កូនទី៥របស់ស្តេចអាបាស់ ជាបងប្រុសរបស់ព្រះចៅ មុសា អាល់ ហាឌី ជាកូនរបស់អាល់ ម៉ាន់សួរ កូនរបស់ម៉ូហាមេត បងប្រុសរបស់ អាល់សាហ្វះ ម៉ូហាមេត ដែលជាស្តេចទីមួយ នៃរាជវង្សនេះ។ ដូច្នេះចូរនាងនិយាយប្រាប់ព្រះអង្គពីរឿងរ៉ាវរបស់នាងទាំងអស់ ហើយត្រូវនិយាយតែការពិតប៉ុណ្ណោះ!” ។
នៅពេលដែលនាងឮចាផារនិយាយដល់ឈ្មោះព្រះចៅអធិរាជបែបនេះ នាងបងគេក៏ដើរមកមុខ រួចនិយាយថា
“ ឱព្រះអង្គអើយ រឿងរបស់ខ្ញុំប្រៀបដូចជាម្ជុលដែលចាក់ដោតក្នុងកែវភ្នែក អាចទុកជាមេរៀនសម្រាប់អ្នកក្រោយបាន” ។
នៅពេលនាងស៊ែរ៉ាសាត ឃើញមេឃជិតភ្លឺហើយ ក៏ឈប់និទានរឿងនេះតទៀត។
យប់ទី១៧
នាងស៊ែរ៉ាសាត បន្តថា នៅពេលនោះនាងបងគេក៏ចាប់ផ្តើមនិទានរឿងរបស់នាង។
| លេខ៩១ | មួយពាន់មួយយប់ | លេខ៩៣ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

