មួយពាន់មួយយប់(៩០)
| លេខ៨៩ | មួយពាន់មួយយប់ | លេខ៩១ |
.
ខ្ញុំឆ្ងល់ ហើយនិយាយថា
“ តើមានរឿងអី? ពួកអ្នកធ្វើនេះធ្វើឲ្យបេះដូងខ្ញុំគ្រាំគ្រាហើយ!” ។
ពួកនាងក៏តបថា
“ ពួកយើងមិនគួរមកស្គាល់អ្នកសោះ ទោះបីជាពួកយើងធ្លាប់ធ្វើបែបនេះជាមួយប្រុសជាច្រើននាក់ហើយក៏ដោយ គ្មានអ្នកណាដែលអាចធ្វើឲ្យពួកយើងសប្បាយចិត្តដូចលោកម្ចាស់ទេ គ្មានអ្នកណាដែលមានមន្តស្នេហ៍ដូចលោកម្ចាស់ទេ” ។
ហើយពួកគេក៏យំបន្តទៀត។ ខ្ញុំក៏សួរថា
“ ប៉ុន្តែប្រាប់ខ្ញុំមក ហេតុអីបានជាពួកនាងយំ?” ។
ពួកគេក៏តបថា
“ លោកម្ចាស់អើយ គឺក្តីឈឺចាប់ដែលធ្វើឲ្យពួកយើងយំ ហើយគឺ លោកម្ចាស់នេះហើយដែលជាអ្នកធ្វើឲ្យពួកយើងស្រក់ទឹកភ្នែក។ បើលោកម្ចាស់ ស្តាប់តាមពួកយើង យើងមិនចាំបាច់ចាកចេញទេ តែបើលោកម្ចាស់មិនស្តាប់តាមពួកយើងទេ យើងនឹងចាកចេញទៅជារៀងរហូត។ ប៉ុន្តែបេះដូងរបស់យើងបានប្រាប់ថា លោកម្ចាស់នឹងមិនស្តាប់តាមពាក្យសម្តីរបស់ពួកយើងទេ ហើយនេះហើយជាមូលហេតុដែលធ្វើឲ្យពួកយើងយំ” ។
ខ្ញុំក៏សួរនាងថា
“ ពួកនាងប្រាប់មកមើល ស្តាប់ឬមិនស្តាប់នោះរឿងអី?” ។
ពួកនាងក៏និយាយថា
“ លោកម្ចាស់អើយ ដឹងទេពួកយើងជាកូនស្រីរបស់ស្តេចមួយអង្គដែលធ្លាប់រស់នៅទីនេះអស់កាលជាច្រើនឆ្នាំ។ ជារៀងរាល់ឆ្នាំ ពួកយើងតែងតែចេញពីទីនេះចំនួន៤០ថ្ងៃ ហើយបន្ទាប់មកយើងត្រឡប់មកទីនេះវិញ ហើយស្នាក់នៅទីនេះក្នុងកាលនៅសល់នៃខែទាំង១២ ហើយយើងកម្សាន្តនៅទីនេះជារៀងរាល់ថ្ងៃ។ ឥលូវនេះដល់ពេលដែលយើងត្រូវចាកចេញទៅតាមទំនៀមទម្លាប់របស់ពួកយើងហើយ។ ពួកយើងខ្លាចថា បន្ទាប់ពីពួកយើងចេញទៅ លោកម្ចាស់មិនស្តាប់តាមពាក្យបណ្តាំរបស់ពួកយើង។ នេះជាកូនសោរចូលបន្ទប់ទាំងអស់នៅក្នុងរាជវាំងនេះ។ បន្ទប់មានទាំងអស់៤០ ហើយលោកម្ចាស់អាចចូលទៅបន្ទប់ណាមួយក៏បានក្នុងចំណោមបន្ទប់៣៩ តែប្រយត្នកុំបើកបន្ទប់ទី៤០ឲ្យសោះ បើលោកម្ចាស់មិនចង់ឃ្លាតពីពួកយើងជារៀងរហូតទេ” ។
ខ្ញុំក៏តបថា
“ ខ្ញុំធានាថានឹងមិនបើកបន្ទប់ទី៤០នោះទេ បើវាមានអាថ៌កំបាំងដែលធ្វើឲ្យពួកនាងកើតទុក្ខនោះ” ។
បន្ទាប់មកនាងម្នាក់ក៏មកឱបកខ្ញុំ ហើយយំ ហើយរៀបរាប់ថា៖
បើស្នេហ៍អភ័ព្វប្រែជួបជល់ បើសិនអូនយល់សុខជាថ្មី
កម្មតាមផ្តន្ទាប្រែសួស្តី ទើបអូនអភ័យដល់វាសនា។
ហើយខ្ញុំក៏តបវិញថា ៖
ពេលហៀបលាគ្នាទាំងអាល័យ បេះដូងស្រស់ស្រីពើតផ្សាឈឺ
ទឹកភ្នែកអូនស្រក់ចាំងពន្លឺ ចែងចាំងផ្លេកភ្លឺដូចគ្រាប់គុជ។
ទឹកភ្នែកបងដូចក្រួសក្រហម ផ្សំផ្គុំបូករួមព្រមទាំងគុជនោះ
នាមាត់ទន្លេកម្សត់ហួស បត់បែនដូចពស់ជុំកពៅ។
ពេលដែលខ្ញុំឃើញពួកនាងយំ ខ្ញុំនិយាយថា
” បងសូមយកព្រះជាសាក្សី បងនឹងមិនបើកបន្ទប់នោះទេ មិនបើកជាដាច់ខាត”
ហើយខ្ញុំក៏និយាយលានាង។ បន្ទាប់មកពួកនាងក៏ហោះហើរចាកចេញទៅដូចជាបក្សី។ នៅរាត្រីទីមួយ ខ្ញុំចូលទៅក្នុងបន្ទប់ទីមួយ ពេលចូលទៅខ្ញុំមានអារម្មណ៍ថាហាក់ដូចជាបានចូលទៅដល់ស្ថានសួគ៌។ វាជាសួនមួយ មានដើមឈើ មានស្លឹកខៀវខ្ចី មានផ្លែពណ៌លឿង មានបក្សាបក្សីច្រៀងឆ្លើយឆ្លងគ្នា។ ខ្ញុំដើរកាត់ដើមឈើទាំងនោះ។ ខ្ញុំស្រូបយកក្លិនផ្កានៃឈើអស់នោះ។ ខ្ញុំសម្លឹងទៅដើមប៉ោមមួយដែលមានផ្លែពណ៌ក្រហមព្រឿងៗ ដែលដូចជាកំណាព្យមួយពោលថា៖
គន់មើលផ្លែប៉ោមមានពណ៌ពីរ រលាយបន្ស៊ីបញ្ចូលគ្នា
ដូចជាថ្ពាល់នៃគូសង្សារ សែនស្រស់សោភាក្រហមលឿង។
ហើយខ្ញុំ ស្រង់យកក្លិនក្រអូប សាយចេញពីដើមទន្លាប់មួយដើម ដែលដូចជាកំណាព្យមួយគេនិយាយថា៖
ផ្លែទន្លាប់មានគ្រប់ក្តីរីករាយ នាំក្តីសប្បាយមនុស្សគ្រប់វ័យ
បើអ្នកចង់រកម្ចាស់ក្សត្រី ទន្លាប់ល្អក្រៃសមពិសេស។
ឲ្យគុណល្អដូចពោធិ៍សាត់ក្រូច ក្លិនក្រអូបដូចផ្កាក្រពុំ
មានពណ៌ល្អដូចមាសលឿងទុំ មានរាងមូលក្លំដូចព្រះចន្ទ។
បន្ទាប់មកខ្ញុំសម្លឹងមើលទៅដើមភៀរ ដែលមានផ្លែក្រអូបឈ្ងុយ សមនឹងមានរសជាតិផ្អែមឆ្ងាញ់ និង ដើម អាព្រីកូត៍ ដែលមានសម្រស់គួរឲ្យទាក់ភ្នែក ដូចជាត្បូងទទឹម។ បន្ទាប់មកខ្ញុំក៏ចេញពីបន្ទប់នោះវិញរួចចាក់សោរវាវិញដូចដើម។
| លេខ៨៩ | មួយពាន់មួយយប់ | លេខ៩១ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

