មួយពាន់មួយយប់(៩១)
| លេខ៩០ | មួយពាន់មួយយប់ | លេខ៩២ |
.
នៅស្អែកឡើង ខ្ញុំចូលទៅក្នុងបន្ទប់ទី២។ បន្ទប់នោះធំល្វឹងល្វើយ មានដើមត្នោតធំៗ មានទឹកហូរធ្លាក់ មានដើមផ្កាម្លិះ នារតី រំយោល កុលាប លីលី រំចង់ មានក្លិនក្រអូបសព្វសាយ។ បន្ទាប់ពីសម្រាកនៅទីនោះមួយស្របក់ខ្ញុំក៏ចេញពីបន្ទប់នោះ ហើយចាក់សោរវាដូចដើម។
ខ្ញុំបើកទ្វារបន្ទប់ទី៣។ បន្ទប់នេះធំល្វឹងល្វើយ តុបតែងលម្អដោយថ្មម៉ាប និងថ្មមានតម្លៃផ្សេងទៀត មានតាំងទ្រុងសត្វបក្សី មានទាំងឥន្ទ្រី និងបក្សីគ្រប់ប្រភេទ ដែលស្រែកច្រៀងអឺងកង។ ខ្ញុំសប្បាយរីករាយជាខ្លាំង។ ខ្ញុំក៏ដេកនៅទីនោះទាល់តែព្រលប់។
បន្ទាប់មកខ្ញុំបើកបន្ទប់ទី៤។ នៅទីនោះជាបន្ទប់ធំមួយ មានកូនបន្ទប់តូចៗចំនួន៤០ទៀតនៅក្នុងនោះ។ ទ្វារបន្ទប់អស់នោះសុទ្ធតែចំហទាំងអស់ ដូច្នេះខ្ញុំក៏ចូលទៅមើលបន្ទប់និមួយៗ ឃើញសុទ្ធតែ គ្រាប់ត្បូង គ្រាប់ពេជ្រ គ្រាប់គុជ និងវត្ថុមានតម្លៃផ្សេងទៀត ដែលមិនអាចនឹងរៀងរាប់អស់។
ខ្ញុំក៏គិតក្នុងចិត្តថា
“ វត្ថុអស់នេះ មានតែស្តេចដែលមានទ្រព្យសម្បត្តិមហាសាលប៉ុណ្ណោះដែលអាចប្រមូលមកដាក់គរគ្នាយ៉ាងច្រើនបែបនេះ!” ។
ខ្ញុំក៏គិតក្នុងចិត្តថា
“ អញឥលូវជាស្តេចដែលមានបំផុតនៅសម័យនេះ ព្រោះទ្រព្យសម្បត្តិអស់នេះជារបស់អញ ហើយអញមានស្រី៤០នាក់ក្នុងដៃអញទៀត គ្មាននរណាជាម្ចាស់វត្ថុអស់នេះទេក្រៅពីអញម្នាក់” ។
បន្ទាប់មកខ្ញុំចូលបន្ទប់មួយហើយបន្ទប់មួយទៀត រហូតអស់កាលកន្លងទៅបាន៣៩ថ្ងៃ។ ខ្ញុំបានចូលគ្រប់បន្ទប់ទាំងអស់ លើកលែងតែបន្ទប់ទី៤០ ដែលពួកនាងហាមឃាត់ខ្ញុំមិនឲ្យចូល។ ប៉ុន្តែអ្នកស្រីអើយ ចិត្តរបស់ខ្ញុំនៅតែនឹងអ្វីដែលគេហាមឃាត់នោះ ហើយគំនិតអាក្រក់បានមកបង្ខំខ្ញុំឲ្យរំលោភបំពានពាក្យសន្យា។
ខ្ញុំក៏ដើរសំដៅទៅបន្ទប់ទី៤០ នោះ ឈរមុខនោះមួយស្របក់ ទើបដាច់ចិត្តបើកទ្វារចូលបន្ទប់នោះ។ នៅទីនោះខ្ញុំធំក្លិនអ្វីម្យ៉ាងដែលមិនធ្លាប់ស្រង់ពីមុនមក មានក្លិនមុត រហូតធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាស្រវឹងស្រាហើយដួលសន្លប់នៅទីនោះ។
នៅពេលដែលខ្ញុំដឹងខ្លួនវិញ ខ្ញុំដើរទៅមុខទៀតក៏ចូលដល់បន្ទប់មួយ ដែលបំភ្លឺដោយចង្កៀងមាស អមដោយគ្រឿងក្រអូបដុតលាយជាមួយផង។ នៅទីនោះខ្ញុំឃើញជើងពានសម្រាប់ដុតធូបធំ២ មានជើងធូបពេញ។ នៅពេលនោះ អ្នកស្រីអើយ ខ្ញុំក្រឡេកឃើញសេះខ្មៅមួយ កំពុងតែឈរ មានដាក់កែបលើខ្នងវាស្រាប់ហើយមាន មានបង្ហៀរមាស រួចចងទុកនៅនឹងស្នូកដាក់ចំណី២ មួយធ្វើអំពីថ្មកែវថ្លាយង់ មានគ្រាប់សណ្តែកពេញ និងមួយទៀតក៏ធ្វើអំពីថ្មកែវដែរ តែមានទឹកពេញ។ ពេលខ្ញុំឃើញសេះនោះ ខ្ញុំឆ្ងល់ណាស់ក៏គិតថា
“ គួរឲ្យឆ្ងល់ណាស់ សេះនេះច្បាស់ជាមានអ្វីមួយប្លែកអស្ចារ្យហើយ” ។
ដូច្នេះខ្ញុំក៏ដឹកវាចេញក្រៅ ដើម្បីឡើងជិះលើវា តែមិនព្រមកម្រើកសោះ។ ខ្ញុំក៏យកកែងជើងរបស់ខ្ញុំគោះចំហៀងខ្លួនវា តែវានៅតែមិនកម្រើក។ ខ្ញុំក៏យករំពាត់មកវាយវា។ នៅពេលនោះវាក៏ស្រែកកញ្ជៀវលាន់ឮដូចផ្គរ ហើយក៏បើកស្លាប២សង្ខាង ហោះឡើងជាមួយខ្ញុំឡើងលើ ខ្ពស់កប់ពពក។ បន្ទាប់ពីហោះបានប្រហែលជាមួយម៉ោងមក វាក៏បន្ទាបខ្លួនចុះមកដីវិញ រួចតម្រង់មកលើដំបូលផ្ទះមួយ រួចវាកម្រើកខ្នងរបស់វាដើម្បីទម្លាក់ខ្ញុំចុះមកដី វាវាត់កន្ទុយរបស់វាចំមុខរបស់ខ្ញុំ ត្រូវភ្នែកខ្ញុំខ្វាក់ម្ខាងនៅពេលនោះទៅ។ រួចវាក៏ហោះបាត់ទៅ។ ខ្ញុំក៏ធ្លាក់មកលើដំបូលផ្ទះនោះ។
ពេលខ្ញុំចុះមកដី ក៏ជួបនឹងបុរសខ្វាក់ភ្នែកទាំង១០នាក់នោះ កំពុងតែអង្គុយលើគ្រែកម្រាលខៀវរបស់ពួកគេ។ ពួកគេក៏ស្រែកឡើងពេលឃើញខ្ញុំ
“ យើងមិនស្វាគមន៍ឯងទេ! ឯងគ្មានអ្វីពិសេសគួរឲ្យពួកយើងស្វាគមន៍ទេ! ពួកយើងសុទ្ធតែធ្លាប់បានរស់ដោយជីវិតដ៏រីករាយ យើងបានស៊ីដេកយ៉ាងសប្បាយ ជាមួយស្រីស្អាត តែយើងនៅតែមិនអាចរង់ចាំសូម្បីតែមួយថ្ងៃ ដើម្បីនឹងសប្បាយម្តងទៀតពេញមួយឆ្នាំ” ។
នៅពេលនោះខ្ញុំតបថា
“ ពេលនេះខ្ញុំដូចអ្នកទាំងអស់គ្នាហើយ ហើយឥលូវនេះសូមអ្នកឲ្យផេះខ្ញុំមួយចានមក អាលនឹងយកមកលាបមុខមាត់ដ៏អាក្រក់នេះ សូមអ្នកទទួលខ្ញុំឲ្យចូលជាមួយអ្នកផងទៅ” ។
ពួកគេក៏តបថា
“ ទេ ឯងមិនអាចចូលរួមជាមួយយើងបានទេ ឥលូវឯងចេញទៅ!” ។
ដូច្នេះពួកគេក៏ដេញខ្ញុំចេញ។ ដូច្នេះខ្ញុំក៏ចេញពីពួកគេ ទាំងទុក្ខក្រៀមក្រំនិងទឹកភ្នែក ហើយទន្ទេញពាក្យដដែលៗថា
“ ខ្ញុំកំពុងតែអង្គុយនៅស្ងៀមសុខៗ តែការចចេសចង់ដឹងរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមិនបានសុខ” ។
ដូច្នេះខ្ញុំក៏កោរសក់កោរពុកមាត់ ចិញ្ចើម ហើយចេះតែធ្វើដំណើរទៅមុខរហូតដល់ក្រុងបាកដាត ដែលត្រូវជាល្ងាចនៃយប់នេះតែម្តង។ នៅទីនេះ ខ្ញុំបានជួបនឹងអ្នកបួស២នាក់នេះ ខ្ញុំជម្រាបសួរពួកគេ ដោយនិយាយថា
“ ខ្ញុំជាអ្នកស្រុកក្រៅ!”
ហើយពួកគេក៏តបថា
“ ពួកយើងក៏ជាអ្នកស្រុកក្រៅដូចអ្នកដែរ!” ។
ដោយចៃដន្យពួកយើងសុទ្ធតែខ្វាក់ភ្នែកម្ខាងដូចគ្នា។ នេះហើយជារឿងរ៉ាវរបស់ខ្ញុំ ជាមូលហេតុដែលខ្ញុំកោរសក់ ពុកមាត់ ចិញ្ចើម និងមូលហេតុដែលខ្វាក់ភ្នែកបែបនេះ។
ស្រីម្ចាស់ផ្ទះក៏និយាយថា
“ អូសក្បាលវាចេញទៅ!”
តែគាត់តបថា
“ អ្នកស្រីអើយ សួមអ្នកស្រីទុកឲ្យខ្ញុំបានស្តាប់រឿងរបស់ពួកគេអស់នេះសិន” ។
បន្ទាប់មកនាងម្ចាស់ផ្ទះក៏បែរមុខទៅរក ព្រះចៅអធិរាជ និង ចាផារ និង ម៉ាស្រួរ ហើយនិយាយនឹងពួកគេថា
“ ពួកឯងក៏ត្រូវប្រាប់ពីរឿងរ៉ាវរបស់ពួកឯងដែរ!” ។
| លេខ៩០ | មួយពាន់មួយយប់ | លេខ៩២ |



យោបល់ថ្មីៗ