ខ្លាំងហួសបើគិត
កាលពីខែមុន ខ្ញុំបានធ្វើដំណើរទៅកំពង់ចាម ដើម្បីដើរលេងផង និង បើ់កប្រាក់ខែផង។ នៅពេលឆ្លងសាឡាងព្រែកក្តាម ខ្ញុំឃើញស្រីពីរនាក់ រូបល្អប្រិមប្រិយ បីដូចរូបចម្លាក់ទេពអប្សរនៅប្រាសាទអង្គរ កំពុងតែអង្គុយជជែកគ្នាលេងសប្បាយ សើចញញឹមញញែមនៅក្នុងឡានទំនើបមួយ ដែលឈប់សំចតនៅក្បាលសាឡាង។ ខ្ញុំក៏បានដើរសសៀរទៅជិតឡាននោះ ទៅតាមនិស្ស័យរបស់មនុស្សមួយបែប ដែលមានភ្នែកអាវ៉ាសែកែមិនឡើង។ គេថាស្រីជាបុប្ផាប្រកបដោយពិសពុល ក៏ប៉ុន្តែស្រីជាទឹកកកម្យ៉ាងសម្រាប់ធ្វើឲ្យជីវិតមនុស្សប្រុស ត្រជាក់ស្រួយស្រឹប មានកម្លាំងកំហែងហ៊ានពុះពារ ឬ ក៏ធ្វើឲ្យជីវិតប្រុសស្រុតកម្លាំងទាល់តែបាក់លោង…ពុករលួយ… ស្មោគគ្រោកល្អក់ខ្វល់នៅក្នុងរណ្តៅជីវិត បីដូចភក់ជ្រាំនៅក្នុងទ្រុងជ្រូក។ ចំពោះខ្ញុំ ស្រីគឺជាទឹកឃ្មុំផ្អែមត្រជាក់ មានគន្ធពិដោរឈ្ងុយឈ្ងប់តែម្យ៉ាងប៉ុណ្ណោះ គ្មានពិសពុល គ្មានខ្មោចសេះអីទេ… ដោយហេតុហ្នឹងហើយ ទើបខ្ញុំចូលចិត្ត…ព្រោះខ្ញុំចូលចិត្តសប្បាយ…។ លុះឃើញរូបខ្ញុំសសៀរចូលជិតឡាន ទំនងដូចជាទៅញ៉ែ នាងម្នាក់ក៏ញាក់ចិញ្ចើមព្រើតៗដាក់គូកនគេ រួចក៏វាចាថា៖
យើងមិនដឹងជាយ៉ាងម៉េច បានជាចេះតែមានរុយមករោម….
នាងម្នាក់ទៀតញញឹមញញែម ចោលកន្ទុយភ្នែកសម្លក់សម្លឹងមើលមកខ្ញុំ ប្រកបដោយកែវភ្នែកថ្លាឆ្វង់ដូចទឹកស្រះស្ថានសួគ៌ា ទំនងជាមានមនោសញ្ចេតនាអ្វីមួយមកលើរូបខ្ញុំ ធ្វើឲ្យខ្ញុំស្រុតចិត្ត រីកថ្លើមប្រមាត់ដូចគ្រាប់ជីរត្រូវទឹក ហើយមានសេចក្តីសង្ឃឹមរវើរវាយមួយសន្ទុះ។
រំពេចនោះ នាងស្រស់ស្រីប្រកបដោយមន្តស្នេហ៍នោះ ក៏មានវាចាថា៖
-ខ្លួនថារុយអញ្ចឹង ដូចជាមិនសមសោះ។ បើថាសត្វកន្លង់ ប្រហែលជាសមជាង ព្រោះកន្លង់ចូលចិត្តផ្កា…
- បើតាមគ្នា លោកបងហ្នឹង ប្រដូចទៅកន្លង់ដូចគេឯងមិនបានទេ។ បើថារុយប្រហែលជាសមជាង!
-ម៉េចបានជាខ្លួនថាគាត់ហ្នឹងជារុយទៅវិញ? បើគាត់ហ្នឹងជារុយ…មានតែយើងជាអាច់[1]! ព្រោះរុយរោមអាច់ កន្លង់រោមផ្កា!។
ពោលដល់ត្រឹមហ្នឹង នាងទាំងពីរក៏នាំគ្នាសើចកាច់កកាច់ស្រង្គ រួចនាងទីមួយលូកដៃក្តិចភ្លៅនាងស្រីស្រស់ជាពួកម៉ាកគេ ហើយមានវាចារខ្លាំងៗថា៖
- ខ្លួននិយាយអញ្ចឹងត្រូវម៉ាច់!។ បើថាគេជារុយ មានតែយើងជាអាច់! ព្រោះគេរោមយើង។ គំនិតគ្នា មិនចង់និយាយថាឲ្យគេអញ្ចឹងទេ…ចង់ថាកន្លង់ដែរ…ក៏ប៉ុន្តែឲ្យថាកន្លង់ម៉េចនឹងកើត បើមានប្រលាក់អាច់អញ្ចឹង!។ ធម្មតាសត្វកន្លង់ពុំដែលទៅរោមអាច់ ឬចូលទៅជិតអាច់ទេ។ បើកន្លង់និងអាច់មិនត្រូវគ្នា ម៉េចបានជាកន្លង់ហ្នឹងមានប្រលាក់អាច់អញ្ចឹង?។ គ្នាដូចជាឆ្ងល់ណាស់!។ មានតែរុយទេដែលប្រលាក់អាច់!។ បើគេថាគាត់ហ្នឹងជាសត្វរុយ វានាំឲ្យស្រោចគល់ឯង…ស្តោះទឹកមាត់ដាក់លើទ្រូងឯង… ព្រោះរុយហ្នឹងក៏មកតាមរោមយើងដែរ…
និយាយដល់ត្រឹមហ្នឹង សាឡាងក៏មកដល់ត្រើយម្ខាងល្មម ហើយឡាននាងកញ្ញាទេពអប្សរក៏លូនឡើងទៅលើគោកបាត់ភ្លាម ទុកឲ្យខ្ញុំឈរទ្រឹងភាន់ភាំងក្នុងចិត្ត ភាន់ភាំងដោយមិនដឹងថាសម្តីនាងកញ្ញាទាំងពីរចង់និយាយសំដៅទៅលើអ្វី។ ខ្ញុំដើរទ្រើកៗ ដោយរវើរវាយ សំដៅទៅលើគោក សតិស្មារតីគ្មានចាប់អារម្មណ៍ទៅលើអ្វីទាំងអស់ ក្បាលពោរពេញទៅដោយគំនិតមួយម៉ឺនជំពូក…ស្រាប់តែមានដៃមួយមកកេះខ្នងខ្ញុំ ហើយសំឡេងមួយក៏បន្លឺឡើងថា “ លោកប្អូន!ស្មាអាវលោកប្អូនឯងប្រឡាក់សុទ្ធតែអាច់…!” ។ សម្តីនេះបានកន្ត្រាក់ស្មារតីខ្ញុំយ៉ាងខ្លាំង ខ្លាំងនោះហៅមហាខ្លាំងក្រៃលែង…ខ្លាំងទាល់តែខ្ញុំហួសបើគិត..ព្រោះអ្វី…ព្រោះស្រីទេពអប្សរទាំងពីរនាក់នោះដាក់ផ្លែផ្កាឲ្យខ្ញុំ…ព្រោះគេដាក់ផ្លែផ្កាឲ្យខ្ញុំ…ព្រោះខ្ញុំស្នេហ៍រូបគេ…ឬមួយព្រោះសត្វជុះអាច់ដាក់លើអាវខ្ញុំ?!!!
នគរធំ ២៤ កុម្ភៈ ១៩៧០
[1] សរសេរតាមអក្ខរាវិរុទ្ធទូទៅ គឺអាចម៍។ តែអ្នកនិពន្ធចង់បង្ហាញគំនិតផ្តេសផ្តាស រវើរវាយ ឬបង្កប់ន័យអ្វីមួយ។



យោបល់ថ្មីៗ